បើប្រឡងធ្លាក់បាក់ឌុបតើវាយ៉ាងណា?

ប្រឡងធ្លាក់បាក់ឌុបមិនមែនពិភពលោករលាយទេ!

បើត្រូវបន្ទោសក៏ត្រូវទទួលយក បើត្រូវប្រមាថក៏ត្រូវតែចងចាំ។

មនុស្សបរាជ័យមានមនុស្សមិនច្រើនទេដែលនៅក្បែរ

តែអ្នកណាក្បែរឬមិនក្បែរ យល់ចិត្តឬអត់ ជារឿងរបស់គេទេ។

សំខាន់យើងនៅខាងខ្លួនឯងឬអត់? ជឿជាក់ខ្លួនឯងឬអត់?

បើយំរួចហើយត្រូវជូតទឹកភ្នែក ប្រាប់មិត្តដែលប្រឡងជាប់ហើយមកឌៀមដាមទាំងឡាយ!

“ខ្ញុំតឱ្យឯងមួយឆ្នាំ! ប្រឡងជាប់មុនខ្ញុំ រកអនាគតល្អឱ្យបានមុនខ្ញុំ ប្រយ័ត្នសើចខ្ញុំថ្ងៃនេះ ៥ឆ្នាំក្រោយច្រណែនភាពជោគជ័យរបស់ខ្ញុំវិញ!

គ្មាននរណាជោគជ័យរហូតទេ!

ប្រឡងធ្លាក់ឆ្នាំនេះ ឆ្នាំក្រោយខ្ញុំនឹងឱ្យបាន! “

ចាត់ទុកថាក៏ល្អ ដែលស្គាល់បរាជ័យត្រឹមពេលនេះ ព្រោះអ្នកដែលមិនទាន់ស្គាល់នឹងកាន់តែងប់ងល់នឹងសំណាងល្អ ហើយមិនទាន់ចេះប្រយ័ត្ននឹងការដើរលើផ្លូវជីវិតនោះទេ។

ចូលព្រមទទួលយកលទ្ធផលរបស់អ្នកដោយសេចក្តីក្លាហាន ហើយស្ថាបនាផ្លូវដើរសារជាថ្មី។

មួយជីវិតមនុស្សកើតមកមិនមែនគ្រាន់តែដើម្បីប្រឡងឱ្យជាប់បាក់ឌុបទេ

ត្រូវរស់ឱ្យបានល្អ ហើយរកផ្លូវទៅរកក្តីស្រមៃឱ្យបានឆាប់

ការប្រឡងជាប់បាក់ឌុបគ្រាន់តែជាច្រកមួយដែលនាំអ្នកទៅរកក្តីស្រមៃតែប៉ុណ្ណោះ

មនុស្សជាច្រើនអាចប្រឡងជាប់ អ្នកអាចក៏ធ្វើបានដូចគ្នា ហើយឱកាសក៏មានរាល់ឆ្នាំ។

កុំខ្វល់គេសើច ត្រូវសំងំព្យាយាមរកផ្លូវទៅរកក្តីស្រមៃរបស់អ្នកឱ្យបាន។

ប្រឡងជាប់បាក់ឌុបឆ្នាំណាមិនសំខាន់ សំខាន់អ្នកណាទៅដល់ក្តីស្រមៃមុន?

អត្ថបទអ្នកនិពន្ធរតនា

ក្តីសុខដែលគេចបំណុលគេ គឺជាសុខដោយវិប្បដិសារី!

លុយវាអាចប្តូរក្តីស្រលាញ់ជាមួយមនុស្សមិនសូវថ្លៃថ្នូរបាន តែវាមិនអានប្តូរក្តីស្រលាញ់ ឬភាពថ្លៃថ្នូររបស់មនុស្សដែលមានទឹកចិត្តបានទេ។ ដាច់ចិត្តណាស់បើអ្នកឱបក្រសោបបំណុលទាំងនោះ ហើយព្រមដោះដៃបោះបង់ចោលមិត្តភាព គ្រួសារ ក្តីស្រលាញ់ ការរាប់អានទាំងឡាយ។ អ្នកចំណេញហើយដែលមិនចាំបាច់ត្រូវសងបំណុលទាំងឡាយទៅគេ អ្នកឆ្លាតហើយដែលទៅបោកលុយគេបានយកមកប្រើប្រាស់តាមចិត្ត។

តែអ្នកកុំភ្លេច! អ្នកបាត់ហើយ! អ្នកបាត់មនុស្សដែលស្រលាញ់អ្នកហើយ បាត់មនុស្សដែលហ៊ុចដៃឱ្យអ្នកពេលដែលអ្នកមានទុក្ខហើយ! មនុស្សដែលព្រមឱ្យលុយអ្នកខ្ចី ឬព្រមឱ្យអ្នកជំពាក់លុយ គាត់មិនល្ងង់ទេ គាត់គ្រាន់តែចិត្តល្អ! គាត់ចិត្តមិនដាច់ទេបើឃើញអ្នកពិបាក គាត់ពិបាកអារម្មណ៍ពេលឃើញមនុស្សគាត់ស្រលាញ់ រាប់អានត្រូវជួបទុក្ខភ័យ! ហើយលទ្ធផលដែលស្រលាញ់ចំមនុស្សដូចអ្នកបានត្រឹមតែស្តាយ! ស្តាយលុយដែលបាត់ទៅ ស្តាយក្តីស្រលាញ់ដែលបាត់ទៅ ស្តាយមិត្តភាពដែលរលាយទៅ..

