អនុស្សាវរីយ៍៣៤ឆ្នាំ សម្រាប់អានសាកល្បង
៣៦៥ថ្ងៃរបស់ខ្ញុំ
៣៦៥ថ្ងៃកន្លងមកនេះ ពេលវេលាខ្លះគួរឱ្យខ្លាចណាស់
ម្តងៗខ្ញុំស្មានតែខ្លួនឯងឆ្លងមិនផុតផង។ ខ្ញុំនៅចាំការឈឺចាប់ទាំងនោះ
នៅចាំភាពអស់សង្ឃឹម ហើយក៏ចាំច្បាស់នូវអារម្មណ៍ធ្លាប់យំយែកទួញសោកទាំងនោះ…
វាពិបាកណាស់! ពិបាកដល់គិតថាខ្លួនមិនអាចមកដល់ថ្ងៃនេះបាន។
សករាជថ្មី ខ្ញុំប្រាប់ខ្លួនឯងថា៖ ធ្វើបានហើយណា៎! រឿងពិបាកៗកន្លងមកមានច្រើនណាស់! ហើយខ្ញុំនេះឆ្លងផុតបានទាំងអស់។
ខ្ញុំអង្គុយញញឹមម្នាក់ឯង ហើយសួរខ្លួនឯងទៀតថា៖ ចុះពេលនេះត្រៀមខ្លួនហើយឬនៅ?
រឿងរ៉ាវថ្មីៗនឹងកើតឡើងជាបន្តបន្ទាប់ ខ្ញុំអាចរឹងមាំប្រយុទ្ធបានទៀតទេ?
ពិតជាបាន! ខ្ញុំជឿជាក់! ខ្ញុំរឹងមាំ! ទោះពេលខ្លះខ្ញុំយំ តែខ្ញុំមិនចុះចាញ់!
ព្រោះខ្ញុំដឹងថាភាពរឹងមាំ
ការខំប្រឹងពុះពាររបស់ខ្ញុំតែងផ្តល់លទ្ធផលគាប់ចិត្តដូចរាល់ដង។
៣៦៥ថ្ងៃកន្លងមកជាសាក្សី ទឹកភ្នែកដែលហូរកន្លងមកផ្តល់នូវស្នាមញញឹមរាប់មិនអស់
ផ្តល់ក្តីសង្ឃឹមនិងការរំពឹងដើរទៅមុខនៅលើផ្លូវជីវិតដែលខ្ញុំចង់បាន។
៣៦៥ថ្ងៃទៅមុខ ខ្ញុំត្រៀមខ្លួនរួចហើយ! ខ្ញុំនឹងរឹងមាំដើរឆ្លងបញ្ហាទាំងឡាយដែលនឹងជួប។
ផ្លូវជីវិតមនុស្សម្នាក់ៗ មិនអាចរលូនរហូតឡើយ ផ្លូវជីវិតរបស់អ្នកអាចនឹងមានការផ្លាស់ប្ដូរទៅតាមការចង់បានរបស់អ្នកដទៃ ក៏ព្រោះតែអ្នកទន់ខ្សោយប៉ុណ្ណោះ។
ផ្លូវជីវិតរបស់ខ្ញុំ បានបត់បែនទៅតាមនិស្ស័យ មនោសញ្ចេតនា និងការតាំងចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ អត់មាននរណាអាចប្តូផ្លូវដែលខ្ញុំកំពុងដើរក្រៅពីការសម្រេចចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំតែងយកឈ្នះហេតុផលរបស់អ្នកដទៃដើម្បីការពារផ្លូវដែលខ្ញុំចង់បន្តដំណើរទៅមុខ។ ខ្ញុំធ្វើបានរាល់ដង ហើយខ្ញុំជឿជាក់ថាខ្ញុំធ្វើបានព្រោះភាពរឹងមាំ ❤️
ជឿទៅ! បើអ្នករឹងមាំ អត់មានអ្នកណាអាចធ្វើការសម្រេចចិត្តលើផ្លូវជីវិតរបស់អ្នកបានទេ!
