មនុស្សរំខាន

ហេតុអីខឹងគេសុខចិត្តបង្អត់ខ្លួនឯងមិនញ៉ាំបាយ? មានមនុស្សមិនតិចនាក់ទេដែលចូលចិត្តធ្វើបាបខ្លួនឯងនៅពេលដែលខឹងមនុស្សដែលខ្លួនឯងស្រលាញ់ ឬខឹងនរណាម្នាក់។

មិនយល់ទេថាប្រយោជន៍អ្វីដែលត្រូអ្វីអ៊ីចឹង? ធ្វើបាបខ្លួនឯងដើម្បីដាក់សម្ពាធឱ្យគេ។ ព្រោះគេជាមនុស្សដែលមានការទទួលខុសត្រូវ គេក៏សុខចិត្តធ្វើចាញ់ មកលួង មកសុំទោសដើម្បីមិនឱ្យអ្នកធ្វើបាបខ្លួន ដែលតាមការពិតទៅ រូបកាយនោះមិនមែនជារបស់គេសោះ។ បើទោះអ្នកឃ្លាន​ ឬឈឺគេក៏មិនអាចចូលរួមទុក្ខមួយនោះជាមួយអ្នកបាន។

ចង់ឱ្យគេបន្ទោសខ្លួនឯងរាល់ពេលដែលអ្នកខឹង នៅមានតម្លៃចេះតែធ្វើទៅ តែពេលមួយដល់ក៏នរណាក៏ចេះធុញដែរ។ មនុស្សដែលចូលចិត្តដាក់សម្ពាធឱ្យអ្នកដទៃ មិនខុសអ្វីពីមនុស្សរំខាន មនុស្សដែលផ្តល់ក្តីស្រលាញ់ព្រោះភាពអាត្មានិយមនោះទេ។

ឈប់ទៅ! បើធ្លាប់ធ្វើបែបនេះដាក់មនុស្សដែលស្រលាញ់អ្នក។ ឈប់ទៅ! បើចង់ឱ្យគេនៅស្រលាញ់បានយូរ! ហើយក៏គួរឈប់ទៅបើចង់ឱ្យខ្លួនឯងបានសុខពិតប្រាកដនោះ ព្រោះថាទង្វើបំផ្លាញខ្លួនឯងបែបនេះមិនមែនជាទង្វើដែលមនុស្សឆ្លាតគេធ្វើទេ ធ្វើបាបខ្លួនឯង ដាក់សម្ពាធឱ្យមនុស្សដែលគេស្រលាញ់អ្នក មិនយូរមិនឆាប់គេនឹងចេញទៅចំពេលដែលអ្នកភ្លេចពីរបៀបស្រលាញ់ខ្លួនឯង។

រស់នៅកុំរំពឹកលើនរណាពេក ខ្លួនឯងចេះមើលថែខ្លួន មនុស្សពីរនាក់មិនចុះសម្រុងគ្នាជារឿងផ្សេងអត់មានពាក់ព័ន្ធអីនឹងរឿងបាយ ទឹក​ គេងទេ ឈប់បានឈប់ទៅព្រោះទង្វើរនេះរំខានចិត្តគេឯងណាស់!

#អត្ថបទអ្នកនិពន្ធរតនា

មនោសញ្ចេតនាមិនសម្រាប់បោះទុន

មិនថាអ្វីមួយនោះជាស្នេហា ការងារ ឬវត្ថុជាទីស្រលាញ់ បើយើងលើកវាឱ្យសំខាន់ជាងក្តីសុខរបស់យើងនោះយើងនឹងជួបទុក្ខមិនចេះតិចដងដោយសារតែវា។ ពេលខ្លះរបស់អ្វីមួយនោះវាមិនបានធ្វើអីទេ តែចិត្តយើងខ្លួនឯងទេដែលប្រកាន់ទាមទារចង់បានឱ្យវាទៅជាយ៉ាងនេះ ឬយ៉ាងនោះ។ នៅពេលដែលវាមិនបានដូចចិត្ត យើងក៏ខកចិត្ត ខកបំណងសោកសង្រេងមិនសប្បាយចិត្ត កាត់បន្ថយសេចក្តីសុខខ្លួនឯង។ និយាយស្រួល តែធ្វើវាមិនស្រួល! ចុះធ្វើយ៉ាងម៉េចមិនឱ្យចិត្តប្រកាន់ហួងហែងរបស់អ្វីមួយនោះបាន? មិនពិបាកទេ លុបពាក្យពេកចេញពីការស្រលាញ់ ហួងហែងមួយនោះ ជំនួសឱ្យពាក្យ អ៊ីចឹងក៏បាន! ឬអត់បញ្ហា!ប៉ុណ្ណឹងទៅ យើងមិនចាំបាច់ហត់ចិត្តទៅខ្វល់ខ្វាយនឹងរបស់អស់ទាំងនោះទៀតទេ។ អ្នកណាធ្វើអី ធ្វើទៅ គេឱ្យបានប៉ុនណាយកប៉ុណ្ណឹងទៅ ទទួលបានក៏ចេះតែទទួល ទទួលមិនបានក៏ដើរចេញ។ ពេលខ្លះមិនថាកាលៈទេសៈ ស្នេហា ការងារ ឬមិត្តភាព ឬវត្ថុជាទីស្រលាញ់អ្វីទេ ស្រលាញ់ត្រឹមតែអាចឱ្យបានតែម្ខាងទៅបានហើយ កុំខំស្រលាញ់ដល់ថ្នាក់បោះទុនរង់ចាំផលចំណេញដូចអ្នករកស៊ីអី ព្រោះថាអារម្មណ៍ មនោសញ្ចេតនាគេសម្រាប់ផ្តល់ឱ្យ គេមិនសម្រាប់បោះទុនទេ។

