សំខាន់កុំបោះបង់ខ្លួនឯង

មនុស្សម្នាក់ៗមានរឿងច្រើនណាស់ដែលត្រូវធ្វើ!
នេះជាអ្វីដែលខ្ញុំតែងប្រាប់ខ្លួនឯងកន្លងមក ពាក្យនេះហើយដែលធ្វើឱ្យខ្ញុំខំក្រោកឈរហើយបន្តដំណើរជីវិតទៅមុខទៀត។
ពេលខ្លះខ្ញុំហត់នឿយណាស់! ពេលខ្លះខ្ញុំទន់ខ្សោយណាស់ ខ្ញុំស្ទើរតែចុះចាញ់ទៅហើយ!
នៅពេលដែលខ្ញុំចង់លះបង់ ពាក្យដដែលនោះក៏ហោះចូលមកក្នុងខួរក្បាលរបស់ខ្ញុំ

មនុស្សម្នាក់ៗមានរឿងច្រើនណាស់ដែលត្រូវធ្វើ!
ខ្ញុំដឹងហើយ! ខ្ញុំប្រាប់ខ្លួនឯងនៅពេលដែលឮពាក្យនោះចេញពីខួលក្បាលខ្លួនឯង។
បញ្ហាមួយដែលកំពុងជួប មិនមែនជាជីវិតនោះទេ! វាគ្រាន់តែជាចំនែកតូចណាមួយនៃជីវិតប៉ុណ្ណោះ! មិនថាការងារ ស្នេហា ការសិក្សា គ្រួសារ កេរ្តិ៍ឈ្មោះ កិត្តិយស ផេ្សងៗទៀត ដែលអ្នកគិតថាសំខាន់។ គ្រប់យ៉ាងទាំងនេះ មិនមែនជាជីវិតទេ! ជីវិតគឺរូបកាយ សំខាន់បំផុតគឺរូបកាយបវរ។

បញ្ហាទាំងឡាយដែលកំពុងតែកើតមាន វានឹងរលាយដោយដំណោះស្រាយ ឬពេលវេលា។ ថែរូបកាយមួយនេះឱ្យតែល្អទៅ ហើយចាំមើលបញ្ហាទាំងនោះរលាយម្តងមួយៗ ហើយក៏មិនចាំបាច់អរពេកដែរ បើទោះវារលាយទៅ វាគង់នឹងកើតមកវិញជាបន្តបន្ទាប់ ខ្សែរជីវិតគឺបែបនេះហើយ។ ជួបអីក៏ខំប្រឈមនឹងវាទៅណា៎! សំខាន់កុំបោះបង់ខ្លួនឯង ហើយកុំចាត់ទុកទាំងនោះជាជីវិតឱ្យសោះ។ ត្រូវចាំថាអ្វីៗទាំងនោះគ្រាន់តែជាចំនែកតូចៗ ហើយវានឹងកកើតមកវិញបន្ទាប់ពីវាបាត់បង់ទៅមួយរយៈ។

កុំឱ្យគេដឹង! ខ្មាសគេ!

ចេះតែគិតថាពិភពលោកនេះអយុត្តិធម៌ចំពោះខ្ញុំណាស់
ចេះតែគិតថាជីវិតរាល់ថ្ងៃនេះពិបាករស់ណាស់
គិតយូរៗមិនដឹងថារស់រាល់ថ្ងៃដើម្បីអី?
លើសពីអស់សង្ឃឹម! យំក៏លែងចេញ! នៅលើផ្ទៃមុខរកស្នាមញញឹមពិតប្រាកដមួយលែងបាន។
ជំងឺ Depression ប្រហែលជាជំងឺពេញនិយមហើយ ឮថាមនុស្សសម័យថ្មីងាយកើតជំងឺនេះណាស់។
គេថាបើយើងមិនសូវញញឹម ឆាប់អន់ចិត្ត ឆាប់ដ្រាម៉ា គេងមិនបាន ញ៉ាំមិនបាន គ្មានកម្លាំងកំហែងនៅក្នុងខ្លួន បើបានគេងហើយមិនចង់ក្រោក មិនចង់ឃើញពិភពលោកនេះទៀតទេ ទាំងអស់នេះហើយជារោគសញ្ញាមនុស្សកើតជំងឺ Depression ។
ប្រហែលជាខ្ញុំកំពុងតែកើតជំងឺនេះទេដឹង បើខ្ញុំមានទាំងអស់ហ្នឹង! អ៊ីចឹងខ្ញុំឈឺមែនហើយ! អ្នកជំងឺនេះគួរតែទៅសម្លាប់ខ្លួនឬយ៉ាងណា?

