ទៅផ្ទះ

ផ្ទះជាទីសុខព្រោះអ្នកជឿជាក់ថាមនុស្សក្នុងផ្ទះទើបយកចិត្តទុកដាក់លើអ្នកពិតប្រាកដ។

ខាងក្រៅធ្វើឲ្យហត់ណាស់ ខាងក្រៅធ្វើឲ្យខឹងណាស់

ចង់ទៅផ្ទះ!

អ្នកផ្ទះចាំទទួលអ្នកទទួលដោយរីករាយ អ្នកផ្ទះចង់ឃើញអ្នកមានទឹកមុខស្រស់ស្រាយ អ្នកផ្ទះចង់ឲ្យអ្នកសប្បាយចិត្ត.

តែអ្នកផ្ទះមិនចង់ទទួលអារម្មណ៍អាក្រក់ដែលអ្នកយកពីក្រៅមកទេ

មុនចូលផ្ទះ ត្រូវទម្លាក់អារម្មណ៍ទាំងអស់នោះចោលសិន

មុនទៅផ្ទះ ត្រូវយកក្តីស្រលាញ់សងអ្នកផ្ទះផង។

កុំភ្លេចខ្វល់ខ្វាយពីអារម្មណ៍របស់អ្នកផ្ទះផង

អត្ថបទនិពន្ធរតនា

កុំធ្វើអោយខ្លួនឯងក្លាយជាកញ្ចក់

គ្រប់មនុស្សទាំងអស់តែងតែមានល្អ និងអាក្រក់នៅខាងក្នុង

បើទោះជាយើងខំធ្វើល្អដាក់គេទៅហើយ មិនបានទទួលល្អពីគេមកវិញ

ក៏មិនមែនមានន័យថាគេជាមនុស្សអាក្រក់ដែរ ក៏ប្រហែលមកពីយើងគ្មានសំណាងបានទទួលភាពល្អរបស់គេតែប៉ុណ្ណោះ។

កុំខឹង! កុំអន់ចិត្ត បើគេមិនបានឲ្យអ្នកនូវអ្វីដែលអ្នកបានឲ្យគេ

កុំសង កុំគុំគួននូវអ្វីដែលគេបានឲ្យ

គ្រាន់តែចងចាំថាចំពោះយើងគេជាមនុស្សបែបណា ហើយបង្វិលការឲ្យទៅគេកន្លងមកពីក្តីរំពឹងមកជាទាន

បើស្អប់ទង្វើរបស់គេ បើមិនពេញចិត្តទង្វើរបស់គេ ត្រូវចៀសឲ្យផុតពីអ្វីដែលគេបានធ្វើ

រក្សាភាពយើងជាយើង ប្រកាន់និស្ស័យល្អរបស់យើងឲ្យភ្ជាប់

កុំបំផ្លាញភាពល្អរបស់ខ្លួនឯងដោយការធ្វើជាកញ្ចក់របស់មនុស្សដែលមិនបានធ្វើល្អដាក់យើង។ កុំលះបង់ទឹកចិត្តស្រស់ស្អាតរបស់អ្នកដើម្បីមនុស្សដែលអ្នកគិតថាអាក្រក់អី

បែបណាទើបអស្ចារ្យ?

ខ្ញុំដឹងខ្លួនឯងថាខ្ញុំមិនមែនជាអ្នកអស្ចារ្យមកពីណាទេ គ្រាន់តែជាមនុស្សធម្មតា កើតនៅក្នុងគ្រួសារធម្មតា ហើយសមត្ថភាពរៀនសូត្រឬធ្វើការក៏កាន់តែធម្មតា

នៅពេលដែលខ្ញុំឃើញអ្នកដទៃមានអ្វីលើសខ្ញុំ ចង់តែខូចចិត្ត ចង់តែដ្រាម៉ា ហិហិ…😁

មើលទៅគេដូចជាអស្ចារ្យជាងខ្ញុំ តែគិតៗទៅ មិនដឹងថាដ្រាម៉ាទៅបានអីមក?

ទោះខ្ញុំផឹកកាហ្វេ២៥០០រៀល អ្នកផឹកកាហ្វេតម្លៃ១០០០០រៀល ក៏នៅចាញ់កាលីបអ្នកផឹកតម្លៃ១៥០០០រៀលដែរ ចុះអ្នកផឹកកាហ្វេតម្លៃ១៥០០០រៀលហ្នឹងអស្ចារ្យអី?

