ត្រឹមមានសុខភាពល្អ

ពេលនេះ ម៉ោងនេះ ខ្ញុំមិនមានអ្វីដែលអ្នកមានទេ

តែពេលនេះ ម៉ោងនេះ ខ្ញុំកំពុងក្តោបក្តាប់អ្វីដែលខ្ញុំមិនធ្លាប់មានពីមុន!
ខ្ញុំមិនប្រាថ្នាភាពហ៉ឺហាឡើយ ចង់បានត្រឹមតែភាពសមរម្យ។
ពេលវេលាដែលខ្ញុំប្រើកន្លងមក គឺបានអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរជាងអតីតកាលរបស់ខ្ញុំ ហើយខ្ញុំបានខំអស់លទ្ធភាពហើយដើម្បីទទួលបានភាពសមរម្យមួយនេះ។
ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែមាននេះហើយ ខ្ញុំស្កប់ស្កល់ហើយ..
ហើយអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ គឺថែសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះសុខភាពជាទ្រព្យដ៏មានតំលៃបំផុតរបស់យើង!
សុខភាពល្អទើបអាចឱ្យខ្ញុំសុខបានយូរ ហើយមានឱកាសបានឃើញស្នាមញញឹម និងបានញញឹមដាក់មនុស្សទាំងឡាយដែលស្រលាញ់ខ្ញុំ។

គិតវិជ្ជមានរស់បានសុខជាងណា៎

ម្នាក់ឯងបែបខ្ញុំ

ម្នាក់ឯងមិនមែនគ្មានជម្រើស
ម្នាក់ឯងជាជម្រើសដែលខ្ញុំពេញចិត្ត។
ពីរនាក់ពេលខ្លះស្មុកស្មាញណាស់
ច្រើននាក់ភាគច្រើនតែអត់ប្រយោជន៍

មិត្តភក្តិឬស្នេហា សុទ្ធតែធ្លាប់ធ្វើឱ្យខ្ញុំយំ។
ឈឺហួសហើយ លែងឈឺហើយ..
ម្នាក់ឯងក៏បាន! ម្នាក់ឯងទើបរឹងមាំ!
ម្នាក់ឯងធ្លាប់ហើយ មិនត្រឡប់រកពិភពសាំញ៉ាំទៀតឡើយ។
ម្នាក់ឯងយូរទៅធ្លាប់អផ្សុកមែន តែមិនធ្លាប់ឯកាទេ

ខ្ញុំនៅម្នាក់ឯងបែបនេះ មិនមែនមិនត្រូវការទំនាក់ទំនង គ្រាន់តែមិនចង់ខាតពេលខាតអារម្មណ៍ជាមួយទំនាក់ទំនងក្លែងក្លាយ។ ពេលមួយដែលខ្ញុំបានជួបទំនាក់ទំនងល្អ ពេលដែលខ្ញុំអាចរកមនុស្សល្អជាមិត្តពេលដែលខ្ញុំអាចរកមនុស្សល្អដើម្បីស្រលាញ់ ខ្ញុំនឹងមិនដើរផ្លូវមួយម្នាក់ឯងទៀតទេ។ តែពេលនេះអត់មាន ខ្ញុំក៏មិនឯកាដែរ ខ្ញុំនៅតែពេញចិត្តការដើរម្នាក់ឯងបែបឯករាជ្យបែបនេះ។ ខ្ញុំនៅម្នាក់ឯងមែន តែខ្ញុំមិនធ្លាប់ឯកា ខ្ញុំឯកាមិនបានព្រោះខ្ញុំរស់នៅក្នុងគោលការណ៍ គោលការណ៍របស់ខ្ញុំ ពេលនៅម្នាក់គឺជាពេលដែលអាចធ្វើគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើដោយមិនចាំបាច់យកចិត្តនរណាមកគិត 😊
សាកនៅម្នាក់ឯងឱ្យបានល្អ កុំខាតពេលជាមួយភាពឯកាណា៎ 😊

អត្ថបទអ្នកនិពន្ធរតនា

អ្នកចាស់អ្នកថ្មីអ្នកណាមិនល្អឱ្យប្រាកដ?

បើអ្នកថ្មីល្អក៏មិននឹកដល់អ្នកចាស់ បើអ្នកចាស់ល្អក៏មិនបែកគ្នា..

