បើហ៊ានឱ្យគេ គេនឹងយកទៅជាន់ឈ្លីលេង

រៀនរស់នៅឱ្យឆ្ងាយៗពីគ្នា បើភាពស្និទ្ធស្មាលមិនមានតម្លៃ កុំខំនាំឱ្យទំនាក់ទំនងកាន់តែធ្លាក់ចុះ។

មនុស្សខ្លះគាត់ច្រើនភ្លេចខ្លួន ច្រើនដាក់ភាពស្និទ្ធស្នាលឱ្យធ្ងន់រហូតរបូតបាត់ក្តីគោរព។
ការដែលភ្លេចក្តីគោរព ភ្លេចផ្តល់តម្លៃឱ្យគ្នាធ្វើឱ្យទំនាក់ទំនងដែលធ្លាប់តែល្អក៏ល្អក់កករ។

មនុស្សធ្លាប់តែហៅរកគ្នា ស្រលាញ់គ្នា មិនចង់បាត់បង់គ្នា
ស្រាប់តែអស់អារម្មណ៍ មិនចង់ជជែក មិនចង់ជួបមុខ មិនចង់សូម្បីតែរឭកដល់។
អត់មានអីក្រៅពីធ្លាប់ស្រាំចិត្តហើយទើបវាទៅជាដូច្នេះ។

ដូច្នេះពេលកំពុងរាប់អានគ្នា មើលៗផង គិតផង ពិចារណាផង ថាតើគេនោះសមតម្លៃឱ្យអ្នកចំណាយពេល ចំណាយចិត្តជាមួយទេ? បើអត់ទេ ព្យាយាមនៅឱ្យឆ្ងាយៗ យ៉ាងហោចនៅអាចមិនធុញគ្នា មិនអស់អារម្មណ៍ចំពោះគ្នា។

ចាំណា៎! មនុស្សខ្លះគេមិនសមនឹងទទួលក្តីស្រលាញ់ ភាពស្និទ្ធស្នាលពីយើងទេ។ បើហ៊ានឱ្យគេ គេនឹងយកទៅជាន់ឈ្លីលេង នាំឱ្យតែអ្នកឈឺ

នារីល្អមិនខ្វះទេបុរសល្អពិតប្រាកដ

ស្នេហាធ្វើឱ្យអ្នកព្រមគ្រប់យ៉ាង…
ខណៈដែលអ្នកកំពុងតែគេងកើយទ្រូងបុរសដែលអ្នកស្រលាញ់ កក់ក្តៅណាស់មែនទេ? មានក្តីសុខណាស់មែនទេ?
គេងកើយស្តាប់សំឡេងបេះដូងរបស់គេដែលលោត បេះដូងនោះប្រាប់ថាស្រលាញ់អ្នកមែនទេ?

មានធ្លាប់គិតទេថាចង្វាក់បេះដូងនោះកំពុងប្រាប់អ្នកថា អ្នកចាញ់បោកគេហើយ? អ្នកល្ងង់ពេកហើយ?
សួរខ្លួនឯងបន្តិច តើអ្នកចេះស្តាប់ភាសាបេះដូងរបស់បុរសដែលអ្នកស្រលាញ់ ឬត្រចៀកអ្នកហឹងនឹងក្តីស្រលាញ់ដែលអ្នកកំពុងមានឱ្យគេលង់បង្កើតពាក្យកុហកឱ្យខ្លួនឯងទេដឹង?
គេល្អណាស់ហើយទើបអ្នកអាចបង់ស្នេហាឱ្យគេបានច្រើនដល់ម្ល៉ឹង។

ព្រោះគេជាបុរសល្អ!
បុរសល្អៗ ហេតុអ្វីនាំអ្នកបង់ប្រាណដើម្បីស្នេហា? បុរសល្អៗហេតុអ្វីនាំអ្នកឱ្យអាស្រូវកេរ្តិ៍? បុរសល្អមិនចោលគ្រួសារ។
បុរសម្នាក់នោះជានរណា? ប្រុសល្អម្នាក់នោះជាស្វាមីគេ ជាគូដណ្តឹងគេ! បើគេល្អយ៉ាងនេះ ហេតុអ្វីគេចេះក្បត់ផិត?
បើគេមិនស្រលាញ់នារីជាប្រពន្ធ ឬគូដណ្តឹង ហេតុអ្វីគេមិនផ្តាច់ពាក្យឬលែងលះ? បើបុរសល្អៗដែលអ្នកកំពុងលង់នោះមិនអាចធ្វើរឿងទាំងនោះមុនបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកទេ គឺគេមិនបានស្រលាញ់អ្នកដោយស្មោះឡើយ!