លុយដែលឱ្យទៅ មិនថាចំនួនតិចឬច្រើន មិនថាព្រោះគាត់ជាមនុស្សធូរធារឬត្រឹមមធ្យម ចំនួនទាំងនោះគឺតែងបានទៅដៃអ្នកជាមួយទឹកចិត្តដ៏ស្មោះត្រង់ ដ៏បវរ។ សម្រាប់អ្នកដែលមានចិត្តមិនស្មោះសរ មិនយល់តម្លៃក្តីស្រលាញ់ មិនយល់ពីការបាត់បង់ដ៏មានតម្លៃនេះទេ ដឹងត្រឹមថាគាត់បានសុខហើយ សុខដោយព្រមបោះបង់ចោលមនុស្សដែលមានទឹកចិត្តចំពោះអ្នក អាណិតអាសូរស្រលាញ់អ្នក។ សុខដោយរមិលគុណ សុខបែបនេះអ្នកគេងមិនលក់ទេ!

សុខបែបនេះនៅមានមនុស្សចង់បាន ឬទ្រាំទទួលយកបាន។ ព្រោះសុខបែបនេះមានតែមនុស្សអាត្មានិយម មនុស្សមិនសូវមានភាពថ្លៃថ្នូរក្នុងខ្លួនទើបគេចូលចិត្ត។

តែសុខបែបនេះនឹងធ្វើឱ្យអ្នកទូលវិប្បិសារីទៅថ្ងៃក្រោយ! ទាន់អាយុនៅមាន ទាន់ដង្ហើមនៅដក គួរសាងខ្លួនឱ្យល្អ ហើយរកវិធីត្រឡប់ទៅរកក្តីស្រលាញ់ដែលមាននោះវិញទៅ!

លុយ! មិនគួរមានអំណាចទៅលើកិត្តិយសនរណាម្នាក់ដ៏ម្ល៉ឺងទេ! កុំឱ្យភាពអាត្មានិយម កុំឱ្យភាពលោភលន់បំផ្លាញសុភមង្គលអ្នកបាន។ លុយពិបាករក! តែមិនពិបាករកជាងមនុស្សដែលហ៊ុចដៃឱ្យអ្នកចាប់តោងពេលដែលអ្នកធ្លាក់ចុះនោះទេ!

អត្ថបទអ្នកនិពន្ធរតនា

ដើម្បីក្តីសង្ឃឹមមួយ

ញញឹមរាល់ថ្ងៃ រឹងមាំរាល់ថ្ងៃ
គ្មានអ្នកណាដឹងទេថាក្នុងទ្រូងរបស់ម្នាក់ដែលញញឹមស្រស់នោះ មានដំបៅរលួយផ្សារប៉ុនណា។

តើមានប៉ុន្មានដងដែលខ្ញុំត្រូវពួនយំ រំសាយទុក្ខទាំងឡាយតែម្នាក់ឯង? មានប៉ុន្មានដងដែលមនុស្សរឹងមាំគួរឱ្យសរសើរម្នាក់នៅធ្លាប់ចង់រលាយខ្លួនពីផែនដីមួយនេះ?

អត់មានអ្នកណាដឹងទេ អត់មានអ្នកណាហុចដៃឱ្យខ្ញុំពេលដែលខ្ញុំហត់បំផុតនោះទេ។ ខ្ញុំយំម្នាក់ឯង រឹតទ្រូងខ្លួនឯង ចាប់ដៃខ្លួនឯងលួងខ្លួនឯង ឱ្យកម្លាំងចិត្តខ្លួនឯង ដើម្បីក្រោកឈរប្រឈមរឿងទាំងឡាយបន្តទៀត។

ផែនដីនេះបង្កើតជីវភាពជីវិតច្រើនរបៀបណាស់ហើយមើលទៅ! ប្រហែលរបៀបដែលខ្ញុំកំពុងរស់នៅនេះជាជីវភាពមួយដែលផែនដីកំណត់ហើយ។

ផែនដីបង្កើតខ្ញុំឱ្យរស់ដើម្បីប្រយុទ្ធគ្រប់រឿងរ៉ាវតែឯង មនុស្សធម្មតាឯណាធ្វើបាន? តែខ្ញុំចេះតែធ្វើបាន ខ្ញុំយំផង រត់ផង ខ្ញុំធ្វលបាន! ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឱ្យដឹងថាចុងក្រោយនៃការតស៊ូបែបនេះតើនឹងទៅជាយ៉ាងណា?

