ឈប់លះបង់ខ្លួនឯងឲ្យអ្នកដទៃទៅ

អ្នកមានអារម្មណ៍ថាអ្នកល្អពេកទេ?
ជាធម្មតាទោះអ្នកធ្វើអ្វីក៏ដោយ ជីវិតប្រចាំថ្ងៃរបស់អ្នក ការសម្រេចចិត្តរបស់អ្នក អ្នកតែងបារម្ភដល់ការគិតរបស់អ្នកដទៃជានិច្ច។
អ្នកបារម្ភខ្លាចគេគិតខុស គេមិនយល់រាល់មូលហេតុរបស់អ្នក។ អ្នកល្អពេកហើយ!
ជីវិតរបស់អ្នក សេចក្តីសុខរបស់អ្នក បានប្រគល់ឲ្យទៅចុងបបូរមាត់មនុស្សដ៏ទៃទាំងអស់។ មានពេលខ្លះអ្នកសុខចិត្តលះបង់ខ្លួនឯង ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីទង្វើរបស់មនុស្សទាំងនោះទៀត។ ស្អប់ខ្ពើមទង្វើរបស់គេ តែអ្នកបែរជាខំធ្វើដូចគេ ដើម្បីតែឲ្យពួកគេបានទទួលមេរៀនទៅវិញ។
អ្នកមហិមាមែន! អ្នកហត់ទេដែលខំរស់ដើម្បីតែមនុស្សដទៃបែបនេះ? មនុស្សឆ្លាតគេធ្វើបែបនេះទេ?
កុំលះបង់ពេក!
សេចក្តីសុខរបស់អ្នក បេះដូងរបស់អ្នកកំពុងរង់ចាំអ្នក។
ត្រឡប់មកជាខ្លួនឯងវិញទៅ! ត្រឹមតែជាខ្លួនឯងដែលមិនផ្តល់ការឈឺចាប់ឲ្យនរណា ជាខ្លួនឯងដើម្បីសេចក្តីសុខដោយត្រឹមត្រូវ ប៉ុណ្ណឹងល្អណាស់ហើយ។

ឈប់លះបង់ខ្លួនឯងឲ្យអ្នកដទៃទៅ! អ្នកណាថាអីថាទៅ! អ្នកណាធ្វើអីក៏ធ្វើទៅ! បើខ្លាចគេប៉ះអ្នក អ្នកក៏ខំចៀសគេទៅ!
ទង្វើ និងការគិតចេញពីរូបកាយមួយណា ភាពល្អនិងអាក្រក់ជារបស់រូបកាយមួយនោះហើយ។
កុំខ្វល់ខ្វាយពេក! មនុស្សល្អនឹងមិនគិត និយាយ ឬធ្វើរឿងអាក្រក់ទេ!
បើអ្នកជាមនុស្សល្អ មិនត្រូវធ្វើអ្វីដែលខ្លួនអ្នកគិតថាជាទង្វើអាក្រក់នោះទេ។
ធ្វើល្អឲ្យបានច្រើនណា!

រស់នៅឲ្យប្រយ័ត្ននឹងទង្វើ! កុំធ្វើអ្វីដែលជាទុក្ខឲ្យអ្នកដទៃ!