បុរសដែលអ្នកកំពុងគេងកើយទ្រូងយ៉ាងកក់ក្តៅនេះ អាចធ្វើឱ្យអ្នកលែងចង់រស់ទៅថ្ងៃមុខ តើជឿទេ?

បើជឿដែរដកខ្លួនទៅ!
នារីល្អមិនខ្វះទេបុរសល្អពិតប្រាកដដែលប្រាថ្នា

នារីមិនល្អ នឹងសមណាស់ដែលជួបតែការបោកប្រាស់។

ធ្វើជានារីល្អទៅណា៎ កុំបំផ្លាញគ្រួសារគេ!

ត្រូវចេះស្រលាញ់មើលថែខ្លួនឯង

ខណៈដែលអ្នកកំពុងសប្បាយនៅទីកន្លែងប្លែកៗ អ្នកខ្លះដូចជាខ្ញុំក៏កំពុងមានក្តីសុខក្នុងហាងកាហ្វេដែលចូលចិត្ត ហើយអ្នកខ្លះទៀតក៏កំពុងតែបំពេញការងារដែលគាត់ពេញចិត្ត។

សេចក្តីសុខរបស់មនុស្សមិនមែនត្រូវតែរត់ទៅរករបស់តែមួយដែលមនុស្សភាគច្រើនត្រូវការនោះទេ ខ្ញុំប្រហែលជាចង់បានរបស់នោះដែរ តែខ្ញុំមិនទាន់ត្រូវការវា 😊

ជីវិតមានតែមួយ តែមានរឿងច្រើនណាស់ត្រូវធ្វើ ដឹងថានឹងធ្វើមិនអស់នោះទេ តែនឹងខំធ្វើអោយបានច្រើន។

ធ្វើជាមនុស្សរឹងមាំពេលខ្លះក៏ហត់ដែរ តែបើខ្ញុំទន់ខ្សោយ តើអ្នកណានឹងចែកដង្ហើមអោយខ្ញុំបាន?

រស់នៅត្រូវចេះស្រលាញ់មើលថែខ្លួនឯងអោយបានល្អសិន មុននឹងចង់បានការខ្វល់ខ្វាយពីអ្នកដ៏ទៃ។

កុំរវល់តែគិតពីអ្នកដទៃភ្លេចគិតខ្លួនឯង

ត្រូវបានគេប្រើកែវភ្នែកសម្លឹងមកក្នុងន័យអវិជ្ជមាន

គេយល់ថាខ្ញុំជាមនុស្សបែបនេះមួយ បែបនោះមួយ។

គេលួចចំនាំ គេវិភាគ គេវាយតម្លៃ… គេអើយគេ! គេមិនហត់ទេដែលគិតបែបនេះ។

មិនខឹង! គ្រាន់តែអន់ចិត្ត តែក៏មិនចង់គិត ព្រោះខ្ញុំក៏គ្មានពេល។

មនុស្សល្អៗ គេមិនប្រើពេលមួយថ្ងៃ ពីរថ្ងៃមើលឱ្យស្គាល់ ឱ្យយល់ពីគ្នាបានទេ។

មនុស្សរវល់កិច្ចការដូចខ្ញុំនេះក៏កាន់តែឱ្យគេប្រើពេលយូរមកមើលឱ្យស្គាល់។

ខ្ញុំមិនអីទេ! មើលតាមសម្រួល គិតតាមសម្រួល អ្នកនៅមានពេលច្រើនណាស់។

ខ្ញុំទេដែលអត់ពេល.. ខ្ញុំរវល់ណាស់! ខ្ញុំអត់មានពេលដើរសង្កេត វិភាគ វាយតម្លៃអំពីរនរណាដូចអ្នកឡើយ។ ខ្ញុំរវល់ណាស់ព្រោះក្តីស្រមៃកំពុងចាំខ្ញុំ។ ខ្ញុំរវល់ណាស់! រវល់ហាត់ពត់ លត់ដំនិស្ស័យខ្លួនឯងឱ្យប្រសើរ។

ខ្ញុំរវល់គិតយ៉ាងណាកុំភ្លាត់ទៅធ្វើរឿងមិនល្អដូចអ្នក ព្រោះខ្ញុំដឹងថា ការទៅសង្កេតវាយតម្លៃ ចរិត ឬរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ វាមិនសមរម្យទេ វាកាន់តែមិនថ្លៃថ្នូរបើបាននិយាយពីក្រោយខ្នងគេផង។

មនុស្សម្នាក់ៗមានកិត្តិយសរៀងខ្លួន ហើយអ្នកណារក្សាតម្លៃកិត្តិយសខ្លួនបានប៉ុនណាគឺជារឿងបុគ្គល។

ធ្វើអីគិតសិន! កុំរវល់តែគិតពីអ្នកដទៃភ្លេចគិតខ្លួនឯង!