ផែនដីអើយ! ខ្ញុំជឿណាស់ថាអ្នកយុត្តិធម៌ ខ្ញុំចាំមើល! តើយុតិ្តធម៌របស់ខ្ញុំនឹងទទួលបាននាពេលណា?
ខ្ញុំមិនចុះចាញ់! ខ្ញុំនឹងរឹងមាំនៅទីនេះ រង់ចាំភាពយុត្តិធម៌មួយនោះ។ ខ្ញុំលំបាកមកយូរហើយ ខ្ញុំមិនជឿថាការតស៊ូនឹងអត់ប្រយោជន៍នោះទេ។ លំបាកមួយភ្លែតទៀត ក្តីសង្ឃឹមរបស់ខ្ញុំមុខតែមកដល់។

ពេលមួយដែលខឹងខ្លាំង!

កំហឹងវាក្តៅជាងពុស១០០អង្សារ! កំហឹងវាបញ្ជារចិត្តអ្នកឱ្យគិតអី ធ្វើអីលឿនៗបំផុត។ កំហឹងបង្កើតទម្លាប់អាក្រក់ដែលធ្វើឱ្យអ្នកស្តាយក្រោយ!

អារម្មណ៍ខឹងខ្លាំងអ្នកណាក៏ធ្លាប់ជួប តែសង្កត់កំហឹងបានប៉ុណ្ណាវាមិនអាស្រ័យអ្វីផ្សេងក្រៅពីចិត្តរបស់ម្ចាស់ខ្លួន។

កំហឹងអាចនាំវិប្បដិសារីមួយជីវិត! ពេលខឹងខ្លាំងអ្វីដែលត្រូវប្រាប់ខ្លួនឯងបំផុតនោះគឺ ប្រយ័ត្នស្តាយក្រោយ! ប្រយ័ត្នស្តាយក្រោយ!

កើតក្តីខឹងព្រោះតែចង់ឈ្នះ ហើយចិត្តដែលចង់ឈ្នះនេះវាសាហាវណាស់។ ឃុំគ្រងឱ្យបាន កុំឱ្យកំហឹងបង្កើតទម្លាប់អាក្រក់ ឬបញ្ហាថ្មីឱ្យអ្នកបាន។

ខឹងខ្លាំងគួរដើរចេញ ចេញឱ្យផុតពីអ្វីគ្រប់យ៉ាងដែលធ្វើឱ្យអ្នកខឹង។ សម្លឹងទៅទេសភាពឆ្ងាយៗ ឬវត្ថុអ្វីដែលអាចនាំអារម្មណ៍អ្នកទៅឱ្យឆ្ងាយពីកំហឹង។

រំងាប់ចិត្ត សម្រួលអារម្មណ៍! មុននេះខឹងខុសឬត្រូវ មិនដឹងទេ តែដែលអ្នកអាចគេចពីកំហឹងបែកផ្សែងបាននោះគឺត្រូវហើយ។

អរគុណខ្លួនឯងទៅដែលអាចធ្វើបាន អ្នកបានជួយខ្លួនឯងកាត់បន្ថយបញ្ហាហើយ អ្នកប្រសើរណាស់ដែលមិនឱ្យកំហឹងបង្កើតទម្លាប់បោកប្រាស់ បំផ្លាញ ឬស្រែកគំហកប្រើសម្តីពិបាកស្តាប់។

អ្នកប្រសើរណាស់ដែលមិនឱ្យកំហឹងនាំអ្នកទៅរកបញ្ហាថ្មីមួយទៀត។ ពេលនេះរសាយខឹងហើយ គិតបន្តិចសិនមុននេះកើតអី គួរឬមិនគួរទេដែលមានកំហឹង? គួរមិនគួរទេបើទៅដោះស្រាយរឿងខឹងមុនហ្នឹងពេលនេះ? ធ្វើតាមការគួរចុះណា៎ ដោះស្រាយបញ្ហាតាមរបៀបមនុស្សមានគុណធម៌សុជីវធម៌ចុះ។

អាត្មានិយមគ្មានតម្លៃទេ

មនុស្សម្នាក់ៗគួរទទួលខុសត្រូវលើទង្វើខ្លួនឯង
គួររៀនដោះស្រាយបញ្ហាខ្លួនឯងខ្លះដើម្បីសម្រាលភាពលំបាក ហត់នឿយពីមនុស្សដែលស្រលាញ់អ្នក។

ជាមនុស្សតែងអាត្មានិយម តែភាពអត្មានិយមហួសហេតុមិនជួយឱ្យអ្នកក្លាយជាទីពេញចិត្តនៃមនុស្សជុំវិញខ្លួនទេ។

