មនុស្សមិនអាចគេចផុតពីស្រមោលរបស់ខ្លួនឯងបានទេ
បើអ្នកឈរនៅទីដែលមានពន្លឺកាន់តែភ្លឺ
ស្រមោលរបស់អ្នកកាន់តែច្បាស់ដូចគ្នាដែរ។
កុំលាក់ស្រមោលខ្លួនឯង! អ្នកលាក់មិនជិតទេ!
កុំខ្លាចស្រមោលរបស់ខ្លួនឯង! វាងើបមិនរួចពីចំណាំងផ្លាតនោះទេ!
អតីតកាលដែលកន្លងហួសហើយ វាជាអ្វីដែលមិនអាចកើតឡើងម្តងទៀតបានទេ
អ្វីៗទាំងអស់បានក្លាយជា ការចងចាំ អនុស្សាវរីយ៍ ជាស្លាកស្នាម ឬជាមេរៀន។
ប្រសិនបើមានមនុស្សប្រកាន់ ឬរើសអើងអតីតកាលរបស់អ្នក
នោះគ្រាន់តែគាត់កំពុងតែរស់នៅក្នុងភពវង្វេងតែប៉ុណ្ណោះ។ ព្រោះលើផែនដីនេះ គ្មាននរណាដែលមិនធ្លាប់ខុសទេ
កំហុសអ្នកណាធ្ងន់ជាងមិនសំខាន់ សំខាន់អ្នកណាអាចកែប្រែបានច្រើនជាង?
ចូររស់នៅជាមួយនឹងបច្ចុប្បន្នឲ្យបានល្អ
បើអ្នកមិនចង់ឲ្យថ្ងៃស្អែកមានអតីតកាលដូចថ្ងៃនេះ។
ជីវិតមានតែមួយ
មិនអីទេ!
ខ្ញុំអាចធ្វើបាន!
ទោះពេលខ្លះខ្ញុំជួបរឿងខកចិត្តខ្លាំង
ទោះពេលខ្លះឈឺដល់ទឹកភ្នែកហូរ
ខ្ញុំមិនអីទេ! ខ្ញុំធ្វើបាន!
មិនអីទេ! យំហើយគង់តែបានសើចវិញ ធ្វើម៉េចបើជីវិតត្រូវតែបែបហ្នឹង?
ខ្ញុំយល់ច្បាស់ថានេះជារសជាតិរបស់ជីវិត
ខ្ញុំធ្លាប់សើច ធ្លាប់រីករាយដែរ តិចច្រើនមិនដឹងទេ តែពេលនេះខ្ញុំយំ
ព្រោះតែខ្ញុំត្រូវសើចជាថ្មីម្តងទៀតនាពេលបន្ទាប់នេះ។
តាមពិតបើមិនរំពឹងខ្លាំងពេក ក៏មិនខកចិត្តខ្លាំងដែរ
បើមិនខកចិត្តខ្លាំង ក៏ទឹកភ្នែកមិនហូរដែរ 😥
សំណាងហើយដែលខ្ញុំរឹងមាំ
សំណាងហើយដែលខ្ញុំតែងតែនៅទីនេះដើម្បីខ្លួនឯងបាន។
បរិយាកាសក្រោយយំ គឺស្រស់ស្រាយណាស់
កែវភ្នែករបស់ខ្ញុំ បានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ផែនដី
ជីវិតរបស់ខ្ញុំមានន័យដូចជាសម្លដែលមានរសជាតិឆ្ងាញ់បំផុតមួយចាន។
ខ្ញុំពេញចិត្តនូវលទ្ធផលដែលខ្ញុំធ្វើកន្លងមកណាស់
បើកន្លងមកខ្ញុំធ្លាប់ចុះចាញ់នៅតំណាក់កាលណាមួយ
នោះជីវិតរបស់ខ្ញុំនឹងមិនទទួលបានគ្រប់រសជាតិទេ
ប្រហែលដូចជាសម្លដែលគ្រាន់តែបង់អំបិលហើយបិទភ្លើងតែប៉ុណ្ណឹង 🤣
ខ្ញុំសរសើរខ្លួនឯងណាស់ដែលតែងតែងធ្វើបាន ❤️
មិនដូច្នោះទេ រាល់ពេលខកចិត្តម្តងៗ
មិនដឹងថាខ្ញុំមានជីវិតប៉ុន្មានសម្រាប់បន្តលេងហ្គេមជាមួយព្រហ្មលិខិតទេ។
ជីវិតមានតែមួយ ដូច្នេះខ្ញុំត្រូវតែខំដើរឲ្យបានល្អ
ចម្អិនសម្លដ៏មានរសជាតិឆ្ងាញ់បំផុតមួយចានសម្រាប់មនុស្សជំនាន់ក្រោយ ❤️
ខ្ញុំ ពេលនេះតំណាងឲ្យអ្នកកំពុងអាន ❤️
ថ្ងៃរំឭកសេចក្តីស្រឡាញ់
ថ្ងៃរំឭកសេចក្តីស្រឡាញ់ជិតមកដល់ ហាងផ្កាជាច្រើនបង្ហោះបង្ហើររូបភាពបាច់ផ្កាអន្ទងបេះដូងមនុស្សស្រី។
អ្នកខ្លះលួច like អ្នកខ្លះ comment អ្នកខ្លះ Share
ចិត្តរំពៃគិត តើគេទិញឱ្យទេ? ចុះបើគ្មានគូស្នេហ៍ គិតបែបណាវិញ? Like comment share ទាំងចិត្តក្រៀមក្រំឬ?
