រាត្រីស្ងាត់សូន្យគ្មានចន្រ្ទា ផ្កាយរះជុំគ្នាជះពន្លឺ
ឈរមាត់បង្អួតគួចចិត្តឈឺ ចិត្តនៅដឹងឮរឿងចាស់ៗ។
អនុស្សាវរីយ៍ស្នេហាខ្ញុំ នៅដក់អារម្មណ៍ឈឺខ្លះៗ
ទោះស្នេហ៍នោះចប់យូរយារណាស់ ចិត្តមិនទាន់ផ្លាស់នៅស្រលាញ់។
ម្តងៗលួចបន្ទោសខ្លួនឯង មិនគួរចំបែងឆាប់ចុះចាញ់
ព្រមចោលស្នេហាដែលពេញក្នាញ់ ឱ្យចិត្តត្របាញ់ដោយទុក្ខសោក។
គ្រប់យ៉ាងចប់ហើយនៅតែស្តាយ ស្នេហាយើងក្លាយជាសំណោក
ព្រោះតែទេវតាមិនយល់យោគ ទឹកភ្នែកហូរជោគជន់នេត្រា។
មេឃខ្មៅពេញដាបបាត់ដួងផ្តាយ ដូចពេលអូនឆ្ងាយប្រុសរៀមរ៉ា
មានត្រឹមបេះដូងគ្មានស្នេហា ស្រលាញ់អ្នកណាក៏មិនបាន។
ព្យាយាមរឹងមាំដោយគ្មានថ្លៃ ទទួលស្នេហ៍ថ្មីរស់ឱ្យក្សាន្ត
មិនយូរប៉ុន្មានក៏គ្រាំគ្រា អារម្មណ៍យំទាររកបវរ។
ជឿដែរថាបែកមិនអាចជួប មិនអាចបង្រួបស្នេហ៍បន្ត
បើទោះបេះដូងនៅស្មោះស ចិត្តល្អក់កករអស់ទៅហើយ។
ទោះគ្រាមុនយើងធ្លាប់នែបនិត្យ ប៉ុន្តែការពិតមិនអាចឡើយ
សល់ឈ្មោះអតីតឈឺឥតស្បើយ គ្មានផ្លូវបកក្រោយស្នេហ៍ដូចមុន។
ចិត្តនៅមិនទាន់ស្តាប់បញ្ជា សុំនឹកពុំងារាល់យប់យន់
មិនអន្ទងបងឱ្យចិត្តទន់ ដឹងអូនអស់មន្តទាក់ចិត្តថ្លៃ។
នឹកបងម្នាក់ឯងទេកល្យាណ មុនកាត់ចិត្តបានណាចរណៃ
ពេលអស់ស្នេហ៍បងពីហឫទ័យ មិននឹកនាថ្លៃទៀតឡើយណា។
យប់កាន់តែជ្រៅមេឃប្រែភ្លឺ ចិត្តប្រែស្បើយឈឺពីទុក្ខា
ឈរគន់ដួងផ្កាយអមច័ន្ទថ្លា លាក់ទុក្ខស្នេហាមួយអន្លឺ។
សម្រស់រាត្រីមិនណាយមើល តែភ្នែកបែកសឺទន់ត្របក
យប់ស្អាតយ៉ាងណាក៏ត្រូវដក នាំកាយសម្បកចូលនិន្ទ្រា។
អធ្រាត្រឆ្លងថ្ងៃហើយពុំងា សូមនឹកស្ងួនភ្ងាត្រឹមម៉ោងហ្នឹង
បើសិនយប់ស្អែកចិត្តនៅរឹង សូមនឹកព្រលឹងដូចធម្មតា។
បើភ្ញាក់ពីគេងអស់ស្នេហា ពាក្យដែលសន្យានឹងធ្វើហើយ
មិននឹករូបបងទៀតសោះឡើយ ម្ល៉េះអូននឹងស្បើយអស់ទុក្ខា។
កំណាព្យអ្នកនិពន្ធរតនា
អាធ្រាត ១៩ កញ្ញា ២០១៩