កុំរំជើបរំជួលជាមួយអ្វីដែលកំពុងតែមាន
ព្រោះថាវាដូចជាភ្លៀង បើទោះជាធ្លាក់ជោកជាំប៉ុនណា ភ្លៀងគង់តែរាំង។
គ្រប់សភាពក្នុងផែនដីនេះមិនថាជាភាពវិជ្ជមាន ឬអវិជ្ជមានទេ ជឿទៅ!
វាមិនស្ថិតនៅជារៀងរហូតទេ។
កុំតក់ស្លុត ក៏កុំរំភើបហួសហេតុពេក។
គ្រាន់តែទទួលដឹងទៅថាពេលនេះវាកំពុងកើតហើយ ហើយចាំមើលបន្តថាវានឹងទៅជាយ៉ាងណា
និឹងមានអ្វីកើតឡើងបន្ទាប់ពីហេតុមួយនេះ?
កុំលង់ដល់កើតអំនួតពេកអី
បើពេលនេះអ្នកកំពុងគ្របដណ្តប់ដោយសេចក្តីចម្រើន
ក៏កុំលង់ដល់អស់កម្លាំងរស់ បើពេលនេះជីវិតអ្នកកំពុងតែធ្លាក់ចុះជាទម្ងន់។
បន្តិចទៀតវានឹងផ្លាស់ប្តូរហើយ នៅពេលដែលវាចង់ទៅ មិនថាសេចក្តីល្អ
ឬអាក្រក់ក៏ដោយ.. លែងវាទៅ!
បន្តិចទៀត វានឹងមកវិញហើយ មកតាមរូបរាងបែបណាយើងមិនដឹងទេ
គ្រាន់តែដឹងថាមានតែពីររសទេ គឺល្អ និងអាក្រក់។
ប្រាប់ខ្លួនឯងឱ្យសាំនឹងវា ហើយទប់ចិត្តកុំរំជើបរំជួល។
ធម្មតាៗបានហើយ! បន្តិចទៀតវាទៅវិញហើយ
ទំនុកចិត្ត
ទំនុកចិត្តគឺជាតម្លៃរបស់មនុស្ស
ដឹងទេបើមាននរណាម្នាក់អាចនិយាយរឿងជាច្រើនប្រាប់ទៅអ្នក
ព្រោះតែគាត់ទុកចិត្តអ្នកខ្លាំង ព្រោះតែគាត់ឱ្យតម្លៃអ្នកខ្ពស់។
បើថ្ងៃមួយអ្នកចែករំលែករឿងនោះទៅមនុស្សទីបី ទោះគាត់មិនដឹង តម្លៃរបស់អ្នកក៏នឹងទាបចុះ។
រឿងខ្លះមិនមែនជារឿងអាថ៌កំបាំងអ្វីឡើយ
តែវាក៏មិនមែនជាការងារអ្វីដែលអ្នកត្រូវយកទៅចែកចាយ។ រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ
រឿងក្នុងចិត្តរបស់គេ តើវាសមអីឱ្យអ្នកយកទៅដើរនិយាយពីមាត់មួយទៅមាត់មួយ តៗគ្នា?
កិរិយាល្អ គឺជាកិរិយាដែលមិនបរិហាអ្នកណាឡើយ
កិរិយាល្អ គឺជាកិរិយាដែលមិនក្បត់មនុស្សដែលគេខំជឿ
កិរិយាល្អ នឹងផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នក
កិរិយាល្អ នឹងនាំឱ្យអ្នកជួបតែមនុស្សល្អដូចគ្នា។
ជឿទៅ! មិនមែនរឿងយើង កុំនិយាយអី!
គេមិនពឹងឱ្យប្រកាសយើងខំធ្វើអី? បើគេពឹងមែន
តើយើងមានមាត់ជាមេក្រូឬ?
ជឿទៅណា៎! និយាយដើមគេ វាមិនថ្លៃថ្នូទេ!
ឯកា
នៅម្នាក់ឯងធ្លាប់ឯកាទេ?