ប្រពៃណីរបស់មនុស្សគឺចូលចិត្តការទទួលជាងការឱ្យ ដូច្នេះឃើញហើយច្រើនគិតរំលង តែបើសាកគិតបញ្ច្រាសវិញ អ្នកប្រហែលបានរីករាយជាងនេះ។
ផ្កាតំណាងឱ្យក្តីស្រឡាញ់ ក្តីស្រឡាញ់មិនសម្រាប់តែគូសង្សារ ស្វាមីភរិយា តែក្តីស្រឡាញ់អាចមានសម្រាប់មនុស្សគ្រប់គ្នា។
គ្មានបុរសជូនផ្កាដល់អ្នក អ្នកអាចជូនផ្កាដល់មនុស្សជាទីស្រឡាញ់ គោរពរបស់អ្នកបាន វាអាចធ្វើឱ្យអ្នកទទួលបានការស្រឡាញ់កាន់តែច្រើនពីពួកគាត់។ ឬគ្មានមនុស្សដែលអ្នកចង់ជូនទេ? ជូនខ្លូនឯងទៅ! បើខ្លួនយើងនេះក៏ចង់បានដែរ ភ្លេចហើយឬអី ថាយើងនេះក៏ត្រូវចេះស្រឡាញ់ខ្លួនឯងដែរ។ គ្រាន់តែចង់បានផ្កាមួយបាច់ ចាំបាច់អីត្រូវរង់ចាំការជូនពីនរណាម្នាក់?
ខ្លាចគេសើចមែនទេ បើទិញផ្កាជូនខ្លួនឯង? បើអ៊ីចឹង ដឹងខ្លួនទៅ យើងហ្នឹងយកសេចក្តីសុខទៅផ្ញើលើចុងបបូរមាត់អ្នកដទៃទៀតហើយ។
រៀនបង្កើតសេចក្ដីសុខឱ្យខ្លួនឯងដោយខ្លួនឯងណា៎
មនុស្សល្អ មនុស្សឆ្លាត
មនុស្សខ្លះចង់បានអំណោយព្រោះតែវាជារបស់ហ្រ្វី
តែមនុស្សខ្លះគាត់ចង់់បានអត្ថន័យនៃការជូនអំណោយទៅវិញទេ។
ខ្ញុំស្រលាញ់ការទទួលអំណោយ ព្រោះខ្ញុំជឿថាអំណោយគឺជាការសម្តែងនូវការស្រលាញ់
យកចិត្តទុកដាក់យ៉ាងកក់ក្តៅ។
តែ តើអ្នកដឹងទេ? រាល់ការជូនអំណោយតែងតែបង្កប់នូវគោលបំណង
លើសពីអ្វីដែលយើងចង់បាន។
មនុស្សប្រើការជូនអំណោយក្នុងគោលបំណងបែបណាខ្លះ?
