ពេលនេះត្រូវអរគុណខ្លួនឯងដែលមិនឈប់

បញ្ហា! និយាយតែ២ម៉ាត់តែធ្វើឲ្យមនុស្សដែលកំពុងជួបវាអួលដើមក។

បញ្ហា! ហេតុអ្វីបានជាអ្នកមានឥទ្ធិពលខ្លាំងម្ល៉េះមកលើផ្លូវអារម្មណ៍របស់ខ្ញុំ? 

បញ្ហា វាដូចជាអ្វីមួយធ្វើឲ្យខ្ញុំខ្លបខ្លាចខ្លាំងណាស់។ មិនចង់នឹកដល់ តែវាមករកគ្រប់វិនាទី ដកដង្ហើមក៏ឃើញបញ្ហា។

រាល់ពេលដកដង្ហើមគឺជាពេលវេលាដែលភ័យខ្លាច បារម្ភ និងឈឺផ្សារបំផុត…

មួយជីវិតនេះ ហត់ពេកហើយ..
មួយជីវិតនេះ មិនធ្លាប់ជួបបែបនេះទេ…
ហេតុអ្វីបញ្ហាធ្លាក់មកលើខ្ញុំ?
ហេតុអ្វីបញ្ហាធ្លាក់មកផ្ទួនៗ?

ប្រៀបដូចជាភ្នំសង្កត់ ដូចជាស្រមោលខ្មៅពាំងផ្លូវ ដូចជាយមរាជឈរសម្លុត 
ភ័យណាស់ ខ្លាចណាស់ ពិបាកណាស់ ហត់ណាស់ 
ក្រោកឈរលែងរួចហើយ ព្រមដួល ឲ្យវាទៅតាមដំណើរ….

ដូចជាមេឃខ្មៅងងឹត ហើយក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំងមនុស្សដែលកំពុងធ្វើដំណើរតាមផ្លូវត្រូវតែព្រមទទួលតំណក់ទឹកភ្លៀង 

ព្រោះតែខ្ញុំចេះប្រុងប្រយ័ត្ន ខ្ញុំតែងមានអាវភ្លៀងទទូល 
បញ្ហាវាធ្លាក់មកហើយ អាវភ្លៀងរបស់ខ្ញុំវាជួយឲ្យខ្ញុំមិនទទឹកច្រើន តែអាកាសធាតុសើមនឹងធ្វើឲ្យខ្ញុំផ្តាសាយ

ភ្លៀងខ្លាំងយ៉ាងណា តែធ្លាក់អស់ចិត្តក៏គង់រាំងទៅបាត់
ខ្ញុំស្មានតែបានធូរហើយ តែខ្ញុំត្រូវប្រឈមនឹងការស្ទះលូលិចផ្លូវ ចរាចរណ៍ចង្អៀតទៅមុខមិនរួច ហេតុអ្វីក៏បញ្ហាទាំងនេះវាធ្លាក់មកលើខ្ញុំផ្ទួនៗ?
ធុញទ្រាន់ខ្លាំងណាស់ ហត់ណាស់! ខ្ញុំមិនចង់ទៅមុខទៀតសោះ

ក្រឡេករកកន្លែងឈប់ ខ្ញុំភ្ញាក់ព្រឺត! 
ស្មានតែខ្ញុំម្នាក់ឯងទេ ដែលកំពុងជួបបញ្ហាទាំងនេះ តាមពិតមានមនុស្សច្រើនណាស់ដែលកំពុងមានបញ្ហាដូចខ្ញុំ។ 

ខ្ញុំឃើញពូម្នាក់បើកម៉ូតូដឹកមនុស្សស្រីកំពុងឱបទារក 
ឱ ជីវិត! ផ្លូវស្ទះ លិចទឹកពិបាកយ៉ាងនេះ គាត់នៅខំអូសម៉ូតូដែលមានមនុស្សពីរនាក់នៅពីក្រោយ 
មើលចុះនារីម្នាក់នោះប្រហែលជាកូនខ្ចីផង មិនគួរអីត្រូវមកហាលភ្លៀងបែបនេះ 
ខ្ញុំកាន់តែខ្លោចចិត្តអាណិត ទារកតូចម្តេចមិនកើតនៅក្នុងគ្រួសារដែលមានឡាន តូចប៉ុណ្ណេះសោះមកត្រូវលំបាកជាមួយចរាចរណ៍នឹងគេដែរ 

ក្រឡេកទៅខាងនោះ ស្រ្តីមានផ្ទៃពោះកំពុងខំបើកម៉ូតូទៅមុខដោយទទឹកខ្លួនជោគ មិនដឹងថារងាប៉ុនណា បើផ្លូវរអិលពេក បើធ្លាក់ជង្ហុក ចុះកូនក្នុងផ្ទៃនឹងទៅជាយ៉ាងណា?