សេចក្តីសុខ កើតមកពីសេចក្តីសុខចិត្ដតែម្យ៉ាង។
ធ្វើយ៉ាងណាទើបចិត្តសុខ? ធ្វើយ៉ាងណាក៏បានឲ្យតែតម្រូវតាមចិត្តចង់បាន ចិត្តនោះនឹងសុខហើយ តែសុខបែបណាទើបសុខបានយូរ នោះទើបជាអ្វីដែលអ្នកត្រូវខ្វល់។
ចុះធ្វើយ៉ាងណាទើបសុខបានយូរ?
សេចក្តីសុខតែមួយគត់ដែលអាចនៅជាមួយអ្នកបានយូរបំផុត នោះគឺសុខដោយសប្បុរស។
មហិមាណាស់់មែនទេ? អ្នកណាធ្វើបាន?
ចា៎! ដឹងហើយថាគ្មានអ្នកណាធ្វើបាន១០០%ទេ តែមាននរណាបង្ខំឲ្យអ្នកធ្វើឲ្យបាន១០០%? ហើយក៏គ្មាននរណាបង្ខំឲ្យអ្នកធ្វើក្នុងកម្រិតប៉ុន្មានភាគរយដែរ!
អ្នកចង់បានសេចក្តីសុខបែបនោះឲ្យគង់វង្សប៉ុន្មានភាគរយ គឺជាការសម្រេចរបស់អ្នកខ្លួនឯងទេ!
អារម្មណ៍នៃការឲ្យដោយក្តីមេត្តា ដោយចិត្តស្មោះ អារម្មណ៍មួយនោះប្រសើរបំផុត។ នឹកដល់ពេលណា វាក្លាយជាសេចក្តីសុខបំផុត ទោះជាកន្លងហួសយូរក៏ដោយ នោះហើយហៅថាសេចក្តីសុខដោយសប្បុរស។
សុខមួយទៀតដែលតែងតែធ្វើឲ្យមនុស្សឈឺចាប់ ឬមានវិបត្តិ វិប្បដិសារីនាថ្ងៃក្រោយ នោះគឺសុខដោយអាត្មានិយម!
សេចក្តីសុខដែលបានមកពីសេចក្តីទុក្ខ ការខកចិត្ត ខកបំណងពីអ្នកដទៃ ឬមនុស្សជាទីស្រលាញ់ វានឹងក្លាយជាថ្នាំពុល ជាសេចក្តីទុក្ខនាពេលក្រោយ។
ដោយនិស្ស័យល្អខ្លះៗនៅក្នុងខ្លួន ថ្ងៃមួយអ្នករឭកថាសុខដែលបានកន្លងមក ជាសុខដែលមិនត្រូវនឹងគុណធម៌
សុខនោះនឹងផ្តល់អារម្មណ៍វិប្បដិសារីដល់អ្នកនៅថ្ងៃនោះឯង។
ដោយកំហឹងពីមនុស្សដែលអ្នកផ្តល់ទុក្ខឲ្យ សុខនោះនឹងក្លាយជាភ្លើងក្នុងចិត្តពួកគាត់ ភ្លើងចិត្តវាក្តៅជាងភ្លើងធម្មតា
ភ្លើងចិត្តបើឆេះកាលណាវាមិនងាយរលត់ទេ ហើយវានឹងតាមដុតរាល់ពេលដែលអ្នកបានសុខ។
តែពេលខ្លះភ្លើងនោះដុតអ្នកមិនដល់ទេ ព្រោះតែអ្នកហោះបានខ្ពស់ពេក តែត្រូវចាំថា កម្មពៀរពិតជាមាន ❤️
រស់នៅឲ្យប្រយ័ត្ននឹងទង្វើ! កុំធ្វើអ្វីដែលជាទុក្ខឲ្យអ្នកដទៃ!
ផែនដីនេះមិនបានបង្កើតអ្នកឲ្យមកធ្វើជាដង្កូវក្នុងចិត្តនរណាទេ គ្រាន់តែចង់ឲ្យអ្នកធ្វើជាផ្កាដែលមានពណ៌ស្រស់ និងក្លិនក្រអូបតែប៉ុណ្ណោះ

ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!

ភ្លៀងធ្លាក់ខែកតិ្តក មិនត្រជាក់ទេតែរងាណាស់។
ខ្ញុំរងាចិត្តហេតុអី ខ្ញុំនៅតែឯកាបើស្នេហាជារបស់ខ្ញុំហើយ?
ពេលខ្លះមានអារម្មណ៍ដូចជាបាត់បង់មនុស្សយល់ចិត្តម្នាក់។
តាំងពីពេលដែលយើងចាប់ផ្តើមទំនាក់ទំនងនេះមក ខ្ញុំកាន់តែឯកាជាងមុន។
តើហេតុអីទៅ?
ក្នុងនាមជាមនុស្សពិសេស ខ្ញុំចង់បានភាពពិសេសនៅក្នុងចិត្តគេ។ បើគេមិនធ្វើបានដូចចិត្តខ្ញុំទេ ខ្ញុំនឹងអន់ចិត្ត យើងនឹងឈ្លោះគេ។
គេក៏ដូចគ្នា គេចង់បានភាពពិសេសនៅក្នុងចិត្តខ្ញុំ បើពេលខ្លះខ្ញុំធ្វើមិនបាន គេអន់ចិត្ត និយាយមិនត្រូវគ្នា ពួកយើងមិនស្តីរកគ្នា។
គេមិនលួងខ្ញុំ ខ្ញុំមិនលួងគេ ពួកយើងខាននិយាយគ្នាពីរ បីថ្ងៃ។
កាលពីមុន មិនអ៊ីចឹងទេ! គេមិនទាមទារ គេមិនចង់ឈ្នះ
ខ្ញុំក៏ដូចគ្នាព្រោះកាលនោះយើងត្រឹមតែជាមិត្ត។
មិត្ត! ព្រោះតែពាក្យថាជាមិត្ត ទើបយើងផ្តល់គម្លាតឲ្យដៃគូ
ព្រោះតែជាមិត្ត ទើបយើងមិនទាមទារ ឬហួងហែងហួសហេតុពេក។
ចុះមនុស្សពិសេសនេះ ជាមនុស្សរំខានឬ? បានជាយើងត្រូវទាមទារអ្វីដែលហួសហេតុ រហូតដល់អន់ចិត្តគ្នាពីរបីថ្ងៃ?
ចុះកាលពីនៅជាមិត្ត មិនបាននិយាយគ្នាពីរបីថ្ងៃ តើគួរតែអន់ចិត្ត លួចកត់សម្គាល់គ្នាខ្លះដែរទេ?
ល្មមៗបានហើយ! កុំព្យាយាមយកស្នេហាជាសម្ពាធនៃទំនាក់ទំនងអី។
ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!
ស្នេហាមិនបានធ្វើឲ្យនរណា ឯកា ឬឈឺចាប់ទេ!
មានតែអ្នកដែលមិនចេះសាងទំនាក់ទំនងស្នេហាប៉ុណ្ណោះទើបមិនបានទទួលភាពបរិសុទ្ធ និងផ្អែមល្ហែមពីសេ្នហា។

