ប្រវត្តិពូកាហ្វេប្រៃ

ក្នុងជីវភាពជាកូនដែលមានឪពុកម្ដាយទំនុកបំរុងគ្រប់យ៉ាងតាំងពីតូច ខ្ញុំពិតជាមិននឿយហត់អ្វីនោះទេ។ មួយថ្ងៃៗឪពុកម្ដាយមិនឱ្យខ្ញុំធ្វើអ្វីនឿយហត់នោះទេ ខ្ញុំគិតតែពីរៀន គេង និងញ៉ាំ ឬអាចជួយកិច្ចការដាំស្លម៉ាក់ៗម្ដងម្កាលតែប៉ុណ្ណោះ។ មិត្តអ្នកអានអាចថាខ្ញុំជាកូនដែលឪពុកម្ដាយទំយើ តែខ្ញុំមានគោលការណ៍របស់ខ្ញុំច្បាស់ណាស់។ ខ្ញុំខិតខំរៀនសូត្រមិនឱ្យឪពុកម្ដាយខ្ញុំខកចិត្តឡើយ។ កាលខ្ញុំអាយុ១៨ឆ្នាំ ម៉ាក់សួរខ្ញុំ បំរុងទិញនាឡិកាអ៊ីណុកតម្លៃថ្លៃមួយមកឱ្យខ្ញុំ ប៉ុន្តែខ្ញុំបដិសេធមិនឱ្យម៉ាក់ទិញទេ ព្រោះវាមិនមែនជាចំណូលចិត្តរបស់ខ្ញុំនៅពេលនោះ ទោះបីថ្លៃប៉ុណ្ណាក៏វាគ្មានអីគួរឱ្យរសើបចិត្តខ្ញុំ ធ្វើឱ្យខ្ញុំចង់បានដែរ។ ប៉ុន្តែកុំសួរឥឡូវនេះ បើសិនជាសួរ ខ្ញុំនឹងឆ្លើយថាព្រមយកភ្លាមតែម្ដង ហិហិហិ ចាំកាលណាទៀត។ ណ្ហើយ! វាជារឿងតូចតាចទេ ភាពរំភើបរីករាយបំផុតនៅក្នុងជីវិតខ្ញុំ គឺចាប់ផ្ដើមឡើងនៅអាយុ១៩ឆ្នាំ ប៉ាខ្ញុំបានទិញឡានឱ្យខ្ញុំជិះ។ កាលនោះខ្ញុំមិនដែលនឹកស្រមៃ មិនដែលទទូចទាមទារប៉ាខ្ញុំសុំទិញឡានជិះទៅរៀនវិទ្យាល័យឡើយ។ ហេតុផលគ្រប់យ៉ាងគឺជាលទ្ធផលនៃការខិតខំប្រឹងរៀនរបស់ខ្ញុំដែលព្រមរាថយទាំងម៉ោងរដ្ឋនិងម៉ោងគួរពីព្រលឹមទល់ព្រលប់ ខ្ញុំស្ពាយកាតាបឡើងធ្ងន់ធ្លាក់ស្មារាល់ថ្ងៃ ដែលធ្វើឱ្យប៉ាម៉ាក់ទុកចិត្តនិងលើកទឹកចិត្តខ្ញុំជាប់ជានិច្ច។ ខ្ញុំរៀនគ្រប់មុខដល់ថ្នាក់មិត្តៗបង្អាប់ថាពូកែរៀនតែរៀនមិនពូកែ។ តែខ្ញុំមិនដែលខ្វល់ទេ ព្រោះខ្ញុំខំរៀនមិនមែនដើម្បីផ្គាប់ចិត្តនរណាឡើយ។ ចាក់ដោតទេ? ក្នុងវ័យ១៩ឆ្នាំដដែល ខ្ញុំបានក្លាយជាសិស្សម្នាក់ដែលល្បីឈ្មោះខាងតែងកំណាព្យ ក្រោមការបង្រៀននិងណែនាំពីលោកគ្រូ ឈា ឆាត។ វាជាឱកាសដំបូងដែលខ្ញុំអាចរកលុយបានមួយចំនួន ពីការតែងកំណាព្យឱ្យមិត្តរួមថ្នាក់របស់ខ្ញុំ។ មុននឹងឡើងមកភ្នំពេញខ្ញុំបានចងក្រងជាសៀវភៅកំណាព្យខ្លីមួយក្បាលទុកនៅបណ្ណាល័យវិទ្យាល័យហ៊ុនសែនស្នួល និងមួយក្បាលទៀតទើបនឹងផ្ញើម្ដាយមីងរបស់ខ្ញុំដាក់នៅវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីខ្ញុំអាយុ២០ឆ្នាំ។ នៅអាយុ១៩ឆ្នាំដដែល ខ្ញុំបានបង្កើតភាពក្លាហានឱ្យខ្លួនឯងដោយប្រឡងជាប់ជាសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ប្រចាំវិទ្យាល័យហ៊ុនសែនស្នួល។ ខ្ញុំបានចូលរួមប្រឡងប្រជែងជាសិស្សពូកែប្រចាំខេត្រក្រចេះ បើទោះបីមិនបានជាប់មែន តែខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះខ្ញុំហ៊ានទៅប្រឡងដល់ទីរួមខេត្តដោយបើកឡានទៅខ្លួនឯងយ៉ាងសង្ហា។ នៅចុងឆ្នាំទី២០នៃវដ្ដជីវិតរបស់ខ្ញុំ ខ្ញុំបានជាប់អាហារូបករណ៍បរិញ្ញាបត្រអក្សរសាស្ត្រខ្មែជំនាន់៣៤នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញនិងចំណាស់មួយនៅដែនកម្ពុជរដ្ឋ។ ខ្ញុំបានស្គាល់មិត្តម្នាក់ដំបូងគេ ឈ្មោះថា នាង ដា។ ដានិងខ្ញុំជិតស្និទ្ធនឹងគ្នាណាស់ ដោយដាជួយបង្រៀនមេរៀនគ្រប់មុខដល់ខ្ញុំ ហើយខ្ញុំជួយបង្រៀនភាសាអង់គ្លេសដល់ដាវិញ។ មិត្តអ្នកអានគិតថាមិនស្មើភាពគ្នាទេមែនទេ? ហាហា មិនស្មើភាពគ្នាទេ តែពួកយើងសាមគ្គីគ្នាបានល្អណាស់។ នៅក្នុងឆ្នាំជាមួយគ្នាខ្ញុំបានរៀនបរិញ្ញាបត្រនីតិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។ តែមិនមែនអាហារូបករណ៍ទេណា គឺបង់លុយពេញថ្លៃតែម្ដង។ អូ ប៊ិះភ្លេចប្រាប់ រៀនបរិញ្ញាបត្រពីរមិនគ្រប់គ្រាន់តាំងពីព្រលឹមទល់ព្រលប់យប់ម៉ោង៨ ខ្ញុំក៏ឆ្លៀតថ្ងៃសៅរ៍អាទិត្យលៃច្នៃរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរ។ នៅវ័យខ្ញុំប្រមាណជា២២ឆ្នាំដាបានចាកចេញពីខ្ញុំ។ កុំគិតអីផ្ដេសផ្ដាសណា គឺដាប្រឡងជាប់បានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងទេ។ ទោះជាកាយយើងឃ្លាតឆ្ងាយគ្នាយូរខែឆ្នាំ ក៏ពួកយើងតែងតែchatជាមួយគ្នាជាប្រចាំ។ នៅអាយុ២១ឆ្នាំដោយខ្ញុំបានសើរើសៀវភៅកំណាព្យចាស់និងតែងបន្ថែមចងក្រងជាសៀវភៅថ្មីក្រោមការបង្ហាត់បង្រៀននិងកែតម្រូវពីលោកគ្រូជ័យ ចាប។ ខ្ញុំក៏បានដាក់ឈ្មោះថាប៉ាកកានិស្សិត ដោយបានដាក់ជូនបណ្ណាល័យហ៊ុនសែនចំនួន២ច្បាប់។ នៅអាយុ២៣ឆ្នាំ ខ្ញុំបានចូលសម្ដែងរឿងភាគ បាន៤រឿងដែរគឺ រឿងឱ!កូនសម្លាញ់(ប៉ុស្តិ៍អាស៊ីអាគ្នេយ៍) រឿងឋានសួគ៌វណ្ណៈ(ប៉ុស្តិ៍លេខ៥) រឿងភក្ដីស្នេហ៍ទ្វេភព រឿងបំភ្លេចមិនបាន(ប៉ុស្តិ៍ភីអិនអិន)។ នៅចុងអាយុ២៥ខ្ញុំបានប្រឡងជាប់ជាសិស្សមន្ត្រីក្រមការជំនាន់ទី៨នៅសាលាភូមិន្ទរដ្ឋបាល។ នៅអាយុ២៦ខ្ញុំបានទទួលជ័យលាភីកំណាព្យជាប់ក្នុងកំណាព្យឆ្នើមទាំង១០ក្នុងការប្រកួតប្រជែងតែងនិពន្ធកំណាព្យខ្មែរក្រោមប្រធានបទ “គុណតម្លៃនៃបណ្ណាល័យ”។ រឿងដែលសប្បាយរីករាយមួយទៀតក្នុងវ័យ២៦គឺខ្ញុំបានភ្លក្សរសជាតិជិះយន្តហោះពីខេត្តសៀមមករាជធានីភ្នំពេញយ៉ាងរំភើបញាប់ញ័រ។ ហើយខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅក្នុងអាយុ២៦ឆ្នាំនេះដែរចុះ។