#អត្ថបទអ្នកនិពន្ធរតនា

កុំខ្វល់នឹងពាក្យ “ប៉ុន្តែ” របស់អ្នកដទៃ

អ្វីៗដែលខ្ញុំកំពុងតែមាន ជាអ្វីដែលមនុស្សមួយចំនួនមិនធ្លាប់មាន ឬកម្រមាន។ មានមនុស្សជាច្រើនកំពុងចង់បានជីវិតដូចខ្ញុំនាពេលនេះ។ គេខំគិតធ្វើយ៉ាងណាឱ្យបានមកឈរនៅកន្លែងដែលខ្ញុំកំពុងឈរ។

ក្នុងពេលតែមួយ ក៏មានមនុស្សខ្លះៗដាក់ពាក្យ “ប៉ុន្តែ” នៅក្នុងស្ថានភាពជីវភាពជីវិតរបស់ខ្ញុំ។

គួរទេ? បើខ្ញុំខ្វល់នឹងពាក្យ “ប៉ុន្តែ” របស់ពួកគេទាំងនោះ 
ខ្ញុំក៏ចង់ខ្វល់ដែរ តែខ្ញុំ ក៏មានពាក្យ “ប៉ុន្តែ” របស់ខ្ញុំ ជាហេតុផលមិនឱ្យទៅខ្វល់ ឈឺក្បាលនឹងពាក្យ “ប៉ុន្តែ” ដែលគេដាក់ឱ្យជីវិតខ្ញុំ។

គេថា ខ្ញុំពូកែណាស់ ខ្ញុំមានគ្រប់យ៉ាង “ប៉ុន្តែ”ខ្ញុំនៅតែមិនទាន់ធ្វើជាថៅកែ។
ជីវភាពជីវិតមួយដែលមនុស្សច្រើននាក់ប្រាថ្នាចង់បានពេលនេះជារបស់ខ្ញុំ។ 
ថៅកែ? “ប៉ុន្តែ” ខ្ញុំអត់ចង់ធ្វើថៅកែ ឬ អត់ទាន់ដើរទៅដល់កន្លែងមួយនោះ ឬ……។

“ប៉ុន្តែ” បែបណាអត់សំខាន់ ពាក្យ “ប៉ុន្ត” ដែលសំខាន់សម្រាប់ខ្ញុំ គឺកម្លាំងចិត្ត ភាពស្កប់ស្កល់ និងការគិតវិជ្ជមាន។

ខ្ញុំអត់បានធ្វើថៅកែនាពេលនេះ “ប៉ុន្តែ” ខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំមាន ខ្ញុំពេញចិត្តអ្វីដែលខ្ញុំកំពុងធ្វើ។

ពាក្យ “ប៉ុន្តែ” របស់គេមិនរសើបត្រចៀកខ្ញុំទេ។ ពាក្យ “ប៉ុន្តែ” ដែលធ្វើឱ្យខ្ញុំខូចចិត្ត ឯកា ឬបន្ទោសបង្អាប់ខ្លួនឯង ខ្ញុំសូមមិនធ្វើឮ 😊

#អត្ថបទអ្នកនិពន្ធរតនា

ល្អកាយ ឬល្អចិត្ត?