ឈប់ព្យាយាមធ្វើជាម្ចាស់របស់ដៃគូទៅ!
ស្នេហាគឺភាពជឿជាក់ និងយោគយល់!
បើកចិត្តឲ្យទូលាយ រក្សាចិត្តឲ្យបរិសុទ្ធ ទើបស្នេហាអាចគង់វង្ស។

ពេលខ្លះអស់សង្ឃឹម

ពេលខ្លះអស់សង្ឃឹម មិនដឹងថាត្រូវរស់បែបនេះដល់ពេលណាទៀតទេ។
អារម្មណ៍ពេលខ្លះពិតជាទន់ជ្រាយណាស់។
ខ្ញុំឯកា! ខ្ញុំហេហាល! ខ្ញុំស្រាប់តែបន់ឲ្យមានមនុស្សម្នាក់ដែលចាំតែនៅទីនេះដើម្បីខ្ញុំ ជួយខ្ញុំគ្រប់បញ្ហា ស្តាប់គ្រប់អារម្មណ៍របស់ខ្ញុំ។
បើមានម្នាក់នោះមែនតើល្អណាស់មែនទេ?
ប្រហែលជាល្អហើយ! ចុះប្រសិនបើមិនមាន?
មិនមានក៏ហីទៅ! ខ្ញុំក៏នៅតែអាចរស់បាន
ខ្ញុំទន់ជ្រាយតែមួយភ្លែតទេ មនុស្សឯណាមិនចេះហត់?
ហត់ហើយគ្រាន់តែសម្រាកបន្តិច បើឯកា ក៏ទៅធ្វើអីដែលចិត្តចង់ធ្វើទៅ មិនពិបាកសោះគ្រាន់តែធ្វើឲ្យខ្លួនឯងសប្បាយចិត្ត គ្រាន់តែផ្តល់ស្នាមញញឹមមួយនៅលើមុខនេះ។
បើគ្មាននរណាស្រលាញ់ខ្ញុំ ខ្ញុំស្រលាញ់ខ្លួនឯងក៏បាន!
ខ្ញុំជឿថាមានតែសេចក្តីស្រលាញ់ចំពោះខ្លួនឯងទេ ទើបជាកម្លាំងចិត្តពិសេសឲ្យខ្លួនឯងខំដើរទៅមុខបាន ហើយក៏មានតែភាពជឿជាក់លើខ្លួនឯងដែរ ដែលធ្វើឲ្យខ្លួនឯងរឹងមាំ។
តាមពិតទៅខ្ញុំរឹងមាំណាស់ មិនដឹងថាហេតុអីសុខៗអស់សង្ឃឹម? តាមពិតខ្ញុំគួរតែសប្បាយ ព្រោះគិតៗទៅខ្ញុំបានធ្វើរឿងសមបំណងជាច្រើន គ្រាន់តែពេលខ្លះខ្ញុំភ្លេចរាប់ចូលការចងចាំតែប៉ុណ្ណឹង។
ឱ! នរណាខ្លះអាចធ្វើបានដូចជាខ្ញុំ?
ខ្ញុំ ពេលនេះមិនមែនតំណាងឲ្យអ្នកនិពន្ធរតនាទេ គឺជាអ្នកកំពុងអានទៅវិញទេ។
កុំអស់សង្ឃឹមណា៎ អ្នកពូកែណាស់! រឹងមាំបន្តទៀតណា៎

ធ្វើវាទៅ!

