
ឈប់ងរទៅ

មុខមាត់ស្អាតស្អំ
រៀនចេះឡើងហំ
ឋានៈខ្ពស់ផង
មិនគួរមាយាទ
នាំខុសគន្លង
អាប់យសសៅហ្មង
ថោកគ្មានលេខដាក់។
ដង្ហើមចូលចេញ
ខួរគិតរមេញ
តែរឿងអប្បលក្ខណ៍
ដើរអាសោចិ៍គេ
មាត់ព្រោកសស្រាក់
មិនរអាលស្លាក់
សម្តីខ្លួនឯង។
នាងអើយមាត់ដាច
មាយាទកំណាច
នាងអាចចម្បែង
ព្រោះថាថ្ងៃមួយ
ការពិតនឹងថ្លែង
រាល់ពាក្យអំបែង
ផ្លាតរកនាងវិញ។
នាងអើយចាំចុះ
បាបកម្មទាំងនោះ
នឹងមកបំពេញ
រាល់កម្មអំពើរ
នាងសាងរមេញ
នឹងតាមបណ្តេញ
សុខនាងមិនខាន។
#ក្រើននាងមាត់ដាច
១៤ មករា ២០២០
កំណាព្យអ្នកនិពន្ធរតនា
ស្នេហ៍អើយស្នេហ៍កម្ម
នាំបេះដូងស្រាំ
រស់លែងមានន័យ
ឲ្យតែមានស្នេហ៍
មិនដឹងហេតុអ្វី
ឲ្យឈឺឥតបី
ព្រោះរឿងស្នេហា។
ពេលដែលស្រលាញ់
តែងមានប្រច័ណ្ឌ
ហួងហែងកាយា
មិនចង់ឲ្យគេ
នៅស្និទ្ធអ្នកណា
បារម្ភចិន្តា
គេមានលម្អៀង។
ចិត្តអើយទន់ហើយ
មិនចង់សោះឡើយ
បាត់បង់រូបនាង
ស្រលាញ់នាងពិត
ស្មោះឥតមានល្អៀង
ខ្លាចតែគេផ្អៀង
ចិត្តឱ្យអ្នកផ្សេង។
សំគាល់ទង្វើ
ពេលខ្លះនាងធ្វើ
ឱ្យខ្ញុំវង្វេង
ហាក់ដូចមានគេ
ដែលនាងស្ម័គ្រមែន
ឯខ្ញុំនាងលេង
មិនជាស្នេហ៍ពិត។
មិនអីទេណា៎!
ឈប់នៅសោកា
សម្ងំតូចចិត្ត
បើគេមិនយល់
មិនបាច់ខំគិត
នៅឈឺចាប់ស្អិត
ដើមទ្រូងធ្វើអី?
បើគេស្ម័គ្រពិត
គង់គេយល់ចិត្ត
យើងឈឺព្រោះអ្វី
បើគេមិនខ្វល់
ឈឺចិត្តគ្មានន័យ
ឆ្ងាយច៎ុះណា៎ស្រី
ទៅខ្វល់គេទៅ!