ការស្រលាញ់និងការយោគយល់

គាត់ត្រូវតែខ្វល់ពីអ្នកឲ្យបានច្រើន
គាត់ត្រូវតែផ្តល់ឲ្យអ្នកឲ្យបានច្រើន
គាត់ត្រូវតែតាមចិត្តអ្នកឲ្យបានច្រើន
អ្នកជានរណាបានជាអ្នកទាមទារច្រើនម្ល៉េះពីគាត់?
អ្នកអាងថាអ្នកជាមនុស្សដែលគាត់ស្រលាញ់ខ្លាំង
អ្នកត្រូវតែឲ្យគាត់ផ្តល់នូវអ្វីដែលអ្នកចង់បាន។
អ្នកថាប៉ះពាល់អារម្មណ៍ខ្លាំងណាស់បើគាត់ទាំងពីរមិនចុះសម្រុងគ្នា
អ្នកតាំងខ្លួនជាអ្នកកាត់សេចក្តីឲ្យមានអ្នកខុសនិងត្រូវរវាងពួកគាត់ទាំងពីរ
អ្នកហាមឃាត់មិនឲ្យគាត់ប្រើបេះដូងលើសពីការទទួលខុសត្រូវ
អ្នកជានរណា?
អ្នកត្រឹមតែជាកូនបំណុលពួកគាត់តែប៉ុណ្ណោះ
ត្រឹមតែជាសម្ពាធរបស់់ពួកគាត់តែប៉ុណ្ណោះ
បើជួយអ្វីគាត់មិនបានទេ ក៏គួររៀនយល់ចិត្តគាត់ឲ្យបានច្រើន
បើគាត់មិនចុះសម្រុងគ្នា កុំបង្ខំឲ្យគាត់ទ្រាំមើលមុខគ្នាដើម្បីតែអ្នក
បើគាត់កំពុងនៅម្នាក់ឯង កុំហាមគាត់មិនឲ្យបើកបេះដូងទទួលអ្នកថ្មី
ឪពុកម្តាយមានតួនាទីបីបាច់ថែរក្សាបុត្រគឺពិតមែន តែគាត់ក៏ជាមនុស្សដែលចង់រស់នៅជាមួយបេះដូងនៃស្នេហារវាងប្រុសនិងស្រីដែរ។
ចូរធ្វើជាកូនដែលព្រមយល់ពីហេតុផល កុំធ្វើជាកូនដែលអាត្មានិយម
ការស្រលាញ់និងការយោគយល់ នឹងធ្វើឲ្យអ្នកនិងមនុស្សដែលអ្នកស្រលាញ់មានសុភមង្គល

