ចំណងជើងនេះសក្តិសមណាស់ សៀវភៅមួយក្បាលនេះមានន័យណាស់ ស្មានមិនដល់ទេថាដល់ថ្នាក់ហ្នឹង លើសពី វីរិយ៉ា របស់អូនទៀត។នេះដល់ថ្នាក់អានមិនចង់អោយចប់ភ្លាមទេ គួរតែយល់ហើយ!!
តម្លៃអប់រំនៅក្នុងនេះមានច្រើនណាស់ របៀបថាគ្មានមួយទំព័រណាដែលគ្មានតម្លៃអប់រំទេ។ ការសម្រេចចិត្តមែនទេ? ហេតុអីបានជារឿងនេះដាក់ទោសទៅលើការសម្រេចចិត្តលឿនបែបនេះ អារម្មណ៍មែនទេ ហេតុអីក៏មនុស្សតែងតែមិនយល់ពីអារម្មណ៍របស់ខ្លួនឯង ចុះបេះដូងហេតុអីក៏ការដើរទៅតាមបេះដូងរបស់ វិសេសជារឿងមិនត្រឹមត្រូវ?? សំណួរទាំងនេះបានលេចឡើងស្របពេលដែលខ្ញុំកំពុងតែអាន……
ចម្លើយមែនទេ? ចម្លើយគឺរកឃើញពេលដែលខ្ញុំអានចប់។ ជាការបង្រៀនដល់អ្នកអាន
កុំប្រើអារម្មណ៍ក្នុងការសម្រេចចិត្ត កុំភ្លេចសួរបេះដូងខ្លួនឯងមុននឹងធ្វើការសម្រេចចិត្ត កុំបណ្ដោយអោយខ្លួនឯងដើរទៅតាមបេះដូង ដោយមិនធ្វើការពិចារណាជាមុន កុំប្រើបេះដូងខ្លួនឯង បំផ្លាញបេះដូងអ្នកដទៃ កុំយកលេសក្ដីស្រលាញ់បងបាំងមុខ ភាពមិនស្មោះត្រង់អស់ពីចិត្ត។
ទំនួលខុសត្រូវមានសារៈសំខាន់បំផុតនៅក្នុងជីវិតប្រចាំថ្ងៃ តែសូមកុំយកលេសទំនួលខុសត្រូវទៅប្រើដើម្បីតែគេចវេសពីបញ្ហាផ្សេង ។ ណារ័ត្ន ជាតួអង្គដែលមានទំនួលខុសត្រូវខ្ពស់ តែណារ័ត្នមិនមែនជាមនុស្សស្មោះត្រង់ទេ គេប្រើពាក្យទំនួលខុសត្រូវដើម្បីតែគេចពីបញ្លាដែលគេ មិនហ៊ានទទួលនិង មិនព្រមដោះស្រាយតែប៉ុណ្ណោះ ។
ការទទួលដឹងកំហុសសម្រាប់ខ្ញុំ គឺវាជាមន្តស្នេហ៍ដ៏មានអំណាចបំផុត។ ស្រលាញ់វិសេសដែលព្រមទទួលដឹងកំហុស នៅពេលបង្កើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ តែក៏ខឹងវិសេសដែរ ចំពោះរឿងស្នេហា មិនហ៊ានចេញមុខដោះស្រាយបញ្ហាទទួលកំហុសតែមាត់តែមិនបញ្ចេញសកម្មភាព សម្រាប់បេះដូង។
ការលះបង់មិនថាមិត្តភាពឬស្នេហាត្រូវតែមានការលះបង់ លះបង់ដោយមិនខ្វល់ពីលទ្ធផលមកវិញឡើយ។ ហេតុអីបានជា នុច្ឆកានិង Christ លះបង់គ្រប់យ៉ាងបែបនេះ ក៏ព្រោះតែក្ដីស្រលាញ់មែនទេ?? គឺមែនហើយ! តួអង្គទាំងពីរ នេះហើយដែលជាគម្រូដ៏ល្អបំផុតសម្រាប់ខ្ញុំ មិនថាចំពោះរឿងមិត្តភាពឬស្នេហា គេធ្វើបានល្អណាស់
តួនាទីជាម្ដាយឳពុក អ្នកណាមិនស្រលាញ់មិនបារម្ភកូននោះ ដឹងថាកូនមានទុក្ខត្រូវតែជួយដោះស្រាយហើយ ដំបូងអានទៅអន់ចិត្តពេលប៉ាម៉ាក់របស់ណារ័ត្ន បដិសេធមិនទទួលសំណើររបស់ នុច្ឆកា តែយកមកគិតហើយក៏យល់ច្បាស់ យល់ពីក្ដីស្រលាញ់ដ៏គ្មានព្រំដែនរបស់ម៉ាក់ប៉ា
ការទទួលយកការពិតការព្រមប្រឈមមុខ និងការចេះកែប្រែកំហុសវាជារឿងដ៏ប្រសើរបំផុត ហើយអ្វីដែលសំខាន់ជាងនេះ ត្រូវដឹងថា “មនុស្សយើងគ្រប់គ្នារវល់ណាស់ គ្មានពេលទំនេរទេ តើវាល្អទេដែលយករឿងទុក្ខសោកមកទុកមកគិត ក្នុងខ្លួនចំណាយពេលឥតប្រយោជន៍ទៅលើវា តើចំណេញទេ? អត់ទេ ចឹងហើយត្រូវតែប្រញ៉ាប់ធ្វើរឿងដែលមានប្រយោជន៍សម្រាប់ជីវិតទៅ កុំឥតប្រយោជន៍ច្រើនពេក យើងគ្មានពេលច្រើនទេ”
អរគុណបងស្រី អ្នកនិពន្ធ រតនា សម្រាប់ស្នាដៃទី3 របស់បងលើកនេះពិសេសជាងមុនៗទៅទៀត អូនយល់បានច្រើនណាស់ហើយក៏ចងចាំមិនភ្លេចដែរ ។ អូននឹងធ្វើការសម្រេចចិត្តទៅលើរឿងគ្រប់យ៉ាង អោយបានប្រសើរបំផុត ហើយក៏មានសតិបំផុតដែរ។