លោមស្នេហ៍នារាត្រីអង្គារ

រាត្រីអង្គារ
ចិត្តទន់នឹកនា
ដល់ម្ចាស់ស្នេហា
បើទោះទើបជួប
ឱបថើបកាយា
អារម្មណ៍ជីវ៉ា
នៅតែរឮក។

រាត្រីអង្គារ
ស្នេហ៍ងប់ពុំងារ
បន់ឱ្យជួបញឹក
ចង់តែក្រសោប
ឱបកាយល្ងាចព្រឹក
បំពេញចិត្តនឹក
ធំវាស់លែងបាន។

រាត្រីអង្គារ
បើនាងរងារ
ប្រាប់ផងកល្យាណ
ទោះមិនអាចហោះ
ទៅជួបឱបប្រាណ
អាចឱបភុំផាន
តាមខ្យល់ស្រលាញ់។

រាត្រីអង្គារ
ជ្រុលចិត្តស្ម័គ្រគ្នា
នាងកុំចុះចាញ់
ទោះផ្លូវស្នេហ៍នេះ
ឧបសគ្គត្របាញ់
ទុក្ខវេញសំណាញ់
យើងកុំបោះបង់។

រាត្រីអង្គារ
សូមចិត្តស្ងួនភ្ងា
រឹងមាំអាចអង់
រក្សាជំហរ
ថែស្នេហ៍យូរលង់
ឈឺយ៉ាងណាគង់
មិនលែងដៃគ្នា។

#កំណាព្យអ្នកនិពន្ធរតនា
#លោមស្នេហ៍នារាត្រីអង្គារ
២១ មករា ២០២០

កើយភ្លៅលោមស្នេហ៍

កើយភ្លៅគន់មេឃ
នាងល្អខ្លាំងពេក
សែនលង់កល្យាណ
ស្នេហ៍នាងខ្លាំងណាស់
នឹកនាមិនស្រាន្ត
ចង់តែកៀកប្រាណ
បានចាប់ដៃកាន់។

កើយភ្លៅរាប់ផ្កាយ
គន់ភ័ក្ត្រឆោមឆាយ
ស្រស់ជាងដួងច័ន្ទ
គន់មើលយូរទៅ
ចិត្តសែនស្រលាញ់
នាងល្អពេញក្នាញ់
ឱ្យខ្ញុំស្នេហ៍ពេក។

កើយភ្លៅកន្និដ្ឋា
អង្អែលភ័ក្ត្រា
សម្លឹងមន្តភ្នែក
ពន្លឺស្នេហា
ជះមកអនែក
ស្រោចស្រពគ្រប់ផ្នែក
គ្រប់ថតបេះដូង។

កើយភ្លៅថើបដៃ
ស្នេហ៍កើនរាល់ថ្ងៃ
ជាងផ្កាយទាំងហ្វូង
រាប់ទាំងខែផង
ដែលរះព្រាតព្រោង
មិនអាចយិតយោង
ស្មើចិត្តស្នេហ៍ពៅ។

កើយភ្លៅលោមស្នេហ៍
នាងអើយសុំក្បែរ
សុំបានថ្នមនៅ
ក្តីស្នេហ៍មួយនេះ
សុំជ្រកឱ្យជ្រៅ
ឱ្យស៊ីជម្រៅ
ក្នុងបេះដូងនាង។

#កើយភ្លៅលោមស្នេហ៍
#កំណាព្យអ្នកនិពន្ធរតនា
២៦ មករា ២០២០

ពីប្អូនស្រី Pleng Chan វិថីជីវិត Book’s Review

ចង់ប្រាប់ថាស្រលាញ់វីរិយ៉ាពេញបេះដូង។ អ្វីដែលខ្ញុំរៀនបានពីសៀវភៅមួយនេះគឺជាមនុស្សស្រីត្រូវតែរឹងមាំ ហ៊ានតតាំងដើម្បីក្ដីស្រមៃ។ ជាមនុស្សប្រុសត្រូវតែច្បាស់លាស់ចំពោះអ្វីដែលខ្លួនឯងបានធ្វើ។
មនោសញ្ចេតនា! បើគេពិតជាស្រលាញ់យើងមែន គេគួរតែជាមនុស្សដែលគាំទ្ររាល់ក្ដីស្រមៃរបស់យើង និងអាចរង់ចាំយើងសម្រេចវាបាន។
ជ្រើសរើសសេពគប់មនុស្សវិជ្ជមានព្រោះពួកនឹងក្លាយជាផ្នែកដែលជំរុញយើងឱ្យដល់គោលដៅ។