ឪពុកម្តាយដែលពូកែ

បុរសវ័យជិត ៥០ឆ្នាំ អង្គុយទល់មុខក្មេងស្រីជំទង់វ័យប្រហែល ១៥ឆ្នាំ នៅក្នុងហាងកាហ្វេមួយ។
ទាំងពីរនាក់ក្នុងសម្លៀកបំពាក់ ហំហួន កាយវិការថ្លៃថ្នូរ។
ជាបិតាដែលគួរឱ្យគោរព កំពុងប្រើពាក្យទូន្មានទៅកូនស្រីដែលកំពុងស្ថិតក្នុងវ័យភ្លើតភ្លើន ធ្វើឱ្យនាងស្រក់ទឹកភ្នែកផង សើចផង ពេលខ្លះក៏ប្តូរកាយវិការស្រគត់ស្រគំ ពេលខ្លះក៏ញិញ៉ក់គួរឱ្យស្រលាញ់។
គាត់ប្រើពេលតែ ៣០នាទីទូន្មានបុត្រី ឱ្យនាងយល់ហើយមិនឱ្យនាងទទួលអារម្មណ៍អាប់អួរសម្រាប់ថ្ងៃថ្មីរបស់នាងឡើយ។
ខ្ញុំលួចអានដោយស្ងប់ស្ងាត់ហើយវិភាគ:
មានបុត្រពេលមានជីវភាពល្អសមរម្យ
មានបុត្រពេលមានអាយុចាស់ទុំបន្តិច
គឺល្អណាស់!
នៅពេលដែលជីវភាពមិនលំបាក ការផ្តល់ឱ្យបុត្រកាន់តែបានច្រើន ទាំងការអប់រំ សម្ភារៈលើកទឹកចិត្ត ការមើលថែ…
គ្រួសារដែលមានជីវភាពប្រសើ បុត្រនឹងមិនមានសំពាធ ឬទទួលការបាក់ទឹកចិត្ត ដោយសារបញ្ហាជីវភាពរបស់ឪពុកម្តាយឡើយ។
ឪពុកម្តាយក្នុងវ័យចាស់ទុំមានលទ្ធភាពអប់រំបុត្របានប្រសើរ។
ដោយយោងទៅលើ អាយុ បទពិសោធន៍ សង្គម និងភាពជិតស្និទ្ធរបស់ឪពុកម្តាយ ពួកគាត់អាចស្វែងយល់និងឃុំគ្រងភាពលូតលាស់ផ្លូវគំនិតរបស់បុត្របានច្រើន អាចទាយដឹងថាបុត្រពួកគាត់កំពុងធ្វើអី និងចង់ធ្វើអ្វី។
ដូច្នេះឪពុកម្តាយអាចត្រៀម និងមានយុទ្ធសាស្ត្រទប់ស្កាត់ និងបណ្តុះបណ្តាល។
ហើយគ្រប់សកម្មភាពតែងតែមានការបញ្ជាក់ចំពោះហេតុ និងផល ដែលធ្វើឲ្យបុត្ររបស់ពួកគាត់កាន់តែជឿជាក់ទៅលើគាត់។
ឪពុកម្តាយដែលពូកែ តែងតែអាចផ្តល់អារម្មណ៍ជា Hero សម្រាប់បុត្ររបស់ពួកគាត់បាន។

រឿងពិតដែលមិនគួរនិយាយលេង

អ្នកអាចធ្វើជំរឿនបាន តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តឲ្យគេយករឿងអាស្រូវរបស់ខ្លួនមកលេងសើច?
ចាប់ផ្តើមសួរពីចិត្តខ្លួនឯងសិនមុនទៅសួរអ្នកដទៃផ្សេងទៀត។
បើអ្នកជាមនុស្សដែលធ្លាប់លែងលះ តើអ្នកស្តាប់ទៅកំបែ្លងទេបើសិនគេនិយាយថាដូច្នេះហើយបានជាលែងគ្នា?
មិនត្រឹមតែមិនកំប្លែងទេ តែកាន់តែក្តៅត្រចៀកដែលឮពាក្យពោះម៉ាយ ឬមេម៉ាយ តើមានមនុស្សប៉ុន្មាននាក់ដែលចង់បានឈ្មោះនេះ? ឈ្មោះដែលតំណាងពីប្រវត្តិបែកបាក់ គ្មានមនុស្សចង់បានទេ ក៏ព្រោះតែជាជម្រើសមួយដើម្បីសុខទើបមនុស្សត្រូវប្តូរមកទទួលពាក្យនេះ។
ក្រ! ល្ងង់! ធាត់! ស្គម! ខ្មៅ! ទាប! ខ្នងកោង…
បរាជ័យក្នុងការសិក្សារ រឺការងារ ? សង្សារទាត់ចោល? មានអីចង់បន្ថែមទៀតទេ?
ជីវិតក្នុងផែនដីនេះ តើមាននរណាចង់កើតមកជាមួយរាងកាយមិនជាទីចាប់អារម្មណ៍? តើមាននរណាមិនចង់សមបំណងក្នុងផ្លូវជីវិត?
មិនមាននោះទេ!
ទោះជាមិនមានអ្នកចង់បាន ក៏នៅតែមានមនុស្សទទួលបានទាំងអស់នោះ ហើយត្រូវព្រមរស់នៅជាមួយគុណវិបត្តិទាំងនោះ!
វាអាចជាការឈឺចាប់មួយ នៅពេលដែលមនុស្សបានអ្វីផ្ទុយពីគាត់ចង់បាន។
បើនាងជានារីដែលស្រលាញ់រូប ហើយបានកើតមកជាមួយរាងកាយខ្មៅមិនស្អាត តើនាងនឹងមានអារម្មណ៍បែបណា?
បើគាត់ជាមនុស្សដែលមានការរៀបចំជីវិតយ៉ាងម៉ត់ចត់ តែទីបញ្ចប់ក៏ត្រូវសង្សារទាត់ចោល.. តើគាត់នឹងមានអារម្មណ៍បែបណា?
ប្រើពាក្យ “បើ” នេះចំពោះខ្លួនឯង ហើយគិតថាអ្វីៗទាំងនោះធ្លាក់មកលើខ្លួនអ្នក តើអ្នកនឹងមានអារម្មណ៍បែបណា?
វានឹងមិនកំប្លែងទៀតទេដែលត្រូវយករឿងអាស្រូវរបស់នរណាម្នាក់មកនិយាយឲ្យបានសើចនោះ។
អ្នកនិយាយអាចសើចក្នុងរយៈពេលដែលខ្លី តែអ្នកដែលត្រូវគេបញ្ឈឺ គាត់នឹងឈឺក្នុងរយៈពេលវែង ឬអាចដល់មួយជីវិត។
ការបង្កើតសំណើចដោយជះក្តីអាម៉ាស់ដល់អ្នកដទៃ វាជាទារុណកម្មផ្លូវចិត្តដែលឃោរឃៅមួយ
បើទោះជាអ្នកមិនមានបំណងអាក្រក់ តែការលេងសើចរបស់អ្នកអាចធ្វើឲ្យអ្នកដទៃទទួលការបាក់ទឹកចិត្តបាន។
ពាក្យសម្រាប់លេងសើចមានច្រើនណាស់ ចូលប្រើតែពាក្យណាដែលមិនធ្វើឲ្យអ្នកដទៃឈឺចាប់ផងចុះ។

យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេស

មាននំខេកថ្ងៃកំណើតគឺល្អណាស់

មានកាន់តែច្រើនអារម្មណ៍កាន់តែល្អ

ថែមសារជូនពរ អំណោយមួយគំនរ

អ្នកទទួលទាំងអំណរ អ្នកពោលអរគុណជាមួយពាក្យស្រលាញ់។

បានទេ? បើស្រលាញ់ខ្ញុំបែបនេះរហូតទៅ

កុំស្រលាញ់ត្រឹមតែពេលដែលខ្ញុំឱ្យ ព្រោះថាឆ្នាំក្រោយៗមិនដឹងថាខ្ញុំ អាចជូនអំណោយទៅអ្នកបានទៀតឬអត់។

បើថ្ងៃកំណើតឆ្នាំនេះហួសហើយ ឆ្នាំក្រោយនឹងមានទៀត

បើខ្ញុំអាចឆ្លៀត ខ្ញុំក៏មិនចង់ឱ្យមានឆ្នាំណាចន្លោះដែរ។

បើសិនជាអាច ខ្ញុំចង់ធ្វើថ្ងៃកំណើតឱ្យអ្នករាល់ថ្ងៃ

ចង់ឱ្យអ្នកដឹងថាខ្ញុំស្រលាញ់អ្នករាល់ថ្ងៃ

ហើយក៏ចង់ឱ្យអ្នកស្រលាញ់ និងសើចដាក់ខ្ញុំរាល់ថ្ងៃដូចជាថ្ងៃនេះ។

បានទេ? បើសូមឱ្យគិតថារាល់ថ្ងៃសុទ្ធតែជាថ្ងៃពិសេស

បានទេ? បើសូមឱ្យអ្នកទទួលអំណោយត្រឹមតែជាចិត្តស្រលាញ់?

បើសិនជាព្រម យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេសទៀតទេ។

បើសិនជាព្រម យើងនឹងមិនងាយបែកបាក់មិត្តភាព ឬស្នេហារបស់យើងឡើយ។

ចង់ឱ្យជីវិតដល់ត្រើយគ្រប់គ្នាត្រូវហែលឆ្លងសមុទ្រពីត្រើយម្ខាងទៅម្ខាងទៀត

ចាប់កំណើតមកហើយគឺត្រូវតែព្រមទទួលទុក្ខក្នុងជីវិត កើតមកភ្លាមក៏ត្រូវគេធ្វើឱ្យយំភ្លាម នោះហើយជាទុក្ខតំបូងបំផុតរបស់ជីវិត។

ចង់រស់ឱ្យបានពេញមួយជីវិត ពេលខ្លះពិតជាហត់ណាស់ ចង់ឱ្យជីវិតដល់ត្រើយគ្រប់គ្នាត្រូវហែលឆ្លងសមុទ្រពីត្រើយម្ខាងទៅម្ខាងទៀត។

ការចុះទឹកដោយឈានជើងស្តាំ ឬឆ្វេងមុន គឺសុទ្ធតែព្រមទទួលដឹងថាខ្លួនប្រាណនឹងសើមហើយ តែបើមិនព្រមសើមខ្លួន ធ្វើយ៉ាងណាបានទៅដល់ត្រើយ?

