ខ្ញុំនៅចាំបានកាលនៅវ័យ១៤ ១៥ ឆ្នាំខ្ញុំនៅមិនទាន់ចាំថ្ងៃកំណើតរបស់ខ្លួនឯងនោះទេ
ឱ្យតែដល់ថ្ងៃកំណើតខ្ញុំចេះតែភ្លេច
ហើយក៏គ្មានមិត្តភ័ក្កណាចាំថ្ងៃកំណើតរបស់ខ្ញុំដែរ។
ខ្ញុំមិនធ្លាប់សូម្បីតែទទួលបានពាក្យជូនពរ ក្នុងថ្ងៃកំណើត។ វ័យ១៦ ១៧ឆ្នាំ
ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ស្វែងរកអារម្មណ៍ពិសេសក្នុងថ្ងៃកំណើត ខ្ញុំតែងព្យាយាមចាំ
និងទន្ទឹងថ្ងៃកំណើតរបស់ខ្លួនឯង។ កាលនោះខ្ញុំមិនចាប់អារម្មណ៍ថាមានអ្នកណាខ្លះ
នឹងចងចាំថ្ងៃកំណើត ឬផ្ញើសារជូនពរអ្វីទេ ខ្ញុំសូមត្រឹមតែបាននិយាយពាក្យ Happy Birthday To Me រៀងរាល់ព្រឹកថ្ងៃកំណើត។
នៅពេលដែលខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ថ្ងៃកំណើតរបស់ខ្លួនឯង
មិត្តភ័ក្ករបស់ខ្ញុំក៏ចេះចាប់អារម្មណ៍ពីវាដូចគ្នា ខ្ញុំទទួលបានសារជូនពរ
និងការទូរស័ព្ទជូនពរពីមិត្តខ្លះៗ។ របស់ដែលយើងមិនរំពឹង
វាធ្វើឱ្យខ្ញុំមានក្តីសុខនឹងការទទួលយកណាស់ វាមិនធំដុំសោះបើគ្រាន់តែពាក្យជូនពរពីរបីម៉ាត់
តែវាបានបង្ហាញថាខ្ញុំសំខាន់នៅក្នុងចិត្តរបស់ពួកគេ។
សម័យកាលគ្មានប្រព័ន្ធបច្ចេកវិទ្យាដាស់តឿន
តើមានមនុស្សប៉ុន្មាននាក់អាចចាំថ្ងៃកំណើតរបស់អ្នក អាចទូរស័ព្ទ ឬផ្ញើសារជូនពរបាននោះ?
មិនសូវមានទេ! មានត្រឹមពីរបីនាក់ ខ្ញុំក៏ចាត់ថាខ្លួនឯងសំណាងណាស់។
អាយុ២១ឆ្នាំ ខ្ញុំចាប់ផ្តើមស្រលាញ់ថ្ងៃកំណើតកាត់ថែខ្លាំង
ខ្ញុំចង់ជួបជុំសប្បាយរាល់ថ្ងៃមួយនោះ។ ប្រាក់ខែបន្តិចបន្តួច
ខ្ញុំត្រូវរំលែកមកធ្វើកម្មវិធីតូចមួយសម្រាប់ខ្លួនឯង
ខ្ញុំតែងអញ្ជើញមិត្តភ័ក្តរបស់ខ្ញុំគ្រប់ក្រុមមកជួបជុំគ្នា ញ៉ាំអីជុំគ្នា។
ចិត្តខ្ញុំកាលនោះ ខ្ញុំមិនចាប់អារម្មណ៍សោះ ថាគេមកជាមួយអំណោយឬអត់
ការចំណាយពិធីតូចមួយនោះត្រូវឱ្យខ្ញុំញ៉ាំសៀងយូរប៉ុណ្ណា ហិហិ.. តែមិត្តភ័ក្កមានទឹកចិត្តមិនដូចគ្នានោះទេ
មិត្តច្រើន បែបផែននៃក្តីស្រលាញ់ក៏ច្រើន។ មិត្តភ័ក្កខ្លះមកជាមួយនឹងអំណោយធំៗ
និងខ្លះមកជាមួយអំណោយតិចតួច ខ្លះក៏មិនមានអីក្រៅពីពាក្យជូនពរ។ ថ្ងៃកំណើតគម្រប់អាយុ២៤