#ចិត្តប្រច័ណ្ឌ
#កំណាព្យអ្នកនិពន្ធរតនា
១៩ មករា ២០២០
ឱសួនភ្លើងពណ៌
ពេលខ្ញុំបានស្គាល់
ចិត្តសែនសប្បាយ
ភ្លើងពណ៌ច្រើនណាស់
លឿងក្រហមស្វាយ
ឃើញហើយខ្ញុំស្រាយ
អស់ទុកសៅហ្មង។
ក្នុងសួនមានល្បែង
ខ្ញុំលេងប្រលែង
រីករាយកន្លង
ខ្ញុំគប់ប៉ោងៗ
ផ្ទុះបែកត្រសង
ខ្ញុំអរកន្លង
ឈ្នះរង្វាន់កាន់។
សួនពណ៌ចម្រុះ
ខ្ញុំឃើញស្រីប្រុស
ល្អូកល្អើនក្នក់ក្នាញ់
ដឹងច្បាស់ព្រោះគេ
ជាគូកំណាញ់
ព្រោះគេស្រលាញ់
ទើបគេស្និទ្ធស្នាល។
កណ្តាលសួនភ្លើង
ខ្ញុំដើរស៉ើងម៉ើង
ម្នាក់ឯងឯកា
តើសួនពណ៌នេះ
សម្រាប់អ្នកណា
បើគ្មានសង្សារ
គេមកបានទេ? 😂
#សួនភ្លើងពណ៌
#កំណាព្យអ្នកនិពន្ធរតនា
២០ មករា ២០២០
អរុណរស្មី
ជះលើថ្ងៃថ្មី
ព្រឹកថ្ងៃអាទិត្យ
អរុណពន្លឺ
កម្ចាយងងឹត
កម្ចាយទុក្ខស្អិត
ឱ្យចិត្តបានស្បើយ។
សុរិយារះភ្លឺ
ចិត្តជាអស់ឈឺ
ទ្រូងបានរហើយ
សុរិយាព្រឹកនេះ
ហាក់គ្មានកន្តើយ
ភ្លឺសព្វអស់ហើយ
ពាសពេញចិន្តា។
អរគុណខ្លួនឯង
តែងខំប្រជែង
ឈ្នះអស់បញ្ហា
កន្លងមកនេះ
នឿយហត់ហើយណា៎
អរគុណសុរិយា
ដែលតែងកំដរ។
#អរគុណថ្ងៃថ្មី
#កំណាព្យអ្នកនិពន្ធរតនា
២៦ មករា ២០២០
រាត្រីអង្គារ
ចិត្តទន់នឹកនា
ដល់ម្ចាស់ស្នេហា
បើទោះទើបជួប
ឱបថើបកាយា
អារម្មណ៍ជីវ៉ា
នៅតែរឮក។
រាត្រីអង្គារ
ស្នេហ៍ងប់ពុំងារ
បន់ឱ្យជួបញឹក
ចង់តែក្រសោប
ឱបកាយល្ងាចព្រឹក
បំពេញចិត្តនឹក
ធំវាស់លែងបាន។
រាត្រីអង្គារ
បើនាងរងារ
ប្រាប់ផងកល្យាណ
ទោះមិនអាចហោះ
ទៅជួបឱបប្រាណ
អាចឱបភុំផាន
តាមខ្យល់ស្រលាញ់។
រាត្រីអង្គារ
ជ្រុលចិត្តស្ម័គ្រគ្នា
នាងកុំចុះចាញ់
ទោះផ្លូវស្នេហ៍នេះ
ឧបសគ្គត្របាញ់
ទុក្ខវេញសំណាញ់
យើងកុំបោះបង់។
រាត្រីអង្គារ
សូមចិត្តស្ងួនភ្ងា
រឹងមាំអាចអង់
រក្សាជំហរ
ថែស្នេហ៍យូរលង់
ឈឺយ៉ាងណាគង់
មិនលែងដៃគ្នា។
#កំណាព្យអ្នកនិពន្ធរតនា
#លោមស្នេហ៍នារាត្រីអង្គារ
២១ មករា ២០២០
កើយភ្លៅគន់មេឃ
នាងល្អខ្លាំងពេក
សែនលង់កល្យាណ
ស្នេហ៍នាងខ្លាំងណាស់
នឹកនាមិនស្រាន្ត