ឯកាមិនធ្លាប់ទេ តែបើអផ្សុកប្រហែលជាធ្លាប់។
ភាពឯកាមិនកើតឡើងចំពោះតែមនុស្សដែលនៅម្នាក់ឯងទេ
វាកើតឡើងបានបើទោះជាអ្នកកំពុងនៅក្នុងចំនោមមនុស្សយ៉ាងច្រើន
ឬកំពុងតែគេងឱបមនុស្សជាទីស្រលាញ់ក៏ដោយ។
ភាពឯកាវាមិនរើសអើងស្ថានភាពជីវិតរបស់អ្នកណាឡើយ
វាទៅរកប្រភពអារម្មណ៍ទន់ខ្សោយគ្នាវាតែប៉ុណ្ណោះ។
បើអ្នកណាចូលចិត្តសន្សំសំបុកអារម្មណ៍ទន់ខ្សោយ រវើររវាយ
អ្នកហ្នឹងហើយជាមិត្តជិតស្និទ្ធរបស់ភាពឯកា។
ចាំណា៎!
បើចិត្តអ្នកទន់ខ្សោយ ភាពឯកានឹងមកលេងអ្នកហើយ
ភាពឯកានេះណា វាស្មោះត្រង់នឹងមិត្តភក្តិវាណាស់!
ឈប់សួរថាមនុស្សនៅម្នាក់ឯងឯការឬអត់!
ការនៅម្នាក់ឯងមិនពាក់ព័ន្ធនឹងភាពឯកាទេ! បើមិនជឿទេសួរអ្នកដែលកំពុងអន់ចិត្ត
រកាំរកូសជាមួយគូស្នេហ៍ ឬមិត្តល្អៗទៅ ថាឯកាទេ?
គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត
ថ្ងៃនេះខ្ញុំស្រាប់តែមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់
ខ្ញុំស្រាប់តែមានអារម្មណ៍ថាការខំប្រឹងប្រែងកន្លងមកដូចជាមិនទៅមុខសោះ
ខ្ញុំល្វើយណាស់! ខ្ញុំចង់គេងណាស់… ចង់គេងរហូត….
គេនិងខ្ញុំមិនដូចគ្នា ខ្ញុំឃើញគេមិនសូវខំ តែគេមើលទៅហំជាងខ្ញុំ។
ខ្ញុំខំរកពេលសម្រាកមិនបាន តែមិនអាចបានសូម្បីតែពាក់កណ្តាលគេ។
ឱ!ជីវិត! អ្នកណាកំណត់?
បើជឿលើវាសនា ខ្ញុំមិនបាច់ខំ គ្រាន់តែចាំសំណាង។ ចុះ
តើខ្ញុំមានសំណាងទេ?
តែបើជឿលើខ្លួនឯង ខ្ញុំខំយូរហើយ ហេតុអីមិនបានដូចដែលចង់បាន?
ការដើរទៅរកគោលដៅមួយដែលអ្នកចង់ទៅ មិនមែនឱ្យតែខំក៏បានដូចចិត្តនោះទេ
បើអ្នកមិនប្រើភាពឆ្លាតផងនោះ។ ហើយបើអ្នកមានសំណាង
អ្នកនឹងមិនចាំបាច់ខំដល់ហត់ខ្លាំងឡើយ។
មនុស្សឆ្លាត នឹងមិនសំងំតែធ្វើអ្វីដដែលៗនោះទេ
តែគេតែងសិក្សាស្វែងយល់ពីអ្វីដែលថ្មីៗ ហើយរកវិធីបង្កើតសំណាងឱ្យខ្លួនឯង។
សំណាងដែលបានពីភាពឆ្លាតផង ពីកុសលផង បូកផ្សំការខំប្រឹងប្រែងផង
មិនយូរប៉ុន្មានអ្នកនឹងមកដល់ទីមួយដែលអ្នកប៉ងប្រាថ្នា។
ហត់ខ្លាំងអាចសម្រាកបាន គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត!
ភ្ញាក់ពីភាពទន់ជ្រាយ ហើយពង្រឹងខ្លួនឯងសារជាថ្មី!
ក្តីស្រមៃរបស់អ្នកនៅមិនឆ្ងាយពីអ្នកទេ! ខំបន្តិចទៀតណា៎
មិនចាំបាច់តែហ៊ឺហាទេ
មានរូបថត pre-wedding ស្អាតៗគឺឡូយណាស់
មានផ្កាស្រស់តុបតែងពិធីក៏កាន់តែឡូយទៀត
អញ្ជើញភ្ញៀវគ្រឹកគ្រេងរឿងអីមិនអស្ចារ្យ?
