ពីប្អូនស្រី Krel Kimleang សំណោកអនុស្សាវរីយ៍ Book’s Review

ក្រោយពីអានសៀវភៅនេះចប់ហាក់ដូចជាមានអ្វីជំរុញឲ្យខ្ញុំចង់សរសេរពាក្យពេចន៍មួយចំនួននេះឡើង។ ខ្ញុំមិនដឹងថាគួរពិពណ៌នាអារម្មណ៍ខ្លួនឯងយ៉ាងមិចទេ ដឹងត្រឹមថាបេះដូងពណ៌ត្របែកព្រៃរបស់បងរតនាមួយនេះបានឆក់យកបេះដូងខ្ញុំម្ដងទៀតហើយ។

ពេលដែលខ្ញុំចាប់ផ្ដើមបើកសៀវភៅនេះអានពីមួយទំព័រទៅមួយទំព័រមានឃ្លាមួយចំនួនបានជ្រៀតចូលទាំងខួរក្បាល ទាំងបេះដូងរបស់ខ្ញុំ។

រសជាតិជីវិតថ្មីនៅក្នុងស្នាដៃទី៣របស់បង អ្នកនិពន្ធរតនា (ហ៊ឹហ៊ឹ! ពិបាកនិយាយ! គឺនិយាយមិនត្រូវតែម្ដង)។

ជីវិតដែលរស់នៅក្នុងសំណោកអនុស្សាវរីយ៍ពិតជាឈឺចាប់ណាស់! ឯកាបំផុត! ហើយបានបន្សល់ទុកនូវវិប្បដិសារីដ៏ធំក្នុងជីវិតតួអង្គពីរនាក់(វិសេសនិងណារ័ត្ន)។

ជិវិត! ឲ្យតែអាចរស់នៅ គឺអាចដើរទៅមុខបានរហូត តែអាចដើរទៅជាមួយវិប្បដិសារី ឬសុភមង្គលបរិសុទ្ធវាអាស្រ័យលើភាពម៉ត់ចត់របស់អ្នកហើយ!

ដោយសារតែខ្ញុំមានការឈឺចាប់ក៏មិនតិចជាងតួអង្គដែរ អីចឹងសូមអស់វាចាតែត្រឹមនេះចុះ!

ស្រលាញ់និងគាំទ្រគ្រប់ស្នាដៃរបស់បង

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=460673404817783&set=a.117901385761655&type=3&theater

សំណោកអនុស្សាវរីយ៍ ពីប្អូនប្រុសធឿនវុទ្ធី Book’s Review

ផ្ដើមដោយសំណេរអក្ខរាឆ្លើយឆ្លងគ្នា ក្នុងសម័យគ.ស ២០០៣ បានត្រដាងពីភ្លើងស្នេហាសារភាព រវាងនាងក្រមុំឆោមស្រស់ល្អ ដែលហ៊ានរំលងវប្បធម៌អៀនខ្មាស សរសេរសំបុត្រផ្ញើទៅកាន់នាយកំលោះមានឋានៈជាមិត្តសម្លាញ់ម្នាក់ ក្រោមខ្លឹមសារនៃពាក្យថា “ខ្ញុំបាក់ចិត្តទៅលើអ្នក! ខ្ញុំស្រឡាញ់អ្នក”។

ឱអនិច្ចាអក្ខរាអប្រិយ! ក្រោយទទួលបានសំបុត្រត្រលប់ សបញ្ជាក់ពីការបដិសេធទឹកចិត្តស្មោះស្ម័គ្ររបស់ស្ងួនក្រមុំហើយ នាងបានសម្ពាយនូវក្ដីអៀនខ្មាសជាពន់ពេក លែងហ៊ានប្រឈមមុខនឹងគេ ស៊ូទ្រាំលាក់ខ្លួនក្នុងដែនងងឹត សង្ឃឹមថាខ្លួនអាចនឹងបំភ្លេចរូបកំលោះនោះបាន។ កាន់តែព្យាយាម ក៏កាន់តែមិនអាច! បេះដូងស្រែកសួរពីចម្ងាយ តើនាយធ្លាប់នឹកគិតដល់នួននារី ដែលស្រឡាញ់អ្នកដោយស្មោះម្នាក់នេះដែរទេ?

