ស្បែកជើងដែលខ្ញុំស្រលាញ់ខ្លាំង ពាក់ទៅណាមកណាក៏គេសរសើរថាសមនឹងខ្ញុំ ទោះខ្ញុំពាក់ដើរឆ្ងាយប៉ុនណាក៏មិនដែលឈឺផ្សាជើងខ្ញុំដែរ តែទោះជាខ្ញុំខំថែយ៉ាងណាក៏ពេលនេះស្បែកជើងខ្ញុំដាច់ហើយ។
ខ្ញុំមិនអាចពាក់ស្បែកជើងចាស់របស់ខ្ញុំដើរទៅមុខទៀតបានទេ។
ខ្ញុំមិនធ្លាប់ដើរដោះស្បែកជើងសោះ ពេលនេះខ្ញុំគួរធ្វើយ៉ាងណា? ឈប់ដើរទៅមុខបន្ត រឺកាត់ជើងដើម្បីជៀសផុតពីការដើរជើងទទេនិងការពាក់ស្បែកជើងថ្មី? វាមិនអាចទៅរួចទេដែលត្រូវកាត់ជើងតាមស្បែកជើងដាច់ តែបើដើរទៅមុខដោយជើងទទេរតើខ្ញុំដើរបានប៉ុន្មានជំហ៊ានទៅ? ចុះបើខ្ញុំព្រមពាក់ស្បែកជើងថ្មីតើខ្ញុំអាចឈឺជើងទេ?
ខ្ញុំមិនហ៊ានសាកពាក់ស្បែកជើងថ្មីទេ ព្រោះខ្ញុំនៅតែនឹកដល់ភាពឥតខ្ចោះរបស់ស្បែកជើងចាស់។ តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីដើរបន្តទៅមុខទៀតបាន? ស្បែកជើងចាស់ដាច់ហើយ តែខ្ញុំមិនអាចបញ្ឈប់តំណើរព្រោះតែគ្មានស្បែកជើងចាស់នោះទេ ព្រោះដង្ហើមខ្ញុំនៅតែមាន ហើយខ្ញុំត្រូវបន្តតំណើរអោយអស់មួយជីវិតនេះ។ ខ្ញុំឈប់ដើរទៅមុខបានតែមួយរយៈ ហើយខ្ញុំក៏ដើរបន្តដោយជើងទទេ ខ្ញុំដើរមិនបានឆ្ងាយទេព្រោះជើងខ្ញុំឈឺណាស់។ ជួបនឹងស្បែកជើងថ្មីមួយគូ ស្រដៀងស្បែកជើងចាស់របស់ខ្ញុំ តែខ្ញុំពាក់មិនចូលជើងសោះ បានត្រឹមអស់សង្ឃឹុមហើយទៅមុខបន្ត។
បន្ទាប់មកក៏ជួបស្បែកជើងល្អមួយគូ ខ្ញុំស្មានតែស្បែកជើងថ្មីអាចធ្វើអោយខ្ញុំភ្លេចស្បែកជើងចាស់ហើយ តែពាក់ស្បែកជើងល្អធ្វើអោយជើងខ្ញុំឈឺណាស់ ឈឺជាងដែលដើរដោយជើងទទេទៅទៀត។ ខ្ញុំសម្រេចចិត្តដើរជើងទទេទាំងចិត្តនឹកដល់ស្បែកជើងចាស់របស់ខ្ញុំរាល់ពេលដែលជើងខ្ញុំឈឺ។ ថ្ងៃមួយខ្ញុំក៏បានជួបនឹងស្បែកជើងធម្មតាមួយគូ វាមិនសមនឹងខ្ញុំសោះ ខ្ញុំសម្រេចចិត្តមិនពាក់វាទេ ខ្ញុំសុខចិត្តបន្តដើរដោយជើងទទេ។
ដើរកាន់តែយូរជើងខ្ញុំកាន់តែឈឺ នឹកដល់ស្បែកជើងដែលខ្ញុំដើររំលង ខ្ញុំក៏បកក្រោយទៅរកវាវិញហើយក៏ពាក់វាដើររហូតដល់ទីបញ្ចប់នៃជីវិត។ ទោះស្បែកជើងនោះសាមញ្ញ មិនស្អាត មិនសក្តិសមនឹងខ្ញុំ តែវាក៏មិនធ្លាប់ធ្វើអោយជើងខ្ញុំឈឺ ហើយកំដរខ្ញុំដើររហូតដល់ជីវិតចុងក្រោយ… ខ្ញុំទុកការចងចាំពេលដែលពាក់ទុកស្បែកជើងចាស់ដែលដាច់នោះ ជាអនុស្សាវរីយ៍ល្អមួយក្នុងជីវិត។ ហើយស្បែកជើងផ្សេងទៀតដែលធ្លាប់ជួប ខ្ញុំចាត់ទុកជាមេរៀន ជាអំបិលមួយចឹបនៅក្នុងបង្អែមជីវិតរបស់ខ្ញុំ។ ឯស្បែកជើងដែលកំដរខ្ញុំដើរដល់ជីវិតចុងក្រោយ គឺជាដៃគូដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ ជាបង្អែមជីវិត ជាបេះដូង។ ❤️ បញ្ចាក់៖ ស្បែកជើងមិនតំណាងឲ្យមនុស្សណាម្នាក់ឡើយ ស្បែកជើងនៅក្នុងអត្ថបទនេះតំណាងឲ្យមនោសញ្ចេតណានៃទំនាក់ទំនងតែប៉ុណ្ណោះ ជាអារម្មណ៍…
អត្ថបទអ្នកនិពន្ធរតនា
👉សុំឱ្យការផុសបន្តជាការ shareដើម្បីគាំទ្រការលុបបំបាត់ទង្វើនៃការកេងប្រវ័ញ្ចលើស្នាដៃដើម ក្នុងការរកប្រយោជន៍ផ្សេងៗរបស់Page ឬWebsite មួយចំនួន។