មង្គលការរបស់ខ្ញុំ មួយជីវិតការម្តង
ខ្ញុំចង់ឱ្យគ្រប់យ៉ាងអស្ចារ្យបំផុត អស្ចារ្យជាងគេ ឬអស្ចារ្យជាងអ្នកនេះ អ្នកនោះ…
អស្ចារ្យហើយបានអីមក?
ថ្ងៃរៀបការកូនជាថ្ងៃដែលឪពុកម្តាយសងខាងរវល់បំផុត
ហត់បំផុត ជាថ្ងៃដែលបងប្អូនជិតស្និទ្ធរត់ដាច់ជើងចោល
ដើម្បីតែភាពពិសេសដែលអ្នកទាំងពីរចង់បាន ឪពុកម្តាយត្រូវទូលបំណុល
ឬខ្លួនឯងក៏ទូលបំណុល..
ដើម្បីតែភាពពិសេសដែលអ្នកចង់បាន
ចង់ឲ្យុមានចំនួនភ្ញៀវចូលរួមច្រើនមនុស្សស្គាល់គ្នាល្មមៗក៏ត្រូវតែរំខាន
ខ្មាស់ទេបើគ្រាន់តែការចង់បានរបស់មនុស្សពីរនាក់
ត្រូវនាំពិបាកមនុស្សមិនតិចនាក់? ខ្លាចបាក់មុខទើបត្រូវធ្វើបែបមែនទេ?
បើធ្វើបែបនេះហើយវាពិសេសដល់ជាប់ឈ្មោះបំបែកឯកត្តកម្មពិភពលោកទេ?
បើជាប់ហើយមានប្រយោជន៍អីដល់ផែនដីដែលអ្នករស់នៅទេ?
មើលចុះមង្គលការប្រារព្ធរួចហើយ
គគ្រឹកគគ្រេងប៉ុនណាក៏មិនបានប្រយោជន៍អីដល់ផែនដីដ៏ស្រស់បំព្រងមួយនេះ
នៅសល់តែមនុស្សឈឺដោយការហត់ អស់កម្លាំង
ការប្រកែកគ្នាព្រោះលទ្ធផលមិនដូចគិត នៅសល់តែបំណុលដែលត្រូវរ៉ាប់រង…
តើប្រើពេលយូរប៉ុនណាទើបដោះស្រាយបញ្ហាលោភមុនមង្គលការចប់?
មង្គលការដែលអស្ចារ្យមិនចាំបាច់តែហ៉ឺហាទេ
គ្រាន់តែអាចជំនះចិត្តខ្លួនឯងឲ្យប្រព្រឹត្តទៅតាមលទ្ធភាពទឹកលុយ និងកម្លាំងពលកម្ម
គឺវាអស្ចារ្យណាស់ហើយ
មង្គលការដែលគគ្រឹកគគ្រេង គួរតែគ្រឹកគ្រេងដោយក្តីស្រលាញ់និងអំណរ
មិនគួរមានវត្តមានអ្នកចូលរួមដោយចិត្តទើសទាល់នោះទេ។
មនុស្សដែលស្រលាញ់មានប៉ុន្មាននាក់អញ្ជើញប៉ុណ្ណឹងទៅ
ស្គាល់គ្នាល្មមៗអញ្ជើញធ្វើអី? រំលងខ្លះទៅចាត់ទុកថា
កាត់បន្ថយការចំណាយទូទៅ
ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់
ចេះហត់ខ្លះផងដែលទៅតាមអង្វរមនុស្សដែលកំពុងតែចង់ទាត់អ្នកចោល!
អត់មានស្នេហាក្បត់នោះ ជីវិតអ្នកក៏មិនគួរទំនេរដែរ!