បើអ្នកមិនចេះហែលទឹក អ្នកនឹងឆាប់លង់ស្លាប់ទាំងមិនដល់ត្រើយ

បើអ្នកចេះហែលទឹកហើយ អ្នកក៏ត្រូវខំហែលរហូតដល់ជួបទូកទំនេរមួយ។

ហែលយូរ ហត់ខ្លាំង អ្នកក៏ចង់បានទូកដែលអ្នកដ៏ទៃកំពុងតែមាន…

ទូកទំនេរមិនទាន់មកទេ ទូកគេជិតដៃអ្វីម្ល៉េះ?

អ្នកដែលកំពុងនៅលើទូកប្រហែលភ្លេចចេះហែលទឹកទៅហើយ

អ្នកដែលកំពុងនៅលើទូកនោះដូចជាមិនមែនមានតែម្នាក់…

ដាច់ចិត្តទេបើទាញដណ្តើមទូកនោះមកហើយ បណ្តោយឱ្យមនុស្សនៅលើទូកទាំងនោះត្រូវលង់ទឹកស្លាប់?

ហែលទឹកយូរហើយប្រហែលហត់ណាស់ហើយ មានដឹងខ្លួនទេថាអ្នកកាន់តែជំនាញហែលទឹក?

ខំហែលបន្តិចទៀតអ្នកប្រហែលនឹងបានជួបទូកដែលល្អសមនឹងភាពជំនាញរបស់អ្នក។

ហេតុអ្វីត្រូវដណ្តើមទូកធ្លុះធ្លាយនោះ?

បើមនុស្សលើទូកមិនបានថែទូក ឬទូកមិនអាចទៅមុខបានល្អ ទុកឱ្យមនុស្សនិងទូកនោះដោះស្រាយគ្នាទៅតាមឯកជនភាពរបស់គេទៅ។ សង្កត់ចិត្តឱ្យបានដើម្បីរក្សាភាពថ្លៃថ្នូរបស់អ្នក ហែលឱ្យដល់ត្រើយ! បើទោះជាថ្ងៃក្រោយនៅតែគ្មានទូកចម្លង។

អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់

មានមនុស្សប្រុសមិនច្រើននាក់ទេដែលព្រមអានអត្ថបទនេះដល់ចប់

អ្នកប្រហែលធ្លាប់ខូចចិត្តខ្លាំងពីមុនមក

ឬអាចមកពីនេះជានិស្ស័យពីកំណើតរបស់អ្នក

អ្នកមិនជឿជាក់លើសេចក្តីស្នេហា អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់។ ស្រីពេញនគរអ្នកចង់លលេងជាមួយមនុស្សស្រីប៉ុន្មាននាក់ក៏មិនអីដែរ។

ពេលតែមួយ អ្នកមានទំនាក់ទំនងពិសេសជាមួយមនុស្សស្រីលើសពីម្នាក់ ឬអ្នកចូលចិត្តសាងទំនាក់ទំនងជិតស្និទ្ធរយៈពេលខ្លីប្តូរមនុស្សស្រីម្នាក់ហើយម្នាក់ទៀត

មនុស្សស្រីសម័យនេះរឹងមាំតែសំបកក្រៅ

ងាយស្រលាញ់ ងាយជឿជាក់ ងាយផ្តល់ឱ្យ

ពេលនាងឱ្យអ្នកក៏យក ពេលនាងហៅរកអ្នកក៏គេច

ធ្វើម៉េចបើស្រីស្អាត ស្រីល្អមានច្រើនម្លឹងៗ ស្រលាញ់លេងក៏ចង់បានមនុស្សស្រីល្អ ស្រលាញ់យកក៏ចង់បានមនុស្សស្រីល្អ។ ទម្រាំតែដល់ពេលដែលចិត្តចេះស្រលាញ់យក មិនដឹងស្រីល្អប៉ុន្មាននាក់ដែលត្រូវស្រោបឈ្មោះជាស្រីមិនត្រឹមត្រូវ?

