ទឹកភ្នែកពីរតំណក់ហូរកាត់ថ្ពាល់
ពេលដែលខ្ញុំព្រមទទួលស្គាល់អារម្មណ៍ស្ងប់ស្ងៀមខាងក្នុងរបស់ខ្លួនឯង។
ខ្ញុំចង់រកមិត្តណាម្នាក់មកសួរពីអារម្មណ៍ខាងក្នុងរបស់គាត់
ចង់សួរទៅនរណាម្នាក់ដែលព្រមបើកចិត្តស្តាប់
និងនិយាយពីអារម្មណ៍ពិតជាមួយខ្ញុំ។
ពេលនោះខ្ញុំក៏នឹកឃើញមនុស្សម្នាក់
ក្នុងចិត្តរបស់ខ្ញុំ ស្រមៃថាគាត់កំពុងនៅទល់មុខ ខ្ញុំសួរគាត់ថា
តើគាត់សង្កត់អារម្មណ៍ដែលពិបាកចិត្តខ្លាំងដោយវិធីណា? តើរឿងដែលគាត់ថាពិបាកចិត្តនោះវាធំធេងប៉ុនណាទៅ?
ខ្ញុំចង់យកបញ្ហារបស់គាត់មកប្រៀបធៀបនឹងបញ្ហារបស់ខ្ញុំ
ខ្ញុំចង់ដឹងថាតើព្រហ្មលិខិតលម្អៀងទៅខាងណាជាង?
ច្រើនថ្ងៃមកហើយដែលខ្ញុំមិនទាន់បានសម្រាកសោះ
រឿងហេតុផ្ទួនៗរត់មករកខ្ញុំ ក្តីស្រមៃ ទំនួលខុសត្រូវ បញ្ហា មិត្តភាព គ្រួសារនិងស្នេហា…
ហេតុអ្វីក៏គ្រប់បែបយ៉ាងត្រូវតែរត់មកបន្តកន្ទុយគ្នា
វាយដំផ្លូវចិត្តដ៏គួរឲ្យអាណិតអាសូររបស់ខ្ញុំយ៉ាងនេះ?
ខ្ញុំទទួលអារម្មណ៍ថា
មិត្តរបស់ខ្ញុំកំពុងសម្លឹងមកខ្ញុំដោយកែវភ្នែកដែលយល់ចិត្តខ្ញុំបំផុត។
ទឹកភ្នែកពីរតំណក់ស្រក់ចុះមកម្តងទៀត
ខ្ញុំជូតចេញពីផ្ទៃមុខថ្នមៗ ដាស់ខ្លួនឯងឲ្យភ្ញាក់ពីក្តីស្រមៃ។
មនុស្សដែលខ្ញុំចង់ជួប ក៏ជួបរួចហើយ
ពាក្យដែលខ្ញុំចង់និយាយ ក៏និយាយរួចហើយ
ដោយការពិតមិនចាំបាច់រំខាននរណាឡើយ
មនុស្សដែលស្រលាញ់ខ្ញុំមិនចាំបាច់បារម្ភពីខ្ញុំនោះទេ។
ខ្ញុំបន្ធូរអារម្មណ៍ខ្លួនឯងរួចហើយ ដោយវិធីនេះ។
ជូតទឹកភ្នែកស្ងួតហើយ ខ្ញុំនៅតែជាខ្ញុំដែលរឹងមាំដដែល។
បញ្ហាទាំងប៉ុន្មានដែលហ៊ានរត់មករកខ្ញុំ ខ្ញុំក៏ហ៊ានប្រឈមដូចគ្នា។
ខ្ញុំជឿ! មួយជីវិតមនុស្សម្នាក់ៗ មានរឿងច្រើនណាស់ត្រូវធ្វើ
រឿងខ្លះលំបាកបន្តិច តែមិនមែនជាបញ្ហាទេ
អស់ពីរឿងមួយ យើងនឹងជួបរឿងមួយទៀត
នេះហើយជាជីវិត បើដង្ហើមនៅតែមាន យើងនៅតែមានឱកាសបានជួបរឿងជាច្រើនទៀត។
សម្រួលអារម្មណ៍! កុំដាក់សម្ពាធលើខ្លួនឯងពេក
សម្លឹងទៅពិភពលោកដោយភាពវិជ្ជមាន
បើដង្ហើមនៅតែមាន ខ្ញុំនឹងនៅតែរស់រឹងមាំបែបនេះរហូត..
នេះហើយជាជីវិត
ទឹកភ្នែកពីរតំណក់ហូរកាត់ថ្ពាល់
ពេលដែលខ្ញុំព្រមទទួលស្គាល់អារម្មណ៍ស្ងប់ស្ងៀមខាងក្នុងរបស់ខ្លួនឯង។
ខ្ញុំចង់រកមិត្តណាម្នាក់មកសួរពីអារម្មណ៍ខាងក្នុងរបស់គាត់
ចង់សួរទៅនរណាម្នាក់ដែលព្រមបើកចិត្តស្តាប់
និងនិយាយពីអារម្មណ៍ពិតជាមួយខ្ញុំ។
ពេលនោះខ្ញុំក៏នឹកឃើញមនុស្សម្នាក់
ក្នុងចិត្តរបស់ខ្ញុំ ស្រមៃថាគាត់កំពុងនៅទល់មុខ ខ្ញុំសួរគាត់ថា
តើគាត់សង្កត់អារម្មណ៍ដែលពិបាកចិត្តខ្លាំងដោយវិធីណា? តើរឿងដែលគាត់ថាពិបាកចិត្តនោះវាធំធេងប៉ុនណាទៅ?
