#លួចស្រលាញ់
ខ្ញុំឈ្មោះដូរិន ឆ្នាំនេះខ្ញុំមានអាយុ15ឆ្នាំហើយ។ ខ្ញុំជាសិស្សថ្នាក់ទី10នៃវិទ្យាល័យទួលទំពូង។ ថ្ងៃនេះជាថ្ងៃចូលបវេស្សមកាលឆ្នាំថ្មី សិស្សានុសិស្សទាំងអស់គ្នាម្នាក់ៗសុទ្ធតែមានសម្លៀកបំពាក់ និងសម្ភារៈសិក្សាថ្មីៗយកមកបង្អួតគ្នា។ ខ្ញុំឃើញគេគ្រប់គ្នាដូចជារីករាយនឹងថ្ងៃចូលរៀនដំបូងណាស់ តែខ្ញុំគ្មានអារម្មណ៍អីពិសេសសោះ សិស្សមួយបន្ទប់ខ្ញុំដូចគ្មានស្គាល់អ្នកណាម្នាក់សោះ។
ស្នូរជួងបន្លឺ មានន័យថាដល់ម៉ោងចូលរៀន។ សិស្សគ្រប់គ្នាចាប់តុអង្គុយជុំជាមួយមិត្តភ័ក្តរៀងៗខ្លួន ឯខ្ញុំវិញមិនខ្វល់ទេថាអង្គុយក្បែរអ្នកណា
សំខាន់ខ្ញុំមិនអង្គុយមុខគេទេ ព្រោះដូចជាអៀនពេក
តែខ្ញុំក៏មិនអង្គុយក្រោយពេកដែរ ព្រោះខ្ញុំខ្លាចមើលមិនឃើញអក្សរលើក្តារខៀន ខ្ញុំអង្គុយតុទី4នេះឯង។ ថ្ងៃនេះម៉ោងលោកគ្រូខ្មែរមុនគេ ខ្ញុំមិនដឹងថាប៉ះគ្រូណាទេ បើគ្រូកាចតែពូកែពន្យល់មិនអីទេ គ្រូខ្លះកាចហើយមិនចេះពន្យល់ទៀតមុខតែរៀនមិនចេះទេ។ អីយ៉ាលោកគ្រូមកហើយអ៊ុតបន្តិចសិនគាត់កាចឬអត់?
លោកគ្រូដើរដល់តុគាត់ដាក់កាបូបចុះ
ហើយគាត់ដើរមកឈរនៅមុខតុទីមួយដើម្បីណែនាំខ្លួនគាត់៖
សួរស្តីប្អូនៗ! មានអារម្មណ៍យ៉ាងណាដែរថ្ងៃចូលរៀនទីមួយ? ប្រហែលសប្បាយចិត្តហើយបានជួបមិត្តភ័ក្តវិញនិងមានរបស់ថ្មីៗយកមកបង្អួតគ្នាផង ប្អូនៗត្រូវដឹងថារបស់ដែលប្អូនសម្ងែងបង្អួតគ្នានេះ
សុទ្ធតែឪពុកម្តាយយកញើសឈាមទៅប្តូរ ដើម្បីលើកទឹកចិត្តឱ្យប្អូនខំរៀន មិនមែនឱ្យភ្លើតភ្លើននោះទេ។
(លោកគ្រូខ្មែរ)
លោកគ្រូនេះថ្ងៃទីមួយសោះនិយាយប៉ុន្នឹងហើយ
ខ្ញុំស្មានតែគាត់មកឈរណែនាំខ្លួន ដឹងអីគាត់មកឈរទេសនាទៅវិញ។ សិស្សគ្រប់គ្នាចាប់ផ្តើមធ្វើមុខធុញ ខ្ញុំក៏មិនខុសពីពួកគេដែរ ហ៊ើយ! ត្រូវប្រើពេលមួយឆ្នាំអង្គុយស្តាប់គាត់រៀបរាប់ហើយ មិនដឹងថានឹងរស់យ៉ាងម៉េចទេខ្ញុំ?
លោកគ្រូខ្មែរនៅតែបន្តទេសនាមិនខ្ចីខ្វល់ពីមុខធុញរបស់ពួកខ្ញុំឡើយ។
ស្រាប់តែលោកគ្រូវិន័យមកដល់ សិស្សទាំងអស់គ្នាចាប់ផ្តើមរួញខ្លួនបន្តិចពិសេសពួកអ្នកចូលចិត្តមូលដៃអាវ ថ្ងៃនេះខ្ញុំស្អាតមួយកំប្លេ អត់ខ្លាចលោកគ្រូវិន័យទេ។ អីយ៉ា! គាត់នាំអ្នកណាមកហ្នឹង?