មិនថាយើងមានប្រភពមកពីណានោះទេ យើងមានសិទ្ធដើរទៅរកក្ដីប្រាថ្នារបស់យើងឱ្យតែយើងមិនបោះបង់
ពេលខ្លះជីវិតប្រៀបដូចជាកាហ្វេ បើមិនព្រមលេបយករសជាតិល្វីងនោះទេ ក៏គ្មានថ្ងៃបានស្គាល់រសជាតិផ្អែមនោះដែរ សាកដួលខ្លះទៅ!

ប្រភពហ្វេសប៊ុក https://www.facebook.com/naknipunratana2018

អរុណកាហ្វេ

អរុណសួស្តី
អរុណព្រឹកថ្មី
ដែនដីកម្ពុជា
អរុណត្រជាក់
ឆាប់ភ្ញាក់ម្នីម្នា
ហៅរកគ្នីគ្នា
មកញ៉ាំកាហ្វេ។

ទឹកខ្មៅគ្មានស្ករ
រសកាហ្វេល្អ
ក្រេបគ្មានល្វីងទេ
ក្លិនឆ្ងប់ឆ្ងុយឆ្ងាញ់
ពិសេសតាមពេល
ពិសេសជាងគេ
ពេលផឹកនឹងប្រាជ្ញ

ព្រឹកនេះសំណាង
មានអ្នកស្អិតស្អាង
ឱ្យបានចរចាច
បានផឹកកាហ្វេ
សន្ទនាកក្អាច
រៀនចេះសសាច
ពីប្រាជ្ញរៀមច្បង។

#អរុណកាហ្វេ
#កំណាព្យអ្នកនិពន្ធរតនា
២៧ មករា ២០២០

អនុស្សាវរីយ៍ក្រោមខែមួយចំនិត

ខែមួយចំណិត
រសើបដួងចិត្ត
ចង់សសៀរក្បែរ
ចង់បីប្រលោម
ឱបថើបថ្នមថែ
សុំចិត្តមាសស្នេហ៍
កុំកំណាញ់កាយ។

ខែមួយចំណិត
ស្រលាញ់អាណិត
មិនដែលចង់ឆ្ងាយ
ឃ្លាតតែពេលខ្លី
នឹកណាស់ឆោមឆាយ
ចិត្តមិនរសាយ
រឭកក្លិនខ្លួន។

ខែមួយចំណិត
បងស្នេហ៍បងគិត
ជាគូថែថួន
ក្តីស្នេហ៍អមតៈ
ទុកជូននឹមនួន
សូមស្រីមាសស្ងួន
ជឿចិត្តរៀមរ៉ា។

ខែមួយចំណិត
មើលចុះវមិត្រ
ភ្លឺគ្របលោកា
សម្រស់ខែនេះ
អូនពេញចិន្តា
មើលចុះជីវ៉ា
បងកំដរស្រី

ខែមួយចំណិត
សូមចាំរឿងពិត
រឿងស្នេហ៍ភក្តី
អនុស្សាវរីយ៍
ខ្ញុំនិងពិសី
សាសងថើបស្រី
ក្រោមពន្លឺខែ។

#អនុស្សាវរីយ៍ក្រោមខែមួយចំនិត
#កំណាព្យអ្នកនិពន្ធរតនា
៣០ មករា ២០២០

សារភាពស្នេហាតាមការShare

ស្រណោះស្រណោច
ចិត្តអើយស្ទើរខ្លោច
អាណិតខ្លួនឯង
លួចស្រលាញ់គេ
រាល់ថ្ងៃចំបែង
គិតគេបែកផ្សែង
គេធ្វើមិនដឹង។