មនុស្សដែលស្រលាញ់អ្នក ទោះគាត់រឹងមាំប៉ុនណា មានទឹកចិត្តប៉ុនណាក៏នៅចេះហត់នឹងភាពអាត្មានិយមរបស់អ្នកដែរ។

កុំធ្វើជាមនុស្សបានសុខរត់ទៅ មានទុក្ខរត់មក
កុំសើចជាមួយអ្នកផ្សេង ហើយតែងមកយំជាមួយមនុស្សដែលខ្វល់ពីអ្នក។

ជាមនុស្សបើចេះសើច ក៏កុំខ្លាចនឹងយំ បើយំហើយក៏គួដឹងពីវិធីដោះស្រាយបញ្ហាខ្លួនឯង។ កុំធ្វើដូចក្មេងដែលមិនដឹងអី ចាំតែឱ្យតែគេខ្វល់ខ្វាយ យោគយល់ពីអារម្មណ៍អ្នក។

មិនទាមទារ! មុនរំពឹងអីពីគេ គិតសិន បានធ្វើអ្វីល្អឱ្យគេប៉ុនណាហើយ? បើត្រឹមតែបានសុខរត់ទៅ មានទុក្ខរត់មក
រៀនខ្មាសអៀន កុំធ្វើអីចឹងទៀត

មនុស្សអាត្មានិយមគ្មានតម្លៃទេ។

#អត្ថបទអ្នកនិពន្ធរតនា

ក្តីស្រលាញ់ស្មោះត្រង់

ស្ករមួយស្លាបព្រាដាក់ទៅក្នុងទឹកមួយកែវ រំពឹងអីឱ្យទឹកមួយកែវនោះអាចផ្អែមខះដូចទឹកឃ្មុំបាន? ទទួលយកទៅ! ស្ករមួយស្លាបព្រា ទឹកមួយកែវ វាផ្អែមបានតែប៉ុណ្ណឹង។ បើទាមទារពេក វានឹងធ្វើឱ្យអ្នកញ៉ាំទឹកស្ករដោយគ្មានរសជាតិនោះទេ។

ក្តីស្រលាញ់មិនមែនជាការធ្វើជំនួញ បើផ្តល់ក្តីស្រលាញ់ដើម្បីតែចង់បានមកវិញ នោះមិនហៅថាក្តីស្រលាញ់ដោយចិត្តស្មោះទេ។ មានការស្រលាញ់ដោយក្តីរំពឹង ដ្បិតមនុស្សរស់នៅក្នុងផែនដីនេះត្រូវការប្រាស្រ័យនឹងពំនាក់ ធ្វើល្អចំពោះនរណាម្នាក់ក៏រំពឹងបានភាពល្អនោះមកវិញ។ វាអាចបាន! តែវានឹងបានក្នុងកម្រិតមួយនៃអធ្យាស្រ័យរបស់គេដែលមានចំពោះអ្នក។ គេអាចជាមនុស្សដែលមានសទ្ធាចិត្តតិច ឬគេអាចមិនមានសេចក្តីលម្អៀងទោរទន់មកកាន់អ្នក នោះផលល្អដែលអ្នកបានពីគេវាមិនស្មើរអ្វីដែលអ្នករំពឹង។

គួរខឹងគេទេ បើគេមិនស្រលាញ់ មិនស្មោះត្រង់នឹងអ្នកដូចដែលអ្នកបានផ្តល់ឱ្យគេ? ខឹងធ្វើអី! បើគេមិនអ្នក! អ្នកមិននៅក្នុងចិត្តគេ ធ្វើម៉េចនឹងដឹងបានថាហេតុផលអីគេតបចិត្តអ្នកមិនបាន?

ចង់បញ្ជាចិត្តគេ រៀនបញ្ជាចិត្តខ្លួនឯងសិន! បើឱ្យក្តីស្រលាញ់ ភាពស្មោះត្រង់ ដើម្បីតែចង់បានមកវិញ ឈប់ស្រលាញ់ ឈប់ស្មោះនឹងគេទៅ! ដើរចេញពីទំនាក់ទំនងដែលផ្តល់តែម្ខាង កុំឱ្យចិត្តហត់ខ្លាំងពេក។

ក្តីស្រលាញ់ដែលមានតែការចង់ឱ្យ ទោះបានឬមិនបានអ្វីជាសំណងអត់បញ្ហា ។ ស្មោះ! ព្រោះអ្នកមិនចេះក្បត់ ស្មោះ! ព្រោះអ្នកមិនអាចក្បត់។
តែបើស្រលាញ់ពេញចិត្តហើយ ពិតជាចង់ផ្តល់ឱ្យ ចង់តែឃើញមនុស្សដែលអ្នកស្រលាញ់បានទទួលអ្វីដែលល្អ បើទោះគេឱ្យអ្នកវិញបានប៉ុនណាក៏ដោយចុះ! ទទួលបែបនោះបាន គឺអ្នកមានក្តីស្រលាញ់បរិសុទ្ធចំពោះគេហើយ។