បើមានតែគាត់ម្នាក់ឯងអាចផឹកកាហ្វេតម្លៃ១៥០០០រៀលបាន ហាងកាហ្វេថ្លៃៗនឹងមិនមានទៀតទេ។

នរណាទៅបើកហាងកាហ្វេមិនចេះតិចសាខាសម្រាប់លក់ឲ្យតែមនុស្សម្នាក់នោះ?

អ៊ីចឹងសរុបទៅេអ្នកណាផឹកកាហ្វេអី ក៏មិនអស្ចារ្យដែរ

តែបើចង់អស្ចារ្យ ទាល់តែចេះរស់នៅឲ្យសប្បាយចិត្ត។

ពេលនេះខ្ញុំទទួលអារម្មណ៍ថាផឹកកាហ្វេ២៥០០រៀល តែខ្លួនឯងដូចជាអស្ចារ្យខ្លាំងណាស់។ 😊

ហេតុអី?

ទោះវាមិនថ្លៃ មិនប្រេនដ៍ តែវាជារសជាតិដែលខ្ញុំចង់ផឹក

សំខាន់ខ្ញុំអាចចំណាយតាមលទ្ធភាព ហើយពិសេសខ្ញុំអត់សុំនរណាទិញឲ្យខ្ញុំទេ។

ពេលនេះចាប់ផ្តើមគិតថាខ្លួនឯងអស្ចារ្យហើយ

តើមានមនុស្សប៉ុន្មាននាក់ទៅដែលពូកែដូចខ្ញុំ?

ខ្ញុំពូកែ ព្រោះខ្ញុំចេះគ្រប់គ្រងខ្លួនឯង អាចរស់នៅជាមួយការពិត ហើយមានក្តីសុខជាមួយនិងជីវភាពបែបសាមញ្ញរបស់ខ្លួនឯងបាន។

ការដែលមានរបស់ថ្លៃឬថោកនៅក្នុងដៃ មិនថាជារបស់ញ៉ាំឬរបស់ប្រើប្រាស់ ទាំងនោះមិនបញ្ជាក់ថាអ្នកជាមនុស្សអស្ចារ្យឬអត់នោះទេ តែស្នាមញញឹមនៅលើមុខអ្នកទៅវិញទេ។ ខ្ញុំជឿថា មនុស្សដែលអាចព្យាយាមញញឹមឲ្យបានច្រើន ហើយចេះធ្វើចិត្តឲ្យសប្បាយៗ ទោះនៅក្នុងស្ថានការណ៍ពិបាកក៏ដោយ បើធ្វើបែបនេះបានទើបជាមនុស្សអស្ចារ្យ។

ឈប់ពិបាកចិត្តទៅ! ខាតពេលណាស់!

ពិបាកចិត្ត មកពីបារម្ភ! បារម្ភ មកពីខ្លាច!

ខ្លាចធ្វើអី? បើរឿងត្រូវកើតវាគង់តែកើត

ចុះបើវាកើតឡើងមែនគួរធ្វើយ៉ាងម៉េចទើបមិនឲ្យខ្វល់?

ចុះដែលខំខ្វល់ទាល់តែរីងរៃខ្លួននេះ មានប្រយោជន៍អីហើយឬនៅ?

នរណាមិនខ្លាច? នរណាមិនបារម្ភ?

ប៉ុន្តែការខ្លាចនិងបារម្ភហួសហេតុពេកមិនបានជួយអ្វីទេ។

ខ្លាចតិច បារម្ភតិច រកដំណោះស្រាយឲ្យបានច្រើន ត្រៀមចិត្តត្រៀមកាយឲ្យបានច្រើនទើបប្រសើរ។

ខ្លាចចុះ បារម្ភចុះ! តែត្រូវចេះត្រៀមខ្លួន បើហេតុកើតមែន អ្នកក៏មានដំណោះស្រាយរួចទៅហើយ។ ចុះបើដឹងថានឹងទៅតាមជម្រើសដែលត្រៀមរួចទៅហើយ នៅខ្វល់ធ្វើអីទៀត?

