ចិត្តល្អពេកមិត្តខ្លួនឯងក៏អាចចាក់ទ្រូងយើងដែរ ចុះបើគេចាក់យើងព្រោះតែប្រយោជន៍គេ តើយើងខឹងគេទេ? យើងត្រូវសងទៅគេវិញទេ?ធ្វើជាមនុស្សចិត្តល្អ ពេលខ្លះក៏ខកចិត្តខ្លាំង តែបើគិតថាចង់ សងសឹកមនុស្សដែលធ្វើកម្មដាក់យើង វាដូចជាឱ្យតម្លៃគេពេកទេដឹង? លះបង់ភាពល្អ ភាពថ្លៃថ្នូរព្រោះតែចង់សងទង្វើធូរៗថ្លៃដែលគេធ្វើដាក់យើងសួរថាសមទេ? កុំអីហ្ន៎? គេធ្វើមិនល្អដាក់យើង យើងដៀលគេ អ៊ីចឹងយើងទៅធ្វើទង្វើគួរឲ្យគេដៀលយើងវិញធ្វើអី? ដើរចេញកុំរវល់ ចាត់ទុកថាយើងនិងគេនៅក្រុមខុសគ្នា។ផែនដីធំមែន តែមនុស្សក៏ច្រើនដែរ! ចៀសមនុស្សបែបនេះមិនបាន មិនមែនកំហុសយើងទេ! តែបើចៀសធ្វើចរិតបែបគេនោះមិនបាន គឺខុសនឹងខ្លួនឯងធ្ងន់ណាស់។ ចៀសបានចៀសទៅ បើចង់រក្សាភាពថ្លៃថ្នូរថ្នូរខ្លួនឯងបន្តទៀត។
ស៊ួឱ្យដូចព្រះអាទិត្យ
ខ្ញុំឃើញព្រះអាទិត្យលិចនិងរះឡើងវិញជាប្រចាំ។ ព្រះអាទិត្យជះពន្លឺសាចដល់មនុស្សរូបដោយមិនរើសអើង។
តែខ្ញុំឃើញភាពរើសអើងរបស់មនុស្សចំពោះព្រះអាទិត្យទៅវិញទេ!
ជាច្រើនដងដែលខ្ញុំតែងនឹកដល់មនុស្សកំពុងទូលទុក្ខក្នុងបន្ទប់ងងឹតសូន្យ នៅពេលដែលខ្ញុំឃើញព្រះអាទិត្យរះ និងលិច។
ព្រះអាទិត្យស្អាតណាស់! តែអ្នកមានទុក្ខមិនចាប់អារម្មណ៍ទេ! ក្នុងចិត្តរបស់ពួកគាត់ចង់តែដួល មិនចង់ក្រោកមកទទួលថ្ងៃថ្មីវិញសោះ។ ខ្ញុំមិនដឹងទេថាគាត់បានដួលប៉ុន្មានដងមកហើយ តែខ្ញុំចង់ឱ្យគាត់សួរទៅព្រះអាទិត្យ តើព្រះអាទិត្យធ្លាប់លិចប៉ុន្មានដងហើយ? ព្រះអាទិត្យមានធ្លាប់បោះបង់លែងចង់ជះពន្លឺមកលើផែនដីនេះម្តងណាទេ?