មើលចុះអ៊ុំម្នាក់នោះចាស់ហើយ ម៉ូតូក៏ចាស់បានជារលត់
លុយទឹកដើតែខ្លួនមួយមិនចង់ទៅមុខផង គាត់នៅស៊ូអូសម៉ូតូចាស់របស់គាត់ទៀត

ហេតុអីក៏ម្នាក់ៗពិបាកខ្លាំងអីយ៉ាងនេះ? 
ខ្ញុំនៅលើម៉ូតូដែលអាចមួរទៅមុខបានតិចៗនេះ មានមុខអីមករអ៊ូទៀត?

ខ្ញុំជានរណា ទើបអាចរស់ដោយមិនមានបញ្ហានោះ? 
ជាមនុស្ស គ្មាននរណាគេចពីបញ្ហាបានទេ 

អរគុណបញ្ហា ដែលមកពេលនេះ ពេលដែលខ្ញុំមានអាវភ្លៀងពេលដែលខ្ញុំគ្មានផ្ទៃពោះ គ្មានកូនតូច គ្មានសម្ពាយដូចពួកគាត់ ..
អរគុណបញ្ហាដែលឆាប់មករកខ្ញុំ 
អរគុណដែលមកដាស់តឿនឲ្យខ្ញុំភ្ញាក់រឭក ឆាប់ទៅមុខឲ្យបានលឿនជាងនេះ ហើយកាន់តែមានការប្រុងប្រយ័ត្ន

ខ្ញុំមិនចង់ធ្វើជាមនុស្សចាស់ដែលអូសម៉ូតូចាស់ពេលភ្លៀង
ខ្ញុំមិនចង់ធ្វើជាស្ត្រីមានផ្ទៃពោះហើយត្រូវបើកម៉ូតូកាត់ភ្លៀង
ខ្ញុំមិនចង់ជួបភាពលំបាកនេះ នៅពេលដែលខ្ញុំមានស្ថានភាពដូចពួកគាត់ឡើយ កាន់តែមិនចង់ឲ្យអនាគតកូនរបស់ខ្ញុំដូចជាទារកដែលខ្ញុំឃើញនេះទេ។

ជឿហើយថាបញ្ហាមិនលើកលែងសភាពលំបាករបស់អ្នកណាឡើយ បើមិនត្រៀមខ្លួនទទួលបញ្ហានិងរកវិធីដោះស្រាយ ឬមិនរឹងមាំក្នុងការប្រឈមនឹងបញ្ហា យើងនឹងមិនអាចឃើញភាពស្រស់ស្អាតទេ។

មើលចុះ ក្រោយភ្លៀងមេឃស្រឡះ ឥន្ទធនូក៏ស្អាតដែរ
នៅពេលដែលចេញផុតផ្លូវស្ទះ ខ្ញុំពិតជាស្រឡះខ្លួនហើយស្រួលដកដង្ហើមណាស់ 😁

ពេលនេះត្រូវអរគុណខ្លួនឯងដែលមិនឈប់កាលពីផ្លូវស្ទះខ្លាំង
ពេលនេះបានជួបភាពធូរស្រាលហើយ អាចសើចដោយមានសេចក្តីសុខបានហើយ ហើយក៏ទទួលបានបទពិសោធន៍មួយដែរ 😄
ជីវិតគឺវាបែបនេះ ❤️

#អត្ថបទអ្នកនិពន្ធរតនា

សង្កត់ចិត្តស្រាល កុំចុះចាញ់បើពិតជាចង់ស្រណុកមែន

អារម្មណ៍ដែលបានសើចគឺវាធូរស្រាលណាស់ វាស្រស់ស្រាយណាស់
ចុះធ្វើម៉េចទើបដឹងថាវាធូរស្រាល? ធ្វើម៉េចទើបដឹងថាវាស្រស់ស្រាយ?