ទម្លាប់មួយរបស់មនុស្សគឺ តែងតែយកមនុស្សពីរនាក់ទៅប្រៀបធៀបគ្នាដើម្បីតែចង់ឱ្យអ្នកទាំងពីរក្លាយជាមនុស្សតែម្នាក់។

មនុស្សពីរនាក់មកពីទីកន្លែងផ្សេងគ្នា គ្រួសារផ្សេងគ្នា ការអប់រំខុសគ្នា វាមិនអាចនឹងឱ្យអ្នកទាំងពីរដូចគ្នាបានទេ ត្រូវចាំថាសូម្បីកូនភ្លោះនៅតែមិនដូចគ្នា។

មនុស្សពីរនាក់ ប្រហែលអាចបំពេញកង្វះខាតគ្នាដើម្បីតម្រូវចិត្តអ្នកបានមែន តែបេះដូងរបស់អ្នកមិនគួរដាក់មនុស្សពីរនាក់ឡើយ។

អ្នកចាស់ធ្លាប់ល្អប៉ុនណា តែពេលនេះបានបែកគ្នាហើយ

អ្នកថ្មីល្អដែរ តែនៅតែធ្វើឱ្យអ្នកនឹកអ្នកចាស់

សាកល្បងនៅម្នាក់ឯងមួយរយៈ តើអ្នកថ្មីឬអ្នកចាស់មិនល្អ?ឬអ្នកមិនល្អនោះជាខ្លួនឯងទេ?

ត្រូវគិតថាមនុស្សពីរនាក់បំពេញឱ្យគ្នាដើម្បីរក្សាស្នេហាបាន មិនមែនអ្នកចាស់និងអ្នកថ្មីនោះទេ តែគឺអ្នកនិងមនុស្សដែលអ្នកត្រូវចាប់ដៃដើរផ្លូវជាមួយប៉ុណ្ណោះ។

ស្នេហាមិនមែនជាការទាមទារ តែជាការបំពេញឱ្យគ្នាទៅវិញទេ តែឆ្លាតក្នុងការរើសមនុស្សដើម្បីស្រលាញ់ផង។

ចាំណា៎! ស្រលាញ់មនុស្សដែលគេស្រលាញ់អ្នក ទើបការលះបង់មិនមានតែម្ខាង។ ❤️

#អត្ថបទអ្នកនិពន្ធរតនា

គិតឱ្យដិតដល់

បានហើយសម្រាកទៅ!

ព្រោះតែប្រើអារម្មណ៍មិនចេះខ្វល់ខ្វាយច្រើនដូចពីមុនហ្នឹងហើយ ទើបថ្ងៃនេះត្រូវពិបាកយ៉ាងនេះ។ ពេលនេះជាពេលដែលអ្នកត្រូវសងពេលវេលាដែលសប្បាយហួសកាលពីមុនមកវិញ។

ជីវិតនិមួយៗមានបន្ទុកច្រើនណាស់!

បើកាលពីមុនអ្នកចេះគិតច្រើននិងដិតដល់ជាងនេះបន្តិច អ្នកនឹងមិនពិបាកដូចពេលនេះទេ។ យ៉ាងណាពេលនេះមិនទាន់ហួសពេលឡើយ! រៀនគិតឱ្យបានច្រើនជាងនេះ ទើបថ្ងៃមុខមិនពិបាកដូចថ្ងៃនេះ ហើយម្យ៉ាងវិញទៀត ការគិតនោះមិនមែនជាការធ្វើបាបខ្លួនឯងទេ បើអ្នកកំពុងខ្វល់ពីបញ្ហាជីវភាពសូមឱ្យអ្នករៀបចំរបៀបនៃការរស់នៅសារជាថ្មី ប្រើសិនបើអ្នកកំពុងតែខ្វល់ពីរឿងស្នេហា សូមឱ្យអ្នកពិចារណារាល់ការសម្រេចចិត្តសារជាថ្មី។

គ្រប់បែបយ៉ាងនៃការសម្រេចចិត្ត អ្នកខ្លួនឯងដឹងខ្លះហើយថាផលវិជ្ជមាន និងអវិជ្ជមាន នឹងមានកម្រិតណា៎ ដូច្នេះហើយអ្នកគួរត្រៀមចិត្តឱ្យបានរួចរាល់ក្នុងការទទួលយករឿងហេតុថ្មីៗដែលកើតឡើង។

កុំហត់នឿយក្នុងចិត្តពេកអី! ផលបានមកប៉ុនណាទទួលប៉ុណ្ណឹងទៅ រៀនទទួលយកការពិត និងមិនមានសេចក្តីលោភលន់ហួសប្រមាណទើបចិត្តអាចបានសេចក្តីសុខច្រើនជាងនេះ។

#អត្ថបទអ្នកនិពន្ធរតនា

រស់ជាខ្លួនឯង

មិនចាំបាច់ប្តូរភាពជាខ្លួនឯងដើម្បីនរណាទេ ព្រោះថ្ងៃមួយដែលគេប្តូរចិត្ត គេនឹងស្អប់ឬស្រលាញ់យើងតាមតែគេនឹកឃើញ។ ចិត្តមនុស្សនេះណាទោះល្អយ៉ាងណាក៏នៅតែមានភាពអាត្មានិយម ប្រកាន់អញជាត្រូវ បើគេគិតថាគេត្រូវហើយបើទោះយើងចង់ធ្វើអ្វីក៏យើងគង់មិនត្រូវ បើគេមិនចូលចិត្តយើងហើយទោះខំតម្រូវចិត្តគេក៏យើងនៅតែខុស។

