មើលថែចិត្តមហិច្ឆតាផង

នៅពេលដែលមនុស្សគ្រប់គ្នាកំពុងខំតោងឡើងទៅដល់ទីដ៏ខ្ពស់មួយ ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់នៅទីនេះ ប៉ុណ្ណឹងបានហើយ!

ខ្ញុំមិនចាប់អារម្មណ៍ទីខ្ពស់មួយនោះ សួរថាខ្ញុំធ្លាប់ទៅដល់ទេ? អត់ទេ!
សួរថាបើអ្នកទៅដល់ទីខ្ពស់ទាំងនោះឱនមើលមកខ្ញុំ តើខ្ញុំឈឺក្បាលទេ? អត់ទេ!

ជីវិតរបស់ខ្ញុំមិនរស់ដើម្បីប្រជែងអ្នកណា រស់តាមតែរបៀប បើប៉ុណ្ណឹងសុខហើយ ខ្ញុំក៏ស្កប់ស្កល់។

ចិត្តលោភនេះណា៎ នឹងនាំឲ្យអ្នកហត់មួយជីវិត!
ការប្រជែងក៏ដូចគ្នា ប្រជែងមកពីច្រណែន បើច្រណែនហួសពេកអ្នកនឹងដេកឱបភ្លើងគ្មានថ្ងៃលែង។

មើលថែមហិច្ឆតាផងណា៎

អត្ថបទអ្នកនិពន្ធរតនា

ពីប្អូនស្រី Ah Sinan សំណោកអនុស្សាវរីយ៍

លើកទី១! អានបានពាក់កណ្តាល ក៏ស្រាប់តែមានអារម្មណ៍ របួសដែលជិតនឹងជាសះទៅហើយនោះ ត្រឡប់មកឈឺពើតម្តងទៀត ដួងចិត្តដែលកប់ជ្រៅក្នុងរណ្តៅអនុស្សាវរីយ៍ចាស់ៗ ដូចជាកាន់តែកប់ជ្រៅទៅៗ…..មិនធ្លាប់គិតទេថានឹងអាចក្រោកចេញមកបាន រហូតដល់ទំព័រចុងក្រោយត្រូវបានអានបញ្ចប់ ក៏ស្រាប់តែមានអារម្មណ៍ថា ការដែលឱបក្រសោបស្រមោល វាជារឿងមិនគួរឲ្យកើតឡើងសោះ….

អានលើកទី២ចប់។ ប្រហែលជាត្រូវព្រមហើយ… ព្រមទទួលថារណ្តៅអនុស្សាវរីយ៍ចាស់ៗមួយនេះ វាងងឹតណាស់ ងងឹតរហូតមើលអ្វីក៏មិនឃើញ…ព្រមហើយ ព្រមងើបចេញហើយ….
ពេលនេះក៏ក្លាហានក្រោកហើយ នៅចាំតែអ្នកដែលព្រមហុចដៃ ទាញឡើងតែប៉ុណ្ណោះ…..

#សំណោកអនុស្សាវរីយ៍
#ស្នាដៃប្រលោមលោកដែលអាចនាំអ្នកចេញពីស្រមោលអតីតកាល_កុំរំលងឲ្យសោះណា

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=568680164050396&set=a.131106924474391&type=3&theater

ពីប្អូនស្រីពិសីស្រីនិត សំណោកអនុស្សាវរីយ៍ Book’s Review

មានអារម្មណ៍ថារបួសដែលកប់ជ្រៅជិតដែលនឹងជាសះស្បើយនៅក្នុងបាតបេះដូង វារើឡើងឈឺខ្លាំងវិញម្តងទៀតនៅពេលដែលអាន។ តែវាក៏ល្អប្រសើរទៅវិញនៅពេលដែលអានដល់ចុងបញ្ចប់។

តាំងពីចេះអានសៀវភៅមកនេះជាលើកទីពីរហើយដែលខ្ញុំយំខ្លាំងបំផុតតាមសាច់រឿង ព្រោះតែរឿងមួយនេះវាដូចនឹងអតីតកាលនៃខ្ញុំខ្លាំងណាស់.