ខែឆ្នាំកន្លងទៅ នឹកឃើញរឿងអាស្រូវដែលធ្លាប់សាង សម្រាប់អ្នកគ្រាន់តែជាកំហុសមួយ តែសម្រាប់នាងដែលធ្លាប់ជាស្រីល្អ វានឹងនៅតែជាវិប្បដិសារីដល់ថ្ងៃនាងត្រូវលាពីពិភពលោកនេះ។

ក្តីស្រលាញ់ស្មោះស្ម័គ្រទើបធ្វើឱ្យនាងក្លាយជាស្រីមិនត្រឹមត្រូវ ជាស្រីមិនត្រឹមត្រូវបាន ព្រោះនាងមិនមែនជាប្អូនស្រី មិនមែនជាកូនស្រី មិនមែនជាសាច់ញាតិជាទីស្រលាញ់របស់អ្នក។ ជាស្រីមិនត្រឹមត្រូវបាន ក៏ព្រោះតែមានភ្លើងចិត្តអន្តរាយពីអ្នកនេះហើយ។

មនុស្សស្រីល្អៗដែលអ្នកជាន់ឈ្លី នាងក៏ជាព្រះនាងនៅក្រោមតំបូលណាមួយដែរ

អ្នកអាចមិនស្រលាញ់ មិនខ្វល់ខ្វាយពីនាង តែនៅមានមនុស្សក្រោមដំបូលជាមួយនាងខ្វល់ខ្វាយពីនាងណាស់។

បើសិនជាថ្ងៃមួយអ្នកមានឱកាសបានធ្វើជាឪពុករបស់កូនស្រី ជាបងរបស់ប្អូនស្រី

សូមឱ្យស្រមៃថា អ្នកអាចយកបេះដូងដែលស្រពោនរបស់នាងទៅដាក់ក្នុងទ្រូងកូនឬប្អូនស្រីរបស់អ្នកមួយភ្លែត អ្នកនឹងបានឃើញភាពឈឺចាប់របស់មនុស្សនៅក្បែរនាង កុំចាំបាច់ស្រមៃដល់ការឈឺចាប់របស់នាង ព្រោះអ្នកនឹងមិនអាចជ្រួតជ្រាបនោះទេ តែបើយល់ខ្លះដែរសូមឱ្យបញ្ឈប់សកម្មភាពលេងសើចនឹងស្នេហាត្រឹមនាទីនេះ ហើយព្រមស្មោះនឹងមនុស្សស្រីដែលអ្នកកំពុងតែមានសម្ព័ន្ធជាមួយនេះ តែប៉ុណ្ណឹងចុះ!

សេចក្តីស្រលាញ់ និងគោរព

ចង់រក្សាតម្លៃខ្លួនឯងគប្បីអោយឧស្សាហ៍ប្រើពាក្យ អរគុណ និង សុំទោស។

ការអរគុណធ្វើអោយមនុស្សដែលបានធ្វើគុណលើអ្នកមានសេចក្តីពេញចិត្តក្នុងការធ្វើគុណនោះ។ មិនថាជាគុណតូចតាច ឬធំដុំ បំណាច់នឹងព្រមទទួលគុណនោះហើយ ក៏គួរអ្នកចេះប្រើពាក្យអរគុណដើម្បីសម្តែងពីការដឹងគុណ ឬរីករាយទទួលគុណនោះដែរ។

បើទោះជាអ្នកមិនទទួលគុណនោះ អ្នកក៏បានទទួលទឹកចិត្តពីមនុស្សដែលចង់ធ្វើគុណមកលើអ្នក ដូច្នេះមិនក៏ធ្ងន់អ្វីនឹងនិយាយពាក្យអរគុណដើម្បីជាការបង្ហាញពីសុជីវធម៌ដែរ។

ពាក្យសុំទោស អ្នកខ្លះក៏ចាត់ទុកថាការនិយាយវាចេញមកធ្វើបាក់មុខ អស់តម្លៃ។ តែផ្ទុយទៅវិញតម្លៃរបស់អ្នកនឹងមិនបាត់បង់ទេ បើអ្នកប្រើពាក្យសុំទោសដោយសេចក្តីដឹងកំហុស។

ផ្ទុយទៅវិញបើអ្នកដឹងខុសហើយមិនទទួលខុស មិនសុំទោស ឬមិនទទួលដឹងថាខ្លួនបានធ្វើខុស នោះតម្លៃរបស់អ្នកនឹងធ្លាក់ចុះទៅតាមទង្វើរបស់អ្នកដូចគ្នា។