 ខ្ញុំស្អប់រាល់ពេលដែលខ្លួនឯងភ្ញាក់ពីគេង ហេតុអ្វីបង្ខំឲ្យខ្ញុំភ្ញាក់ពីគេង ឲ្យខ្ញុំឃើញរូបកាយដែលមិនគួរឲ្យពេញចិត្តបែបនេះ? ខ្ញុំស្អប់កញ្ចក់ដែលមិនអាចឲ្យខ្ញុំបានឃើញរូបមួយដែលខ្ញុំចង់បាន ខ្ញុំមិនចូលចិត្តមនុស្សនៅក្នុងកញ្ចក់នោះទេ រូបសម្ផស្សដែលធ្វើឲ្យអាប់ឱនបែបនេះមិនគួរមាននៅក្នុងផែនដីនេះទេ។ សម្បកកាយដែលស្អាតល្អមានច្រើនណាស់ តើហេតុអ្វីក៏មិនមែនជារបស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅក្នុងសម្បកកាយដែលមិនគ្រប់លក្ខណៈ មិនស្រស់ស្អាតបែបនេះទៅវិញ? ព្រហ្មលិខិតមិនយុត្តិធម៌!
ពីដើមមកខ្ញុំតែងខំសាងល្អច្រើនណាស់ ខ្ញុំមិនដែលបានសាងអាក្រក់ទៅលើនរណាទេ ចុះហេតុអ្វីគ្មានអភិនិហាអ្វីឲ្យខ្ញុំបានស្អាតដូចជាចិត្តរបស់ខ្ញុំផង? ខ្ញុំចង់ឲ្យមានក្រសែភ្នែកសម្លឹងមកខ្ញុំដោយពាក្យសរសើរដូចដែរ ពួកគេពិតជាមិនយល់ចិត្តខ្ញុំទេ មិនដែលខ្វល់ថាខ្ញុំមានអារម្មណ៍យ៉ាងណា ចិត្តគេមិនល្អសោះ គេតែងតែប្រមាថដល់រូបភាពខាងក្រៅរបស់ខ្ញុំ។
គេមិនល្អសោះ! តែគេស្អាតណាស់!
ចុះខ្ញុំ? ខ្ញុំមិនស្អាតទេ! តែចិត្តខ្ញុំល្អណាស់!
ព្រហ្មលិខិតមិនយុត្តិធម៌!
ខ្ញុំសាកអានអក្សរខ្មៅ៣ជួរនេះ ៣ដងទៀតដដែរៗ ភ្នែករបស់ខ្ញុំចាប់ផ្តើមមានពន្លឺ មុននេះបើខ្ញុំមានទឹកភ្នែកហូរ នេះគឺជាពេលជូតទឹកភ្នែកនោះឲ្យស្ងួត ហើយបើសិនជាខ្ញុំមានទឹកភ្នែកហូរនាពេលនេះ ស្នាមញញឹមរបស់ខ្ញុំក៏មានស្របគ្នាដែរ។ព្រហ្មលិខិតមិនយុត្តិធម៌! 
ខ្ញុំអរគុណដែលអ្នកមិនយុត្តិធម៌បែបនេះ អរគុណដែលលម្អៀងមកខាងខ្ញុំ។ បើសិនជាអ្នកឲ្យខ្ញុំកើតជាមកដើម្បីធ្វើជាមនុស្សប្រភេទស្អាតរូបមិនស្អាតចិត្តបែបនោះ ខ្ញុំសុខចិត្តមិនកើតមកល្អជាង។ ខ្ញុំអរគុណព្រហ្មលិខិតដែលផ្តល់អភិនីហាដល់ជីវិតខ្ញុំ ទោះខ្ញុំមិនអាចកើតមកក្នុងសម្បកកាយស្រស់ឆើតឆាយដូចគេ តែអ្នកបានផ្តល់ទឹកចិត្តដែលថ្លៃថ្លាជាពេជ្រនេះដល់ខ្ញុំ។ ឱ!អ្នកណាអើយ បើអ្នកយករូបជាសំខាន់ នោះអ្នកនឹងមិនសុខបានយូរឡើយ ព្រោះកាយដែលអ្នកកំពុងតែឈ្លក់នេះនឹងរត់ចោលអ្នកទៅតាមពេលវេលានិងហេតុការណ៍ណាមួយ។ តែចិត្តល្អ​នេះ វានឹងមិនដែលទៅណាចោលខ្ញុំ បើទោះថ្ងៃមួយខ្ញុំលែងនៅលើផែនដីនេះ ចិត្តល្អរបស់ខ្ញុំនឹងនៅតែរស់នៅទីនេះដើម្បីរំឮកពីវត្តមានរបស់ខ្ញុំ។ ខ្ញុំលែងចាប់អារម្មណ៍ហើយថាពេលខ្ញុំទៅក្រៅ ខ្ញុំមិនអាចទទួលបានក្រសែភ្នែកកោតសរសើរពីរូបសម្រស់ ខ្ញុំនឹងខំរក្សាតែចិត្តល្អរបស់ខ្ញុំឱ្យគង់ ភ្នែកទាំងឡាយដែលមិនធ្លាប់ចាប់អារម្មណ៍ខ្ញុំតាំងពីដំបូង និងចងចាំខ្ញុំនាពេលដែលខ្ញុំលែងនៅ។ ឈប់កើតទុក្ខទៅណា៎! រូបមិនល្អមិនអីទេ ចិត្តមិនល្អទើបជាក្តីបារម្ភ!

#អត្ថបទអ្នកនិពន្ធរតនា

បើមិនចង់បានទំនាក់ទំនងក្លែងក្លាយ ក្តីស្រលាញ់ក្លែងក្លាយ ឈប់ធ្វើជា

មាននរណាខ្លះដែលមិនចង់បានក្តីស្រលាញ់ស្មោះត្រង់នោះ? គ្មានទេ!

មិនមានមនុស្សចង់បានក្តីស្រលាញ់ដែលមិនស្មោះត្រង់សោះ តែមនុស្សចូលចិត្តឱ្យក្តីស្រលាញ់ក្លែងក្លាយមួយនោះទៅអ្នកដទៃទៅវិញ។ ព្រោះអ្វី?

ហេតុផលទី១ គឺព្រោះតែការចង់បាន។ ហេតុផលទី២ គឺព្រោះតែភាពអាត្មានិយម។

ចង់បាននោះគឺអ្វី?

