ខ្លាចធ្វើអីបើទាំងនោះជាការពិត?
មនុស្សក្នុងលោក តើនរណាមិនធ្លាប់សាងកំហុស?
កុំបណ្ដោយឲ្យនរណាម្នាក់យកកំហុសរបស់អ្នកមកគំរាមអ្នកបាន!
កុំបណ្តោយខ្លួនឲ្យខុសថ្ងៃនេះ
ព្រោះតែចង់លាក់បាំងកំហុសពីម្សិលមិញឡើយ!
មនុស្សដែលធ្លាប់ធ្វើខុស គឺមិនបានខុសទៀតទេ
តែមនុស្សដែលប្រកាន់មនុស្សធ្លាប់ខុស ទើបជាមនុស្សខុស។
តើកំហុសមួយណាដែលតម្រូវឲ្យមនុស្សបែងចែក ឬបញ្ចប់ទំនាក់ទំនងរវាងគ្នានឹងគ្នា
បើកំហុសនោះក្លាយជាអតីតកាលហើយ?
មិនចាំបាច់តូចចិត្ត បើអ្នកមិនបានទទួលការលើកទឹកចិត្ត។
មិនចាំបាច់ខូចចិត្ត បើអ្នកត្រូវបានគេបោះបង់។
ចាត់ទុកថា បានរាប់អានមនុស្សខុស ចាត់ទុកថា
ជាឱកាសបានរកឃើញធាតុពិតរបស់មនុស្ស។
អ្នកក៏មិនចាំបាច់ខាតពេលជាមួយមនុស្សមុខពីរតទៅទៀតដែរ។
មិនថាកំហុសនោះធំប៉ុនណា ចូរកុំរួញរា! កុំខ្លាច!
វាបានកើតឡើងហើយ! វាក្លាយជាស្រមោលហើយ!
ចង់ដើរនៅក្នុងពិភពពន្លឺ កុំខ្លាចស្រមោលរបស់ខ្លួនឯង!
មនុស្សដែលព្រមរស់នៅក្នុងការពិត នឹងមិនខ្លាចការគម្រាមឡើយ!
មនុស្សដែលរឹងមាំ គឺជាមនុស្សដែលអាចរស់នៅជាមួយការពិតរបស់ខ្លួនឯងបាន។
មនុស្សដែលពូកែ គឺជាមនុស្សដែលមើលឃើញ
និងទទួលយកភាពខុសនិងត្រូវរបស់ខ្លួនឯង ហើយអាចទូន្មានកែប្រែខ្លួនឯងបាន។
អ្នកអានរបស់ខ្ញុំគឺជាមនុស្សដែលមានចំនុចទាំងអស់នេះ
ខ្ញុំជឿថាអ្នកអាចធ្វើបាន!
ក្តីស្រលាញ់របស់ខ្ញុំ
ស្រលាញ់អ្នក!
ព្រោះតែខ្ញុំក្លាហាន ទើបខ្ញុំហ៊ានសួរ
ស្រលាញ់ខ្ញុំទេ?
អ្នកឆ្លើយថា មិនដឹងទេ
អ្នកថា សុំពេលគិតសិន។
ជឿជាក់លើការស្រលាញ់របស់ខ្ញុំមែនទេ? បានជាអ្នកតែងតែឲ្យខ្ញុំមានវត្តមាន
រាល់ពេលដែលអ្នកជួបបញ្ហា។
ជឿចិត្តខ្ញុំមែនទេ? បានជាអ្នកតែងតែប្រាប់គ្រប់យ៉ាងដល់ខ្ញុំ។
ចូលចិត្តខ្ញុំមែនទេ? បានជាអ្នកឲ្យខ្ញុំចំណាយពេលជាមួយអ្នករហូតមក។
មើលឃើញចំនុចល្អរបស់ខ្ញុំជាច្រើន តែ! នៅតែយកខ្ញុំទៅថ្លឹងនឹងគេ។
បើទោះជាបេះដូងរបស់អ្នកជាជញ្ជីង
អ្នកត្រូវដឹងថាខ្ញុំនិងគេមិនមែនជាឧបករណ៍សម្រាប់ថ្លឹងទេ។
ចិត្តរបស់អ្នកធ្ងន់ទៅខាងណាជាងមិនសំខាន់ទេ
សំខាន់គឺខ្ញុំមិនបានធ្វើរឿងកន្លងដើម្បីដាក់ទម្ងន់ទៅលើចិត្តអ្នកឡើយ។
ខ្ញុំធ្វើព្រោះតែចិត្តស្រលាញ់បញ្ជាតែប៉ុណ្ណោះ ការស្រលាញ់មិនបានឲ្យខ្ញុំទាមទារការតបស្នងឡើយ។
ក៏ព្រោះតែខ្ញុំជឿជាក់ចំពោះស្នេហា ទើបខ្ញុំមិនខ្វល់ថា
ទម្ងន់ចិត្តអ្នកធ្ងន់លើអ្នកណា។ ខ្ញុំមិនចាប់អារម្មណ៍បេះដូងជញ្ជីងរបស់អ្នកឡើយ!