ចង់តែកៀកប្រាណ
បានចាប់ដៃកាន់។
កើយភ្លៅរាប់ផ្កាយ
គន់ភ័ក្ត្រឆោមឆាយ
ស្រស់ជាងដួងច័ន្ទ
គន់មើលយូរទៅ
ចិត្តសែនស្រលាញ់
នាងល្អពេញក្នាញ់
ឱ្យខ្ញុំស្នេហ៍ពេក។
កើយភ្លៅកន្និដ្ឋា
អង្អែលភ័ក្ត្រា
សម្លឹងមន្តភ្នែក
ពន្លឺស្នេហា
ជះមកអនែក
ស្រោចស្រពគ្រប់ផ្នែក
គ្រប់ថតបេះដូង។
កើយភ្លៅថើបដៃ
ស្នេហ៍កើនរាល់ថ្ងៃ
ជាងផ្កាយទាំងហ្វូង
រាប់ទាំងខែផង
ដែលរះព្រាតព្រោង
មិនអាចយិតយោង
ស្មើចិត្តស្នេហ៍ពៅ។
កើយភ្លៅលោមស្នេហ៍
នាងអើយសុំក្បែរ
សុំបានថ្នមនៅ
ក្តីស្នេហ៍មួយនេះ
សុំជ្រកឱ្យជ្រៅ
ឱ្យស៊ីជម្រៅ
ក្នុងបេះដូងនាង។
#កើយភ្លៅលោមស្នេហ៍
#កំណាព្យអ្នកនិពន្ធរតនា
២៦ មករា ២០២០
អរុណសួស្តី
អរុណព្រឹកថ្មី
ដែនដីកម្ពុជា
អរុណត្រជាក់
ឆាប់ភ្ញាក់ម្នីម្នា
ហៅរកគ្នីគ្នា
មកញ៉ាំកាហ្វេ។
ទឹកខ្មៅគ្មានស្ករ
រសកាហ្វេល្អ
ក្រេបគ្មានល្វីងទេ
ក្លិនឆ្ងប់ឆ្ងុយឆ្ងាញ់
ពិសេសតាមពេល
ពិសេសជាងគេ
ពេលផឹកនឹងប្រាជ្ញ
ព្រឹកនេះសំណាង
មានអ្នកស្អិតស្អាង
ឱ្យបានចរចាច
បានផឹកកាហ្វេ
សន្ទនាកក្អាច
រៀនចេះសសាច
ពីប្រាជ្ញរៀមច្បង។
#អរុណកាហ្វេ
#កំណាព្យអ្នកនិពន្ធរតនា
២៧ មករា ២០២០
ខែមួយចំណិត
រសើបដួងចិត្ត
ចង់សសៀរក្បែរ
ចង់បីប្រលោម
ឱបថើបថ្នមថែ
សុំចិត្តមាសស្នេហ៍
កុំកំណាញ់កាយ។
ខែមួយចំណិត
ស្រលាញ់អាណិត
មិនដែលចង់ឆ្ងាយ
ឃ្លាតតែពេលខ្លី
នឹកណាស់ឆោមឆាយ
ចិត្តមិនរសាយ
រឭកក្លិនខ្លួន។
ខែមួយចំណិត
បងស្នេហ៍បងគិត
ជាគូថែថួន
ក្តីស្នេហ៍អមតៈ
ទុកជូននឹមនួន
សូមស្រីមាសស្ងួន
ជឿចិត្តរៀមរ៉ា។
ខែមួយចំណិត
មើលចុះវមិត្រ
ភ្លឺគ្របលោកា
សម្រស់ខែនេះ
អូនពេញចិន្តា
មើលចុះជីវ៉ា
បងកំដរស្រី
ខែមួយចំណិត
សូមចាំរឿងពិត
រឿងស្នេហ៍ភក្តី
អនុស្សាវរីយ៍
ខ្ញុំនិងពិសី
សាសងថើបស្រី
ក្រោមពន្លឺខែ។
#អនុស្សាវរីយ៍ក្រោមខែមួយចំនិត
#កំណាព្យអ្នកនិពន្ធរតនា
៣០ មករា ២០២០
ស្រណោះស្រណោច
ចិត្តអើយស្ទើរខ្លោច
អាណិតខ្លួនឯង
លួចស្រលាញ់គេ
រាល់ថ្ងៃចំបែង
គិតគេបែកផ្សែង