អ្នកមិនបានល្ងង់ទេ! តែអ្នកកំពុងតែរឹងមាំក្នុងការធ្វើជាអ្នកហើយ។ មិនមានអ្វីអាចផ្លាស់ប្ដូរអ្នកបាន អ្នកអាចឱ្យក្តីស្រលាញ់ ក្តីស្មោះត្រង់ទៅមនុស្សទូទៅបាន មិនថាគេជាមនុស្សបែបណា អ្នកអាចអរគុណគេដែលផ្តល់ឱកាសឱ្យអ្នកបានស្រលាញ់ បានស្មោះចំពោះគេ ឱ្យអ្នកមានលទ្ធភាពបញ្ចេញពន្លឺដ៏ប្រសើរនៃភាពល្អរបស់អ្នកបាន។

ពន្លឺនៃក្តីស្រលាញ់បរិសុទ្ធ ពន្លឺនៃភាពស្មោះត្រង់នេះ វាមិនចេះតែមានលើគ្រប់មនុស្សទេ បើមានហើយខំរក្សាវាទៅ កុំឱ្យភាពអាក្រក់របស់មនុស្សដែលអ្នកបានជួបមកបិទបាំងឬធ្វើឱ្យពន្លឺអ្នកចុះខ្សោយបាន។

កុំតូចចិត្តបើគេមិនស្រលាញ់ កុំតូចចិត្តបើគេមិនស្មោះ! នេះគ្រាន់តែជាភាពអន់ ភាពតូចទាបរបស់គេចំពោះអ្នក។ស្រលាញ់មនុស្សខុស ស្មោះមនុស្សខុស អ្នកមិនល្ងង់ទេ កាត់ចិត្តដែលធ្លាប់ឱ្យជាទាន! ឱ្យរួចហើយគឺបានលះហើយ លះបង់ហើយគឺមិនដើម្បីយកមកវិញឡើយ។
ធ្វើជាមនុស្សល្អកុំខ្លាចគេថាល្ងង់! មនុស្សល្អមិនល្ងង់ទេ! មនុស្សល្ងង់គឺមនុស្សដែលមិនព្រមធ្វើល្អតែប៉ុណ្ណោះ មនុស្សល្ងង់តែងគិតថាខ្លួនឯងឆ្លាត ហើយមនុស្សដែលច្រលំថាខ្លួនឯងឆ្លាតតែងមានវិប្បដិសារីលើកំហុសខ្លួនឯង។ មនុស្សទូលវិប្បដិសារីគ្មានថ្ងៃគេងបានស្កប់ស្កល់ទេ! មនុស្សឆ្លាតព្រោះបានក្បត់គេមុខនឹងទទួលផលដែលបានសាងក្នុងថ្ងៃមួយ។

ក្តីស្រលាញ់មួយនោះ

ខ្ញុំអាចមិនរស់ទេ! ពាក្យថាឆ្លងទន្លេ វាអាចស្តាប់ទៅធម្មតាចំពោះអ្នកមិនធ្លាប់ជួប វាធម្មតាចំពោះអ្នកដែលមិនកំពុងទទួលវា។

មានត្រៀមខ្លួនទុកទេ បើគេឱ្យជ្រើសយកតែជីវិតមួយរវាងម្តាយនិងកូន? គ្រប់ម្តាយនឹងជ្រើសយកលះបង់ខ្លួនឯងដើម្បីសង្គ្រោះកូន! ត្រឹមតែកូនបានឃើញពន្លឺថ្ងៃ ត្រឹមតែកូនអាចមានវត្តមាននៅលើផែនដី ម្តាយអស់អ្វីក៏ដោយចុះ!

សេចក្តីសុខបំផុតមួយ ក្រោយហែរឆ្លងសមុទ្រដ៏គ្រោះថ្នាក់នេះហើយ គឺត្រឹមតែបានឃើញមុខ បានស្ទាបប៉ះសាច់កូនថ្លៃតែប៉ុណ្ណឹងរឿងភ័យមុននេះក៏រលាយអស់។ ថ្នមថើបដោយក្តីស្រលាញ់ ចិត្តស្រលាញ់ដែលមានគឺលើសពីពាក្យថា ”ស្រលាញ់ណាស់” ។ និយាយច្រើនដងប៉ុនណា បរិយាយយ៉ាងណាមិនស្មើទំហំចិត្តស្នេហ៍ ចិត្តរំភើបដែលមានកូន។  គ្រាប់ពេជ្រដ៏មានតម្លៃ គ្រាប់ពេជ្រដ៏មានពន្លឺ ទោះភ្លឺចិញ្ចែងចិញ្ចាចប៉ុនណា គង់ភ្លឺមិនស្មើកូនថ្លៃដែលម្តាយបីថ្នម។