-ជំរាបសួរលោកគ្រូ ខ្ញុំសូមផ្ញើរសិស្សថ្មីម្នាក់ផង ទើបតែប្តូរពីសាលាផ្សេងមក (លោកគ្រូវិន័យ)
-បាទ! ជម្រាបសួរលោកគ្រូ។
មិនអីទេ! ទុកឱ្យនាងនៅនឹងខ្ញុំចុះ (លោកគ្រូខ្មែរ )
លោកគ្រូវិន័យទៅបាត់
នៅសល់ស្រីតូចម្នាក់ឈរក្បែរលោកគ្រូខ្មែរធ្វើមុខស្លេកៗ មើល
មកសិស្សក្នុងថ្នាក់។ អស់តុមុខអង្គុយហើយនាងតូចអើយ! ប្រធានថ្នាក់ខ្ញុំដើរទៅទទួលនាងឱ្យចូលអង្គុយនៅតុទី៦ជំហៀងខាងស្រីៗ។ ហាសហា៎! តូចជាងគេផងទៅអង្គុយនៅក្រោយគេទៀត
ខ្សែរលោកគ្រូវិន័យផង។
វត្តមានរបស់សិស្សថ្មីម្នាក់នេះធ្វើឱ្យសិស្សទាំងអស់គ្នាចាប់អារម្មណ៍ខ្លាំង
ព្រោះនាងមានរបៀបតុបតែងខ្លួនបែបប្លែកៗពីគេឯងយ៉ាងម៉េចមិនដឹងទែ តែនាងក៏មិនបានធ្វើខ្លួនខុសវិន័យសាលាដែរ។
យី! មើលទៅនាងតូចនេះញញឹមស្រស់មែន ទើបតែចូលថ្ងៃទីមួយសោះពព្រាយដាក់គេគ្រប់គ្នាតែម្តង។ ជិតផុតម៉ោងរៀនប្រធានថ្នាក់ស្រង់អវត្តមាន គាត់ហៅឈ្មោះអ្នកគ្រប់គ្នាដើម្បីចំណាំមុខផង។ អីយ៉ា! នាងតូចនោះឈ្មោះពិរោះគ្រាន់ នាងឈ្មោះឡាលីន ប្រែពីភាសាបារាំងមកថាព្រះច័ន្ទ។
ធ្មេចៗចូលរៀនបានមួយអាទិត្យហើយ
ខ្ញុំដូចជាចាប់អារម្មណ៍មើលនាងតូចនោះជាងមើលមេរៀនទៅទៀត។ កាលចូលរៀនថ្ងៃទីមួយឃើញធ្វើមុខស្លេកៗសោះ ឥឡូវខ្ញុំឃើញនាងទៅណាមកណាតែងមានគ្នីគ្នារហូត ដូចជាគ្រាន់បើជាងខ្ញុំឆ្ងាយណាស់។ អីយ៉ាៗ! ហ៊ានដូរតុចិត្តឯងទៀត ថ្ងៃនេះម៉ោងគ្រូភូមិវិទ្យាផង គ្រូកាចផងនាងតូចនេះហ៊ានមែន តែឱ្យនាងទៅអង្គុយនៅតុមុខអីចឹងក៏សមដែរ បើនាងខ្លួនតូចតែមួយ។
ជួងចូលរៀនបន្លឺឡើង សិស្សគ្រប់គ្នារត់ចូលតុអង្គុយរៀងខ្លួន
មួនសន្ទុះលោកគ្រូភូមិវិទ្យាចូលមក។ សិស្សទាំងអស់គ្នាក្រោកឈរទទួលលោកគ្រូ
មើលចុះ! តុទី២ខាងស្រីៗមានអ្នកអង្គុយដល់ទៅ៥នាក់ លោកគ្រូឈរមើលមុខនាង ហើយគ្មានឱ្យអ្នកណាអង្គុយសោះដោយសារតែនាងតូចហ្នឹងហើយ!
ឡាលីន! ម៉េចឯងអង្គុយខុសតុអញ្ង្ចឹង? (លោកគ្រូ)
ចាស៎លោកគ្រូ! នាងខ្ញុំចង់អង្គុយតុមុខវិញ ព្រោះនៅក្រោយបាំងខ្នងគេមើលក្តារខៀនមិនឃើញទេ
(ឡាលីន)
ចុះអង្គុយ៥នាក់អីចឹងសរសេរមេរៀនមិនទើសដៃគ្នាទេ? (លោកគ្រូ)
សិស្សស្រីៗតុទី២ឆ្លើយស្រុះគ្នា៖ អត់អីទេ លោកគ្រូ។
លោកគ្រូសើចហើយក៏ឱ្យសិស្សទាំងអស់អង្គុយ។ យី! នាងតូចនេះឡូយគ្រាន់ មួយអាទិត្យសោះមានបក្ស មានពួកកាងគ្នាមិនធម្មតា។ ខ្ញុំជាសិស្សចាស់៤ឆ្នាំទាំងឆ្នាំនេះហើយមិនទាន់រកបានពួកម៉ាកឯណាមួយគ្រាប់ផង នាងតូចនេះដើរត្រូវជាមួយគេគ្រប់គ្នា។ តាមពិតទៅឡាលីនមិនជាស្អាតអីលើសគេឯណាទេ តែនៅក្នុងថ្នាក់រៀននាងដូចជាផ្កាមួយទង ជាទីចាប់អារម្មណ៍សិស្សប្រុសៗក្នុងថ្នាក់
តែខ្ញុំមិនឃើញនាងមិនស្និទ្ធស្នាលជាមួយមិត្តភ័ក្តប្រុសណាម្នាក់ឡើយ ក្រៅពីប្រធានថ្នាក់របស់ពួកយើង
ព្រោះប្រធានថ្នាក់គាត់ចុះសម្រុងជាមួយសិស្សគ្រប់គ្នាមិនថាសិស្សខូចឬសិស្សមករៀន
សិស្សស្រីឬសិស្សប្រុស។
ធ្មេចបើកៗ យើងរៀនបានកន្លះឆ្នាំទៅហើយថ្ងៃនេះប្រលងប្រចាំខែមុខវិទ្យារូបផង ខ្ញុំគ្មានចេះអីទេ មករៀនយឺតទៀត។ កំពុងតែរត់ឡើងកាំជណ្តើរឃើញប្រធានថ្នាក់ដើរមួយក្រុមចុះក្រោម៖
ខ្ញុំ: ហ្អាក! ប្រធានគ្រូអត់ប្រលងទេ?
ប្រធាន: ថ្ងៃនេះគ្រូរវល់គាត់ចាំប្រលងថ្ងៃផ្សេង
ធូរចិត្តបន្តិចលែងរត់ ខ្ញុំដើរតាមធម្មតាទៅជិតដល់មាត់បង្អួតបន្ទប់រៀនឮសម្លេងឡាលីនស្រែកខ្លាំងគ្មានខ្លាចចិត្តថ្នាក់គេរៀនក្បែរនេះសោះ ទំនងដូចជាខឹងខ្លាំងខ្ញុំឈរលួចមើលពីក្រៅ ឃើញនាងឈរស្តីឱ្យសិស្សប្រុសៗបួនប្រាំនាក់ ហើយចង្អុរមុខសិស្សប្រុសម្នាក់ដោយទឹកមុខមាំ
ឡាលីន: ឯង!ថ្ងៃក្រោយកុំព្រហើនហ៊ានដើរជាន់តុយើងទៀត! ប្រាប់មិត្តគ្រប់គ្នាកុំហ៊ានជាមួយយើង យើងគ្មានថ្ងៃចាញ់អ្នកណាទេ! ហើយនេះជាការប្រមាន
(និយាយចប់នាងគប់សៀវភៅមួយក្បាលចេញតាមមាត់បង្អួតម្ខាងទៀត។ )
សិស្សប្រុសនោះ: អានេះសៀវភៅអញ!!