ខ្ញុំចង់យកបញ្ហារបស់គាត់មកប្រៀបធៀបនឹងបញ្ហារបស់ខ្ញុំ
ខ្ញុំចង់ដឹងថាតើព្រហ្មលិខិតលម្អៀងទៅខាងណាជាង?
ច្រើនថ្ងៃមកហើយដែលខ្ញុំមិនទាន់បានសម្រាកសោះ
រឿងហេតុផ្ទួនៗរត់មករកខ្ញុំ ក្តីស្រមៃ ទំនួលខុសត្រូវ បញ្ហា មិត្តភាព គ្រួសារនិងស្នេហា…
ហេតុអ្វីក៏គ្រប់បែបយ៉ាងត្រូវតែរត់មកបន្តកន្ទុយគ្នា
វាយដំផ្លូវចិត្តដ៏គួរឲ្យអាណិតអាសូររបស់ខ្ញុំយ៉ាងនេះ?
ខ្ញុំទទួលអារម្មណ៍ថា
មិត្តរបស់ខ្ញុំកំពុងសម្លឹងមកខ្ញុំដោយកែវភ្នែកដែលយល់ចិត្តខ្ញុំបំផុត។
ទឹកភ្នែកពីរតំណក់ស្រក់ចុះមកម្តងទៀត
ខ្ញុំជូតចេញពីផ្ទៃមុខថ្នមៗ ដាស់ខ្លួនឯងឲ្យភ្ញាក់ពីក្តីស្រមៃ។
មនុស្សដែលខ្ញុំចង់ជួប ក៏ជួបរួចហើយ
ពាក្យដែលខ្ញុំចង់និយាយ ក៏និយាយរួចហើយ
ដោយការពិតមិនចាំបាច់រំខាននរណាឡើយ
មនុស្សដែលស្រលាញ់ខ្ញុំមិនចាំបាច់បារម្ភពីខ្ញុំនោះទេ។
ខ្ញុំបន្ធូរអារម្មណ៍ខ្លួនឯងរួចហើយ ដោយវិធីនេះ។
ជូតទឹកភ្នែកស្ងួតហើយ ខ្ញុំនៅតែជាខ្ញុំដែលរឹងមាំដដែល។
បញ្ហាទាំងប៉ុន្មានដែលហ៊ានរត់មករកខ្ញុំ ខ្ញុំក៏ហ៊ានប្រឈមដូចគ្នា។
ខ្ញុំជឿ! មួយជីវិតមនុស្សម្នាក់ៗ មានរឿងច្រើនណាស់ត្រូវធ្វើ
រឿងខ្លះលំបាកបន្តិច តែមិនមែនជាបញ្ហាទេ
អស់ពីរឿងមួយ យើងនឹងជួបរឿងមួយទៀត
នេះហើយជាជីវិត បើដង្ហើមនៅតែមាន យើងនៅតែមានឱកាសបានជួបរឿងជាច្រើនទៀត។
សម្រួលអារម្មណ៍! កុំដាក់សម្ពាធលើខ្លួនឯងពេក
សម្លឹងទៅពិភពលោកដោយភាពវិជ្ជមាន
បើដង្ហើមនៅតែមាន ខ្ញុំនឹងនៅតែរស់រឹងមាំបែបនេះរហូត..
ព្រះនាងនិងព្រះអង្គម្ចាស់
ព្រះនាងនិងព្រះអង្គម្ចាស់
ស្តាប់ហើយស្រមៃដល់ជីវិតស្រស់ស្អាតមួយ
ដែលរស់នៅដោយទទួលការថ្នមថ្នាក់ ខ្វល់ខ្វាយ យកចិត្តយកថ្លើម។
ឱ! បើនរណាបានជីវិតបែបនេះមិនដឹងល្អយ៉ាងណាទេ!