បើចិត្តអ្នកគ្មានស្នេហា ខ្ញុំក៏មិនត្រូវការមនោសញ្ចេតនាមួយនោះដែរ!
អ្នកឲ្យតម្លៃលើខ្លួនអ្នក ខ្ញុំក៏ឲ្យតម្លៃលើស្នេហារបស់ខ្ញុំដូចគ្នា
ស្នេហារបស់ខ្ញុំស្រស់បំព្រងណាស់
វាស័ក្តិសមនឹងមនុស្សដែលមានបេះដូងស្រស់បំព្រងដូចគ្នាតែប៉ុណ្ណោះ។
អ្នកអស្ចារ្យណាស់!
កុំយំ!
ប្រសិនបើពេលនេះមានអារម្មណ៍ថាកំពុងខូចចិត្តខ្លាំង
កុំឲ្យទឹកភ្នែកស្រក់ច្រើនដងពេក មនុស្សរឹងមាំគេមិនតែងតែយំទេ!
មនុស្សរឹងមាំគេមិនបណ្តោយខ្លួនឲ្យកម្សត់បែបនេះទេ!
ហត់យ៉ាងណាក៏ដោយ គ្រាន់តែកុំបោះបង់ភាពរឹងមាំ
ពិបាកយ៉ាងណាក៏ដោយ
គ្រាន់តែដឹងថាអ្នកមិនអាចរស់ដោយខ្វះភាពរឹងមាំបានឡើយ។
កុំទន់ជ្រាយពេក! កុំបោះបង់! ពីដើមមកអ្នកធ្វើបានល្អណាស់! បន្តធ្វើបែបនេះទៀតទៅ!
អ្នករឹងមាំណាស់! អ្នកអស្ចារ្យណាស់!
ទោះជាពេលនេះសោកសៅយ៉ាងណា កុំបោះបង់ខ្លួនឯង!
កុំឲ្យអ្វីដែលខំប្រឹងប្រែងពីមុនមកក្លាយជាអសារបង់។
ជីវិតគឺបែបនេះហើយ មនុស្សគ្រប់រូបរស់នៅដើម្បីបំពេញកាតព្វកិច្ច
រសជាតិជីវិតផ្លាស់ប្តូរជៀសមិនផុត។
ខ្ញុំដឹងណាស់ថាពេលនេះអ្នកកំពុងហត់ខ្លាំង ភ្នែកកំពុងរំពៃរកស្មាផ្អែក
តែកុំធ្វើបែបនេះអី!
កុំមិនសប្បាយចិត្តនាពេលនេះអី វាប្រហែលជាសំណាងទៅវិញទេ
ចំពោះរឿងដែលធ្វើឲ្យអ្នកមិនរីករាយនាពេលនេះ។
រឹងមាំឡើង! មិនបាច់រកអ្នកជួយទេ កុំធ្វើជាបន្ទុករបស់អ្នកណាឲ្យសោះ!
បើអ្នកហត់ហើយគ្រាន់តែឆ្លៀតពេលសម្រាកមួយភ្លែតទៅ
កុំយកកាតព្វកិច្ចរបស់អ្នកទៅបន្ថែមឲ្យអ្នកផ្សេងអី។
អ្នកចេះហត់ គេក៏ចេះហត់ដូចគ្នា!
មនុស្សរឹងមាំ មិនធ្វើបាបមនុស្សដែលស្រលាញ់ខ្លួននោះទេ។
កុំទន់ជ្រាយណា៎! អ្នកអាចធ្វើបាន!
អ្នកអាចធ្វើបាន!
រាល់ព្រឹករបស់មនុស្សដែលមិនសប្បាយចិត្ត
បើកភ្នែកឡើងឃើញតែបញ្ហា
បើកភ្នែកហើយក៏ចង់តែបិទទៅវិញ ចង់តែគេងមិនភ្ញាក់រហូតដល់បញ្ហារលាយអស់ចាំបើកភ្នែកវិញ។
កុំខ្លាចពេកអី! កុំបារម្ភអី!