មិត្តភ័ក្តគេ: ចុះហ្អែងមិនទៅរើស!!
ថាហើយពីរនាក់នោះរត់ទៅរើសសៀវភៅនៅសល់បីនាក់ទៀតអង្គុយលើតុមើលមុខកាចរបស់ឡាលីន តែម្នាក់នោះសែនឌឺគឺគេប្រើភ្នែកមិនញញើតមុខខឹងរបស់ឡាលីនសោះថែមទាំងសើចឌឺដាក់ឡាលីនទៀត។ តាមពិតម្នាក់មុខឌឺនោះគឺកូនអ្នកមានជាងគេក្នុងបន្ទប់រៀននេះ ហើយបួននាក់ទៀតនោះជាបរិវារគេ។ នេះជាលើកទីមួយហើយដែរខ្ញុំឃើញឡាលីនកាចបែបនេះ។ ពីដើមមកខ្ញុំស្មានតែឡាលីនគ្រាន់តែជាក្មេងស្រីរស់រាយសម្បូរមិត្តភ័ក្ត តាមពិតនាងកាចដល់ថ្នាក់នេះសោះ។
ភាពកាចមិនខ្លាចគេរបស់នាងថ្ងៃនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍ចង់ដឹងពីនាងបន្ថែមទៀត តែមិនដឹងទៅសួរអ្នកណាទេ មិនស្រួលគេថាខ្ញុំស្រលាញ់ឡាលីន នាងចិញ្ច្រាំខ្ញុំហើយណាមួយខ្ញុំគ្មានមិត្តភ័ក្តណាមួយសោះ សូម្បីតែឈ្មោះអ្នករៀនជាមួយស្គាល់មិនលើសប្រាំអ្នកផង សួរអ្នកណាអញ្ចេះ? អ៎!ប្រធានថ្នាក់។ គិតមួយអាទិត្យទំរាំតែដាច់ចិត្តទៅសួរប្រធានថ្នាក់ ចាំម៉ោងចេញលេងរកលេះប៉ាវទឹកអំពៅគាត់សិន។
ខ្ញុំ: ប្រធាន! តោះទៅញាំទឹកអំពៅជាមួយខ្ញុំ
ប្រធានបើកភ្នែកធំៗចម្លែក : យីដូរិនចង់ប៉ាវទឹកអំពៅខ្ញុំ? ចង់សុំច្បាប់រឺចង់សុំអវត្តមានម៉ោងក្រោយ?
ខ្ញុំ: អត់ទេមានរឿងចង់សួរ ម៉ោះៗ!
ប្រធានរៀងប្លែកបន្តិចពីព្រោះខ្ញុំមិនមែនជាមនុស្សមានទំនាក់ទំនងជាមួយអ្នកណា តែងតែម្នាក់ឯងម៉ង់ៗ។ ដល់កន្លែងញាំទឹកអំពៅប្រធានហៅទឹកអំពៅពីរកែវ ហើយនិយាយមកខ្ញុំ។
ប្រធាន : ម៉ោះ! សួរអីសួរម៉ោ គេប៉ាវប៉ុន្នេះហើយសួរអីក៏ឆ្លើយដែរ
ខ្ញុំ: ប្រធាន! ថ្ងៃមុនខ្ញុំឃើញឡាលីនកាចណាស់ ហ៊ានយកសៀវភៅគេគប់ចោល
ប្រធាន: គប់សៀវភៅអ្នកណា?
ខ្ញុំ: ក្រុមកូនអ្នកមានបួនប្រាំអ្នកហ្នឹង
ប្រធាន: បើពួកហ្នឹងមិនធ្វើអីគេ ក៏ឡាលីនមិនកាចដាក់ដែរ (ប្រធានឆ្លើយឡើងហី)
ខ្ញុំ: ឮថាមកពីពួកហ្នឹងជាន់តុនាង
ប្រធាន: ពួកហ្នឹងឈ្លោះគ្នាដូចឆ្មានិងកណ្តុរ ចង់ដឹងសាច់រឿងច្បាស់ ត្រូវមករៀនមុនម៉ោងបន្តិច និងចេញទៅផ្ទះយឺតបន្តិច
អាចុងក្រោយនេះប្រធានដូចចង់ថាឱ្យខ្ញុំម៉េចទេ តាមពិតទៅខ្ញុំមិនមករៀនយឺតអីទេគ្រាន់តែមកទៀងម៉ោង ហើយបើទៅផ្ទះវិញឮតែជួងខ្ញុំរត់ដល់មុខសាលាមុនគេ។ តែដល់ប្រធានថ្នាក់និយាយអីចឹងហើយសមនិងចង់ដឹងរឿងគេផងខ្ញុំគួរតែសាក។
ថ្ងៃនេះខំមកដល់មុនគេខ្ញុំអង្គុយនៅតុខ្ញុំបន្តិច ឃើញក្រុមពួកកូនអ្នកមាននោះមកដល់ដែរគេបោះសៀវភៅដាក់លើតុរៀងខ្លួន។ ម្នាក់ដែលជាមេក្រុមនោះបញ្ជារឱ្យបរិវាឡើងជាន់ជ្រុំតុឡាលីន។ ខ្ញុំម្នាក់ឯងមិនហ៊ានលូកដៃរឿងគេទេខ្លាចគេវៃ ព្រោះពួកហ្នឹងកាចៗហើយជាសិស្សសំណព្វគ្រូទៀតធ្វើអីមិនឈ្នះគេទេ។ ជាន់ជ្រំអស់ចិត្តគេនាំគ្នាអង្គុយលើតុនាងទៀត ទ្រាំមើលមិនបានខ្ញុំក៏ក្រោកចេញទៅក្រៅ ឃើញឡាលីនកំពុងដើរមកតំណើរអែនអនដូចកន្នរី ញញឹមញញែមដាក់ធម្មជាតិតែនាងមិនដែរមើលមុខខ្ញុំទេ មិនចំឡែកទេព្រោះខ្ញុំមិនមែនជាអ្នកល្បីក្នុងសាលាផង។ ចាំមើលសាច់រឿងបន្តខ្ញុំឈរនៅបង្អួចម្ខាងចាំមើលដូចការមុន ឡាលីនដើរជិតដល់ទ្វារបន្ទប់រៀន ពួកក្មេងខូចប្រាំនាក់នោះផ្អើររត់ចេញពីតុនាងមានម្នាក់ជ្រុះស្បែកជើងម្ខាងនៅតុនាងទៀត ឡាលីនស្ទុះទៅរើសស្បែកជើងនោះឱ្យបានមុនហើយនាងស្រែកយ៉ាងខ្លាំង