គាត់អាចជូនអំណោយមួយដល់អ្នក ក្នុងគោលបំណងវិនិយោគធំមួយ
នោះអាចជាការសុំនូវផលប្រយោជន៍អ្វីមួយ ឬរំពឹងអំណោយពិសេសមួយពីអ្នកវិញ។
គាត់អាចគ្រាន់តែជូនអំណោយដើម្បីឲ្យខ្លួនគាត់សប្បាយចិត្ត ព្រោះតែគាត់ជាមនុស្សចិត្តល្អ
សម្រាប់គាត់ អំណោយគ្រាន់តែជាទាន។
ប្រសិនបើគាត់ជាមនុស្សដែលកំពុងលួចប្រតិព័ទ្ធលើអ្នក
គាត់កំពុងតែយកអំណោយនោះសុំប្តូរយកបេះដូងរបស់អ្នកហើយ
តែប្រសិនបើគាត់ជាមនុស្សដែលពោរពេញទៅដោយសេចក្តីស្រលាញ់
ការយកចិត្តទុកដាក់វិញនោះ គាត់នឹងជូនអំណោយដើម្បីតែសេចក្តីស្រលាញ់របស់គាត់តែប៉ុណ្ណោះ
អ្នកមិនមានអ្វីជូនគាត់វិញក៏គាត់មិនប្រកាន់ សំខាន់អ្នកពេញចិត្តអំណោយដែលគាត់ជូន
ឬគាត់ពេញចង់ឲ្យប៉ុណ្ណឹង។
ក្នុងនាមជាអ្នកទទួលអំណោយ គប្បីប្រើបេះដូងទៅទទួល
កុំឲ្យតម្លៃអំណោយត្រឹមតែជាតម្លៃនៃទំនិញដែលគាត់ទិញឲ្យ
គប្បីកុំរីករាយត្រឹមតែពេលដែលគាត់ឲ្យ។
ការទទួលអំណោយដោយឈ្លាសវៃ
ត្រូវបែងចែកទំនាក់ទំនងនិងអត្ថន័យឲ្យបានច្បាស់លាស់
គាត់ឲ្យក្នុងរូបរាងបែបណាមិនសំខាន់ សំខាន់អ្នកទទួលក្នុងរូបរាងបែបណា? ហើយបានបញ្ជាក់ច្បាស់លាស់ប្រាប់គាត់ហើយឬនៅ?
មនុស្សល្អនឹងមិនប្រើសេចក្តីស្រលាញ់របស់នរណាម្នាក់
ដើម្បីរឹបអូសយកអំណោយពីគេទេ។
មនុស្សឆ្លាត នឹងមិនលក់ទឹកចិត្ត ឬបេះដូងឲ្យអំណោយដូចគ្នា។
ខ្លួនឯងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង
ខ្លួនឯងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងបែបនេះរហូតមក
ព្រោះខ្លួនឯងដឹងថាមិនមាននរណាយល់ពីខ្លួនឯងជាងខ្លួនឯងឡើយ។
ខ្លួនឯងចាំស្តីបន្ទោសឲ្យខ្លួនឯងរហូតមក
ព្រោះខ្លួនឯងទើបដឹងថាខ្លួនឯងបានធ្វើរឿងអីខ្លះ មួយណាជាកំហុសអចេតនាមួយណាជាកំហុសពិតប្រាកដ។
ខ្លួនឯងតាមបង្រៀនខ្លួនឯងរហូតមក
ព្រោះខ្លួនឯងទើបដឹងថាខ្លួនឯងខ្វះខាតអីខ្លះសម្រាប់ស្វែងរកជីវិតប្រសើរមួយ។
ខ្លួនឯងនៅជាមួយខ្លួនឯងបែបនេះកន្លងមក
ដឹកដៃខ្លួនឯងទៅរកក្តីស្រមៃរបស់ខ្លួនឯង កំដរខ្លួនឯងសើចយំបែបនេះរហូតមក។
ពេលខ្លះទម្រន់ខ្លួនឯងបន្តិច ពេលខ្លះក៏តឹងតែង បែបនេះតែរាល់ដង
គ្រាន់តែចង់ឲ្យខ្លួនឯងបានក្លាយជាមនុស្សល្អទាំងចិត្តទាំងកាយ។
ម្នាក់នេះមិនឯកាទេ គ្រាន់តែរឹងមាំបន្ដិចប៉ុណ្ណោះ
ដឹងហើយថាផែនដីមួយទាំងមូលនេះ មិនមែនរស់នៅតែម្នាក់ឯងទេ តែក៏មិនមែនមនុស្សមួយផែនដីកើតមកសម្រាប់កំដរម្នាក់នេះដែរ
ដូច្នេះហើយទើបម្នាក់នេះត្រូវតែរឹងមាំបែបនេះកន្លងមក។
មិនគួរចេះតែរំខាននរណាម្នាក់ឡើយ ព្រោះមនុស្សគ្រប់រូបនៅលើផែនដីនេះ
មានសម្ពាធរៀងៗខ្លួន បើមិនបានជួយអ្វីដល់មនុស្សដែលស្រលាញ់អ្នកទេ
កុំយកសម្ពាធរបស់អ្នកទម្លាក់ឲ្យគាត់តាមរយៈសេចក្តីស្រលាញ់របស់គាត់អី។
មនុស្សល្អមិនអាត្មានិយមទេ
ឈប់លះបង់ខ្លួនឯងឲ្យអ្នកដទៃទៅ
អ្នកមានអារម្មណ៍ថាអ្នកល្អពេកទេ?