ហត់ណាស់មែនទេ នៅពេលដែលត្រូវធ្វើអ្វីដោយខ្លួនឯងបែបនេះ? ហេតុអីក៏មានអារម្មណ៍ថាពិបាកខ្លាំងម្ល៉េះ?
ហ៉ឺ! ខ្ញុំអើយខ្ញុំ! ធំហើយធ្វើដូចកូនក្មេង រឿងខ្លះងាយៗសោះតែធ្វើដូចជាធំណាស់អ៊ីចឹង។

អង្គុយពិបាកចិត្តរឿងមួយដែលខ្លួនឯងមិនចេះធ្វើ តែមនុស្សមិនតិចនាក់អាចធ្វើបាន ហើយខ្ញុំយ៉ាងម៉េចហ្នឹង? អន់ប៉ុនណាទើបធ្វើមិនបាន?
ខ្ញុំជាមនុស្សពូកែ! គេធ្វើបាន ខ្ញុំក៏ធ្វើបាន! ពេលនេះខ្ញុំមិនចេះ តែនៅពេលដែលខ្ញុំចេះ ខ្ញុំនឹងពូកែជាងអ្នកចេះមួយចំនួនទៀត។ នេះហើយគឺខ្ញុំ!

ចុះបើដឹងថាខ្លួនឯងរឹងមាំហើយ នៅពិបាកចិត្តអីទៀត?
ធ្វើវាទៅ! មិនចេះត្រូវរៀន រៀនចេះហើយត្រូវធ្វើឲ្យបានល្អ
ខ្ញុំធ្វើបាន អ្នកទាំងអស់គ្នាក៏ធ្វើបាន!
កុំបណ្តោយអារម្មណ៍ឲ្យសាំញាំនឹងរឿងតូចតាចខ្លាំងពេក ទុកពេលឲ្យអារម្មណ៍បានសម្រាកខ្លះផង រាល់ថ្ងៃនេះអ្នកហត់ណាស់ហើយ។
មើលថែខ្លួនឯងឲ្យបានល្អណា៎ មនុស្សក្នុងកញ្ចក់បារម្ភពីអ្នក

មនុស្សឆ្លាត មនុស្សរឹងមាំ

គេអាត្មានិយម គេកុហកបោកប្រាស់…
គេមិនសមធ្វើបែបនោះសោះ គេគួរតែ…

កុំរវល់តែចំណាយពេលទៅគិត ថ្លឹងថ្លែង ថាគេបានធ្វើខុស ឬត្រូវ ឬគួរធ្វើបែបណា ឬហេតុផលអ្វីទើបគេធ្វើបែបនោះ។
កុំខ្វល់ខ្វាយនឹងអ្វីដែលមិនដែលមិនស្ថិតស្ថេរនោះខ្លាំងពេក។
អ្នកមិនមែនជាអទិទេព ដែលតែងតែអាចកែប្រែស្ថានការណ៍ ឬប្តូរចរិតនិស្ស័យរបស់មនុស្សបានទេ។
អ្នកមិនមានអភិនិីហារអ្វី អាចទប់ស្កាត់រឿងល្អៗមិនឲ្យកន្លងហួសនោះទេ។
បើបរិយាកាសមួយនោះបានផ្លាស់ប្តូរទៅហើយ
កុំខាតពេលទៅសោកស្តាយ សោកសៅ ឬទាមទារឲ្យវាត្រឡប់មកវិញឡើយ។

អ្វីដែលអ្នកគួរធ្វើ គឺផ្លាស់ប្តូរស្ថានការណ៍របស់អ្នកខ្លួនឯង កែប្រែខ្លួនឯង និងនាំខ្លួនឯងទៅរកអ្វីដែលប្រសើរ។
ប្រសិនបើអ្នកមិនចង់ទៅរកអ្វីដែលប្រសើរជាងនេះ អ្នកគួររកវិធីរស់ជាមួយបរិយាកាសដែលផ្លាស់ប្តូរ។
មនុស្សឆ្លាត មនុស្សរឹងមាំ នឹងមិនចំណាយពេលទៅខ្វល់ពីអ្វីដែលកន្លងហួសទៅហើយនោះទេ។ ជីវិតរបស់គាត់ សម្រាប់តែសេចក្តីប្រសើរ។
នៅបាន គឺនឹងនៅដោយប្រសើរ!
នៅមិនបាន គឺត្រូវទៅដោយប្រសើរ!