អាសូរខ្លួនណាស់
ដូចមានកម្មក្រាស់
ព្រោះរឿងស្នេហ៍ហ្នឹង
ស្នេហ៍គេតែឯង
ពិបាកអ៊ីចឹង
តែកំសាករឹង
មិនហ៊ានប្រាប់ថ្លៃ។

តឹងចិត្តម្តងៗ
ចង់តែសាកល្បង
ប្រាប់ទៅចរណៃ
តែខ្លាចប្រាប់ទៅ
ប្រែជាដល់ថ្ងៃ
គេអាចលែងដៃ
សុំបីត្រឹមមិត្ត។

លួចស្នេហ៍លួចទុក្ខ
ចិត្តលែងស្រណុក
រាល់ថ្ងៃនឹកគិត
រិះរកវិធី
បានប្រាប់ការពិត
ពីចិត្តដាមដិត
លង់លិចព្រោះស្នេហ៍។

Crushអើយសូមដឹង
Shareរាល់ថ្ងៃហ្នឹង
មិនមែនចោលដែល
ខ្ញុំShareឱ្យដឹង
ពីចិត្តចង់ថែ
អានហើយគួរតែ
Commentតបផង។

#សារភាពស្នេហ៍តាមshare
#កំណាព្យអ្នកនិពន្ធរតនា
០១ កុម្ភៈ ២០២០

ថ្ងៃបុណ្យស្នេហា

ថ្ងៃបុណ្យស្នេហា
នាងរង់ចាំផ្កា
ជាអំណោយចង
ត្បិតនាងស្រលាញ់
ទើបចេះតែប៉ង
បានឱបត្រសង
បាច់ផ្កាអ្នកឲ្យ។

ថ្ងៃបុណ្យស្នេហា
មិនអត់អ្នកណា
ចង់ជូននាងឡើយ
បាច់ផ្កាកាដូ
មិនខ្វះសោះហើយ
តែនាងព្រងើយ
ព្រោះនាងស្មោះអ្នក។

ថ្ងៃបុណ្យស្នេហា
បើជាសង្សារ
គួរដឹងជ្រៅរាក់
កំណាញ់ធ្វើអី
ត្រឹមផ្កាមួយមាក់
ឱ្យនាងរីកភ័ក្ត្រ
ជូននាងផងទៅ

ថ្ងៃបុណ្យស្នេហា
កុំលួចសាវា
កើនស្នេហ៍ខុសផ្លូវ
កុំនាំកូនគេ
សាងរឿងអាស្រូវ
កិត្តិយសលែងនៅ
នាងនឹងវិប្បដិ។

#ថ្ងៃបុណ្យស្នេហា
១៣ កុម្ភៈ ២០២០
#កំណាព្យអ្នកនិពន្ធរតនា

ពីប្អូនស្រីកូនផ្កាឈូក វថីជីវិត Book’s Review

ពេលដែលបានអានទើបដឹងថាបងៗបោកខ្ញុំ  ខំតែហៅនាងតូចវីរិយ៉ាតាមពួកគាត់។ មានទៅដឹងអីលោកអើយ! នាងតូចនេះអាយុដល់ទៅ 25 ឆ្នាំ។ ខ្ញុំគួរតែហៅអ្នកបងវីរិយ៉ា វិញទើបត្រូវ !!? okay សម្រេចចឹងចុះ ព្រោះគាត់អាយុបងខ្ញុំច្រើនណាស់។  
“ដំបូងលាន់មាត់” អ្នកបង វីរិយ៉ាអើយ! អីក៏ក្បាលខូចម្ល៉េះទេ! ដឹងធ្វើចឹងគេលង់អត់ ហើយម្ញ៉ិម្ញក់ ម្ល៉ឹងៗ បងវិមន្តមិនស្លាប់ទៅហើយទេអី?
“បន្ទាប់មក” អ្នកបង វីរិយ៉ាអើយ អីក៏រឹងមាំម្ល៉េះ? រឹងមាំមិនអីប៉ុន្មានទេ ខ្ញុំនៅទទួលយកបាន តែអាចិត្តដាច់នេះ មិនបាច់យាយទេ ហេតុអី? ហេតុអីធ្វើស៊ីផ្លូវចិត្តខ្ញុំយ៉ាងនេះ ?? ពេលដែលឃើញភាពរឹងមាំបិទបាំងភាពទន់ខ្សោយរបស់តួអង្គយ៉ាងនេះមានដឹងទេថាចិត្តអ្នកដែលកំពុងអានក្ដុកក្ឌួលប៉ុនណា? ពិបាកពណ៌នាប៉ុនណា? អាណិតអ្នកបងវីរិយ៉ាណាស់ ហើយក៏ឆ្លៀតមកអាណិតខ្លួនឯង។