ពេលញ៉ាំត្រូវញ៉ាំ ពេលគេងត្រូវគេង
ពេលរៀនត្រូវទៅរៀន ពេលធ្វើការក៏ត្រូវធ្វើការ
ហើយពេលសាងអនាគត ក៏ត្រូវសាងដូចគ្នា។
គិតផង! គេគ្រប់គ្នាអត់មាននរណាខ្វះមនុស្សដែលទាត់អ្នកចោលនោះមិនបានទេ
អ្នកខ្លះមិនទាំងស្គាល់ម្នាក់ហ្នឹងផង ហើយគេរស់បានសុខណាស់ សប្បាយណាស់!
សាកធ្វើលែងស្គាល់មនុស្សប្រែពណ៌ម្នាក់នោះសិនទៅមើល រស់បានសុខឬអត់?
អ្នកផ្តល់តម្លៃបំផុតឱ្យគេ តែគេមិនបានឱ្យអ្នកបែបនោះទេ
តម្លៃរបស់អ្នកវាផ្ទុយពីគេ! ព្រមទទួលយកតម្លៃទាបៗបែបនេះមែនទេ?
បើអត់ទេ ល្មមរៀនចេះស្រលាញ់ខ្លួនឯងម្តងទៅ
បើអ្នកចេះស្រលាញ់មើលថែខ្លួនឯងបានល្អ ធ្វើខ្លួនជាមនុស្សដែលគេចង់បាន
ចង់ក្បែរនឹងមិនជួបមនុស្សដែលបោះបង់អ្នកដែរ តែបើអ្នកជាមនុស្សដែលខ្វះគេមិនបាន
កុំខឹងដែលគេទៅ! មនុស្សដែលសាងសម្ពាធឱ្យគេ គ្មានអ្នកចង់ក្បែរទេ។
ភ្ញាក់ខ្លួនណា៎! ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់
ហើយមនុស្សម្នាក់ៗកើតមកសម្រាប់ធ្វើជាដួងផ្កាយដែលមានពន្លឺ! ស្វែងរកពន្លឺរបស់អ្នកណា៎!
កុំបណ្តោយឱ្យចិត្តបាបរបស់មនុស្សក្បត់មកបំផ្លាញការដើរទៅរកពន្លឺរបស់អ្នកបាន។
ដោយក្តីស្រលាញ់
កុំខូចចិត្តពេកបើបាត់បង់
កំពុងតែស្រលាញ់គ្នាគេសុំបែក
ហេតុផលជាច្រើនរាប់មិនអស់ សរុបចុងក្រោយព្រោះគេចង់ចប់!
ភ្លាមៗទឹកភ្នែកហូរ ភ្លាមៗពិបាកដកដង្ហើម
ភ្លាមៗមានអារម្មណ៍ដូចផែនដីរញ្ជួយ។
ស្នេហា! ពាក្យពីរម៉ាត់ដែលមានន័យពិសេសជាងជីវិត???
កុំគ្រាន់តែអត់ស្នេហាស្មានថាផែនដីរលាយ! ផែនដីនៅស្រស់ស្អាតណាស់
ផែនដីនៅអ៊ូអរណាស់! កុំទាន់គិតផ្តេសផ្តាស!
មនុស្សម្នាក់ដែលកំពុងដើរចេញពីជីវិតអ្នក
គេកំពុងតែទុកឱកាសឱ្យអ្នករកបានមនុស្សដែលល្អជាងគេ
ឬកំពុងផ្តល់ឱកាសឱ្យអ្នកបានអភិវឌ្ឍន៍ខ្លួនឯងតែប៉ុណ្ណោះ!
អត់មានមនុស្សម្នាក់តើអ្នកទៅជាយ៉ាងណា?
បើអ្នកក្លាយជាឯកា បើអ្នកក្លាយជាបរាជ័យ… អ្នកវីវ៉រហើយ!
នៅពេលដែលបាត់បង់របស់មួយជាពេលមួយដែលអ្នកត្រូវឈរមុខកញ្ចក់សួរខ្លួនឯងម្តងទៀត!
តើអ្នកខុសអ្វី តើអ្នកអន់ត្រង់ណា?
រក្សាស្នេហាមួយមិនបាន អ្នកប្រាកដជាមានកំហុស!