ចង់បានក្តីស្រលាញ់មួយ ចង់បានភាពស្និទ្ធស្នាលមួយ មនុស្សចូលចិត្តកុហក លាក់លៀមនិស្ស័យមិនល្អរបស់ខ្លួននៅពេលចាប់ផ្តើមទំនាក់ទំនងនិមួយៗ។ ការគោរពគ្នា ខ្វល់ខ្វាយគ្នា រអាលចិត្តគ្នា និងលះបង់ចំពោះគ្នាដែលមានតែមួយរយៈពេលខ្លី មិនខុសអីពីការកុហក ឬហៅបានថាលាក់លៀមចរិតពិត។

រឿងល្អៗដែលបានខំធ្វើត្រឹមមួយរយៈខ្លីដើម្បីឱ្យបានទំនាក់ទំនងមួយនោះ វានឹងរលាយទៅតាមពេលវេលា។ វានៅមិនយូរឡើយ ព្រោះមនុស្សមិនអាចបង្ខំខ្លួនឯងឱ្យធ្វើរឿងដែលខ្លួនមិនចូលចិត្តបានយូរនោះទេ។

ទំនាក់ទំនងដែលខំសម្តែងភាពល្អទៅប្តូរវានឹងរង្គើរនាពេលដែលភាពអាត្មានិយមរបស់មនុស្សក្រោកឡើង។

តើមាននរណាតែងតែគិតដល់អ្នកដទៃមុនខ្លួនឯងរហូតនោះ? មនុស្សថាមិនខ្វល់ពីខ្លួនឯង តែនៅតែខំដកដង្ហើមឱ្យខ្លួនឯងបានរស់គ្រប់វិនាទី។

បើការដែលចង់បានទំនាក់ទំនងមួយត្រូវបង្ខំខ្លួនឯងឱ្យស្ថិតនៅក្នុងការដាស់តឿនចិត្តរហូតមក ការប្រើពិធិការរហូត ឬការលះបង់ភាពជាខ្លួនឯងរហូត តើមាននរណាអាចទ្រាំបាន?

ភាពអាត្មានិយមនឹងដាស់មនុស្សឱ្យភ្ញាក់ ហើយលះបង់ទំនាក់ទំនងមួយនោះដើម្បីមករស់ជាខ្លួនឯងវិញ។

ក្រោយពេលដែលទំនាក់ទំនងមួយបានបាត់បង់ មនុស្សតែងនិយាយថា គេបានទទួលក្តីស្រលាញ់ក្លែងក្លាយ។

គេមិនគិតទេថាក្តីស្រលាញ់ក្លែងក្លាយនោះ គេក៏មានចំនែកបង្កើតវាដែរ។

ធ្វើឱ្យខ្លួនឯងក្លាយជាខ្លួនឯងដែលក្លែងក្លាយដើម្បីទំនាក់ទំនងក្លែងក្លាយមួយតាំងពីពេលចាប់ផ្តើម សួរថានរណាចាប់ផ្តើម?

ដូច្នេះ បើមិនចង់បានទំនាក់ទំនងក្លែងក្លាយ ក្តីស្រលាញ់ក្លែងក្លាយ ឈប់ធ្វើជាខ្លួនឯងក្លែងក្លាយទៅ! បើគេចង់រាប់អានយើង បើគេស្រលាញ់អ្នក គេនឹងទទួលយកបានភាពអ្នកជាអ្នក ហើយក្តីស្រលាញ់ ឬទំនាក់ទំនងមួយនោះនឹងមិនក្លែងក្លាយឡើយ ហើយក៏មិនរលាយទៅតាមពេលវេលា ឬភាពអាត្មានិយមឡើយ។

កុំដើម្បីតែទំនាក់ទំនងមួយ ត្រូវរៀបចំឬកពារ ឬបង្កើតខ្លួនឯងក្លែងក្លាយដើម្បីទៅចាប់យកវា។

បើមិនចង់បាត់បង់មនុស្សដែលអ្នកស្រលាញ់ ទៅរកគេក្នុងភាពអ្នកជាអ្នក! ទោះគេមិនទទួលយកអ្នកបានឬមិនបាន យ៉ាងហោចអ្នកនឹងគេគឺមិនមានទំនាក់ទំនងក្លែងក្លាយ មិនខាតពេល ទោះខកចិត្តក៏មិនឈឺចាប់។

ចាំណា៎! អ្វីដែលក្លែងក្លាយវានឹងមិនស្ថិតថេរឡើយ មួយរយៈកន្លងវាអាចរលាយទៅវិញតាមភាពអាត្មានិយមរបស់មនុស្សនេះឯង។