មិនបាច់ខ្វល់ពេកទេថាអ្នកណាគិតអ្វី វិភាគបែបណាលើទង្វើដែលយើងបានធ្វើ ឬកំពុង ឬនឹងធ្វើ ឱ្យតែច្បាស់ក្នុងចិត្តថាយើងបានធ្វើរឿងត្រឹមត្រូវតែប៉ុណ្ណឹងគឺបានហើយ។

ទទួលដឹងទៅថាមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សច្រើននាក់បានទែ ហើយបើគេមិនពេញចិត្តយើងក៏មិនប្រាកដថាយើងធ្វើខុសដែរ ពេលខ្លះអាចខុសមែនតែមិនមែនខុសព្រោះភាពខុសនឹងត្រូវ វាគ្រាន់តែខុសចិត្តគេតែប៉ុណ្ណឹង។

ចាំទៅ! បើគេមិនចូលចិត្តយើងហើយគេមិនងាយគិតឱ្យយើងបានល្អទេ។

កុំខ្វល់ពីគេដល់ហត់ចិត្តខ្លួនឯងអី រាល់ថ្ងៃយើងហត់ណាស់ហើយដើម្បីជីវិត និងអនាគតហេតុអីចាំបាច់ទៅហត់ចិត្តខ្វល់ពីការគិតរបស់មនុស្សដែលមិនធ្លាប់ស្រលាញ់គាំទ្រយើងសោះ?

រស់ក្នុងភាពជាខ្លួនឯងដែលត្រឹមត្រូវ មិនត្រូវចិត្តអ្នកណាមិនអីទេ ឱ្យតែរស់ក្នុងភាពត្រឹមត្រូវនិងថ្លៃថ្នូរទៅបានហើយ។

#អត្ថបទអ្នកនិពន្ធរតនា

បញ្ហា!!

បញ្ហា! និយាយតែ២ម៉ាត់តែធ្វើឲ្យមនុស្សដែលកំពុងជួបវាអួលដើមក។

បញ្ហា! ហេតុអ្វីបានជាអ្នកមានឥទ្ធិពលខ្លាំងម្ល៉េះមកលើផ្លូវអារម្មណ៍របស់ខ្ញុំ?

បញ្ហា វាដូចជាអ្វីមួយធ្វើឲ្យខ្ញុំខ្លបខ្លាចខ្លាំងណាស់។ មិនចង់នឹកដល់ តែវាមករកគ្រប់វិនាទី ដកដង្ហើមក៏ឃើញបញ្ហា។

រាល់ពេលដកដង្ហើមគឺជាពេលវេលាដែលភ័យខ្លាច បារម្ភ និងឈឺផ្សារបំផុត…

មួយជីវិតនេះ ហត់ពេកហើយ..

មួយជីវិតនេះ មិនធ្លាប់ជួបបែបនេះទេ…

ហេតុអ្វីបញ្ហាធ្លាក់មកលើខ្ញុំ?

ហេតុអ្វីបញ្ហាធ្លាក់មកផ្ទួនៗ?

ប្រៀបដូចជាភ្នំសង្កត់ ដូចជាស្រមោលខ្មៅពាំងផ្លូវ ដូចជាយមរាជឈរសម្លុត

ភ័យណាស់ ខ្លាចណាស់ ពិបាកណាស់ ហត់ណាស់

ក្រោកឈរលែងរួចហើយ ព្រមដួល ឲ្យវាទៅតាមដំណើរ….

ដូចជាមេឃខ្មៅងងឹត ហើយក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំង មនុស្សដែលកំពុងធ្វើដំណើរតាមផ្លូវត្រូវតែព្រមទទួលតំណក់ទឹកភ្លៀង

ព្រោះតែខ្ញុំចេះប្រុងប្រយ័ត្ន ខ្ញុំតែងមានអាវភ្លៀងទទូល

បញ្ហាវាធ្លាក់មកហើយ អាវភ្លៀងរបស់ខ្ញុំវាជួយឲ្យខ្ញុំមិនទទឹកច្រើន តែអាកាសធាតុសើមនឹងធ្វើឲ្យខ្ញុំផ្តាសាយ

ភ្លៀងខ្លាំងយ៉ាងណា តែធ្លាក់អស់ចិត្តក៏គង់រាំងទៅបាត់

ខ្ញុំស្មានតែបានធូរហើយ តែខ្ញុំត្រូវប្រឈមនឹងការស្ទះលូលិចផ្លូវ ចរាចរណ៍ចង្អៀតទៅមុខមិនរួច ហេតុអ្វីក៏បញ្ហាទាំងនេះវាធ្លាក់មកលើខ្ញុំផ្ទួនៗ?