រឿងដែលត្រូវកើតវានឹងកើតឡើងដោយជៀសមិនផុត
កុំឲ្យអារម្មណ៍ទន់ជ្រាយមកបន្លាចបាន ចូររស់នៅក្នុងសភាពពិត
ហើយទទួលស្គាល់ថាលើលោកនេះគ្មានអ្វីជារៀងរហូតទេៗ កុំបារម្ភពេក កុំខ្លាចបាត់បង់ពេក។
បណ្តោយឲ្យរឿងហេតុកើតទៅតាមសម្រួល
គ្រាន់តែចាំមើលថាតើវានឹងក្លាយជាយ៉ាងណាខ្លះ ហើយព្រមទទួលយកទៅតាមលទ្ធផលនោះទៅ។
វានឹងមិនពិបាកពេកទេ បើគ្រាន់តែព្រមសម្របរស់នៅជាមួយនឹងការផ្លាស់ប្តូរ។
ប្រសិនបើអ្នកមិនធ្លាប់មានអំនួត
អ្នកនឹងមិនមានភាពអាម៉ាស់ក្នុងការផ្លាស់ប្តូរជីវិភាពរស់នៅឡើយ
ប្រសិនបើអ្នកមិនធ្លាប់ហួងហែង អ្នកក៏មិនខ្លាចក្នុងបាត់បង់ដែរ។
មិនចាំបាច់ចង់ឈ្នះចាញ់ជាមួយព្រហ្មលិខិតនោះទេ
មិនចាំបាច់ខំដណ្តើមមកវិញឬស្លាប់ដើម្បីគំរាមព្រហ្មលិខិតនោះទេ។
មិនចាំបាច់ប្រញាប់ស្លាប់ពេកដែរព្រោះថាមុននឹងក្រោយគង់តែស្លាប់ដូចគ្នា
តែគួរតែស្លាប់នៅក្នុងពេលវេលាដែលមានន័យបំផុត។
ចូរខំរស់នៅដោយរីករាយទោះជាការផ្លាស់ប្តូរទាំងនោះអាក្រក់ឬល្អយ៉ាងណាក៏ដោយគ្រាន់តែប្រាប់ខ្លួនឯងឲ្យយល់ថានេះហើយ
ជារសជាតិជិវិត។
កុំចុះចាញ់! កុំទន់ខ្សោយ! អ្នកអាចធ្វើបាន!
រីករាយនិងអ្វីដែលយើងមាន
សុខៗអ្នកមិនចូលចិត្តគេតាំងពីមិនទាន់ជួប
មិនចូលចិត្តគេតាំងពីទើបតែឃើញ
ហេតុអ្វីបានជាមានអារម្មណ៍បែបនេះ?
ស្មោះត្រង់នឹងខ្លួនឯងបន្តិចអ្នកនឹងឃើញហេតុផលមួយនោះ
មនុស្សមិនទាន់មានទំនាក់ទំនងជាមួយគ្នាផង
ហេតុអីបណ្តោយចិត្តឲ្យស្អប់ឬស្រលាញ់គេបាន?
ដឹងទេ? អារម្មណ៍ស្រលាញ់ឬស្អប់វាកើតមកពីការពេញចិត្ត
ឬមិនពេញចិត្តតែប៉ុណ្ណោះ។
ប្រសិនបើអ្នកជាមនុស្សដែលមានការគិតវិជ្ជមានច្រើន
អ្នកនឹងមិនងាយគិតមិនល្អលើនរណាម្នាក់ងាយៗទេ។
តែប្រសិនបើអ្នកមានចិត្តចង្អៀតបន្តិច
អ្នកនឹងឧស្សាហ៍មានអារម្មណ៍បែបនេះដាក់មនុស្សជាទូទៅ។
ការដែលពេញចិត្តឬមិនពេញចិត្តនេះ
វាកើតឡើងបន្ទាប់ពីអ្នកឃើញចំនុចលើសណាមួយពីមនុស្សម្នាក់នោះ។
ចំនុចលើសនោះអាចជា កាយវិការ ការរៀបចំខ្លួន ភាពល្បី ឬអ្វីផ្សេងៗទៀត។
និស្ស័យអាក្រក់មួយរបស់មនុស្ស តែងតែយកអ្នកដទៃមកប្រៀបធៀបនឹងខ្លួនឯង
ឬមនុស្សដែលខ្លួនឯងស្រលាញ់ ហើយធ្វើការអារកាត់ត្រឹមតែមួយវិនាទីប៉ុណ្ណោះថា
គួរស្អប់ឬស្រលាញ់មនុស្សម្នាក់នោះ។
ម្ចាស់ខ្លួនគេមិនបានដឹងអីទេ ប៉ុន្តែអ្នកខ្លួនឯងដែលធ្វើការល្ងង់នេះតែម្នាក់ឯង។
ព្រោះតែអ្នកមានចិត្តចង្អៀត អ្នកដឹងថាខ្លួនឯង ឬមនុស្សដែលអ្នកស្រលាញ់
មិនមានអ្វីដូចដែលមនុស្សម្នាក់នោះមាន ឬមិនអាចធ្វើអ្វីដូចដែលគេធ្វើបាន។
អ្នកមិនសប្បាយចិត្ត ហើយលួចមិនចូលចិត្តគេតែម្នាក់ឯង។ ដឹងទេ? នេះហើយហៅថាការច្រណែន
!