“ពួកអត់ខួរគ្រប់គ្នាឯងនេះ ជេរផងស្តីផងតែមិនបើកខួរចាំទេ ចូលចិត្តឱ្យយើងជេរណាស់អី?” ថាប៉ុន្នឹងហើយមុខញញឹមញញែមពីមុននេះបន្តិចគ្មានសល់សូម្បីស្រមោល ប្តូរចេញមុខមាំភ្នែកសម្លក់ប្រុសអាក្រក់ទាំង5គ្មានព្រិចភ្នែករួចនាងគប់ស្បែកជើងម្ខាងរបស់បរិវាគេឈាងក្បាលមេបក្សគេតែម្តង សំដៅទៅបង្អួចម្ខាងទៀត។
“ហ៊ើយអញ! ទៀតហើយ!” បរិវាកូនអ្នកមានម្នាក់រត់ទៅរើសស្បែកជើង កំពូលកូនអ្នកមានធ្លាប់តែញញឹមឌឺឡាលីនប្រែទឹកមុខចងចញ្ចើមដាក់នាង ឡាលីនមើលទៅមិនញញើតគេសោះខ្លួនតូចតែមួយឈរសម្លក់ទាល់តែប្រុសទាំងនោះងាកមុខចេញ។ ខ្ញុំខ្លាចភាពកាចរបស់ឡាលីនដល់ហើយ តែក៏អាណិតនាងណាស់ដែរ ដែលត្រូវក្រុមប្រុសៗកូនអ្នកមានព្រួតធ្វើបាបបែបនេះ។
មិនទាន់អស់ចិត្តទេខ្ញុំនៅចង់ដឹងរឿងនាងទៀតល្ងាចចេញទៅផ្ទះខ្ញុំមិនប្រញាប់ទៀតទេ ខ្ញុំដើរតាមក្រោយឡាលីនពីចម្ងាយទៅយកម៉ូតូ ឃើញនាងដើរជាក្រុមជាមួយមិត្តភ័ក្តលេងសើចយ៉ាងសប្បាយសុខៗ ពួកកូនអ្នកមាននោះរត់ទៅស្រែកព្រញាក់នាងយ៉ាងខ្លាំង ធ្វើឱ្យនាងស្រែកជេរពួកនោះគ្មានសំចៃមាត់។ តាមពិតនាងតូចនេះមួយកំប្លេតែម្តងហើយ ទាំងក្និកក្នក់ ទាំងរស់រាយ ទាំងកាច ទាំងឆ្នាស់។ ហាហា ឱ!អ្នកណាទៅហ៊ានស្រលាញ់នាង? ខ្ញុំនេះមិនទៅភ្លើដាក់ចិត្តឱ្យនាងជេរទេ តែខ្ញុំគ្រាន់តែចូលចិត្តលួចមើលដូចមើលរឿងភាគវែងអីចឹងដែរ នាងនិងក្រុមកូនអ្នកមាននោះឃើញតែឈ្លោះគ្នារាល់ថ្ងៃ។
ថ្ងៃនេះខ្ញុំមករៀនមុនគេ ដូចប៉ុន្មានខែចុងក្រោយនេះអីចឹង អូ!នាងតូចឆ្នាស់នោះមកដល់មុនពួកខូចនោះអីចឹងថ្ងៃនេះគ្មានរឿងមើលទេ ហ្អេ!ហ្អេ! ធ្វើអីអញ្ចេះ?
ដាក់កាបូបសៀវភៅក្នុងថតតុនាងរត់មកតុខាងសិស្សប្រុសៗ សំដៅមកតុកំពូលកូនអ្នកមានឡើងជាន់ទន្រ្ទាំតុគេយ៉ាងសប្បាយ។ ឱ!នាងតូចអើយតុគេប្រឡាក់មិនអីទេចុះបើនាងភ្លាត់ជើងធ្លាក់ពីលើតុ ខ្ញុំជួយមិនទាន់ទេណា។ នាងលោតទន្ទ្រាំមួយឆ្អែតប្រហែលជានឹកឃើញថាមានខ្ញុំនៅក្នុងថ្នាក់ដែរហើយ នាងឈរសម្លឹងខ្ញុំពីលើតុ ខ្ញុំនឹកឃើញភ្នែកកាចដែរនាងធ្លាប់សម្លក់គេខ្ញុំមិនហ៊ានមើលមុខនាងទេ បេះដូងលោតស្ទើតែចេញពីទ្រូងប្រហែលខ្លាចនាងណាស់ហើយ ខ្ញុំឱនមុខចុះមិនហ៊ានមើលមុខនាងទៀតទេ។ នាងក៏មិនខ្វល់ពីខ្ញុំដែរ នាងដើរទៅតុនាងវិញបើកសៀវភៅអានធ្វើមិនដឹង។ អីយ៉ូយ! កំពូលកូនអ្នកមានមកដល់ហើយ ឡាលីនត្រូវគេវៃអត់ទេហ្នឹងបើនាងទៅជាន់តុគេអីចឹង? ចុះបើគេវៃនាងខ្ញុំហ៊ានជួយអត់ហ្ន៎?