បេះដូងនារី

កើតជាមនុស្សស្រី ទោះនាងមានសម្រស់ខាងក្រៅមិនឆើតឆាយ ក៏គង់មានអ្នកលួចស្រលាញ់យ៉ាងហោច ម្នាក់ទៅពីរនាក់ដែរ គ្រាន់តែពេលខ្លះនាងមិនបានដឹង ព្រោះវាអាស្រ័យលើនិស្ស័យរបស់បុរសដែលលួចស្រលាញ់នាងប៉ុណ្ណោះ។ តែគេមាននិស្ស័យបែបណាជារឿងរបស់គេ និស្ស័យរបស់នាងទើបជាបញ្ហារបស់នាង បេះដូងនារីមិនគួរឆាប់រំជើបរំជួលនឹងពាក្យថាស្រលាញ់ ឬទង្វើស្រលាញ់ដែលមិនច្បាស់លាស់នោះទេ។

បើការសម្តែងចិត្តស្រលាញ់ត្រឹមតែការព្រមតាមចិត្តនាង ព្រមចំណាយពេលវេលាច្រើនជាមួយនាង ឬប្រគល់ជូនកាដូអនុស្សាវរីយ៍រាប់មិនអស់ឱ្យទៅនាង ក៏នាងព្រមជឿ…

បើនាងមិនអាចរក្សាលំនឹងបេះដូងខ្លួនឯងបាន នាងកុំបន្ទោសបើគេកុហក នាងកុំខឹងបើគេបោក។ បើនាងចេះសង្កត់ចិត្ត ពិចារណាមុនប្រគល់បេះដូង មនុស្សដែលចង់លេងសើចនឹងបេះដូងរបស់នាងទាំងនោះ នឹងមិនងាយមានឱកាសប្រមាថបេះដូងនាងឡើយ។

ផ្កាតំណាងចិត្តស្រលាញ់

អោយតែទទួលផ្កាព្រមធ្វើសង្សារ?

អ្នកដទៃគិតយ៉ាងម៉េចខ្ញុំមិនដឹង តែខ្ញុំដឹងការគិតរបស់ខ្លួនខ្ញុំ។

មនុស្សដែលឈរលើគោលការណ៍ឯករាជ្យនិងសេរីភាពដូចខ្ញុំនេះ ខ្ញុំមិនទោរទន់ទៅលើផ្នត់គំនិតបែបបុរាណនិយម។

ខ្ញុំអោយតម្លៃលើការរាប់អាន ការចងសម្ព័ន្ធភាព មិនថាម្នាក់នោះគិតអីលើខ្ញុំវាគ្រាន់តែជាគេ

ខ្ញុំខ្លួនឯងទេដែលត្រូវខ្វល់ថាខ្ញុំបានគិតអីលើគេ ខ្ញុំប្រកាន់លើកគោលការណ៍ខ្ញុំជាធំ។

រាល់ថ្ងៃទទួលការស្រលាញ់ផង ការស្អប់ផង

គេស្អប់ខ្ញុំ ខ្ញុំក៏ទទួលដឹងតែខ្ញុំស្អប់គេវិញឬអត់ជារឿងមួយផ្សេង

ក៏ដូចជាអ្នកស្រលាញ់ខ្ញុំក៏នៅតែជាគេ ហើយចង់ស្រលាញ់គេវិញឬអត់ក៏នៅតែជារឿងរបស់ខ្ញុំ។

ថ្ងៃពិសេសមកដល់ មនុស្សមួយចំនួនជ្រួលច្របល់ ទាំងខ្ញុំទាំងគេចេះតែចង់ទិញអំណោយជូនអ្នកដែលជាទីគោរពឬជាទីស្រលាញ់ ហើយក៏ត្រូវគិតដល់លទ្ធភាពមានត្រឹមកំរិតណាដែរ។

ខ្ញុំស្រលាញ់ផ្កាណាស់ មនុស្សស្គាល់ខ្ញុំចូលចិត្តជូនផ្កាឱ្យខ្ញុំជារឿយៗ។

គេថាផ្កាតំណាងចិត្តស្រលាញ់ ហើយខ្ញុំចូលចិត្តទទួលផ្កា។ អញ្ចឹងមានន័យថាខ្ញុំចូលចិត្តទទួលការស្រលាញ់ហើយ។

តើអ្នកណាចូលចិត្តអោយគេស្អប់ទៅ?

ការស្រលាញ់មានច្រើនអត្ថន័យ ទោះជាន័យនៃការស្រលាញ់ដែលគេអោយនោះជាន័យមួយណាក៏នៅតែជារឿងរបស់គេ រឿងរបស់ខ្ញុំនៅតែខ្ញុំជាធំ តើខ្ញុំស្រលាញ់គេនោះក្នុងន័យបែប។

ដូច្នេះការទទួលផ្កា សម្រាប់ខ្ញុំមិនមែនទទួលស្នេហាព្រមធ្វើសង្សាររបស់អ្នកជូននោះទេ ព្រោះការស្រលាញ់របស់ខ្ញុំមិនមែនមានអត្ថន័យតែមួយ។