ជាធម្មតាទោះអ្នកធ្វើអ្វីក៏ដោយ ជីវិតប្រចាំថ្ងៃរបស់អ្នក
ការសម្រេចចិត្តរបស់អ្នក អ្នកតែងបារម្ភដល់ការគិតរបស់អ្នកដទៃជានិច្ច។
អ្នកបារម្ភខ្លាចគេគិតខុស គេមិនយល់រាល់មូលហេតុរបស់អ្នក។
អ្នកល្អពេកហើយ!
ជីវិតរបស់អ្នក សេចក្តីសុខរបស់អ្នក
បានប្រគល់ឲ្យទៅចុងបបូរមាត់មនុស្សដ៏ទៃទាំងអស់។ មានពេលខ្លះអ្នកសុខចិត្តលះបង់ខ្លួនឯង
ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីទង្វើរបស់មនុស្សទាំងនោះទៀត។ ស្អប់ខ្ពើមទង្វើរបស់គេ
តែអ្នកបែរជាខំធ្វើដូចគេ ដើម្បីតែឲ្យពួកគេបានទទួលមេរៀនទៅវិញ។
អ្នកមហិមាមែន! អ្នកហត់ទេដែលខំរស់ដើម្បីតែមនុស្សដទៃបែបនេះ? មនុស្សឆ្លាតគេធ្វើបែបនេះទេ?
កុំលះបង់ពេក!
សេចក្តីសុខរបស់អ្នក បេះដូងរបស់អ្នកកំពុងរង់ចាំអ្នក។
ត្រឡប់មកជាខ្លួនឯងវិញទៅ!
ត្រឹមតែជាខ្លួនឯងដែលមិនផ្តល់ការឈឺចាប់ឲ្យនរណា
ជាខ្លួនឯងដើម្បីសេចក្តីសុខដោយត្រឹមត្រូវ ប៉ុណ្ណឹងល្អណាស់ហើយ។
ឈប់លះបង់ខ្លួនឯងឲ្យអ្នកដទៃទៅ! អ្នកណាថាអីថាទៅ! អ្នកណាធ្វើអីក៏ធ្វើទៅ!
បើខ្លាចគេប៉ះអ្នក អ្នកក៏ខំចៀសគេទៅ!
ទង្វើ និងការគិតចេញពីរូបកាយមួយណា
ភាពល្អនិងអាក្រក់ជារបស់រូបកាយមួយនោះហើយ។
កុំខ្វល់ខ្វាយពេក! មនុស្សល្អនឹងមិនគិត និយាយ ឬធ្វើរឿងអាក្រក់ទេ!
បើអ្នកជាមនុស្សល្អ
មិនត្រូវធ្វើអ្វីដែលខ្លួនអ្នកគិតថាជាទង្វើអាក្រក់នោះទេ។
ធ្វើល្អឲ្យបានច្រើនណា!
រស់នៅឲ្យប្រយ័ត្ននឹងទង្វើ! កុំធ្វើអ្វីដែលជាទុក្ខឲ្យអ្នកដទៃ!
សេចក្តីសុខ
កើតមកពីសេចក្តីសុខចិត្ដតែម្យ៉ាង។
ធ្វើយ៉ាងណាទើបចិត្តសុខ? ធ្វើយ៉ាងណាក៏បានឲ្យតែតម្រូវតាមចិត្តចង់បាន
ចិត្តនោះនឹងសុខហើយ តែសុខបែបណាទើបសុខបានយូរ នោះទើបជាអ្វីដែលអ្នកត្រូវខ្វល់។
ចុះធ្វើយ៉ាងណាទើបសុខបានយូរ?