ខ្ញុំបានបង្ហាញពីភាពអាត្មានិយមរបស់ខ្ញុំណាស់មែនទេ? ត្រូវហើយខ្ញុំអាត្មានិយមតាំងតែពីដើមខ្ញុំមិនអាចទៅជូនដំណើរគេនៅព្រលានយន្តហោះដូចដែលបានសន្យា។ មនុស្សពីរនាក់ស្រលាញ់គ្នាដោយគ្មានហេតុផលនោះទេ ប៉ុន្តែពេលខ្លះមានហេតុផលជាច្រើនដែលធ្វើអោយមនុស្សពីរនាក់មិនអាចស្រលាញ់គ្នា

គ្រប់យ៉ាងវាគ្រាន់តែជា #សំណោកអនុស្សាវរីយ៍ ដែលបានកន្លងហួសទៅហើយ។ យើងអាចគិតដល់អតីតកាលបាន តែយើងមិនអាចត្រឡប់ទៅរកអតីតកាលវិញបានទេ។

ការចាកចេញពីអតីតកាលដ៏សែនឈឺចាប់ជារឿងល្អបំផុតដែលធ្វើអោយយើងរកឃើញសុភមង្គលពិតប្រាកដនៅក្នុងជីវិតនាពេលបច្ចុប្បន្ន។ កុំនៅដិតដាមនឹងអតីតកាលយូរពេកព្រោះថាវាគ្រាន់តែជាពេលវេលាមួយដែលកើតឡើងសំរាប់បំពេញអោយបច្ចុប្បន្ននិងអនាគតតែប៉ុណ្ណោះ

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=117233336632120&set=a.109788180709969&type=3&theater

ពីប្អូនស្រី Ah Sinan អនុស្សាវរីយ៍៣៤ឆ្នាំ Book’s Review

ថ្ងៃដំបូងដែលបានប៉ះ ថ្ងៃដំបូងដែលបានកាន់ពេញដៃ ទោះមិនទាន់បានអានក៏មានអារម្មណ៍ថាកក់ក្តៅ

ប្រាប់តាមត្រង់ ពីដំបូងខ្ញុំមិនដឹងទេថានេះជាអនុស្សាវរីយ៍ពិតរបស់អ្នកនិពន្ធ ក៏គិតថាវាជារឿងប្រលោមលោកនោះអី

តែពេលដែលបានអាន…អូហ៎ូ…កុមារភាពរបស់បងរតនា គួរឲ្យរំភើបណាស់។យល់ទេ អារម្មណ៍ដែល បានដឹងរឿងរ៉ាវរបស់មនុស្សម្នាក់ដែលជានិមិត្តរូបរបស់ខ្លួនឯង វារំភើបដល់កម្រិតណា? អានហើយ នឹកដល់កុមារភាពរបស់ខ្លួនឯង ព្រោះខ្ញុំក៏ជាក្មេងទម្រើសដែរនោះអី

សុំប្រាប់ថា ស្នាដៃមួយនេះគ្មានរឿងឈឺចាប់ គ្មានរឿងទុក្ខសោក ឬក្តីវេទនារបស់អតីតកញ្ញារដ្ឋបាលរូបស្រស់ម្នាក់នេះទេ គឺមានតែរឿងល្អៗអានហើយរំភើប ក៏រំភើបដល់ហូរទឹកភ្នែកនោះអី ប៉ុន្តែគិតចុះថាអតីតកញ្ញារដ្ឋបាលគ្មានការឈឺចាប់ គ្រាន់តែថា ការឈឺចាប់ ទុក្ខសោកជារឿងមិនគួររំឭកនោះទេ គ្រប់យ៉ាងដែលគួរស្ថិតក្នុងការចងចាំគួរតែជារឿងរ៉ាវរីករាយ សេចក្តីសុខ។លាដៃលែងចិត្តឲ្យរឿងអាក្រក់ៗវាទៅតាមសម្រួល ទទួលយកតែរឿងល្អៗមកធ្វើជាការចងចាំក្នុងជីវិត

បើអ្នកមានអារម្មណ៍ថាជីវិតជួបការលំបាក ឬ ពេលដែលអ្នកភ្លេចញញឹម សូមបើកសៀវភៅនេះអានឡើងវិញណា…#អនុស្សាវរីយ៍៣៤ឆ្នាំ

ប្រភពហ្វេសប៊ុក https://www.facebook.com/photo?fbid=570621273856285&set=a.131106924474391