ពីព្រោះមុនបានសើច មិនដឹងថាត្រូវយំប៉ុន្មានដង តឹងណែនក្នុងទ្រូងនេះយូរប៉ុនណាហើយ
ចុះបើដឹងហើយថាបន្ទាប់ពីយំ បន្ទាប់ពីតឹងណែនចុកអួលដើមទ្រូងនេះទើបអ្វីៗបានប្រសើរឡើង
ហេតុអ្វីមិនរឹងមាំ? ពេលដែលកំពុងពិបាកត្រូវប្រាប់ខ្លួនឯងថា នឿយមុនស្រណុកក្រោយ កាន់តែនឿយពេលនេះ អនាគតនឹងកាន់តែស្រណុក។
សង្កត់ចិត្តស្រាល កុំចុះចាញ់បើពិតជាចង់ស្រណុកមែន ទ្រាំនឿយបន្តិចទៅ។

ធ្វើការមួយខែ តើត្រូវទទួលសម្ពាធប៉ុន្មានថ្ងៃ? លទ្ធផលចុងក្រោយគឺបានទទួលប្រាក់ខែតែមួយថ្ងៃតែប៉ុណ្ណោះ
សន្សំសំចៃប៉ុន្មានខែឆ្នាំ ទើបអាចទិញបានរបស់ដែលអ្នកប្រាថ្នា កុំគិតពីរបស់តូចតាច គិតដល់ ឡានថ្លៃ ឬផ្ទះធំ។

ព្រោះតែអ្នកមើលឃើញគោលដៅបន្ទាប់ពីការសន្សំ ទើបអ្នកព្រមរិះថាំដើម្បីទុកលុយទាំងនោះ។
ព្រោះតែអ្នកមើលឃើញមួយថ្ងៃដែលបានប្រាក់ខែ ទើបអ្នកព្រមទទួលសម្ពាធជារៀងរាល់ថ្ងៃ។

ដូច្នេះដើម្បីអារម្មណ៍សុខសប្បាយ នៅពេលដែលជីវិតទៅដល់គោលដៅ គប្បីរីករាយនឹងទឹកភ្នែកខ្លួនឯងដែលហូរនៅពេលនេះ។ 
ត្រូវដឹងខ្លួនថាព្រោះអ្នកកំពុងដើរទៅរកគោលដៅហើយទើបពេលនេះអ្នកកំពុងយំ បើពេលនេះអ្នកសើចប្រហែលអ្នកកំពុងតែដើរខុសគោលដៅទេ។

ត្រូវអរគុណទឹកភ្នែកដែរហូរ ព្រោះនេះជាសញ្ញាថាអ្នកជិតបានធូរស្រាលហើយ។
ទឹកភ្នែកដែលហូរមកគឺជាក្តីសង្ឃឹម ត្រូវញញឹមទទួលវាហើយរឹងមាំដើរបន្តទៀត។

#អត្ថបទអ្នកនិពន្ធរតនា

មនុស្សដែលធ្វើខុស សមហើយដែលទទួលពិន័យ តែការសោកស្តាយពីកំហុសគឺជា

“កើតជាមនុស្ស ម្នាក់ណាមិនធ្លាប់ខុស? “
អ្នកណាក៏និយាយតែពាក្យនេះ តែការពិតជាក់ស្តែងម្នាក់ៗតែងតែរើសអើងនឹងអ្នកដែលសាងកំហុស។

មនុស្សដែលធ្វើខុស សមហើយដែលទទួលពិន័យ តែការសោកស្តាយពីកំហុសគឺជាការពិន័យមួយយ៉ាងធ្ងន់ធ្ងរទៅហើយ 
កំហុសខ្លះធ្វើឲ្យមនុស្សដែលបានសាងមកមានវិប្បដិសារីស្ទើរតែសម្លាប់ខ្លួន អ្នកខ្លះក៏អាចសម្លាប់ខ្លួនមែន។
អ្នកដែលធ្លាប់រើសអើងក៏បានត្រឹមតែសោកស្តាយដែលបាត់បង់មនុស្សធ្លាប់ស្គាល់ ធ្លាប់ស្រលាញ់។

ការមិនរើសអើង ការលើកទឹកចិត្តមិនមែនជាការគាំទ្រឲ្យមនុស្សសាងកំហុសនោះទេ
តែវាជាការសម្តែងពីការយល់ចិត្ត នឹងផ្តល់កម្លាំងចិត្តដល់មនុស្សដែលមនុស្សធ្វើខុសហើយឲ្យខំដើរទៅមុខបន្ត

ទឹកខ្មៅដែលស្រក់លើស្បៃស តើត្រូវតែបោះស្បៃនោះចោល ឬកាត់ម្តុំដែលប្រលាក់ទឹកខ្មៅនោះមែនទេ? 