មួយទៀត ប្រសិនបើអ្នកជាមនុស្សដែលងប់ងល់នឹងភាពល្អ
អ្នកស្រលាញ់ស្ញប់់ស្ងែងគ្រប់មនុស្សដែលមានភាពលើសនៃសេចក្តីល្អទាំងឡាយ
អ្នកព្យាយាមឲ្យបានស្និទ្ធស្នាលនិងហួងហែងមនុស្សទាំងនោះយកតែម្នាក់ឯង
ពេលខ្លះអ្នកលួចប្រចណ្ឌ តូចចិត្ត
ទាំងដែលម្ចាស់ខ្លួនគេមិនទាំងធ្លាប់និយាយជាមួយអ្នកផង។ ដឹងទេ? បែបនេះធ្វើបាបចិត្តខ្លួនឯង មិនតិចទេ។
ចំណែកមួយបែបទៀតវិញ
មិនថាម្នាក់នោះមានចំនុចលើសនៅក្នុងសេចក្តីល្អឬអាក្រក់ឡើយ
ទោះជាគេមានភាពប្រសើរជាងអ្នកក៏ដោយ អ្នកមិនបានខ្វល់ខ្វាយទេ គ្រាន់តែបានទទួលដឹង
ឬកត់ទុកថាគេមានចំនុចមួយនោះតែប៉ុណ្ណឹង។
ដឹងទេ? បែបនេះទើបផ្តល់សេរីភាពឲ្យអារម្មណ៍។
រាល់ថ្ងៃអ្នកហត់ណាស់ហើយ កុំយកពេលទៅគិតឬថ្លឹងថ្លែងពីអ្នកដទៃច្រើនពេក
បើបានរយារសម្ពាធផ្សេងៗហើយ ទុកពេលឲ្យអារម្មណ៍បានសម្រាកផង។
កុំដាក់សម្ពាធឲ្យខ្លួនឯងពេក
កុំបារម្ភ ខ្លាចតែមានមនុស្សប្រសើរជាងអ្នក ព្រហ្មលិខិតយុត្តិធម៌ណាស់
បើគេមានចំនុចលើសអ្នក អ្នកក៏ប្រាកដជាមានចំនុចផ្សេងទៀតលើសគេវិញមិនខាន។
រីករាយនិងអ្វីដែលយើងមាន ទើបជីវិតមានសុភមង្គល
ខ្ញុំដើរមកឆ្ងាយហើយ!
អនុស្សាវរីយ៍ខ្យល់ត្រជាក់
ខ្យល់ត្រជាក់សម្រាប់ខ្ញុំ ជាខ្យល់អនុស្សាវរីយ៍
ខ្យល់ត្រជាក់បក់នាំយកអតីតកាលកន្លងមកដាក់ក្នុងចិត្តខ្ញុំ។
អង្គុយហាលខ្យល់នឹកដល់អនុស្សាវរីយ៍ទាំងឡាយ
អតីតកាលដែលធ្លាប់ផ្អែមល្ហែម
អតីតកាលដែលធ្លាប់ឈឺចាប់
អតីតកាលរំឭកពីកុមារភាព
…………….
ខ្ញុំដើរមកឆ្ងាយហើយ…
ឆ្ងាយរហូតមិនអាចត្រឡប់ទៅរកជ្រុងណាមួយនៃអតីតកាលទាំងនោះវិញបានឡើយ។
រឿងដែលធ្លាប់ខកចិត្ត បានត្រឹមតែជាអនុស្សាវរីយ៍សោកសៅ
រឿងដែលធ្លាប់តែពេញចិត្ត ក៏ក្លាយជាអនុស្សាវរីយ៍ស្រស់ត្រកាល
តែយ៉ាងណា រឿងដែលកន្លងហួស មិនអាចធ្វើអ្វីបានក្រៅពីនឹកនា
នឹកខ្លាំងយ៉ាងណា អនុស្សាវរីយ៍នៅតែជាអតីតកាល។
មិនមានអភិនិហារអ្វី ជួយឲ្យខ្ញុំចាប់ស្រមោលបានទេ..
អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ
គឺសាងអនុស្សាវរីយ៍ល្អៗសម្រាប់ជាការចងចាំថ្ងៃស្អែក។
កាលពីមុន ខ្ញុំប្រហែលមិនទាន់យល់ ទើបមានអនុស្សាវរីយ៍សោកសៅច្រើន
ថ្ងៃនេះមានតែសុំទោសខ្លួនឯង ហើយសន្យានឹងសាងអនុស្សាវរីយ៍ល្អៗឲ្យខ្លួនឯងឲ្យបានច្រើនជាងនេះ។
ធ្លាក់ខ្យល់រងាឆ្នាំក្រោយ ខ្ញុំនឹងមានអារម្មណ៍ល្អច្រើនជាងនេះ។
ភាពទាក់ទាញ
ភាពទាក់ទាញអាចធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍
ព្រោះតែចង់បានការចាប់អារម្មណ៍ទាំងនោះទើបអ្នកខំធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញ។
តែភាពទាក់ទាញមានច្រើនសណ្ឋាន
អ្នកដែលមិនយល់ពីភាពទាក់ទាញពិតប្រាកដ
តែខំសម្តែងកាយវិការផ្សេងៗដែលមិនមែនជាធម្មជាតិរបស់គាត់
ដើម្បីតែឲ្យបានលើសនៅក្នុងចំណោមមួយ ឬឲ្យមនុស្សម្នាក់
ឬមួយក្រុមបានសង្កេតគាត់តែប៉ុណ្ណោះ។
គាត់មិនបានដឹងទេថាអ្វីដែលមិនពិតប្រាកដ វានឹងឆ្គងភ្នែកណាស់។ វាមិនជួយផ្តល់ភាពទាក់ទាញ
បែរជាផ្តល់ភាពកំប្លែងឬមិនសមកិរិយាទៅវិញ។
មនុស្សខ្លះមានភាពទាក់ទាញដោយស្នាមញញឹម
មនុស្សខ្លះមានភាពទាក់ទាញដោយពាក្យសម្ដី កាយវិការ
ខ្លះទៀតមានភាពទាក់ទាញដោយភាពរឹងមាំ ឆ្នាសឆ្នើម..