ត្រៀមចិត្ត ត្រៀមកាយទទួលយកហេតុដែលនឹងកើត ហើយរឹងមាំក្នុងការដើរទៅរកផ្លូវដែលជាដំណោះស្រាយ។

ឈប់ពិបាកចិត្តទៅ! ខាតពេលណាស់!

កុំយំរង់ចាំបញ្ហាមកដល់ ប្រើពេលដែលនៅសល់សប្បាយតាមការគួរ

បើបញ្ហាមកដល់ ដំណោះស្រាយក៏ត្រៀមរួចហើយ!

ធ្វើចិត្តឲ្យសប្បាយៗ ណា៎ បើធូរចិត្តហើយញញឹមផង

ដើម្បីខ្លួនខ្ញុំ និងមនុស្សដែលស្រលាញ់ខ្ញុំ

យំ! បើស្រែកយំឲ្យខ្លាំងៗ តើភាពវេទនាដែលកំពុងតែមាននេះ នឹងរលាយទេ?

បើហ៊ានតែស្រែកយំ ខ្ញុំនឹងឃើញមានមនុស្សពីរបីនាក់មកឱបខ្ញុំ ពួកគាត់ប្រហែលជាស្ម័គ្របែកទ្រូងជំនួសខ្ញុំ។

តែខ្ញុំមិនដាច់ចិត្តឲ្យមនុស្សដែលស្រលាញ់ខ្ញុំ រួមលំបាកជាមួយខ្ញុំនោះទេ យ៉ាងហោចស្នាមញញឹមរបស់គាត់ពេលនេះក៏ជាកម្លាំងចិត្តមួយផ្នែក ដែលអាចឲ្យខ្ញុំខំលេបទឹកភ្នែកចូលវិញ។

លំបាកណាស់! ខ្ញុំលំបាកណាស់! ខ្ញុំចង់តែហែកទ្រូងយកចិត្តដែលឈឺនោះមកឱបក្រសោបឲ្យបានធូរស្រាល។

ខ្លួនឯងលួងលោមខ្លួនឯងបែបនេះ

ខ្លួនឯងទាញដៃខ្លួនឯងឲ្យក្រោកទៅមុខបន្តបែបនេះ

ខ្ញុំដឹងច្បាស់ថាខ្ញុំនឹងមិនអាចឆ្លងផុតទុក្ខសោកបានទេ បើខ្ញុំនៅតែឈរធ្មឹងនៅទីនេះ

ខ្ញុំដឹងច្បាស់ថាបើខ្ញុំមិនរឹងមាំ ខ្ញុំក៏មិនអាចឆ្លងផុតដែរ។

ខ្ញុំដឹងច្បាស់ថាបើខ្ញុំទន់ជ្រាយ ទាំងខ្លួនខ្ញុំនិងមនុស្សស្រលាញ់ខ្ញុំនឹងកាន់តែពិបាក។ ដូច្នេះខ្ញុំមិនអាចទន់ជ្រាយបានទេ!

ពេលនេះមិនទាន់ហួសពេលឡើយ!

បានហើយសម្រាកទៅ!

ព្រោះតែប្រើអារម្មណ៍មិនចេះខ្វល់ខ្វាយច្រើនដូចពីមុនហ្នឹងហើយ ទើបថ្ងៃនេះត្រូវពិបាកយ៉ាងនេះ។ ពេលនេះជាពេលដែលអ្នកត្រូវសងពេលវេលាដែលសប្បាយហួសកាលពីមុនមកវិញ។

ជីវិតនិមួយៗមានបន្ទុកច្រើនណាស់!

បើកាលពីមុនអ្នកចេះគិតច្រើនជាងនេះបន្តិច អ្នកនឹងមិនពិបាកដូចពេលនេះទេ។ យ៉ាងណាពេលនេះមិនទាន់ហួសពេលឡើយ! រៀនគិតឱ្យបានច្រើនជាងនេះ ទើបថ្ងៃមុខមិនពិបាកដូចថ្ងៃនេះ ហើយម្យ៉ាងវិញទៀត ការគិតនោះមិនមែនជាការធ្វើបាបខ្លួនឯងទេ បើអ្នកកំពុងខ្វល់ពីបញ្ហាជីវភាពសូមឱ្យអ្នករៀបចំរបៀបនៃការរស់នៅសារជាថ្មី ប្រើសិនបើអ្នកកំពុងតែខ្វល់ពីរឿងស្នេហា សូមឱ្យអ្នកពិចារណារាល់ការសម្រេចចិត្តសារជាថ្មី។