មនុស្សដែលរស់ដើម្បីតែអ្នកដទៃ មានពិបាកអីឱ្យរោគ Depression ជ្រៀតចូលបាន?
មនុស្សដែលដេកតែស្រមៃហើយខ្ចិលធ្វើការ Depression នេះណា៎! វាមិនដែលបោះបង់អ្នកទេ
ហើយអាជំងឺ Depression នេះ វាចូលចិត្តណាស់ទៅនៅជាមួយមនុស្សរឹងមានៈ មានតែខ្លួនឯង មនុស្សមិនព្រមអភិវឌ្ឍន៍ខ្លួន!
បើអ្នកតាំងចិត្តជាមនុស្សមានជំងឺ Depression នេះហើយ ទទួលស្គាល់ទៅថាអ្នកជាមនុស្សជំពូកខាងលើហ្នឹងហើយ!
ជីវិតមួយទាំងមូលកើតមកដើម្បីតែយកសេចក្តីទៅផ្ញើលើចុងបបូរមាត់អ្នកដទៃ ក្តីស្រមៃរាប់លែងអស់ តែរកផ្លូវទៅឱ្យបានតែមួយក៏គ្មានឆន្ទៈ រកមិនឃើញផ្លូវហើយនៅរឹងមានៈ មិនទទួលស្តាប់ការណែនាំពីនរណាទេ ខ្លួនយើងនេះគឺត្រូវរហូត! រហូតដល់ លួចគិតថាខ្លួនឯងកើតជំងឺ Depression ។

កុំឱ្យគេដឹង! ខ្មាសគេ!
ត្រឡប់មករៀបចំជីវិតសារជាថ្មី ញ៉ាំបាយ គេង ឱ្យបានទៀតទាត់ពេល ហើយរៀនបើកចិត្តស្តាប់ការទូន្មានពីមនុស្សជុំវិញខ្លួនបន្តិច រៀនគិតវិជ្ជមានឱ្យបានច្រើន រៀបចំក្តីស្រមៃដាក់ក្នុងបញ្ជីរមួយ ហើយចាប់ផ្តើមធ្វើវាម្តងៗ ជីវិតអ្នកនឹងមានន័យវិញហើយ!
ឈប់បន្ទោសពិភពលោកនេះថាមិនយុត្តិធម៌ទៀត! ត្រូវបន្ទោសខ្លួនឯងដែលមិនចេះរៀបចំជីវិតរស់នៅឱ្យបានល្អវិញទៅ! ពិភពលោកនេះស្រស់ស្អាតណាស់! ស្អាតបំផុតគឺនៅពេលដែលអ្នកញញឹម! ឈប់ចាប់អារម្មណ៍ពាក្យ Depression ហ្នឹងទៅ ហើយជំនួសមកចាប់អារម្មណ៍ក្តីសង្ឃឹមវិញម្តងណា៎!

តើបេះដូងនេះចេះស្រលាញ់ឬទេ?