ក្តីស្រលាញ់របស់ខ្ញុំ

ស្រលាញ់អ្នក!
ព្រោះតែខ្ញុំក្លាហាន ទើបខ្ញុំហ៊ានសួរ
ស្រលាញ់ខ្ញុំទេ?
អ្នកឆ្លើយថា មិនដឹងទេ
អ្នកថា សុំពេលគិតសិន។
ជឿជាក់លើការស្រលាញ់របស់ខ្ញុំមែនទេ? បានជាអ្នកតែងតែឲ្យខ្ញុំមានវត្តមាន រាល់ពេលដែលអ្នកជួបបញ្ហា។
ជឿចិត្តខ្ញុំមែនទេ? បានជាអ្នកតែងតែប្រាប់គ្រប់យ៉ាងដល់ខ្ញុំ។
ចូលចិត្តខ្ញុំមែនទេ? បានជាអ្នកឲ្យខ្ញុំចំណាយពេលជាមួយអ្នករហូតមក។
មើលឃើញចំនុចល្អរបស់ខ្ញុំជាច្រើន តែ! នៅតែយកខ្ញុំទៅថ្លឹងនឹងគេ។
បើទោះជាបេះដូងរបស់អ្នកជាជញ្ជីង អ្នកត្រូវដឹងថាខ្ញុំនិងគេមិនមែនជាឧបករណ៍សម្រាប់ថ្លឹងទេ។
ចិត្តរបស់អ្នកធ្ងន់ទៅខាងណាជាងមិនសំខាន់ទេ សំខាន់គឺខ្ញុំមិនបានធ្វើរឿងកន្លងដើម្បីដាក់ទម្ងន់ទៅលើចិត្តអ្នកឡើយ។
ខ្ញុំធ្វើព្រោះតែចិត្តស្រលាញ់បញ្ជាតែប៉ុណ្ណោះ ការស្រលាញ់មិនបានឲ្យខ្ញុំទាមទារការតបស្នងឡើយ។
ក៏ព្រោះតែខ្ញុំជឿជាក់ចំពោះស្នេហា ទើបខ្ញុំមិនខ្វល់ថា ទម្ងន់ចិត្តអ្នកធ្ងន់លើអ្នកណា។ ខ្ញុំមិនចាប់អារម្មណ៍បេះដូងជញ្ជីងរបស់អ្នកឡើយ! បើចិត្តអ្នកគ្មានស្នេហា ខ្ញុំក៏មិនត្រូវការមនោសញ្ចេតនាមួយនោះដែរ!
អ្នកឲ្យតម្លៃលើខ្លួនអ្នក ខ្ញុំក៏ឲ្យតម្លៃលើស្នេហារបស់ខ្ញុំដូចគ្នា
ស្នេហារបស់ខ្ញុំស្រស់បំព្រងណាស់ វាស័ក្តិសមនឹងមនុស្សដែលមានបេះដូងស្រស់បំព្រងដូចគ្នាតែប៉ុណ្ណោះ។

មនុស្សដែលពូកែ

ខ្លាចធ្វើអីបើទាំងនោះជាការពិត?
មនុស្សក្នុងលោក តើនរណាមិនធ្លាប់សាងកំហុស?
កុំបណ្ដោយឲ្យនរណាម្នាក់យកកំហុសរបស់អ្នកមកគំរាមអ្នកបាន!
កុំបណ្តោយខ្លួនឲ្យខុសថ្ងៃនេះ ព្រោះតែចង់លាក់បាំងកំហុសពីម្សិលមិញឡើយ!
មនុស្សដែលធ្លាប់ធ្វើខុស គឺមិនបានខុសទៀតទេ
តែមនុស្សដែលប្រកាន់មនុស្សធ្លាប់ខុស ទើបជាមនុស្សខុស។
តើកំហុសមួយណាដែលតម្រូវឲ្យមនុស្សបែងចែក ឬបញ្ចប់ទំនាក់ទំនងរវាងគ្នានឹងគ្នា បើកំហុសនោះក្លាយជាអតីតកាលហើយ?
មិនចាំបាច់តូចចិត្ត បើអ្នកមិនបានទទួលការលើកទឹកចិត្ត។
មិនចាំបាច់ខូចចិត្ត បើអ្នកត្រូវបានគេបោះបង់។
ចាត់ទុកថា បានរាប់អានមនុស្សខុស ចាត់ទុកថា ជាឱកាសបានរកឃើញធាតុពិតរបស់មនុស្ស។
អ្នកក៏មិនចាំបាច់ខាតពេលជាមួយមនុស្សមុខពីរតទៅទៀតដែរ។
មិនថាកំហុសនោះធំប៉ុនណា ចូរកុំរួញរា! កុំខ្លាច!
វាបានកើតឡើងហើយ! វាក្លាយជាស្រមោលហើយ!
ចង់ដើរនៅក្នុងពិភពពន្លឺ កុំខ្លាចស្រមោលរបស់ខ្លួនឯង!
មនុស្សដែលព្រមរស់នៅក្នុងការពិត នឹងមិនខ្លាចការគម្រាមឡើយ!
មនុស្សដែលរឹងមាំ គឺជាមនុស្សដែលអាចរស់នៅជាមួយការពិតរបស់ខ្លួនឯងបាន។
មនុស្សដែលពូកែ គឺជាមនុស្សដែលមើលឃើញ និងទទួលយកភាពខុសនិងត្រូវរបស់ខ្លួនឯង ហើយអាចទូន្មានកែប្រែខ្លួនឯងបាន។
អ្នកអានរបស់ខ្ញុំគឺជាមនុស្សដែលមានចំនុចទាំងអស់នេះ
ខ្ញុំជឿថាអ្នកអាចធ្វើបាន!

