ប្រវត្តិពូកាហ្វេប្រៃ

ក្នុងជីវភាពជាកូនដែលមានឪពុកម្ដាយទំនុកបំរុងគ្រប់យ៉ាងតាំងពីតូច ខ្ញុំពិតជាមិននឿយហត់អ្វីនោះទេ។ មួយថ្ងៃៗឪពុកម្ដាយមិនឱ្យខ្ញុំធ្វើអ្វីនឿយហត់នោះទេ ខ្ញុំគិតតែពីរៀន គេង និងញ៉ាំ ឬអាចជួយកិច្ចការដាំស្លម៉ាក់ៗម្ដងម្កាលតែប៉ុណ្ណោះ។ មិត្តអ្នកអានអាចថាខ្ញុំជាកូនដែលឪពុកម្ដាយទំយើ តែខ្ញុំមានគោលការណ៍របស់ខ្ញុំច្បាស់ណាស់។ ខ្ញុំខិតខំរៀនសូត្រមិនឱ្យឪពុកម្ដាយខ្ញុំខកចិត្តឡើយ។ កាលខ្ញុំអាយុ១៨ឆ្នាំ ម៉ាក់សួរខ្ញុំ បំរុងទិញនាឡិកាអ៊ីណុកតម្លៃថ្លៃមួយមកឱ្យខ្ញុំ ប៉ុន្តែខ្ញុំបដិសេធមិនឱ្យម៉ាក់ទិញទេ ព្រោះវាមិនមែនជាចំណូលចិត្តរបស់ខ្ញុំនៅពេលនោះ ទោះបីថ្លៃប៉ុណ្ណាក៏វាគ្មានអីគួរឱ្យរសើបចិត្តខ្ញុំ ធ្វើឱ្យខ្ញុំចង់បានដែរ។ ប៉ុន្តែកុំសួរឥឡូវនេះ បើសិនជាសួរ ខ្ញុំនឹងឆ្លើយថាព្រមយកភ្លាមតែម្ដង ហិហិហិ ចាំកាលណាទៀត។ ណ្ហើយ! វាជារឿងតូចតាចទេ ភាពរំភើបរីករាយបំផុតនៅក្នុងជីវិតខ្ញុំ គឺចាប់ផ្ដើមឡើងនៅអាយុ១៩ឆ្នាំ ប៉ាខ្ញុំបានទិញឡានឱ្យខ្ញុំជិះ។ កាលនោះខ្ញុំមិនដែលនឹកស្រមៃ មិនដែលទទូចទាមទារប៉ាខ្ញុំសុំទិញឡានជិះទៅរៀនវិទ្យាល័យឡើយ។ ហេតុផលគ្រប់យ៉ាងគឺជាលទ្ធផលនៃការខិតខំប្រឹងរៀនរបស់ខ្ញុំដែលព្រមរាថយទាំងម៉ោងរដ្ឋនិងម៉ោងគួរពីព្រលឹមទល់ព្រលប់ ខ្ញុំស្ពាយកាតាបឡើងធ្ងន់ធ្លាក់ស្មារាល់ថ្ងៃ ដែលធ្វើឱ្យប៉ាម៉ាក់ទុកចិត្តនិងលើកទឹកចិត្តខ្ញុំជាប់ជានិច្ច។ ខ្ញុំរៀនគ្រប់មុខដល់ថ្នាក់មិត្តៗបង្អាប់ថាពូកែរៀនតែរៀនមិនពូកែ។ តែខ្ញុំមិនដែលខ្វល់ទេ ព្រោះខ្ញុំខំរៀនមិនមែនដើម្បីផ្គាប់ចិត្តនរណាឡើយ។ ចាក់ដោតទេ? ក្នុងវ័យ១៩ឆ្នាំដដែល ខ្ញុំបានក្លាយជាសិស្សម្នាក់ដែលល្បីឈ្មោះខាងតែងកំណាព្យ ក្រោមការបង្រៀននិងណែនាំពីលោកគ្រូ ឈា ឆាត។ វាជាឱកាសដំបូងដែលខ្ញុំអាចរកលុយបានមួយចំនួន ពីការតែងកំណាព្យឱ្យមិត្តរួមថ្នាក់របស់ខ្ញុំ។ មុននឹងឡើងមកភ្នំពេញខ្ញុំបានចងក្រងជាសៀវភៅកំណាព្យខ្លីមួយក្បាលទុកនៅបណ្ណាល័យវិទ្យាល័យហ៊ុនសែនស្នួល និងមួយក្បាលទៀតទើបនឹងផ្ញើម្ដាយមីងរបស់ខ្ញុំដាក់នៅវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីខ្ញុំអាយុ២០ឆ្នាំ។ នៅអាយុ១៩ឆ្នាំដដែល ខ្ញុំបានបង្កើតភាពក្លាហានឱ្យខ្លួនឯងដោយប្រឡងជាប់ជាសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ប្រចាំវិទ្យាល័យហ៊ុនសែនស្នួល។ ខ្ញុំបានចូលរួមប្រឡងប្រជែងជាសិស្សពូកែប្រចាំខេត្រក្រចេះ បើទោះបីមិនបានជាប់មែន តែខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះខ្ញុំហ៊ានទៅប្រឡងដល់ទីរួមខេត្តដោយបើកឡានទៅខ្លួនឯងយ៉ាងសង្ហា។ នៅចុងឆ្នាំទី២០នៃវដ្ដជីវិតរបស់ខ្ញុំ ខ្ញុំបានជាប់អាហារូបករណ៍បរិញ្ញាបត្រអក្សរសាស្ត្រខ្មែជំនាន់៣៤នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញនិងចំណាស់មួយនៅដែនកម្ពុជរដ្ឋ។ ខ្ញុំបានស្គាល់មិត្តម្នាក់ដំបូងគេ ឈ្មោះថា នាង ដា។ ដានិងខ្ញុំជិតស្និទ្ធនឹងគ្នាណាស់ ដោយដាជួយបង្រៀនមេរៀនគ្រប់មុខដល់ខ្ញុំ ហើយខ្ញុំជួយបង្រៀនភាសាអង់គ្លេសដល់ដាវិញ។ មិត្តអ្នកអានគិតថាមិនស្មើភាពគ្នាទេមែនទេ? ហាហា មិនស្មើភាពគ្នាទេ តែពួកយើងសាមគ្គីគ្នាបានល្អណាស់។ នៅក្នុងឆ្នាំជាមួយគ្នាខ្ញុំបានរៀនបរិញ្ញាបត្រនីតិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។ តែមិនមែនអាហារូបករណ៍ទេណា គឺបង់លុយពេញថ្លៃតែម្ដង។ អូ ប៊ិះភ្លេចប្រាប់ រៀនបរិញ្ញាបត្រពីរមិនគ្រប់គ្រាន់តាំងពីព្រលឹមទល់ព្រលប់យប់ម៉ោង៨ ខ្ញុំក៏ឆ្លៀតថ្ងៃសៅរ៍អាទិត្យលៃច្នៃរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរ។ នៅវ័យខ្ញុំប្រមាណជា២២ឆ្នាំដាបានចាកចេញពីខ្ញុំ។ កុំគិតអីផ្ដេសផ្ដាសណា គឺដាប្រឡងជាប់បានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងទេ។ ទោះជាកាយយើងឃ្លាតឆ្ងាយគ្នាយូរខែឆ្នាំ ក៏ពួកយើងតែងតែchatជាមួយគ្នាជាប្រចាំ។ នៅអាយុ២១ឆ្នាំដោយខ្ញុំបានសើរើសៀវភៅកំណាព្យចាស់និងតែងបន្ថែមចងក្រងជាសៀវភៅថ្មីក្រោមការបង្ហាត់បង្រៀននិងកែតម្រូវពីលោកគ្រូជ័យ ចាប។ ខ្ញុំក៏បានដាក់ឈ្មោះថាប៉ាកកានិស្សិត ដោយបានដាក់ជូនបណ្ណាល័យហ៊ុនសែនចំនួន២ច្បាប់។ នៅអាយុ២៣ឆ្នាំ ខ្ញុំបានចូលសម្ដែងរឿងភាគ បាន៤រឿងដែរគឺ រឿងឱ!កូនសម្លាញ់(ប៉ុស្តិ៍អាស៊ីអាគ្នេយ៍) រឿងឋានសួគ៌វណ្ណៈ(ប៉ុស្តិ៍លេខ៥) រឿងភក្ដីស្នេហ៍ទ្វេភព រឿងបំភ្លេចមិនបាន(ប៉ុស្តិ៍ភីអិនអិន)។ នៅចុងអាយុ២៥ខ្ញុំបានប្រឡងជាប់ជាសិស្សមន្ត្រីក្រមការជំនាន់ទី៨នៅសាលាភូមិន្ទរដ្ឋបាល។ នៅអាយុ២៦ខ្ញុំបានទទួលជ័យលាភីកំណាព្យជាប់ក្នុងកំណាព្យឆ្នើមទាំង១០ក្នុងការប្រកួតប្រជែងតែងនិពន្ធកំណាព្យខ្មែរក្រោមប្រធានបទ “គុណតម្លៃនៃបណ្ណាល័យ”។ រឿងដែលសប្បាយរីករាយមួយទៀតក្នុងវ័យ២៦គឺខ្ញុំបានភ្លក្សរសជាតិជិះយន្តហោះពីខេត្តសៀមមករាជធានីភ្នំពេញយ៉ាងរំភើបញាប់ញ័រ។ ហើយខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅក្នុងអាយុ២៦ឆ្នាំនេះដែរចុះ។