ហើយមានខ្លះទៀតមានភាពទាក់ទាញដោយកាយវិការមួយៗ ស្លូត មិននិយាយច្រើន
ហើយប្រសិនបើមនុស្សទាំងនេះប្រើកាយវិការតាមគ្នាដើម្បីចាប់យកភាពទាក់ទាញបន្ថែមទៀតនោះ
វានឹងមិនមានលទ្ធផលឡើយ
ចូរកុំព្យាយាមទាក់ទាញការចាប់អារម្មណ៍របស់អ្នកដទៃលើសពីសភាពធម្មតារបស់អ្នកអី
ព្រោះលទ្ធផលវាអាចនឹងផ្ទុយពីអ្វីដែលអ្នកចង់បាន ធ្វើឲ្យតែអ្នកខកបំណងតែប៉ុណ្ណោះ។
ធម្មជាតិ ភាពពិតប្រាកដទើបមិនឆ្គងភ្នែក
ភាពទាក់ទាញ តែងមាននៅលើគ្រប់មនុស្ស
ភាពទាក់ទាញរបស់មនុស្សគឺមានភាពប្លែកៗពីគ្នា
ចូរប្រើតែអ្វីដែលជាធម្មជាតិរបស់អ្នក
ក្នុងការបង្កើនភាពទាក់ទាញរបស់អ្នកឲ្យកាន់តែប្រសើជាងមុន ដើម្បីផ្សំបំណងអ្នក។
ឆ្លើយសំនួរពីរនេះហើយ អ្នកសម្រេចចិត្តម្តងទៀតចុះ!
ព្រោះតែទង្វើល្អៗកន្លងមក
មិនត្រូវបានឲ្យតម្លៃ មិនមានការលើកទឹកចិត្ត អ្នកលែងមានកម្លាំងចិត្តក្នុងការធ្វើវាទៀត
អ្នកក៏លែងឲ្យតម្លៃលើទង្វើល្អរបស់ខ្លួនឯង។
បាក់ទឹកចិត្តពេកមែនទេ? ទើបអ្នកណាយចិត្តចាប់អារម្មណ៍ថា
ទង្វើល្អកន្លងមក អ្នកបានធ្វើជាមួយអ្នកណាខ្លះ ហើយពេលនេះកំពុងបញ្ឈប់ការធ្វើទង្វើល្អទាំងនោះចំពោះអ្នកណា?
សម្រេចចិត្តបែបណាទើបសន្មតត្រូវធ្វើបែបនេះ?
តើមនុស្សដែលស្រលាញ់អ្នកត្រូវតែចាំទទួលរងផលមិនល្អដែលមនុស្សមួយក្រុមទៀតបានធ្វើដាក់អ្នកតើមែនទេ?
ក្តីស្រលាញ់ ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ ទង្វើល្អផ្សេងៗទៀត
អ្នកមានឲ្យសម្រាប់តែមនុស្សដែលមិនឲ្យតម្លៃអ្នកតែប៉ុណ្ណោះ មែនទេ?
មនុស្សដែលស្រលាញ់ ខ្វល់ខ្វាយពីអ្នក
មិនមានសិទ្ធិទទួលយកទង្វើល្អៗទាំងនោះអំពីអ្នកទេ តើមែនទេ?
ឆ្លើយសំនួរពីរនេះហើយ អ្នកសម្រេចចិត្តម្តងទៀតចុះ!