ស្បែសក្បុសមើលទៅដូចជាបរិសុទ្ធណាស់
បើស្បៃសមានលាយពណ៌ឥន្ទធនូតើស្អាតទេ? ចុះបើចាក់ឲ្យចេញរូបផ្កាតើនឹងស្អាតទេ?

កំហុសដែលសាងមកហើយ គ្មាននរណាអាចត្រឡប់ក្រោយ ដើម្បីចៀសមិនធ្វើឲ្យវាកើតមកបាននោះទេ។
បើវាជ្រុលជាមានកំហុសទៅហើយ ម៉េចមិន ប្រើកំហុសបង្កើតថាមពលមួយដើម្បីប្តូរខ្លួនឯងឲ្យក្លាយជាមនុស្សថ្មីវិញ?

កុំស្តាយស្បៃស គួរតែខំរកពណ៌មកចាក់បន្ថែមដើម្បីឲ្យស្បៃកាន់តែស្អាត។

#អត្ថបទអ្នកនិពន្ធរតនា

បើចិត្តនេះហត់ពេញមួយថ្ងៃហើយ យប់នេះត្រូវ

ថ្ងៃនេះអ្នកហត់ណាស់ហើយ
ទឹកភ្នែកហូរមកច្រើនណាស់មែនទេ?
បេះដូងមិនទាន់បាត់ពើតផ្សាទេមែនទេ?
នៅតែមានអារម្មណ៍ដូចភ្នំសង្កត់លើបេះដូងដ៏តូចមួយរបស់អ្នក តើមែនទេ?

បើចិត្តនេះហត់ពេញមួយថ្ងៃហើយ យប់នេះត្រូវឆាប់ចូលគេង
ទោះភ្នែកមិនព្រមបិទ ក៏ត្រូវតែបង្ខំចិត្តគេងឲ្យលក់
ភាពងងឹតមិនអាចឲ្យអ្នកមើលឃើញភាពស្រស់ស្អាតនោះទេ

ចូលគេងឲ្យឆាប់បានលក់ ហើយត្រូវឆាប់ភ្ញាក់មកវិញ
អ្នកត្រូវភ្ញាក់ពីព្រលឹមហើយចេញឲ្យផុតពីបន្ទប់គេង 

ដឹងទេ? ទេសភាពពេលព្រឹកព្រលឹមស្រស់ស្អាតណាស់
ពន្លឺទើបអាចឲ្យអ្នកមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះ

បើចង់ឲ្យចិត្តឆាប់ជាត្រូវធ្វើដំណើរទៅទិសខាងកើត
អ្នកត្រូវទៅតាមពន្លឺមួយនោះ ពន្លឺពណ៌មាសដែលជះមកលើរាងកាយខ្សោះកក្រោះរបស់អ្នក
កម្តៅដែលដុតទុក្ខសោកទាំងពួង គឺមានតែនៅពេលព្រឹកព្រលឹមទេ 

នៅពេលដែលព្រះអាទិត្យចាប់ផ្តើមរះ
ពេលនោះហើយដែលជួយឲ្យអ្នកបានស្រាកស្រាន្តពីភាពឈឺចាប់បានខ្លះ
ព្រះអាទិត្យថ្មីដែលអ្នកបានឃើញគឺជាទំព័រថ្មីនៃជីវិតរបស់អ្នក

ថ្ងៃស្អែកតែម្តងប្រហែលមិនអាចជួយឲ្យចិត្តអ្នកបានជាភ្លាមៗនោះទេ
តែស្អែកច្រើនដងនឹងធ្វើឲ្យអ្នករឹងមាំដោយមិនដឹងខ្លួន
មិនបាច់ជឿខ្ញុំទេ គ្រាន់តែសាកល្បងធ្វើបែបនេះរាល់ថ្ងៃ
ថ្ងៃមួយអ្នកនឹងទទួលបានអារម្មណ៍មួយនេះ។