អរគុណសម្រាប់ផ្កា

អរគុណសម្រាប់ការស្រលាញ់ ការស្រលាញ់រាប់អាន

សុភមង្គល

មនុស្សមួយចំនួនតែងគិតថាជីវិតគាត់រស់មិនដែលមានក្តីសុខសោះ ទាំងនេះមកពីគាត់មិនដែលអោយតម្លៃលើអ្វីដែលគាត់កំពុងតែមាន ឬព្រោះតែគាត់ចូលចិត្តយកខ្លួនគាត់ទៅប្រៀបធៀបនឹងអ្នកដទៃដែលប្រសើរជាងគាត់ ហើយតែងគិតលើខ្លួនគាត់ក្នុងផ្លូវអវិជ្ជមាន។
ការយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃវាជាការជាន់ឈ្លីសមិទ្ធផលរបស់ខ្លួនឯងយ៉ាងខ្លាំង ហើយធ្វើអោយខ្លួនឯងរស់នៅក្នុងចិត្តច្រណែន ឈ្នានីស ពង្វក់ខ្លួនឯងអោយកើតចិត្តបាប តើអ្នកដឹងទេ?
គប្បីរស់រីករាយនឹងអ្វីដែលខ្លួនមាន ហើយតាំងជំហរដើរទៅរកក្តីស្រមៃរបស់ខ្លួន ការបើកត្រចៀកស្តាប់ការពេបជ្រាយរបស់មនុស្សក្បែរៗគឺជាការឆោតល្ងង់ ព្រោះថាអ្នកមិនគួរជឿអ្នកទាំងនោះហើយមកស្អប់ខ្ពើមខ្លួនឯងនោះទេ
សាកគិតបន្តិចថាជីវិតអ្នករាល់ថ្ងៃនេះធ្លាប់សើច ធ្លាប់ក្អាកក្អាយឬអត់?
អ្នកណាមិនធ្លាប់? ទោះជាអ្នកសុំទានក៏ធ្លាប់ដែរ!
ដូច្នេះហើយ កុំខំដល់ដើរខុស ផ្លូវក្រែងលោវាមានទោសហួសដល់បាត់សេចក្តីសុខ។
ចូលចាំថាសុភមង្គលមិនមែននៅស្ថិតនៅលើសេចក្តីផុតគេនោះទេ តែវានៅលើសេចក្តីស្កប់ស្កល់តែប៉ុណ្ណោះ

ព្រមខុសទាំងមិនបានខុស

នៅពេលវិវាទមកដល់ មនុស្សមួយចំនួនខំរកហេតុផលបញ្ជាក់ពីទង្វើខុសនិងត្រូវ ក៏ដើម្បីតែសេចក្តីឈ្នះនិងចាញ់។

តែមនុស្សមួយចំនួនទៀតដណ្តើមយកខុស រឺបង្ខំចិត្តព្រមខុសដើម្បីបញ្ចប់វិវាទ។

តើអ្នកឈ្នះពិតជាអស្ចារ្យឬ? អ្នកចាញ់ពិតជាអាមាសណាស់ឬ?

សូមអានហេតុផលខាងក្រោមហើយពិចារណាថាតើអ្នកណាជាមនុស្សអស្ចារ្យ?

បើខ្ញុំមិនព្រមខុស មនុស្សក្រោមបង្គាប់ខ្ញុំនឹងមិនបានសុខទេ
បើខ្ញុំមិនព្រមខុស គាត់អាចខឹងដល់ស្លាប់បាន
បើខ្ញុំមិនព្រមខុស ស្នេហារបស់ខ្ញុំនឹងត្រូវបែកបាក់

បើខ្ញុំមិនព្រមខុស គ្រួសាររបស់ខ្ញុំនឹងជួបបញ្ហា
បើខ្ញុំមិនព្រមខុស អ្វីដែលបាត់បង់គឺប្រយោជន៍រួម ខ្ញុំខុសក៏បាន! បើមនុស្សជុំវិញខ្លួនខ្ញុំបានសុខ
ព្រមខុសម្តងទៅ! បើគេថាយើងអន់ក៏ព្រោះគេនោះអន់។
ការលះបង់របស់យើង គឺយើងធ្វើដោយសុទ្ធចិត្ត ទោះអ្នកណាគិតអី ល្អរឺអាក្រក់ វាជានិស្ស័យរបស់គេ។

ការពិតយ៉ាងណា យើងខ្លួនឯងបានដឹងហើយ
សំខាន់យើងបានដើរនៅលើផ្លូវមនុស្សល្អ ទៅតាមនិស្ស័យជាមនុស្សល្អរបស់យើង

ស្នាមញញឹមខ្ញុំ

រសៀលម៉ោង៣ ខ្ញុំដើរញញឹមម្នាក់ឯងនៅក្នុងហាងកាហ្វេ ក្រសែភ្នែកមួយចំនួនសម្លឹងមកដោយការគិតខុសៗគ្នា

ក្រសែភ្នែកទី១: គាត់ញញឹមដាក់ខ្ញុំទេដឹង?

ក្រសែភ្នែកទី២: គាត់ញញឹមដាក់អ្នកក្រោយខ្ញុំហើយមើលទៅ

ក្រសែភ្នែកទី៣: គាត់ញញឹមស្រស់ណាស់

ក្រសែភ្នែកទី៤: គាត់ប្រហែលមានរឿងសប្បាយចិត្តអីហើយបានញញឹមម្នាក់ឯង

ក្រសែភ្នែកទី៥: គាត់ឆ្គួតទេដឹងញញឹមម្នាក់ឯង

ក្រសែភ្នែកទី៦: គាត់លួចសើចដាក់សង្សាខ្ញុំទេដឹង?

ហេហេ… មិនដឹងថាមានអ្នកណាគិតយ៉ាងម៉េចទៀតទេ។

តើខ្ញុំគួរតែសម្លឹងមើលទៅគ្រប់ក្រសែភ្នែកទាំងនោះវិញ ហើយបកស្រាយរាល់ចំងល់របស់ពួកគាត់់ដែរឬទេ? ឬគួរតែឈប់ញញឹមហើយទៅសូមទោសអ្នកដែលគិតអគតិមកលើស្នាមញញឹមរបស់ខ្ញុំទេ?