រឹងមាំណា៎ អ្នកអានជាទីស្រលាញ់! កុំបោះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីនរណាឱ្យសោះ!
បងរតនាជូនពរអ្នកអានទាំងអស់ អាចរឹងមាំដើរទៅរកក្តីស្រមៃបានដោយខ្លួនឯង
អត្ថបទអ្នកនិពន្ធរតនា
មនុស្សផ្លាស់ប្តូរទៅតាមបទពិសោធន៍
ខ្ញុំមើលឃើញភាពផ្លាស់ប្តូររបស់មនុស្សទៅតាមពេលវេលា។
គេធ្លាប់ចូលចិត្ត ហើយក៏ប្រែជាលែងចូលចិត្ត។ គេធ្លាប់មិនចូលចិត្ត ហើយក៏ប្រែមកជាចូលចិត្តខ្លាំង។ គេធ្លាប់ត្រគោះបោះបោក ហើយក៏ប្រែមកនិយាយផ្អែមល្ហែម។
ខ្ញុំប្រាប់ខ្លួនឯងថា នេះហើយជាភាពទៀតទាត់របស់ភាពធម្មតា។ គ្រប់យ៉ាងប្រែប្រួលគឺជាធម្មតាទេ!
ខ្ញុំឈរមុខកញ្ចក់ហើយសួរខ្លួនឯងថា តើខ្ញុំមានផ្លាស់ប្តូរទេ?
ស្នាមញញឹមចុងបបូរមាត់លេចឡើងលើមុខខ្ញុំ ខ្ញុំលើកដៃស្តាំផ្អឹបកញ្ចក់ បេះដូងខ្ញុំខ្សឹបប្រាប់ខ្លួនឯងថា ខ្ញុំប្តូរច្រើនណាស់។
ខ្ញុំធ្លាប់និយាយច្រើន ហើយក៏លែងសូវចង់និយាយ ខ្ញុំធ្លាប់ចូលចិត្តណែនាំគេច្រើនហើយក៏ប្រែជាមនុស្សបណ្តោយឱ្យរឿងកើតទៅតាមយថាហេតុ។
ខ្ញុំលែងរួសរាយ លែងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនហើយ?
អត់ទេ! ខ្ញុំនៅតែខ្វល់! តែខ្ញុំប្តូរ! ប្តូរវិធីនៃការរាប់អាន និងណែនាំគេតែប៉ុណ្ណោះ។ ខ្ញុំឱ្យគេរៀនពីកំហុសរបស់គេ ខ្ញុំឱ្យគេឃើញទឹកចិត្តខ្ញុំនៅពេលដែលគេចង់ឃើញតែប៉ុណ្ណឹង។
ការផ្លាស់ប្តូររបស់ខ្ញុំមួយនេះ ខ្ញុំបានបាត់បង់ក្តីស្រលាញ់ជាច្រើន ខ្ញុំក៏ដឹង! តែខ្ញុំប្តូរហើយ! ខ្ញុំប្តូរមិនមែនព្រោះពេលវេលា តែបទពិសោធន៍!
តែមនុស្សដែលរកការផ្លាស់ប្តូររបស់ខ្ញុំ ក៏រអ៊ូដូចខ្ញុំដែរ!
មនុស្សផ្លាស់ប្តូរតាមពេលវេលា! គេថាខ្ញុំផ្លាស់ប្តូរតាមពេលវេលា តែការពិតនៃយើងទាំងអស់គ្នា គឺមិនបានផ្លាស់ប្តូរទៅតាមពេលវេលានោះទេ គឺយើងផ្លាស់ប្តូរទៅតាមបទពិសោធន៍ វាស្របពេលដែលពេលវេលាមកដល់ យើងក៏ផ្លាស់ប្តូរ។
អត្ថបទអ្នកនិពន្ធរតនា
ដោះលែង!
