ការបង្ហាញមតិពីប្អូនស្រី ងិនឆន សុដាលី ក្រោយការអាន “ជាអ្នកធ្វើការ” Book Review

“ជាអ្នកធ្វើការ” គ្រាន់តែបានឃើញចំណងជើងនិងបានដឹងពីខ្លឹមសារខ្លះៗក្នុងសៀវភៅ ខ្ញុំចាប់អារម្មណ៍ចង់ទិញភ្លាមហើយសន្សំលុយដើម្បីកក់សៀវភៅរបស់បងរតនា។ ហេតុផលដែលធ្វើឲខ្ញុំចង់បានសៀវភៅនេះដោយគ្រាន់តែឃើញចំណងជើងនិងមាតិកា ព្រោះត្រូវនឹងបរិយាកាសរស់នៅសព្វថ្ងៃរបស់ខ្ញុំស្រាប់។ ខ្ញុំជានិស្សិតឆ្នាំទី3ហើយធ្វើការក្រៅម៉ោងដែរតែមិនទាក់ទងនឹងជំនាញខ្លួនឯងរៀនទេព្រោះខ្ញុំរៀនជំនាញធនាគារនិងហិរញ្ញវត្ថុ តែខ្ញុំធ្វើការជាអ្នកនិពន្ធប្រលោមលោកទៅវិញ។ ច្រើនដងហើយដែលខ្ញុំចង់បោះបង់ក្ដីស្រម៉ៃខ្លួនឯងព្រោះតែលែងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង គិតថាទៅមិនរួច តែពេលបានអានដល់មាតិកាទី៣”ថយក្រោយដើម្បីទៅមុខ”

ខ្ញុំបានរកឃើញចម្លើយឲខ្លួនឯងថាខ្ញុំមិនបោះបង់ក្ដីស្រម៉ៃខ្លួនឯងហើយក៏នៅតែបន្តសិក្សាជំនាញរៀនរាល់ថ្ងៃ ពោល គឺធ្វើការងារ២ក្នុងពេលតែមួយ ទាំងការងារត្រូវនឹងជំនាញផង ទាំងជាអ្នកនិពន្ធផង។ ធ្វើការងារ២ក្នុងពេលជាមួយគ្នា ថ្វីត្បិតថាហត់មែនតែក៏អាចរកចំណូលបាន ចាត់ទុកថាយោងគ្នាទៅវិញទៅមក។ខ្ញុំធ្លាប់គិតថាបើធ្វើការងារតែមួយមុខ មិនអាចចិញ្ចឹមខ្លួនឯងនិងផ្គត់ផ្គង់គ្រួសារនាថ្ងៃអនាគតបានច្រើនទេ ដូច្នេះហើយទើបខ្ញុំត្រូវប្រើជំនាញនៃការនិពន្ធប្រលោមលោកមកធ្វើពេលទំនេរពីការសិក្សា បើទោះជាវិស័យនេះទទួលបានកម្រៃមកវិញមិនច្រើនតែវាជាអ្វីដែលខ្ញុំចង់ធ្វើ ធ្វើតាមបេះដូងខ្លួនឯងហើយមានអារម្មណ៍ថាមានក្ដីសុខ។ ហេតុនេះហើយ ខ្ញុំសូមណែនាំមិត្តអ្នកអានទាំងអស់គ្នានូវសៀវភៅ”ជាអ្នកធ្វើការ” ចំពោះខ្ញុំ ស្នាដៃរបស់បងរតនាមួយនេះជាចំណេះដឹងបន្ថែមដល់អ្នកអានមិនថាស្ថិតក្នុងស្ថានភាពជានិស្សិតរៀនបណ្ដើរ ធ្វើការបណ្ដើរ មិនថាជាបុគ្គលិកកំពុងបម្រើការងារនៅស្ថាប័ន អ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងបន្ថែមក៏ដូចជាមេរៀនជីវិតផ្សារភ្ជាប់ជាមួយការងារដើម្បីជាជំនួយដល់ពួកយើងក្នុងគ្រាជួបបញ្ហាជាមួយការងារ សូមអានសៀវភៅមួយក្បាលនេះ ខ្ញុំជឿថាអ្នកនឹងបានរកឃើញដំណោះស្រាយព្រមទាំងគំនិតល្អៗជាមិនខាន។