អត់ទេ! ខ្ញុំសម្រេចចិត្តមិនខ្វល់ពីក្រសែភ្នែកទាំងនោះ ហើយចូលអង្គុយញ៉ាំកាហ្វេយ៉ាងធម្មតា។

អានមកដល់ត្រឹមនេះបែបគិតថាខ្ញុំកំពុងនិយាយដូចអត់និយាយ

មិនអីចឹងទេ! ពេលនេះដល់ពេលដែលខ្ញុំសូមអោយអ្នកគិតវិញម្តង។

តើខ្ញុំគួរតែទៅឆ្លើយតប រឺអរគុណ រឺឈ្លោះជាមួយការគិតរបស់ក្រសែភ្នែកទាំងនោះដែរឬទេ?

បើខ្ញុំនឹងទៅធ្វើរឿងទាំងនោះ តើខ្ញុំអាចមានពេលវេលាសម្រាប់ញ៉ាំកាហ្វេទៀតទេ?

រឺខ្ញុំគួរតែឈប់ញញឹមដើម្បីបញ្ឈប់ការគិតរបស់ក្រសែភ្នែកទាំងឡាយនោះ?

បើខ្ញុំឈប់ញញឹមតើពួកគាត់នឹងមានការគិតអ្វីផ្សេងទៀតទេ?

តើហត់ទេ ដែលមកខ្វល់ថាគេគិតអី ហើយគួរធ្វើយ៉ាងណាអោយត្រូវចិត្តគេ?

បើគិតថាហត់ដែរ គួរបិទភ្នែក បិទត្រចៀក ឈប់ខ្វល់ពីការគិតរបស់អ្នកដទៃ ហើយធ្វើរឿងដែលខ្លួនឯងសប្បាយចិត្តទៅបានហើយ

ព្រោះពេលដែលយើងឈឺចាប់ ក៏គ្មានអ្នកណាមកចុកទ្រូងជំនួសយើងទេ

ពេលដែលយើងយំ ក៏គ្មានអ្នកហូរទឹកភ្នែកជំនួសយើងដែរ។ ហើយបើគេស្រាប់តែមកឈឺក្បាលនឹងស្នាមញញឹមរបស់យើងក៏បណ្តោយតាមគេទៅចុះ។

ម្នាក់ឯងតែមិនរស់ឯកា

ពិភពលោកបង្កើតមនុស្សមកមិនអោយមនុស្សរស់ឯកានោះទេ

តែមនុស្សជាអ្នកជ្រើសយកផ្លូវឯកាដោយខ្លួនឯង

តែអ្នកខ្លះជ្រើសផ្លូវម្នាក់ឯងតែគាត់មិនរស់ឯកា ហេតុអី?

អាចចាត់ថាគាត់ជាមនុស្សឆ្លាត ចេះបត់បែន ចេះខ្វល់ខ្វាយពីខ្លួនឯង ជាមនុស្សដែលមានម្ចាស់ការ និងយល់ពីស្ថានការ។

ស្ថានការខ្លះជំរុញអោយមនុស្សជ្រើសយកការដើរចេញពីមនុស្សដែលគាត់ស្រលាញ់ រឺស្រលាញ់គាត់។ ខណៈនេះហើយដែលមនុស្សអាចរកឃើញភាពឆ្លាតនិងភាពល្ងង់របស់គាត់។

តើគាត់គួរតែជ្រើសយកភាពសោកសៅមិនចង់ធ្វើអី រឺចាប់យកឱកាសនេះមកបំពេញបំណងប្រថ្នារបស់គាត់?

បើកាលៈទេសៈអោយយើងនៅតែម្នាក់ឯងហើយ ដូចកំពុងអំណោយពេលឯករាជអោយយើងដូចគ្នា។

ស្រមៃទៅមើល៎ តើអ្វីដែលអ្នកធ្លាប់ចង់ធ្វើខ្លាំងបំផុត?

ទៅដើរលេងនៅទីកន្លែងឆ្ងាយៗ?

មានពេលផ្ទាល់ខ្លួនសម្រាប់អានសៀវភៅ?

ដើរញាំចំនីប្លែកៗ ដែលធ្លាប់តែត្រូវហាមពីមុន?

ធ្វើជាមនុស្សក្នុងក្តីសុបិន?

ចង់លះបង់ពេលវេលាទាំងអស់ទៅលើការងារ? ចង់ធ្វើអីក៏ធ្វើវាច៎ុះ! ពេលនេះអ្នកមានសេរីភាពហើយ!!

ហេតុអីក៏ជ្រើសយកគាត់?

នៅពេលដែលអ្នកព្រមស្រលាញ់ រឺព្រមរៀបការជាមួយដៃគូរដែលមិនសក្តិសមនឹងអ្នក នឹងមានសំណួរជាច្រើន សំណួរខ្លះប្រហែលធ្វើអោយអ្នកមោទនៈភាពនៅពេលដែលអ្នកមិនទាន់ប្រើបេះដូងមកវិភាគហេតុផលដែលអ្នកព្រមទទួលយកគុណវិបត្តិរបស់ដៃគូររបស់អ្នក។

ហេតុអីក៏ជ្រើសយកគាត់?