ក្តីស្នេហាមានអត្ថន័យបត់បែនទៅតាមកាលៈទេសៈអារម្មណ៍នៃមនុស្សម្នាក់ៗ។
ប្រសិនបើអ្នកកំពុងតែជួបភាពផ្អែមល្ហែម ស្នេហាក៏មានន័យបានដូចទឹកអម្រឹត។ ប្រសិនបើអ្នកកំពុងតែរួតរឹតនឹងភាពឈឺចាប់ ស្នេហាក៏មានន័យបានដូចកាំបិតមុតស្រួចចាក់បេះដូងឱ្យឈឺរាល់ថ្ងៃ។ ប្រសិនបើអ្នកកំពុងបាត់បង់សេរីភាព ស្នេហាក៏មានន័យដូចខ្សែរចំណង!
ឱស្នេហា! អ្នកចងមិនព្រមស្រាយ តើអ្នកត្រូវគេចងនឹងពិបាកយ៉ាងណា? ស្នេហ៍គេម្នាក់ឯង មិនព្រមទទួលយកការបដិសេធន៍ មិនព្រមលែងដៃ មិនព្រមអស់ចិត្ត។ ចេះតែចង់តែបន្ត ចេះតែចង់ចាប់យកឱកាស ចេះតែរំពឹងថាវានឹងទៅរួច ហើយក៏មិនលែងឱ្យគេទៅ។
ស្នេហាអើយ! បើគេមិនស្រលាញ់អ្នក ហើយអ្នកនៅតែតោងទាមឱ្យគេនៅ វាប្រៀបដូចជាខ្សែរចំណងកម្មដែលនាំឱ្យចិត្តទាំងពីរនាក់រកាំគ្នាមិនចេះចប់។ អ្នកក៏ហត់ គេក៏ហត់ ពេលអ្នកឈឺគេមិនឈឺ តែគេធុញ។ ស្នេហាបែបនេះ មិនហៅថាស្រលាញ់តែចង់បាន។យកគេទៅធ្វើអី? បើបេះដូងគេមិនមានឱ្យអ្នក ការសម្លឹងរូបកាយគេនឹងក្លាយជាកាំបិតចាក់អ្នករាល់ថ្ងៃ។ គ្រប់កាយវិការរបស់គេ ចេតនាក្តី អចេតនាក្តី នឹងធ្វើឱ្យអ្នកឈឺជារឿយៗ..
តើគេស្រួលចិត្តទេ? គេក៏មិនស្រួលចិត្ត គេមិនចង់សាងកម្មនោះទេ តែគេទៅណាមិនបានព្រោះគេជាប់ចំណងចិត្តរបស់អ្នកនេះហើយ។
តែ! បើអ្នកឱ្យគេទៅ គេនឹងអរគុណ គេនឹងលែងបានសាងកម្មឱ្យអ្នក គេនឹងញញឹម។ ទោះអ្នកមិនទាន់ញញឹមបាន តែថ្ងៃមួយដែលអស់កម្មនឹងគ្នា អ្នកនិងគេនឹងញញឹមបានដូចគ្នា ហើយអាចញញឹមដាក់គ្នាក្នុងវេលាណាមួយ..