“សារថ្លែងអំណរគុណ” អរគុណបងវិមន្ត ដែលតែងតែយកកាហ្វេខ្មៅមកឱ្យរាល់ថ្ងៃ ទោះមិនបានយល់ពីអត្ថន័យក៏ទុកថាយល់ចិត្ត។ អរគុណដែលស្រលាញ់ព្រមទាំងរង់ចាំចម្លើយពី អ្នកបងវីរិយ៉ា របស់ខ្ញុំ។ តើអ្នកបងវីរិយ៉ា គួរនិយាយសុំទោសឬ ក៏បង វិមន្តត្រូវអរគុណ អ្នកបងរបស់ខ្ញុំ ដែលគាត់បានផ្ដល់ឱកាសឱ្យបងបានជ្រើសរើសផ្លូវដ៏ល្អសម្រាប់ខ្លួនឯង ? ដំបូងខ្ញុំក៏មិនយល់ដែល ហើយក៏ស្រក់ទឹកភ្នែករួចហើយដែរ។ តែបន្ទាប់មកខ្ញុំក៏យល់ចិត្តគាត់ហើយ គឺមកពីគាត់បានដឹងថាអ្វីដែលបងវិមន្ត មានចំពោះគាត់មិនមែនជាក្ដីស្រលាញ់បែបស្នេហានោះទេ!!!
មនុស្សម្នាក់ៗបានចំណាយពេលវេលាស្ទើរតែមួយជីវិតដើម្បីស្វែងរក សុភមង្គលសម្រាប់ខ្លួនឯងគ្រប់ផ្លូវគ្រប់មធ្យោបាយដើម្បីឱ្យខ្លួនឯងបានសុខ ពេលខ្លះក៏ជ្រើសរើសផ្លូវដើរខុសបណ្ដាលឱ្យកើតជាទុក្ខ។ ពេលខ្លះនៅជាមួយនឹងសេចក្ដីសុខតែមិនដឹងខ្លួន។

អរគុណសៀវភៅមួយក្បាលនេះធ្វើឱ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរយ៉ាងច្រើន ផ្លាស់ប្ដូរខ្លួនឯងមករកជីវិតមួយដែលមិនវង្វេងដូចមុន
ពីខ្ញុំ #កូនផ្កាឈូក

#វិថីជីវិត
#អ្នកនិពន្ធរតនា

ពីប្អូនស្រីកូនផ្កាឈូក អនុស្សាវរីយ៍៣៤ឆ្នាំ Book’s Review

បងស្រី អតីត កញ្ញារដ្ឋបាល! បងមានដឹងខ្លួនទេថាបានធ្វើឱ្យខ្ញុំរំភើបម្ដងទៀតហើយចំពោះស្នាដៃថ្មីមួយនេះរបស់បង។ អាចថាខ្ញុំជាមនុស្សស្រមើរស្រមៃច្រើនក៏ថាបានដែរ គ្រាន់តែអានសោះគិតឃើញដល់រូបភាព អីណាអីណី សុទ្ធតែថាខ្លួនឯងហ្នឹងមានបងប្អូនរស់នៅជួបជុំគ្រួសារសើចតែឯងទៅ លោកអើយទាំងដែលការពិតជាកូនទោលសោះ ហិហិ…។ មិនចង់យាយទេគិតៗទៅអានបណ្ដើរស្រមៃបណ្តើរដល់ពេលដែលនៅតូចញ៉េបៗ ពេលរត់លេងនៅក្នុងភូមិ ជុំវិញភូមិ នៅក្នុងសាលារៀន ជុំវិញផ្ទះចាស់ ហ៊ើយ… អីក៏សប្បាយម្ល៉េះទេលោកអើយ។