អរគុណណាស់ដែលផ្តល់ពិភពដ៏មានក្តីសុខនេះដល់ម្តាយ អត់មានសេចក្តីសុខណាស្មើសុខពេលម្តាយបានថ្នមកូនថ្លៃឡើយ។ ខ្លួនតូចមួយដែលអាចធ្វើជាពិភពលោករបស់មនុស្សម្នាក់បាន ខ្លួនតូចមួយដែលអាចជាកម្លាំងចិត្តឱ្យម្តាយហ៊ានហែរឆ្លងសមុទ្រដ៏គួរឱ្យខ្លាចបាន ខ្លួនតូចមួយនេះហើយដែលជាកម្លាំងចិត្តដ៏ពិសេសឱ្យម្តាយរឹងមាំកន្លងមក និងហ៊ានរឹងមាំបន្តទៀតបានដើម្បីតែកូនថ្លៃ។ ក៏ដើម្បីតែខ្លួនតូចមួយនេះហើយដែលម្តាយហ៊ានសន្យាព្រមលះបង់គ្រប់យ៉ាងដើម្បីសេចក្តីសុខកូន។ ទទួលយកចុះ ក្តីស្រលាញ់ដែលម្តាយមានឱ្យកូន! ទទួលយកចុះនេះហើយជាក្តីស្រលាញ់ដែលស្មោះសបំផុត។

គូដែលល្អ

គូដែលល្អគួរតែជាគូបែបណា?

គូដែលល្អគួរតែមានអ្វីៗដូចគ្នាទាំងអស់ដែរឬទេ?

ស្រមៃបន្តិច! គិតទៅដល់ប្រអប់និងគម្រប តើរបស់ពីរនេះជាគូនឹងគ្នាទេ? តើរបស់ពីរនេះមានសភាពដូចគ្នាទេ?

មាឌរបស់ប្រអប់មុខតែតូចជាងគម្របបន្តិច ជម្រៅរបស់ប្រអប់មុខតែជ្រៅជាងគម្របច្រើន តែបើទាំងពីរផ្គុំគ្នា នឹងបានប្រអប់បិទជិតមួយ នោះហៅថាប្រអប់ពេញលក្ខណៈ។

ពេលនេះអ្នកអាចដើរតួរខ្លួនជាប្រអប់ក៏បាន ជាគម្របក៏បាន។ ចាត់ទុកថាពេលនេះអ្នកកំពុងគិតថាខ្លួនឯងជាប្រអប់ដែលជ្រៅគួរសម បើបានគម្របល្អហើយអ្នកនឹងក្លាយជាប្រអប់ដែលអាចដាក់វត្ថុច្រើនមិនខាន។

ដូច្នេះសំណូមពរអ្នកដូចជាខ្ពស់បន្តិចហើយ ដើម្បីរកគម្របណាដែលសក្តិសមនឹងអ្នក។

គម្របមួយនោះគួរតែមានទំហំធំជាអ្នកបន្តិច ហើយមានពណ៌ក្រហមឆើតបន្តិច សំខាន់គួរតែមានរៀងផ្កាយទើបធ្វើឱ្យប្រអប់របស់អ្នកកាន់តៃស្រស់ស្អាត។

មិនពិបាកទេក្នុងការស្វែងរកគម្របដូចដែលអ្នកប្រាថ្នា បើពេលនេះអ្នកជាប្រអប់ដែលល្អមិនអន់ដែរ។ តែមិនច្បាស់ថា ទំហំគម្របនោះវាធំហួសនឹងគ្របប្រអប់របស់អ្នកឬអត់?

ពណ៌ក្រហមឆើតនោះសក្តិសមជាមួយប្រអប់ពណ៌ស្វាយចាស់របស់អ្នកឬអត់?

ហើយរៀងផ្កាយដែលអ្នកចង់បាននោះវាត្រូវរៀងជាមួយប្រអប់ជ្រុងរបស់អ្នកឬទេ?

បើការជ្រើសរើសជីវិតគូត្រូវមានការជ្រើសរើសបែបនេះ សូមឱ្យអ្នកប្តូរខ្លួនឯងឱ្យសក្តិសមជាមួយអ្វីដែលអ្នកចង់បានទាំងអស់នេះសិន ហើយសឹមទៅរកគម្របដែលចង់បាន។ បើមិនអាចប្តូរខ្លួនឯងបានទេ ត្រូវទទួលដឹងថាប្រអប់ណាគម្របហ្នឹង!

អ្នកអន់ពេកហើយ!

មនុស្សដែលអ្នកស្រលាញ់ខ្លាំងស្រាប់តែចាកចេញពីអ្នក។

ពាក្យស្រលាញ់ ពាក្យសន្យាដែលគេធ្លាប់ពោល ក្លាយជាគ្មានន័យ…

ឈឺណាស់មែនទេ អស់កម្លាំងហើយមែនទេ ពិបាករស់ណាស់មែនទេ?