កុំ! មិនព្រមដោះលែងគេព្រោះខ្លាចបាត់បង់គេ ព្រោះអ្នកមិនធ្លាប់មានគេទេ។ ចិត្តគេមិនស្រលាញ់អ្នក បេះដូងគេមិនមែនកម្មសិទ្ធិរបស់អ្នកដែរ កាយវិការល្អៗទាំងឡាយដែលគេធ្វើ ឬធ្លាប់ធ្វើក៏មិនមែនដើម្បីអ្នកដែរ គ្រាន់តែដើម្បីភាពជាគេតែប៉ុណ្ណោះ។
លែងដៃគេទៅ! បើគេប្រាប់ហើយថាមិនស្រលាញ់ឱ្យគេទៅ ទៅ! បើគេប្រាប់ហើយថាគ្មានចិត្តជូតទឹកភ្នែក.. ប្រាប់ខ្លួនឯងទៅ បើយើងព្រមឱ្យគេទៅថ្ងៃនេះ ថ្ងៃក្រោយយើងនឹងមានឱកាសបានជួបក្តីស្នេហាពិត។
ការបកស្រាយខ្លឹមសារក្របសៀវភៅមុនបោះពុម្ព
ខាងក្រោមនេះជាការបកស្រាយនូវខ្លឹមសារនៃក្របសៀវភៅ “ជាអ្នកធ្វើការ” មុនធ្វើការបោះពុម្ព ពីប្អូនស្រី Ah Sinan
ជាដំបូង ខ្ញុំសុំអធ្យាស្រ័យសម្រាប់ការយករូបមកផុសដោយមិនទាន់មានការអនុញ្ញាតិពីម្ចាស់ដើម
សៀវភៅ #ជាអ្នកធ្វើការ ជាស្នាដៃថ្មីរបស់បងស្រី រតនា បងស្រីបានប្រកាសជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន
តាមការសង្កេត និងអានអត្ថន័យខ្លះៗតាមដែលបងស្រីបង្ហាញតាមការផុសបង្ហោះ ខ្ញុំគិតថា
+ ពណ៌បៃតង ប្រែថាពន្លឺនៃភាពស្រស់ស្អាត
+ ពណ៌ផ្ទៃមេឃ មានន័យថា ភាពល្វឹងល្វើយដូចវេហា
+ កាហ្វេខ្មៅ សំដៅលើ រសជាតិជីវិត ។ រសជាតិល្វីងនៅក្នុងមាត់ បង្កប់ភាពផ្អែមពេលធ្លាក់ដល់បំពង់ក
អត្ថន័យរួម => បើកចិត្តសំឡឹងទៅមុខឲ្យបានធំទូលាយដូចវេហា តស៊ូទ្រាំទ្រនឹងភាពលំបាកនៅថ្ងៃនេះ ដើម្បីភាពស្រស់ស្អាតនៃជីវិតក្នុងថ្ងៃអនាគត
នេះជាការយល់ឃើញរបស់ខ្ញុំ បើមានកំហុសឆ្គងសង្ឃឹមថាមិនប្រកាន់ទោសពៃរ៍




កុំខ្លាចមនុស្សបាប
កុំខ្វល់ខ្វាយពីមនុស្សដែលស្អប់អ្នកខ្លាំងពេករហូតដល់ធ្វើឱ្យធ្វើបាត់បង់ភាពរីករាយនៅក្នុងចិត្ត។
កុំខ្លាចគេសាងទោសឱ្យអ្នកដល់បាត់បង់ភាពសុខនៅក្នុងចិត្ត។
មនុស្សមិនស្រលាញ់អ្នក គេមុខមិនឱ្យអ្នកសុខទេបើគេជាប្រភេទមនុស្សឈ្នានីសផងនោះ។
តែអ្នកក៏មិនចាំបាច់ខ្លាចគេធ្វើទោសដល់ទៅរកវិធីឱ្យទោសគេវិញនោះដែរ។ ខ្លាចបាត់បង់ក្តីសុខ កុំដុតសុខអ្នកដទៃ បើទោះគេនោះជាមនុស្សបាប ក៏ទុកឱ្យកម្មទៅរកគេចុះ!
ជឿទៅ! មនុស្សបាប មនុស្សឈ្នានីស មនុស្សឱ្យទោសអ្នកដទៃនេះគេពុំធ្លាប់សុខទេ បើគេញញឹមដែលបានឈ្នះក៏ចិត្តគេនៅតែមានភាពភ័យខ្លាច។
មនុស្សអាក្រក់មិនដែលគិតល្អ ចិត្តគាត់មិនដែលល្អ គាត់មិនហ៊ានគិតថាអ្នកដទៃនឹងល្អដាក់គាត់នោះទេ។
ឱ្យគេល្អដាក់បែបណា បើគាត់រាល់ថ្ងៃដើរដេកឈរអង្គុយ នឹករកតែរឿងព្យាបាទគេ?
