ធ្វើយ៉ាងណាដើម្បីឱ្យបានក្លាយជាអ្នកនិពន្ធ?

អ្នកនិពន្ធគេខ្ញុំមិនដឹងទេ តែអ្នកនិពន្ធបែបខ្ញុំនេះវាកើតចេញពីការសរសេរ។ ខ្ញុំចូលចិត្តការអានតិចជាងចូលចិត្តការសរសេរ។

ខ្ញុំធំនៅសម័យបច្ចេកវិទ្យាក្រដាសនិងប៊ិច កាលខ្ញុំនៅរៀនអត់មានទូរស័ព្ទកាន់ទេ ដូច្នេះពេលទំនេររបស់ក្មេងជំនាន់ខ្ញុំមានតែការសរសេរនិងអាន។ ខ្ញុំចូលចិត្តសរសេរពីការស្រមើលស្រមៃរបស់ខ្លួនឯង ធំឡើងចង់ធ្វើអី ហើយពេលបច្ចុប្បន្នត្រូវការអ្វីខ្លះដើម្បីដើរឱ្យត្រូវផ្លូវដែលចង់ទៅ។

ពេលខ្លះខ្ញុំសរសេរពីរឿងដែលខ្ញុំឆ្ងល់ ពេលខ្លះខ្ញុំសរសេររាយនាមរបស់ដែលខ្ញុំចង់បានមិនថាប៊ិចសៀវភៅថ្មីៗ ឬសម្លៀកបំពាក់ និងគ្រឿងតុបតែងថ្មីៗ ពេលខ្លះខ្ញុំរៀបរាប់ពីមិត្តភាពមួយដែលខ្ញុំស្រលាញ់។ មានពេលខ្លះខ្ញុំរៀនតែងចម្រៀងនិងកំណាព្យ កាលនោះខ្ញុំទើបតែអាយុ១៥ ១៦ឆ្នាំទេ។

តែក្រៅពីកំណាព្យនិងបទចម្រៀង ខ្ញុំសរសេរអីមិនដែលចប់ទេខ្ញុំមិនដឹងថាអត្ថបទឬប្រលោមលោកគេសរសេរយ៉ាងម៉េចទេ។

ខ្ញុំធ្លាប់មិនស្កប់ស្កល់ពីអ្វីដែលអ្នកនិពន្ធបានសរសេរ ខ្ញុំធ្លាប់សួរខ្លួនឯងចុះម៉េចមិនធ្វើអ្នកនិពន្ធទៅ ពេលនោះខ្ញុំនឹងអាចសេរសេរពីអ្វីដែលខ្ញុំចង់ឱ្យអ្នកនិពន្ធសរសេរហើយ!

ហើយខ្ញុំក៏មិននឹកស្មានថាសំណួរមួយនេះវាលោតមកឱ្យខ្ញុំសួរខ្លួនឯងម្តងទៀតកាលពីប៉ុន្មានឆ្នាំមុននេះ ពេលដែលខ្ញុំបញ្ចប់ការសរសេរប្រលោមលោកវិថីជីវិត។

ចង់ធ្វើជាអ្នកនិពន្ធត្រូវធ្វើយ៉ាងម៉េច? គ្រាន់តែសរសេររឿងឱ្យចប់មួយរឿងបានក្លាយជាអ្នកនិពន្ធហើយ!

ចង់ឱ្យស្នាដៃចេញរូបរាងធ្វើយ៉ាងម៉េច? បោះពុម្ពហើយចែកចាយទៅ គឺវាបានហើយ!!

ឈប់ស្ទាក់ស្ទើទៅ! ទាន់ឱកាសមកដល់ត្រូវតែខំចាប់យកឱ្យបាន។

#គន្លឹះនិពន្ធរបស់អ្នកនិពន្ធរតនា

សរសេរចប់មួយរឿងតែមិនដឹងធ្វើម៉េចឱ្យចេញជាសៀវភៅបាន?

ព្រោះតែរឿងនេះទើបខ្ញុំខកដល់តែ៤ឆ្នាំក្នុងការចេញប្រលោមលោកវិថីជីវិត។ ដូច្នេះខ្ញុំក៏មិនចង់ឱ្យមាននរណាខកខានពេលវេលាដូចខ្ញុំដែរ។

សរសេរឿងចប់ហើយ ចង់បោះពុម្ពជាសៀវភៅមិនពិបាកទេ នេះជាប៉ុន្មានចំណុចដែលលខ្ញុំអាចចែករំលែក៖

  • រកអ្នកចេះដឹងម្នាក់ជួយអាននិងកែលម្អរសាច់រឿង
  • រកអ្នកពូកែអក្ខរាវារុទ្ធម្នាក់ជួយកែសម្រួល
  • ជ្រើសរើសទំហំសៀវភៅ
  • រៀបទំព័រសៀវភៅ រចនាក្រប
  • ស្នើរសុំសិទ្ធបោះពុម្ព
  • ស្នើរសុំកម្មសិទ្ធបញ្ហា
  • ជ្រើសរើសប្រភេទក្រដាសនិងរកតម្លៃបោះពុម្ពពីរោងពុម្ព។

តែប៉ុណ្ណឹងទេ! អ្នកដែលមានរឿងសរសេរចប់ហើយមិនពិបាកស្រមៃយូរក្នុងប្រសូត្ររូបរាងស្នាដៃរបស់អ្នកឡើយ។

#គន្លឹះនិពន្ធរបស់អ្នកនិពន្ធរតនា

Tipsខ្លះៗជួយបង្ហាញក្នុងការសរសេរអត្ថបទមួយឱ្យសម្រេចបាន

ចង់សរសេរអត្ថបទមួយឱ្យសម្រេចបានគួរណាអ្នកត្រូវដឹងថាអ្នកចង់សរសេរពីអ្វី? ចង់បានការចាប់ផ្តើម និងបញ្ចប់បែបណា? ត្រូវប្រើអារម្មណ៍ឆ្ពោះទៅរកហេតុការ ឬហេតុផលមួយនោះជាមុនសិន មុនចាប់ផ្តើមរៀបរាប់អ្វីដែលអ្នកចង់សរសេរឱ្យទៅជាអត្ថបទមួយ។

ប្រសិនបើអ្នកចង់និយាយពីអារម្មណ៍បែបណាមួយ ត្រូវសិក្សាឱ្យដឹងថាតើអារម្មណ៍បែបនោះមានឥទ្ធិពលយ៉ាងណាចំពោះអ្នកទទួលបានសិន។

ប្រសិនបើអ្នកចង់និយាយពីវត្ថុ ឬស្ថានការណ៍អ្វីមួយក៏ដូចគ្នា គប្បីអ្នកសិក្សារឬបានយល់ខ្លះៗជាមុនសិនចាំចាប់ផ្តើមសរសេរ។

ការជ្រើសរើសពាក្យ និងការរៀបចំជាឃ្លោងឃ្លាជាធាតុផ្សំមួយដែលជួយឱ្យអត្ថបទរបស់អ្នកមានរសជាតិបំផុត។

ពេលដែលអ្នកចាប់ផ្តើមតាក់តែងអត្ថបទ រឿងមួយដែលអ្នកត្រូវធ្វើ គឺចិត្តស្ងប់!

គន្លឹះនិពន្ធរបស់អ្នកនិពន្ធរតនា