ធុញទ្រាន់ខ្លាំងណាស់ ហត់ណាស់! ខ្ញុំមិនចង់ទៅមុខទៀតសោះ

ក្រឡេករកកន្លែងឈប់ ខ្ញុំភ្ញាក់ព្រឺត!

ស្មានតែខ្ញុំម្នាក់ឯងទេ ដែលកំពុងជួបបញ្ហាទាំងនេះ តាមពិតមានមនុស្សច្រើនណាស់ដែលកំពុងមានបញ្ហាដូចខ្ញុំ។

ខ្ញុំឃើញពូម្នាក់បើកម៉ូតូដឹកមនុស្សស្រីកំពុងឱបទារក

ឱ ជីវិត! ផ្លូវស្ទះ លិចទឹកពិបាកយ៉ាងនេះ គាត់នៅខំអូសម៉ូតូដែលមានមនុស្សពីរនាក់នៅពីក្រោយ

មើលចុះនារីម្នាក់នោះប្រហែលជាកូនខ្ចីផង មិនគួរអីត្រូវមកហាលភ្លៀងបែបនេះ

ខ្ញុំកាន់តែខ្លោចចិត្តអាណិត ទារកតូចម្តេចមិនកើតនៅក្នុងគ្រួសារដែលមានឡាន តូចប៉ុណ្ណេះសោះមកត្រូវលំបាកជាមួយចរាចរណ៍នឹងគេដែរ

ក្រឡេកទៅខាងនោះ ស្រ្តីមានផ្ទៃពោះកំពុងខំបើកម៉ូតូទៅមុខដោយទទឹកខ្លួនជោគ មិនដឹងថារងាប៉ុនណា បើផ្លូវរអិលពេក បើធ្លាក់ជង្ហុក ចុះកូនក្នុងផ្ទៃនឹងទៅជាយ៉ាងណា?

មើលចុះអ៊ុំម្នាក់នោះចាស់ហើយ ម៉ូតូក៏ចាស់បានជារលត់

លុយទឹកដើតែខ្លួនមួយមិនចង់ទៅមុខផង គាត់នៅស៊ូអូសម៉ូតូចាស់របស់គាត់ទៀត

ហេតុអីក៏ម្នាក់ៗពិបាកខ្លាំងអីយ៉ាងនេះ?

ខ្ញុំនៅលើម៉ូតូដែលអាចមួរទៅមុខបានតិចៗនេះ មានមុខអីមករអ៊ូទៀត?

ខ្ញុំជានរណា ទើបអាចរស់ដោយមិនមានបញ្ហានោះ?

ជាមនុស្ស គ្មាននរណាគេចពីបញ្ហាបានទេ

អរគុណបញ្ហា ដែលមកពេលនេះ ពេលដែលខ្ញុំមានអាវភ្លៀងពេលដែលខ្ញុំគ្មានផ្ទៃពោះ គ្មានកូនតូច គ្មានសម្ពាយដូចពួកគាត់ ..

អរគុណបញ្ហាដែលឆាប់មករកខ្ញុំ

អរគុណដែលមកដាស់តឿនឲ្យខ្ញុំភ្ញាក់រឭក ឆាប់ទៅមុខឲ្យបានលឿនជាងនេះ ហើយកាន់តែមានការប្រុងប្រយ័ត្ន

ខ្ញុំមិនចង់ធ្វើជាមនុស្សចាស់ដែលអូសម៉ូតូចាស់ពេលភ្លៀង

ខ្ញុំមិនចង់ធ្វើជាស្ត្រីមានផ្ទៃពោះហើយត្រូវបើកម៉ូតូកាត់ភ្លៀង

ខ្ញុំមិនចង់ជួបភាពលំបាកនេះ នៅពេលដែលខ្ញុំមានស្ថានភាពដូចពួកគាត់ឡើយ កាន់តែមិនចង់ឲ្យអនាគតកូនរបស់ខ្ញុំដូចជាទារកដែលខ្ញុំឃើញនេះទេ។

ជឿហើយថាបញ្ហាមិនលើកលែងសភាពលំបាករបស់អ្នកណាឡើយ បើមិនត្រៀមខ្លួនទទួលបញ្ហានិងរកវិធីដោះស្រាយ ឬមិនរឹងមាំក្នុងការប្រឈមនឹងបញ្ហា យើងនឹងមិនអាចឃើញភាពស្រស់ស្អាតទេ។