បង្ខំចិត្តញ៉ាំ hot latte រួចហើយ។ មកដល់ office ស្រាប់តែចង់ញ៉ាំ frappe mocha នរណាយល់អារម្មណ៍នេះ?
ព្រោះតែមានទម្លាប់ត្រូវញ៉ាំកាហ្វេរាល់ព្រឹក។ ព្រឹកខ្្លះមិនចង់ញ៉ាំសោះ តែក៏បង្ខំចិត្តញ៉ាំស្ទើរមិនអស់មួយកែវផង Hot latte អត់ស្ករពិតជាគ្មានរសជាតិសោះ អារម្មណ៍ដែលមិនចង់ ទោះកាហ្វេឆ្ងាញ់ក៏ញ៉ាំទៅគ្មានជាតិ។ មានអារម្មណ៍ថាកាហ្វេល្វីង!
មកដល់កន្លែងធ្វើការស្រាប់តែនឹកចង់ញ៉ាំ frappe mocha យ៉ាងខ្លាំង។ បន្ទោសខ្លួនឯងតិចៗ ម៉េចក៏មិនចង់ញ៉ាំពេលនៅក្នុងហាង? ពេលនោះសួរខ្លួនឯងហើយថាចង់ញ៉ាំអី ហេតុអីមិនឆ្លើយថា frappe mocha?
ព្រោះតែមិនឆ្លើយទើបត្រូវធ្វើតាមទម្លាប់
ព្រោះតែមិនឆ្លើយ ទើបត្រូវបង្ខំចិត្តញ៉ាំកាហ្វេល្វីង។
បើមិនគិតពីសុខភាព ទៅទិញមួយកែវទៀតញ៉ាំដើម្បីកុំឱ្យសាំចិត្ត តែបើគិតពីសុខភាពដែរ ថ្ងៃនេះមានតែកាត់ចិត្ត
កាត់ចិត្តពី frappe mocha បាន! តែកាត់ចិត្តពីមនុស្សដែលខ្លួនឯងស្រលាញ់បានទេ? ព្រោះតែការគោរពទម្លាប់ ដល់អាយុរៀបការ ក៏ព្រមរៀបការ។ អ្នកដែលជាគូនោះសមរម្យហើយ តែក្រោយរៀបការបែរជាកើតចិត្តប្រត្តិព័ទ្ធលើអ្នកផ្សេង តើគួរតែលះលែងទៅរកម្ចាស់បេះដូង ឬរក្សាទម្លាប់ហើយកាត់ចិត្តពីស្នេហា?
មនុស្សដែលរៀបការជាមួយអ្នក មិនមែនជា hot latte ដែលអាច orderយកមកទុកចោល ហើយគេមិនអាចព្រមឱ្យអ្នកទទួលយក frappe mocha បន្ថែមឡើយ។
នៅពេលដែលមាន hot latte ហើយចង់ញ៉ាំ frappe mocha តើអ្នកនឹងសម្តែងការទទួលខុសត្រូវបែបណា?
ដល់អាយុរៀបការ ចេះតែការបានហើយ តែមុននឹងការគិតមើលសិន ថាតើបេះដូងនេះចេះស្រលាញ់ឬទេ? បើបេះដូងនេះចេះតែធ្វើតាមទម្លាប់ទេ អ្នករៀបការចុះ!

កុំបង្ខំខ្លួនឯងពេក!

មិនដឹងថាដើម្បីសុភមង្គលមួយ តើមនុស្សស្រីម្នាក់ត្រូវរងទុក្ខអ្វីខ្លះនិងយូរប៉ុនណា? តែ! ក៏មិនដឹងថាហេតុអ្វីត្រូវលះបង់? គ្រាន់តែរីករាយទទួលយកអ្វីដែលខ្លួនមាននោះក៏ជាសុភមង្គលមួយទៅហើយ សំឡឹងជិតគិតអ្វីងាយៗ ស្មាមញញឹមមួយហេតុអ្វីឱ្យខ្លួនឯងមិនបាន?
មិនគួរប្រាថ្នាអ្វីដែលឆ្ងាយហួសពីដៃ រហូតដល់រំលងអ្វីៗដែលនៅជិតដៃនោះទេ។នៅពេលដែលនិស្ស័យអស់ហើយ ឬនិស្ស័យមិនមាន មនុស្សម្នាក់ទៀតប្រៀបដូចជាមេឃ។ មេឃខ្ពស់ណាស់! ខ្ពស់ដល់ឈោងចាប់មិនដល់ ប៉ះមិនបាន ស្អាតល្អយ៉ាងណាក៏បានត្រឹមតែមើល តែដី! តែងតែជាទម្រររបស់នាងជានិច្ច។ នាងគួរសាកល្បងចាប់យកអ្វីដែលនៅក្បែរៗដៃ សាកប្រើជីវិតសាមញ្ញរៀនបើកចិត្តទទួលយកអ្វីដែលងាយចាប់បាន ឬរីករាយនឹងអ្វីដែលមានស្រាប់ ប្រហែលជីវិតមិនសូវសោកសៅដូចរាល់ថ្ងៃ។
មហិច្ឆតាធំពេកពិតជាហត់ណាស់! ជោគជ័យប៉ុនណាក៏ចៀសមិនផុតពីតម្រូវការមនោសញ្ចេតនាសាមញ្ញ។ កុំបង្ខំខ្លួនឯងពេក! កុំធ្វើបាបខ្លួនឯងពេក បានប៉ុនណាក៏យកប៉ុណ្ណឹងទៅ! គ្រាន់តែដឹងថារស់នៅត្រូវតែចេះត្រៀម តែប៉ុណ្ណឹងគឺបានហើយ!

មនុស្សមិនច្រើនទេដែលធ្វើបានដូចអ្នក

ពេលមួយដែលអ្នកស្រាប់តែមានរឿងជាច្រើនចង់និយាយ ពេលមួយស្រាប់តែទឹកភ្នែកអ្នកចង់ហូរចុះមក ត្រូវការដៃមួយមកជូតទឹកភ្នែកនោះមែនទេ? ត្រូវការស្មាមួយមកផ្អែកខ្លាំងណាស់មែនទេ?