តែមនុស្សនៅមានដង្ហើម
ខុសទាស់យ៉ាងណាក៏គង់មានផ្លូវអាចកែប្រែឱ្យប្រសើឡើង។
ស្នេហាទៅបាត់អាចព្រោះអ្នកល្ងង់ស្រលាញ់ចំមនុស្សចិត្តខ្យល់
ស្នេហាទៅបាត់ អាចព្រោះអ្នកខ្វះសមត្ថភាពរក្សាទំនាក់ទំនង
ស្នេហាទៅបាត់ អាចព្រោះជីវភាពមិននឹងនរ..
ស្នេហាទៅបាត់ អាចព្រោះ…….
ព្រោះអ្វីក៏ដោយចុះ រកចំណុចអន់របស់ខ្លួនឯងហើយខំកែខៃឱ្យបានប្រសើឡើង។
ស្នេហាមួយនេះទៅបាត់ហើយ ស្នេហ៍ក្រោយនឹងមកដល់នៅថ្ងៃណាមួយ បើថ្ងៃនេះអ្នកនៅតែមិនប្រុងប្រៀបរៀបចំខ្លួនឱ្យល្អ
ស្នេហ៍ក្រោយនឹងទៅចោលអ្នកម្តងទៀត!
ឆាកជីវិតមនុស្សម្នាក់ៗ អាចជួបស្នេហាលើសពីម្តង
កុំខូចចិត្តពេកបើបាត់បង់! ចាស់មិនទៅថ្មីនឹងមិនមក
កុំស្តាយបើគេទៅ! ទោះគេធ្លាប់ល្អយ៉ាងណា គេនឹងមិនល្អទៀតទេ
នាពេលដែលគេចង់ទៅ!
ជឿទៅ! បើគេល្អមែនគេមិនទៅទេ! ហើយបើគេទៅហើយ កុំស្តាយមនុស្សប្រែពណ៌។
ស្វែងរកគុណវិបិត្ត ហើយស្ថាបណាឱ្យក្លាយជាគុណសម្បត្តិវិញទៅល្អជាង!
កុំអាត្មានិយមពេកបើមិនចង់ឱ្យមនុស្សល្អដើរចេញពីអ្នក
គឺបែបហ្នឹងហើយ!
គេក៏បែបហ្នឹងហើយ!
យើងហ្នឹងជាអ្នកណា? យ៉ាងម៉េចបានចេះតែឱ្យគេព្រមទទួលអាភាពជាបែបហ្នឹងរបស់យើងរហូត?
ចុះគេអត់មានអាភាពជាបែបហ្នឹងរបស់គេដែរទេឬ? យើងហ្នឹងព្រមទទួលទង្វើរទាស់ៗ
ឆ្គងៗរបស់គេបានប៉ុន្មានភាគរយទៅ បានជាត្រូវឱ្យគេមកព្រមទទួលទង្វើរទាស់ៗ ឆ្គងៗរបស់យើង?
មកពីយើងចាត់ទុកគេជាមនុស្សពិសេស ឬមកពីយើងជាមនុស្សពិសេសរបស់គេ?
ព្រោះតែយើងចាត់ទុកគេជាមនុស្សពិសេស
ដូច្នេះគេត្រូវផ្តល់ភាពពិសេសគ្រប់យ៉ាងឱ្យយើង
ត្រូវទ្រាំជាមួយភាពឆ្គងមិនគាប់ចិត្តដែលយើងមាននោះទេ!
កាន់តែគួរពិចារណាមួយទៀត ប្រសិនបើយើងនេះជាមនុស្សពិសេសរបស់គេ
កុំច្រលំថាគេចូលចិត្តហើយយើងធ្វើអីក៏ត្រូវ!
ត្រូវចាំថាបេះដូងនិងខួរក្បាលរបស់មនុស្សម្នាក់ៗតែងដើរមកជាមួយគ្នា
គ្រាន់តែពេលខ្លះបេះដូងដើរមុនមួយជំហ៊ាន ខួរក្បាលមកតាមក្រោយ
តែបើអ្នកធ្លោយឱ្យគេឈឺច្រើនដងខួរក្បាលនឹងមកទាន់បេះដូងជាមិនខាន
ពេលនោះកុំខឹងបើគេអស់ទ្រាំ!
ចាំណា៎! មនុស្សពិសេស ឬមិនពិសេស គ្មាននរណាចូលចិត្តទង្វើរឆ្គង
ទាស់ចិត្តទាស់អារម្មណ៍នោះទេ! កុំអាត្មានិយមពេកបើមិនចង់ឱ្យមនុស្សល្អដើរចេញពីអ្នក!