ព្រះអាទិត្យរះរាល់ថ្ងៃ បើទោះជាត្រូវលិចទៅវិញនៅពេលល្ងាច បើទោះជាថ្ងៃខ្លះមានពពកខ្មៅបាំង មានភ្លៀង តែព្រះអាទិត្យមិនធ្លាប់ចុះចាញ់ទេ រាល់ពេលដែលថ្ងៃថ្មីមកដល់ព្រះអាទិត្យនៅតែខំរះ។
ជីវិតមនុស្សក៏ដូចគ្នា
អ្នកទទួលបានថ្ងៃថ្មីរាល់ថ្ងៃ បើទោះថ្ងៃខ្លះពិបាកក្រោកបន្តិច
ថ្ងៃខ្លះអួលអាប់បន្តិច បើខំតែក្រោករាល់ថ្ងៃដូចព្រះអាទិត្យ
គង់តែមានថ្ងៃអ្នកអាចជះពន្លឺបានដូចគ្នា។
កុំទន់ជ្រាយណា៎ រាល់ជីវិតតែងជួបបញ្ហា ថ្ងៃនេះស្រាយមិនទាន់បាន ខំព្យាយាមបន្តិចទៀត ថ្ងៃស្អែកលែងអីហើយ។
រឹងមាំណា៎! មនុស្សជាទីស្រលាញ់❤️
#អត្ថបទអ្នកនិពន្ធរតនា
ជីវិតបែបនេះហើយទើបជាសេចក្តីសុខ
ពេលវេលានៅម្នាក់ឯង
ជាពេលដែលអំណោយផលបំផុត ពេលនេះហើយដែលអ្នកមានឱកាសស្គាល់ខ្លួនឯងបានច្រើន និងមានឱកាសបានស្និទ្ធស្នាលជាមួយខ្លួនឯង។
ដូច្នេះអ្នកអាចសួរនាំខ្លួនឯងបានច្រើន
ថាតើអ្នកបានធ្វើអ្វីខ្លះហើយអ្វីទាំងនោះមានចំណុចណាខ្លះ គួរ ឬមិនគួរធ្វើ
ហើយអាចពន្យល់ប្រាប់ខ្លួនឯងថាតើគួរឬមិនគួរធ្វើអ្វីនៅពេលបន្ទាប់ ថ្ងៃនេះនិងថ្ងៃស្អែក
ឬថ្ងៃខាងមុខ។
ពេលវេលានេះហើយដែលអំណោយផលបំផុតដល់អ្នក
អ្នកអាចសម្លឹងមើលមនុស្សជុំវិញខ្លួនអ្នក
នៅក្នុងបរិយាកាសដែលអ្នកកំពុងអង្គុយតាំងនៅ មើលពីតថភាពរស់នៅរបស់ពួកគេ
ហើយធ្វើការប្រៀបធៀបនឹងខ្លួនឯង
សួរខ្លួនឯងថាតើមានអ្វីខ្លះដែលអ្នកត្រូវតែធ្វើបន្ថែមដើម្បីបានជីវិតមួយដែលអ្នកត្រូវការ?
បន្ទាប់ពីនោះហើយ អ្នកនឹងត្រូវគិតថាដើម្បីធ្វើរឿងទាំងនោះ
តើអ្នកគួរតែចាប់ផ្ដើមពីអ្វី? គួរចាប់ផ្តើមពីពេលណា? រួចហើយកំណត់ពេលបញ្ចប់មួយ ដើម្បីដើរទៅរកផ្លូវមួយដែលអ្នកត្រូវការ។
ឆាកជីវិតរបស់មនុស្សមិនមែនរស់នៅសម្រាប់តែមួយថ្ងៃនោះទេ។
មួយជីវិតអាចរស់បានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំ រស់បានយូរប៉ុណ្ណាវាក៏សំខាន់
តែសំខាន់ជាងនេះគឺការរស់នៅដោយអភិវឌ្ឍន៍។ អ្នកត្រូវដឹកនាំខ្លួនឯងទៅមុខជានិច្ច
តែងតែដាក់គោលដៅ កំណត់គោលការណ៍ក្នុងការរស់នៅ បង្កើតក្តីស្រមៃជាបន្តបន្ទាប់។
ជីវិតបែបនេះហើយទើបជាជីវិតដែលគួរឱ្យចង់រស់នៅ ព្រោះអ្នកចេះផ្តល់ភាពជោគជ័យឱ្យជីវិតជាបន្តបន្ទាប់
ជីវិតបែបនេះហើយទើបជាសេចក្តីសុខ តែត្រូវចាំទុកថា
សុខយ៉ាងណាកុំឱ្យទុក្ខទៅអ្នកដទៃ
នោះទើបអ្នកអាចមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។
ញញឹមឱ្យបានច្រើនណា៎
កើតអីហ្នឹង?
សុខៗក៏លែងសើច មុខនេះខានញញឹមប៉ុន្មានថ្ងៃហើយ?
បើក camera selfies បន្តិចមើល៍
កុំគិតថាឱ្យយកមកថតអី ឱ្យយកមកឆ្លុះមុខតើ អត់សើចអ៊ីចឹងគិតថា camera វាចង់ផ្តិតរូបយើងទេ? បើវាចេះនិយាយវានឹងស្តីឱ្យហើយ
ញញឹមមិនស្រស់ហាមថត! 😁
មុខនេះមានតែមួយទេ! តែជម្រើសមាន២ជាប្រចាំ មិនសើចគឺយំ!
បើជ្រើសយំកុំស្តាយសើចអី!