អ្នកជឿហើយថាគាត់មិនសុខទេ អ្នកដឹងហើយថាគាត់មិនសុខព្រោះអ្វី ដូច្នេះកុំណា៎ កុំធ្វើតាមគាត់! ឱ្យគាត់ដេកឱបទុក្ខភ័យ និងរកវិធីឱ្យទោសគេបន្តទៀតចុះ!
អ្នកឯណេះ មិនចាំបាច់ខ្លាចអី! មាសសុទ្ធមិនខ្លាចភ្លើង!
គេឱ្យទោស គេលាបពណ៌ គេឈ្នានីស!
បើអ្នករឹងមាំ មនុស្សថោកទាបទាំងនោះមិនឈ្នះអ្នកបានទេ ទេគេធ្វើឲ្យអ្នករង្គើ តែពេលវេលា និងការពិត នឹងបញ្ជាក់គ្រប់បែបយ៉ាង។
កុំបារម្ភ! កុំខ្លាច! ជឿជាក់លើភាពត្រឹមត្រូវ ភាពល្អរបស់អ្នក ហើយបន្តរឹងមាំទៅមុខទៀត!
ចាំណា៎! អ្នកគឺអ្នក! អ្វីដែលបញ្ជាក់សញ្ញាណជាអ្នកមិនស្ថិតលើមាត់អ្នកណាសោះ!
#កុំខ្លាចមនុស្សបាប
#អត្ថបទអ្នកនិពន្ធរតនា
ខ្ញុំរឹងមាំខ្ញុំជឿជាក់
ម្សិលមិញខ្ញុំមិនបានញញឹមទេ ថ្ងៃនេះក៏មិនអាចញញឹមបាន ខ្ញុំមិនសង្ឃឹមថាថ្ងៃស្អែកអាចធ្វើឱ្យខ្ញុំញញឹមបានទេ…
ថ្ងៃនេះខ្ញុំយំដាក់ព្រះអាទិត្យរះ ខ្ញុំសួរព្រះអាទិត្យថា តើត្រូវតែបែបនេះមែនទេ?
ព្រះអាទិត្យមិនឆ្លើយទេ តែខ្ញុំនៅតែទទួលបានការលួងលោមពីព្រោះអាទិត្យ
កំដៅស្រទន់ជះមកលើថ្ពាល់ដែលដាមដោយទឹកភ្នែកកំសត់របស់ខ្ញុំ
ខ្ញុំទទួលសម្លេងខ្សឹបក្នុងបេះដូងដែលកំពុងឈឺថា “មិនអីទេណា៎
បន្តិចទៀតលែងអីហើយ” ខ្ញុំខំដកដង្ហើមធំបញ្ចេញភាពឈឺចាប់ពីប្រអប់ទ្រូង
ថ្ងៃនេះខ្ញុំខកបំណង ខ្ញុំញញឹមមិនទាន់បានមែន ថ្ងៃស្អែកស្នាមញញឹមមិនទាន់រត់មកដល់ខ្ញុំមែន តែខ្ញុំជឿថាភាពស្រពាប់ស្រពោននេះក៏មិនស្មោះត្រង់នឹងខ្ញុំដែរ ថ្ងៃមួយវានឹងចេញទៅ..
ខ្ញុំជឿ! ក្នុងផែនដីនេះអត់មានអ្វីជារៀងរហូតទេ! ដូច្នេះ ភាពរីករាយ ឬឈឺចាប់ វាគង់តែប្តូរវេនគ្នាមកលេងខ្ញុំតែប៉ុណ្ណឹង។
ខ្ញុំជឿ! ជីវិតមានច្រើនរសជាតិណាស់! ច្រើនដល់គួរឱ្យខ្លាចនឹងទទួលយករសជាតិថ្មីៗ..
តែទាំងនោះគឺជាជម្រើស! ជ្រើសហើយក៏គួរទទួលយកវា!