#អត្ថបទអ្នកនិពន្ធរតនា

កំហុស

កំហុស! ពេលដែលវាក្លាយជាបន្ទុករបស់អ្នកណាម្នាក់ហើយ វានឹងក្លាយជាបញ្ហារបស់អ្នកនោះ។
បញ្ហា! នៅពេលដែលវាមិនទាន់ធ្លាក់ទៅលើអ្នក អ្នកអាចស្មានយល់ពីអារម្មណ៍ តែអ្នកគ្មានថ្ងៃជ្រួតជ្រាបទេថាមនុស្សដែលកំពុងទទួលវាកំពុងវាមានអារម្មណ៍យ៉ាងណាឱ្យប្រាកដ?កំហុសរបស់អ្នកដទៃ វាលាតត្រដាងច្បាស់ណាស់ដូចថ្ងៃកំពុងរះជះលើប្រាណ សូម្បីស្រមោលក៏លាក់មិនបាន។ តែបើជាកំហុសរបស់ខ្លួនងវិញ វាដូចស្ករមួយស្លាបព្រាបង់ក្នុងមហាសមុទ្រ។ ច្បាស់ណាស់! មនុស្សគឺអាត្មានិយម! តែកុំឱ្យភាពអាត្មានិយមនេះវាមានហួសហេតុពេក។ ទោះពេលនេះកំហុសខ្លះ វាបានក្លាយជាបញ្ហារបស់នរណាម្នាក់ តែមិនច្បាស់ទេថាជាកំហុសជារបស់គេនោះមែនឬមិនមែន? ក្នុងនាមជាអ្នកដែលគ្រាន់តែឈរនៅម្ខាង មើលពីចំងាយ ឬជាអ្នកដែលឈរមើលស្រមោលក្នុងវាំងននមួយ តែប្រកាន់ជាអ្នកពូកែទៅវិភាគរឿងហេតុដែលគេបានធ្វើ ឬធ្វើជាតុលាការយុត្តិធម៌ទៅកាត់ទោស កាត់ក្តីទាំងដែលរឿងរ៉ាវខ្លះមិនបានពាក់ព័ន្ធនឹងខ្លួនឯងផង។ ផ្ទុយទៅវិញ បើកំហុសនោះធ្លាក់លើអ្នកខ្លួនឯង អ្នកនឹងមានហេតុផលគ្រប់យ៉ាងសម្រាប់សុំការយោគយល់ អនុគ្រោះមែនទេ? 
កុំធ្វើអីចឹងអី! រៀនហត់នឹងរឿងរ៉ាវក្នុងលោកនេះខ្លះទៅ រៀនដកខ្លួនពីអ្វីដែលមិនពាក់ព័ន្ធនឹងខ្លួនយើងខ្លះទៅ!
រឿងគេសោះ យកហត់ដាក់ខ្លួនធ្វើអី? ហត់ទៅបានអីមក? បានតែបាត់បង់ភាពរីករាយ ពេលខ្លះអាចបាត់បង់មិត្តភាព ឬផលចំណេញផ្សេងៗ។កាត់បន្ថយខ្លះទៅរឿងដែលមិនពាក់ព័ន្ធនឹងជីវិតរបស់អ្នក កុំឈឺឆ្អាលពេក! មិនច្បាស់កុំចេះតែវិភាគផ្តេសផ្តាស់! វិភាគលើសចំណេះដឹងខ្លួនឯងពេកនាំឱ្យខ្មាសគេវិញទេ។

#អត្ថបទអ្នកនិពន្ធរតនា

កន្លែងធ្វើការបង្រៀនវគ្គពិសេសមួយទៀត ពេលដែលខ្ញុំឮគេនិយាយពី

ខុសហើយបើទៅធ្វើការដើម្បីតែរកប្រាក់ចំណូលនោះ កន្លែងធ្វើការផ្តល់ឱកាសរៀនសូត្រច្រើនណាស់ដែលមនុស្សភាគច្រើនតែងមើលរំលង។

កន្លែងធ្វើការរបស់ខ្ញុំគឺសាលាដែលខ្ញុំត្រូវទៅរៀនពីកង្វះខាតនៃជំនាញផ្សេងៗ ដើម្បីទំនប់បម្រុងសុភមង្គលគ្រួសាររបស់ខ្ញុំក្នុងពេលបច្ចុប្បន្ននិងអនាគត។

កន្លែងធ្វើការគឺជាទីកន្លែងដែលនាំឱ្យអ្នកជួបមនុស្សមកពីកន្លែងផ្សេងៗគ្នា ការអប់រំ និងមជ្ឍដ្ឋានរស់នៅផ្សេងៗគ្នា ដែលមនុស្សទាំងនោះផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ 

ថ្ងៃខ្លះខ្ញុំបានរៀនពីរបៀបធ្វើជាមនុស្សកាច ពេលខ្លះខ្ញុំក៏បានរៀនពីវិធីតតាំងនឹងបញ្ហាផ្សេងៗ កន្លែងធ្វើការធ្វើឱ្យខ្ញុំរឹងមាំដោយមិនដឹងខ្លួន។ 
កន្លែងធ្វើការបង្រៀនវគ្គពិសេសមួយទៀត ពេលដែលខ្ញុំឮគេនិយាយពីរឿងគ្រួសារ ខ្ញុំអាចស្តាប់ហើយយកទៅពិចារណាថាថ្ងៃមុខ ខ្ញុំនឹងក្លាយជាម្តាយ ឪពុក ឬភរិយាស្វាមីដោយវិធីណាទើបគ្រួសារមិនមានជម្លោះច្រើន ហើយកាន់តែពិសេសទៀតនោះ គឺការផ្លាស់ប្តូរជំនាញផ្សេងៗ ដូចជា ការដាំស្ល ឬ ការជួសជុល ឬវិធីសាងភាពផ្អែមល្ហែម សាងលំនឹងសុភមង្គលសម្រាប់គ្រួសារ។ 

ចូរកុំស្តាប់រឿងដែលពួកគេរអ៊ូរ ហើយយកមកគិតអវិជ្ជមាន បែបនេះអ្នកប្រាកដជាបានបទពិសោធន៍ជាច្រើន។ 
ទៅធ្វើការរាល់ថ្ងៃ ដូចទៅសាលា និងធ្វើការប្រឡង តាមពិតជារឿងសប្បាយមួយបែបដែរ បើគិតងាយៗតាមបែបវិជ្ជមានបែបនេះ។ 

រៀនពិចារណារកហេតុផលវិជ្ជមាន និងចាប់យកតែចំនុចល្អៗដែលអ្នកបានជួប ជីវិតនឹងមានសុភមង្គលច្រើន។ 

#អត្ថបទអ្នកនិពន្ធរតនា

អ្នកអាចកំពុងគិតដល់មនុស្សម្នាក់ ហើយឆ្លើយយកចំណុចទី

គ្រប់ទំនាក់ទំនងសាងឡើងព្រោះតែប្រយោជន៍!