ការថ្នាក់ថ្នមដូចជាព្រះនាង ឬព្រះអង្គម្ចាស់
វានឹងបានមកពីមនុស្សដែលស្រលាញ់អ្នកតែប៉ុណ្ណោះ ម្នាក់នោះអាចជាមនុស្សក្នុងគ្រួសារ
ដៃគូស្នេហា ឬមិត្តដែលកម្រ។
ការស្រលាញ់ថ្នាក់ថ្នមបែបនេះ បើបានហើយឲ្យខំថែ
តែបើមិនបានទេ កុំខំទាមទារអី។
ចូរកុំតាំងខ្លួនជាព្រះអង្គម្ចាស់ ឬព្រះនាងចំពោះមនុស្សគ្រប់គ្នាអី។
ព្រោះឋានៈទាំងពីរនេះវាខ្ពង់ខ្ពស់ណាស់ក្នុងការយកមករាប់អានមនុស្សធម្មតា
អ្នកដែលមិនបានតាំងចិត្តជាអាមាត្យឬភិលាងរបស់អ្នក នឹងមិនសប្បាយចិត្តក្នុងការប្រណិប័តន៍អ្នកទេ។
ប៉ុន្តែប្រសិនបើអ្នកតែងតែអាចទទួលបានការប្រណិប័តន៍បែបនេះពីមនុស្សដែលអ្នកជួប
សូមឲ្យអ្នកមានស្មារតីប្រុងប្រយ័ត្នឲ្យបានច្រើន
ព្រោះថាភាពជាព្រះនាងឬព្រះអង្គម្ចាស់របស់អ្នកនេះ
បានមកពីការខំឲ្យប្រយោជន៍ឬអង្វរសូមសេចក្តីអាណិតអ្វីមួយពីគេតែប៉ុណ្ណោះ។
ចូររស់នៅក្នុងពិភពពិតប្រាកដ ទើបអ្នកនឹងមិនសូវជួបមនុស្សបោកបញ្ឆោត
ចូររស់នៅដោយរឹងមាំ ទើបមិនរំខានមនុស្សដែលស្រលាញ់មកអាណិតអ្នក។
ដង្ហើម
ដឹងទេ? ដង្ហើមដែលដករាល់ថ្ងៃមិនមែនដើម្បីតែរស់នៅទេ។
ដកដង្ហើមរាល់ថ្ងៃគឺដើម្បីរឿងសំខាន់បី។
ជីវិតគឺជាការទទួលខុសត្រូវដង្ហើមដែលខំដកចេញចូលគ្រប់វិនាទី
គឺដើម្បីទទួលខុសត្រូវចំពោះរាងកាយមួយដែលកំដរអ្នកតាំងពីចាប់កំណើត
រហូតដល់ថ្ងៃដែលពេលវេលាយកអ្នកចេញពីផែនដី។
ព្រោះតែការទទួលខុសត្រូវមួយនេះ ទើបអ្នកខំធ្វើរឿងជាច្រើន យំសើច
សប្បាយកើតទុក្ខ សាងក្តីស្រមៃ និងសាងសុភមង្គលឲ្យរាងកាយមួយនេះរហូតមក។
ព្រោះតែការរស់នៅត្រូវការការប្រាស្រ័យ
ទើបមនុស្សតែងសាងគុណឲ្យគ្នាទៅមកជាបន្ត។
ចាប់កំណើតភ្លាមអ្នកបានជំពាក់គុណមាតាបិតារបស់អ្នកហើយ
ទម្រាំជីវិតដើរដល់វិថីមួយដែលអ្នកចង់មកដល់
មិនដឹងអ្នកបានទទួលគុណពីមនុស្សប៉ុន្មាននាក់។ ព្រោះតែមនុស្សតែងតែមានភាពល្អនៅខាងក្នុង
អ្នកក៏តែងធ្វើការចែករំលែកដល់មនុស្សឯទៀតបន្ទាប់ពីភាពរឹងមាំរបស់អ្នកក្នុងលក្ខណៈណាមួយ។
ព្រោះតែមនុស្សរស់នៅជាមួយក្តីស្រលាញ់ ការចងចាំ
ទើបមនុស្សតែងតែចង់សាងអនុស្សាវរីយ៍ល្អនៅលើផែនដី ដើម្បីឲ្យមនុស្សដែលរស់នៅបន្ត
បានចងចាំអ្នកមុនពេលដែលអ្នកត្រូវចាកចេញពីផែនដី។
ទំនួលខុសត្រូវ គុណធម៌ អនុស្សាវរីយ៍
ជាហេតុផលដែលអ្នកត្រូវដកដង្ហើមរាល់ថ្ងៃនេះ។
ដកដង្ហើមរាល់ថ្ងៃកុំភ្លេចសួរខ្លួនឯងផង ថ្ងៃនេះបានធ្វើអីខ្លះហើយ?
ទឹកភ្នែក
តើអ្នកចាត់ទុកទឹកភ្នែករបស់អ្នកជាអ្វី?
ឆ្លើយសិនចាំបន្តអានណា៎!
ព្រោះតែពាក្យចាស់ថាទឹកភ្នែកមនុស្សស្រីអាចទម្លុះកំហែងចិត្តដ៏រឹងមាំរបស់មនុស្សប្រុសបាន។
ដូច្នេះមែនទេបានជាមនុស្សស្រីតែងតែបណ្តោយខ្លួនឯងឲ្យទន់ជ្រាយ
នៅចំពោះបុរសដែលនាងស្រលាញ់?
បើបុរសម្នាក់នោះស្រលាញ់នាងហើយ
តើចាំបាច់អីឲ្យនាងទៅបំបែកចិត្តរឹងមាំរបស់គាត់ទៀត?