ខ្ញុំទទួលយកការពិតរហូតមក ខ្ញុំហត់នឹងខ្វល់ថាអារម្មណ៍នេះវាយ៉ាងណា
ខ្ញុំគ្រាន់តែអាចប្រាប់ខ្លួនឯងថា “មិនអីទេណា៎ បន្តិចទៀតលែងអីហើយ”
ដៃស្តាំអង្អែលដៃឆ្វេងខ្លួនឯង លួងលោមខ្លួនឱ្យដើរទៅមុខទៀត…
ខ្ញុំចង់ដឹងណាស់ថាថ្ងៃស្អែករបស់ខ្ញុំទៅជាយ៉ាងណា ដូច្នេះខ្ញុំគ្មានផ្លូវចុះចាញ់រឿងរ៉ាវដែលរត់មករកខ្ញុំមិនឈប់ឈរនោះទេ។
ខ្ញុំរឹងមាំ! ខ្ញុំជឿជាក់❤️
ខ្ញុំរស់នៅលើភាពជាខ្លួនឯង
ខ្ញុំគ្រាន់តែខំធ្វើជាខ្ញុំដែលល្អ បត់បែនតាមភាពត្រឹមត្រូវនិងតម្រូវការការផ្ទាល់ខ្លួន។ អ្នកស្អប់ខ្ញុំ គេគង់មិនគិតល្អដាក់ខ្ញុំ បើទោះខ្ញុំខំផ្គាប់យ៉ាងណា អ្នកស្រលាញ់ខ្ញុំគេគង់នឹងយល់ ឬលើកលែងបើខ្ញុំមានខុស។
ខ្ញុំរស់នៅលើភាពជាខ្លួនឯង ខ្ញុំមិនរស់នៅដើម្បីសុំការស្រលាញ់ ឬខ្លាចការស្អប់របស់អ្នកណាទេ។ ខ្ញុំច្បាស់ណាស់ថាចិត្តទាំងនោះនឹងប្រួលប្រែ ដូច្នេះខ្ញុំមិនចាំបាច់ផ្លាស់ប្ដូរខ្លួនឯងដើម្បីចិត្តមិនទៀងទាំងនោះឡើយ។
ខ្ញុំនឹងព្រមប្តូរខ្លួនឯងដើម្បីតែភាពត្រឹមត្រូវ និងក្តីសុខរបស់ខ្ញុំ និងមនុស្សដែលខ្ញុំស្រលាញ់តែប៉ុណ្ណោះ។ អ្នកណាទទួលយកខ្ញុំពេលនេះមិនបានក៏មិនអីដែរ ព្រោះថ្ងៃមួយដែលអ្នកប្តូរចិត្ត ប្តូរការគិតមកលើខ្ញុំ អ្នកអាចស្តាយដែលមិនរក្សាខ្ញុំនាថ្ងៃនេះ។
ថែចិត្តមនុស្សដែលថែចិត្តអ្នក
នៅពេលដែលយើងមិនបាននៅក្នុងចិត្តរបស់គេ មិនថាយើងលះបង់ច្រើនប៉ុនណា គេនៅតែមើលរំលង។
វាហត់ណាស់ដែលខំទៅផ្គាប់ផ្គុនយកចិត្តមនុស្សដែលគេតែងមើលរំលងទឹកចិត្តរបស់អ្នក អំពើរល្អ ការលះបង់ទាំងប៉ុន្មាន វាបានត្រឹមលទ្ធផលខកចិត្ត អន់ចិត្ត អាណិតខ្លួនឯង។
អានមកដល់ត្រឹមនេះសាកគិតបន្តិច តើមានមនុស្សប៉ុន្មានអ្នកដែលអ្នកបានធ្វើរឿងល្អៗទាំងនេះដើម្បីគេ? ខំធ្វើកន្លងមក ហត់ណាស់ហើយមែនទេ? សម្រាកមួយភ្លែត ហើយថ្លឹងចិត្តយើង ចិត្តគេម្តងទៀត ពិចារណាបន្តិចទៅ! គួរបន្តឬបញ្ចប់?