 អនុស្សាវរីយ៍34 ឆ្នាំរបស់បងរតនាបានធ្វើឱ្យខ្ញុំ គិតពីរយៈ 17 ឆ្នាំនៃជីវិតរបស់ខ្ញុំដោយឆ្លេចយកតែរូបភាពល្អៗយកមកបានជាអនុស្សាវរីយ៍ 17ឆ្នាំ ដែលនៅក្នុងចិត្តខ្ញុំនៅឡើយមិនទាន់បានសរសេរចេញមក តែក៏រីករាយនៅពេលដែលនឹកដល់។ អរគុណបងណាស់ដែរធ្វើឱ្យខ្ញុំមានឱកាសបានធ្វើជាអ្នកនិពន្ធសម្រាប់ខ្លួនឯង ដោយផ្ដើមពីការសរសេរឡើងនូវ អនុស្សាវរីយ៍17 ឆ្នាំ ហើយនឹងបន្តនិពន្ធសាច់រឿននៃជីវិតនេះទៅមុខទៀត ឱ្យក្លាយទៅជាសាច់រឿងដ៏ល្អបំផុត ដោយមានតែការចងចាំល្អៗ រហូតដល់ពេលវេលាចុងក្រោយដែលត្រូវប្រើពាក្យថា “លា”

ជីវិតជោគជ័យមិនចាំបាច់ត្រូវតែរៀបរាប់ពីភាពជូរចត់ដែលធ្លាប់មានទេ។
ចង់សូនជីវិតមួយដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល អ្នកគប្បីរៀនបំភ្លេចរឿងដែលមិនសប្បាយចិត្ត ហើយរក្សាការចងចាំល្អៗ។

អរគុណខ្លាំងណាស់ចំពោះវត្តមានរបស់អ្នកមកក្នុងជីវិតរបស់ខ្ញុំ សប្បាយចិត្តដែលបានស្គាល់អ្នក និងបានយល់ពីចិត្តរបស់អ្នក។

ប្រភពហ្វេសប៊ុក

ពេលដែលបានអានទើបដឹងថាបងៗបោកខ្ញុំ  ខំតែហៅនាងតូចវីរិយ៉ាតាមពួកគាត់។ មានទៅដឹងអីលោកអើយ! នាងតូចនេះអាយុដល់ទៅ 25 ឆ្នាំ។ ខ្ញុំគួរតែហៅអ្នកបងវីរិយ៉ា វិញទើបត្រូវ !!? okay សម្រេចចឹងចុះ ព្រោះគាត់អាយុបងខ្ញុំច្រើនណាស់។  
“ដំបូងលាន់មាត់” អ្នកបង វីរិយ៉ាអើយ! អីក៏ក្បាលខូចម្ល៉េះទេ! ដឹងធ្វើចឹងគេលង់អត់ ហើយម្ញ៉ិម្ញក់ ម្ល៉ឹងៗ បងវិមន្តមិនស្លាប់ទៅហើយទេអី?
“បន្ទាប់មក” អ្នកបង វីរិយ៉ាអើយ អីក៏រឹងមាំម្ល៉េះ? រឹងមាំមិនអីប៉ុន្មានទេ ខ្ញុំនៅទទួលយកបាន តែអាចិត្តដាច់នេះ មិនបាច់យាយទេ ហេតុអី? ហេតុអីធ្វើស៊ីផ្លូវចិត្តខ្ញុំយ៉ាងនេះ ?? ពេលដែលឃើញភាពរឹងមាំបិទបាំងភាពទន់ខ្សោយរបស់តួអង្គយ៉ាងនេះមានដឹងទេថាចិត្តអ្នកដែលកំពុងអានក្ដុកក្ឌួលប៉ុនណា? ពិបាកពណ៌នាប៉ុនណា? អាណិតអ្នកបងវីរិយ៉ាណាស់ ហើយក៏ឆ្លៀតមកអាណិតខ្លួនឯង។