កុំខឹងគេ បើដឹងថាគេរាប់អានអ្នកព្រោះតែប្រយោជន៍
បើខឹង ត្រូវសួរខ្លួនឯងវិញ តើអ្នកមិនចង់បានប្រយោជន៍ពីគេទេឬ? កុំកុហកឲ្យសោះ! 

ប្រយោជន៍មានច្រើនរូបរាងណាស់ គ្រាន់តែមិនដឹងថារូបរាងបែបណាដែលអ្នកចង់បានពីគេ។

ស្គាល់គ្នាទៅ ស្និទ្ធស្នាលគ្នាទៅ ក៏ព្រោះតែ

១. ស្រួលទំនាក់ទំនងការងារជាមួយគ្នា
២. ថ្ងៃមុខអាចក្លាយជាដៃគូសហការមុខជំនួញផង 
៣. ម្នាក់នោះមានកិត្តិនាមល្អនៅក្នុងសង្គមបច្ចុប្បន្ន
៤. គាត់មានចំណេះដឹង ងាយស្រួលប្រឹក្សា
៥. គាត់ចិត្តល្អ
៦. ចង់បានគាត់ធ្វើជាមិត្តល្អ
៧. មានច្រើនទៀត ទាល់តែរកនឹកខ្លួនឯង😁

ពេលនេះឆ្លើយបានឬនៅថាប្រយោជន៍មួយណាដែលអ្នកចង់បានពីមនុស្សដែលអ្នកកំពុងមានទំនាក់ទំនងជាមួយ?

អ្នកអាចកំពុងគិតដល់មនុស្សម្នាក់ ហើយឆ្លើយយកចំនុចទី៦ តែម្នាក់នោះបែរជាឆ្លើយយកចំនុចទៅ១ នៅពេលដែលគិតដល់អ្នក។

ដូច្នេះទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែននៅលើផ្លូវនៃចំនុចទី១ ឬទី៦នោះទេ វាត្រូវតែ ៦បូក១ បើអ្នកទាំងពីរធ្វើឲ្យបាត់ចំនុចណាមួយ ទំនាក់ទំនងនឹងប្រែមកជាចំនុចសូន្យវិញមិនខាន។

ចំនុចសូន្យចាត់ទុកថារួចខ្លួន បើចំនុចដកសូន្យគឺអាក្រក់ណាស់ នៅពេលដែលក្លាយពីមិត្តទៅជាមនុស្សដែលស្អប់គ្នា។

តែយ៉ាងណា ពេលមនុស្សពីរនាក់ចាប់ផ្តើមសាងទំនាក់ទំនងណាមួយជាមួយគ្នា ពួកគេមិនប៉ងឲ្យទំនាក់ទំនងនោះត្រូវបញ្ចប់ឬ ត្រូវស្អប់គ្នានៅពេលក្រោយនោះទេ។

ដូច្នេះដើម្បីឲ្យទំនាក់ទំនងមួយរលូនទៅមុខបានយូរ គប្បីឧស្សាហ៍ថ្លឹងចិត្តគេ និងចិត្តខ្លួនឯងឲ្យបានស្មើ។
ផ្តល់ឲ្យគេតាមដែលគេឲ្យបាន ឬទទួលពីគេតាមដែលខ្លួនអាចឲ្យគេវិញបាន។

កុំលោភលន់! កុំអាត្មានិយម!
កុំចង់ចំណេញនាំដាច់ចំណង❤️

#អត្ថបទអ្នកនិពន្ធរតនា

ជម្រើសអ្នកដទៃ

រឿងមួយដែលមនុស្សភាគច្រើនចូលចិត្តធ្វើ ទោះដឹងថាវាមិនល្អ។ 
អ្នកខ្លះព្យាយាមហាមឃាត់ដែរ តែចេះតែភ្លេចខ្លួនម្តងម្កាល
តែអ្នកខ្លះបែរជារីករាយនឹងការធ្វើបែបនេះណាស់ គាត់ប្រើនិស្ស័យបែបនេះជាប្រចាំ។

នៅពេលដែលអ្នកដទៃមិនមានអ្វីដូចដែលគាត់មាន
នៅពេលដែលអ្នកដទៃមិនធ្វើអ្វីដូចដែលគាត់ធ្វើ

គាត់ចាត់ទុកថានោះជាកំហុស ជាអ្វីដែលមិនត្រឹមត្រូវ 
គាត់មិនបានធ្វើការពិចារណាឬវែកញែក ថ្លឹងថ្លែងអ្វីទាំងអស់
អ្វីតែម្យ៉ាងដែលគាត់អាចប្រតិបត្តិបានយ៉ាងលឿននោះគឺ រិះគន់ និងពេបជ្រាយ។