ពីប្អូនស្រីផ្កាយដាវ សំណោកអនុស្សាវរីយ៍ Book’s Review

“សំណោកអនុស្សាវរីយ៍” អានហើយធ្វើឲ្យខ្ញុំដឹងថា ក្ដីទុក្ខសោកដែលរួមរឹតយើងពីអតីតកាល វាគួរឲ្យខ្លាចណាស់ អតីតកាលដែលមិនអាចវិលត្រឡប់បាន មានតែការចងចាំដ៏ឈឺចាប់ជាប់ក្នុងសំណោកអនុស្សាវរីយ៍រវាងមនុស្ស ២នាក់ ឬ ច្រើននាក់ដែលចងភ្ជាប់គ្នា បង្កើតជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ “យើងអាចវិលត្រឡប់មកកន្លែងអនុស្សាវរីយ៍វិញបាន តែអ្វីដែលកើតឡើងក្នុងអនុស្សាវរីយ៍ មិនអាចមករកយើងក្នុងពេលបច្ចុប្បន្នបានទេ។ យើងអាចគ្រាន់តែនឹករឮកវាប៉ុណ្ណេាះ! ប្រសិនបើអនុស្សាវរីយ៍ទាំងនោះធ្វើឲ្យយើងសប្បាយចិត្ត យើងនឹកវាចុះតែបើវាធ្វើឲ្យយើងកើតទុក្ខ យើងកុំនឹកវាអី ព្រោះបើយើងកើតទុក្ខ មនុស្សដែលស្រលាញ់យើងក៏មិនរីករាយដែរ។”បញ្ចប់អារម្មណ៍សោកសៅ ដោយការចាកចេញពីសំណោកអនុស្សាវរីយ៍ នោះយើងនឹងរកឃើញស្នាមញញឹមដ៏បរិសុទ្ធរបស់យើងត្រលប់មកវិញ ហើយជីវិតនេះនិងពោរពេញដោយសុភមង្គលពេញលេញ។ អរគុណបង អ្នកនិពន្ធ រតនា

#សំណោកអនុស្សាវរីយ៍ ០៣០៥២០២០

ប្រភពហ្វេសប៊ុក https://www.facebook.com/photo?fbid=258285825576765&set=a.258274935577854

ចៀសបានចៀសទៅ!

ចិត្តល្អពេកមិត្តខ្លួនឯងក៏អាចចាក់ទ្រូងយើងដែរ ចុះបើគេចាក់យើងព្រោះតែប្រយោជន៍គេ តើយើងខឹងគេទេ? យើងត្រូវសងទៅគេវិញទេ?ធ្វើជាមនុស្សចិត្តល្អ ពេលខ្លះក៏ខកចិត្តខ្លាំង តែបើគិតថាចង់ សងសឹកមនុស្សដែលធ្វើកម្មដាក់យើង វាដូចជាឱ្យតម្លៃគេពេកទេដឹង? លះបង់ភាពល្អ ភាពថ្លៃថ្នូរព្រោះតែចង់សងទង្វើធូរៗថ្លៃដែលគេធ្វើដាក់យើងសួរថាសមទេ? កុំអីហ្ន៎? គេធ្វើមិនល្អដាក់យើង យើងដៀលគេ អ៊ីចឹងយើងទៅធ្វើទង្វើគួរឲ្យគេដៀលយើងវិញធ្វើអី? ដើរចេញកុំរវល់ ចាត់ទុកថាយើងនិងគេនៅក្រុមខុសគ្នា។ផែនដីធំមែន តែមនុស្សក៏ច្រើនដែរ! ចៀសមនុស្សបែបនេះមិនបាន មិនមែនកំហុសយើងទេ! តែបើចៀសធ្វើចរិតបែបគេនោះមិនបាន គឺខុសនឹងខ្លួនឯងធ្ងន់ណាស់។ ចៀសបានចៀសទៅ បើចង់រក្សាភាពថ្លៃថ្នូរថ្នូរខ្លួនឯងបន្តទៀត។

#ចៀសបានចៀសទៅ!

#អត្ថបទអ្នកនិពន្ធរតនា

ពីប្អូនស្រីផ្កាយដាវ អនុស្សាវរីយ៍៣៤ឆ្នាំ Book Review

ខ្ញុំមិនមែនជាមនុស្សដែលពូកែសរសេរ និង រៀបរាប់ឡើយពីជីវិតផ្ទាល់ខ្លួន តាំងពីតូចរហូតធំប៉ុណ្ណេះ ខ្ញុំមិនដែលសរសេរកំណត់ហេតុប្រចាំខ្លួនទេ។ ខ្ញុំមិនដែលរំពឹងគិតទៅដល់រឿងដែលកន្លងហួសទេ ព្រោះខ្ញុំដឹងថា *ជីវិតគឺជាការដើរទៅមុខ អ្វីដែលយើងធ្វើឱ្យល្អបំផុតគឺ បច្ចុប្បន្ន អ្វីដែលកន្លងផុតគ្រាន់តែជាស្រមោលអតីតកាលប៉ុណ្ណោះ ហើយលទ្ធផលដែលទទួលនៅថ្ងៃអនាគត គឺអ្វីដែលយើងធ្វើរាល់ថ្ងៃនេះ* ទោះបីជាមានរឿងអាក្រក់ និង ល្អ កើតឡើងលើខ្ញុំច្រើនក៏ដោយ។