ប្រសិនបើអ្នកអនុញ្ញាតឲ្យមនុស្សមួយក្រុមនោះនៅតែមានអំណាចលើផ្លូវជីវិតរបស់អ្នក
អ្នកមិនចាំបាច់ធ្វើល្អទៀតទេ មិនចាំបាច់ធ្វើជាអ្នកទៀតទេ។
ប្រសិនបើបេះដូងរបស់អ្នករំញោចចំពោះមនុស្សដែលស្រលាញ់អ្នកដែរ
សូមកុំចាំតែទទួលការស្រលាញ់ពីគាត់អី ប្រើការស្រលាញ់
និងទង្វើល្អរបស់អ្នកសងទៅគាត់វិញផង។
មនុស្សដែលស្រលាញ់អ្នក គាត់ពិតជាចង់ឲ្យអ្នកស្រលាញ់គាត់វិញណាស់
ការស្រលាញ់របស់អ្នក មានឥទ្ធិពលណាស់សម្រាប់គាត់។
សូមកុំយកមនុស្សដែលស្រលាញ់អ្នក ធ្វើជាផ្ទាំងស៊ីបទទួលកំហឹងជំនួសមនុស្សដែលបានធ្វើបាបអ្នកអី
ព្រោះថាកន្លងមក ពួកគាត់មិនបានធ្វើអីទេក្រៅពីស្រលាញ់អ្នក។
កុំប្រកាន់ថាអ្នកជាអ្នកណា
វាជារឿងដែលមិនសមនឹងធ្វើ
នៅពេលដែលមនុស្សមានះ ប្រកាន់មិនព្រមធ្វើអ្វីមួយជាដាច់ខាត។
ជាអ្នកនាងធំនៅក្នុងគ្រួសារ នាងមិនប៉ះ ចាន ឆ្នាំង
កិច្ចការផ្ទះផ្សេងៗ។ នាងកើតមកដោយសំណាង ព្រោះគ្រួសារដ៏ប្រសើររបស់នាង
មានមនុស្សធ្វើរឿងទាំងអស់នោះទៅហើយ។
នាងគ្រាន់តែរស់ដូចទេវតា ហាថាចង់ញ៉ាំអី របស់នោះនឹងហោះមកដល់ភ្លាម។
តែថ្ងៃមួយ…
មិនដឹងថាការដែលមានរបស់ស្រាប់ដោយមិនចាំបាច់ហត់ខ្លួននោះជាសំណាងឬអត់ទៀតទេ។
ដោយអំណាចនៃក្តីស្រលាញ់
នាងតែងចង់ធ្វើគ្រប់បែបយ៉ាងសម្រាប់ស្វាមីនិងកូន
វាពិបាកក្នុងអារម្មណ៍ណាស់នៅពេលដែលមនុស្សជាទីស្រលាញ់ចង់ទទួលទានអាហារដែលនាងធ្វើ
តែនាងមិនចេះសូម្បីតែចិតបន្លែ។
តើធ្វើយ៉ាងណាទើបអាចផ្តល់រសជាតិពិសេសដល់មនុស្សដែលនាងស្រលាញ់បាន?
ធ្លាប់នឹករសជាតិម្ហូប ឬបង្អែមរបស់ម៉ាក់ទេ? អារម្មណ៍បែបណានៅពេលដែលនិយាយថា
ម៉ាក់របស់នាងពូកែធ្វើរបស់ញ៉ាំដែលមានរសជាតិពិសេសមួយ គ្មានអ្នកណាធ្វើបានដូច?
ហេតុអ្វីមិនដែលគិតថាចង់ផ្តល់អារម្មណ៍នោះដល់បុត្រឬស្វាមីរបស់នាងផង?
❤️
អ្នកផ្ទះមិនបានខ្វល់ទេថា សង្គមខាងក្រៅអ្នកជានរណា គាត់គ្រាន់តែដឹងថា
អ្នកជាសមាជិកគ្រួសារដែលគាត់ស្រលាញ់ រស់នៅជាមួយគ្នាយ៉ាងសាមញ្ញ
ធ្វើកិច្ចការសាមញ្ញជាមួយគ្នាមានសុភមង្គលបំផុតសម្រាប់មនុស្សដែលស្រលាញ់គ្នា។
មនុស្សស្រលាញ់គ្នា នឹងមិនរើសអើងការងារជាមួយគ្នានោះទេ
កិច្ចការផ្ទះក៏មិនមែនសម្រាប់តែស្ត្រីជាអ្នកធ្វើដែរ។
ភាពរឹងមានៈ ប្រកាន់ការងារ
មិនបញ្ជាក់ថាអ្នកស្រលាញ់យកចិត្តទុកដាក់ចំពោះគ្រួសារនោះទេ
តែបង្ហាញឲ្យឃើញថាអ្នកស្រលាញ់ ទំនើងតែចិត្តខ្លួនឯងតែប៉ុណ្ណោះ។
តើអ្នកដឹងទេ? គុណសម្បត្តិនៃការងារផ្ទះជាការបង្ហាញក្តីស្រលាញ់យ៉ាងកក់ក្តៅដល់មនុស្សដែលអ្នកស្រលាញ់។
ចូរកុំប្រកាន់ថាអ្នកជាអ្នកណា ការស្រលាញ់គេមិនបែងចែកឋានៈទេ
ការងារផ្ទះប៉ុណ្ណឹងជួយគ្នាទៅណា៎
គេធ្វើបាន អ្នកក៏ធ្វើបានដូចគ្នា!