សេចក្តីសុខតែមួយគត់ដែលអាចនៅជាមួយអ្នកបានយូរបំផុត
នោះគឺសុខដោយសប្បុរស។
មហិមាណាស់់មែនទេ? អ្នកណាធ្វើបាន?
ចា៎! ដឹងហើយថាគ្មានអ្នកណាធ្វើបាន១០០%ទេ
តែមាននរណាបង្ខំឲ្យអ្នកធ្វើឲ្យបាន១០០%? ហើយក៏គ្មាននរណាបង្ខំឲ្យអ្នកធ្វើក្នុងកម្រិតប៉ុន្មានភាគរយដែរ!
អ្នកចង់បានសេចក្តីសុខបែបនោះឲ្យគង់វង្សប៉ុន្មានភាគរយ
គឺជាការសម្រេចរបស់អ្នកខ្លួនឯងទេ!
អារម្មណ៍នៃការឲ្យដោយក្តីមេត្តា ដោយចិត្តស្មោះ
អារម្មណ៍មួយនោះប្រសើរបំផុត។ នឹកដល់ពេលណា វាក្លាយជាសេចក្តីសុខបំផុត
ទោះជាកន្លងហួសយូរក៏ដោយ នោះហើយហៅថាសេចក្តីសុខដោយសប្បុរស។
សុខមួយទៀតដែលតែងតែធ្វើឲ្យមនុស្សឈឺចាប់ ឬមានវិបត្តិ
វិប្បដិសារីនាថ្ងៃក្រោយ នោះគឺសុខដោយអាត្មានិយម!
សេចក្តីសុខដែលបានមកពីសេចក្តីទុក្ខ ការខកចិត្ត ខកបំណងពីអ្នកដទៃ
ឬមនុស្សជាទីស្រលាញ់ វានឹងក្លាយជាថ្នាំពុល ជាសេចក្តីទុក្ខនាពេលក្រោយ។
ដោយនិស្ស័យល្អខ្លះៗនៅក្នុងខ្លួន ថ្ងៃមួយអ្នករឭកថាសុខដែលបានកន្លងមក
ជាសុខដែលមិនត្រូវនឹងគុណធម៌
សុខនោះនឹងផ្តល់អារម្មណ៍វិប្បដិសារីដល់អ្នកនៅថ្ងៃនោះឯង។
ដោយកំហឹងពីមនុស្សដែលអ្នកផ្តល់ទុក្ខឲ្យ
សុខនោះនឹងក្លាយជាភ្លើងក្នុងចិត្តពួកគាត់ ភ្លើងចិត្តវាក្តៅជាងភ្លើងធម្មតា
ភ្លើងចិត្តបើឆេះកាលណាវាមិនងាយរលត់ទេ
ហើយវានឹងតាមដុតរាល់ពេលដែលអ្នកបានសុខ។
តែពេលខ្លះភ្លើងនោះដុតអ្នកមិនដល់ទេ ព្រោះតែអ្នកហោះបានខ្ពស់ពេក
តែត្រូវចាំថា កម្មពៀរពិតជាមាន ❤️
រស់នៅឲ្យប្រយ័ត្ននឹងទង្វើ! កុំធ្វើអ្វីដែលជាទុក្ខឲ្យអ្នកដទៃ!
ផែនដីនេះមិនបានបង្កើតអ្នកឲ្យមកធ្វើជាដង្កូវក្នុងចិត្តនរណាទេ
គ្រាន់តែចង់ឲ្យអ្នកធ្វើជាផ្កាដែលមានពណ៌ស្រស់ និងក្លិនក្រអូបតែប៉ុណ្ណោះ
ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!
ភ្លៀងធ្លាក់ខែកតិ្តក
មិនត្រជាក់ទេតែរងាណាស់។
ខ្ញុំរងាចិត្តហេតុអី ខ្ញុំនៅតែឯកាបើស្នេហាជារបស់ខ្ញុំហើយ?
ពេលខ្លះមានអារម្មណ៍ដូចជាបាត់បង់មនុស្សយល់ចិត្តម្នាក់។
តាំងពីពេលដែលយើងចាប់ផ្តើមទំនាក់ទំនងនេះមក ខ្ញុំកាន់តែឯកាជាងមុន។
តើហេតុអីទៅ?