ពេលខ្លះ អ្នកមិនបានខុសនឹងកំហុសមួយនោះទេ តែអ្នកអាចប្រើពាក្យសុំទោស ក្នុងហេតុផលមួយ គឺដើម្បីធ្វើអោយមនុស្សដែលអ្នកស្រលាញ់បានសប្បាយចិត្ត។

ឧស្សាហ៍និយាយពាក្យសុំទោសធ្វើអោយមនុស្សនៅក្បែរទទួលអារម្មណ៍ថាគាត់ទទួលបានការស្រលាញ់ និងគោរពអំពីអ្នក។

តែយ៉ាងណាមិនគួរធ្វើអោយមានកំហុសច្រើន ឬកំហុសដដែលហើយអាងលើពាក្យសុំទោសនោះទេ។

ពាក្យ អរគុណ និងពាក្យ សុំទោស សម្រាប់ខ្ញុំគឺជាសុជីវធម៌ដ៏ប្រពៃ ក៏ជាទង្វើសម្តែងនូវសេចក្តីស្រលាញ់ និងគោរព ហើយក៏បង្ហាញពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ខ្ញុំតែងព្យាយាមដាស់តឿនខ្លួនឯងអោយប្រើពាក្យនេះអោយបានញឹកញាប់ មិនថាអ្នកនោះមានអាយុ ឬឋានៈតូចទាបជាងខ្ញុំក៏ដោយ។

កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក

កាន់តែស្រលាញ់កាន់តែខ្វល់ខ្វាយ កាន់តែស្រលាញ់កាន់តែចង់ស្និទ្ធ។

ហើយវាបែរជាគួរឱ្យខ្លាចបំផុតនៅពេលដែលការស្រលាញ់របស់អ្នកសម្តែងនូវទង្វើបែបនេះហួសហេតុពេក ចំពោះនរណាម្នាក់។

មិនមែនឱ្យតែស្រលាញ់នរណាម្នាក់ខ្លាំង ជឿជាក់ថាខ្លួនមានបំណងល្អគ្រប់រឿងទៅលើគេហើយ ខ្លួននឹងមានសិទ្ធគ្រប់បែបយ៉ាងដើម្បីធ្វើការសម្រេចចិត្តទៅលើផ្លូវជីវិតរបស់គេនោះទេ។

ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ ស្មោះត្រង់ហើយគឺមានសិទ្ធដឹងគ្រប់រឿងរ៉ាវដែលទាក់ទងនឹងជីវិតរបស់គេដូចគ្នា។

ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ គ្រប់ទីកន្លែងដែលមានគេត្រូវតែមានយើងរហូតនោះទេ។

អ្នកដែលយើងស្រលាញ់គឺជាមនុស្ស មិនមែនជាខ្សែដៃ រឺនាឡិកាដៃ ដែលយើងស្រលាញ់នោះទេ។ គេមានមនុស្សផ្សេងទៀតដែលស្រលាញ់គេដូចគ្នា ហើយគេក៏មានចិត្តសម្រាប់ស្រលាញ់មនុស្សផ្សេងទៀតដូចគ្នាដែរ។

កុំឱ្យច្រលំថា ព្រោះអ្នកស្រលាញ់គេខ្លាំង គេត្រូវតែសងការស្រលាញ់ឱ្យអ្នកវិញតែម្នាក់នោះ គឺមិនអាចទេ។

អ្នកអាចព្រមស្រលាញ់គេតែម្នាក់ ហើយមិនចាប់អារម្មណ៍ស្រលាញ់រាប់អាននរណាផ្សេង នោះជាជម្រើសរបស់អ្នក។

ប៉ុន្តែ ម្នាក់ដែលអ្នកស្រលាញ់នោះក៏មានជម្រើសរបស់គេដែរ គេប្រហែលដូចមនុស្សទូទៅដែលចូលចិត្តទទួលការស្រលាញ់ច្រើន ដូច្នេះគេក៏ត្រូវចាយការស្រលាញ់ទៅមនុស្សប្លែកមុខជាច្រើនដែលអ្នកមិនស្គាល់។

អ្នកអាចស្រលាញ់នរណាក៏បាន ស្រលាញ់ប៉ុនណាក៏បាន តែអ្នកមិនអាចប្រើសិទ្ធអ្វីទៅលើជីវិតរបស់នរណាម្នាក់បានឡើយ។

ត្រូវតែទន្ទេញក្នុងចិត្តថា “មិត្តមិនមែនម៉ែ! កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក!”