តាមពិតជីវភាពនៅក្នុងសង្គម តម្រូវឲ្យមនុស្សយល់ឃើញ និងធ្វើរឿងផ្សេងៗគ្នា បើទោះជាការគិតមិនដូចគ្នា ក៏មិនអាចបញ្ជាក់ថាម្នាក់ណាខុសឬត្រូវដែរ។

ទង្វើមួយដែលមិនដឹងថាត្រូវឬខុសចំពោះមតិទូទៅទេ ប៉ុន្តែវាត្រូវចំពោះមនុស្សម្នាក់ ឬជាជម្រើសដែលគាត់ត្រូវតែធ្វើ។
គាត់ក៏មិនចាំបាច់បកស្រាយប្រាប់អ្នកដទៃដែលមិនពាក់ព័ន្ធបានយល់ពីហេតុផលរបស់គាត់ឡើយ ព្រោះគ្រប់ជីវិតតែងមានឯកជនភាព។

គ្មាននរណាម្នាក់ចង់ឲ្យអ្នកដទៃដឹងឮ ឈឺឆ្អាល ត្រួតត្រានូវភាពឯកជនរបស់ខ្លួនឡើយ ដូច្នេះហើយទើបការបកស្រាយនៅក្នុងជម្រើសរបស់មនុស្សម្នាក់ៗមិនងាយនឹងបង្ហាញ។

ព្រោះតែអ្នកមិនបានដឹងពីហេតុផលនៃជម្រើស 
ព្រោះតែអ្នកមិនស្ថិតនៅក្នុងស្ថានភាពមួយនោះ
ព្រោះតែអ្នកមិនមែនជាមនុស្សម្នាក់នោះ
សូមកុំធ្វើការវាយតម្លៃ រិះគន់ទៅលើជម្រើសរបស់អ្នកដទៃ

ព្រោះអ្នកក៏មិនចង់ឲ្យនរណាម្នាក់ធ្វើរឿងនេះដាក់អ្នកដូចគ្នា
ដូច្នេះដើម្បីសេចក្តីសុខរៀងខ្លួន មិនគួរចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃពេកទេ។ 
គួរយកចិត្តគេមកទុកក្នុងចិត្តអ្នកឲ្យបានច្រើន រស់នៅកុំឲ្យប៉ះពាល់គ្នា។
បែបនេះមនុស្សនឹងមិនសូវស្អប់គ្នា និងរស់នៅកាន់តែមានសេចក្តីសុខទាំងអស់គ្នា។❤️

#អត្ថបទអ្នកនិពន្ធរតនា

យំ

យំ! បើស្រែកយំឲ្យខ្លាំងៗ តើភាពវេទនាដែលកំពុងតែមាននេះ នឹងរលាយទេ?

បើហ៊ានតែស្រែកយំ ខ្ញុំនឹងឃើញមានមនុស្សពីរបីនាក់មកឱបខ្ញុំ ពួកគាត់ប្រហែលជាស្ម័គ្របែកទ្រូងជំនួសខ្ញុំ។

តែខ្ញុំមិនដាច់ចិត្តឲ្យមនុស្សដែលស្រលាញ់ខ្ញុំ រួមលំបាកជាមួយខ្ញុំនោះទេ យ៉ាងហោចស្នាមញញឹមរបស់គាត់ពេលនេះក៏ជាកម្លាំងចិត្តមួយផ្នែក ដែលអាចឲ្យខ្ញុំខំលេបទឹកភ្នែកចូលវិញ។

លំបាកណាស់! ខ្ញុំលំបាកណាស់! ខ្ញុំចង់តែហែកទ្រូងយកចិត្តដែលឈឺនោះមកឱបក្រសោបឲ្យបានធូរស្រាល។

ខ្លួនឯងលួងលោមខ្លួនឯងបែបនេះ 
ខ្លួនឯងទាញដៃខ្លួនឯងឲ្យក្រោកទៅមុខបន្តបែបនេះ

ខ្ញុំដឹងច្បាស់ថាខ្ញុំនឹងមិនអាចឆ្លងផុតទុក្ខសោកបានទេ បើខ្ញុំនៅតែឈរធ្មឹងនៅទីនេះ
ខ្ញុំដឹងច្បាស់ថាបើខ្ញុំមិនរឹងមាំ ខ្ញុំក៏មិនអាចឆ្លងផុតដែរ។
ខ្ញុំដឹងច្បាស់ថាបើខ្ញុំទន់ជ្រាយ ទាំងខ្លួនខ្ញុំនិងមនុស្សស្រលាញ់ខ្ញុំនឹងកាន់តែពិបាក។

ដូច្នេះខ្ញុំមិនអាចទន់ជ្រាយបានទេ! 