កំពូលកូនអ្នកមានដើរមកដល់តុគេឃើញសុទ្ធតែស្នាមស្បែកជើងឡាលីនគេបោះ
សៀវភៅចូលថតតុឈរមើលមុខឡាលីន ឯនាងតូចនោះវិញគ្មានចាញ់គេសោះ ធ្វើមុខឌឺដាក់គេវិញទៀតមិនដឹងថាខ្ញុំបុកពោះជំនួសនាងទេ ហ្អេមើលកូនអ្នកមាននោះបែជាប្តូរមុខទៅជាញញឹមឌឺដាក់នាងវិញ គេមិនចង់វៃរឺស្តីឱ្យនាងទេ? អឺ! ទៅជាដកក្រដាសជូតតុអង្គុយដូចគ្មានរឿងអីទៅវិញ ឯនាងតូចឡាលីននោះវិញញញឹមខ្ចឹបដូចជាបានចិត្តដល់ហើយ។ ខ្ញុំដូចជាមិនយល់ពួលគេពីរនាក់នេះចង់ធ្វើអីទេ។
ខ្វល់តែពីរឿងនាងតូចឡាលីននោះលទ្ធផលរៀនចុងឆ្នាំសិក្សារសេរូហើយខ្ញុំបានតែមួយជាប់។ មើលស្រីឆ្នាស់ឡាលីនប្រហែលបាននិទ្ទេសល្អហើយញញឹមស្រស់ដល់ហើយ ឯកំពូលកូនអ្នកមានម្នាក់នោះវិញឮថាបានលេខមួយផង មើលទៅគេដូចជាសប្បាយចិត្តណាស់ដល់ថ្នាក់ឈរបន្តែតអារម្មណ៍ផង។
មួយឆ្នាំទៅយ៉ាងលឿន ទទួលបានលទ្ធផលហើយម្នាក់ៗបបួលគ្នាធ្វើកម្មវិធីជប់លៀងដើម្បីលាគ្នាផងដែរ ព្រោះថាពេលចូលរៀនវិញមានមួយចំនួនដូរវេនរៀន និងខ្លះឮថាប្តូរសាលាផង។ ខ្ញុំឃើញកំពូលកូនអ្នកមានថ្ងៃនេះមិនរករឿងឡាលីនទេ គេអង្គុយលួចមើលកាយវិការឡាលីនយ៉ាងស្ងៀមស្ងាត់ ឯនាងតូចឆ្នាស់នោះវិញឃើញលេងជាមួយមិត្តភ័ក្តឡើងវ៉ល់ គ្មានខ្វល់ថាមានអ្នកណាខ្លះមើលនាងសោះ។
ពិធីជប់លាងបញ្ចប់ សិស្សទាំងអស់គ្នាបំបែកគ្នាទៅផ្ទះរៀងខ្លួន ខ្ញុំដើរយឺតៗតាមក្រោយឡាលីនចុងក្រោយដែរ នាងកំពុងដើរបន្តើរប្រឡែងជាមួយមិត្តនាងបន្តើរ ស្រាប់តែកំពូលកូនអ្នកមាននោះរត់ទៅកៀកពីក្រោយនាងហើយព្រញាក់ ឱ្យនាងភ័យស្រែកជេរមួយទំហឹងចិត្តខឹង កូនអ្នកមាននោះរត់ហួសនាងហើយងាកមកសើចដាក់នាង បែរជាមិនខឹងនាងជេរ។
នាងតូចឆ្នាស់ឡាលីនម្នាក់នេះដូចជារឿងភាគមួយរឿងដែរខ្ញុំមើលមិនចេះធុញ។ វិស្សមកាល3ខែនៅផ្ទះ ខ្ញុំនឹកដល់តែនាងចង់ឃើញភាពឆ្នាស់និងស្នាមញញឹមរបស់នាង។ ម្តងៗខ្ញុំនឹកដល់ពេលនាងសម្លឹងខ្ញុំ ធ្វើឱ្យបេះដូងខ្ញុំលោតមិនឈប់។ គិតៗទៅមួយឆ្នាំដែលរៀនជាមួយឡាលីនខ្ញុំតាមមើលនាងដូចរឿងភាគតែនាងវិញមើលខ្ញុំតែម្តងគត់។ នាងប្រហែលមិនទាំងចាប់ថាមានខ្ញុំក្នុងថ្នាក់រៀនជាមួយនាងផង។
ពេលនឹកដក់ឡាលីនវិស្សមកាល3ខែដូចជាយូរដល់ហើយ តែបើគិតដល់ថ្ងៃចូលរៀនខ្ញុំនៅមិនទាន់បាត់ខ្ចិលទេ។
ហ៊ើយ! សម្រាកខួរមិនទាន់បានប៉ុន្មានផងដល់ថ្ងៃចូលរៀនវិញហើយ។ បើកបវេស្សនកាលឆ្នាំនេះក៏មិនខុសពីឆ្នាំមុន ម្នាក់យកតែរបស់ថ្មីមកអួតគ្នាខ្ញុំវិញដូចជាគ្មានន័យសោះប្រើរបស់ថ្មីក៏មិនដឹងអួតអ្នកណា បើមិនដែរមានអ្នកណាចាប់អារម្មណ៍ខ្ញុំផង។ អីយ៉ា! នាងតូចឡាលីនបែកប៉ុន្មានខែសប្បុរជ្រះជាងមុន ប្រហែលបន្ទុំសាច់ណាស់ហើយ។ ហេហេ គេមិនទៅអង្គុយតុទី6សិនហើយចាំដូរមកតុទី2វិញដូចឆ្នាំមុនទេហ្ន៎ តែនាងដូរមកអង្គុយដើមតុ។ ខ្ញុំឆ្នាំនេះក៏ចង់ដូរតុដែរ សូមអង្គុយតុទីបីម្តងក្បែរអ្នកដើមតុចុះស្រួលលួចមើលឡាលីនកុំឱ្យគេដឹង។ មិនដឹងយ៉ាងម៉េចទេខ្ញុំ បានឃើញនាងហើយចេះតែចង់មើលនាងមិនចង់ងាកទៅណា។