ក្នុងនាមជាមនុស្សពិសេស ខ្ញុំចង់បានភាពពិសេសនៅក្នុងចិត្តគេ។
បើគេមិនធ្វើបានដូចចិត្តខ្ញុំទេ ខ្ញុំនឹងអន់ចិត្ត យើងនឹងឈ្លោះគេ។
គេក៏ដូចគ្នា គេចង់បានភាពពិសេសនៅក្នុងចិត្តខ្ញុំ
បើពេលខ្លះខ្ញុំធ្វើមិនបាន គេអន់ចិត្ត និយាយមិនត្រូវគ្នា ពួកយើងមិនស្តីរកគ្នា។
គេមិនលួងខ្ញុំ ខ្ញុំមិនលួងគេ ពួកយើងខាននិយាយគ្នាពីរ បីថ្ងៃ។
កាលពីមុន មិនអ៊ីចឹងទេ! គេមិនទាមទារ គេមិនចង់ឈ្នះ
ខ្ញុំក៏ដូចគ្នាព្រោះកាលនោះយើងត្រឹមតែជាមិត្ត។
មិត្ត! ព្រោះតែពាក្យថាជាមិត្ត ទើបយើងផ្តល់គម្លាតឲ្យដៃគូ
ព្រោះតែជាមិត្ត ទើបយើងមិនទាមទារ ឬហួងហែងហួសហេតុពេក។
ចុះមនុស្សពិសេសនេះ ជាមនុស្សរំខានឬ? បានជាយើងត្រូវទាមទារអ្វីដែលហួសហេតុ
រហូតដល់អន់ចិត្តគ្នាពីរបីថ្ងៃ?
ចុះកាលពីនៅជាមិត្ត មិនបាននិយាយគ្នាពីរបីថ្ងៃ តើគួរតែអន់ចិត្ត
លួចកត់សម្គាល់គ្នាខ្លះដែរទេ?
ល្មមៗបានហើយ! កុំព្យាយាមយកស្នេហាជាសម្ពាធនៃទំនាក់ទំនងអី។
ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!
ស្នេហាមិនបានធ្វើឲ្យនរណា ឯកា ឬឈឺចាប់ទេ!
មានតែអ្នកដែលមិនចេះសាងទំនាក់ទំនងស្នេហាប៉ុណ្ណោះទើបមិនបានទទួលភាពបរិសុទ្ធ
និងផ្អែមល្ហែមពីសេ្នហា។
ឈប់ព្យាយាមធ្វើជាម្ចាស់របស់ដៃគូទៅ!
ស្នេហាគឺភាពជឿជាក់ និងយោគយល់!
បើកចិត្តឲ្យទូលាយ រក្សាចិត្តឲ្យបរិសុទ្ធ ទើបស្នេហាអាចគង់វង្ស។
ពេលខ្លះអស់សង្ឃឹម
ពេលខ្លះអស់សង្ឃឹម
មិនដឹងថាត្រូវរស់បែបនេះដល់ពេលណាទៀតទេ។
អារម្មណ៍ពេលខ្លះពិតជាទន់ជ្រាយណាស់។
ខ្ញុំឯកា! ខ្ញុំហេហាល! ខ្ញុំស្រាប់តែបន់ឲ្យមានមនុស្សម្នាក់ដែលចាំតែនៅទីនេះដើម្បីខ្ញុំ
ជួយខ្ញុំគ្រប់បញ្ហា ស្តាប់គ្រប់អារម្មណ៍របស់ខ្ញុំ។
បើមានម្នាក់នោះមែនតើល្អណាស់មែនទេ?
ប្រហែលជាល្អហើយ! ចុះប្រសិនបើមិនមាន?
មិនមានក៏ហីទៅ! ខ្ញុំក៏នៅតែអាចរស់បាន
ខ្ញុំទន់ជ្រាយតែមួយភ្លែតទេ មនុស្សឯណាមិនចេះហត់?
ហត់ហើយគ្រាន់តែសម្រាកបន្តិច បើឯកា ក៏ទៅធ្វើអីដែលចិត្តចង់ធ្វើទៅ
មិនពិបាកសោះគ្រាន់តែធ្វើឲ្យខ្លួនឯងសប្បាយចិត្ត
គ្រាន់តែផ្តល់ស្នាមញញឹមមួយនៅលើមុខនេះ។
បើគ្មាននរណាស្រលាញ់ខ្ញុំ ខ្ញុំស្រលាញ់ខ្លួនឯងក៏បាន!