ហើយក៏សាកគិតមួយទៀត កន្លងមកនរណាខ្លះដែលអ្នកតែងមើលរំលងអំពើរល្អរបស់គេ? គិតឱ្យយូរបន្តិច! បើមិនចង់បាត់បង់ទឹកចិត្តល្អៗទាំងនោះទេ រកវិធីប៉ះប៉ូវរក្សាចិត្តគេផង
មើលថែចិត្តមហិច្ឆតាផង
នៅពេលដែលមនុស្សគ្រប់គ្នាកំពុងខំតោងឡើងទៅដល់ទីដ៏ខ្ពស់មួយ ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់នៅទីនេះ ប៉ុណ្ណឹងបានហើយ!
ខ្ញុំមិនចាប់អារម្មណ៍ទីខ្ពស់មួយនោះ សួរថាខ្ញុំធ្លាប់ទៅដល់ទេ? អត់ទេ!
សួរថាបើអ្នកទៅដល់ទីខ្ពស់ទាំងនោះឱនមើលមកខ្ញុំ តើខ្ញុំឈឺក្បាលទេ? អត់ទេ!
ជីវិតរបស់ខ្ញុំមិនរស់ដើម្បីប្រជែងអ្នកណា រស់តាមតែរបៀប បើប៉ុណ្ណឹងសុខហើយ ខ្ញុំក៏ស្កប់ស្កល់។
ចិត្តលោភនេះណា៎ នឹងនាំឲ្យអ្នកហត់មួយជីវិត!
ការប្រជែងក៏ដូចគ្នា ប្រជែងមកពីច្រណែន បើច្រណែនហួសពេកអ្នកនឹងដេកឱបភ្លើងគ្មានថ្ងៃលែង។
មើលថែមហិច្ឆតាផងណា៎
អត្ថបទអ្នកនិពន្ធរតនា
ពីប្អូនស្រីផ្កាយដាវ សំណោកអនុស្សាវរីយ៍ Book’s Review
“សំណោកអនុស្សាវរីយ៍” អានហើយធ្វើឲ្យខ្ញុំដឹងថា ក្ដីទុក្ខសោកដែលរួមរឹតយើងពីអតីតកាល វាគួរឲ្យខ្លាចណាស់ អតីតកាលដែលមិនអាចវិលត្រឡប់បាន មានតែការចងចាំដ៏ឈឺចាប់ជាប់ក្នុងសំណោកអនុស្សាវរីយ៍រវាងមនុស្ស ២នាក់ ឬ ច្រើននាក់ដែលចងភ្ជាប់គ្នា បង្កើតជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ “យើងអាចវិលត្រឡប់មកកន្លែងអនុស្សាវរីយ៍វិញបាន តែអ្វីដែលកើតឡើងក្នុងអនុស្សាវរីយ៍ មិនអាចមករកយើងក្នុងពេលបច្ចុប្បន្នបានទេ។ យើងអាចគ្រាន់តែនឹករឮកវាប៉ុណ្ណេាះ! ប្រសិនបើអនុស្សាវរីយ៍ទាំងនោះធ្វើឲ្យយើងសប្បាយចិត្ត យើងនឹកវាចុះតែបើវាធ្វើឲ្យយើងកើតទុក្ខ យើងកុំនឹកវាអី ព្រោះបើយើងកើតទុក្ខ មនុស្សដែលស្រលាញ់យើងក៏មិនរីករាយដែរ។”បញ្ចប់អារម្មណ៍សោកសៅ ដោយការចាកចេញពីសំណោកអនុស្សាវរីយ៍ នោះយើងនឹងរកឃើញស្នាមញញឹមដ៏បរិសុទ្ធរបស់យើងត្រលប់មកវិញ ហើយជីវិតនេះនិងពោរពេញដោយសុភមង្គលពេញលេញ។ អរគុណបង អ្នកនិពន្ធ រតនា
#សំណោកអនុស្សាវរីយ៍ ០៣០៥២០២០
ប្រភពហ្វេសប៊ុក https://www.facebook.com/photo?fbid=258285825576765&set=a.258274935577854