វិបត្តិនេះណា៎ អ្នកណាក៏មានដែរ
តែអ្នកដែលមិនបញ្ចេញមកក្រៅមកពីគាត់ចេះគ្រប់គ្រង ចេះទទួលយកការពិត។
អ្នកដែលមិនព្រមសើចនេះហើយ ចូលចិត្តលង់ខ្លួនក្នុងភាពមិនពិត
ចាប់ហើយមិនព្រមលែង ចង់ឱបយកគ្រប់យ៉ាង។
ជឿទៅ! ជីវិតយើងនេះ យើងរក្សាមិនគង់ផង ទៅចង់រក្សាអី ក្តីស្រលាញ់
សំណាង លាភយស អីអស់ហ្នឹង?
បើវាដល់ពេលទៅហើយឱ្យវាទៅៗ ចាប់ផ្ដើមសាករសជាតិថ្មីទៅមើល វាជូ
វាប្រៃប៉ុនណា?
កើតមកមួយជាតិត្រូវព្រមសាកឱ្យបានច្រើនរសជាតិ
ដើម្បីអាចមានមេរៀនទៅបង្រៀនក្មេងជំនាន់ក្រោយផង។
កុំកើតមកមួយជាតិដើម្បីតែស្លាប់ទៅវិញធ្វើអី!
គិតយល់ហើយឈប់សោកសៅទៀតទៅ!
បើក camera selfie ម្តងទៀតមើល៍
បើញញឹមស្រស់ហើយថតផ្ញើឱ្យមើលផង
ស្រលាញ់អ្នកអានរបស់ខ្ញុំណាស់ ❤️
ញញឹមឱ្យបានច្រើនណា៎
នរណាក៏ខ្លាចការឈឺចាប់ដែរ!
អ្នកមិនចាំបាច់លាក់បាំងស្នាមបែករបស់កែវនោះទេ
ប្រសិនបើអ្នកបានបិតស្នាមបែកនោះជាប់វិញហើយ បើអ្នកចេះរចនានៅលើស្នាមបែកនោះ
ស្នាមបែកនឹងក្លាយជាអំនួត លើកសម្រស់របស់កែវទៅវិញទេ។
តែ! ប្រសិនបើអ្នកមិនបានធ្វើការផ្លាស់ប្តូរបែបវិជ្ជមានទៅលើកែវដែលបែកនោះទេ
អ្នកកុំរំពឹងថានឹងមានអភិនីហាអាចផ្សារភ្ជាប់ឡើងវិញនូវស្នាមបែករបស់កែវនោះឡើយ
កែវដែលបែកហើយនឹងក្លាយជាអំបែង!
គតិអវិជ្ជមានប្រៀបដូចជាការយកកែវដែលបែកនោះទៅគប់បំបែបបន្ថែមដូច្នោះដែរ។
អំបែងកែវ គ្មាននរណាចង់ប៉ះពាល់ទេ!
នរណាទៅមិនខ្លាចអំបែងមុតរបួសដល់ស្បែកនោះ? នរណាក៏ខ្លាចការឈឺចាប់ដែរ!
ចូរកុំយកស្នាមចាស់របស់អ្នកទៅធ្វើជាអំបែងនាំឱ្យរបួសដល់មនុស្សដែលអ្នកទើបនឹងជួបអី!
មុនពេលចេញទៅក្រៅជួបមនុស្សថ្មី គប្បីផ្សារភ្ជាប់
និងរចនាស្នាមបែកនៃកែវរបស់អ្នកសិនទៅ!
សំខាន់កុំបោះបង់ខ្លួនឯង
មនុស្សម្នាក់ៗមានរឿងច្រើនណាស់ដែលត្រូវធ្វើ!
នេះជាអ្វីដែលខ្ញុំតែងប្រាប់ខ្លួនឯងកន្លងមក
ពាក្យនេះហើយដែលធ្វើឱ្យខ្ញុំខំក្រោកឈរហើយបន្តដំណើរជីវិតទៅមុខទៀត។
ពេលខ្លះខ្ញុំហត់នឿយណាស់! ពេលខ្លះខ្ញុំទន់ខ្សោយណាស់ ខ្ញុំស្ទើរតែចុះចាញ់ទៅហើយ!
នៅពេលដែលខ្ញុំចង់លះបង់
ពាក្យដដែលនោះក៏ហោះចូលមកក្នុងខួរក្បាលរបស់ខ្ញុំ
មនុស្សម្នាក់ៗមានរឿងច្រើនណាស់ដែលត្រូវធ្វើ!
ខ្ញុំដឹងហើយ!