បើគាត់មិនបានស្រលាញ់នាងទេ
តើនាងចង់បានស្នេហាដែលកើតចេញពីក្តីអាណិតនោះតើមែនទេ?
សំណួរទាំងនេះសម្រាប់តែនាងឆ្លើយប៉ុណ្ណោះ
នាងឆ្លើយដោយយោងតាមហេតុផលរបស់នាង
និងដើរតាមផ្លូវដែលនាងយល់ថាសុខទៅចុះ។
តែនាងអាចប្តូរចិត្តបាន ប្រសិនបើនាងចង់ប្តូរនិយមន័យទឹកភ្នែករបស់នាង។
ខាងក្រោមនេះជាការបកស្រាយដោយការប្រើទឹកភ្នែករបស់មនុស្សស្រី
ព្រោះតែនាងមានមនោសញ្ចេតនាជ្រាលជ្រៅពេក
នាងតែងប្រើទឹកភ្នែកជំនួសវាចា។
ព្រោះតែអារម្មណ៍ទន់ខ្សោយ ទឹកភ្នែករបស់នាងហូរដូចទឹកភ្លៀង។
តើនរណាទៅ ដែលចូលចិត្តឃើញមេឃភ្លៀងរាល់ថ្ងៃ?
មេឃភ្លៀងគឺរំខានដល់ការធ្វើដំណើរខ្លាំងណាស់
ពិតណាស់ពេលខ្លះត្រូវការឲ្យមនុស្សចូលជ្រកភ្លៀងបន្តិចដើម្បីធ្វើដំណើរបន្ត
តែបើដឹងថាភ្លៀងមិនរាំង គ្មាននរណាសុខចិត្តជ្រកភ្លៀងមិនបន្តដំណើរនោះទេ
ពួកគាត់នឹងជម្នះធ្វើតំណើរក្រោមភ្លៀងមិនខាន។
ប្រៀបទៅនឹងភ្លៀងទឹកភ្នែករបស់នាង តើមានមនុស្សប៉ុន្មាននាក់ទៅ
ដែលព្រមអង្គុយចាំតែជូតទឹកភ្នែកឲ្យនាងដោយមិនទៅណាសោះ?
ជីវិតមនុស្សម្នាក់ៗមានកាតព្វកិច្ចត្រូវធ្វើជាច្រើន បើនាងចង់ធ្វើតែកាតព្វកិច្ចមនោសញ្ចេតនាមួយមុខ
នាងក៏ធ្វើចុះ!
តែគប្បីកុំរំខានបុរសដែលនាងស្រលាញ់ទៅបំពេញកាតព្វកិច្ចជីវិតរបស់គាត់អី
ព្រោះបើសិនជានាងនៅតែមានៈធ្វើជាភ្លៀងដែលរំខាន
គាត់នឹងជម្នះបន្តដំណើរទាំងភ្លៀងកំពុងធ្លាក់ខ្លាំងដូចគ្នា។
ប្រសិនបើនាងចេះរក្សាទឹកភ្នែកឲ្យដូចជាគ្រាប់ត្បូងគ្រីស្តាល់
តើមានមនុស្សប៉ុន្មាននាក់ទៅ
អាចមានឱកាសបានឃើញត្បូងគ្រីស្តាល់ដែលធ្លាក់ចុះពីកែវភ្នែកដ៏មានពន្លឺរបស់នាង?
តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលឃើញគ្រីស្តាល់ជ្រុះហើយមិនអើពើទៀតនោះ?
ទឹកភ្នែករបស់មនុស្សស្រីគឺមានឥទ្ធិពលណាស់
ទឹកភ្នែករបស់មនុស្សស្រីមិនមែនសម្រាប់យំសុំក្តីអាណិតនោះទេ
តែជាមន្តគ្រីស្តាល់ដែលអាចបំបែកចិត្តថ្មដារបស់មនុស្សប្រុសបាន។
កុំយំ! កុំឲ្យត្បូងគ្រីស្តាល់ក្លាយជាទឹកភ្លៀង!
មិត្តល្អ
មនុស្សកាន់តែស្និទ្ធស្នាល
កាន់តែលែងមានពាក្យល្អឲ្យគ្នា
មនុស្សកាន់តែស្និទ្ធស្នាល កាន់តែលែងមានការគោរពគ្នា
តើភាពស្និទ្ធស្នាលត្រូវបានគេហាមឃាត់មិនឲ្យប្រើពាក្យល្អដាក់គ្នាពីពេលណាមក?