ការបង្ហាញមតិពីប្អូនស្រីមិថុនាក្រោយការអាន “ជាអ្នកធ្វើការ” Book Review

សៀវភៅបែបទស្សនះមួយក្បាលនេះអ្នកនិពន្ធប្រើបេះដូងមកសសេរ ឯអ្នកអានប្រើកាគិតវិភាគត្រិះរិះពិចារណាទៅលើខ្លឹមសារនិមួយៗអ្នកអានអានបណ្តើរ គិតបណ្តើរ វិភាគបណ្តើរ ពោរពេញដោយស្នាមញញឹម

អត្ថន័យក្នុងសៀវភៅ មានការអប់រំ និងកាលើកទឹកចិត្ត… – សៀវភៅបែបទស្សនះមួយក្បាលនេះពិតជាមានឥទ្ធិពលណាស់ចំពោះវិស័យការងារក្នុងស្ថាប័នផ្សេងៗ ជាបណ្តុំនៃកាគិតទៅរកផ្លូវវិជ្ជមានបានបង្ហាញផ្លូវយ៉ាងទូលាយក្នុងការយកទៅអនុវត្តន៍ជាក់ស្តែង ទៅរកផ្លូវមួយក្នុងន័យអភិវឌ្ឍន៍នូវសមត្ថភាពខ្លួនក្នុងវិស័យការងារ។ – សៀវភៅបែបទស្សនះមួយក្បាលនេះ បានធ្វើអោយខួរក្បាលរបស់ខ្ញុំមានការគិតវិភាគយ៉ាងម៉ត់ចត់ទៅលើអត្ថន័យសៀវភៅ

ព្រោះអ្នកនិពន្ធសសេរសៀវភៅនេះបានបង្កើតនូវសំនួរជាច្រើនដើម្បីអោយអ្នកអានរិតតែមានការគិតក្នុងន័យផ្តល់អោយអ្នកអានប្រឹងគិតស្វែងរកចម្លើយពិតដោយខ្លួនឯង។ – សៀវភៅមួយក្បាលនេះខ្ញុំអានគ្មានរំលងមួយឃ្លាណាឡើយ ព្រោះគ្រប់ពាក្យគ្រប់ឃ្លាសុតតែមានអត្ថន័យដែរខ្ញុំត្រូវដឹង។ ** ជាចុងក្រោយប្អូនសូមអរគុណបងស្រី អ្នកនិពន្ធរតនា ដែរប្រឹងសសេរសៀវភៅបែបទស្សនះនេះឡើងប្អូនពិតជាអរគុណពិតមែន ។ ហើយប្អូនសង្ឃឹមយ៉ាងមុតមាំថានឹងឃើញស្នាដៃតាក់តែងនិពន្ធសៀវភៅរបស់បងជាបន្តបន្ទាប់ទៀតមិនថាជាសៀវភៅបែបទស្សនះ ឬប្រលោមលោក…អូនសង្ឃឹមថាបងចេញស្នាដៃជាហូរហែ។

មតិអ្នកអានចំពោះសៀវភៅប្រលោមលោក “វិថីជីវត”

#វិថីជីវិត ជាសៀវភៅប្រលោមលោកបែបមនោសញ្ចេតនា លាយ ជាមួយ មហ្ហិច្ឆតានិងការតស៊ូ
ដែលអ្នកនិពន្ធបានលើកបង្ហាញពីគំនិតផ្សេងៗ គ្នានៃតួនិមួយៗ ក្នុងនោះវីរីយ៉ាជាតួអង្គសំខាន់ក្នុងសាច់រឿង។