ខ្ញុំប្រាប់ខ្លួនឯងនៅពេលដែលឮពាក្យនោះចេញពីខួលក្បាលខ្លួនឯង។
បញ្ហាមួយដែលកំពុងជួប មិនមែនជាជីវិតនោះទេ! វាគ្រាន់តែជាចំនែកតូចណាមួយនៃជីវិតប៉ុណ្ណោះ!
មិនថាការងារ ស្នេហា ការសិក្សា គ្រួសារ កេរ្តិ៍ឈ្មោះ កិត្តិយស ផេ្សងៗទៀត ដែលអ្នកគិតថាសំខាន់។
គ្រប់យ៉ាងទាំងនេះ មិនមែនជាជីវិតទេ! ជីវិតគឺរូបកាយ សំខាន់បំផុតគឺរូបកាយបវរ។
បញ្ហាទាំងឡាយដែលកំពុងតែកើតមាន វានឹងរលាយដោយដំណោះស្រាយ ឬពេលវេលា។ ថែរូបកាយមួយនេះឱ្យតែល្អទៅ
ហើយចាំមើលបញ្ហាទាំងនោះរលាយម្តងមួយៗ ហើយក៏មិនចាំបាច់អរពេកដែរ បើទោះវារលាយទៅ
វាគង់នឹងកើតមកវិញជាបន្តបន្ទាប់ ខ្សែរជីវិតគឺបែបនេះហើយ។ ជួបអីក៏ខំប្រឈមនឹងវាទៅណា៎!
សំខាន់កុំបោះបង់ខ្លួនឯង ហើយកុំចាត់ទុកទាំងនោះជាជីវិតឱ្យសោះ។ ត្រូវចាំថាអ្វីៗទាំងនោះគ្រាន់តែជាចំនែកតូចៗ
ហើយវានឹងកកើតមកវិញបន្ទាប់ពីវាបាត់បង់ទៅមួយរយៈ។
កុំឱ្យគេដឹង! ខ្មាសគេ!
ចេះតែគិតថាពិភពលោកនេះអយុត្តិធម៌ចំពោះខ្ញុំណាស់
ចេះតែគិតថាជីវិតរាល់ថ្ងៃនេះពិបាករស់ណាស់
គិតយូរៗមិនដឹងថារស់រាល់ថ្ងៃដើម្បីអី?
លើសពីអស់សង្ឃឹម! យំក៏លែងចេញ!
នៅលើផ្ទៃមុខរកស្នាមញញឹមពិតប្រាកដមួយលែងបាន។
ជំងឺ Depression ប្រហែលជាជំងឺពេញនិយមហើយ
ឮថាមនុស្សសម័យថ្មីងាយកើតជំងឺនេះណាស់។
គេថាបើយើងមិនសូវញញឹម ឆាប់អន់ចិត្ត ឆាប់ដ្រាម៉ា គេងមិនបាន
ញ៉ាំមិនបាន គ្មានកម្លាំងកំហែងនៅក្នុងខ្លួន បើបានគេងហើយមិនចង់ក្រោក
មិនចង់ឃើញពិភពលោកនេះទៀតទេ ទាំងអស់នេះហើយជារោគសញ្ញាមនុស្សកើតជំងឺ Depression
។
ប្រហែលជាខ្ញុំកំពុងតែកើតជំងឺនេះទេដឹង បើខ្ញុំមានទាំងអស់ហ្នឹង!
អ៊ីចឹងខ្ញុំឈឺមែនហើយ! អ្នកជំងឺនេះគួរតែទៅសម្លាប់ខ្លួនឬយ៉ាងណា?
មនុស្សដែលរស់ដើម្បីតែអ្នកដទៃ មានពិបាកអីឱ្យរោគ Depression ជ្រៀតចូលបាន?
មនុស្សដែលដេកតែស្រមៃហើយខ្ចិលធ្វើការ Depression នេះណា៎! វាមិនដែលបោះបង់អ្នកទេ
ហើយអាជំងឺ Depression នេះ
វាចូលចិត្តណាស់ទៅនៅជាមួយមនុស្សរឹងមានៈ មានតែខ្លួនឯង មនុស្សមិនព្រមអភិវឌ្ឍន៍ខ្លួន!
បើអ្នកតាំងចិត្តជាមនុស្សមានជំងឺ Depression នេះហើយ
ទទួលស្គាល់ទៅថាអ្នកជាមនុស្សជំពូកខាងលើហ្នឹងហើយ!