ជាពិសេសបើមានម្នាក់មានភាពលេចធ្លោបន្តិចនៅក្នុងចំណោម
ម្នាក់ទៀតនឹងហៅឬបង្ហាញកាយវិការមិនគោរពចំពោះមិត្តខ្លួនឯង
ប្រហែលជាគាត់ចង់បង្ហាញមនុស្សគ្រប់គ្នាឲ្យដឹងថា
មនុស្សដែលលេចធ្លោម្នាក់នោះជាមិត្តជិតស្និទ្ធរបស់គាត់ វាអាចជាមោទកភាពហួសហេតុពេក
ឬជាការតោងភាពលេចធ្លោរបស់មិត្ត ដើម្បីឲ្យខ្លួនឯងបានអណ្តែតបន្តិចបន្តួចដែរ។
ការតាំងខ្លួនជាមិត្តជិតស្និទ្ធ ដោយមិនបានរក្សាភាពជាមិត្តល្អ
ជាការនាំអាម៉ាស់ទៅឲ្យមិត្តរបស់ខ្លួននៅក្នុងចំណោមមនុស្ស ព្រោះថា
ការដែលមកសម្តែងភាពស្និទ្ធស្នាលដោយកាយវិការ វាយទាត់ធាក់ស្រាលៗ ឬការហៅអា មឹង
ឬនាមបង្អាប់ណាមួយនោះ
គឺមិនបានជួយលើកតម្កើងឲ្យមិត្តរបស់អ្នកកាន់តែលេចធ្លោយ៉ាងពិតប្រាកដ។
រឿងបែបនេះ ពេលខ្លះមិនមែនជាចេតនា តែដោយភាពស្និទ្ធស្នាលពេក
ក៏ភ្លេចខ្លួន តែបើសិនជាយើងជាមិត្តល្អពិត
គួរព្យាយាមធ្វើយ៉ាងណាកុំឲ្យមិត្តរបស់ខ្លួនដែលកំពុងតែលេចធ្លោនោះ
ប្រែជាលិចលង់ដោយសារយើងឲ្យសោះ។
ចង់បានជីវិតបែបនេះទេ?
ជីវិតមិនចាំបាច់អស្ចារ្យពេកទេ
ត្រឹមតែសាមញ្ញៗគ្រប់គ្រាន់ហើយ។
ដឹងទេ? ជីវិតដែលសាមញ្ញគឺជាជីវិតដែលប្រសើបំផុត
បើប្រៀបធៀបទៅហ្នឹងជីវិតផ្សេងៗទៀត។
មិនចាំបាច់ដាក់បំណងប្រាថ្នាខ្ពស់ពេកទេ
មិនចាំបាច់រស់ក្នុងជីវភាពហឺហាហួសពេកដែរ
មិនចាំបាច់ត្រូវតែមានគ្រប់បែបយ៉ាងដូចដែរគេមាន ឬលើសគេឡើយ។
ជីវិតដែលមានក្តីសុខបំផុត
គឺជាជីវិតដែលរស់នៅដោយពេញប្រៀបគ្រប់បែបយ៉ាង។
បែបណាទៅដែលពេញប្រៀបគ្រប់បែបយ៉ាងនោះ?
គឺជាសេចក្តីស្កប់ស្កល់ និងការត្រៀមទុកនោះហើយ។
ស្កប់ស្កល់ អ្នកប្រហែលយល់ហើយ គឺការពេញចិត្តនូវអ្វីដែលខ្លួនមាន។
តែ តើសេចក្តីត្រៀមទុកនោះគឺបែបណាទៅ?
ស្កប់ស្កល់នឹងម៉ូតូចាស់មិនមានន័យថា នឹងមិនផ្លាស់ប្តូរថ្មីនោះទេ ដូច្នេះអ្នកត្រូវរៀបចំគ្រប់គ្រងជីវភាពឲ្យបានល្អ
ចៀសវាងកុំឲ្យជីវិតមានបញ្ហានឹងផ្នែកសេដ្ឋកិច្ចខ្លាំងពេក។
ការភ្លើតភ្លើននឹងសម្ភារៈនិយម អាហារថ្លៃ ឬចំណាយលើការកំសាន្តច្រើនជាងចំណូល
វាមិនធ្វើឲ្យជីវភាពរបស់អ្នកមានស្ថេរភាពនោះទេ វាអាចល្អមើលសម្រាប់ភ្នែកអ្នកដទៃ
តែវាជាក្តីឈឺចាប់និងភាពអៀនខ្មាសនៅក្នុងចិត្តរបស់អ្នកខ្លួនឯងទៅវិញទេ។
ការស្កប់ស្កល់នឹងសេចក្តីស្រលាញ់ដែលគេបានឲ្យ មិនមែនមានន័យថា
ត្រូវតែព្រមទទួលយកគ្រប់បែបផែនដែលគេបានឲ្យនោះទេ។
ស្រលាញ់នរណាក៏ដោយ ប្រើបេះដូងហើយកុំភ្លេចប្រើខួរក្បាលផង។
បើការស្រលាញ់នោះធ្វើឲ្យអ្នកសៅហ្មងច្រើនពេក
ចូរប្រើចិត្តដែលត្រៀមហើយនោះមកដោះស្រាយបញ្ហា
ពេលខ្លះអាចនឹងត្រូវដោះលែងគេឬខ្លួនឯងឲ្យបានឆាប់
ដើម្បីឆាប់មានឱកាសអាចទទួលឬផ្តល់ការស្រលាញ់ថ្មីទៀត។
ការស្កប់ស្កល់នឹងរូបសម្រស់ក៏មិនមានន័យថាអ្នកត្រូវបណ្តោយឲ្យគ្រប់បែបយ៉ាងកន្លងទៅតាមពេលវេលាដែរ។
បើស្រលាញ់ខ្លាំង ត្រូវថែឲ្យខ្លាំងដែរ
តែយ៉ាងណាក៏ត្រូវតែត្រៀមចិត្តទុកមុនដែរ ព្រោះថាធម្មជាតិគឺយុត្តិធម៌ណាស់
ស្អាតនៅតែស្អាត តែចាស់ក៏ត្រូវតែចាស់ដែរ 😁
ជីវិតរស់នៅបែបសាមញ្ញ សេចក្តីសុខដោយគុណភាព
ចង់បានជីវិតបែបនេះទេ?