បន្ទាប់ពីអាន #អនុស្សាវរីយ៍៣៤ឆ្នាំ គ្រប់ទំព័រដែលរៀបរាប់ពី អតីតកាលល្អៗ គ្រប់វគ្គដែលបងស្រីអ្នកនិពន្ធ រតនា រំឮក បានពញាក់ខ្ញុំឱ្យញញឹមឡើងគ្រប់អនុស្សាវរីយ៍ល្អៗរបស់បង។

អរគុណសម្រាប់ការចែករំលែករឿងរ៉ាវល្អៗ អារម្មណ៍ល្អៗដែលមាន និង ផ្តល់ឱ្យនៅក្នុងកូនសៀវភៅតូចមួយនេះ។

*ចង់សូន្យជីវិតមួយដែលពោរពេញទៅដោយភាពរីករាយ និង សុភមង្គល អ្នកគប្បីរៀនបំភ្លេចរឿងដែលមិនសប្បាយចិត្ត ហើយរក្សាការចងចាំល្អៗ*

#អនុស្សាវរីយ៍៣៤ឆ្នាំ
#អ្នកនិពន្ធរតនា
០១០៦២០២០ See Less

ពីប្អូនស្រី Seang Pisey វីថីជីវិត reviewed

#កាហ្វេខ្មៅពេលដាក់ចូលក្នុងមាត់ល្វីងពេលដែលចូលដល់បំពងកប្រែទៅជាផ្អែមទៅវិញ

រស់នៅលើភពផែនដីតែមួយ តែមនុស្សប្រើបេះដូងផ្សេងគ្នា។អ្នកខ្លះរស់ដើម្បីផ្តល់ការស្រលាញ់ និងផ្តល់អារម្មណ៍ត្រជាក់ដល់មនុស្សដែកនៅក្បែរ ។ ជីវិតមិនបាច់អស្ចារ្យពេកទេ គ្រាន់តែរស់នៅក្បែរដែលមនុស្សខ្លួនស្រលាញ់គឺមានសុភមង្គលហើយ

។ (វិថីជីវិតររបស់វីរិយ៉ានិពន្ធដោយស្នាដៃ អ្នកនិពន្ធ រតនា ចុះវិថីជិតអ្នក………..?

#សៀវភៅវិថីជីវិត

ប្រភពហ្វេសប៊ុក https://www.facebook.com/photo?fbid=564365930943406&set=a.108709896509014​

ស៊ួឱ្យដូចព្រះអាទិត្យ

ខ្ញុំឃើញព្រះអាទិត្យលិចនិងរះឡើងវិញជាប្រចាំ។ ព្រះអាទិត្យជះពន្លឺសាចដល់មនុស្សរូបដោយមិនរើសអើង។
តែខ្ញុំឃើញភាពរើសអើងរបស់មនុស្សចំពោះព្រះអាទិត្យទៅវិញទេ!

ជាច្រើនដងដែលខ្ញុំតែងនឹកដល់មនុស្សកំពុងទូលទុក្ខក្នុងបន្ទប់ងងឹតសូន្យ នៅពេលដែលខ្ញុំឃើញព្រះអាទិត្យរះ និងលិច។

ព្រះអាទិត្យស្អាតណាស់! តែអ្នកមានទុក្ខមិនចាប់អារម្មណ៍ទេ! ក្នុងចិត្តរបស់ពួកគាត់ចង់តែដួល មិនចង់ក្រោកមកទទួលថ្ងៃថ្មីវិញសោះ។ ខ្ញុំមិនដឹងទេថាគាត់បានដួលប៉ុន្មានដងមកហើយ តែខ្ញុំចង់ឱ្យគាត់សួរទៅព្រះអាទិត្យ តើព្រះអាទិត្យធ្លាប់លិចប៉ុន្មានដងហើយ? ព្រះអាទិត្យមានធ្លាប់បោះបង់លែងចង់ជះពន្លឺមកលើផែនដីនេះម្តងណាទេ?