គ្រប់បែបយ៉ាងនៃការសម្រេចចិត្ត អ្នកខ្លួនឯងដឹងខ្លះហើយថាផលវិជ្ជមាន និងអវិជ្ជមាន នឹងមានកម្រិតណា៎ ដូច្នេះហើយអ្នកគួរត្រៀមចិត្តឱ្យបានរួចរាល់ក្នុងការទទួលយករឿងហេតុថ្មីៗដែលកើតឡើង។ កុំហត់នឿយក្នុងចិត្តពេកអី! ផលបានមកប៉ុនណាទទួលប៉ុណ្ណឹងទៅ រៀនទទួលយកការពិត និងមិនមានសេចក្តីលោភលន់ហួសប្រមាណទើបចិត្តអាចបានសេចក្តីសុខច្រើនជាងនេះ។

តើអ្នកចង់បានមិត្តភាព ឬផលប្រយោជន៍?

គ្រប់ទំនាក់ទំនងសាងឡើងព្រោះតែប្រយោជន៍!

កុំខឹងគេ បើដឹងថាគេរាប់អានអ្នកព្រោះតែប្រយោជន៍

បើខឹង ត្រូវសួរខ្លួនឯងវិញ តើអ្នកមិនចង់បានប្រយោជន៍ពីគេទេឬ? កុំកុហកឲ្យសោះ!

ប្រយោជន៍មានច្រើនរូបរាងណាស់ គ្រាន់តែមិនដឹងថារូបរាងបែបណាដែលអ្នកចង់បានពីគេ។

ស្គាល់គ្នាទៅ ស្និទ្ធស្នាលគ្នាទៅ ក៏ព្រោះតែ

១. ស្រួលទំនាក់ទំនងការងារជាមួយគ្នា

២. ថ្ងៃមុខអាចក្លាយជាដៃគូសហការមុខជំនួញផង

៣. ម្នាក់នោះមានកិត្តិនាមល្អនៅក្នុងសង្គមបច្ចុប្បន្ន

៤. គាត់មានចំណេះដឹង ងាយស្រួលប្រឹក្សា

៥. គាត់ចិត្តល្អ

៦. ចង់បានគាត់ធ្វើជាមិត្តល្អ

៧. មានច្រើនទៀត ទាល់តែរកនឹកខ្លួនឯង

ពេលនេះឆ្លើយបានឬនៅថាប្រយោជន៍មួយណាដែលអ្នកចង់បានពីមនុស្សដែលអ្នកកំពុងមានទំនាក់ទំនងជាមួយ?

អ្នកអាចកំពុងគិតដល់មនុស្សម្នាក់ ហើយឆ្លើយយកចំនុចទី៦ តែម្នាក់នោះបែរជាឆ្លើយយកចំនុចទៅ១ នៅពេលដែលគិតដល់អ្នក។

ដូច្នេះទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែននៅលើផ្លូវនៃចំនុចទី១ ឬទី៦នោះទេ វាត្រូវតែ ៦បូក១ បើអ្នកទាំងពីរធ្វើឲ្យបាត់ចំនុចណាមួយ ទំនាក់ទំនងនឹងប្រែមកជាចំនុចសូន្យវិញមិនខាន។

ចំនុចសូន្យចាត់ទុកថារួចខ្លួន បើចំនុចដកសូន្យគឺអាក្រក់ណាស់ នៅពេលដែលក្លាយពីមិត្តទៅជាមនុស្សដែលស្អប់គ្នា។

តែយ៉ាងណា ពេលមនុស្សពីរនាក់ចាប់ផ្តើមសាងទំនាក់ទំនងណាមួយជាមួយគ្នា ពួកគេមិនប៉ងឲ្យទំនាក់ទំនងនោះត្រូវបញ្ចប់ឬ ត្រូវស្អប់គ្នានៅពេលក្រោយនោះទេ។

ដូច្នេះដើម្បីឲ្យទំនាក់ទំនងមួយរលូនទៅមុខបានយូរ គប្បីឧស្សាហ៍ថ្លឹងចិត្តគេ និងចិត្តខ្លួនឯងឲ្យបានស្មើ។

ផ្តល់ឲ្យគេតាមដែលគេឲ្យបាន ឬទទួលពីគេតាមដែលខ្លួនអាចឲ្យគេវិញបាន។

កុំលោភលន់! កុំអាត្មានិយម! កុំចង់ចំណេញនាំដាច់ចំណង

មកពីខ្ញុំឬមកពីគេ?