នឹកឃើញដល់មនុស្សជាច្រើន តែរើសមិនបានសូម្បីតែម្នាក់
មិនមានម្នាក់ណាសក្តិសមមកជូតទឹកភ្នែកដែលកំពុងហូរ មិនមាននរណាម្នាក់ណាអាចផ្តល់អារម្មណ៍កក់ក្តៅឱ្យអ្នកចង់រៀបរាប់ពាក្យក្នុងចិត្ត រឿងមិនសប្បាយចិត្តទាំងឡាយចេញមកឱ្យអស់បាន។
ចុងក្រោយ អ្នកមិនមានសូម្បីតែម្នាក់…
អន់ចិត្តណាស់មែនទេ? ឈប់ខ្វល់នឹងមនុស្សទាំងនោះហើយមែនទេ?
កុំអីចឹងអី! អត់មានសូម្បីតែម្នាក់ ក៏ចាត់ទុកថាជាការល្អ ព្រោះគ្មាននរណាដឹងថាអ្នកទន់ខ្សោយ អត់មានគឺល្អហើយ! ព្រោះតែអ្នករឹងមាំជាងគេ ទើបគេមិនដែលដឹងថាអ្នកធ្លាប់យំ។

អារម្មណ៍ទន់ខ្សោយ អារម្មណ៍អន់ចិត្តទាំងនេះ វានៅនឹងអ្នកមិនយូរទេ កន្លងមួយរយៈអ្នកនឹងលែងអីហើយ កុំខឹងបើគ្មានមនុស្សនៅក្បែរ ត្រូវសរសើរដែលខ្លួនឯងអាចរឹងមាំឆ្លងកាត់រឿងទាំងឡាយបានដោយខ្លួនឯង។ ត្រូវចាំថាមនុស្សណាក៏ជួបបញ្ហា មានអារម្មណ៍ទន់ខ្សោយដែរ តែអ្នកប្រសើរណាស់ ព្រោះអ្នកមិនយកអារម្មណ៍ទន់ខ្សោយរបស់អ្នកម្តងម្កាលនេះ ទៅរំខានមនុស្សជុំវិញខ្លួន។ មនុស្សមិនច្រើនទេដែលធ្វើបានដូចអ្នក
អានរួចហើយ ប្រសិនបើមុននេះអ្នកលួចយំ ត្រូវជូតទឹកភ្នែកណា៎ ឬប្រសិនបើមុននេះមានលួចអន់ចិត្ត ក៏ត្រូវញញឹមវិញ។ ប្រាប់ខ្លួនឯងថា អ្នកពូកែណាស់ អ្នករឹងមាំណាស់ ត្រូវអរគុណខ្លួនឯងដែលតែងតែធ្វើបានរហូតមកណា៎

បើស្រលាញ់គ្រាន់តែចង់បានទេ ដកចិត្តវិញចុះ!

ស្អាត ទាក់ទាញ! នរណាឃើញហើយមិនចង់អូសក្រសែភ្នែករំលងសម្រស់នាងឡើយ។ ជឿជាក់! មានភាពម្ចាស់ការ នាងជានារីរឹងមាំខុសប្លែកពីនារីដទៃ។ ពូកែគ្រប់យ៉ាងមិនថាការងារផ្ទះ ឬការងារខាងក្រៅ តើនរណាអើយមានសំណាងបានបេះដូងនាង?

នារីបែបនេះហើយដែលបុរសប្រាថ្នាចង់បាន!

នាងស្អាតយ៉ាងនេះ តើនាងចូលចិត្តទទួលក្រសែភ្នែកប្លែកៗដែរឬទេ? នាងរឹងមាំបែបនេះតើនាងមិនត្រូវការការពារទេឬ?

នាងពូកែគ្រប់កិច្ចការតើនាងមានធ្លាប់ហត់នឿយទេ?

ឈប់ស្ញប់ស្ញែងនាងទៅបុរសអើយ!