សង្ខេបខ្លីសម្រាប់ខ្ញុំ វីរីយ៉ាទោះបីឆ្គាំងឆ្គងក្នុងរឿងមនោសញ្ចេតនាស្នេហាខ្លះ តែពិតជាស្ញប់ស្ញែងណាស់មិនត្រឹមតែមានមហ្ហិច្ឆតាខ្ពស់ទេ ថែមទាំងជាមនុស្សដែលមានមនុស្សធម៌
ទៀតផង, ចំណែកបញ្ចវន្តឯណោះវិញ មិនសរសើរ មិនបាននូវទឹកចិត្តស្មោះត្រង់ហ៊ានលះបង់គ្រប់យ៉ាង ដោយមិនគិតថាលទ្ធផលគឺបែបណា។ បើនិយាយពីវិមន្តវិញ អាត្មានិយមណាស់ មិនគួរឲ្យចង់សេពគប់ ដូចមិនមានការសម្រេចចិត្តជារបស់ខ្លួនសោះ។

សម្រង់មតិអ្នកអាន ពីប្អូនស្រី ញ៉ាវ មិនា

ជូនចំពោះបងស្រី អ្នកនិពន្ធ រតនា សូមអរគុណចំពោះសៀវភៅមួយក្បាលនេះ សៀវភៅនេះជាប្រលោមលោកលើកទឹកចិត្តឲយើងមានចិត្តរឹងមាំនិងតាំងចិត្តចំពោះកិច្ចការដែលយើងចង់សម្រេចដូចវីរិយ៉ា ខ្ញុំចាប់ផ្តើមស្រលាញ់ពណ៌ទឹកសមុទ្រខ្លាំងបន្ទាប់ពីអានរួច វីរិយ៉ាធ្វើឲខ្ញុំមានអារម្មណ៍ថាខ្នាញ់ណាស់ចំពោះកាយវិការគួរឲស្រលាញ់របស់នាង នាងទទួលបានភាពជោគជ័យមិនថាទាំងរឿងការងារនិងរឿងបេះដូង នាងទទួលបានការស្រលាញ់និងកម្លាំងចិត្តពីសំណាក់អ្នកគ្រប់គ្នា នាងឆ្លាតណាស់ក្នុងការធ្វើជំនួញការងារប៉ុន្តែនាងបែរជាមិនសូវស្ទាត់ចំពោះរឿងស្នេហាទៅវិញ នាងបណ្តោយឲម្ចាស់បេះដូងស្នោរនៅឆ្ងាយពីនាងអស់រយៈពេលយូរ ទើបនាងដឹងថានាងមិនអាចខ្វះកាហ្វេទឹកដោះគោទឹកកកបានទើបនាងតាមរកគាត់រហូតទាល់តែបានជួបគ្នាជាគូអនាគត។ ៧ឆ្នាំទៀតទើបខ្ញុំមានអាយុសម្បារនាងប៉ុន្តែតើខ្ញុំត្រូវចាំដល់ទៅ៧ឆ្នាំឬទើបចាប់ផ្តើមការងារនៅក្នុងក្តីស្រម៉ៃ? ខ្ញុំបានចាំនូវអ្វីដែរបញ្ញវ័ន្តបាននិយាយប្រាប់វីរិយ៉ាថា “ឱកាសមិនមែនចេះតែមានទេ បើប្អូនមិនចាប់យកវាទេវានឹងធ្វើឲប្អូនស្ដាយក្រោយ បើប្អូនចង់ចាំក៏ចាំចុះតែប្អូនត្រូវចាំថាប្អូនចាប់ផ្តើមយឺតប្អូននឹងខាតបង់ដូចគ្នា” បន្ទាប់ពីអានឃ្លាមួយនេះហើយខ្ញុំក៏គិតថា អូខេខ្ញុំនឹងចាប់ផ្តើមធ្វើវាឥលូវនេះ ត្រូវដើរទៅមុខដោយខ្លួនឯងនិងព្យាយាមគ្រប់យ៉ាងដោយមោះមុតនិងមិនក្រអើតក្រទម