ជីវិតមួយទាំងមូលកើតមកដើម្បីតែយកសេចក្តីទៅផ្ញើលើចុងបបូរមាត់អ្នកដទៃ
ក្តីស្រមៃរាប់លែងអស់ តែរកផ្លូវទៅឱ្យបានតែមួយក៏គ្មានឆន្ទៈ
រកមិនឃើញផ្លូវហើយនៅរឹងមានៈ មិនទទួលស្តាប់ការណែនាំពីនរណាទេ ខ្លួនយើងនេះគឺត្រូវរហូត!
រហូតដល់ លួចគិតថាខ្លួនឯងកើតជំងឺ Depression ។
កុំឱ្យគេដឹង! ខ្មាសគេ!
ត្រឡប់មករៀបចំជីវិតសារជាថ្មី ញ៉ាំបាយ គេង ឱ្យបានទៀតទាត់ពេល
ហើយរៀនបើកចិត្តស្តាប់ការទូន្មានពីមនុស្សជុំវិញខ្លួនបន្តិច
រៀនគិតវិជ្ជមានឱ្យបានច្រើន រៀបចំក្តីស្រមៃដាក់ក្នុងបញ្ជីរមួយ
ហើយចាប់ផ្តើមធ្វើវាម្តងៗ ជីវិតអ្នកនឹងមានន័យវិញហើយ!
ឈប់បន្ទោសពិភពលោកនេះថាមិនយុត្តិធម៌ទៀត!
ត្រូវបន្ទោសខ្លួនឯងដែលមិនចេះរៀបចំជីវិតរស់នៅឱ្យបានល្អវិញទៅ!
ពិភពលោកនេះស្រស់ស្អាតណាស់! ស្អាតបំផុតគឺនៅពេលដែលអ្នកញញឹម! ឈប់ចាប់អារម្មណ៍ពាក្យ Depression
ហ្នឹងទៅ ហើយជំនួសមកចាប់អារម្មណ៍ក្តីសង្ឃឹមវិញម្តងណា៎!
តើបេះដូងនេះចេះស្រលាញ់ឬទេ?
បង្ខំចិត្តញ៉ាំ hot latte រួចហើយ។ មកដល់ office ស្រាប់តែចង់ញ៉ាំ frappe mocha នរណាយល់អារម្មណ៍នេះ?
ព្រោះតែមានទម្លាប់ត្រូវញ៉ាំកាហ្វេរាល់ព្រឹក។ ព្រឹកខ្្លះមិនចង់ញ៉ាំសោះ តែក៏បង្ខំចិត្តញ៉ាំស្ទើរមិនអស់មួយកែវផង Hot latte អត់ស្ករពិតជាគ្មានរសជាតិសោះ អារម្មណ៍ដែលមិនចង់ ទោះកាហ្វេឆ្ងាញ់ក៏ញ៉ាំទៅគ្មានជាតិ។ មានអារម្មណ៍ថាកាហ្វេល្វីង!
មកដល់កន្លែងធ្វើការស្រាប់តែនឹកចង់ញ៉ាំ frappe mocha យ៉ាងខ្លាំង។ បន្ទោសខ្លួនឯងតិចៗ ម៉េចក៏មិនចង់ញ៉ាំពេលនៅក្នុងហាង? ពេលនោះសួរខ្លួនឯងហើយថាចង់ញ៉ាំអី ហេតុអីមិនឆ្លើយថា frappe mocha?
ព្រោះតែមិនឆ្លើយទើបត្រូវធ្វើតាមទម្លាប់
ព្រោះតែមិនឆ្លើយ ទើបត្រូវបង្ខំចិត្តញ៉ាំកាហ្វេល្វីង។
បើមិនគិតពីសុខភាព ទៅទិញមួយកែវទៀតញ៉ាំដើម្បីកុំឱ្យសាំចិត្ត តែបើគិតពីសុខភាពដែរ ថ្ងៃនេះមានតែកាត់ចិត្ត
កាត់ចិត្តពី frappe mocha បាន! តែកាត់ចិត្តពីមនុស្សដែលខ្លួនឯងស្រលាញ់បានទេ? ព្រោះតែការគោរពទម្លាប់ ដល់អាយុរៀបការ ក៏ព្រមរៀបការ។ អ្នកដែលជាគូនោះសមរម្យហើយ តែក្រោយរៀបការបែរជាកើតចិត្តប្រត្តិព័ទ្ធលើអ្នកផ្សេង តើគួរតែលះលែងទៅរកម្ចាស់បេះដូង ឬរក្សាទម្លាប់ហើយកាត់ចិត្តពីស្នេហា?