រងើកស្នេហាយុវជំទង់ក្មេងខ្ជី បានចាប់រង្គោះរង្គើរឡើងជាថ្មីម្ដងទៀត ក្រោយវាចាអក្ខរាសំបុត្ររបស់អ្នកកំលោះ បង្ហាញនួននាងយ៉ាងច្បាស់ថា “ខ្ញុំនឹកអ្នកគ្រប់ពេល! ប្រសិនបើខ្ញុំទុកអ្នកគ្រាន់តែជាមិត្ត ហេតុអ្វីចិត្តខ្ញុំត្រូវគិតខ្វល់ខ្វាយពីអ្នកដល់ម្លឹង? តាមពិតខ្ញុំក៏ស្រឡាញ់អ្នក ហើយក៏ស្រឡាញ់ជាយូរមកហើយដែរ”។ ក្ដីរំភើបមួយដែលមានមិនដល់ប៉ុន្មានថ្ងៃនោះ ក៏ក្លាយជាទុក្ខញ៉ាំញីចិន្តានាយកំលោះ ក្រោយបានទទួលសំបុត្រដែលបានបញ្ជាក់យ៉ាងច្បាស់ថា នាងត្រូវឃ្លាតឆ្ងាយ ក្នុងវេលាដ៏ខ្លីខាងមុខនេះហើយ។

ស្នេហាតាមសំបុត្រ ពិតមិនសមប្រកប ចុងក្រោយសុំត្រឹមតែជូនដំណើរឡើងយន្តហោះក៏អស់ចិត្ត បើទោះបីនួននារីមិនព្រមទទួលការសណ្ដោសប្រណី ធ្វើជាគូសង្សារក៏ដោយចុះ។ ឱ! ស្នេហា! បើមិនឆ្លងកាត់ឧបសគ្គខ្លះ វាគ្មានន័យអ្វីទេ តើពិតមែនទេ?

ឆាកនិទានសំបុត្រឆ្លងឆ្លើយ បានបញ្ជប់ទៅហើយ នៅឡើយដំណើររឿងរកាំរកូស មិនសមបំណងអ្នកអានអ្វីបន្តិចសោះ។ ប្រណីឲ្យអ្នកទាំងពីរជួបគ្នា មិនបានទេមែនទេ? ខ្ញុំសួរថា មិនបានទេឬអី? មែនហើយ! អ្នកនិពន្ធពិតជាចិត្តដាច់ណាស់។

សំណោកអនុស្សាវរីយ៍ ត្រដាងយ៉ាងច្បាស់ ថាអ្នកនិពន្ធគិតបែបណា ប្រសិនបើមានគូស្រករ ដែលតោងជាប់ស្អិតដោយអតីតកាល។ ព្រមទម្លាក់អំរែកនោះចោលបានទេ? ព្រមប្រគល់បេះដូងម្ខាងទៀតនោះ មកឲ្យខ្ញុំបានទេ?

សាច់រឿងបានច្រានអារម្មណ៍អ្នកអាន ញែកលែងដាច់ រវាងមនុស្សដែលយើងបានបាក់ចិត្តស្រឡាញ់អស់កាលជាយូរ ជាមួយនឹងមនុស្សដែលយើងបានសម្រេចចិត្ត សាងគ្រួសារជាមួយគ្នារួចទៅហើយ។ បើមានអំរែកសាកសពស្នេហាបែបនេះមែន ស្នាមញញឹមក្លែងក្លាយនោះ មិនសមនឹងប្រើជាមួយកូនយើងទេ។

ប៉ុន្មានវគ្គចុងក្រោយនៃឆាកនិទាននេះ សម្ដីអ្នកនិពន្ធពិតជាមុតស្រួច ចាក់ចំកណ្ដាលចំណុចរសើបរបស់គូស្វាមីភរិយាណា ដែលមានកូនចិត្ត នឹកគិតពីអតីតសង្សារ។ តើការរៀបការរបស់ពួកយើង គ្រាន់តែជាការបំភ្លេចសំណោកអនុស្សាវរីយ៍នោះ ឬយ៉ាងណា? តើវត្តមានរបស់ខ្ញុំ ជាចំណែកលើសនៃសាកសពស្នេហាមួយនោះមែនទេ?