ឆ្នាំទើបខ្ញុំមានឱកាសទទួលបានការរៀបចំពិធីដោយសមរម្យ ដែលមានទាំងនំខួបកំណើតផង។
ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ថា
អារម្មណ៍ដែលគេរៀបចំគ្រប់យ៉ាងឱ្យបែបនោះគឺវាកក់ក្តៅណាស់
ខ្ញុំឈ្លក់វង្វេងអារម្មណ៍ដែលទទួលបានក្តីស្រលាញ់ ហើយចេះតែលោភលន់ចង់បានវារាល់ឆ្នាំ។
ម្តងម្កាលខ្ញុំក៏គិតទៅដល់ភាពខ្ជះខ្ជាយ ម្តងម្កាលខ្ញុំគិតទៅដល់ភាពរំខាន។
ខ្ញុំមិនអស្ចារ្យទេ! ហេតុអីថ្ងៃកំណើតរាល់ឆ្នាំត្រូវរំខានមនុស្ស
មិនចេះតិចនាក់មកជួបជុំគ្នា ដើម្បីខ្លួនឯងបានក្លាយជាតួឯក? ខ្ញុំមិនអស្ចារ្យទេ!
ហេតុអ្វីត្រូវចំណាយលុយច្រើនម្ល៉េះមកចំណាយលើកម្មវិធីមួយនេះ?
ថ្ងៃកំណើត២៦ឆ្នាំជាលើកចុងក្រោយដែលខ្ញុំបង្កើតបរិយាកាសជួបជុំមិត្តភ័ក្កគ្រប់ក្រុម
គ្រប់បក្សដែលខ្ញុំមាន។
ខ្ញុំគិតថាថ្ងៃកំណើតជាថ្ងៃសំខាន់ ជាថ្ងៃពិសេស
ខ្ញុំក៏មិនចង់ចំណាយពេលវេលាជាមួយមនុស្សដែលស្រលាញ់ខ្ញុំសើរៗដែរ។
ខ្ញុំលែងធ្វើកម្មវិធីអ្វីទាំងអស់ ខ្ញុំទៅជារង់ចាំទទួលការស្រលាញ់ទៅវិញ
ខ្ញុំចង់ដឹងថា បើគ្មានការស៊ីចុកហ្រ្វីៗ
តើមានមនុស្សប៉ុន្មាននាក់នឹងនឹកដល់ខ្ញុំក្នុងថ្ងៃមួយនេះ? តើខ្ញុំនឹងទទួលបានសារជូនពរ
និងអំណោយពីមនុស្សប៉ុន្មាននាក់?
ឆ្នាំទីមួយនោះ ខ្ញុំទទួលបានសារជូនពរដដែល តែអំណោយតិចជាងរាល់ដង តែខ្ញុំទទួលបានពាក្យតូចចិត្ត
និងឌឺដងច្រើនទៅវិញ។ មិត្តរបស់ខ្ញុំដែលរង់ចាំឱ្យខ្ញុំហៅគេញ៉ាំជួបជុំ
អន់ចិត្តដែលគេគ្មានវត្តមានរបស់គេក្នុងកម្មវិធីតូចមួយរបស់ខ្ញុំ
តែកម្មវិធីមួយនោះមិនមែនជាការរៀបចំរបស់ខ្ញុំ
តែមនុស្សមួយក្រុមផ្សេងដែលស្រលាញ់ខ្ញុំទៅវិញ។
ពីរបីឆ្នាំបន្ទាប់ ខ្ញុំចាប់ផ្តើមធុញទ្រាន់នឹងទទួលការរៀបចំថ្ងៃកំណើត
ខ្ញុំមិនអាចស្វែងរកអារម្មណ៍ពិសេសសម្រាប់ថ្ងៃពិសេសមួយនោះបាន
ខ្ញុំគិតថាកន្លងមកខ្ញុំរំលងមនុស្សដែលស្រលាញ់ខ្ញុំពិតប្រាកដ។
ខ្ញុំត្រឡបមកចាប់អារម្មណ៍ម៉ាក់ ប៉ា និងគ្រួសាររបស់ខ្ញុំវិញ។
គ្រួសារយើងមិនចាប់អារម្មណ៍ថ្ងៃកំណើតអីទេ ដូច្នេះពីដើមឡើយពួកគាត់មិនខ្វល់ខ្វាយរៀបចំពិធី