ជូនពរអ្នកដែលកំពុងឈឺចាប់ទាំងឡាយបានដើរផុតពីក្តីទុក្ខសោកឆាប់ៗ

#អត្ថបទអ្នកនិពន្ធរតនា

នៅពេលដែលខ្ញុំកំពុងតែចាប់ផ្តើមសន្សំប្រាក់ខែមួយរយដុល្លា ពួកគាត់

ជីវិតដែលមានសំណាងមិនដឹងថាគួរតែមានអ្វីខ្លះនោះទេ។
តែខ្ញុំបែជាអរគុណដែលខ្ញុំមិនមានដូចអ្វីដែលអ្នកដទៃមាន។

ខ្ញុំអរគុណណាស់ដែលបានឱ្យខ្ញុំកើតនៅក្នុងគ្រួសារសាមញ្ញមួយ ដែលមានឱកាសបានឃើញម៉ាក់និងប៉ារាល់ថ្ងៃ បានញ៉ាំអាហារពេលល្ងាចជុំគ្រួសាររាល់ថ្ងៃ។
បើខ្ញុំនៅក្នុងគ្រួសារអភិជន ម្ល៉េះម៉ាក់ប៉ាខ្ញុំនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ខ្ញុំទេ។

ខ្ញុំមោទនៈណាស់ដែលស្ថានភាពគ្រួសារសាមញ្ញរបស់ខ្ញុំនេះជាឱកាសឱ្យខ្ញុំបានចេះគិត មានគំនិតចាស់ទុំឆាប់ជាងកូនដែលនៅក្នុងគ្រួសារអភិជន។ នៅពេលដែលខ្ញុំកំពុងតែចាប់ផ្តើមសន្សំប្រាក់ខែមួយរយដុល្លា ពួកគាត់ប្រហែលកំពុងបើកឡានស្ព័រដើរលេងនៅឡើយទេ។

គ្រួសារសាមញ្ញរបស់ខ្ញុំបង្រៀនឱ្យខ្ញុំស្គាល់ពីភាពលំបាកនៃការរកចំណូល បង្រៀនឱ្យខ្ញុំចេះខំរកច្រើនជាងសុំ។
ទាំងនេះហើយជាភាពលុតដំ ជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិត ដែលវាមានតម្លៃបំផុតសម្រាប់ខ្ញុំ ដើម្បីយកទៅចែករំលែកដល់ជំនាន់ក្រោយរបស់ខ្ញុំដោយមោទនៈភាព។ ❤️

#អត្ថបទអ្នកនិពន្ធរតនា

ដើម្បីស្នេហាខ្ញុំសុខចិត្តលះបង់ខ្លួនឯងប៉ុន្មានដងហើយ?

អត់គេង អត់បាយ អត់ទឹក អត់ជួបនរណា អត់ញញឹម អត់ចង់សង្ឃឹមអ្វីទៀត…. ខ្ញុំធ្វើទារុណកម្មខ្លួនឯងដើម្បីបូជាជូនស្នេហា

ខ្ញុំខំណាស់ដើម្បីរក្សាស្នេហានេះកន្លងមក ដើម្បីស្នេហា ខ្ញុំព្រមធ្វើល្ងង់ ខ្ញុំព្រមលះបង់មនសិការខ្លួនឯង។

ដើម្បីស្នេហាខ្ញុំសុខចិត្តលះបង់ខ្លួនឯងប៉ុន្មានដងហើយ?
ចុះប៉ុន្មានដងហើយដែលគេធ្លាប់ធ្វើដើម្បីស្នេហាមួយនេះ?

ដើម្បីស្នេហា ខ្ញុំព្រមលើកលែងកំហុសគ្រប់យ៉ាងរបស់គេ។
បើស្នេហារបស់ខ្ញុំមានការលះបង់តែម្ខាង តើការស្រលាញ់មួយនេះគួរតែឱ្យគេទៀតឬទេ?

បើភាពមហិមារបស់ខ្ញុំមិនបានទទួលការឱ្យតម្លៃមកវិញបែបនេះ តើគួរតែលះបង់ទៀតទេ?

ភាពមិនស្មោះត្រង់ អាត្មានិយម មិនឱ្យតម្លៃលើស្នេហា ទំនាក់ទំនងសោះកក្រោះបែបនេះ សមទេដែលទទួលបានបេះដូងរបស់ខ្ញុំ?

បើខ្ញុំគិតថាការលះបង់របស់ខ្ញុំពិតជាមានតម្លៃមែន
បើស្នេហារបស់ខ្ញុំពិតជាមានតម្លៃមែន…
តើវាគួរទេ ដែលត្រូវផ្តល់ទៅឱ្យមនុស្សដែលមិនសក្តិសមនឹងទទួល?