មើលចុះ ក្រោយភ្លៀងមេឃស្រឡះ ឥន្ទធនូក៏ស្អាតដែរ

នៅពេលដែលចេញផុតផ្លូវស្ទះ ខ្ញុំពិតជាស្រឡះខ្លួនហើយស្រួលដកដង្ហើមណាស់ 😁

ពេលនេះត្រូវអរគុណខ្លួនឯងដែលមិនឈប់កាលពីផ្លូវស្ទះខ្លាំង

ពេលនេះបានជួបភាពធូរស្រាលហើយ អាចសើចដោយមានសេចក្តីសុខបានហើយ ហើយក៏ទទួលបានបទពិសោធន៍មួយដែរ 😄

#អត្ថបទអ្នកនិពន្ធរតនា

នរណាមិនធ្លាប់ខុស?

កើតជាមនុស្ស ម្នាក់ណាមិនធ្លាប់ខុស? “

អ្នកណាក៏និយាយតែពាក្យនេះ តែការពិតជាក់ស្តែងម្នាក់ៗតែងតែរើសអើងនឹងអ្នកដែលសាងកំហុស។

មនុស្សដែលធ្វើខុស សមហើយដែលទទួលពិន័យ តែការសោកស្តាយពីកំហុសគឺជាការពិន័យមួយយ៉ាងធ្ងន់ធ្ងរទៅហើយ

កំហុសខ្លះធ្វើឲ្យមនុស្សដែលបានសាងមកមានវិប្បដិសារីស្ទើរតែសម្លាប់ខ្លួន អ្នកខ្លះក៏អាចសម្លាប់ខ្លួនមែន។

អ្នកដែលធ្លាប់រើសអើងក៏បានត្រឹមតែសោកស្តាយដែលបាត់បង់មនុស្សធ្លាប់ស្គាល់ ធ្លាប់ស្រលាញ់។

ការមិនរើសអើង ការលើកទឹកចិត្តមិនមែនជាការគាំទ្រឲ្យមនុស្សសាងកំហុសនោះទេ

តែវាជាការសម្តែងពីការយល់ចិត្ត នឹងផ្តល់កម្លាំងចិត្តដល់មនុស្សដែលមនុស្សធ្វើខុសហើយឲ្យខំដើរទៅមុខបន្ត

ទឹកខ្មៅដែលស្រក់លើស្បៃស តើត្រូវតែបោះស្បៃនោះចោល ឬកាត់ម្តុំដែលប្រលាក់ទឹកខ្មៅនោះមែនទេ?

ស្បែសក្បុសមើលទៅដូចជាបរិសុទ្ធណាស់

បើស្បៃសមានលាយពណ៌ឥន្ទធនូតើស្អាតទេ? ចុះបើចាក់ឲ្យចេញរូបផ្កាតើនឹងស្អាតទេ?

កំហុសដែលសាងមកហើយ គ្មាននរណាអាចត្រឡប់ក្រោយ ដើម្បីចៀសមិនធ្វើឲ្យវាកើតមកបាននោះទេ។

បើវាជ្រុលជាមានកំហុសទៅហើយ ម៉េចមិន ប្រើកំហុសបង្កើតថាមពលមួយដើម្បីប្តូរខ្លួនឯងឲ្យក្លាយជាមនុស្សថ្មីវិញ?

កុំស្តាយស្បៃស គួរតែខំរកពណ៌មកចាក់បន្ថែមដើម្បីឲ្យស្បៃកាន់តែស្អាត។

#អត្ថបទអ្នកនិពន្ធរតនា

ត្រឹមស្នេហាមួយ

ខ្ញុំអង្គុយមើលដំណើរចាក់ចេញក្រោមដំណក់ទឹកភ្លៀង

ខ្ញុំឃើញមនុស្សចិត្តដាច់ដើរចេញដោយមិនខ្វល់ថាខ្ញុំយំខ្លាំងប៉ុនណា។ បេះដូងដែលធ្លាប់តែមានមនោសញ្ចេតនា ស្នេហាដែលធ្លាប់តែផ្អែមល្ហែមកន្លងមក មិនមែនជាការពិតទេឬ? ក្នុងលោកនេះគ្មានស្នេហាដែលស្រលាញ់គ្នាពិតប្រាកដទេ?

ព្រោះតែក្តីស្រលាញ់ខ្លាំង ខ្ញុំយំក្រោយខ្នងគេ ខ្ញុំពិតជាបានយំខ្លាំងមែន ខ្ញុំពិតជាខ្លាចបាត់បង់មែន តែមិនមែនខ្លាចបាត់បង់មនុស្សដែលចង់ទៅនោះទេ ខ្ញុំគ្រាន់តែស្តាយស្នេហា ស្តាយភាពផ្អែមល្ហែមដែលធ្លាប់មាន។ ខ្ញុំអត់អាចធ្វើអីបានក្រៅពីយំឱ្យអស់ចិត្ត ធ្វើម៉េចបើស្នេហាមួយនេះវាមិនអាចនិរន្តន៍បាន។

ព្រោះតែចង់ចាកចេញខ្លាំង គេតាំងចិត្តមិនខ្វល់ទឹកភ្នែកដែលហូរប្រដេញអង្វរកគេ។ គេដាច់ចិត្ត គេអស់ក្តីស្រលាញ់ គេទៅហើយ!