ការសិក្សា ការងារ ដែលធ្លាប់តែល្អក៏ធ្លាក់ចុះ មិត្តធ្លាប់តែយល់ចិត្ត ក៏លែងក្បែរ ក្នុងផ្ទះដែលធ្លាប់រីករាយ ក៏មានតែពាក្យបន្ទោស

ហេតុអ្វីក៏ផែនដីនេះអាប់អួលយ៉ាងនេះ

ហេតុអ្វីបានជាអ្នកក្លាយជាមនុស្សអត់បានការយ៉ាងនេះ?

តើគួររស់នៅទៀតទេ?

ពេលដែលឈឺចាប់ខ្លាំងតែងយំរកនឹកកំហុស ពេលខ្លះបន្ទោសខ្លួនឯង…

អ្នកពិតជាអន់ណាស់មែនទេ? មែនហើយអ្នកអន់ណាស់..

ប្រគល់ក្តីស្រលាញ់ឱ្យមនុស្សខុស អ្នកគ្រាន់តែគិតមិនដល់

តែ.. ដែលបណ្តោយខ្លួនឱ្យធ្លាក់ចុះព្រោះតែគ្មានមនុស្សគ្មានតម្លៃម្នាក់នោះ…អ្នកអន់ពេកហើយ!

បើបានដឹងហើយ ក៏សុំធ្វើរឿងខុសតែប៉ុណ្ណឹងចុះ..

លើកទោសឱ្យខ្លួនឯងដែលខុសកន្លងមក។

ដៃស្តាំក្រសោបដៃឆ្វេង ប្រាប់ខ្លួនឯងថា អត់មានគេក៏មិនអីដែរ តោះ! ទៅមុខទៀត! ព្រោះយើងត្រូវរស់នៅបន្ត ហើយរស់ដោរីករាយ… តោះទៅមុខទៀតណា៎!

Status របស់ខ្ញុំ

ព្រោះខ្ញុំទន់ខ្សោយពេក រាល់ពេលប៉ះពាល់អារម្មណ៍ក៏ផុស Status ឲ្យគេបានឃើញ។ ខ្ញុំភ្លេចហើយថា Status ដែលខ្ញុំផុសទៅមិនមែនបង្ហាញចំពោះអ្នកដែលខ្ញុំចង់ឲ្យឃើញ វាក៏បង្ហាញទៅដល់អ្នកដែលស្រលាញ់ និងស្អប់ខ្ញុំផងដែរ។

មានអ្នកសើច មានអ្នកយំ មានអ្នកធុញទ្រាន់នឹងឃើញ status របស់ខ្ញុំ។ តែអ្នកដែលខ្ញុំចង់ឲ្យឃើញបែរជាមិនអើពើ ឃើញហើយក៏ធ្វើដូចជាមិនឃើញ រឺអាចមានការត្រឡប់មកវិញនូវអ្វីដែលខ្ញុំមិនចង់បាន។

ខ្ញុំខ្មាសណាស់ដែរបង្ហោះ status ឲ្យមនុស្សដែលស្អប់ខ្ញុំសប្បាយចិត្ត

ខ្ញុំខូចចិត្តណាស់ដែលបង្ហោះ status

ធ្វើឲ្យមនុស្សដែលស្រលាញ់ខ្ញុំ ពិបាកចិត្តរឺយំដោយសារខ្ញុំ ខ្ញុំចង់សូមទោសពួកគាត់ណាស់។

ខ្ញុំកាន់តែខកចិត្តបំផុតនៅពេលដែលខ្ញុំខំបង្ហោះ Status បង្ហាញអារម្មណ៍ពិតហើយ មនុស្សដែលខ្ញុំចង់ឲ្យឃើញគេបែរជាធ្វើមិនឃើញ រឺឃើញហើយមិនធ្វើចាប់អារម្មណ៍។

ខ្ញុំគិតថាការបង្ហោះ status ទៅតាមអារម្មណ៍មួយឆាវៗរបស់ខ្ញុំជារឿងដែលមិនគួរធ្វើទៀតទេ។

ការបង្ហាញពីភាពទន់ខ្សោយជាសាធារណៈបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសចំពោះខ្លួនឯងនិងមនុស្សដែលស្រលាញ់ខ្ញុំខ្លាំងណាស់។

ខ្ញុំគួរសម្តែងអារម្មណ៍ពិតប្រាកដរបស់ខ្ញុំនៅចំពោះមនុស្សខ្ញុំចង់ឲ្យឃើញ ហើយខ្ញុំនឹងអាចទទួលបានចម្លើយពិតៗពីគាត់មកវិញ។ មនុស្សដែលស្អប់ខ្ញុំក៏គ្មានឱកាសបានសើចខ្ញុំទៀតដែរ ហើយមនុស្សដែលស្រលាញ់ខ្ញុំនឹងមិនពិបាកចិត្តដោយសារខ្ញុំទៀតទេ។