គេធ្វើមិនដឹង។
អាសូរខ្លួនណាស់
ដូចមានកម្មក្រាស់
ព្រោះរឿងស្នេហ៍ហ្នឹង
ស្នេហ៍គេតែឯង
ពិបាកអ៊ីចឹង
តែកំសាករឹង
មិនហ៊ានប្រាប់ថ្លៃ។
តឹងចិត្តម្តងៗ
ចង់តែសាកល្បង
ប្រាប់ទៅចរណៃ
តែខ្លាចប្រាប់ទៅ
ប្រែជាដល់ថ្ងៃ
គេអាចលែងដៃ
សុំបីត្រឹមមិត្ត។
លួចស្នេហ៍លួចទុក្ខ
ចិត្តលែងស្រណុក
រាល់ថ្ងៃនឹកគិត
រិះរកវិធី
បានប្រាប់ការពិត
ពីចិត្តដាមដិត
លង់លិចព្រោះស្នេហ៍។
Crushអើយសូមដឹង
Shareរាល់ថ្ងៃហ្នឹង
មិនមែនចោលដែល
ខ្ញុំShareឱ្យដឹង
ពីចិត្តចង់ថែ
អានហើយគួរតែ
Commentតបផង។
#សារភាពស្នេហ៍តាមshare
#កំណាព្យអ្នកនិពន្ធរតនា
០១ កុម្ភៈ ២០២០
ថ្ងៃបុណ្យស្នេហា
នាងរង់ចាំផ្កា
ជាអំណោយចង
ត្បិតនាងស្រលាញ់
ទើបចេះតែប៉ង
បានឱបត្រសង
បាច់ផ្កាអ្នកឲ្យ។
ថ្ងៃបុណ្យស្នេហា
មិនអត់អ្នកណា
ចង់ជូននាងឡើយ
បាច់ផ្កាកាដូ
មិនខ្វះសោះហើយ
តែនាងព្រងើយ
ព្រោះនាងស្មោះអ្នក។
ថ្ងៃបុណ្យស្នេហា
បើជាសង្សារ
គួរដឹងជ្រៅរាក់
កំណាញ់ធ្វើអី
ត្រឹមផ្កាមួយមាក់
ឱ្យនាងរីកភ័ក្ត្រ
ជូននាងផងទៅ
ថ្ងៃបុណ្យស្នេហា
កុំលួចសាវា
កើនស្នេហ៍ខុសផ្លូវ
កុំនាំកូនគេ
សាងរឿងអាស្រូវ
កិត្តិយសលែងនៅ
នាងនឹងវិប្បដិ។
#ថ្ងៃបុណ្យស្នេហា
១៣ កុម្ភៈ ២០២០
#កំណាព្យអ្នកនិពន្ធរតនា
ទំនេរម៉ោងភ្លាម ខ្ញុំរត់រលៀម ទៅបណ្ណាល័យ
ខ្ញុំអានសៀវភៅ ស្ទើតែរាល់ថ្ងៃ ជក់ចិត្តពេកក្រៃ
អានប្រលោមលោក។
សៀវភៅផ្ទៃមេឃ ស្រស់ស្អាតអនេក ទាក់ភ្នែកខ្ញុំខ្ទោក
គួរឱ្យចង់អាន លើកដៃទាញមក សៀវភៅយោលយោគ
គេចង់បានដែរ។
រឿងប្រលោមលោក សៀវភៅគគោក ម្តេចមិនទៅស្នេហ៍
ដណ្តើមទៅមក សាំចិត្តតាប៉ែ ឱ្យខ្ញុំចង់តែ
ឃើញមុខម្នាក់ហ្នឹង។
ងាកទៅខាងនោះ មានមួយប្រឡោះ ខ្ញុំអើតទៅវឹង
ចង់ដឹងខ្លាំងណាស់ អ្នកណាមុខរឹង សៀវភៅប៉ុណ្ណឹង
ក៏ដណ្តើមដែរ។
ព្រះអើយ! មើលគេ Styleដូចកូរេ គេពាក់កាសខ្សែ
កាសជាប់ត្រចៀក គេងាកមុខបែរ សម្លឹងខ្ញុំថ្មែរ
ឱ្យខ្ញុំឡើងអៀន។
ខំរៀបឫកពារ ញញឹមមាយា រវល់តែខ្វៀន
គេយកទៅបាត់ សៀវភៅលែងមាន ដណ្តើមលែងហ៊ាន