និទានស្នេហារវាងអ្នកកំលោះ វិសេស ជាមួយនាងក្រមុំ ណារ័ត្ន ស្ថិតក្នុងសៀវភៅក្របពណ៌ស្វាយ ស្នាដៃ អ្នកនិពន្ធរតនា ចូលមកអន្ទោងអារម្មណ៍អ្នកអាន ឲ្យញញឹម លាយឡំទឹកភ្នែក នាំមកជូនជាពិសេសសម្រាប់អ្នកដែលមានអតីតកាលស្នេហា មិនទាន់ដាច់ស្រលះ។

យើងពិតជាអាចនឹកគិតពីអតីតកាលបាន តែយើងត្រលប់ទៅកាន់អតីតកាលម្ដងទៀតមិនបានឡើយ។

#សំណោកអនុស្សាវរីយ៍
#អ្នកនិពន្ធរតនា
Review – ធឿន វុទ្ធី (អត្ថបទរក្សាសិទ្ធិ)

ពីប្អូនស្រីកូនផ្កាឈូក សំណោកអនុស្សាវរីយ៍ Book Review

ចំណងជើងនេះសក្តិសមណាស់ សៀវភៅមួយក្បាលនេះមានន័យណាស់ ស្មានមិនដល់ទេថាដល់ថ្នាក់ហ្នឹង លើសពី វីរិយ៉ា របស់អូនទៀត។នេះដល់ថ្នាក់អានមិនចង់អោយចប់ភ្លាមទេ គួរតែយល់ហើយ!!

តម្លៃអប់រំនៅក្នុងនេះមានច្រើនណាស់ របៀបថាគ្មានមួយទំព័រណាដែលគ្មានតម្លៃអប់រំទេ។ ការសម្រេចចិត្តមែនទេ? ហេតុអីបានជារឿងនេះដាក់ទោសទៅលើការសម្រេចចិត្តលឿនបែបនេះ អារម្មណ៍មែនទេ ហេតុអីក៏មនុស្សតែងតែមិនយល់ពីអារម្មណ៍របស់ខ្លួនឯង ចុះបេះដូងហេតុអីក៏ការដើរទៅតាមបេះដូងរបស់ វិសេសជារឿងមិនត្រឹមត្រូវ?? សំណួរទាំងនេះបានលេចឡើងស្របពេលដែលខ្ញុំកំពុងតែអាន……

ចម្លើយមែនទេ? ចម្លើយគឺរកឃើញពេលដែលខ្ញុំអានចប់។ ជាការបង្រៀនដល់អ្នកអាន

កុំប្រើអារម្មណ៍ក្នុងការសម្រេចចិត្ត កុំភ្លេចសួរបេះដូងខ្លួនឯងមុននឹងធ្វើការសម្រេចចិត្ត កុំបណ្ដោយអោយខ្លួនឯងដើរទៅតាមបេះដូង ដោយមិនធ្វើការពិចារណាជាមុន កុំប្រើបេះដូងខ្លួនឯង បំផ្លាញបេះដូងអ្នកដទៃ កុំយកលេសក្ដីស្រលាញ់បងបាំងមុខ ភាពមិនស្មោះត្រង់អស់ពីចិត្ត។

ទំនួលខុសត្រូវមានសារៈសំខាន់បំផុតនៅក្នុងជីវិតប្រចាំថ្ងៃ តែសូមកុំយកលេសទំនួលខុសត្រូវទៅប្រើដើម្បីតែគេចវេសពីបញ្ហាផ្សេង ។ ណារ័ត្ន ជាតួអង្គដែលមានទំនួលខុសត្រូវខ្ពស់ តែណារ័ត្នមិនមែនជាមនុស្សស្មោះត្រង់ទេ គេប្រើពាក្យទំនួលខុសត្រូវដើម្បីតែគេចពីបញ្លាដែលគេ មិនហ៊ានទទួលនិង មិនព្រមដោះស្រាយតែប៉ុណ្ណោះ ។

ការទទួលដឹងកំហុសសម្រាប់ខ្ញុំ គឺវាជាមន្តស្នេហ៍ដ៏មានអំណាចបំផុត។ ស្រលាញ់វិសេសដែលព្រមទទួលដឹងកំហុស នៅពេលបង្កើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ តែក៏ខឹងវិសេសដែរ ចំពោះរឿងស្នេហា មិនហ៊ានចេញមុខដោះស្រាយបញ្ហាទទួលកំហុសតែមាត់តែមិនបញ្ចេញសកម្មភាព សម្រាប់បេះដូង។

ការលះបង់មិនថាមិត្តភាពឬស្នេហាត្រូវតែមានការលះបង់ លះបង់ដោយមិនខ្វល់ពីលទ្ធផលមកវិញឡើយ។ ហេតុអីបានជា នុច្ឆកានិង Christ លះបង់គ្រប់យ៉ាងបែបនេះ ក៏ព្រោះតែក្ដីស្រលាញ់មែនទេ?? គឺមែនហើយ! តួអង្គទាំងពីរ នេះហើយដែលជាគម្រូដ៏ល្អបំផុតសម្រាប់ខ្ញុំ មិនថាចំពោះរឿងមិត្តភាពឬស្នេហា គេធ្វើបានល្អណាស់