ក្តីស្រលាញ់របស់ខ្ញុំ

ស្រលាញ់អ្នក!
ព្រោះតែខ្ញុំក្លាហាន ទើបខ្ញុំហ៊ានសួរ
ស្រលាញ់ខ្ញុំទេ?
អ្នកឆ្លើយថា មិនដឹងទេ
អ្នកថា សុំពេលគិតសិន។
ជឿជាក់លើការស្រលាញ់របស់ខ្ញុំមែនទេ? បានជាអ្នកតែងតែឲ្យខ្ញុំមានវត្តមាន រាល់ពេលដែលអ្នកជួបបញ្ហា។
ជឿចិត្តខ្ញុំមែនទេ? បានជាអ្នកតែងតែប្រាប់គ្រប់យ៉ាងដល់ខ្ញុំ។
ចូលចិត្តខ្ញុំមែនទេ? បានជាអ្នកឲ្យខ្ញុំចំណាយពេលជាមួយអ្នករហូតមក។
មើលឃើញចំនុចល្អរបស់ខ្ញុំជាច្រើន តែ! នៅតែយកខ្ញុំទៅថ្លឹងនឹងគេ។
បើទោះជាបេះដូងរបស់អ្នកជាជញ្ជីង អ្នកត្រូវដឹងថាខ្ញុំនិងគេមិនមែនជាឧបករណ៍សម្រាប់ថ្លឹងទេ។
ចិត្តរបស់អ្នកធ្ងន់ទៅខាងណាជាងមិនសំខាន់ទេ សំខាន់គឺខ្ញុំមិនបានធ្វើរឿងកន្លងដើម្បីដាក់ទម្ងន់ទៅលើចិត្តអ្នកឡើយ។
ខ្ញុំធ្វើព្រោះតែចិត្តស្រលាញ់បញ្ជាតែប៉ុណ្ណោះ ការស្រលាញ់មិនបានឲ្យខ្ញុំទាមទារការតបស្នងឡើយ។
ក៏ព្រោះតែខ្ញុំជឿជាក់ចំពោះស្នេហា ទើបខ្ញុំមិនខ្វល់ថា ទម្ងន់ចិត្តអ្នកធ្ងន់លើអ្នកណា។ ខ្ញុំមិនចាប់អារម្មណ៍បេះដូងជញ្ជីងរបស់អ្នកឡើយ! បើចិត្តអ្នកគ្មានស្នេហា ខ្ញុំក៏មិនត្រូវការមនោសញ្ចេតនាមួយនោះដែរ!
អ្នកឲ្យតម្លៃលើខ្លួនអ្នក ខ្ញុំក៏ឲ្យតម្លៃលើស្នេហារបស់ខ្ញុំដូចគ្នា
ស្នេហារបស់ខ្ញុំស្រស់បំព្រងណាស់ វាស័ក្តិសមនឹងមនុស្សដែលមានបេះដូងស្រស់បំព្រងដូចគ្នាតែប៉ុណ្ណោះ។

អ្នកអស្ចារ្យណាស់!

កុំយំ! ប្រសិនបើពេលនេះមានអារម្មណ៍ថាកំពុងខូចចិត្តខ្លាំង
កុំឲ្យទឹកភ្នែកស្រក់ច្រើនដងពេក មនុស្សរឹងមាំគេមិនតែងតែយំទេ! មនុស្សរឹងមាំគេមិនបណ្តោយខ្លួនឲ្យកម្សត់បែបនេះទេ!
ហត់យ៉ាងណាក៏ដោយ គ្រាន់តែកុំបោះបង់ភាពរឹងមាំ
ពិបាកយ៉ាងណាក៏ដោយ គ្រាន់តែដឹងថាអ្នកមិនអាចរស់ដោយខ្វះភាពរឹងមាំបានឡើយ។
កុំទន់ជ្រាយពេក! កុំបោះបង់! ពីដើមមកអ្នកធ្វើបានល្អណាស់! បន្តធ្វើបែបនេះទៀតទៅ! អ្នករឹងមាំណាស់! អ្នកអស្ចារ្យណាស់!
ទោះជាពេលនេះសោកសៅយ៉ាងណា កុំបោះបង់ខ្លួនឯង!
កុំឲ្យអ្វីដែលខំប្រឹងប្រែងពីមុនមកក្លាយជាអសារបង់។
ជីវិតគឺបែបនេះហើយ មនុស្សគ្រប់រូបរស់នៅដើម្បីបំពេញកាតព្វកិច្ច រសជាតិជីវិតផ្លាស់ប្តូរជៀសមិនផុត។
ខ្ញុំដឹងណាស់ថាពេលនេះអ្នកកំពុងហត់ខ្លាំង ភ្នែកកំពុងរំពៃរកស្មាផ្អែក តែកុំធ្វើបែបនេះអី!
កុំមិនសប្បាយចិត្តនាពេលនេះអី វាប្រហែលជាសំណាងទៅវិញទេ ចំពោះរឿងដែលធ្វើឲ្យអ្នកមិនរីករាយនាពេលនេះ។
រឹងមាំឡើង! មិនបាច់រកអ្នកជួយទេ កុំធ្វើជាបន្ទុករបស់អ្នកណាឲ្យសោះ!
បើអ្នកហត់ហើយគ្រាន់តែឆ្លៀតពេលសម្រាកមួយភ្លែតទៅ កុំយកកាតព្វកិច្ចរបស់អ្នកទៅបន្ថែមឲ្យអ្នកផ្សេងអី។
អ្នកចេះហត់ គេក៏ចេះហត់ដូចគ្នា!
មនុស្សរឹងមាំ មិនធ្វើបាបមនុស្សដែលស្រលាញ់ខ្លួននោះទេ។
កុំទន់ជ្រាយណា៎! អ្នកអាចធ្វើបាន!