ឆ្នាំនេះកំពូលកូនអ្នកមានម្នាក់នោះប្តូរសាលាហើយ ក្រុមគេក៏បែកវ៉ូងគ្នាអស់ មានអ្នកខ្លះប្តូរថ្នាក់ទៀតប្រហែលឡាលីននាងបានសុខហើយ។ ខ្ញុំមិនដែលឃើញមុខខឹង មុខកាចរបស់នាងទៀតទេ ឃើញតែមុខប្រឹមប្រិយ៍និងភាពរស់រាយរបស់នាង។ តាមពិតឡាលីនស្អាតណាស់ ស្អាតជាងពន្លឺព្រះច័ន្ទទៅទៀត។ ខ្ញុំចូលចិត្តលួចមើលមុខនាងដល់ភ្លឹក ពេលខ្លះមើលទៅនាងដូចជាដឹងខ្លួនតែនាងធ្វើមិនដឹង នាងប្តូរជាអៀនៗ ធ្វើឱ្យខ្ញុំកាន់តែចាប់ចិត្តលើនាង ខ្ញុំដូចជាលែងខ្លាចឡាលីនដូចកាលមុ នទៀត។ ទោះជានាងមើលមុខខ្ញុំក៏ខ្ញុំនៅតែបន្តមើលមុខមាង ទុកឱ្យនាងអៀនខ្ញុំហើយងាកមុខចេញ ខ្ញុំកាន់តែចង់មើលមុខអៀនរបស់នាង។
ទើបតែចូលរៀនបានពីរបីខែ ខ្ញុំកំពុងមានក្តីសុខក្នុងការមើលមុខឡាលីន ស្រាប់តែកំពូលកូនអ្នកមាននោះមក គេទៅហើយឆ្លៀតមកតាមញោះឡាលីនលេងម្តងម្កាលទៀត។ ពេលដែលខ្លួនឯងចាប់ផ្តើមលួចស្រលាញ់ឡាលីនទើបខ្ញុំដឹងថា កំពូលកូនអ្នកមាននោះឆ្នាំមុនធ្វើឈ្លោះជាមួយនាងរាល់ថ្ងៃតាមពិតលួចស្រលាញ់នាងដែរសោះ។ ខ្ញុំចាប់ផ្តើមបារម្មណ៍ ចុះកាលនុងតិចឡាលីនទន់ចិត្តលួចស្រលាញ់គេដែរទៅ? គេមានហើយរៀនពូកែទៀត ថាមិនទៀងដែរឡាលីនយ៉ាងហោចក៏ចាប់អារម្មណ៍គេតិចតួច។ ចុះខ្ញុំ? ទោះជាមិនក្រក៏មិនមានឡូយឆាយអីដូចម្នាក់នោះ ហើយរៀនវិញមិនបាច់ប្រៀបដល់កំពូលកូនអ្នកមានហ្នឹងទេ តែឡាលីនខ្ញុំរៀនមិនឈ្នះនាងផង។
បើគ្មានអីសោះអីចឹងធ្វើម៉េចទាញចិត្តឡាលីនបាន? មិនបានទេខ្ញុំត្រូវតែខំរៀន បើមិនអីចឹងឡាលីនមិនចាប់អារម្មណ៍ខ្ញុំទេ។
ពីថ្ងៃនោះមកខ្ញុំក៏ខំរៀន ធ្វើយ៉ាងណាឱ្យឈ្នះឡាលីន។ មិត្តភ័ក្តក្នុងថ្នាក់ចាប់ផ្តើមមើលឃើញខ្ញុំក្នុងភ្នែក ម្នាក់ៗចូលចិត្តមកនិយាយជាមួយខ្ញុំនិងសួរមេរៀនខ្ញុំ។ គ្រូក៏ស្រលាញ់ខ្ញុំទៀត ពីមុនខ្ញុំស្មានថាទាល់តែជាកូនអ្នកមានទើបគ្រូស្រលាញ់ ហើយទាល់តែចេះនិយាយច្រើនទើបមានមិត្តភ័ក្ត តាមពិតគ្រាន់តែរៀនពូកែហើយកុំប្រកាន់ខ្លួននោះយើងមិនខ្វះអ្នកចង់ស្គាល់ទេ។ តែហេតុអីមើលទៅឡាលីនដូចជាមិនចាប់អារម្មណ៍ខ្ញុំអីចឹង? នាងបែរជាធ្វើកាចដាក់ខ្ញុំ ហើយនិយាយបញ្ឆិតបញ្ឆៀងបញ្ឈឺខ្ញុំទៅវិញ។ ពេលខ្លះនាងដឹងថាខ្ញុំលួចមើលនាង នាងបែរមកសម្លឹងខ្ញុំដោយក្រសែរភ្នែកមុត នាងមិនអៀនមិនទន់ភ្លន់បណ្តោយឱ្យខ្ញុំមើលតាមចិត្តដូចមុនទៀតទេ។ ពេលម៉ោងណាគ្រូអត់រៀនឃើញនាងអង្គុយជុំៗនិយាយលេងនិងក្រុមមិត្តភ័ក្តរបស់នាង ខ្ញុំខំទៅអង្គុយធ្វើជាអានសៀវភៅនៅក្បែរតែត្រូវនាងបញ្ឈឺស្ទើលែងចង់រស់
ឡាលីន: នែ! ឯងដឹងអត់ ម្នាក់ហ្នឹងរៀនភាសាអង់គ្លេសជាមួយគ្នាពេលល្ងាច។ គេស្រលាញ់គ្នា ហើយគ្នាក៏ចូលចិត្តគេវិញដែរ
មិត្តនាង: ចឹងឯងជួបគ្នារាល់ថ្ងៃ? ចុះពេលណាគេសុំឯងធ្វើសង្សារ?