មួយវិញទៀតមុនពេលដែលខ្ញុំមិនទាន់បានអានសៀវភៅនេះខ្ញុំតែងតែចង់ធ្វើអីជាមួយនឹងមិត្តភក្តិរបស់ខ្ញុំគ្រប់ពេលដោយមិនចង់ឲពួកគេទៅណាឆ្ងាយពីខ្ញុំដល់ថ្នាក់ពេលខ្លះខឹងនឹងពួកគេអត់និយាយរកគ្នាក៏មានដោយសារពួកគេមិននៅក្បែរខ្ញុំប៉ុន្តែឃ្លាមួយនេះវាបានធ្វើឲខ្ញុំស្វាងចែសដូចគេជះទឹកដាក់ “មិត្តភក្តិមិនអាចនៅឬធ្វើការជាមួយយើងរហូតទេ នៅថ្ងៃណាមួយដែលគេរកឃើញគោលដៅគេគង់តែចាកចេញពីយើងដូចគ្នា គ្រាន់តែមិនដឹងថាយើងចេញមុនឬគេចេញមុន” មួយឃ្លានេះរឹតតែធ្វើឲខ្ញុំក្លាហានក្នុងការធ្វើអីដោយម្នាក់ឯង ជាចុងបញ្ចប់រឿងមួយនេះក៏បានបញ្ចប់ទៅដោយសុភមង្គលហើយខ្ញុំក៏បានយល់ថាយើងជាតួអង្គឯកក្នុងខ្សែជីវិតផ្ទាល់ខ្លួនរបស់យើង ហើយយើងក៏ជាអ្នកតាក់តែងវាឡើងដូចគ្នា

ការបកស្រាយខ្លឹមសារក្របសៀវភៅមុនបោះពុម្ព

ខាងក្រោមនេះជាការបកស្រាយនូវខ្លឹមសារនៃក្របសៀវភៅ “ជាអ្នកធ្វើការ” មុនធ្វើការបោះពុម្ព ពីប្អូនស្រី Ah Sinan

ជាដំបូង ខ្ញុំសុំអធ្យាស្រ័យសម្រាប់ការយករូបមកផុសដោយមិនទាន់មានការអនុញ្ញាតិពីម្ចាស់ដើម

សៀវភៅ #ជាអ្នកធ្វើការ ជាស្នាដៃថ្មីរបស់បងស្រី រតនា បងស្រីបានប្រកាសជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន

តាមការសង្កេត និងអានអត្ថន័យខ្លះៗតាមដែលបងស្រីបង្ហាញតាមការផុសបង្ហោះ ខ្ញុំគិតថា
+ ពណ៌បៃតង ប្រែថាពន្លឺនៃភាពស្រស់ស្អាត
+ ពណ៌ផ្ទៃមេឃ មានន័យថា ភាពល្វឹងល្វើយដូចវេហា
+ កាហ្វេខ្មៅ សំដៅលើ រសជាតិជីវិត ។ រសជាតិល្វីងនៅក្នុងមាត់ បង្កប់ភាពផ្អែមពេលធ្លាក់ដល់បំពង់ក

អត្ថន័យរួម => បើកចិត្តសំឡឹងទៅមុខឲ្យបានធំទូលាយដូចវេហា តស៊ូទ្រាំទ្រនឹងភាពលំបាកនៅថ្ងៃនេះ ដើម្បីភាពស្រស់ស្អាតនៃជីវិតក្នុងថ្ងៃអនាគត

នេះជាការយល់ឃើញរបស់ខ្ញុំ បើមានកំហុសឆ្គងសង្ឃឹមថាមិនប្រកាន់ទោសពៃរ៍

ពីប្អូនស្រី Krel Kimleang សំណោកអនុស្សាវរីយ៍ Book’s Review

ក្រោយពីអានសៀវភៅនេះចប់ហាក់ដូចជាមានអ្វីជំរុញឲ្យខ្ញុំចង់សរសេរពាក្យពេចន៍មួយចំនួននេះឡើង។ ខ្ញុំមិនដឹងថាគួរពិពណ៌នាអារម្មណ៍ខ្លួនឯងយ៉ាងមិចទេ ដឹងត្រឹមថាបេះដូងពណ៌ត្របែកព្រៃរបស់បងរតនាមួយនេះបានឆក់យកបេះដូងខ្ញុំម្ដងទៀតហើយ។

ពេលដែលខ្ញុំចាប់ផ្ដើមបើកសៀវភៅនេះអានពីមួយទំព័រទៅមួយទំព័រមានឃ្លាមួយចំនួនបានជ្រៀតចូលទាំងខួរក្បាល ទាំងបេះដូងរបស់ខ្ញុំ។