“សារថ្លែងអំណរគុណ” អរគុណបងវិមន្ត ដែលតែងតែយកកាហ្វេខ្មៅមកឱ្យរាល់ថ្ងៃ ទោះមិនបានយល់ពីអត្ថន័យក៏ទុកថាយល់ចិត្ត។ អរគុណដែលស្រលាញ់ព្រមទាំងរង់ចាំចម្លើយពី អ្នកបងវីរិយ៉ា របស់ខ្ញុំ។ តើអ្នកបងវីរិយ៉ា គួរនិយាយសុំទោសឬ ក៏បង វិមន្តត្រូវអរគុណ អ្នកបងរបស់ខ្ញុំ ដែលគាត់បានផ្ដល់ឱកាសឱ្យបងបានជ្រើសរើសផ្លូវដ៏ល្អសម្រាប់ខ្លួនឯង ? ដំបូងខ្ញុំក៏មិនយល់ដែល ហើយក៏ស្រក់ទឹកភ្នែករួចហើយដែរ។ តែបន្ទាប់មកខ្ញុំក៏យល់ចិត្តគាត់ហើយ គឺមកពីគាត់បានដឹងថាអ្វីដែលបងវិមន្ត មានចំពោះគាត់មិនមែនជាក្ដីស្រលាញ់បែបស្នេហានោះទេ!!!
មនុស្សម្នាក់ៗបានចំណាយពេលវេលាស្ទើរតែមួយជីវិតដើម្បីស្វែងរក សុភមង្គលសម្រាប់ខ្លួនឯងគ្រប់ផ្លូវគ្រប់មធ្យោបាយដើម្បីឱ្យខ្លួនឯងបានសុខ ពេលខ្លះក៏ជ្រើសរើសផ្លូវដើរខុសបណ្ដាលឱ្យកើតជាទុក្ខ។ ពេលខ្លះនៅជាមួយនឹងសេចក្ដីសុខតែមិនដឹងខ្លួន។

អរគុណសៀវភៅមួយក្បាលនេះធ្វើឱ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរយ៉ាងច្រើន ផ្លាស់ប្ដូរខ្លួនឯងមករកជីវិតមួយដែលមិនវង្វេងដូចមុន
ពីខ្ញុំ #កូនផ្កាឈូក

#វិថីជីវិត
#អ្នកនិពន្ធរតនា

ប្រភពហ្វេសប៊ុក https://www.facebook.com/littlepinklovesbooks/photos/a.133621964814903/133961401447626/?type=3&theater

ពីប្អូនស្រីកូនផ្កាឈូក សំណោកអនុស្សាវរីយ៍ Book Review

ចំណងជើងនេះសក្តិសមណាស់ សៀវភៅមួយក្បាលនេះមានន័យណាស់ ស្មានមិនដល់ទេថាដល់ថ្នាក់ហ្នឹង លើសពី វីរិយ៉ា របស់អូនទៀត។នេះដល់ថ្នាក់អានមិនចង់អោយចប់ភ្លាមទេ គួរតែយល់ហើយ!!

តម្លៃអប់រំនៅក្នុងនេះមានច្រើនណាស់ របៀបថាគ្មានមួយទំព័រណាដែលគ្មានតម្លៃអប់រំទេ។ ការសម្រេចចិត្តមែនទេ? ហេតុអីបានជារឿងនេះដាក់ទោសទៅលើការសម្រេចចិត្តលឿនបែបនេះ អារម្មណ៍មែនទេ ហេតុអីក៏មនុស្សតែងតែមិនយល់ពីអារម្មណ៍របស់ខ្លួនឯង ចុះបេះដូងហេតុអីក៏ការដើរទៅតាមបេះដូងរបស់ វិសេសជារឿងមិនត្រឹមត្រូវ?? សំណួរទាំងនេះបានលេចឡើងស្របពេលដែលខ្ញុំកំពុងតែអាន……

ចម្លើយមែនទេ? ចម្លើយគឺរកឃើញពេលដែលខ្ញុំអានចប់។ ជាការបង្រៀនដល់អ្នកអាន

កុំប្រើអារម្មណ៍ក្នុងការសម្រេចចិត្ត កុំភ្លេចសួរបេះដូងខ្លួនឯងមុននឹងធ្វើការសម្រេចចិត្ត កុំបណ្ដោយអោយខ្លួនឯងដើរទៅតាមបេះដូង ដោយមិនធ្វើការពិចារណាជាមុន កុំប្រើបេះដូងខ្លួនឯង បំផ្លាញបេះដូងអ្នកដទៃ កុំយកលេសក្ដីស្រលាញ់បងបាំងមុខ ភាពមិនស្មោះត្រង់អស់ពីចិត្ត។