តួនាទីជាម្ដាយឳពុក អ្នកណាមិនស្រលាញ់មិនបារម្ភកូននោះ ដឹងថាកូនមានទុក្ខត្រូវតែជួយដោះស្រាយហើយ ដំបូងអានទៅអន់ចិត្តពេលប៉ាម៉ាក់របស់ណារ័ត្ន បដិសេធមិនទទួលសំណើររបស់ នុច្ឆកា តែយកមកគិតហើយក៏យល់ច្បាស់ យល់ពីក្ដីស្រលាញ់ដ៏គ្មានព្រំដែនរបស់ម៉ាក់ប៉ា

ការទទួលយកការពិតការព្រមប្រឈមមុខ និងការចេះកែប្រែកំហុសវាជារឿងដ៏ប្រសើរបំផុត ហើយអ្វីដែលសំខាន់ជាងនេះ ត្រូវដឹងថា “មនុស្សយើងគ្រប់គ្នារវល់ណាស់ គ្មានពេលទំនេរទេ តើវាល្អទេដែលយករឿងទុក្ខសោកមកទុកមកគិត ក្នុងខ្លួនចំណាយពេលឥតប្រយោជន៍ទៅលើវា តើចំណេញទេ? អត់ទេ ចឹងហើយត្រូវតែប្រញ៉ាប់ធ្វើរឿងដែលមានប្រយោជន៍សម្រាប់ជីវិតទៅ កុំឥតប្រយោជន៍ច្រើនពេក យើងគ្មានពេលច្រើនទេ”

អរគុណបងស្រី អ្នកនិពន្ធ រតនា សម្រាប់ស្នាដៃទី3 របស់បងលើកនេះពិសេសជាងមុនៗទៅទៀត អូនយល់បានច្រើនណាស់ហើយក៏ចងចាំមិនភ្លេចដែរ ។ អូននឹងធ្វើការសម្រេចចិត្តទៅលើរឿងគ្រប់យ៉ាង អោយបានប្រសើរបំផុត ហើយក៏មានសតិបំផុតដែរ។

ពីប្អូនស្រី Ah Sinan សំណោកអនុស្សាវរីយ៍

លើកទី១! អានបានពាក់កណ្តាល ក៏ស្រាប់តែមានអារម្មណ៍ របួសដែលជិតនឹងជាសះទៅហើយនោះ ត្រឡប់មកឈឺពើតម្តងទៀត ដួងចិត្តដែលកប់ជ្រៅក្នុងរណ្តៅអនុស្សាវរីយ៍ចាស់ៗ ដូចជាកាន់តែកប់ជ្រៅទៅៗ…..មិនធ្លាប់គិតទេថានឹងអាចក្រោកចេញមកបាន រហូតដល់ទំព័រចុងក្រោយត្រូវបានអានបញ្ចប់ ក៏ស្រាប់តែមានអារម្មណ៍ថា ការដែលឱបក្រសោបស្រមោល វាជារឿងមិនគួរឲ្យកើតឡើងសោះ….

អានលើកទី២ចប់។ ប្រហែលជាត្រូវព្រមហើយ… ព្រមទទួលថារណ្តៅអនុស្សាវរីយ៍ចាស់ៗមួយនេះ វាងងឹតណាស់ ងងឹតរហូតមើលអ្វីក៏មិនឃើញ…ព្រមហើយ ព្រមងើបចេញហើយ….
ពេលនេះក៏ក្លាហានក្រោកហើយ នៅចាំតែអ្នកដែលព្រមហុចដៃ ទាញឡើងតែប៉ុណ្ណោះ…..

#សំណោកអនុស្សាវរីយ៍
#ស្នាដៃប្រលោមលោកដែលអាចនាំអ្នកចេញពីស្រមោលអតីតកាល_កុំរំលងឲ្យសោះណា

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=568680164050396&set=a.131106924474391&type=3&theater

ពីប្អូនស្រីពិសីស្រីនិត សំណោកអនុស្សាវរីយ៍ Book’s Review

មានអារម្មណ៍ថារបួសដែលកប់ជ្រៅជិតដែលនឹងជាសះស្បើយនៅក្នុងបាតបេះដូង វារើឡើងឈឺខ្លាំងវិញម្តងទៀតនៅពេលដែលអាន។ តែវាក៏ល្អប្រសើរទៅវិញនៅពេលដែលអានដល់ចុងបញ្ចប់។

តាំងពីចេះអានសៀវភៅមកនេះជាលើកទីពីរហើយដែលខ្ញុំយំខ្លាំងបំផុតតាមសាច់រឿង ព្រោះតែរឿងមួយនេះវាដូចនឹងអតីតកាលនៃខ្ញុំខ្លាំងណាស់.