មនុស្សដែលរៀបការជាមួយអ្នក មិនមែនជា hot latte ដែលអាច orderយកមកទុកចោល ហើយគេមិនអាចព្រមឱ្យអ្នកទទួលយក frappe mocha បន្ថែមឡើយ។
នៅពេលដែលមាន hot latte ហើយចង់ញ៉ាំ frappe mocha តើអ្នកនឹងសម្តែងការទទួលខុសត្រូវបែបណា?
ដល់អាយុរៀបការ ចេះតែការបានហើយ តែមុននឹងការគិតមើលសិន ថាតើបេះដូងនេះចេះស្រលាញ់ឬទេ? បើបេះដូងនេះចេះតែធ្វើតាមទម្លាប់ទេ អ្នករៀបការចុះ!
កុំបង្ខំខ្លួនឯងពេក!
មិនដឹងថាដើម្បីសុភមង្គលមួយ
តើមនុស្សស្រីម្នាក់ត្រូវរងទុក្ខអ្វីខ្លះនិងយូរប៉ុនណា? តែ!
ក៏មិនដឹងថាហេតុអ្វីត្រូវលះបង់? គ្រាន់តែរីករាយទទួលយកអ្វីដែលខ្លួនមាននោះក៏ជាសុភមង្គលមួយទៅហើយ
សំឡឹងជិតគិតអ្វីងាយៗ ស្មាមញញឹមមួយហេតុអ្វីឱ្យខ្លួនឯងមិនបាន?
មិនគួរប្រាថ្នាអ្វីដែលឆ្ងាយហួសពីដៃ
រហូតដល់រំលងអ្វីៗដែលនៅជិតដៃនោះទេ។នៅពេលដែលនិស្ស័យអស់ហើយ ឬនិស្ស័យមិនមាន
មនុស្សម្នាក់ទៀតប្រៀបដូចជាមេឃ។ មេឃខ្ពស់ណាស់! ខ្ពស់ដល់ឈោងចាប់មិនដល់ ប៉ះមិនបាន
ស្អាតល្អយ៉ាងណាក៏បានត្រឹមតែមើល តែដី! តែងតែជាទម្រររបស់នាងជានិច្ច។
នាងគួរសាកល្បងចាប់យកអ្វីដែលនៅក្បែរៗដៃ
សាកប្រើជីវិតសាមញ្ញរៀនបើកចិត្តទទួលយកអ្វីដែលងាយចាប់បាន ឬរីករាយនឹងអ្វីដែលមានស្រាប់
ប្រហែលជីវិតមិនសូវសោកសៅដូចរាល់ថ្ងៃ។
មហិច្ឆតាធំពេកពិតជាហត់ណាស់! ជោគជ័យប៉ុនណាក៏ចៀសមិនផុតពីតម្រូវការមនោសញ្ចេតនាសាមញ្ញ។
កុំបង្ខំខ្លួនឯងពេក! កុំធ្វើបាបខ្លួនឯងពេក បានប៉ុនណាក៏យកប៉ុណ្ណឹងទៅ! គ្រាន់តែដឹងថារស់នៅត្រូវតែចេះត្រៀម
តែប៉ុណ្ណឹងគឺបានហើយ!
មនុស្សមិនច្រើនទេដែលធ្វើបានដូចអ្នក
ពេលមួយដែលអ្នកស្រាប់តែមានរឿងជាច្រើនចង់និយាយ ពេលមួយស្រាប់តែទឹកភ្នែកអ្នកចង់ហូរចុះមក ត្រូវការដៃមួយមកជូតទឹកភ្នែកនោះមែនទេ? ត្រូវការស្មាមួយមកផ្អែកខ្លាំងណាស់មែនទេ?
នឹកឃើញដល់មនុស្សជាច្រើន តែរើសមិនបានសូម្បីតែម្នាក់
មិនមានម្នាក់ណាសក្តិសមមកជូតទឹកភ្នែកដែលកំពុងហូរ មិនមាននរណាម្នាក់ណាអាចផ្តល់អារម្មណ៍កក់ក្តៅឱ្យអ្នកចង់រៀបរាប់ពាក្យក្នុងចិត្ត រឿងមិនសប្បាយចិត្តទាំងឡាយចេញមកឱ្យអស់បាន។
ចុងក្រោយ អ្នកមិនមានសូម្បីតែម្នាក់…
អន់ចិត្តណាស់មែនទេ? ឈប់ខ្វល់នឹងមនុស្សទាំងនោះហើយមែនទេ?