អរគុណអ្នកនិពន្ធ រតនា ដែលបាននាំអារម្មណ៍ខ្ញុំឱ្យលង់ធ្លាក់ ទៅក្នុងដែនដីអតីតកាល

រីករាយថ្ងៃកំណើតប្អូនប្រុស ស្រាប់តែបងស្រីផ្ញើអត្ថបទមួយឱ្យអាន ក្រោមរូបភាព “សុំវាចាអ្នកអាន” ។ ខ្ញុំនេះ វារវល់ពេកដល់ថ្នាក់មិនបានដឹងថា អត្ថបទប៉ុន្មានទំព័រនោះ វាមានអត្ថន័យធំធេងប៉ុនណា។  សុំទោសដែលខ្ញុំហូរទឹកភ្នែកទាំងញញឹម ខណៈកំពុងអានអត្ថបទមួយនេះ។ វារំភើប! ហើយក៏ ក្ដុកក្ដួល…!!

           ឆាកនិទានដែលថ្លែងសេចក្ដីពីអនុស្សាវរីយ៍ល្អៗ របស់អ្នកនិពន្ធម្នាក់ ក្រោមចំណងជើងថា “អនុស្សាវរីយ៍៣៤ឆ្នាំ”។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងលួចអានកំណត់ហេតុរបស់មិត្តភកិ្តខ្ញុំ។ តើក្នុងឆាកជីវិតរបស់គេ ធ្លាប់ជួបប្រទះនូវរឿងរ៉ាវល្អៗ និងអាក្រក់អ្វីខ្លះ? មានចំណុចដូច ឬស្រដៀងនឹងរឿងខ្ញុំដែរទេ?

       ខ្ញុំចាប់ផ្ដើមលេចចេញនូវស្នាមញញឹមដោយស្វ័យប្រវត្តិ ខណៈខ្ញុំអានបាន៣ទំព័រដំបូង។ នេះសបញ្ជាក់ឱ្យឃើញថា អ្វីដែលខ្ញុំធ្លាប់ស្រមៃ បានក្លាយជាការពិតហើយ។ និទានកថាដ៏ជក់ចិត្តមួយនេះ បានរុញច្រានឱ្យខ្ញុំ ធ្លាក់ចូលទៅក្នុងមន្តនិទានរូបារម្មណ៍របស់អ្នកនិពន្ធ បន្តិចម្ដងៗ រហូតទាល់តែខ្ញុំលែងចាប់អារម្មណ៍ជាមួយបរិស្ថានជុំវិញខ្លួនឯង ថាអ្នកណាកំពុងសម្លឹងមកខ្ញុំដែលញញឹមម្នាក់ឯងបែបនេះខ្លះ។ ខ្ញុំធ្លាក់ចូលទៅក្នុងដែនអតីតកាលរបស់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ តាមមើលដំណើរជីវិតដ៏រីករាយ និងពោរពេញដោយភាពផ្សងព្រេងរបស់នាង រហូតខ្ញុំត្រូវមកភ្ញាក់ខ្លួនវិញត្រង់ឃ្លាដែលនិយាយថា…អ្វីដែលគួរធ្វើ គឺរក្សាការចងចាំល្អៗ

           បេះដូងខ្ញុំលោតបោកនឹងទ្រូងក្ដុងក្ដាំង អារម្មណ៍រំភើបមួយនោះស្រាប់តែរត់មកត្របាញ់ចូលខួរក្បាល ខណៈខ្ញុំប្រទះឃើញឈ្មោះរបស់ខ្ញុំ នៅលើកំណត់ហេតុរបស់អ្នកផ្សេង។ នេះហើយ ជាអារម្មណ៍ដែលខ្ញុំរំពឹងថា នឹងទទួលនៅថ្ងៃណាមួយ។ ពេលនេះខ្ញុំរកឃើញហើយ! ខ្ញុំទទួលបានហើយ! គឺទទួលបានពីបងស្រីម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ឈ្មោះរបស់គាត់ តាមកូនសៀវភៅពណ៌ផ្ទៃមេឃមួយក្បាលនោះ តែខ្ញុំនិងគាត់ ហាក់បានផ្ដល់ការគោរព និងស្រឡាញ់រាប់អានរវាងគ្នា ដោយគ្មានក្ដីសៅហ្មងបន្តិចណាសោះ។

           អរគុណអ្នកនិពន្ធ រតនា ដែលបាននាំអារម្មណ៍ខ្ញុំឱ្យលង់ធ្លាក់ ទៅក្នុងដែនដីអតីតកាល កាលពីជាង៣០ឆ្នាំមុន ហើយធ្វើដំណើរផ្សងព្រេង ជាមួយឆាកជីវិតដ៏ស្រស់បំព្រង និងការចងចាំល្អៗរបស់បងស្រី។ ខ្ញុំពិតជារំភើបចំពោះកូនសៀវភៅមួយនេះណាស់។ លើសពីកំណត់ហេតុ និងការចងចាំ វាបានឆ្លុះបញ្ចាំងពីអត្ថន័យ នៃគ្រួសារដ៏កក់ក្ដៅមួយ និងការកំណត់បែបផែនជីវិតរបស់ក្មេងស្រីម្នាក់នោះ។ កូនសៀវភៅនេះ ក៏នឹងក្លាយជាការចងចាំដ៏ល្អរបស់ខ្ញុំនៅពេលនេះហើយ។

អរគុណសម្រាប់ការផ្ដល់ ឱកាស បានអានសៀវភៅមួយនេះមុនគេ។

ដោយអ្នកនិពន្ធ ធឿនវុទ្ធី