ជាមនុស្សស្រីនេះណា៎ ទោះរឹងមាំយ៉ាងណាក៏គង់តែត្រូវការស្មាផ្អែក។ នាងកាន់តែរឹងមាំ នាងកាន់តែត្រូវការការជួយពីអ្នក។ នាងកាន់តែស្អាត នាងកាន់តែត្រូវការណាស់ ការការពារពីអ្នក។ នាងចេះគ្រប់កិច្ចការ ដូច្នេះហើយទើបនាងហត់ណាស់! នាងចង់សម្រាកណាស់ នាងត្រូវការណាស់មនុស្សម្នាក់ដែលចាំធ្វើជាទេវបុត្រជិះសេះស ចាំជួយសម្រាលការលំបាក និងលួងលោមនាងគ្រប់ពេលដែលនាងទន់ជ្រាយ។

ដឹងទេ? នៅខាងក្រោយភាពឥតខ្ចោះតែងមានការពិតដែលអ្នកពិបាកទទួលយកទៀតផង។ នារីដែលល្អទាំងព្រមបែបនេះ នាងត្រូវការច្រើនណាស់ពីអ្នក។

អ្នកកុំគិតថា នាងមានគ្រប់យ៉ាងហើយអ្នកមិនចាំបាច់ផ្តល់អ្វីឱ្យនាងនោះ គឺខុសហើយ! បើនាងព្រមប្រគល់បេះដូងឱ្យអ្នកហើយ នាងនៅតែមិនបានទទួលការមើលថែ យកចិត្តទុកដាក់ដដែរ ឱ្យនាងនៅម្នាក់ឯងប្រសើរជាងទេដឹង? 😑

ចង់គ្រងបេះដូងនារីដែលល្អទាំងព្រម តើអ្នកព្រមផ្តល់អ្វីឱ្យនាងបានខ្លះ? ព្រមទទួលយករឿងខាងក្រោយនៃភាពឥតខ្ចោះរបស់នាងដែរទេ?

ស្រលាញ់នាងហើយអាណិតនាងផង

បើស្រលាញ់គ្រាន់តែចង់បានទេ ដកចិត្តវិញចុះ!

នេះហើយជាជីវិត!

ភ្នែកមួយគូដែលកំពុងសម្រក់ទឹកភ្នែកនៅលើផ្ទៃមុខស្មើធេងដៃស្តាំអង្អែលដៃឆ្វេងហើយគោះថ្នម ស្របពេលដែលបេះដូងកំពុងប្រេះស្រាំ ចិត្តប្រាប់ខ្លួនឯងថាមិនអីទេ!
ម្នាក់នេះមិនបានយំទេ តែទឹកភ្នែកវាហូរព្រោះតែអារម្មណ៍ទន់ខ្សោយពេក តែមិនអីទេ! ចិត្តខ្ញុំរឹងមាំណាស់!
ខ្ញុំមិនអាចឃាត់ទឹកភ្នែកខ្លួនឯងបាន តែខ្ញុំតែងឈ្នះចិត្តខ្លួនឯងជានិច្ច ខ្ញុំមិនទន់ខ្សោយទេ! ខ្ញុំមិនភ័យខ្លាចទេ!
ខ្ញុំមិនបារម្ភនឹងអ្វីដែត្រូវផ្លាស់ប្តូរឡើយ ព្រោះខ្ញុំបានត្រៀមរួចហើយ។ អ្វីដែលត្រូវបាត់បង់ ខ្ញុំនឹងលែងដៃឱ្យវាទៅ អ្វីដែលត្រូវមកដល់ ខ្ញុំនឹងលាដៃទទួលវា ហើយរស់នៅឱ្យបានល្អ ជាមួយការពិតរបស់ខ្ញុំ។

គេថាលើលោកនេះមិនមានអ្វីជារៀងរហូតទេ! តែខ្ញុំថាមាន!
នោះគឺ ភាពមិនទៀតទាត់! គឺវាហើយដែលមានជារៀងរហូតនោះ!
ហើយខ្ញុំស្គាល់វាណាស់! ខ្ញុំព្រមរស់នៅជាមួយវា! ព្រោះគឺវានោះហើយ ដែលជាការពិតមិនប្រែទេ ទោះពេលខ្លះអារម្មណ៍ខ្ញុំទន់ខ្សោយ តែខ្ញុំត្រៀមចិត្តជានិច្ច។ ដូច្នេះបើភាពមិនទៀតទាត់ធ្វើឱ្យទឹកភ្នែកខ្ញុំហូរ ចិត្តខ្ញុំក៏ប្រាប់ខ្លួនឯងឱ្យយកដៃជូតទឹកភ្នែក ប្រាប់មាត់ឱ្យញញឹម ហើយប្រាប់ខ្លួនឯងឱ្យនៅតែបន្តជីវិតរស់នៅជាមួយភាពមិនទៀតទាត់នោះទៀត។
កុំបោះបង់ភាពមិនទៀងទាត់នេះអី កុំស្អប់ កុំខឹងវាអី
ព្រោះវាមិនដែលកុហកអ្នកទេ វាដាស់តឿនអ្នកជានិច្ច កុំឱ្យលង់នឹងអ្វីមួយខ្លាំងពេក ហើយដឹងទេ? ជីវិតអ្នកមានន័យក៏ព្រោះតែវាដែរ។
ទទួលទៅ! បើអ្នកបានឃើញការបង្ហាញខ្លួនរបស់វា ប្រាប់ខ្លួនឯងទៅ ថាអ្នកគេចពីវាមិនបាននោះទេ ទទួលយកវាទៅ! នេះហើយជាជីវិត!