រសជាតិជីវិតថ្មីនៅក្នុងស្នាដៃទី៣របស់បង អ្នកនិពន្ធរតនា (ហ៊ឹហ៊ឹ! ពិបាកនិយាយ! គឺនិយាយមិនត្រូវតែម្ដង)។

ជីវិតដែលរស់នៅក្នុងសំណោកអនុស្សាវរីយ៍ពិតជាឈឺចាប់ណាស់! ឯកាបំផុត! ហើយបានបន្សល់ទុកនូវវិប្បដិសារីដ៏ធំក្នុងជីវិតតួអង្គពីរនាក់(វិសេសនិងណារ័ត្ន)។

ជិវិត! ឲ្យតែអាចរស់នៅ គឺអាចដើរទៅមុខបានរហូត តែអាចដើរទៅជាមួយវិប្បដិសារី ឬសុភមង្គលបរិសុទ្ធវាអាស្រ័យលើភាពម៉ត់ចត់របស់អ្នកហើយ!

ដោយសារតែខ្ញុំមានការឈឺចាប់ក៏មិនតិចជាងតួអង្គដែរ អីចឹងសូមអស់វាចាតែត្រឹមនេះចុះ!

ស្រលាញ់និងគាំទ្រគ្រប់ស្នាដៃរបស់បង

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=460673404817783&set=a.117901385761655&type=3&theater

សំណោកអនុស្សាវរីយ៍ ពីប្អូនប្រុសធឿនវុទ្ធី Book’s Review

ផ្ដើមដោយសំណេរអក្ខរាឆ្លើយឆ្លងគ្នា ក្នុងសម័យគ.ស ២០០៣ បានត្រដាងពីភ្លើងស្នេហាសារភាព រវាងនាងក្រមុំឆោមស្រស់ល្អ ដែលហ៊ានរំលងវប្បធម៌អៀនខ្មាស សរសេរសំបុត្រផ្ញើទៅកាន់នាយកំលោះមានឋានៈជាមិត្តសម្លាញ់ម្នាក់ ក្រោមខ្លឹមសារនៃពាក្យថា “ខ្ញុំបាក់ចិត្តទៅលើអ្នក! ខ្ញុំស្រឡាញ់អ្នក”។

ឱអនិច្ចាអក្ខរាអប្រិយ! ក្រោយទទួលបានសំបុត្រត្រលប់ សបញ្ជាក់ពីការបដិសេធទឹកចិត្តស្មោះស្ម័គ្ររបស់ស្ងួនក្រមុំហើយ នាងបានសម្ពាយនូវក្ដីអៀនខ្មាសជាពន់ពេក លែងហ៊ានប្រឈមមុខនឹងគេ ស៊ូទ្រាំលាក់ខ្លួនក្នុងដែនងងឹត សង្ឃឹមថាខ្លួនអាចនឹងបំភ្លេចរូបកំលោះនោះបាន។ កាន់តែព្យាយាម ក៏កាន់តែមិនអាច! បេះដូងស្រែកសួរពីចម្ងាយ តើនាយធ្លាប់នឹកគិតដល់នួននារី ដែលស្រឡាញ់អ្នកដោយស្មោះម្នាក់នេះដែរទេ?

រងើកស្នេហាយុវជំទង់ក្មេងខ្ជី បានចាប់រង្គោះរង្គើរឡើងជាថ្មីម្ដងទៀត ក្រោយវាចាអក្ខរាសំបុត្ររបស់អ្នកកំលោះ បង្ហាញនួននាងយ៉ាងច្បាស់ថា “ខ្ញុំនឹកអ្នកគ្រប់ពេល! ប្រសិនបើខ្ញុំទុកអ្នកគ្រាន់តែជាមិត្ត ហេតុអ្វីចិត្តខ្ញុំត្រូវគិតខ្វល់ខ្វាយពីអ្នកដល់ម្លឹង? តាមពិតខ្ញុំក៏ស្រឡាញ់អ្នក ហើយក៏ស្រឡាញ់ជាយូរមកហើយដែរ”។ ក្ដីរំភើបមួយដែលមានមិនដល់ប៉ុន្មានថ្ងៃនោះ ក៏ក្លាយជាទុក្ខញ៉ាំញីចិន្តានាយកំលោះ ក្រោយបានទទួលសំបុត្រដែលបានបញ្ជាក់យ៉ាងច្បាស់ថា នាងត្រូវឃ្លាតឆ្ងាយ ក្នុងវេលាដ៏ខ្លីខាងមុខនេះហើយ។