កែប្រែអ្វីដែលមិនល្អគឺជាការប្រសើរ តែកុំកែដើម្បីតែពាក្យសរសើរ

ដឹងហើយថាគ្មាននរណាល្អឥតខ្ចោះទេ តែមនុស្សតែងចង់ឲ្យខ្លួនឯងល្អឲ្យបានច្រើន។
ខ្លាចខ្វះខាតពេក ធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ដល់ថ្នាក់បាត់បង់សូម្បីតែខ្លួនឯង។
ឧទាហរណ៍ទៅលើសម្ផស្សនារី នាងល្អទាំងអស់តែទាស់ត្រង់ច្រមុះមិនសូវខ្ពស់។
នាងមិនចង់បានពាក្យសរសើរបែបនេះទេ នាងខំកែខៃឲ្យបានច្រមុះស្អាត។
បន្ទាប់មកនាងក៏ទទួលបានទៀត នាងល្អទាំងអស់តែទាស់ច្រមុះកែ។
ចប់ហើយពេលនេះ បែបណាក៏នៅតែមានពាក្យទាស់។
មនុស្សម្នាក់មិនដឹងប្តូរចិត្ត ប៉ុន្មានដងផង។
ចុះទម្រាំមនុស្សពេញទាំងផែនដី មិនដឹងសរុបប៉ុន្មានចិត្ត?
បើនាងគ្រាន់តែស្តាប់ហើយឲ្យវាហួសទៅ ប្រហែលវានឹងមិនពិបាកខ្លួនជាងនេះ។
អ្នកដទៃមានសិទ្ធិនិយាយ រិះគន់ វាយតម្លៃ ទៅតាមនិស្ស័យ ចរឹតរបស់គេ ទៅតាមការស្រលាញ់ ការស្អប់របស់គេចំពោះនាង។
បើនាងមិនហត់ទេ នាងបត់បែនតាមគេរហូតចុះ
បើនាងហត់ដែរ ចូរធ្វើតែអ្វីដែរនាងគិតថាត្រូវចុះ

ត្រូវចាំហើយយល់ ថាមនុស្សគ្មាននរណាល្អឥតខ្ចោះទេ
ត្រូវព្រមទទួលយកភាពខ្វះខាតរបស់ខ្លួន
ត្រូវរៀនរស់រីករាយនឹងអ្វីដែលខ្លួនមាន
អត្ថបទនេះមិនបង្អាក់ឲ្យមានការអភិវឌ្ឍន៍ទេ

ចង់កែប្រែអ្វីដែលមិនល្អនោះគឺជាការប្រសើរ តែបើកែដើម្បីតែពាក្យសរសើរ សូមនាងគិតជាថ្មី។
តើនាងរស់ដើម្បីនរណា ឬដើម្បីអ្វី?

អាយុ២៥ហើយឬនៅ?

មានគោលបំណងអីសម្រាប់៥ឆ្នាំទៅមុខទៀត?

ដឹងទេ? មនុស្សដែលមានអាយុ២៥គួរតែជាក្មេងដែលធំហើយ ពេលនេះគួរតែកំពុងមានការងារច្បាស់លាស់មួយ ប្រាក់ខែសមរម្យអាចជួយខ្លួនឯងបាន។

អាយុ២៥ ជាឆ្នាំដែលអ្នកបានឈានជើង មួយឬពីរជំហ៊ានទៅលើកាំជណ្តើរនៃក្តីស្រមៃរបស់អ្នកហើយ។

អាយុ២៥ឆ្នាំហើយត្រូវតែចេះទុកដាក់សន្សំ ដើម្បីរៀបចំជីវិតថ្ងៃមុខឲ្យកាន់តែប្រសើ។

លៃយ៉ាងណាអាយុ៣០ត្រូវទៅដល់ ឬទៅកៀកក្តីស្រមៃឲ្យបាន។

ពេលនេះបើអ្នកមិនទាន់អាយុ២៥ឆ្នាំទេក៏ខំរៀបចំដំណើរជីវិតតាមសម្រួល ខំដើរឲ្យបានត្រឹមត្រូវទើបអាយុ៣០មិនសូវខុសគេ

តែប្រសិនបើពេលនេះអ្នកអាយុ៣០ឆ្នាំហើយ ក្តីប្រាថ្នាក៏មិនទាន់មាន ឬមិនឈានជើងទៅ អ្នកវីវរហើយ!

ប្រាប់ខ្លួនឯងឈប់ដើរតែត្រូវខំរត់ ៥ឆ្នាំបើមើលទៅមុខដូចជាយូរ តែបើមើលទៅក្រោយដូចជាលឿនណាស់។

៥ឆ្នាំកន្លងមកធ្វើអីខ្លះទើបអ្នកមកនៅទីនេះ? មិត្តរួមវិទ្យាល័យទៅដល់ណាអស់ហើយ?

ពេលវេលាមិនចាំយើងទេ យើងក៏មិនគួរចាំពេលវេលាដូចគ្នា ជីវិតគឺរវល់ខ្លាំងណាស់ កុំលេងយូរពេកឆាប់រត់ទៅមុខណា៎ ❤️