សំនួរ: ម្នាក់នោះមិនល្អនោះទេ ហេតុអីក៏ព្រមទទួលគេ?

ចំលើយ: ព្រោះម្នាក់នោះមិនបន្ថែមបន្លាលើផ្លូវរបស់ខ្ញុំ ហើយក៏ព្រមជាន់បន្លាដែលខ្ញុំពង្រាយ

សំនួរ: រូបរាងមិនល្អ ខ្មៅក៏ខ្មៅ ទាបក៏ទាប មុខមិនស្រស់ ដៃជើងមិនស្រឡូន

ចំលើយ: ព្រោះខ្ញុំដឹងថារូបខាងក្រៅខ្ញុំក៏ល្អមិនបានមួយជីវិត

សំនួរ: និស្ស័យឆ្គងៗនិយាយមិនសុភាព

ចំលើយ: ព្រោះខ្ញុំក៏គ្មាននិស្ស័យល្អគ្រប់គ្រាន់គាប់ចិត្តមនុស្សទូរទាំងពិភពលោកបាន

សំនួរ: ទ្រព្យធនក៏មិនសប្បូរ រៀនសូត្រមិនបានខ្ពស់ ការងារក៏មិនធំដុំ ថ្ងៃមុខពិតមិនស្រណុក

ចំលើយ: ព្រោះមួយជីវិតមនុស្សរៀនមិនចប់ ហើយក៏គ្មានអ្នកមានដល់បញ្ឈប់រកចំណូលដើម្បីរស់

សំនួរ: មនុស្សគ្មានភាពរ៉ូម៉េនទិក ទឹកចិត្តមិនសូវផ្អែមល្ហែម ថ្ងៃមុខមិនរំពឹងអំណោយភ្ញាក់ផ្អើរ។

ចំលើយ: ព្រោះខ្ញុំមិនរស់នៅក្នុងខ្សែរភាពយន្តទេ

រាល់គុណវិបិត្តទាំងឡាយដែលគេមានបង្ហាញអោយឃើញថាគេដូចជាមែកឈើរលោងមួយដើម ដែលគ្មានបន្លាមួយសោះ ធ្វើអោយខ្ញុំមិនបារម្ភនឹងដើរលើផ្លូវតែមួយជាមួយគាត់

ហើយរាល់ភាពល្អដែលខ្ញុំមាននឹងក្លាយជាបន្លាលើផ្លូវរបស់គេ ខ្ញុំពិតជាស្ញប់ស្ញែងដែលគេព្រមជាន់បន្លាទាំងនោះដើម្បីដើរទៅមុខបន្តជាមួយខ្ញុំ នេះហើយជាហេតុផលដែលខ្ញុំព្រមជ្រើសយកគាត់។

ខ្ញុំនៅតែជាខ្ញុំ

ខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងកំពុងរស់នៅក្នុងក្តីសុបិន។ ចេះតែដាស់ខ្លួនឯងឱ្យភ្ញាក់ឡើង ព្រោះខ្ញុំមិនចង់ឱ្យខ្លួនឯងកាន់តែលង់ បន្ទាប់មកក៏ខកចិត្តនោះទេ។

នេះហើយជាអារម្មណ៍នៅពេលដែលខ្ញុំអាចដើរមកដល់ក្តីស្រមៃរបស់ខ្លួនឯង។

កំពុងតែមានអារម្មណ៍ថាគេមើលមកខ្ញុំនេះអស្ចារ្យណាស់ ខ្ញុំនេះគួរអោយសរសើណាស់។

មនុស្សដែលជោគជ័យនិយាយអ្វីក៏ត្រូវដែរ តែត្រូវចាំទុកថាជោគជតាជីវិតមានឡើងនិងចុះ ម្តងគេម្តងយើង។

ខ្ញុំព្រមរីករាយជាមួយជោគជ័យដែលខ្ញុំកំពុងទទួលបាន តែខ្ញុំមិនព្រមឈប់ដាស់ខ្លួនឯងអោយភ្ញាក់ពីភាពភ្លើតភ្លើននេះឡើយ។

បើទោះជាថ្ងៃនេះខ្ញុំបានធ្វើជាមនុស្សដែលខ្ញុំស្រមៃចង់ធ្វើ

តែខ្ញុំនឹងនៅតែមិនបោះបង់ខ្លួនឯងពីម្សិលមិញនោះដែរ ខ្ញុំនៅតែជាខ្ញុំ។

រក្សាភាពជាខ្ញុំបែបនេះ រហូតទៅ…

ព្រោះខ្ញុំដឹងថាអ្វីដែលខ្ញុំមិនធ្លាប់មាន ហើយកំពុងតែមាន ឬអាចនឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយនោះ វាគ្រាន់តែជាគ្រឿងលម្អរជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ។ ហើយគ្រឿងលម្អរទាំងនេះ មាននាទីត្រឹមតែជាអ្នកប្រែក្រឡាសម្បកខាងក្រៅរបស់ខ្ញុំប៉ុណ្ណោះ ចិត្តនឹងបេះដូងរបស់ខ្ញុំដែលបានថែរក្សាយ៉ាងរឹងមាំកន្លងមកនេះនឹងមិនឱ្យគ្រឿងលម្អរដែលមិិនទៀងទាត់នោះមកផ្លាស់ប្តូរបានឡើយ។ កេរ្តិ៍ឈ្មោះ កិត្តិយស យសស័ក្កិ សម្បត្តិទាំងឡាយ គ្រាន់តែជាគ្រឿងលម្អរជីវិតអ្នកតែប៉ុណ្ណោះ។ ទោះថ្ងៃមួយអ្នកមានឬមិនមានវា សូមកុំឱ្យវាមានអំណាចមកផ្លាស់ប្តូរចិត្តនិងបេះដូងអ្នកបានឱ្យសោះ។