ស្នេហាតាមសំបុត្រ ពិតមិនសមប្រកប ចុងក្រោយសុំត្រឹមតែជូនដំណើរឡើងយន្តហោះក៏អស់ចិត្ត បើទោះបីនួននារីមិនព្រមទទួលការសណ្ដោសប្រណី ធ្វើជាគូសង្សារក៏ដោយចុះ។ ឱ! ស្នេហា! បើមិនឆ្លងកាត់ឧបសគ្គខ្លះ វាគ្មានន័យអ្វីទេ តើពិតមែនទេ?

ឆាកនិទានសំបុត្រឆ្លងឆ្លើយ បានបញ្ជប់ទៅហើយ នៅឡើយដំណើររឿងរកាំរកូស មិនសមបំណងអ្នកអានអ្វីបន្តិចសោះ។ ប្រណីឲ្យអ្នកទាំងពីរជួបគ្នា មិនបានទេមែនទេ? ខ្ញុំសួរថា មិនបានទេឬអី? មែនហើយ! អ្នកនិពន្ធពិតជាចិត្តដាច់ណាស់។

សំណោកអនុស្សាវរីយ៍ ត្រដាងយ៉ាងច្បាស់ ថាអ្នកនិពន្ធគិតបែបណា ប្រសិនបើមានគូស្រករ ដែលតោងជាប់ស្អិតដោយអតីតកាល។ ព្រមទម្លាក់អំរែកនោះចោលបានទេ? ព្រមប្រគល់បេះដូងម្ខាងទៀតនោះ មកឲ្យខ្ញុំបានទេ?

សាច់រឿងបានច្រានអារម្មណ៍អ្នកអាន ញែកលែងដាច់ រវាងមនុស្សដែលយើងបានបាក់ចិត្តស្រឡាញ់អស់កាលជាយូរ ជាមួយនឹងមនុស្សដែលយើងបានសម្រេចចិត្ត សាងគ្រួសារជាមួយគ្នារួចទៅហើយ។ បើមានអំរែកសាកសពស្នេហាបែបនេះមែន ស្នាមញញឹមក្លែងក្លាយនោះ មិនសមនឹងប្រើជាមួយកូនយើងទេ។

ប៉ុន្មានវគ្គចុងក្រោយនៃឆាកនិទាននេះ សម្ដីអ្នកនិពន្ធពិតជាមុតស្រួច ចាក់ចំកណ្ដាលចំណុចរសើបរបស់គូស្វាមីភរិយាណា ដែលមានកូនចិត្ត នឹកគិតពីអតីតសង្សារ។ តើការរៀបការរបស់ពួកយើង គ្រាន់តែជាការបំភ្លេចសំណោកអនុស្សាវរីយ៍នោះ ឬយ៉ាងណា? តើវត្តមានរបស់ខ្ញុំ ជាចំណែកលើសនៃសាកសពស្នេហាមួយនោះមែនទេ?

និទានស្នេហារវាងអ្នកកំលោះ វិសេស ជាមួយនាងក្រមុំ ណារ័ត្ន ស្ថិតក្នុងសៀវភៅក្របពណ៌ស្វាយ ស្នាដៃ អ្នកនិពន្ធរតនា ចូលមកអន្ទោងអារម្មណ៍អ្នកអាន ឲ្យញញឹម លាយឡំទឹកភ្នែក នាំមកជូនជាពិសេសសម្រាប់អ្នកដែលមានអតីតកាលស្នេហា មិនទាន់ដាច់ស្រលះ។

យើងពិតជាអាចនឹកគិតពីអតីតកាលបាន តែយើងត្រលប់ទៅកាន់អតីតកាលម្ដងទៀតមិនបានឡើយ។

#សំណោកអនុស្សាវរីយ៍
#អ្នកនិពន្ធរតនា
Review – ធឿន វុទ្ធី (អត្ថបទរក្សាសិទ្ធិ)