តើខ្ញុំទាមទារពេក ឬមួយខ្ញុំពិតជាមិនសំខាន់ក្នុងចិត្តគេមែន?
ពេលខ្លះខ្ញុំរង់ចាំវត្តមានគេទាំងអស់សង្ឍឹម។ ខ្ញុំធ្លាប់សួរខ្លួនឯងញយៗដងថា តើខ្ញុំទាមទារពេកទេដឹង?
ស្រលាញ់គ្នាហេតុអីចាំបាច់ចង់ក្តោបគ្រប់យ៉ាងនៃគេ? ហេតុអ្វីមិនទុកចិត្តគេ? ហេតុអីបារម្ភម្ល៉េះ?

ខ្ញុំបន្ទោសខ្លួនឯង ហើយលួចអន់ចិត្តស្ងាត់ៗ។ ខ្ញុំស្រលាញ់គេ ខ្ញុំត្រូវជឿគេ! ឱ្យតម្លៃពេលវេលារបស់គេ។ ហើយបើគេស្រលាញ់ខ្ញុំ គេគង់មិនឱ្យខ្ញុំចេះតែលួចអន់ចិត្តស្ងាត់តែញយដងទេ។ បើគេបានទុកខ្ញុំសំខាន់ក្នុងចិត្តគេ ពួកយើងនឹងមិនមានអារម្មណ៏ឆ្ងាយគ្នាបើទោះបីយើងមិនជួបមុខគ្នាក៏ដោយ។

បើគេមិនទុកខ្ញុំសំខាន់ ខ្ញុំត្រូវល្ងង់បង់ចិត្តទៀតទេ?
បើគេខ្លាចបាត់បង់ គេគង់នឹងព្យាយាមយល់អំពីអារម្មណ៍មួយនោះរបស់ខ្ញុំ និងពន្យល់ពីគម្លាតអចេតនាដែលមានកន្លងមក។ តែបើគេមិនខ្វល់ដែរ! គេស្ងាត់ ខ្ញុំក៏ស្ងាត់! បែកគ្នាស្ងាត់ៗមានអីមិនល្អ?

រឹងមាំបន្តិច រស់នៅលើហេតុផលបន្តិច ក្លាហានបន្តិច
ហ៊ានទទួលការពិតបន្តិច មិនចាំបាច់ខ្លាចបែកគ្នា មិនចាំបាច់ប្រឹងរក្សាកែវបែក ក៏មិនចាំបាច់ខូចចិត្តយូរ។

កុំទន់ខ្សោយណា៎!

#អត្ថបទអ្នកនិពន្ធរតនា

រៀបគម្រោងដើរលេងជុំវិញពិភពលោក

មនុស្សមួយចំនួនដាក់ក្តីស្រមៃធំបំផុតរបស់ពួកគាត់គឺ ចង់ដើរលេងជុំវិញពិភពលោក។

ខ្ញុំស្រមៃមិនចេញថាធ្វើយ៉ាងណាអាចទៅរួច បើក្នុងពិភពលោកយើងនេះមានប្រទេសចំនួនជាង២០០ប្រទេស។
ហើយប្រទេសនិមួយៗ មិនដឹងមានប៉ុន្មានខេត្ត ក្រុងទៀតផង។
អ្នកចង់ដើរលេងជុំវិញពិភពលោក ថាត្រឹមបានទៅតែមួយកន្លែងក្នុងមួយប្រទេសក៏បាន យ៉ាងណាឲ្យបានគ្រប់ប្រទេស។

ការសង្កេតរបស់ខ្ញុំ តាមសមត្ថភាពមនុស្សធម្មតា ត្រឹមតែមួយឆ្នាំបានទៅប្រទេសដែលខ្លួនមិនធ្លាប់ទៅបានម្តងជារឿងដែលពិបាកហើយ។ ចង់ដើរលេងជុំវិញពិភពលោក ទោះត្រូវដើរតាំងពីទើបនឹងកើត ក៏មិនអាចរស់ដល់២០០ឆ្នាំ ហិហិហិ..