បើសិនចង់បាន ត្រូវស៊ូសម្លាប់ចិត្តស្រាលរបស់ខ្លួនឯងរាល់ថ្ងៃ។
កុំហោះហើរតាមសង្គម កុំលិចលង់តាមមនោសញ្ចេតនា
កុំប្រាថ្នាអ្វីដែលផុតពីដៃខ្លាំងពេក
ឡើងមួយកាំហើយចាំហ៊ានប្រាថ្នាមួយកាំទៀត តែចាំណា៎! កុំលោភលន់
កែប្រែអ្វីដែលមិនល្អគឺជាការប្រសើរ តែកុំកែដើម្បីតែពាក្យសរសើរ
ដឹងហើយថាគ្មាននរណាល្អឥតខ្ចោះទេ
តែមនុស្សតែងចង់ឲ្យខ្លួនឯងល្អឲ្យបានច្រើន។
ខ្លាចខ្វះខាតពេក ធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត
ដល់ថ្នាក់បាត់បង់សូម្បីតែខ្លួនឯង។
ឧទាហរណ៍ទៅលើសម្ផស្សនារី
នាងល្អទាំងអស់តែទាស់ត្រង់ច្រមុះមិនសូវខ្ពស់។
នាងមិនចង់បានពាក្យសរសើរបែបនេះទេ នាងខំកែខៃឲ្យបានច្រមុះស្អាត។
បន្ទាប់មកនាងក៏ទទួលបានទៀត នាងល្អទាំងអស់តែទាស់ច្រមុះកែ។
ចប់ហើយពេលនេះ បែបណាក៏នៅតែមានពាក្យទាស់។
មនុស្សម្នាក់មិនដឹងប្តូរចិត្ត ប៉ុន្មានដងផង។
ចុះទម្រាំមនុស្សពេញទាំងផែនដី មិនដឹងសរុបប៉ុន្មានចិត្ត?
បើនាងគ្រាន់តែស្តាប់ហើយឲ្យវាហួសទៅ ប្រហែលវានឹងមិនពិបាកខ្លួនជាងនេះ។
អ្នកដទៃមានសិទ្ធិនិយាយ រិះគន់ វាយតម្លៃ ទៅតាមនិស្ស័យ ចរឹតរបស់គេ
ទៅតាមការស្រលាញ់ ការស្អប់របស់គេចំពោះនាង។
បើនាងមិនហត់ទេ នាងបត់បែនតាមគេរហូតចុះ
បើនាងហត់ដែរ ចូរធ្វើតែអ្វីដែរនាងគិតថាត្រូវចុះ
ត្រូវចាំហើយយល់ ថាមនុស្សគ្មាននរណាល្អឥតខ្ចោះទេ
ត្រូវព្រមទទួលយកភាពខ្វះខាតរបស់ខ្លួន
ត្រូវរៀនរស់រីករាយនឹងអ្វីដែលខ្លួនមាន
អត្ថបទនេះមិនបង្អាក់ឲ្យមានការអភិវឌ្ឍន៍ទេ
ចង់កែប្រែអ្វីដែលមិនល្អនោះគឺជាការប្រសើរ តែបើកែដើម្បីតែពាក្យសរសើរ
សូមនាងគិតជាថ្មី។
តើនាងរស់ដើម្បីនរណា ឬដើម្បីអ្វី?
ឈប់ទន់ជ្រាយទៀតទៅ!