លែងដៃឱ្យគេទៅ

អរុណសួស្តីថ្ងៃថ្មីនៃសករាជ
យប់មិញខ្ញុំដូចជាសប្បាយជ្រុលហើយ
យប់មិញខ្ញុំដូចជាយំច្រើនហើយ
យប់មិញខ្ញុំមិនចូលរួមឆ្លងឆ្នាំឡើយ
យប់មិញគឺជារឿងឆ្នាំចាស់ រឿងយប់មិញគឺជារឿងហួសហើយ។ ល្អអាក្រក់យ៉ាងណា នៅសល់តែអនុស្សាវរីយ៍
ថ្ងៃនេះ ម៉ោងនេះ នាទីនេះទើបជាបច្ចុប្បន្ន បើមានរឿងមិនល្អពីយប់ ខ្ញុំមានតែសុំទោសខ្លួនឯងដែលផ្តល់ការចងចាំឈឺចាប់មួយនេះ តែមិនអីទេ ថ្ងៃថ្មីអ្វីៗក៏ថ្មីដែរ។
ព្រះអាទិត្យបញ្ចេញពន្លឺដោយក្តីសង្ឃឹម ព្រះអាទិត្យប្រាប់ឱ្យខ្ញុំញញឹម ព្រះអាទិត្យប្រាប់ខ្ញុំថា ផែនដីនេះនៅត្រូវការខ្ញុំណាស់។
ខ្ញុំមិនគួរអស់សង្ឃឹម អន់ចិត្តអ្វីទៀតដែរ ដ៏រាបណាផែនដីនៅតែត្រូវការខ្ញុំ ព្រះអាទិត្យនៅតែរះផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ខ្ញុំនឹងនៅតែរឹងមាំរស់ប្រឈមនឹងគ្រប់រឿងរ៉ាវទាំងអស់។

ខ្ញុំមិនទន់ជ្រាយទេ ខ្ញុំមិនល្ងង់ទៀតទេ ហើយក៏មិនធ្វើក្មេងមិនដឹងអីទៀតដែរ!
ឆ្នាំថ្មីចិត្តថ្មី ខ្ញុំដឹងក្តីហើយ ខ្ញុំមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទៀតទេ ខ្ញុំនឹងតាក់តែងដំណើរជីវិតរបស់ខ្ញុំខ្លួនឯង ហើយដើរទៅរកក្តីស្រមៃរបស់ខ្ញុំ។ បញ្ហាតូចតាចលែងរំខាន អារម្មណ៍ខ្ញុំបានហើយ បញ្ហាធំៗខ្ញុំលែងខ្លាចហើយ ខ្ញុំដើរឆ្លងអ្នកឱ្យបានដោយភាពរឹងមាំរបស់ខ្ញុំ។
ចំណែកមនុស្សដែលមកដើម្បីតែផ្តល់ភាពអស់សង្ឃឹមឱ្យខ្ញុំ ខ្ញុំនឹងលែងដៃឱ្យគេទៅ ទុកដៃទំនេរចាប់យកក្តីស្រមៃវិញ ប្រសើរជាងចាប់ដៃមនុស្សដែលគេចង់ទៅ

ខ្លួនឯង

យប់នេះពិសេសណាស់ហើយ!
តើគួរតែធ្វើអ្វីឱ្យកាន់តែពិសេសទៅ?
មនុស្សបាត់បង់ស្នេហាតើគួរធ្វើអ្វីឱ្យយប់នេះពិសេសទៅ?
ប្រហែលត្រូវយំនឹកអនុស្សាវរីយ៍ ឬយំតូចចិត្តនឹងរឿងមិនសមបំណងគ្រប់យ៉ាងហើយ យប់ពិសេសបែបនេះគួរយំឱ្យហើមភ្នែកតែម្តងមែនទេ?
ហ៊ើយ! ដឹងអត់ថាមនុស្សចំនួនតែងតែបោះបង់មនុស្សពិសេសពិតប្រាកដរបស់គាត់ ហើយទៅធ្វើរឿងផ្សេងរាល់ថ្ងៃពិសេសបែបនេះ ព្រោះគាត់រកនឹកមិនឃើញមនុស្សម្នាក់ដែលពិសេសបំផុតនោះទេ។