ទំនួលខុសត្រូវមានសារៈសំខាន់បំផុតនៅក្នុងជីវិតប្រចាំថ្ងៃ តែសូមកុំយកលេសទំនួលខុសត្រូវទៅប្រើដើម្បីតែគេចវេសពីបញ្ហាផ្សេង ។ ណារ័ត្ន ជាតួអង្គដែលមានទំនួលខុសត្រូវខ្ពស់ តែណារ័ត្នមិនមែនជាមនុស្សស្មោះត្រង់ទេ គេប្រើពាក្យទំនួលខុសត្រូវដើម្បីតែគេចពីបញ្លាដែលគេ មិនហ៊ានទទួលនិង មិនព្រមដោះស្រាយតែប៉ុណ្ណោះ ។

ការទទួលដឹងកំហុសសម្រាប់ខ្ញុំ គឺវាជាមន្តស្នេហ៍ដ៏មានអំណាចបំផុត។ ស្រលាញ់វិសេសដែលព្រមទទួលដឹងកំហុស នៅពេលបង្កើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ តែក៏ខឹងវិសេសដែរ ចំពោះរឿងស្នេហា មិនហ៊ានចេញមុខដោះស្រាយបញ្ហាទទួលកំហុសតែមាត់តែមិនបញ្ចេញសកម្មភាព សម្រាប់បេះដូង។

ការលះបង់មិនថាមិត្តភាពឬស្នេហាត្រូវតែមានការលះបង់ លះបង់ដោយមិនខ្វល់ពីលទ្ធផលមកវិញឡើយ។ ហេតុអីបានជា នុច្ឆកានិង Christ លះបង់គ្រប់យ៉ាងបែបនេះ ក៏ព្រោះតែក្ដីស្រលាញ់មែនទេ?? គឺមែនហើយ! តួអង្គទាំងពីរ នេះហើយដែលជាគម្រូដ៏ល្អបំផុតសម្រាប់ខ្ញុំ មិនថាចំពោះរឿងមិត្តភាពឬស្នេហា គេធ្វើបានល្អណាស់

តួនាទីជាម្ដាយឳពុក អ្នកណាមិនស្រលាញ់មិនបារម្ភកូននោះ ដឹងថាកូនមានទុក្ខត្រូវតែជួយដោះស្រាយហើយ ដំបូងអានទៅអន់ចិត្តពេលប៉ាម៉ាក់របស់ណារ័ត្ន បដិសេធមិនទទួលសំណើររបស់ នុច្ឆកា តែយកមកគិតហើយក៏យល់ច្បាស់ យល់ពីក្ដីស្រលាញ់ដ៏គ្មានព្រំដែនរបស់ម៉ាក់ប៉ា

ការទទួលយកការពិតការព្រមប្រឈមមុខ និងការចេះកែប្រែកំហុសវាជារឿងដ៏ប្រសើរបំផុត ហើយអ្វីដែលសំខាន់ជាងនេះ ត្រូវដឹងថា “មនុស្សយើងគ្រប់គ្នារវល់ណាស់ គ្មានពេលទំនេរទេ តើវាល្អទេដែលយករឿងទុក្ខសោកមកទុកមកគិត ក្នុងខ្លួនចំណាយពេលឥតប្រយោជន៍ទៅលើវា តើចំណេញទេ? អត់ទេ ចឹងហើយត្រូវតែប្រញ៉ាប់ធ្វើរឿងដែលមានប្រយោជន៍សម្រាប់ជីវិតទៅ កុំឥតប្រយោជន៍ច្រើនពេក យើងគ្មានពេលច្រើនទេ”