ទ្រាំស្តាប់មិនបានខ្ញុំដើរចេញកុំឱ្យក្អួតឈាមឱ្យនាងឃើញ។ ចេញផុតមិនទាន់សម្លេងសើចកក្អឹក ខ្ញុំដឹងថាគេសើចខ្ញុំ។ ប្រហែលជាគេដឹងខ្ញុំលួចស្រលាញ់គេហើយស្អប់ខ្ញុំទេដឹងបានជាតែងតែបញ្ឈឺខ្ញុំ។ យ៉ាងណាខ្ញុំមិនជឿដែរថាឡាលីនយកសង្សារ ព្រោះរៀនជាមួយគ្នាពីរឆ្នាំហើយមិនដែរឃើញនាងស្និទ្ធស្នាលជាមួយបុរសណាលើពីមិត្តផង។ ទោះជាកំពូលកូនអ្នកម្នាក់នោះដែលពួកគេឈ្លោះគ្នារាល់ថ្ងៃ ពេលគេមកលេងនាងម្តងៗក៏នាងមិនដែលចាប់អារម្មណ៍អី ខ្ញុំគិតថាខ្ញុំនៅតែមានសង្ឃឹម ខំតែរៀនឱ្យបានលេចធ្លោជាងគេគង់តែថ្ងៃមួយឡាលីននិយាយជាមួយខ្ញុំដូចគេគ្រប់គ្នាហើយ។
ថ្នាក់ទី11នេះខ្ញុំធ្វើរឿងពិសេសបានមួយគឺប្តុរខ្លួនឯងជាសិស្សរៀនពូកែរ ហើយមានមិត្តរាប់អានច្រើនទៀត គុណសម្បិត្តនេះមកពីឡាលីនទេ គិតទៅអំណាចស្នេហាអស្ចារ្យយ៉ាងនេះ។
ធ្មេចៗមួយឆ្នាំកន្លងផុតទៀត ខ្ញុំបែកពីឡាលីនបីខែទៀតហើយ នឹកនាងខ្លាំងណាស់ ពេលខ្លះនឹកខ្លាំងមិនដឹងធ្វើយ៉ាងម៉េចស្ទើតែយំ តែត្រូវយកការនឹកនេះធ្វើជាកំលាំងចិត្តខំរៀនឱ្យឡាលីនចាប់អារម្មណ៍។ ណាមួយក៏ដើម្បីខ្លួនឯងប្រលងបាក់ឌុបជាប់ផង។
បវេស្សនកាថ្នាក់ទី12 និងក៏ជាបវេស្សនកាឆ្នាំសិក្សាចុងក្រោយរបស់ពួកយើងដែរ ឡាលីននៅអង្គុយតុទីពីររបស់នាងដដែរ មានមិត្តភ័ក្តប្រាំពីរនាក់ដែរជិតស្និតនឹងនាង ល្បីស្រីៗតុទីមួយនិងទីពីរនេះជាបក្សស្រីស្អាតនិងរៀនពូកែ ក្នុងនោះមានឡាលីនរស់រាយជាងគេ ហើយក៏ហ៊ានតមាត់និងលោកគ្រូអ្នកគ្រូជាងគេដែរ។
ឆ្នាំនេះខ្ញុំសូមអង្គុយតុមុខគេហើយ ទោះពិបាកមើលមុខឡាលីនតែខ្ញុំត្រូវតែកាត់ចិត្ត ព្រោះឆ្នាំប្រលងផងខ្ញុំត្រូវតែខំឱ្យមុតមាំ មិនអីចឹងប្រលងធ្លាក់ខ្មាស់ឡាលីនស្លាប់មិនខាន។
ឆ្នាំនេះខ្ញុំមានអាពីរនាក់នោះចេះតែតាមរាប់អានខ្ញុំរហូត វាថាខ្ញុំរៀនពូកែស្រួលលួចមើលពេលប្រលង អាមួយមុខមាត់សង្ហាហើយរួសរាយហួសឈ្មោះប្រាថ្នា ហើយអាមួយទៀតស្រអែមអង្គរតែជាកូនអ្នកមានខ្លាំងវាឈ្មោះសម្បត្តិ។ ពីរនាក់នេះវារាប់អានខ្ញុំខ្លាំងណាស់តែងហៅខ្ញុំទៅញាំអីជាមួយពេលចេញលេងហើយមិនដែលឱ្យខ្ញុំចេញលុយទេ បុណ្យគុណពួកវាដែរជួយឱ្យខ្ញុំមានឱកាសឆ្លងឆ្លើយជាមួយឡាលីនម្តងម្កាល ពេលពួកវានិយាយលេងជាមួយនាង។
ឡាលីនឆ្នាំនេះកាន់តែស្អាត នាងស្អាតហើយកាន់តែឆ្នាស់ទៀតផង។ ប្រុសៗជាច្រើនតាមស្រលាញ់នាង ទាំងសិស្សថ្នាក់គេទាំងសិស្សថ្នាក់ខ្ញុំក្នុងនោះក៏មានខ្ញុំម្នាក់ដែរ ដែលគេតែងបង្អាប់លើកដាក់ឱ្យឡាលីន ពិសេសខ្ញុំមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីប្រធានថ្នាក់។ តែឡាលីនដូចជាព្រះច័ន្ទក្នុងវ៉ូងផ្កាយ នាងមិនដែលចាប់អារម្មណ៍អ្នកណាសោះ ហើយនៅបន្តការរាប់អានជាមួយអ្នកដែរលួចស្រលាញ់នាងទាំងអស់យ៉ាងធម្មតា ខ្ញុំឮនាងប្រាប់មិត្តនាងថាធ្វើបែបនេះអត់មានប្លែកទេ គេស្រលាញ់នាងមិនមែនស្អប់នាងទេ គ្មានហេតុផលឱ្យនាងស្អប់គេឡើយ ឡាលីនមានគំនិតទាន់សម័យមែន បើស្រីៗឯទៀតនោះដឹងថាអ្នកណាស្រលាញ់គេលែងនិយាយរកហើយ និយាយអីចឹងឆ្នាំនេះឡាលីនមិនដែរនិយាយអីបញ្ឈឺខ្ញុំដូចឆ្នាំមុនទៀតទេ។
និយាយពីអាពីរនាក់ពួកម៉ាកខ្ញុំនោះមួយអាទិត្យនេះមិនឃើញមកសាលាសោះ ថ្ងៃអាទិត្យនេះខ្ញុំណាត់ពួកវាមកជុំគ្នាសួរឱ្យច្បាស់ថាវាទៅណាមិនមករៀន។
ខ្ញុំ: អាពីរនាក់ហ្អែងទៅណាមិនមករៀនមួយអាទិត្យហើយ
ប្រាថ្នា: អញមកម្តងម្កាលដែរតើហ្អា
សម្បត្តិ: អាហ្នឹងវាទៅមើលមុខឡាលីន វាមិនទៅរៀនទេ
ខ្ញុំភ្ញាក់ព្រឺត: អុញ! ហ្អែងស្រលាញ់ឡាលីន?