កុំអីចឹងអី! អត់មានសូម្បីតែម្នាក់ ក៏ចាត់ទុកថាជាការល្អ ព្រោះគ្មាននរណាដឹងថាអ្នកទន់ខ្សោយ អត់មានគឺល្អហើយ! ព្រោះតែអ្នករឹងមាំជាងគេ ទើបគេមិនដែលដឹងថាអ្នកធ្លាប់យំ។
អារម្មណ៍ទន់ខ្សោយ អារម្មណ៍អន់ចិត្តទាំងនេះ វានៅនឹងអ្នកមិនយូរទេ កន្លងមួយរយៈអ្នកនឹងលែងអីហើយ កុំខឹងបើគ្មានមនុស្សនៅក្បែរ ត្រូវសរសើរដែលខ្លួនឯងអាចរឹងមាំឆ្លងកាត់រឿងទាំងឡាយបានដោយខ្លួនឯង។ ត្រូវចាំថាមនុស្សណាក៏ជួបបញ្ហា មានអារម្មណ៍ទន់ខ្សោយដែរ តែអ្នកប្រសើរណាស់ ព្រោះអ្នកមិនយកអារម្មណ៍ទន់ខ្សោយរបស់អ្នកម្តងម្កាលនេះ ទៅរំខានមនុស្សជុំវិញខ្លួន។ មនុស្សមិនច្រើនទេដែលធ្វើបានដូចអ្នក
អានរួចហើយ ប្រសិនបើមុននេះអ្នកលួចយំ ត្រូវជូតទឹកភ្នែកណា៎ ឬប្រសិនបើមុននេះមានលួចអន់ចិត្ត ក៏ត្រូវញញឹមវិញ។ ប្រាប់ខ្លួនឯងថា អ្នកពូកែណាស់ អ្នករឹងមាំណាស់ ត្រូវអរគុណខ្លួនឯងដែលតែងតែធ្វើបានរហូតមកណា៎
បើស្រលាញ់គ្រាន់តែចង់បានទេ ដកចិត្តវិញចុះ!
ស្អាត ទាក់ទាញ! នរណាឃើញហើយមិនចង់អូសក្រសែភ្នែករំលងសម្រស់នាងឡើយ។ ជឿជាក់! មានភាពម្ចាស់ការ នាងជានារីរឹងមាំខុសប្លែកពីនារីដទៃ។ ពូកែគ្រប់យ៉ាងមិនថាការងារផ្ទះ ឬការងារខាងក្រៅ តើនរណាអើយមានសំណាងបានបេះដូងនាង?
នារីបែបនេះហើយដែលបុរសប្រាថ្នាចង់បាន!
នាងស្អាតយ៉ាងនេះ តើនាងចូលចិត្តទទួលក្រសែភ្នែកប្លែកៗដែរឬទេ? នាងរឹងមាំបែបនេះតើនាងមិនត្រូវការការពារទេឬ?
នាងពូកែគ្រប់កិច្ចការតើនាងមានធ្លាប់ហត់នឿយទេ?
ឈប់ស្ញប់ស្ញែងនាងទៅបុរសអើយ!
ជាមនុស្សស្រីនេះណា៎ ទោះរឹងមាំយ៉ាងណាក៏គង់តែត្រូវការស្មាផ្អែក។ នាងកាន់តែរឹងមាំ នាងកាន់តែត្រូវការការជួយពីអ្នក។ នាងកាន់តែស្អាត នាងកាន់តែត្រូវការណាស់ ការការពារពីអ្នក។ នាងចេះគ្រប់កិច្ចការ ដូច្នេះហើយទើបនាងហត់ណាស់! នាងចង់សម្រាកណាស់ នាងត្រូវការណាស់មនុស្សម្នាក់ដែលចាំធ្វើជាទេវបុត្រជិះសេះស ចាំជួយសម្រាលការលំបាក និងលួងលោមនាងគ្រប់ពេលដែលនាងទន់ជ្រាយ។
ដឹងទេ? នៅខាងក្រោយភាពឥតខ្ចោះតែងមានការពិតដែលអ្នកពិបាកទទួលយកទៀតផង។ នារីដែលល្អទាំងព្រមបែបនេះ នាងត្រូវការច្រើនណាស់ពីអ្នក។
អ្នកកុំគិតថា នាងមានគ្រប់យ៉ាងហើយអ្នកមិនចាំបាច់ផ្តល់អ្វីឱ្យនាងនោះ គឺខុសហើយ! បើនាងព្រមប្រគល់បេះដូងឱ្យអ្នកហើយ នាងនៅតែមិនបានទទួលការមើលថែ យកចិត្តទុកដាក់ដដែរ ឱ្យនាងនៅម្នាក់ឯងប្រសើរជាងទេដឹង? 😑
ចង់គ្រងបេះដូងនារីដែលល្អទាំងព្រម តើអ្នកព្រមផ្តល់អ្វីឱ្យនាងបានខ្លះ? ព្រមទទួលយករឿងខាងក្រោយនៃភាពឥតខ្ចោះរបស់នាងដែរទេ?