ម៉ោង១២យប់ហើយ
ស្រាប់តែឃ្លាន
ទេវបុត្រជិះសេះសក៏មកដល់ជាមួយចំណីដែលអ្នកចង់ញ៉ាំ
ពេលមួយដែលអ្នកកំពុងឈឺ ទេវបុត្រជិះសេះសក៏ជូនអ្នកទៅពេទ្យ
មើលថែបញ្ចុកថ្នាំ
មេឃភ្លៀងជោគជាំ ទេវបុត្រសេះសក៏មកទទួលមិនឲ្យអ្នកទទឹកភ្លៀង។
គ្រប់ពេលដែលមានបញ្ហា ទេវបុត្ររបស់អ្នកតែងតែបង្ហាញខ្លួន
អ្នកមិនចាំបាច់ធ្វើអ្វីទេ គ្រាន់តែចាំទេវបុត្ររបស់អ្នកបង្ហាញខ្លួនទៅបានហើយ
ព្រោះអ្នកមានមនុស្សពិសេសម្នាក់ លើកអ្នកឲ្យក្លាយជាព្រះនាងទៅហើយ។
ចុះបើថ្ងៃមួយទេវបុត្ររបស់អ្នកស្រាប់តែមិនឲ្យអ្នកធ្វើជាព្រះនាងរបស់គេទៀត
តើអ្នកព្រមធ្វើភិលាងរបស់គេវិញទេ ? ព្រមធ្វើគ្រប់យ៉ាងដើម្បីមនុស្សម្នាក់ដែលកំពុងរក
ឬមានព្រះនាងថ្មីនោះដែរឬទេ?
ចុះបើថ្ងៃមួយទេវបុត្រម្នាក់នោះស្រាប់តែលែងមានទៅហើយ
គេស្រាប់តែលែងនៅទីនេះទៀត តើអ្នកនឹងក្លាយជាអ្វី?
ពេលនោះ អ្នកមិនអាចសូម្បីតែធ្វើភិលាងរង់ចាំទេវបុត្រប្តូរចិត្ត។
សុខៗបាត់បង់មនុស្សម្នាក់ ផែនដីរបស់អ្នកនឹងជួបការផ្លាស់ប្តូរ។
ប្តូរទៅជាបែបណា មានតែអ្នកខ្លួនឯងទេដែលអាចសម្រេចបាន។
ពេលដែលអ្នកមិនអាចធ្វើជាព្រះនាងបាន
តើអ្នកចង់ឲ្យសូន្យរូបពីលើផែនដីនេះ ឬចង់ធ្វើជាភិលាង?
មិនបាច់ខំគិតថាគួរតែជ្រើសយកជម្រើសមួយណានោះទេ
ព្រោះថាទាំងពីរជម្រើសនេះ
មិនមែនជាជម្រើសដែលមនុស្សស្រីឆ្លាតជ្រើសនោះទេ។
ត្រឹមតែរស់នៅជាមួយខ្លួនឯង មើលថែខ្លួនឯង
ធ្វើរឿងឲ្យខ្លួនឯងសប្បាយចិត្ត ដោះស្រាយបញ្ហាឲ្យខ្លួនឯង
គេធ្វើបាន អ្នកក៏ធ្វើបានដូចគ្នា!
ហេតុអ្វីត្រូវរស់ក្រោយការពាំងនៃខ្នងរបស់នរណាម្នាក់?
បើអ្នកមិនអាចធ្វើព្រះនាងបានទេ ហេតុអ្វីមិនសាកធ្វើជាស្តេចស្រីម្តងទៅ?
មនុស្សស្រីធម្មតាពិតជាទន់ខ្សោយមែនហើយ
នាងតែងតែត្រូវការជំនួយមែនហើយ
មានតែព្រះនាងទេ ទើបមានសំណាង តែងតែមានខ្នងចាំពាំងគ្រប់បញ្ហាឲ្យនាង
ហើយក៏មានតែស្តេចស្រីដែរ ដែលមិនព្រមចុះចាញ់បញ្ហា
និងតែងតែដើរទៅមុខបានដោយភាពរឹងមាំរបស់នាងខ្លួនឯង។
រឹងមាំឡើងណា៎!
ខ្ញុំមិនឲ្យស្នេហារបស់ខ្ញុំរំខានគេទេ
គេមិនធ្លាប់ស្រលាញ់យើងទេ
លួចមើលគេរាល់ថ្ងៃ តាមនិយាយជាមួយគេរាល់ដង
ចិត្តប៉ងត្រឹមតែបានឃើញគេញញឹមដាក់ក៏មានក្តីសុខ។
អារម្មណ៍មួយដែលកំពុងលួចស្រលាញ់មនុស្សម្នាក់យ៉ាងងប់ងល់
ខ្ញុំមើលឃើញគេដូចដួងផ្កាយ ខ្ញុំមើលគេមិនដែលណាយចិត្ត ទោះគេមិនសូវមើលខ្ញុំវិញក៏ដោយ។
រាល់ថ្ងៃមិនដឹងថារស់ដើម្បីអ្វី!