ខ្យល់រងាមិនបានធ្វើឲ្យអ្នករីករាយទេ
បើអ្នកមិនបានឆ្លងកាត់រឿងមិនសប្បាយចិត្តពីម្សិលមិញ។
ខ្យល់រងានឹងធ្វើឲ្យអ្នកកាន់តែកំព្រាប្រសិនបើអ្នកមិនព្រមដើរទៅមុខ។
ដឹងទេ? រយៈពេលរស់នៅ
មានមិនច្រើនដូចរឿងហេតុក្នុងផែនដីនេះទេ។
ពេលវេលាតែមួយ មនុស្សច្រើនណាស់កំពុងទទួលអារម្មណ៍ ឬធ្វើរឿងផ្សេងៗគ្នា។
បើពេលនេះអ្នកមិនសប្បាយចិត្តទេ ត្រូវខំធ្វើរឿងនោះឲ្យហើយ
ដើម្បីឆាប់បានទៅចាប់យករឿងហេតុថ្មីៗដែលនឹងកើតឡើងទៀត។
រឿងថ្មីអាចធ្វើឲ្យអ្នកកាន់តែពិបាកចិត្តខ្លាំង ឬអាចធ្វើអ្នកបាន
សប្បាយចិត្តវិញ ឬអាចឲ្យអ្នកជួបនឹងអ្វីដែលរំភើបខ្លាំងទៀតផង។
ដូច្នេះហើយ រស់នៅត្រូវតែមានសង្ឃឹុុម ត្រូវតែរឹងមាំ។
កុំបារម្ភខ្លាំងពេក កុំបណ្តោយឲ្យចិត្តស្មុគខ្លាំងពេក
ដឹងទេ? ជីវិតណាក៏មិនចៀសផុតពីបញ្ហាដែរ
ប៉ុន្តែ នៅពេលដែលបញ្ហារលាយទៅ
ភ្នែកមួយគូរបស់អ្នកនឹងមើលឃើញផែនដីស្រស់ស្អាតបំផុត។
ផែនដីនេះស្រស់ស្អាតណាស់ ខ្យល់អាកាសក៏ល្អដែរ
គ្រប់ទីកន្លែងពោរពេញទៅដោយស្នាមញញឹម
គ្រប់ទីកន្លែងគួរឲ្យចង់រស់នៅណាស់។
ដោះស្រាយបញ្ហាបានហើយ អ្នកនឹងទទួលបានក្តីសុខពេញលេញ។
ឆាប់ដោះស្រាយបញ្ហារបស់អ្នកទៅ!
ឈប់ទន់ជ្រាយទៀតទៅ!
អំនួត
ពាក្យសម្តីដែលមានអំនួត
វាអាចនឹងធ្វើអ្នកអាម៉ាស់ បើសិនអំនួតនោះមិនដល់លទ្ធភាពដែលអ្នកមាន។
យ៉ាងណាបើទោះអ្នកមានគ្រប់យ៉ាង សមនឹងអំនួតហើយ ក៏គង់មានមនុស្សស្អប់ តាមផ្ចាញ់ផ្ចាលសេចក្តីអំនួតរបស់អ្នកដែរ។
អំនួតនឹងមិនត្រូវបានទទួលការសរសើរឡើយ
អំនួតនឹងនាំតែមនុស្សឲ្យស្អប់ ជិនឫកអ្នកប៉ុណ្ណោះ
សេចក្តីស្រលាញ់ និងសេចក្តីគោរព នឹងបានមកពីការដាក់ខ្លួន
ឱនលំទោនប៉ុណ្ណោះ។
បើអ្នកបានឡើងកាន់តែខ្ពស់ ចូរខំឱនឲ្យកាន់តែទាប
បើអ្នកខ្ពស់ហើយមិនចោលគុណ នោះអ្នកនឹងចម្រើនសេចក្តីស្រលាញ់ពេញចិត្ត
និងការគោរពកាន់តែស្មោះស្ម័គ្រ។
ចង់បង្ហាញពីភាពមានបាន ចូរអ្នកខំឲ្យ
ចង់បង្ហាញពីភាពខ្ពង់ខ្ពស់ ចូរអ្នកខំឱន
ត្រឹមតែការអួតក្អេងក្អាង នឹងមិននាំអ្នកទៅរកសេចក្តីស្រលាញ់
គោរពដោយមេត្រីភាពនោះទេ
គិតវិជ្ជមាន ធ្វើវិជ្ជមាន
ត្រូវប្រកែកឬទាស់សម្តីគ្នា
ត្រូវខឹងឈប់រាប់អានគ្នា ពេលខ្លះក៏ដល់ថ្នាក់ស្អប់ហើយឈ្នានីសគ្នា
សុទ្ធតែជាលទ្ធផលចេះរៀងខ្លួន។
មានមនុស្សមិនតិចនាក់ទេដែលតាំងខ្លួនជាអ្នកចេះ
វាយតម្លៃ ផ្តល់ឱវាទ ទាមទារឲ្យគេធ្វើតាមនិងជឿជាក់លើខ្លួន។
ប្រសិនបើការយល់ឃើញមិនដូចគ្នា នឹងមានការប្រកែករកត្រូវតែរៀងខ្លួន។
ខ្មាសទេ បើធ្លាប់ធ្វើចេះហើយចុងក្រោយគឺខ្លួនល្ងង់សោះ?