ស្រលាញ់នាងហើយអាណិតនាងផង
បើស្រលាញ់គ្រាន់តែចង់បានទេ ដកចិត្តវិញចុះ!
នេះហើយជាជីវិត!
ភ្នែកមួយគូដែលកំពុងសម្រក់ទឹកភ្នែកនៅលើផ្ទៃមុខស្មើធេងដៃស្តាំអង្អែលដៃឆ្វេងហើយគោះថ្នម
ស្របពេលដែលបេះដូងកំពុងប្រេះស្រាំ ចិត្តប្រាប់ខ្លួនឯងថាមិនអីទេ!
ម្នាក់នេះមិនបានយំទេ តែទឹកភ្នែកវាហូរព្រោះតែអារម្មណ៍ទន់ខ្សោយពេក
តែមិនអីទេ! ចិត្តខ្ញុំរឹងមាំណាស់!
ខ្ញុំមិនអាចឃាត់ទឹកភ្នែកខ្លួនឯងបាន
តែខ្ញុំតែងឈ្នះចិត្តខ្លួនឯងជានិច្ច ខ្ញុំមិនទន់ខ្សោយទេ! ខ្ញុំមិនភ័យខ្លាចទេ!
ខ្ញុំមិនបារម្ភនឹងអ្វីដែត្រូវផ្លាស់ប្តូរឡើយ ព្រោះខ្ញុំបានត្រៀមរួចហើយ។
អ្វីដែលត្រូវបាត់បង់ ខ្ញុំនឹងលែងដៃឱ្យវាទៅ អ្វីដែលត្រូវមកដល់ ខ្ញុំនឹងលាដៃទទួលវា ហើយរស់នៅឱ្យបានល្អ
ជាមួយការពិតរបស់ខ្ញុំ។
គេថាលើលោកនេះមិនមានអ្វីជារៀងរហូតទេ! តែខ្ញុំថាមាន!
នោះគឺ ភាពមិនទៀតទាត់! គឺវាហើយដែលមានជារៀងរហូតនោះ!
ហើយខ្ញុំស្គាល់វាណាស់! ខ្ញុំព្រមរស់នៅជាមួយវា! ព្រោះគឺវានោះហើយ
ដែលជាការពិតមិនប្រែទេ ទោះពេលខ្លះអារម្មណ៍ខ្ញុំទន់ខ្សោយ តែខ្ញុំត្រៀមចិត្តជានិច្ច។
ដូច្នេះបើភាពមិនទៀតទាត់ធ្វើឱ្យទឹកភ្នែកខ្ញុំហូរ
ចិត្តខ្ញុំក៏ប្រាប់ខ្លួនឯងឱ្យយកដៃជូតទឹកភ្នែក ប្រាប់មាត់ឱ្យញញឹម
ហើយប្រាប់ខ្លួនឯងឱ្យនៅតែបន្តជីវិតរស់នៅជាមួយភាពមិនទៀតទាត់នោះទៀត។
កុំបោះបង់ភាពមិនទៀងទាត់នេះអី កុំស្អប់ កុំខឹងវាអី
ព្រោះវាមិនដែលកុហកអ្នកទេ វាដាស់តឿនអ្នកជានិច្ច
កុំឱ្យលង់នឹងអ្វីមួយខ្លាំងពេក ហើយដឹងទេ? ជីវិតអ្នកមានន័យក៏ព្រោះតែវាដែរ។
ទទួលទៅ! បើអ្នកបានឃើញការបង្ហាញខ្លួនរបស់វា ប្រាប់ខ្លួនឯងទៅ
ថាអ្នកគេចពីវាមិនបាននោះទេ ទទួលយកវាទៅ! នេះហើយជាជីវិត!