ចង់ដើរលេងជុំវិញពិភពលោកគិតសិន មួយប្រទេសត្រូវចំណាយយ៉ាងតិចប៉ុន្មាន? ហើយចង់ចាប់ផ្តើមដើរពីអាយុប៉ុន្មានទៅ? កុំទាន់បារម្ភថាការដើរលេងជុំវិញពិភពជារឿងដែលទៅមិនរួចនោះអី! មានគេធ្វើបានហើយ! អ៊ីចឹងយើងក៏អាចធ្វើបានដូចគ្នា។
បើជ្រុលជាមានក្តីស្រមៃហើយ កុំឱ្យខ្លួនឯងខកបំណងអី! អ៊ីចឹងត្រូវរៀបចំសន្សំលុយពីពេលដែលអ្នកមានក្តីស្រមៃនេះតទៅ កុំចាំដល់ពេលនេះ ឬពេលនោះអី ព្រោះថាជាង២០០ប្រទេសមិនតិចទេ ហើយកុំចាំដល់ពេលចាស់ពេកចាំទៅធ្វើដំណើរអី ព្រោះតែចាស់ពេកក្រែងរោគវារំខាន នាំពិបាកដើរលេងណា៎។

ជូនពរដែលមានក្តីស្រមៃដើរលេងជុំវិញពិភពលោកអ្នកអស់បានដូចក្តីប្រាថ្នា។

អត្ថបទអ្នកនិពន្ធរតនា

រៀនខ្មាស

រៀនខ្មាស បើច្រឡំនិយាយថាខ្លួនឯងល្បី
រៀនខ្មាស បើច្រឡំនិយាយថាអ្នកណាម្នាក់ល្បី
រៀនខ្មាស បើច្រឡំប្រាប់គេថាស្និទ្ធស្នាលអ្នកល្បី

មានអ្នកស្គាល់មិនប៉ុន្មាននាក់ហ៊ានដើរនិយាយថាខ្លួនអ្នកល្បី បើមានអ្នកល្បីមែនស្តាប់ឮខ្មាសគេប៉ុនណា? ភ្នំមួយខ្ពស់ គង់មានភ្នំមួយទៀតខ្ពស់ជាង។

អួតអាថានរណាម្នាក់ជាមនុស្សល្បី មនុស្សល្បីមានមែនតែមានច្រើនផ្នែក អួតអ្នកសិល្បៈដាក់អ្នកចូលវត្ត គាត់មិនទទួលទេ

ខ្មាសណាស់បើទៅនិយាយថាអ្នកល្បីណាម្នាក់ស្និទ្ធស្នាលនឹងខ្លួន ទាំងដែលគេមិនធ្លាប់ទាំងចាំអំពីយើង។

កុំច្រឡំ! កុំអួត! ពិតក៏ដោយ មិនពិតក៏ដោយនិយាយទៅបានអីមក? អំនួតធ្វើឱ្យតែគេជ្រេញ

អត្ថបទអ្នកនិពន្ធរតនា

បត់បែន!!

បត់បែនតាមបែបឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ ជាប្រភេទមនុស្សដែលរត់រកតែខាងត្រូវ ធ្វើម៉េចឱ្យតែបានរួចខ្លួនមិនថាតម្លៃកិត្តិយសធ្លាក់ចុះ ឬបាត់បង់ក្តីគោរពគឺគាត់មិនខ្វល់។

ជាមនុស្សនេះណាត្រូវមានការសម្លឹងគិត វិភាគឬយល់ឃើញដោយខ្លួនឯង បើចេះតែបត់បែនតាមគេដូចចុងស្រល់បក់តាមខ្យល់ គ្មានអីជារបស់ខ្លួនឯងបែបនេះមិនថាកំពុងបត់ទៅខាងត្រូវក៏យើងនេះជាអ្នកត្រូវក្នុងតម្លៃទាប។