ស្រមោលមនុស្សចិត្តដាច់ទៅបាត់ហើយ ខ្ញុំបានដឹងហើយ ទឹកភ្នែកខ្ញុំក៏ហូររួចហើយ បេះដូងខ្ញុំប្រេះស្រាំរួចហើយ គេនោះខ្ញុំក៏ស្រលាញ់រួចហើយ។

ថ្ងៃនេះគេចិត្តដាច់ ថ្ងៃនេះគេមើលរំលងក្តីស្រលាញ់ទាំងឡាយដែលខ្ញុំធ្លាប់ឱ្យ ថ្ងៃក្រោយគេនឹងស្តាយ គេនឹងខ្មាសហើយដែលជ្រុលឱ្យមានថ្ងៃនេះ។

មនុស្សដែលគេបោះបង់ មនុស្សដែលគេបោកប្រាស់ មនុស្សដែលគេអស់ស្រលាញ់ម្នាក់នេះ មិនទន់ជ្រាយទេ មិនចុះចាញ់ទេ! ខ្ញុំមិនរស់នៅដើម្បីនរណាម្នាក់ឡើយ បេះដូងមានតែមួយតែអាចបង្កើតក្តីស្រលាញ់បានច្រើនរាប់មិនអស់ បើក្តីស្រលាញ់មមួយបានស្លាប់ទៅហើយ វាគង់តែមានក្តីស្រលាញ់ដែលកើតតាមក្រោយទៀតមិនខាន។ នៅក្នុងផែនដីនេះមានមនុស្សច្រើនណាស់ មនុស្សម្នាក់បោះបង់ខ្ញុំ តែខ្ញុំនៅមានមនុស្សច្រើននាក់ទៀតដើម្បីស្រលាញ់។

ថ្ងៃនេះមនុស្សអស់ចិត្តគេទៅបាត់ហើយ តែថ្ងៃក្រោយនឹងមានមនុស្សម្នាក់ដែលស្រលាញ់ខ្ញុំមិនប្រែបង្ហាញខ្លួនមិនខាន។

បើខ្ញុំនៅតែរឹងមាំ ត្រឹមស្នេហាមួយខ្ញុំមិនខ្លាចរកមិនបាន!

អត្ថបទអ្នកនិពន្ធរតនា

ជំងឺខ្លួនឯង

កុំចេះតែគិតថាខ្លួនឯងពិសេសពេក! នៅពេលដែលអ្នកលើកដាក់អ្វីៗមកលើខ្លួនឯងទាំងអស់ពេក អ្នកនឹងកើតជំងឺខ្លួនឯង។

អ្នកមានជំងឺខ្លួនឯងនេះ គាត់ចេះតែគេថាគាត់ពិសេសណាស់ ជាទីចាប់អារម្មណ៍ណាស់ អ្វីៗដែលអ្នកដទៃបានធ្វើឬនិយាយសុទ្ធតែពាក់ព័ន្ធនឹងគាត់។

ពេលខ្លះគាត់រីករាយអរបើឮពាក្យល្អៗចេញពីមាត់គេ ពេលខ្លះគាត់ក៏អន់ចិត្ត ខឹង ភ័យព្រួយបារម្ភ បើបានឮអ្នកដទៃនិយាយអ្វីមិនល្អ។ គ្រាន់តែឮល្ហៀងៗ គិតថាស្រដៀងៗ ហើយក៏លើកដាក់ខ្លួនឯង គិតម្នាក់ឯងខ្វល់ម្នាក់ឯង នេះហើយហៅថាជំងឺខ្លួនឯង។

ជំងឺដែលមានតែខ្លួនឯង ឬការតែងតែច្រលំថាខ្លួនឯងពិសេសនេះ វាតែងផ្តល់ការលំបាកដល់អារម្មណ៍ប្រចាំថ្ងៃរបស់អ្នកជានិច្ច។ ហើយការដែលម្តងសប្បាយចិត្ត ម្តងមិនសប្បាយចិត្តនេះ វាក៏ជះឥទ្ធិពលដល់មនុស្សដែលនៅក្បែរអ្នកដែរ។ សុខៗអាចធ្វើឱ្យអ្នកមិនសល់អ្នកណានៅក្បែរខ្លួនព្រោះគ្មានអ្នកណាអាចស៊ូនឹងអារម្មណ៍មិនប្រក្រតីរបស់អ្នកបានទេ។

ចូររៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ ព្យាលបាលជំងឺខ្លួនឯងដោយការដកតំណែងពិសេសហួសហេតុចេញពីខ្លួនឯងឱ្យបាន អ្នកណានិយាយអី គិតអីមិនចាំបាច់គិតស្មានលើកដាក់ខ្លួនឯងទៀតទេ ដោះលែងខ្លួនឯងឱ្យមានសេរីភាពពីអារម្មណ៍មិនប្រក្រតី ហើយគិតអ្វីដែលល្អៗទើបផ្លូវចិត្តអាចបានសុខ។

#អត្ថបទអ្នកនិពន្ធរតនា

ចំណងលុយ

លុយ! បើវាអាចធ្វើឱ្យអ្នកស្រលាញ់គ្នាបាន ជឿទៅថ្ងៃមួយវាក៏អាចធ្វើឱ្យអ្នកស្អប់គ្នាដែរ។

រាប់អានមនុស្សប្រយ័ត្តបន្តិច! ព្រោះថាបើសិនលុយជាដើមហេតុធ្វើឱ្យទំនាក់ទំនងអ្នកកាន់តែល្អ នោះវាមានភាគរយខ្ពស់ណាស់នឹងអាចធ្វើឱ្យអ្នករលាយទំនាក់ទំនងមួយនោះវិញបានក្នុងថ្ងៃណាមួយ។

លុយ! មិនមានអំណាចទិញក្តីស្រលាញ់ឬទំនុកចិត្តរបស់មនុស្សបានទេ តែមនុស្សដែលឱនដាក់លុយប៉ុណ្ណោះដែលព្រមលក់សេចក្តីស្រលាញ់ ឬទំនុកចិត្តដ៏ថ្លៃថ្លាមួយដើម្បីលុយ។ មនុស្សឆ្លាតប្រើលុយក្នុងរូបរាងជាច្រើន ដើម្បីអាចទិញបានអ្វីមួយដែលគេចង់បាន។ លុយអាចសម្តែងតម្លៃតាមរយៈទឹកចិត្ត តែជាទឹកចិត្តដែលសម្លឹងឃើញប្រយោជន៍ថ្ងៃក្រោយឬបច្ចប្បន្នតែប៉ុណ្ណោះ។

លុយ! វានឹងក្លាយជាអាវុធដ៏សាហាវនៅពេលដែលវាស្ថិតនៅក្នុងដៃមនុស្សចិត្តសាហាវ។ ទទួលលុយតាមរយៈទឹកចិត្តពីរនរណាម្នាក់ គប្បីគិតសិន! ពេលខ្លះសុខចិត្តពិបាកខ្លាំងពេលនេះ ប្រសើជាងជំពាក់គុណមនុស្សចិត្តមិនស្មោះ។

លុយ! វាក៏អាចក្លាយជាទឹកមន្ត ឬផ្កាដ៏ក្រអូបបើលុយនៅក្នុងដៃមនុស្សដែលមានសទ្ធាចិត្តបរិសុទ្ធ។ តែមនុស្សល្អ និងមនុស្សអាក្រក់មិនបានបិទផ្លាកកណ្តាលថ្ងាសឱ្យអ្នកបានយល់នោះទេ វាត្រូវការពេលដើម្បីឱ្យអ្នកបានយល់ពីចិត្តពិត ពណ៌ពិតរបស់គេ ដូច្នេះមុនទទួលគុណ គិតសិន គួរឬមិនគួរ។ #អត្ថបទអ្នកនិពន្ធរតនា

​បេសកកម្មជីវិត

មនុស្សម្នាក់ៗចំណាយពេល២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា តែបានផលមិនដូចគ្នានោះទេ។

២៤ម៉ោងរបស់មនុស្សដែលអាចគ្រប់គ្រងអារម្មណ៍បានល្អ គាត់នឹងទទួលបានរឿងល្អ និងអារម្មណ៍ល្អច្រើនជាងមនុស្សដែលព្រមឱ្យអារម្មណ៍គ្រប់គ្រងគាត់។

២៤ម៉ោងរបស់មនុស្សដែលចូលចិត្តរវល់ គាត់នឹងទទួលបានប្រយោជន៍ពីការរវល់នោះច្រើនជាងមនុស្សដែលយកពេលទៅអង្គុយលេង ឬដេកខ្ចិល។

២៤ម៉ោងរបស់មនុស្សដែលចូលចិត្តសាងល្អ គាត់នឹងទទួលកុសល និងការចូលចិត្តពីមនុស្សជុំវិញខ្លួនច្រើនជាងមនុស្សដែលចូលចិត្តឈ្នានីស ធ្វើទុក្ខឱ្យអ្នកដទៃ។