គិតច្បាស់ហើយ ចុងក្រោយត្រូវសុំទោសខ្លួនឯង។
ដកយកបេះដូងដ៏ថ្លៃថ្លាមកវិញ រក្សារទុកឱ្យបានល្អ
ទុកឱ្យមនុស្សដែលមានតម្លៃគ្រប់គ្រាន់នឹងទទួលយកបេះដូងមួយនេះ។

#អត្ថបទអ្នកនិពន្ធរតនា

មនុស្សដែលជោគជ័យនិយាយអ្វីក៏ត្រូវដែរ តែត្រូវចាំទុកថា

ខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងកំពុងរស់នៅក្នុងក្តីសុបិន។ ចេះតែដាស់ខ្លួនឯងឱ្យភ្ញាក់ឡើង ព្រោះខ្ញុំមិនចង់ឱ្យខ្លួនឯងកាន់តែលង់ បន្ទាប់មកក៏ខកចិត្តនោះទេ។

នេះហើយជាអារម្មណ៍នៅពេលដែលខ្ញុំអាចដើរមកដល់ក្តីស្រមៃរបស់ខ្លួនឯង។
កំពុងតែមានអារម្មណ៍ថាគេមើលមកខ្ញុំនេះអស្ចារ្យណាស់ ខ្ញុំនេះគួរអោយសរសើណាស់។

មនុស្សដែលជោគជ័យនិយាយអ្វីក៏ត្រូវដែរ តែត្រូវចាំទុកថាជោគជតាជីវិតមានឡើងនិងចុះ ម្តងគេម្តងយើង។

ខ្ញុំព្រមរីករាយជាមួយជោគជ័យដែលខ្ញុំកំពុងទទួលបាន តែខ្ញុំមិនព្រមឈប់ដាស់ខ្លួនឯងអោយភ្ញាក់ពីភាពភ្លើតភ្លើននេះឡើយ។
បើទោះជាថ្ងៃនេះខ្ញុំបានធ្វើជាមនុស្សដែលខ្ញុំស្រមៃចង់ធ្វើ
តែខ្ញុំនឹងនៅតែមិនបោះបង់ខ្លួនឯងពីម្សិលមិញនោះដែរ ខ្ញុំនៅតែជាខ្ញុំ។
រក្សាភាពជាខ្ញុំបែបនេះ រហូតទៅ…

ព្រោះខ្ញុំដឹងថាអ្វីដែលខ្ញុំមិនធ្លាប់មាន ហើយកំពុងតែមាន ឬអាចនឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយនោះ វាគ្រាន់តែជាគ្រឿងលម្អរជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ។ ហើយគ្រឿងលម្អរទាំងនេះ មាននាទីត្រឹមតែជាអ្នកប្រែក្រឡាសម្បកខាងក្រៅរបស់ខ្ញុំប៉ុណ្ណោះ ចិត្តនឹងបេះដូងរបស់ខ្ញុំដែលបានថែរក្សាយ៉ាងរឹងមាំកន្លងមកនេះនឹងមិនឱ្យគ្រឿងលម្អរដែលមិិនទៀងទាត់នោះមកផ្លាស់ប្តូរបានឡើយ។

កេរ្តិ៍ឈ្មោះ កិត្តិយស យសស័ក្កិ សម្បត្តិទាំងឡាយ គ្រាន់តែជាគ្រឿងលម្អរជីវិតអ្នកតែប៉ុណ្ណោះ។ ទោះថ្ងៃមួយអ្នកមានឬមិនមានវា សូមកុំឱ្យវាមានអំណាចមកផ្លាស់ប្តូរចិត្តនិងបេះដូងអ្នកបានឱ្យសោះ។

#អត្ថបទអ្នកនិពន្ធរតនា

ការសម្រេចចិត្តចំពោះវិថីជីវិតរបស់យើង មិនមែនដូចនៅក្នុងរឿងប្

ក្រោយពីខ្ញុំបានអានប្រលោមលោក វិថីជីវិត អ្នកនិពន្ធ រតនា ខ្ញុំបានចាប់អារម្មណ៍ និងពេញចិត្តផ្ទៃរឿងស្ទើតែទាំងមូល។ ពិសេសចំណុចនីមួយៗ ពិតជាបានផ្តល់នូវការត្រិះរិះពិចារណា និងការសម្រេចចិត្តបានត្រឹមត្រូវឱ្យចេះស្វែងរកសុភមង្គលចំពោះខ្លួន ពិសេសយល់អំពីតម្លៃនៃ