រៀនយកចិត្តគេដាក់ចិត្តយើងខ្លះ រៀនចេះថ្លឹងថ្លែងការលះបង់ឱ្យស្មើគ្នាខ្លះ
ទើបទំនាក់ទំនងល្អៗវាអាចនៅជាមួយយើងបានយូរ។
មិនសមឱ្យមាននៅក្នុងការចងចាំរបស់យើងទេ
រឿងក្នុងផែនដីនេះគ្មានអ្វីជាទៀងទាត់
តែរឿងព្រាត់វាទៀតទាត់ ឃាត់មិនបាន។ គួរត្រៀមចិត្ត
លាដៃឱ្យមនុស្សអស់ចិត្តបានទៅតាមសម្រួល ហើយរៀនរស់នៅបែបគ្មានគេដូចពេលដែលមិនធ្លាប់មានគេ។
កុំទៅទួញសោក ឬខូចចិត្តអី កុំឱ្យមនុស្សដែលចាកចេញនៅសល់តម្លៃ! បើគេទៅ!
គេអស់តម្លៃ! យើងមិនឱ្យតម្លៃមនុស្សប្រែពណ៌ មនុស្សចិត្តខ្យល់ឡើយ!
មនុស្សដែលដើរចេញ មនុស្សដែលធ្វើឱ្យយើងយំ គេនោះមិនមានតម្លៃទៀតឡើយ!
ពេលស្រលាញ់គ្នាសន្យារួចហើយ ពេលចាប់ផ្តើមបានដាំឆន្ទៈរួចហើយ។
សុខៗគេមកសុំទៅ សុខៗគេមកសុំចប់ មនុស្សគ្មានសច្ចៈ
មនុស្សអស់ចិត្តនឹងព្រមទទួលការប្រមាថគ្រប់យ៉ាងពីយើង!
ធ្វើយ៉ាងណាឱ្យគេបានទៅតាមចិត្តរបស់គេ!
ឱ្យគេទៅ! ឱ្យការប្រមាថទាំងឡាយដែលគេសមនឹងទទួល!
មនុស្សល្អ! មនុស្សថ្លៃថ្នូរគេនឹងរក្សាសច្ចៈ គេមិនបោកប្រាស់មនោសញ្ចេតនាអ្នកណាទេ!
ហើយមនុស្សរឹងមាំ គេនឹងមិនបោះបង់ឆន្ទៈ មិនក្បត់សន្យាដែរ!
បើគេក្រឡាស់ហើយ លែងដៃគេទៅ! ឱ្យគេទៅណាទៅៗ! គេមិនមានតម្លៃ
មិនសមទទួលបានក្តីស្រលាញ់ ក្តីស្មោះពីយើងទៀតទេ!
ថ្ងៃក្រោយបានជួបចៃដន្យ ឃើញហើយដើរចេញ ដើរផ្លូវរៀងខ្លួន!
ថ្ងៃណាច្រលំនឹកដល់ ក៏បិទភ្នែកបំភ្លេចចោល!
មនុស្សមិនសូវថ្លៃមិនសមឱ្យមាននៅក្នុងការចងចាំរបស់យើងទេ!