មួយចំនួននោះអត់មានសំដៅលើអ្នកណាទេ ក្រៅពីអ្នកកំពុងយំតូចចិត្តហ្នឹង! រាល់ថ្ងៃពិសេសម្តងៗ អត់ធ្វើអីបានក្រៅពីនឹកអតីតកាល សម្រក់ទឹកភ្នែក ដែលទាំងនេះជាការធ្វើបាបយ៉ាងតំណំដល់ផ្លូវចិត្ត រាងកាយរបស់មនុស្សពិសេសបំផុតរបស់ខ្លួន។
មនុស្សដែលកំដរអ្នករស់ តាំងពីកើតមករហូតដល់អាយុប៉ុណ្ណេះ គ្រាន់តែមានកំហុសបង់បេះដូងលើមនុស្សខុស មិនត្រឹមតែមិនបានទទួលការលួងលោម បែជាត្រូវឱ្យទទួលភាពសោកសៅ យំសោក ឬដល់ថ្នាក់ធ្វើបាបរាងកាយ។

តើមនុស្សពិសេសម្នាក់នោះជានរណា? គឺខ្លួនឯងដែលកំពុងទួញសោកនេះហើយ! ដឹងទេ? ថាមានតែខ្លួនឯងទេ ដែលជាមនុស្សពិសេសបំផុតរបស់ខ្លួនឯង យំយែកនឹកនាចង់ឱ្យអតីតកាលមកវិញ ក៏ដើម្បីតែខ្លួនឯងដែរ។
ពេលនេះឈប់ខ្វល់ទៅថាធ្វើយ៉ាងណាឱ្យអតីតកាលត្រឡប់មកវិញ ថែមនុស្សពិសេសម្នាក់នេះសិន ផ្តល់អ្វីដែលល្អៗឱ្យម្នាក់នេះសិន ថ្ងៃថ្មីមកដល់! ពេលដែលមនុស្សពិសេសបំផុតម្នាក់នេះបានទទួលអ្វីដែលពិសេសពីខ្លួនឯងហើយ ចាំគិតទៀតថាគួររង់ចាំអតីតកាលឬស្រវ៉ាយកអនាគត?

ជូនពរអ្នកមិនសប្បាយចិត្តក្នុងយប់នេះ ទទួលបានកម្លាំងចិត្តមកវិញ និងអាចខ្វល់ខ្វាយឱ្យតម្លៃខ្លួនឯងជាងនេះបន្តិចណា៎!

ដោយក្តីស្រលាញ់ពីអ្នកនិពន្ធរតនា

របស់គ្មានតម្លៃ

មួយថ្ងៃហើយដែលអ្នករវល់ ព្រោះតែកាតព្វកិច្ចជីវភាព អ្នកស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង។ អ្នកហត់ណាស់ហើយ! សម្រាកខ្លះទៅ!
បើកាតព្វកិច្ចធ្វើឱ្យអ្នករវល់យ៉ាងនេះទៅហើយ អ្នកមិនគួរបណ្តោយឱ្យវិបិត្តផ្លូវចិត្ត រំខានដល់ដំណេកអ្នកទៀតទេ សូម្បីដើមឈើក៏ចេះដេកដែរ ចុះហេតុអ្វីភ្នែកអ្នកនៅតែបើក?
អាណិតខ្លួនទេបើរាងកាយដ៏រវល់នេះប្រែជាឈឺ? អន់ចិត្តទេបើឈឺហើយគ្មានអ្នកថែ?
ចង់ឱ្យអ្នកណាថែ បើខ្លួនឯងមិនចង់ថែខ្លួនឯងផង?

បើស្រលាញ់ខ្លួន កុំបណ្តោយឱ្យរាងកាយឈឺ
បើអាណិតខ្លួន កុំផ្តល់ឱកាសឱ្យចិត្តឈឺ

បើសូម្បីតែខ្លួនឯងមិនស្រលាញ់ខ្លួនឯងផង មានន័យថាខ្លួនឯងនេះ គ្មានតម្លៃអីសោះ។
របស់គ្មានតម្លៃ គ្មានអ្នកដទៃណាគេចាប់អារម្មណ៍ទេ! អ៊ីចឹងហើយ កុំអន់ចិត្ត កុំឈឺចាប់បើគេមិនខ្វល់។

ហេតុអីបានជាឈឺ!