អរគុណបងស្រី អ្នកនិពន្ធ រតនា សម្រាប់ស្នាដៃទី3 របស់បងលើកនេះពិសេសជាងមុនៗទៅទៀត អូនយល់បានច្រើនណាស់ហើយក៏ចងចាំមិនភ្លេចដែរ ។ អូននឹងធ្វើការសម្រេចចិត្តទៅលើរឿងគ្រប់យ៉ាង អោយបានប្រសើរបំផុត ហើយក៏មានសតិបំផុតដែរ។

ខ្ញុំរស់នៅលើភាពជាខ្លួនឯង

ខ្ញុំគ្រាន់តែខំធ្វើជាខ្ញុំដែលល្អ បត់បែនតាមភាពត្រឹមត្រូវនិងតម្រូវការការផ្ទាល់ខ្លួន។ អ្នកស្អប់ខ្ញុំ គេគង់មិនគិតល្អដាក់ខ្ញុំ បើទោះខ្ញុំខំផ្គាប់យ៉ាងណា អ្នកស្រលាញ់ខ្ញុំគេគង់នឹងយល់ ឬលើកលែងបើខ្ញុំមានខុស។

ខ្ញុំរស់នៅលើភាពជាខ្លួនឯង ខ្ញុំមិនរស់នៅដើម្បីសុំការស្រលាញ់ ឬខ្លាចការស្អប់របស់អ្នកណាទេ។ ខ្ញុំច្បាស់ណាស់ថាចិត្តទាំងនោះនឹងប្រួលប្រែ ដូច្នេះខ្ញុំមិនចាំបាច់ផ្លាស់ប្ដូរខ្លួនឯងដើម្បីចិត្តមិនទៀងទាំងនោះឡើយ។

ខ្ញុំនឹងព្រមប្តូរខ្លួនឯងដើម្បីតែភាពត្រឹមត្រូវ និងក្តីសុខរបស់ខ្ញុំ និងមនុស្សដែលខ្ញុំស្រលាញ់តែប៉ុណ្ណោះ។ អ្នកណាទទួលយកខ្ញុំពេលនេះមិនបានក៏មិនអីដែរ ព្រោះថ្ងៃមួយដែលអ្នកប្តូរចិត្ត ប្តូរការគិតមកលើខ្ញុំ អ្នកអាចស្តាយដែលមិនរក្សាខ្ញុំនាថ្ងៃនេះ។

#ខ្ញុំរស់នៅលើភាពជាខ្លួនឯង
#អត្ថបទអ្នកនិពន្ធរតនា

ថែចិត្តមនុស្សដែលថែចិត្តអ្នក

នៅពេលដែលយើងមិនបាននៅក្នុងចិត្តរបស់គេ មិនថាយើងលះបង់ច្រើនប៉ុនណា គេនៅតែមើលរំលង។

វាហត់ណាស់ដែលខំទៅផ្គាប់ផ្គុនយកចិត្តមនុស្សដែលគេតែងមើលរំលងទឹកចិត្តរបស់អ្នក អំពើរល្អ ការលះបង់ទាំងប៉ុន្មាន វាបានត្រឹមលទ្ធផលខកចិត្ត អន់ចិត្ត អាណិតខ្លួនឯង។

អានមកដល់ត្រឹមនេះសាកគិតបន្តិច តើមានមនុស្សប៉ុន្មានអ្នកដែលអ្នកបានធ្វើរឿងល្អៗទាំងនេះដើម្បីគេ? ខំធ្វើកន្លងមក ហត់ណាស់ហើយមែនទេ? សម្រាកមួយភ្លែត ហើយថ្លឹងចិត្តយើង ចិត្តគេម្តងទៀត ពិចារណាបន្តិចទៅ! គួរបន្តឬបញ្ចប់?

ហើយក៏សាកគិតមួយទៀត កន្លងមកនរណាខ្លះដែលអ្នកតែងមើលរំលងអំពើរល្អរបស់គេ? គិតឱ្យយូរបន្តិច! បើមិនចង់បាត់បង់ទឹកចិត្តល្អៗទាំងនោះទេ រកវិធីប៉ះប៉ូវរក្សាចិត្តគេផង

#ថែចិត្តមនុស្សដែលថែចិត្តអ្នក
#អត្ថបទអ្នកនិពន្ធរតនា