ឬអន់ចិត្តដែលខ្ញុំទៅជប់លាងខាងក្រៅ
តែឆ្នាំមួយនោះទើបខ្ញុំចាប់អារម្មណ៍ថាគ្រួសារសំខាន់។ ថ្ងៃកំណើតមិនគួរជាថ្ងៃបារម្ភ
ខ្ញុំមិនគួរដើរលេងដល់យប់ជ្រៅ ខ្ញុំគួរមានកម្មវិធីជាមួយមនុស្សដែលខំហត់ ខំពិបាកដើម្បីបង្កើតខ្ញុំឱ្យមានរូបរាងក្នុងថ្ងៃនេះ។
ថ្ងៃកំណើតរាល់ឆ្នាំ ខ្ញុំត្រូវបានគេទម្រើសឱ្យមានភាពលោភលន់
ខ្ញុំតែងរាប់ថាតើខ្ញុំបានទទួលនំខេកប៉ុន្មាន ពីហាងណាខ្លះ រូបរាងស្អាតដូចម្តេចខ្លះ
អំណោយអ្វីខ្លះ និងការរៀបចំឱ្យមានបែបផែនយ៉ាងណាខ្លះ។
ថ្ងៃមួយនោះ ខ្ញុំស្រាប់តែចាប់អារម្មណ៍ថាការរាប់នំខេករបស់ខ្ញុំនេះគឺវាហួសហេតុណាស់សម្រាប់អ្នកដែលមិនធ្លាប់ទទួលនំខេកសោះ។
ខ្ញុំជឿថាមានមនុស្សខ្លះ មិនធ្លាប់ទទួលបាននំខេកថ្ងៃកំណើតសោះក្នុងជីវិត
អ្នកខ្លះទៀតមិនសូម្បីតែបានប្រារព្ធថ្ងៃកំណើត។
គម្រប់អាយុ៣១ឆ្នាំខ្ញុំលែងចាប់អារម្មណ៍រាប់នំខេក
និងទទួលអំណោយហូរហៀរនោះទៀតហើយ ខ្ញុំចង់ផ្តល់ឱ្យវិញម្តង។
ជាលើកទីមួយដែលខ្ញុំផ្តល់អនុស្សាវរីយ៍ដ៏មានន័យបំផុតមួយដល់ខ្លួនឯង
ជាការចងចាំប្រចាំជីវិត។ ថ្ងៃកំណើតមួយនោះ បានប្រារព្ធជាមួយក្មេងៗកំព្រា
និងក្រីក្រនៅក្នុងសមាគមន៍មួយ។ ពួកយើងបានភ្លុំទៀនខួបកំណើតជាមួយគ្នា ពួកគេប្រាប់ថានេះជាលើកទី១ដែលគេបានទទួលការធ្វើជប់លៀងថ្ងៃកំណើត
និងបានទទួលការដូរថ្ងៃកំណើត វាក៏ជាលើកទី១ដែលរបស់ខ្ញុំ
ដែលខ្ញុំទទួលបានស្នាមញញឹមដែលមិនបង្កប់ភាពស្រពោនក្នុងថ្ងៃកំណើត។ ត្រឹមថ្ងៃនោះ
ខ្ញុំប្រាប់ខ្លួនឯងថា ភាពរីករាយបំផុតមិនមែនព្រោះតែទទួលបានទេ គឺព្រោះតែការបានឱ្យ!
អនុស្សាវរីយ៍ជាច្រើនបានកើតឡើងក្នុងថ្ងៃកំណើត រឿងសប្បាយចិត្ត
និងមិនសប្បាយចិត្តជាច្រើនបានកើតឡើងដូចគ្នា។ មនុស្សយើងសប្បាយចិត្តតែពេលណាសមបំណងទេ
បើមិនសមបំណងក៏រកស្នាមញញឹមបរិសុទ្ធមិនឃើញ។ អាយុកានត់តែច្រើន
ខ្ញុំកាន់តែធុញថប់ក្នុងការប្រារព្ធពិធីថ្ងៃកំណើត។ ពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងមិនដឹងជាចាំថ្ងៃនេះធ្វើអីទេ!