សេចក្តីស្រលាញ់។

    “ចំណុចដែលខ្ញុំចាប់អារម្មណ៍

   ការសម្រចចិត្តរបស់តួរអង្គវិមន្ត ដែលជ្រើសរើសយកនារីម្នាក់ក្នុងចំណោមមិត្តរបស់ខ្លួនពីរនាក់ ដើម្បីជាគូរអនាគត ដោយមិនធ្វើឲ្យបែកបាក់មិត្តភាពរបស់ពួកគេ។

   ទង្វើល្អរបស់បញ្ញាវន្តចំពោះវីរីយ៉ាក្មេងស្រីតូចដ៏គួរ

អោយស្រលាញ់ ដែលគាត់លះបង់អ្វីៗគ្រប់យ៉ាដ៏ធំធេងលើសអ្វីៗទាំងអស់ ព្រមទាំងបានផ្តល់ឲ្យនាងយល់នូវអ្វីទៅជា

សុភមង្គលយ៉ាងពិតប្រាកដ។

    ស្គាល់ពីអ្វីទៅជាសុភមង្គលមិនមែនស្រពិចស្រពិល។

    “មតិផ្ទាល់ខ្លួន

   ការសម្រេចចិត្តចំពោះវិថីជីវិតរបស់យើង មិនមែនដូចនៅក្នុងរឿងប្រលោមលោកនោះទេដែលអាចកំណត់ឬកែតម្រូវបានទៅតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ តែតម្រូវឲ្យយើងចេះជ្រើសរើសឲ្យបានល្អ ដើម្បីទទួលបានសុភមង្គល

យ៉ាងពិតប្រាកដមួយ។

    ចង់ឲ្យយល់ពីតម្លៃនៃការលះបង់របស់នរណាម្នាក់ចំពោះយើងដូចតួរអង្គ បញ្ញវន្តចំពោះវីរីយ៉ា។

    ឃ្លាមួយនៅចុងបញ្ចប់នៃរឿង៖ “ស្នេហាពិតមិនស្ថិតលើតម្លៃនៃចិញ្ចៀននោះទេ អ្វីដែលសំខាន់នោះគឺ តម្លៃនៃ

សេចក្តីស្រលាញ់! ” ៕

ដោយប្អូនប្រុស ហុង សុវណ្ណមករា

ជាគរុនិស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PPTEC)

“វិថីជីវិត” បានបង្ហាញពីដំណើរជីវិតមនុស្សស្រីម្នាក់ដែលមាន

គ្រាន់តែឃើញចំណងជើង “វិថីជីវិត” ជាសៀវភៅប្រលោមលោកគ្របពណ៌ផ្ទៃមេឃ ហើយមានរូបស្បែកជើងកែងចោទ ធ្វើឲ្យចិត្តខ្ញុំជ្រួលជ្រើម។ ខ្ញុំពិតជាចង់ដឹងថា តើក្នុងសៀវភៅមួយនេះបានបង្កប់នូវរសជាតិបែបណា?

    មិនខកបំណងនោះទេ ពីមួយទំព័រទៅមួយទំព័រ ធ្វើឲ្យខ្ញុំមិនអាចដកចិត្តបានឡើយ។ “វិថីជីវិត” បានបង្ហាញពីដំណើរជីវិតមនុស្សស្រីម្នាក់ដែលមានបំណងប្រាថ្នា និង

មហិច្ចតាដ៏ខ្ពស់ ហើយក៏ជាមនុស្សស្រីដែលរឹងមាំផងដែរ។ ក្នុងប្រលោមលោកមួយនេះមានឃ្លាល្អៗជាច្រើនដែរបានបង្កប់នូវតម្លៃអប់រំ។ ឃ្លាដែលខ្ញុំពេញចិត្តជាងគេគឺ “ក្រេបកាហ្វេចូលទៅក្នុងមាត់បន្តិច ដំបូងទទួលបានរសជាតិដូចជាល្វីង តែនៅពេលដែលកាហ្វេធ្លាក់ដល់បំពង់កវាក៏ប្តូរទៅជាមានរសជាតិផ្អែម” ដូចទៅហ្នឹងជីវិតមនុស្សយើង កាលដែលពិបាកពីដំបូង បើចេះទ្រាំលំបាក ស៊ូបន្តិចទៅវានឹងប្រែជាមានន័យដោយលទ្ធផលជោគជ័យ។