អាយុជីវិតមនុស្សម្នាក់ៗមានវែងមានខ្លី តែមួយថ្ងៃរបស់អ្នកគ្រប់គ្នាទទួលបាន២៤ម៉ោងដូចគ្នាទាំងអស់។ បើអ្នកប្រើ២៤ម៉ោងដែលមាននោះមិនប្រក្រតី មិនថាអ្នកអាយុវែងឬខ្លី អ្នកគ្មានថ្ងៃរស់បានសុខច្រើនជាងទុក្ខទេ។ ចង់មានឆាកជីវិតល្អ កុំបាច់ចាំពេលវេលា ព្រោះគ្មាននរណាអាចកំណត់ជីវិតខ្លួនឯងបានទេ តែមនុស្សគ្រប់គ្នាអាចកំណត់បេសកម្មជីវិតរបស់ខ្លួនឯងបាន។ ចង់រស់ជាមនុស្សល្អឬអាក្រក់ ជាមនុស្សមានប្រយោជន៍ឬអត់ អ្នកសម្រេចទៅ!

#អត្ថបទអ្នកនិពន្ធរតនា

ក្តីស្រលាញ់ពិត

ខ្ញុំទើបតែយល់ពីក្តីស្រលាញ់ពិតតើបែបណា!

ក្តីស្រលាញ់មិនបានធ្វើឱ្យមនុស្សអាត្មានិយមទេ ក្តីស្នេហាដែលមានចំពោះនរណាម្នាក់បានប្រាប់ចិត្តខ្ញុំឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងធ្វើរឿងផ្សេងៗដើម្បីគេ។

ក្តីស្រលាញ់បានប្រាប់ខ្ញុំថាមិនឱ្យនិយាយការពិតដែលធ្វើឱ្យមនុស្សដែលខ្ញុំស្រលាញ់ពិបាកចិត្តដោយក្តីបារម្ភចំពោះខ្ញុំឡើយ។

ពេលខ្លះក្តីស្រលាញ់ពិតបង្ខំឱ្យចេះលាក់បាំង មិនចាំបាច់ត្រូវតែប្រាប់គ្រប់យ៉ាងដល់មនុស្សដែលខ្ញុំស្រលាញ់ទេ បើគេដឹងហើយមិនសប្បាយចិត្ត បើគេដឹងហើយកើតក្តីបារម្ភ ខ្ញុំប្រាប់ធ្វើអី?

ទោះរឿងខ្លះជាបញ្ហា បើទោះបញ្ហានោះមនុស្សដែលខ្ញុំស្រលាញ់អាចដោះស្រាយបាន អាចជួយបាន តែខ្ញុំបែលាក់បាំងហើយខំប្រឈមតែឯង ហេតុអ្វី?

ព្រោះក្តីស្រលាញ់ពិតរបស់ខ្ញប្រាប់ឱ្យខ្ញុំបារម្ភពីគេ ប្រាប់ឱ្យខ្ញុំថ្នមចិត្តថ្នមអារម្មណ៍របស់គេនោះ។

ក្តីស្រលាញ់ពិត គឺគួរឱ្យស្ងប់ស្ងែងណាស់ វាអាចបង្រៀនឱ្យខ្ញុំក្លាយជាមនុស្សដែលចេះលះបង់ និងចេះស្មោះត្រង់ បើទោះវាអាចឱ្យខ្ញុំចេះធ្វើរឿងទាំងនេះសម្រាប់តែមនុស្សពីរបីនាក់ តែយ៉ាងហោច ក្តីស្រលាញ់ពិតនេះវាអាចប្រាប់ខ្ញុំថាខ្ញុំក៏មានចំណែកល្អក្នុងខ្លួនដែរ ហើយប្រសិនបើខ្ញុំចង់បានចំណែកល្អនោះនៅក្នុងខ្លួនកាន់តែច្រើន ខ្ញុំគ្រាន់តែផ្តល់ក្តីស្រលាញ់ពិតចំពោះមនុស្សច្រើនជាងនេះទៅគឺបាន។

ក្តីស្រលាញ់ពិតអាចកើតឡើងចំពោះក្តីស្នេហាចំពោះក្រុមគ្រួសារ មិត្តភ័ក្ក មិនចាំបាច់តែស្នេហាប្រុសស្រីនោះទេ។ មានក្តីស្រលាញ់ល្អៗគួរចែកឱ្យមនុស្សឱ្យបានច្រើន មានក្តីស្រលាញ់ពិតកាន់តែច្រើនខ្ញុំនឹងក្លាយជាមនុស្សអាចធ្វើល្អបានច្រើនដែរ។

#អត្ថបទអ្នកនិពន្ធរតនា