#អត្ថបទអ្នកនិពន្ធរតនា

អ្នកខ្លះក៏គ្រាន់តែស្រលាញ់ស្ញប់ស្ញែង តាមគាំទ្រអ្វីដែលគាត់ធ្វើ

កាលបើឃើញភាពល្អរបស់នរណាម្នាក់ដែលធ្វើឲ្យអ្នកគាប់ចិត្ត ដេកដើរឈរអង្គុយ ចង់តែឃើញភាពល្អមួយនោះ ចង់ធ្វើយ៉ាងណាឲ្យបានក្បែរ បានស្និទ្ធស្នាលនឹងម្នាក់នោះ។

ស្រលាញ់ភាពល្អមួយនោះ
ស្រលាញ់ព្រោះគាត់មានភាពល្អមួយនោះ
កាន់តែស្រលាញ់ព្រោះមានមនុស្សជាច្រើនក៏ស្រលាញ់ដែលគាត់មានភាពល្អមួយនោះ។

ការស្រលាញ់ធ្វើឲ្យអ្នកលង់ 
អ្នកខ្លះលង់ធ្វើតាមអ្វីដែលគាត់ធ្វើ 
អ្នកខ្លះក៏គ្រាន់តែស្រលាញ់ស្ញប់ស្ញែង តាមគាំទ្រអ្វីដែលគាត់ធ្វើ
តែអ្នកខ្លះស្រលាញ់ដោយច្រណែន ស្រលាញ់ចង់ធ្វើតាម ចង់ឲ្យបានដូចឬលើសគាត់ទៅវិញ។ បើសិនជាអ្នកចិត្តចង្អៀតជាងនេះតែបន្តិច អ្នកអាចរកស្នៀតឲ្យគាត់លិចលង់ដើម្បីឲ្យអ្នកខ្លួនឯងបានលេចធ្លោទៅវិញ។

ដ្បិតណាស់គ្រប់មនុស្សតែងតែមានភាពល្អនិងអាក្រក់ បើសិនជាអ្នកគ្រប់គ្រងភាពអាក្រក់មិនបានទេ សេចក្តីល្អដែលអ្នកខំធ្វើ គ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។
មិនថាទង្វើល្អក្នុងរូបភាពបែបណា វាគ្រាន់តែដើម្បីមុខមាត់និងកិត្តិយសតែប៉ុណ្ណោះ។

ទង្វើល្អដែលចេញពីចិត្តពិតៗ នឹងមិនត្រូវការប្រយោជន៍តបស្នងមកខ្លួនឯង តែដើម្បីតែប្រយោជន៍រួម ឬប្រយោជន៍ចំពោះមនុស្សដែលអ្នកលះបង់សេចក្តីល្អឲ្យតែប៉ុណ្ណឹង។

រីឯការស្រលាញ់ចំពោះនរណាម្នាក់ មិនថាជាការស្រលាញ់គាំទ្រ ស្ញប់ស្ញែង ជាការស្រលាញ់ក្នុងន័យស្នេហា ឬការស្រលាញ់រាប់អានឡើយ បើអ្នកមានការស្រលាញ់ពិត អ្នកនឹងមិនចង់ប្រៀបធៀប ឈ្នះចាញ់ ឬត្រូវការប្រយោជន៍អ្វីពីមនុស្សទាំងនោះក្រៅតែពីបានឃើញសេចក្តីសុខនិងភាពរីកចម្រើនរបស់គាត់ឡើយ។

#អត្ថបទអ្នកនិពន្ធរតនា

ត្រៀមចិត្ត ត្រៀមកាយទទួលយកហេតុដែលនឹងកើត ហើយ

ពិបាកចិត្ត មកពីបារម្ភ! បារម្ភ មកពីខ្លាច!

ខ្លាចធ្វើអី? បើរឿងត្រូវកើតវាគង់តែកើត

ចុះបើវាកើតឡើងមែនគួរធ្វើយ៉ាងម៉េចទើបមិនឲ្យខ្វល់?
ចុះដែលខំខ្វល់ទាល់តែរីងរៃខ្លួននេះ មានប្រយោជន៍អីហើយឬនៅ?

នរណាមិនខ្លាច? នរណាមិនបារម្ភ?
ប៉ុន្តែការខ្លាចនិងបារម្ភហួសហេតុពេកមិនបានជួយអ្វីទេ។
ខ្លាចតិច បារម្ភតិច រកដំណោះស្រាយឲ្យបានច្រើន ត្រៀមចិត្តត្រៀមកាយឲ្យបានច្រើនទើបប្រសើរ។

ខ្លាចចុះ បារម្ភចុះ! តែត្រូវចេះត្រៀមខ្លួន បើហេតុកើតមែន អ្នកក៏មានដំណោះស្រាយរួចទៅហើយ។ ចុះបើដឹងថានឹងទៅតាមជម្រើសដែលត្រៀមរួចទៅហើយ នៅខ្វល់ធ្វើអីទៀត?

ត្រៀមចិត្ត ត្រៀមកាយទទួលយកហេតុដែលនឹងកើត ហើយរឹងមាំក្នុងការដើរទៅរកផ្លូវដែលជាដំណោះស្រាយ។ 

ឈប់ពិបាកចិត្តទៅ! ខាតពេលណាស់! 
កុំយំរង់ចាំបញ្ហាមកដល់ ប្រើពេលដែលនៅសល់សប្បាយតាមការគួរ
បើបញ្ហាមកដល់ ដំណោះស្រាយក៏ត្រៀមរួចហើយ! 

ធ្វើចិត្តឲ្យសប្បាយៗ ណា៎ 
បើធូរចិត្តហើយញញឹមផង 😊

#អត្ថបទអ្នកនិពន្ធរតនា