ព្រះអាទិត្យរះរាល់ថ្ងៃ បើទោះជាត្រូវលិចទៅវិញនៅពេលល្ងាច បើទោះជាថ្ងៃខ្លះមានពពកខ្មៅបាំង មានភ្លៀង តែព្រះអាទិត្យមិនធ្លាប់ចុះចាញ់ទេ រាល់ពេលដែលថ្ងៃថ្មីមកដល់ព្រះអាទិត្យនៅតែខំរះ។

ជីវិតមនុស្សក៏ដូចគ្នា អ្នកទទួលបានថ្ងៃថ្មីរាល់ថ្ងៃ បើទោះថ្ងៃខ្លះពិបាកក្រោកបន្តិច ថ្ងៃខ្លះអួលអាប់បន្តិច បើខំតែក្រោករាល់ថ្ងៃដូចព្រះអាទិត្យ គង់តែមានថ្ងៃអ្នកអាចជះពន្លឺបានដូចគ្នា។
កុំទន់ជ្រាយណា៎ រាល់ជីវិតតែងជួបបញ្ហា ថ្ងៃនេះស្រាយមិនទាន់បាន ខំព្យាយាមបន្តិចទៀត ថ្ងៃស្អែកលែងអីហើយ។

រឹងមាំណា៎! មនុស្សជាទីស្រលាញ់❤️
#អត្ថបទអ្នកនិពន្ធរតនា

ជីវិតបែបនេះហើយទើបជាសេចក្តីសុខ

ពេលវេលានៅម្នាក់ឯង ជាពេលដែលអំណោយផលបំផុត ពេលនេះហើយដែលអ្នកមានឱកាសស្គាល់ខ្លួនឯងបានច្រើន និងមានឱកាសបានស្និទ្ធស្នាលជាមួយខ្លួនឯង។
ដូច្នេះអ្នកអាចសួរនាំខ្លួនឯងបានច្រើន ថាតើអ្នកបានធ្វើអ្វីខ្លះហើយអ្វីទាំងនោះមានចំណុចណាខ្លះ គួរ ឬមិនគួរធ្វើ ហើយអាចពន្យល់ប្រាប់ខ្លួនឯងថាតើគួរឬមិនគួរធ្វើអ្វីនៅពេលបន្ទាប់ ថ្ងៃនេះនិងថ្ងៃស្អែក ឬថ្ងៃខាងមុខ។

ពេលវេលានេះហើយដែលអំណោយផលបំផុតដល់អ្នក
អ្នកអាចសម្លឹងមើលមនុស្សជុំវិញខ្លួនអ្នក នៅក្នុងបរិយាកាសដែលអ្នកកំពុងអង្គុយតាំងនៅ មើលពីតថភាពរស់នៅរបស់ពួកគេ ហើយធ្វើការប្រៀបធៀបនឹងខ្លួនឯង សួរខ្លួនឯងថាតើមានអ្វីខ្លះដែលអ្នកត្រូវតែធ្វើបន្ថែមដើម្បីបានជីវិតមួយដែលអ្នកត្រូវការ?
បន្ទាប់ពីនោះហើយ អ្នកនឹងត្រូវគិតថាដើម្បីធ្វើរឿងទាំងនោះ តើអ្នកគួរតែចាប់ផ្ដើមពីអ្វី? គួរចាប់ផ្តើមពីពេលណា? រួចហើយកំណត់ពេលបញ្ចប់មួយ ដើម្បីដើរទៅរកផ្លូវមួយដែលអ្នកត្រូវការ។
ឆាកជីវិតរបស់មនុស្សមិនមែនរស់នៅសម្រាប់តែមួយថ្ងៃនោះទេ។ មួយជីវិតអាចរស់បានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំ រស់បានយូរប៉ុណ្ណាវាក៏សំខាន់ តែសំខាន់ជាងនេះគឺការរស់នៅដោយអភិវឌ្ឍន៍។ អ្នកត្រូវដឹកនាំខ្លួនឯងទៅមុខជានិច្ច តែងតែដាក់គោលដៅ កំណត់គោលការណ៍ក្នុងការរស់នៅ បង្កើតក្តីស្រមៃជាបន្តបន្ទាប់។
ជីវិតបែបនេះហើយទើបជាជីវិតដែលគួរឱ្យចង់រស់នៅ ព្រោះអ្នកចេះផ្តល់ភាពជោគជ័យឱ្យជីវិតជាបន្តបន្ទាប់
ជីវិតបែបនេះហើយទើបជាសេចក្តីសុខ តែត្រូវចាំទុកថា សុខយ៉ាងណាកុំឱ្យទុក្ខទៅអ្នកដទៃ នោះទើបអ្នកអាចមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។