លាក់ៗខ្លះទៅមន្តស្នេហ៍ហ្នឹង
ស្រីស្អាតៗមួយចំនួនមានទម្លាប់បញ្ចេញមន្តស្នេហ៍គ្រប់ពេលវេលា
គ្រប់កាលៈទេសៈ តែសុំកុំឱ្យវាទៅជាទម្លាប់ដោយមិនលើកលែងកាលៈទេសៈណាមួយឱ្យសោះ។
មន្តស្នេហ៍អាចជះចេញបានគ្រប់ពេល តែមិនមែនពេលដែលមិត្តរបស់អ្នកណែនាំសង្សារគេឱ្យអ្នកស្គាល់ឡើយ។
ទុកឱកាសឱ្យមិត្តភ័ក្កបានរក្សាទំនាក់ទំនងស្នេហារបស់ពួកគេឱ្យបានយូរៗផង
ទោះបើថ្ងៃមួយគេបែកគ្នាក៏មិនគួរឱ្យមានរឿងពាក់ព័ន្ធនឹងអ្នកដោយចេតនាឬអចេតនាដែរ។
សង្សាររបស់មិត្តភ័ក្ក ចាត់ទុកត្រឹមតែជាមិត្តភ័ក្កធម្មតា។ មិនចាំបាច់បញ្ចេញប្រតិកម្មហួសហេតុពេក
រំជើបរជួលដែលបានស្គាល់ពេកនោះទេ ស្គាល់ៗតាមតែលក្ខខ័ណ្ឌដែលមិត្តយើងចង់បានទៅបានហើយ។
ប្រយ័ត្នខ្សែភ្នែក ប្រយ័ត្នកាយវិការទើបជាការប្រសើរ
ចាត់ទុកថាខ្លួនឯងជាស្រីស្អាតផងពេលខ្លះ លាក់ៗខ្លះទៅមន្តស្នេហ៍ហ្នឹង កុំឱ្យសង្សារមិត្តភ័ក្តគេរង្កើរចិត្ត។
ខ្ញុំមិនខ្វល់ទេថាចិត្តអ្នកគិតយ៉ាងណា
សម្រស់សំខាន់ម្លឹងបានជាមនុស្សស្រីមិនតិចនាក់ស្រក់ទឹកភ្នែកព្រោះតែកង្វះនៃសម្រស់។
សុខៗខ្ញុំក្លាយជាមនុស្សដែលមិនទទួលបានការចាប់អារម្មណ៍
មិនមានការតាមសម្លឹង ឬសម្លឹងមើលមុខហើយក៏ងាកចេញយ៉ាងធម្មតា។
ផ្ទៃមុខធ្លាប់តែស្អាតរបស់ខ្ញុំមិនធ្លាប់ហៅអ្នកណាឱ្យលង់ឱ្យតាមគយគន់ឡើយ
ផ្ទៃមុខមិនស្អាតរបស់ខ្ញុំមិនបានបន្លាចអ្នកណាទេ
មិនបានសម្លុតគម្រាមយកជីវិតរបស់អ្នកណាដែរ
ហេតុអ្វីក្រសែភ្នែកសម្លឹងផ្លាស់ប្តូរលឿនយ៉ាងនេះ?
ដឹងទៅ! ថានេះវាជាធម្មជាតិ! មិនថាយើងឬគេ បើឃើញសម្រស់ទាក់ទាញនឹងតាមមើលដូចគ្នា
តែបើថ្ងៃមួយសម្រស់ខាងក្រៅរបស់យើងមិនមានអ្វីឱ្យគេតាមមើលទៀត
គួរពិចារណារកវិធីបង្ហាញសម្រស់ខាងក្នុងរបស់យើងវិញ។
ខ្ញុំមិនខ្វល់ទេដែលគេឈប់មើល ឈប់សរសើរផ្ទៃមុខរបស់ខ្ញុំ
ខ្ញុំនៅតែញញឹមឱ្យគេសសើរស្នាមញញឹមរបស់ខ្ញុំ ខ្ញុំញញឹមស្រស់ ខ្ញុំរួសរាយ
ខ្ញុំមានទំនុកចិត្ត វាជាអ្វីដែលមិនសាបសូន្យ។
គ្មានអ្នកណាស្អាតរហូតទេ តែមនុស្សល្អ មនុស្សពូកែ
នឹងនៅតែល្អនិងពូកែរហូត ឱ្យតែមានទឹកចិត្តរឹងមាំ។
កុំតូចចិត្ត! កុំចុះចាញ់! កុំខ្មាស់អៀន! មិនស្អាតដូចមុន
ឬមិនធ្លាប់ស្អាតក៏មិនអីដែរ ព្រោះបេះដូងយើងមិនឱ្យតម្លៃទៅលើសម្រស់នៃសម្បកកាយ
បេះដូងយើងឱ្យតម្លៃទៅលើសម្រស់ផ្លូវចិត្ត កិត្តិយស និងភាពស្រស់ស្អាតនៃអារម្មណ៍ មិនស្អាតក៏អាចញញឹមបាន
មិនស្អាតក៏មិនខ្លាចក្នុងការឱ្យអ្នកឃើញមុខរបស់ខ្ញុំដែរ។
មុខមិនស្អាតមិនអាចត្រូវតែសំងំខ្លួនក្នុងភពងងឹតឡើយ
មុខមិនស្អាតក៏អាចបង្ហាញខ្លួនគ្រប់ទីកន្លែង មុខមិនស្អាតក៏មានកិត្តយស មុខមិនស្អាតក៏អាចជោគជ័យ
មុខមិនស្អាតតែចិត្តខ្ញុំស្អាត។
ខ្ញុំមិនខ្វល់ទេថាចិត្តអ្នកគិតយ៉ាងណា
តែខ្ញុំច្បាស់ណាស់ថាខ្ញុំរស់នៅក្នុងភាពស្អាតរហូតមក។
គិតល្អនិយាយល្អ
អាយុប៉ុណ្ណេះហើយខ្ញុំត្រូវត្រឡប់មករៀនសារជាថ្មី
រៀននិយាយ រៀនគិត!