ខ្ញុំជឿថាមានតែសេចក្តីស្រលាញ់ចំពោះខ្លួនឯងទេ ទើបជាកម្លាំងចិត្តពិសេសឲ្យខ្លួនឯងខំដើរទៅមុខបាន
ហើយក៏មានតែភាពជឿជាក់លើខ្លួនឯងដែរ ដែលធ្វើឲ្យខ្លួនឯងរឹងមាំ។
តាមពិតទៅខ្ញុំរឹងមាំណាស់ មិនដឹងថាហេតុអីសុខៗអស់សង្ឃឹម? តាមពិតខ្ញុំគួរតែសប្បាយ ព្រោះគិតៗទៅខ្ញុំបានធ្វើរឿងសមបំណងជាច្រើន
គ្រាន់តែពេលខ្លះខ្ញុំភ្លេចរាប់ចូលការចងចាំតែប៉ុណ្ណឹង។
ឱ! នរណាខ្លះអាចធ្វើបានដូចជាខ្ញុំ?
ខ្ញុំ ពេលនេះមិនមែនតំណាងឲ្យអ្នកនិពន្ធរតនាទេ
គឺជាអ្នកកំពុងអានទៅវិញទេ។
កុំអស់សង្ឃឹមណា៎ អ្នកពូកែណាស់! រឹងមាំបន្តទៀតណា៎
ធ្វើវាទៅ!
ហត់ណាស់មែនទេ នៅពេលដែលត្រូវធ្វើអ្វីដោយខ្លួនឯងបែបនេះ? ហេតុអីក៏មានអារម្មណ៍ថាពិបាកខ្លាំងម្ល៉េះ?
ហ៉ឺ! ខ្ញុំអើយខ្ញុំ! ធំហើយធ្វើដូចកូនក្មេង រឿងខ្លះងាយៗសោះតែធ្វើដូចជាធំណាស់អ៊ីចឹង។
អង្គុយពិបាកចិត្តរឿងមួយដែលខ្លួនឯងមិនចេះធ្វើ តែមនុស្សមិនតិចនាក់អាចធ្វើបាន ហើយខ្ញុំយ៉ាងម៉េចហ្នឹង? អន់ប៉ុនណាទើបធ្វើមិនបាន?
ខ្ញុំជាមនុស្សពូកែ! គេធ្វើបាន ខ្ញុំក៏ធ្វើបាន! ពេលនេះខ្ញុំមិនចេះ តែនៅពេលដែលខ្ញុំចេះ ខ្ញុំនឹងពូកែជាងអ្នកចេះមួយចំនួនទៀត។ នេះហើយគឺខ្ញុំ!
ចុះបើដឹងថាខ្លួនឯងរឹងមាំហើយ នៅពិបាកចិត្តអីទៀត?
ធ្វើវាទៅ! មិនចេះត្រូវរៀន រៀនចេះហើយត្រូវធ្វើឲ្យបានល្អ
ខ្ញុំធ្វើបាន អ្នកទាំងអស់គ្នាក៏ធ្វើបាន!
កុំបណ្តោយអារម្មណ៍ឲ្យសាំញាំនឹងរឿងតូចតាចខ្លាំងពេក ទុកពេលឲ្យអារម្មណ៍បានសម្រាកខ្លះផង រាល់ថ្ងៃនេះអ្នកហត់ណាស់ហើយ។
មើលថែខ្លួនឯងឲ្យបានល្អណា៎ មនុស្សក្នុងកញ្ចក់បារម្ភពីអ្នក
មនុស្សឆ្លាត មនុស្សរឹងមាំ
គេអាត្មានិយម គេកុហកបោកប្រាស់…
គេមិនសមធ្វើបែបនោះសោះ គេគួរតែ…
កុំរវល់តែចំណាយពេលទៅគិត ថ្លឹងថ្លែង ថាគេបានធ្វើខុស ឬត្រូវ ឬគួរធ្វើបែបណា ឬហេតុផលអ្វីទើបគេធ្វើបែបនោះ។
កុំខ្វល់ខ្វាយនឹងអ្វីដែលមិនដែលមិនស្ថិតស្ថេរនោះខ្លាំងពេក។
អ្នកមិនមែនជាអទិទេព ដែលតែងតែអាចកែប្រែស្ថានការណ៍ ឬប្តូរចរិតនិស្ស័យរបស់មនុស្សបានទេ។