អ្នកអាចមើលឃើញតែជ្រុងម្ខាងនៃគំនិតមួយ ហើយមតិមួយទៀតក៏ដូចគ្នា។
ការបកស្រាយវែកញែករបស់អ្នកទាំងពីរសុទ្ធតែត្រឹមត្រូវ តែភាពត្រឹមត្រូវដែលអ្នកអះអាងឡើង
វាមិនត្រូវទៅតាមប្រធានបទមួយដែលមតិទីបីលើកឡើងឡើយ។
វាគួរឲ្យអៀនបន្តិចដែរ ប្រសិនបើថា
ការប្រកែកឲ្យគំនិតរបស់ខ្លួនទទួលបានការគាំទ្រនោះ ជាការសម្ញែងកំហុស
សម្ញែងភាពល្ងង់ខ្លៅរបស់ខ្លួនទៅវិញ។
មិនបង្អាក់ឲ្យអ្នកឈប់មានការបញ្ចេញមតិនោះទេ
គ្រាន់តែដាស់តឿនឲ្យមានការបញ្ចេញមតិដោយវិជ្ជមាន។
អ្នកបញ្ចេញមតិដោយវិជ្ជមាន នឹងមិនមានការវាយបំបាក់មតិផ្ទុយរបស់ខ្លួនឡើយ។
អ្នកបញ្ចេញមតិដោយវិជ្ជមាន
នឹងមានការសិក្សាទៅលើប្រធានបទមួយឲ្យបានច្បាស់លាស់មុនធ្វើការវែកញែក។
អ្នកគិតវិជ្ជមាន នឹងមិនខ្វល់ថាមតិរបស់គាត់ត្រូវបានទទួលការគាំទ្រ
ឬយកទៅអនុវត្តន៍ឬអត់នោះទេ សំខាន់គាត់គ្រាន់តែជឿជាក់ថា គាត់បានធ្វើរឿងល្អរួចហើយ។
គិតវិជ្ជមាន ធ្វើវិជ្ជមាន
ចិត្ត
🍃 ខ្ញុំអន់ចិត្តដែលមិត្តភក្តិខ្ញុំយកចិត្តទុកដាក់ចំពោះអ្នកផ្សេងច្រើនជាងខ្ញុំ
អន់ចិត្តដែលគាត់ចំណាយពេលឲ្យគេច្រើនជាងខ្ញុំ
អន់ចិត្តដែលឃើញគាត់លះបង់ឲ្យគេច្រើនជាងខ្ញុំ
អន់ចិត្តគ្រប់យ៉ាងព្រោះគាត់មិនបានចាត់ទុកថាខ្ញុំពិសេសដូចខ្ញុំធ្វើដាក់គាត់
ពេលដឹងថាគាត់មិនសប្បាយចិត្តខ្ញុំមិនដែលបាត់មុខ តែពេលខ្ញុំមិនសប្បាយចិត្តគាត់ក៏មិនចាប់អារម្មណ៍។🍃
តើខ្ញុំជ្រើសរាប់អានមិត្តភក្តិខុសឬ?
ផែនដីនេះគ្មានមនុស្សអាក្រក់ទាំងអស់នោះទេ រាប់អានអ្នកណាក៏មិនខុសដែរ
បើខុសគឺខុសខ្លួនឯងដែលមិនចេះគ្រប់គ្រងចិត្ត និងទាមទារហួសហេតុតែប៉ុណ្ណឹង។
គប្បីបង្រៀនចិត្តឲ្យចេះធ្វើរឿងដែលយុត្តិធម៌ និងមេត្តាធម៌។
អ្នកគួរស្រលាញ់ តបស្នងនូវអំពើល្អទាំងឡាយដែលអ្នកទទួលបានពីនរណាម្នាក់នោះឲ្យទៅគាត់វិញ។ សាកគិតទៅមើល តើមាននរណាខ្លះដែលអ្នកនឹកឃើញ ឬហុចដៃឲ្យអ្នកពេលដែលអ្នកជួបទុក្ខ? មាននរណាខ្លះតែងតែផ្តល់អ្វីដែលអ្នកចង់បាន?
ប្រសិនបើរកនឹកមិនឃើញ មិនមែនមិនមានទេ តែមកពីអ្នកមើលរំលង ហើយអ្នកក៏បានធ្វើឲ្យមនុស្សទាំងនោះទទួលអារម្មណ៍ដូចដែលអ្នកជួបនៅចំណុច 🍃 ខាងលើនោះអ៊ីចឹងដែរ។
បើសិនរកនឹកឃើញហើយថាជានរណាខ្លះ គប្បីបើកចិត្តស្រលាញ់មនុស្សទាំងនោះហើយតបគុណទៅពួកគាត់វិញផង។
រីឯមនុស្សដែលធ្វើឲ្យអ្នកជួបអារម្មណ៍នៅចំណុច🍃 ខាងលើនេះ ចូលប្រើតែចិត្តស្រលាញ់គាត់ដោយមេត្តាធម៌ចុះ។
ឲ្យតាមដែលអាចឲ្យបាន ឲ្យទៅតាមលទ្ធភាពដែលមិនត្រូវការសំណង មិនថាចិត្តស្រលាញ់ ពេលវេលា ឬអំណោយផ្សេងៗ។
គប្បីស្រលាញ់មនុស្សដែលស្រលាញ់អ្នក
តែ! ទោះស្រលាញ់នរណាក៏ដោយ កុំភ្លេចស្រលាញ់ខ្លួនឯងផង