ចិត្តអន់ចង់អាន។
ខ្ញុំដើរទៅគៀន អង្គុយក្រវៀន លួចមើលកល្យាណ
Styleឡួយម្ល៉េះទេ សម្រស់សែនបាន ទាក់ចិត្តភុំផាន
មើលមិនដកភ្នែក។
អង្គុយសង្ហា គងអន្ទាក់ខ្លា បន្ទន់ប្រាណផ្តេក
អានប្រលោមលោក គួរទាក់ចិត្តពេក សៀវភៅផ្ទៃមេឃ
វិថីជីវិត។
ជាងបីម៉ោងស្ងាត់ ខ្ញុំដេកលក់បាត់ គេដើរមកជិត
ដាស់ខ្ញុំឱ្យភ្ញាក់ គេសើចបន្តិច ដល់ខ្ញុំអៀនខ្វិច
គេធ្វើមុខរឹង។
សៀវភៅតូចស្រស់ គេហុចស្ទើបោះ លើតុខ្ញុំហ្នឹង
គេសួរចប់អត់ ពេលខ្លីអ៊ីចឹង ពីរម៉ោងអានប្រឹង
បើចប់គេកោត។
កែងចោតពណ៌ប្រាក់ មួយជំហៀងឆ្លាក់ កប់ន័យជាក់ផ្តោត
មើលគ្របសៀវភៅ ខ្ញុំលើកកាន់សើច ឆ្លើយទាំងមុខឆោត
ថាអត់បញ្ហា។
គេវាយចិញ្ចើម ធ្វើមុខលែងសើម ហើយដើរញាក់ស្មា
ពេលគេទៅបាត់ ខ្ញុំផ្តើមឆ្លេឆ្លា ពីរម៉ោងទេណា
អានចប់អត់អើយ!។
រាប់ពីថ្ងៃនោះ ដល់ថ្ងៃនេះចុះ បីខែទៅហើយ
ខ្ញុំលួចCrushគេ គេមិនដឹងឡើយ ឫកគេព្រងើយ
មិនខ្វល់ខ្ញុំសោះ។
ពេលខ្លះធុញដែរ ខឹងចិត្តតាប៉ែ ទៅCrushម្នាក់នោះ
មិនដឹងល្អអី ចិត្តវិញកក្រោះ សម្តីក៏ខ្សោះ
ពេលគេឆ្លើយឆ្លង។
ក្រៅពីStyleហំ ទម្រង់មុខសម មាឌខ្ពស់ដំបង
តែប៉ុណ្ណឹងទេ គ្មានលើសគេផង មិនដឹងខំប៉ង
ដល់ពេលណាទៀត។
Crushបីខែហើយ គេនៅព្រងើយ ចិត្តសែនចង្អៀត
បើដាក់ខ្លួនខ្លះ ខ្ញុំស្នេហ៍មិនវៀច ឫកពេកអស់ស្នៀត
ទាក់ចិត្តខ្ញុំហើយ។
ត្រឹមStyleកូរេ មិនស្អាតលើសគេ តែម្នាក់ហ្នឹងឡើយ
មួយបណ្ណាល័យ សៀវភៅហ្នឹងអើយ តែហ៊ានបណ្តោយ
ខ្ញុំរាប់ឱ្យស្តាប់។
ឥឡូវសម្រេច ប្រាប់ចិត្តឱ្យភ្លេច Crushហ្នឹងឱ្យឆាប់
ឫកខ្ពស់ជាងខែ ម៉ែមហាយ៉ាប់ គង់តែមុខផ្តាប់
ដោយដៃខ្ញុំទេ!។
ស្រអែមខ្ញុំអើយ មិនសូវប៉ិនឈ្លើយ សុភាពជាងគេ
តែជ្រេញខ្លាំងពេក គង់តែមានពេល វាយដេកកន្ទេល
លែងរាប់Crushអស់។
ស្រអើមស៊ើងចិត្ត មិនខ្ចីខ្វល់គិត ស្តាយរឿងស្នេហ៍សោះ
ស្រលាញ់មិនបាន តិចអង្វរនោះ ទុកក្តីស្នេហ៍ស្មោះ
ឱ្យសៀវភៅវិញ។
កំណាព្យអ្នកនិពន្ធរតនា
២១ កញ្ញា ២០១៩