ជីវិតទាំងមូលស្ទើរតែចង់លះបង់ឲ្យមនុស្សម្នាក់ដែលមិនធ្លាប់ទុកខ្ញុំក្នុងភ្នែកសោះ។
ពិតមែន! ស្នេហាជាការលះបង់ ជាការយល់ចិត្ត និងចង់ធ្វើគ្រប់យ៉ាងឲ្យមនុស្សដែលយើងស្រលាញ់
តែនេះខ្ញុំកំពុងមានស្នេហាតែម្ខាង!
គ្រប់យ៉ាងដែលខ្ញុំធ្វើ ដូចស្ករមួយចឹបបង់ចូលទៅក្នុងសមុទ្រ
តើថ្ងៃណាទៅសមុទ្រនឹងផ្អែម?
បេះដូងរបស់ខ្ញុំ ក្តីស្រលាញ់របស់ខ្ញុំ
ទោះមានអត្ថន័យប៉ុនណា ក៏នៅតែមិនមែនជាអ្វីដែលគេត្រូវការ។
ស្នេហាតែម្ខាង តើមានអ្វីគួរឲ្យលះបង់ទៀតទេ?
បើខ្ញុំខំលះបង់បន្តទៀត ស៊ូទៀតដើម្បីយកបេះដូងគេ
ខ្ញុំនឹងមិនស្រលាញ់គេនោះទេ ខ្ញុំគ្រាន់តែចង់ឈ្នះ
ចង់បានគេតែប៉ុណ្ណោះ។
បើស្នេហ៍តែម្ខាងជាស្នេហ៍បរិសុទ្ធ
ខ្ញុំនឹងគ្រាន់តែធ្វើនូវអ្វីដែលគួរធ្វើ
រួចហើយខ្ញុំនឹងដកខ្លួនចេញដើម្បីជាការផ្តល់ឲ្យចុងក្រោយដល់មនុស្សដែលខ្ញុំស្រលាញ់។
ខ្ញុំមិនឲ្យស្នេហារបស់ខ្ញុំរំខានគេទេ
ខ្ញុំនឹងយកវាមកវិញរក្សាទុកឲ្យបានល្អ
ទុកឲ្យតែមនុស្សដែលយល់ពីអត្ថន័យស្នេហារបស់ខ្ញុំតែប៉ុណ្ណោះ។
កុំលើសលួស កុំទាមទារ កុំផ្លាស់ប្ដូរ
ស្នេហាគឺបរិសុទ្ធណាស់
ស្នេហា! ពាក្យមួយម៉ាត់ដែលនិយាយហើយ មើលឃើញពិភពលោកពោពេញទៅដោយភាពស្រស់ស្អាត។
ស្នេហា! និយាយហើយមានតែទឹកភ្នែក ហូរលុបអនុស្សាវរីយ៍…
តើស្នេហាជាអ្វីឲ្យប្រាកដ?
ស្នេហា ជាអារម្មណ៍បរិសុទ្ធបំផុត ជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅ
ជាពណ៌ដ៏ស្រស់ស្អាត ជាពន្លឺដ៏ស្រទន់។
ស្នេហាមិនបានធ្វើឲ្យនរណា ត្រេកត្រអាល ឬឈឺចាប់ទេ
តែដៃគូរបស់អ្នក ឬអ្នកខ្លួនឯងទេ ដែលបង្កើតរូបរាងស្នេហាមិនបានល្អ។
កុំបន្ទោស ស្នេហាធ្វើឲ្យអ្នកឈឺចាប់
ស្នេហារបស់អ្នកបែបណា វាអាស្រ័យលើអ្នកខ្លួនឯងតែប៉ុណ្ណោះ
ប្រសិនបើអ្នកមានសំណាងបានឃើញពណ៌ពិតប្រាកដរបស់ស្នេហាហើយ
សូមឲ្យអ្នករក្សាវាឲ្យបានល្អ កុំលើសលួស កុំទាមទារ កុំផ្លាស់ប្ដូរ
ព្រោះបើអ្នកធ្វើរឿងទាំងនោះ
រូបរាងស្នេហារបស់អ្នកនឹងផ្លាស់ប្តូរដូចគ្នា
តែប្រសិនបើអ្នកមិនទាន់ឃើញរូបរាងពិតរបស់ស្នេហាទេ
ចូរពិនិត្យសារឡើងវិញ ថាតើអ្នក
ឬដៃគូរបស់អ្នកដែលគួរតែផ្លាស់ប្តូរឥរិយាបថដើម្បីរករូបរាងពិតឲ្យស្នេហា
ឬគួរតែប្តូរដៃគូដើម្បីទៅរករូបរាងពិតរបស់ស្នេហា?
ស្នេហា អាចនឹងមិនកើតមានតែម្តងក្នុងមួយជីវិតរបស់មនុស្សទេ
កុំបារម្ភ! បើស្នេហ៍ដំបូងមិនមែនជាស្នេហាពិត។