ញញឹមឱ្យបានច្រើនណា៎

កើតអីហ្នឹង?
សុខៗក៏លែងសើច មុខនេះខានញញឹមប៉ុន្មានថ្ងៃហើយ?
បើក camera selfies បន្តិចមើល៍ កុំគិតថាឱ្យយកមកថតអី ឱ្យយកមកឆ្លុះមុខតើ អត់សើចអ៊ីចឹងគិតថា camera វាចង់ផ្តិតរូបយើងទេ? បើវាចេះនិយាយវានឹងស្តីឱ្យហើយ ញញឹមមិនស្រស់ហាមថត! 😁
មុខនេះមានតែមួយទេ! តែជម្រើសមាន២ជាប្រចាំ មិនសើចគឺយំ! បើជ្រើសយំកុំស្តាយសើចអី!
វិបត្តិនេះណា៎ អ្នកណាក៏មានដែរ តែអ្នកដែលមិនបញ្ចេញមកក្រៅមកពីគាត់ចេះគ្រប់គ្រង ចេះទទួលយកការពិត។
អ្នកដែលមិនព្រមសើចនេះហើយ ចូលចិត្តលង់ខ្លួនក្នុងភាពមិនពិត ចាប់ហើយមិនព្រមលែង ចង់ឱបយកគ្រប់យ៉ាង។
ជឿទៅ! ជីវិតយើងនេះ យើងរក្សាមិនគង់ផង ទៅចង់រក្សាអី ក្តីស្រលាញ់ សំណាង លាភយស អីអស់ហ្នឹង?
បើវាដល់ពេលទៅហើយឱ្យវាទៅៗ ចាប់ផ្ដើមសាករសជាតិថ្មីទៅមើល វាជូ វាប្រៃប៉ុនណា?
កើតមកមួយជាតិត្រូវព្រមសាកឱ្យបានច្រើនរសជាតិ ដើម្បីអាចមានមេរៀនទៅបង្រៀនក្មេងជំនាន់ក្រោយផង។
កុំកើតមកមួយជាតិដើម្បីតែស្លាប់ទៅវិញធ្វើអី!
គិតយល់ហើយឈប់សោកសៅទៀតទៅ!
បើក camera selfie ម្តងទៀតមើល៍ បើញញឹមស្រស់ហើយថតផ្ញើឱ្យមើលផង
ស្រលាញ់អ្នកអានរបស់ខ្ញុំណាស់ ❤️
ញញឹមឱ្យបានច្រើនណា៎

នរណាក៏ខ្លាចការឈឺចាប់ដែរ!

អ្នកមិនចាំបាច់លាក់បាំងស្នាមបែករបស់កែវនោះទេ ប្រសិនបើអ្នកបានបិតស្នាមបែកនោះជាប់វិញហើយ បើអ្នកចេះរចនានៅលើស្នាមបែកនោះ ស្នាមបែកនឹងក្លាយជាអំនួត លើកសម្រស់របស់កែវទៅវិញទេ។

តែ! ប្រសិនបើអ្នកមិនបានធ្វើការផ្លាស់ប្តូរបែបវិជ្ជមានទៅលើកែវដែលបែកនោះទេ អ្នកកុំរំពឹងថានឹងមានអភិនីហាអាចផ្សារភ្ជាប់ឡើងវិញនូវស្នាមបែករបស់កែវនោះឡើយ កែវដែលបែកហើយនឹងក្លាយជាអំបែង! គតិអវិជ្ជមានប្រៀបដូចជាការយកកែវដែលបែកនោះទៅគប់បំបែបបន្ថែមដូច្នោះដែរ។

អំបែងកែវ គ្មាននរណាចង់ប៉ះពាល់ទេ! នរណាទៅមិនខ្លាចអំបែងមុតរបួសដល់ស្បែកនោះ? នរណាក៏ខ្លាចការឈឺចាប់ដែរ!
ចូរកុំយកស្នាមចាស់របស់អ្នកទៅធ្វើជាអំបែងនាំឱ្យរបួសដល់មនុស្សដែលអ្នកទើបនឹងជួបអី!
មុនពេលចេញទៅក្រៅជួបមនុស្សថ្មី គប្បីផ្សារភ្ជាប់ និងរចនាស្នាមបែកនៃកែវរបស់អ្នកសិនទៅ!