គេមិនឱ្យតម្លៃទេ មនុស្សហៃអើ ឬមនុសុ្សជាន់ទូកពីរនេះ។ មួយណាឱ្យដឹងមួយហ្នឹង ឆ្វេងផងស្តាំផង ខ្លាចធ្លាក់រណ្តៅណា៎។

យ៉ាងណាបត់បែនត្រូវរឿងក៏ជារឿងឆ្លាត មនុស្សខ្លះល្ងង់ហើយរឹងមានៈទៅខាងណាទៅខាងនោះហើយ ដឹងខុសក៏ត្បុលទៅ គាត់ខ្មាសបើសាកបត់បែន។កុំឈរសម្លឹងហើយបន្ទោសអ្នកចេះបត់បែនទាំងដែលខ្លួនឯងចង់បត់ដែរតែមិនអាចស្មានស្ថានការណ៍ទៅឬនៅបាន។ កុំច្រណែនដែលគេបានសុខព្រោះតែការបត់បែនដោយត្រឹមត្រូវ។

ការបត់បែនដោយភាពថ្លៃថ្នូរ គឺការមិនធ្វើដើម្បីឬចំពោះបុគ្គលឬប្រយោជន៍ ពិសេសមិនទ្រ មិនលន់តួរ។ ការបត់បែនដោយភាពថ្លៃថ្នូរ គឺការវិភាគសម្រេចចិត្តលើភាពត្រូវនិងខុស ហ៊ានទៅ ហ៊ាននៅដោយពឹងផ្អែកនៅលើគោលការត្រូវឬខុស សម មិនសម តែប៉ុណ្ណោះ។

គិតសិនសឹមគូរ! បត់ ឬមិនបត់ សម្រេចចិត្តឱ្យបានល្អ!

#អត្ថបទអ្នកនិពន្ធរតនា

កុំខ្លាចធ្វើល្ងង់

ច្រើនណាស់នៅក្នុងសង្គមសព្វថ្ងៃដែលតាំងខ្លួនជាអ្នកចេះ អ្នកដឹង អ្នកពូកែ ទាំងដែលខ្លួនឯងគ្មានចំណេះអីសោះ ឬចេះទាំងមិនច្បាស់។

កុំព្រោះតែខ្លាចខ្មាសគេទើបខំកុហកឬសម្តែងធ្វើខ្លួនជាអ្នកពូកែទាំងនោះ កុំខ្លាចគេសើចព្រោះការពិតរបស់យើងអី គួរតែខ្លាចគេសើចព្រោះការសម្តែងមិនសូវសមរបស់យើងវិញ។

មិនបង្ហាញឱ្យគេដឹងថាយើងពិតជាមិនចេះមែន ហើយបើខ្លាចគេសើចថាយើងមិនចេះប្រាប់គេហើយហៅគេអ្នកចេះជួយបង្រៀនផង ចង់ដឹងអ្នកសើចគាត់ចេះបានកម្រិតណា? យ៉ាងណាកុំភ្លេចរកអ្នកចេះប្រាកដជួយបង្រៀនណា៎ កុំឱ្យឆ្លងអ្នកចេះមិនប្រាកដបានតែមួយដើរសើចគេទាំងដែលខ្លួនឯងល្ងង់ដែរ។

មិនពូកែមិនមែនមិនចេះ ចេះហើយមិនទាន់ប្រសព្វខ្លាចអីបើគេសើចបើសមត្ថភាពយើងតែប៉ុណ្ណឹង។ មនុស្សមិនដូចគ្នា យើងមិនកើតមកសម្រាប់ធ្វើរឿងតែម្យ៉ាង យើងមិនពូកែរឿងហ្នឹង យើងអាចពូកែរឿងផ្សេងដែលគេមិនទាំងចេះផង។ គេសើចអីសើចទៅ សំខាន់យើងដឹងខ្លួនឯងថាយើងចង់ឱ្យខ្លួនយើងពូកែក្នុងផ្នែកមួយណា។

សង្គមសព្វថ្ងៃសម្បូរតួរសម្តែង បើមិនចង់នៅក្នុងចំណោមមនុស្សលាក់លៀមគួរហ៊ានរស់នៅក្នុងការពិត។

#អត្ថបទអ្នកនិពន្ធរតនា