ខ្ញុំ! នឹងលែងនៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតហើយ

ខ្ញុំចុះចាញ់ហើយ! ព្រហ្មលិខិតមិនឱ្យខ្ញុំរស់បានសុខទេ ខ្ញុំស្រលាញ់នរណាក៏មិនបានជួបគ្នាដែរ។
ជីវិតមួយដែលមិនធ្លាប់ជោគជ័យសោះតើរស់ធ្វើអី?
ខ្ញុំគ្មានការងារល្អនោះទេ ខ្ញុំមិនបានកើតនៅក្នុងត្រកូលដែលអស្ចារ្យ ខ្ញុំមានស្នេហាក៏មិនដែលសមបំណង។
បើអភ័ព្វបែបនេះតើគួរតែរស់នៅទៀតទេ?
ខ្ញុំពិតជាចង់ស្លាប់ឱ្យផុតពីពិភពចង្រៃនេះណាស់…
តើគួរតែស្លាប់ដោយវិធីណា?
ស្លាប់ដោយវិធីណាទើបឈ្នះព្រហ្មលិខិត?
ស្លាប់ដោយវិធីណាទើបទទួលបានការស្រលាញ់ដែលចង់បាន?
ស្លាប់ដោយវិធីណាទើបសមបំណង?
បើការស្លាប់របស់ខ្ញុំអាចប្តូរយកអ្វីដែលខ្ញុំចង់បានមែន តើល្អប៉ុណ្ណាទៅ?
ចុះបើខ្ញុំស្លាប់ទៅហើយ តើមានជីវិតឯណាមកទទួលភាពសមបំណង និងការស្រលាញ់ទាំងនោះបានទៀត?
តើការស្លាប់ឯណាទៅអាចយកឈ្នះព្រហ្មលិខិតបាន?
ខ្ញុំនឹងកាន់តែឈឺចាប់បំផុត នៅពេលដែលមនុស្សដែលខ្ញុំស្រលាញ់ត្រឡប់មកវិញទាំងដែលខ្ញុំមិនអាចបន្តរួមរស់ជាមួយនឹងគេបាន។
ខ្ញុំនឹងសោកស្តាយ បើក្រោយការស្លាប់ទើបអាចទទួលបានក្តីសមបំណងទាំងឡាយ។
ចង់ឈ្នះព្រហ្មលិខិត ខ្ញុំត្រូវតែរក្សាជីវិតនេះឱ្យបាន!
ព្រហ្មលិខិត! បើអ្នកកម្រិតឱ្យខ្ញុំត្រូវជួបរឿងទាំងអស់នេះ ខ្ញុំនឹងតស៊ូឱ្យអ្នកមើល!
អ្នកអាចនាំរឿងទាំងនេះមកជួបខ្ញុំបាន តែអ្នកមិនអាចធ្វើឱ្យខ្ញុំទន់ជ្រាយនឹងប្រឈមវាទេ!
អ្នកអាចចារឱ្យខ្ញុំចាប់កំណើតក្នុងគ្រួសារមិនអស្ចារ្យ តែមិនអាចហាមឃាត់ខ្ញុំធ្វើជាមនុស្សអស្ចារ្យនោះទេ ហើយភាពអស្ចារ្យរបស់ខ្ញុំគឺជាភាពរឹងមាំ ដែលមិនចុះចាញ់ពេលជួបគ្រប់រឿងដែលអ្នកកំណត់ឱ្យ។
រឿងខកបំណងទាំងឡាយដែលអ្នកផ្តល់ឱ្យ ខ្ញុំនឹងប្រើវាជាយាន នាំខ្ញុំស្វែងរកក្តីសមបំណងរបស់ខ្ញុំវិញឱ្យបាន។
វាសនារបស់ខ្ញុំ! ស្នេហារបស់ខ្ញុំ! សុភមង្គលរបស់ខ្ញុំ! នឹងលែងនៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតហើយ។
ខ្ញុំមិនចង់ស្លាប់ទៀតឡើយ! ព្រោះខ្ញុំត្រូវរក្សាជីវិតរស់ដើម្បីយកឈ្នះព្រហ្មលិខិតឱ្យបាន។

ចូរកុំបណ្តោយចិត្តឲ្យលិចលង់ក្នុងមនោសញ្ចេតនា

កុំចេះតែគិតថាគេស្រលាញ់យើង!