មានថ្នាំអីលេបហើយធ្វើឲ្យភ្លេចរឿងគ្រប់យ៉ាងបាន?
ថ្នាំជំនួយការចងចាំពិតជាមាន តែថ្នាំបំបាត់ការចងចាំមិនដឹងថាមានឬអត់ទេ?
មិនដឹងថាហេតុអី បានជាមានមនុស្សមួយចំនួនចូលចិត្តចង់បំភ្លេចមេរៀនដែលទើបតែរៀនហើយថ្មីៗអ៊ីចឹង?
អ្នកគួរប្រៀបធៀបថា រយៈពេលដែលកំពុងតែឈឺចាប់ វាដូចជាពេលដែលអ្នកត្រូវទន្ទេញមេរៀនអ៊ីចឹង បើមេរៀនមួយហ្នឹងទន្ទេញមិនចាំទេ ច្បាស់ណាស់ថាប្រលងមិនជាប់ នឹងបានរៀនត្រួតថ្នាក់មិនខាន។
ដូច្នេះកុំគេចវេសអី បើមិនចង់រៀនមេរៀនដដែលៗ បានមេរៀនហើយត្រូវតែខំទន្ទេញឱ្យចាំទៅណា៎ ទោះជាទឹកភ្នែកហូរស្រក់ជោគជាំយ៉ាងណា ត្រូវប្រឈមនឹងការឈឺចាប់នេះ ត្រូវតែខំទន្ទេញវាឱ្យចាំកុំភ្លេចឱ្យសោះ! ពេលដែលអ្នកចាំមេរៀនទាំងនេះបានច្បាស់លាស់ហើយ អ្នកនឹងមិនប្រលងធ្លាក់ទៀតទេ ការឈឺចាប់ក៏មិនមានទៀតដែរ។
ដូច្នេះឈប់ចង់បំភ្លេចមេរៀនដែលទើបតែរៀនទៀតទៅណា៎
រៀនទន្ទេញ! រៀនចាំ! រៀនចំណាំ ហេតុអីបានជាឈឺ!

ទឹកចិត្តពិតប្រាកដ

តើមានមនុស្សប៉ុន្មាននាក់ដែលមានទង្វើយកចិត្តទុកដាក់ច្រើនជាងសម្តី?
នៅពេលមួយដែលបញ្ហាមកដល់ បើខ្ញុំអាចនឹកដល់នរណាម្នាក់ គឺម្នាក់នោះហើយដែលខ្ញុំជឿជាក់ថាគាត់អាចផ្តល់ភាពកក់ក្តៅឱ្យខ្ញុំបាន។ ធាតុពិតជាក់ស្តែង ប្រសិនបើម្នាក់នោះមានតែសម្តី ខ្ញុំនឹងធ្វើការកំណត់ព្រំដែនចិត្តចំពោះគាត់ម្តងទៀត។
ឬប្រសិនបើខ្ញុំស្រាប់តែមិនអាចនឹកឃើញដល់នរណាម្នាក់សោះក្រៅពីខ្លួនឯង គឺព្រោះតែខ្ញុំធ្លាប់តែស្តាប់ឮសម្តីច្រើនជាងបានឃើញទង្វើ។ ខ្ញុំលែងមានការចាប់អារម្មណ៍ជឿជាក់ថា មានការខ្វល់ខ្វាយពិតប្រាកដហើយ ខ្ញុំទម្លាប់នឹងការប្រើភាពរឹងមាំរបស់ខ្លួនឯងជាជាងការរង់ចាំជំនួយ។
មានភាពរឹងមាំគឺប្រសើរណាស់ ខ្ញុំមិនចាំបាច់រស់ជាបន្ទុករបស់អ្នកណា ហើយក៏មិនបង្កក្តីបារម្ភដល់អ្នកណា។ ជីវិតបែបនេះមានសេរីភាពណាស់ ព្រោះវាជួយកាត់បន្ថយ ការខ្លាចចិត្ត ជំពាក់ចិត្ត ជំពាក់គុណ អន់ចិត្ត បាត់បង់ទំនាក់ទំនង។
ច្បាស់ណាស់ថាជីវិតរស់ត្រូវប្រាស្រ័យគ្នា តែប្រាស្រ័យមិនមែនជាការរំខានទេ កុំរំពឹង កុំទាមទារ ប្រសិនបើអ្នកចង់បានអ្វីដែលកើតឡើងពីទឹកចិត្តពិតប្រាកដ