ខ្ញុំបានបង្ហាញពីភាពអាត្មានិយមរបស់ខ្ញុំណាស់មែនទេ? ត្រូវហើយខ្ញុំអាត្មានិយមតាំងតែពីដើមខ្ញុំមិនអាចទៅជូនដំណើរគេនៅព្រលានយន្តហោះដូចដែលបានសន្យា។ មនុស្សពីរនាក់ស្រលាញ់គ្នាដោយគ្មានហេតុផលនោះទេ ប៉ុន្តែពេលខ្លះមានហេតុផលជាច្រើនដែលធ្វើអោយមនុស្សពីរនាក់មិនអាចស្រលាញ់គ្នា

គ្រប់យ៉ាងវាគ្រាន់តែជា #សំណោកអនុស្សាវរីយ៍ ដែលបានកន្លងហួសទៅហើយ។ យើងអាចគិតដល់អតីតកាលបាន តែយើងមិនអាចត្រឡប់ទៅរកអតីតកាលវិញបានទេ។

ការចាកចេញពីអតីតកាលដ៏សែនឈឺចាប់ជារឿងល្អបំផុតដែលធ្វើអោយយើងរកឃើញសុភមង្គលពិតប្រាកដនៅក្នុងជីវិតនាពេលបច្ចុប្បន្ន។ កុំនៅដិតដាមនឹងអតីតកាលយូរពេកព្រោះថាវាគ្រាន់តែជាពេលវេលាមួយដែលកើតឡើងសំរាប់បំពេញអោយបច្ចុប្បន្ននិងអនាគតតែប៉ុណ្ណោះ

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=117233336632120&set=a.109788180709969&type=3&theater

ពីប្អូនស្រីផ្កាយដាវ សំណោកអនុស្សាវរីយ៍ Book’s Review

“សំណោកអនុស្សាវរីយ៍” អានហើយធ្វើឲ្យខ្ញុំដឹងថា ក្ដីទុក្ខសោកដែលរួមរឹតយើងពីអតីតកាល វាគួរឲ្យខ្លាចណាស់ អតីតកាលដែលមិនអាចវិលត្រឡប់បាន មានតែការចងចាំដ៏ឈឺចាប់ជាប់ក្នុងសំណោកអនុស្សាវរីយ៍រវាងមនុស្ស ២នាក់ ឬ ច្រើននាក់ដែលចងភ្ជាប់គ្នា បង្កើតជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ “យើងអាចវិលត្រឡប់មកកន្លែងអនុស្សាវរីយ៍វិញបាន តែអ្វីដែលកើតឡើងក្នុងអនុស្សាវរីយ៍ មិនអាចមករកយើងក្នុងពេលបច្ចុប្បន្នបានទេ។ យើងអាចគ្រាន់តែនឹករឮកវាប៉ុណ្ណេាះ! ប្រសិនបើអនុស្សាវរីយ៍ទាំងនោះធ្វើឲ្យយើងសប្បាយចិត្ត យើងនឹកវាចុះតែបើវាធ្វើឲ្យយើងកើតទុក្ខ យើងកុំនឹកវាអី ព្រោះបើយើងកើតទុក្ខ មនុស្សដែលស្រលាញ់យើងក៏មិនរីករាយដែរ។”បញ្ចប់អារម្មណ៍សោកសៅ ដោយការចាកចេញពីសំណោកអនុស្សាវរីយ៍ នោះយើងនឹងរកឃើញស្នាមញញឹមដ៏បរិសុទ្ធរបស់យើងត្រលប់មកវិញ ហើយជីវិតនេះនិងពោរពេញដោយសុភមង្គលពេញលេញ។ អរគុណបង អ្នកនិពន្ធ រតនា

#សំណោកអនុស្សាវរីយ៍ ០៣០៥២០២០

ប្រភពហ្វេសប៊ុក https://www.facebook.com/photo?fbid=258285825576765&set=a.258274935577854