លង់នឹងខ្លួនឯងពេក ទើបចេះតែគិតថាគេស្រលាញ់អ្នក

ដឹងទេ ភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ ទាំងអស់នោះមិនមែនធ្វើឡើងព្រោះតែចិត្តស្រលាញ់ក្នុងន័យស្នេហាតែម្យ៉ាងនោះទេ។

មនុស្សដែលមានចិត្តទូលាយ រមែងចូលចិត្តរាប់អានដើម្បីបង្កើនទំនាក់ទំនង គាត់មិនប្រកាន់ឋានៈយសសក្តិអ្វីឡើយ គាត់អាចរួសរាយបែបនេះដាក់មនុស្សគ្រប់គ្នា គ្រាន់តែអ្នកមិនដឹង!

មនុស្សដែលមានទឹកចិត្តល្អ គាត់តែងខ្វល់ខ្វាយ ចាំជួយដល់អ្នកដែលទន់ខ្សោយឬកំពុងត្រូវការជំនួយ។ ព្រោះតែគាត់ជាមនុស្សល្អទើបគាត់មិនដែលបង្ហាញថាគាត់មានវត្តមានចំពោះមនុស្សប៉ុន្មាននាក់ដែលមានវិបតិ្ត ក្នុងនោះរួមទាំងអ្នកផងដែរ នេះហើយដែលធ្វើឲ្យអ្នកវង្វេងថាគាត់ធ្វើសម្រាប់តែអ្នក។

ចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់អ្នកជាច្រើន ព្រោះតែគាត់ជាមនុស្សដែលគិតវិជ្ជមានច្រើន គាត់ងាយស្រួលក្នុងការជឿជាក់លើមនុស្ស ឬគាត់ជាមនុស្សមានសំណាងព្រោះគាត់ជួបតែមនុស្សដែលអាចទុកចិត្តបាន។

ដូច្នេះគាត់អាចពិភាក្សារឿងក្នុងចិត្តរបស់គាត់ជាមួយមនុស្សពីរបីនាក់។

ព្រោះអ្នកមិនដឹងថាគាត់បាននិយាយជាមួយអ្នកណាខ្លះ អ្នកក៏យល់ច្រលំថា មានតែអ្នកម្នាក់ឯងដែលអាចដឹងរឿងជាច្រើនរបស់គាត់ គាត់ប្រាប់អ្នកព្រោះតែគាត់ជឿជាក់

ព្រោះតែគាត់ស្រលាញ់អ្នក។

គាត់ប្រហែលជាស្រលាញ់ ចូលចិត្តអ្នកពិតមែន ទើបគាត់តែងតែធ្វើទង្វើទាំងនេះចំពោះអ្នក។

តែត្រូវចងចាំថា ការស្រលាញ់មិនមែនសម្រាប់ប្រើចំពោះតែសេចក្តីស្នេហានោះទេ។ ការស្រលាញ់មានច្រើនរូបរាងណាស់ នៅពេលដែលមនុស្សពីរនាក់មិនបាននិយាយគ្នាឲ្យបានច្បាស់លាស់ នឹងតែងតែមានមនុស្សខកបំណង។

ប្រសិនបើអ្នកខ្លាចជួបនូវការខកបំណង ចូរកុំលង់នឹងខ្លួនឯងពេក។ ចូរកុំបណ្តោយចិត្តឲ្យលិចលង់ក្នុងមនោសញ្ចេតនា

ត្រូវចាំថា ពាក្យស្រលាញ់ដែលគេខ្ជាក់មក អាចមិនមែនជាការស្រលាញ់ពិតផង។ ចុះទម្រាំកាយវិការដែលគ្មានពាក្យសម្តីអះអាង គួរសង្ឃឹមទេថាវាជាស្នេហា? ស្នេហា គួរមានការបញ្ជាក់ទាំងពាក្យសម្តីផង និងទង្វើផង បើអ្នកបានទទួលបានតែមួយផ្នែក ចូរកុំកំសាកក្នុងការហ៊ានសួរ ត្រូវក្លាហានដើម្បីរំដោះខ្លួនឯងចេញពីពិភពវង្វេងនេះ។

កុំបណ្តោយឲ្យវាទៅតាមពេលវេលាអី

ពេលវេលាអាចធ្វើឲ្យអ្នកភ្លេចរឿងមិនសប្បាយចិត្តកន្លងមែន

តែពេលវេលាក៏អាចធ្វើឲ្យសម្រស់របស់អ្នកកន្លងទៅដូចគ្នា

ចិត្តអាចរក្សាបានត្រឹមតែអនុស្សាវរីយ៍ តែមិនអាចរក្សាសម្ផស្សបានទេ

តើអ្នកស្តាយទេ? ប្រសិនបើសម្ផស្សអ្នកត្រូវបាត់ទៅទាំងដែលអ្នកមិនទាន់ឈប់ចង់ស្អាត?

អ្នកដឹងទេ? សម្ផស្សនាំមកនូវសំណាង ក៏ជាអារម្មណ៍ល្អនៃទំនាក់ទំនងដំបូងដែរ។

កុំបណ្តោយឲ្យវាទៅតាមពេលវេលាអី មនុស្សស្រីឯណាមិនចង់ស្អាត? តែបើអ្នកមិនថែរក្សា ភាពស្អាតវានឹងចាកចេញពីអ្នកទាំងដែលអាយុអ្នកមិនទាន់ចាស់។

ថែសម្ផស្សឲ្យបានល្អណា៎ ❤️