អ្នកមិនមានអភិនិីហារអ្វី អាចទប់ស្កាត់រឿងល្អៗមិនឲ្យកន្លងហួសនោះទេ។
បើបរិយាកាសមួយនោះបានផ្លាស់ប្តូរទៅហើយ
កុំខាតពេលទៅសោកស្តាយ សោកសៅ ឬទាមទារឲ្យវាត្រឡប់មកវិញឡើយ។
អ្វីដែលអ្នកគួរធ្វើ គឺផ្លាស់ប្តូរស្ថានការណ៍របស់អ្នកខ្លួនឯង កែប្រែខ្លួនឯង និងនាំខ្លួនឯងទៅរកអ្វីដែលប្រសើរ។
ប្រសិនបើអ្នកមិនចង់ទៅរកអ្វីដែលប្រសើរជាងនេះ អ្នកគួររកវិធីរស់ជាមួយបរិយាកាសដែលផ្លាស់ប្តូរ។
មនុស្សឆ្លាត មនុស្សរឹងមាំ នឹងមិនចំណាយពេលទៅខ្វល់ពីអ្វីដែលកន្លងហួសទៅហើយនោះទេ។ ជីវិតរបស់គាត់ សម្រាប់តែសេចក្តីប្រសើរ។
នៅបាន គឺនឹងនៅដោយប្រសើរ!
នៅមិនបាន គឺត្រូវទៅដោយប្រសើរ!
ក្តីស្រលាញ់របស់ខ្ញុំ
ស្រលាញ់អ្នក!
ព្រោះតែខ្ញុំក្លាហាន ទើបខ្ញុំហ៊ានសួរ
ស្រលាញ់ខ្ញុំទេ?
អ្នកឆ្លើយថា មិនដឹងទេ
អ្នកថា សុំពេលគិតសិន។
ជឿជាក់លើការស្រលាញ់របស់ខ្ញុំមែនទេ? បានជាអ្នកតែងតែឲ្យខ្ញុំមានវត្តមាន
រាល់ពេលដែលអ្នកជួបបញ្ហា។
ជឿចិត្តខ្ញុំមែនទេ? បានជាអ្នកតែងតែប្រាប់គ្រប់យ៉ាងដល់ខ្ញុំ។
ចូលចិត្តខ្ញុំមែនទេ? បានជាអ្នកឲ្យខ្ញុំចំណាយពេលជាមួយអ្នករហូតមក។
មើលឃើញចំនុចល្អរបស់ខ្ញុំជាច្រើន តែ! នៅតែយកខ្ញុំទៅថ្លឹងនឹងគេ។
បើទោះជាបេះដូងរបស់អ្នកជាជញ្ជីង
អ្នកត្រូវដឹងថាខ្ញុំនិងគេមិនមែនជាឧបករណ៍សម្រាប់ថ្លឹងទេ។
ចិត្តរបស់អ្នកធ្ងន់ទៅខាងណាជាងមិនសំខាន់ទេ
សំខាន់គឺខ្ញុំមិនបានធ្វើរឿងកន្លងដើម្បីដាក់ទម្ងន់ទៅលើចិត្តអ្នកឡើយ។
ខ្ញុំធ្វើព្រោះតែចិត្តស្រលាញ់បញ្ជាតែប៉ុណ្ណោះ ការស្រលាញ់មិនបានឲ្យខ្ញុំទាមទារការតបស្នងឡើយ។
ក៏ព្រោះតែខ្ញុំជឿជាក់ចំពោះស្នេហា ទើបខ្ញុំមិនខ្វល់ថា
ទម្ងន់ចិត្តអ្នកធ្ងន់លើអ្នកណា។ ខ្ញុំមិនចាប់អារម្មណ៍បេះដូងជញ្ជីងរបស់អ្នកឡើយ!
បើចិត្តអ្នកគ្មានស្នេហា ខ្ញុំក៏មិនត្រូវការមនោសញ្ចេតនាមួយនោះដែរ!
អ្នកឲ្យតម្លៃលើខ្លួនអ្នក ខ្ញុំក៏ឲ្យតម្លៃលើស្នេហារបស់ខ្ញុំដូចគ្នា
ស្នេហារបស់ខ្ញុំស្រស់បំព្រងណាស់
វាស័ក្តិសមនឹងមនុស្សដែលមានបេះដូងស្រស់បំព្រងដូចគ្នាតែប៉ុណ្ណោះ។