វាជាថ្ងៃរំឭកថាខ្ញុំបានចាស់មួយឆ្នាំទៀតហើយ
ជាថ្ងៃដែលខ្ញុំត្រូវរាយការរបាយការណ៍ជីវិតឱ្យខ្លួនឯង បន្ទោសខ្លួនឯង
និងដាក់សម្ពាធឱ្យខ្លួនឯងជាបន្តបន្ទាប់។ មួយឆ្នាំហើយ មួយឆ្នាំទៀត របស់ដែលចង់បាន
បើបានហើយគ្រាន់តែអរគុណខ្លួនឯងដែលធ្វើបាន បើមិនទាន់បានគឺត្រូវធ្វើជាថ្នាក់លើបន្ទោស
ដាក់កំហុស និងតឿនខ្លួនឯងឱ្យរត់ទៅរកវាឱ្យបានមក។ ថ្ងៃកំណើតយូរៗទៅ កាន់តែលែងមានន័យទៅ
បើទោះខ្ញុំនៅតែខំរកនឹកធ្វើរឿងល្អៗឱ្យបានជាការចងចាំល្អប្រចាំឆ្នាំ
តែខ្ញុំនៅតែធុញទ្រាន់ពេលដល់ថ្ងៃនេះម្តងៗ។
ថ្ងៃកំណើតឆ្នាំនេះវ័យ៣៤ឆ្នាំ ខ្ញុំគ្មានសូម្បីតែអារម្មណ៍និយាយពាក្យ Happy Birthday To Me ឱ្យខ្លួនឯង។ គ្មានសូម្បីតែអារម្មណ៍ទៅទិញកាដូជូនខ្លួនឯង។
ខ្ញុំសួរឆ្លើយខ្លួនឯងជាច្រើនថ្ងៃ តើខ្ញុំស្រលាញ់អី? ខ្ញុំចង់បានអី?
ចម្លើយគឺភាពស្ងៀមស្ងាត់!
មកដល់ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀនពេលនិយាយថាវាជាថ្ងៃកំណើតទៅវិញ!
ខ្ញុំស្រាប់តែចង់រត់គេចពីមនុស្សទាំងឡាយ មិនចង់បានអ្វី មិនចង់ទាមទារអ្វី!
ថ្ងៃកំណើត! សូមត្រឹមតែជាថ្ងៃធម្មតា សាមញ្ញដូចរាល់ថ្ងៃទៅបានហើយ!
ថ្ងៃកំណើតមិនមានអ្វីអស្ចារ្យនោះទេ!
ខ្ញុំមិនស្អប់ មិនស្រលាញ់អ្នកណា
ព្រោះតែសកម្មភាពរបស់គេក្នុងថ្ងៃកំណើតរបស់ខ្ញុំនោះទេ
តែខ្ញុំនឹងចងចាំមនុស្សដែលស្វាគមន៍វត្តមានរបស់ខ្ញុំក្នុងផែនដីនេះ។ ក្តីស្រលាញ់
ដោយទឹកចិត្ត និងទឹកមាត់គឺខ្ញុំអាចទទួលដឹងតាមអារម្មណ៍បាន មានឬគ្មានអំណោយ មានឬគ្មានការជូនពរកុំបារម្ភអី!
បេះដូងរបស់ខ្ញុំវាបានប្រាប់ខ្ញុំហើយថាទង្វើរបែបណាជាក្តីស្រលាញ់ និងកិច្ចបង្គ្រប់។
ថ្ងៃកំណើតគម្រប់វ័យ៣៤ឆ្នាំ ខ្ញុំសូមអរគុណដល់មិត្ត និងមនុស្សដែលធ្លាប់ និងកំពុងស្រលាញ់ទាំងអស់ ដែលផ្តល់ការចងចាំ និងអនុស្សាវរីយ៍កន្លងមក។ វត្តមានរបស់អ្នក ជាអនុស្សាវីយ៍ក្នុងជីវិតខ្ញុំ។ អរគុណដែលតែងតែផ្តល់ការចងចាំក្នុងថ្ងៃកំណើត!