ពាក្យសម្តីមុតណាស់ មុតជាងកាំបិត។ និយាយមិនបានគិតខ្ញុំអាចចាក់មនុស្សឱ្យស្លាប់ដោយអចេតនា
ឬបើខ្ញុំមានចេតនា ខ្ញុំអាចធ្វើឱ្យគេឈឺ គេខឹង គេស្អប់។ បេះដូងរបស់ខ្ញុំបរិសុទ្ធណាស់
ទោះខ្ញុំជាមនុស្សក្បាលរឹងចង់ឈ្នះ បេះដូងខ្ញុំប្រាប់ថាទោះខ្ញុំមិនចូលចិត្តគេ ឬខឹងគេ
ខ្ញុំមិនរំពឹងការស្អប់ ការធ្វើបាបពីអ្នកណាដែរ។ ដូច្នេះ ខ្ញុំត្រូវរៀននិយាយអ្វីដែលមិនប៉ះពាល់ដល់គេ
ដើម្បីជាសុខរបស់ខ្ញុំខ្លួនឯង។
រីឯកាគិតរវើរវាយ ការគិតដែលលធ្វើឱ្យចិត្តខ្ញុំឈឺ
ឱ្យខ្លួនឯងហត់ក្នុងការរស់នៅបន្ត ខ្ញុំដឹងថាវាមិនល្អសម្រាប់ជីវិតខ្ញុំទេ។
ធំហើយទើបដឹងថាក្នុងចិត្តខ្ញុំនេះមានគំនិតអវិជ្ជមានច្រើនណាស់។ ឃើញគេល្អលើសខ្ញុំ
ទោះមិនធ្វើអីគេក៏ខ្ញុំមានកូនចិត្តច្រណែន
ហើយពេលខ្លះទៅជាអាក្រក់លួចអរតិចៗបើគេបានធ្លាក់ចុះ។ ខ្ញុំអើយ អាក្រក់អីយ៉ាងនេះ?
ពេលខ្លះគិតមិនដែលឱ្យខ្លួនឯងត្រូវ ទោះពីមុនមកខំធ្វើរឿងល្អអ្វីខ្លះ
ខំសាងជោគជ័យអ្វីខ្លះក៏មិនដែលលើកទឹកចិត្តសរសើរខ្លួនឯងដែរ អត់ចេះធ្វើអីក្រៅពីយកខ្លួនឯងទៅប្រៀបនឹងមនុស្សដែលប្រសើជាងហើយតូចចិត្តអស់សង្ឃឹម
រស់យូរទៅកាន់តែរកសុភមង្គលលែងឃើញ។
ដឹងហើយថាការគិតអវិជ្ជមាន អត់មានផលអីក្រៅពីនាំភ្លើងឱ្យចិត្ត។
ពេលនេះដឹងហើយ បើចង់រស់សុខខ្ញុំត្រូវហាត់ពត់ចិត្តឱ្យគិតបែបវិជ្ជមាន
ចេះរៀនស្កប់ស្កល់ ចេះគិតតែអ្វីដែលល្អៗ។
គិតល្អនិយាយល្អ ខ្ញុំនឹងមិនក្រក្តីស្រលាញ់
គិតល្អនិយាយល្អ ខ្ញុំនឹងមិនក្រសុភមង្គល។