អ្នកអាចធ្វើបាន!

រាល់ព្រឹករបស់មនុស្សដែលមិនសប្បាយចិត្ត បើកភ្នែកឡើងឃើញតែបញ្ហា
បើកភ្នែកហើយក៏ចង់តែបិទទៅវិញ ចង់តែគេងមិនភ្ញាក់រហូតដល់បញ្ហារលាយអស់ចាំបើកភ្នែកវិញ។
កុំខ្លាចពេកអី! កុំបារម្ភអី! រឿងដែលត្រូវកើតវានឹងកើតឡើងដោយជៀសមិនផុត
កុំឲ្យអារម្មណ៍ទន់ជ្រាយមកបន្លាចបាន ចូររស់នៅក្នុងសភាពពិត ហើយទទួលស្គាល់ថាលើលោកនេះគ្មានអ្វីជារៀងរហូតទេៗ កុំបារម្ភពេក កុំខ្លាចបាត់បង់ពេក។
បណ្តោយឲ្យរឿងហេតុកើតទៅតាមសម្រួល គ្រាន់តែចាំមើលថាតើវានឹងក្លាយជាយ៉ាងណាខ្លះ ហើយព្រមទទួលយកទៅតាមលទ្ធផលនោះទៅ។ វានឹងមិនពិបាកពេកទេ បើគ្រាន់តែព្រមសម្របរស់នៅជាមួយនឹងការផ្លាស់ប្តូរ។
ប្រសិនបើអ្នកមិនធ្លាប់មានអំនួត អ្នកនឹងមិនមានភាពអាម៉ាស់ក្នុងការផ្លាស់ប្តូរជីវិភាពរស់នៅឡើយ
ប្រសិនបើអ្នកមិនធ្លាប់ហួងហែង អ្នកក៏មិនខ្លាចក្នុងបាត់បង់ដែរ។
មិនចាំបាច់ចង់ឈ្នះចាញ់ជាមួយព្រហ្មលិខិតនោះទេ មិនចាំបាច់ខំដណ្តើមមកវិញឬស្លាប់ដើម្បីគំរាមព្រហ្មលិខិតនោះទេ។
មិនចាំបាច់ប្រញាប់ស្លាប់ពេកដែរព្រោះថាមុននឹងក្រោយគង់តែស្លាប់ដូចគ្នា តែគួរតែស្លាប់នៅក្នុងពេលវេលាដែលមានន័យបំផុត។

ចូរខំរស់នៅដោយរីករាយទោះជាការផ្លាស់ប្តូរទាំងនោះអាក្រក់ឬល្អយ៉ាងណាក៏ដោយគ្រាន់តែប្រាប់ខ្លួនឯងឲ្យយល់ថានេះហើយ ជារសជាតិជិវិត។
កុំចុះចាញ់! កុំទន់ខ្សោយ! អ្នកអាចធ្វើបាន!