ប្រាថ្នា: អញពីរនាក់នេះលូកថ្លើមហ្អែងហើយ ពួកអញគ្មានអារម្មណ៍ចូលរៀនទេអាសម្បត្តិចេះតែនាំអញដើរឱ្យឈប់គិត
សម្បត្តិ: អាប្រាថ្នាវាស្រលាញ់ឡាលីនជាងអញទៀតបាត់មុខមិនបានទេ។
ប្រាថ្នា: តែយ៉ាងណាហ្អែងក៏ស្រលាញ់នាងដែរ សុទ្ធតែខុសនឹងអាដូរិនហើយ។
កុំឱ្យពួកវាឈ្លោះគ្នានិងលួងពួកវាឱ្យរៀនផងខ្ញុំមានតែកាត់ចិត្ត ណាមួយខ្ញុំមានពួកម៉ាកតែពីរនាក់ហ្នឹងទេតាំងពីរៀនមក។
ខ្ញុំ: នែ! ពួកហ្អែងកុំចោទគ្នាអី ឡាលីនមានមនុស្សច្រើនណាស់ស្រលាញ់នាង អាប៉ុន្មាននាក់ថ្នាក់ជាប់នោះតាមនាងដល់ៗផ្ទះ ហើយអាមួយថ្នាក់ក្រោមជាប់ដីនុងអាងផ្ទះក្បែរនាង បន្តិចមកខ្ចីនេះបន្តិចមកខ្ចីនោះ មានអាមួយថ្នាក់ចុងទៀត ឱ្យតែម៉ោងចេញលេងឃើញយួររបស់ញាំឱ្យនាងហើយ។
ថែមឯងពីរនាក់ទៀតក៏គ្មានបញ្ហាដែរ បើពីរនាក់ឯងងយកបេះដូងនាងបានយើងមិនសូវឈឺចាប់ដូចអ្នកផ្សេង។
តាំងពីថ្ងៃនោះមកពួកយើងបីនាក់ប្រជែងគ្នាតាមសមត្ថភាពរៀងខ្លួន មិនឱ្យប៉ះពាល់មិត្តភាពពួកយើងទេ។ ពួកវាតុចេញពីខ្ញុំអស់ អាប្រាថ្នាទៅអង្គុយតុទីពីរខាងប្រុសដើម្បីយកវេនបោសជាមួយនាង អាសម្បត្តិទៅអង្គុយតុទីបីស្រួលលួចមើលនាងក្មុងម៉ោងរៀន។
អាសម្បត្តិប្រើសមត្ថភាពជាកូនអ្នកមានចូលទៅរាប់អានស្និទ្ធស្នាលជាមួយមិត្តភ័ក្តនាង និងបានជិតស្និតនាងផង វាតែងទិញរបស់ញាំឱ្យមិត្តភ័ក្តនាងនិងនាង ពេលខ្លះឃើញវាមានទាំងបុងចាក់សាំងម៉ូតូឱ្យពួកនាងផង អានេះលេងធំមែន។
បើនិយាយពីអាប្រាថ្នាវិញវាចូលចិត្តនាំឡាលីនឱ្យឈ្លោះរាល់វេនបោសថ្ងៃអង្គារ៍ព្រោះវាមកមិនដែរទាន់ នាងខឹងពេលខ្លះគប់អំបោសឱ្យវាបោសបន្ត។ តែវាមានចំនុចពិសេសឱ្យឡាលីនបាត់ខឹងនិងនិយាយលេងដាក់វាវិញពីព្រោះវាចេះដោនឡូតចំម្រៀងបទថ្មីៗ មកបង្អួតឱ្យនាងខ្ចី។ អានេះឆ្គួតមែន! ឆ្នាំប្រឡងផងវាចេះមកពង្វក់នាងទៅកើត។ ខ្ញុំច្រណែនអាប្រាថ្នាវារពិលរប៉ូច ដែលដូចជាខូចចំណេញ ខ្ញុំឃើញវាឈរមុខថ្នាក់ចាំផ្លូវឡាលីនមករៀនដូចក្មេងចាំម៉ែមកពីផ្សារ គ្រាន់ឃើញឡាលីនមកភ្លាមវារត់ទៅប៉ះចុងដៃនាងបន្តិចហើយថា “នឹកណាស់នេះ ម៉េចយូរម៉ែសថ្ងៃហ្នឹង?”