រីករាយនិងអ្វីដែលយើងមាន

សុខៗអ្នកមិនចូលចិត្តគេតាំងពីមិនទាន់ជួប
មិនចូលចិត្តគេតាំងពីទើបតែឃើញ
ហេតុអ្វីបានជាមានអារម្មណ៍បែបនេះ?
ស្មោះត្រង់នឹងខ្លួនឯងបន្តិចអ្នកនឹងឃើញហេតុផលមួយនោះ
មនុស្សមិនទាន់មានទំនាក់ទំនងជាមួយគ្នាផង ហេតុអីបណ្តោយចិត្តឲ្យស្អប់ឬស្រលាញ់គេបាន?
ដឹងទេ? អារម្មណ៍ស្រលាញ់ឬស្អប់វាកើតមកពីការពេញចិត្ត ឬមិនពេញចិត្តតែប៉ុណ្ណោះ។
ប្រសិនបើអ្នកជាមនុស្សដែលមានការគិតវិជ្ជមានច្រើន អ្នកនឹងមិនងាយគិតមិនល្អលើនរណាម្នាក់ងាយៗទេ។
តែប្រសិនបើអ្នកមានចិត្តចង្អៀតបន្តិច អ្នកនឹងឧស្សាហ៍មានអារម្មណ៍បែបនេះដាក់មនុស្សជាទូទៅ។
ការដែលពេញចិត្តឬមិនពេញចិត្តនេះ វាកើតឡើងបន្ទាប់ពីអ្នកឃើញចំនុចលើសណាមួយពីមនុស្សម្នាក់នោះ។
ចំនុចលើសនោះអាចជា កាយវិការ ការរៀបចំខ្លួន ភាពល្បី ឬអ្វីផ្សេងៗទៀត។
និស្ស័យអាក្រក់មួយរបស់មនុស្ស តែងតែយកអ្នកដទៃមកប្រៀបធៀបនឹងខ្លួនឯង ឬមនុស្សដែលខ្លួនឯងស្រលាញ់ ហើយធ្វើការអារកាត់ត្រឹមតែមួយវិនាទីប៉ុណ្ណោះថា គួរស្អប់ឬស្រលាញ់មនុស្សម្នាក់នោះ។
ម្ចាស់ខ្លួនគេមិនបានដឹងអីទេ ប៉ុន្តែអ្នកខ្លួនឯងដែលធ្វើការល្ងង់នេះតែម្នាក់ឯង។
ព្រោះតែអ្នកមានចិត្តចង្អៀត អ្នកដឹងថាខ្លួនឯង ឬមនុស្សដែលអ្នកស្រលាញ់ មិនមានអ្វីដូចដែលមនុស្សម្នាក់នោះមាន ឬមិនអាចធ្វើអ្វីដូចដែលគេធ្វើបាន។ អ្នកមិនសប្បាយចិត្ត ហើយលួចមិនចូលចិត្តគេតែម្នាក់ឯង។ ដឹងទេ? នេះហើយហៅថាការច្រណែន !
មួយទៀត ប្រសិនបើអ្នកជាមនុស្សដែលងប់ងល់នឹងភាពល្អ អ្នកស្រលាញ់ស្ញប់់ស្ងែងគ្រប់មនុស្សដែលមានភាពលើសនៃសេចក្តីល្អទាំងឡាយ អ្នកព្យាយាមឲ្យបានស្និទ្ធស្នាលនិងហួងហែងមនុស្សទាំងនោះយកតែម្នាក់ឯង ពេលខ្លះអ្នកលួចប្រចណ្ឌ តូចចិត្ត ទាំងដែលម្ចាស់ខ្លួនគេមិនទាំងធ្លាប់និយាយជាមួយអ្នកផង។ ដឹងទេ? បែបនេះធ្វើបាបចិត្តខ្លួនឯង មិនតិចទេ។
ចំណែកមួយបែបទៀតវិញ
មិនថាម្នាក់នោះមានចំនុចលើសនៅក្នុងសេចក្តីល្អឬអាក្រក់ឡើយ ទោះជាគេមានភាពប្រសើរជាងអ្នកក៏ដោយ អ្នកមិនបានខ្វល់ខ្វាយទេ គ្រាន់តែបានទទួលដឹង ឬកត់ទុកថាគេមានចំនុចមួយនោះតែប៉ុណ្ណឹង។
ដឹងទេ? បែបនេះទើបផ្តល់សេរីភាពឲ្យអារម្មណ៍។
រាល់ថ្ងៃអ្នកហត់ណាស់ហើយ កុំយកពេលទៅគិតឬថ្លឹងថ្លែងពីអ្នកដទៃច្រើនពេក បើបានរយារសម្ពាធផ្សេងៗហើយ ទុកពេលឲ្យអារម្មណ៍បានសម្រាកផង។ កុំដាក់សម្ពាធឲ្យខ្លួនឯងពេក
កុំបារម្ភ ខ្លាចតែមានមនុស្សប្រសើរជាងអ្នក ព្រហ្មលិខិតយុត្តិធម៌ណាស់ បើគេមានចំនុចលើសអ្នក អ្នកក៏ប្រាកដជាមានចំនុចផ្សេងទៀតលើសគេវិញមិនខាន។
រីករាយនិងអ្វីដែលយើងមាន ទើបជីវិតមានសុភមង្គល