    អ្វីដែលសំខាន់ ក្រោយពីបានអាន វិថីជីវិត ចប់ ខ្ញុំគិតថាខ្ញុំក៏ចង់ក្លាយជាមនុស្សស្រីរឹងមាំ ហើយជោគជ័យដូចជា នាងតូច វីរិយ៉ា ដែរ ហើយខ្ញុំដឹងថាអ្នកអានគ្រប់គ្នាប្រាកដជាគិតដូចខ្ញុំដែរ៕

ដោយប្អូនស្រី រីកា

ជាតំណាងចែកចាយសៀវភៅផ្សេងៗតាមបណ្តាញហ្វេសប៊ុក

គ្រាន់តែរសជាតិរបស់កាហ្វេក៏អាចឆ្លុះបញ្ចាំងពីរសជាតិជីវិតដែរ

ប្រលោមលោកវិថីជីវិត សំរាប់ខ្ញុំវាមិនត្រឹមតែជាប្រលោមលោកទេ តែវាបានបង្ហាញពីរសជាតិជីវិត បំណងប្រាថ្នា ការតាំងចិត្ត ភាពលំបាកនៅក្នុងការងារ ការសំរេចចិត្តថាគួរដើរចេញពី មិត្តភក្ដិដែលធ្លាប់ធ្វើការជាមួយគ្នា កន្លែងការងារដែលធ្លាប់គិតថាសុខស្រួលប៉ុណ្ណឹងបានហើយ ហើយមិនចង់ចាកចេញទៅស្វែងរកអ្វីដែលថ្មី។

គ្រាន់តែរសជាតិរបស់កាហ្វេក៏អាចឆ្លុះបញ្ចាំងពីរសជាតិជីវិតដែរ ចាំសាកញុំាកាហ្វេខ្មៅវីរិយ៉ាម្ដង ឱ្យស្គាល់រសជាតិ ។ ថ្វីបើគ្មានបញ្ញវន្តចាំជួយលើកទឹកចិត្តដូចវីរិយ៉ា តែយ៉ាងហោចណាស់ក៏មានអ្នកផ្ទះជាកំលាំងចិត្ត មិត្តរួមការងារ និងមិត្តជិតស្និទ្ធ ដែលអាចផ្លាស់ប្ដូរយោបល់គ្នាពេលមានបញ្ហា។

ប្រយោគមួយទៀតរបស់អ្នកនិពន្ធដែលគួរឱ្យចាប់អារម្មណ៍ “វិថីជីវិតវបស់វីរិយ៉ាបានតាក់តែងឡើងដោយដៃអ្នកនិពន្ធ រតនា តែវិថីជីវិតរបស់អ្នកនឹងមិនមាននរណាម្នាក់អាចតាក់តែងឲ្យអ្នកបានឡើយ ក្រៅពីខ្លួនអ្នកផ្ទាល់” ។ ខ្ញុំក៏មានពាក្យមួយឃ្លាដែរតែងតែរំលឹកខ្លួនឯងដែរ “ឱកាសគឺខ្លួនឯងជាអ្នកបង្កើត វាសនាគឺខ្លួនឯងជាអ្នកក្ដោបក្ដាប់” បើគ្មានឱកាសត្រូវចេះបង្កើតឱកាសដោយខ្លួនឯង។

ពីដំបូងដូចជាឆ្ងល់ដែរ ប្រលោកភាគច្រើនដាក់រូប បើមិនរូបតារាកូរ៉េ ក៏ជារូបតុកត្តាស្អាតៗ តែនេះបែរជាដាក់រូបស្បែកជើងកែងទៅវិញ តាមពិតវាបានបង្កប់អត្ថន័យ ផ្លូវដើរក្នុងជិវីតរបស់យើង ថាគួរជ្រើសរើស ស្បែកជើងដែរសមនឹងយើង ឫក៏ស្បែងជើងដែរពាក់បានស្រួលហើយដើរបានឆ្ងាយ៕

    ដោយប្អូនស្រី ប៉ែន ច័ន្ទកន្និដ្ឋា

ជាគណនេយ្យករ នៅក្រុមហ៊ុន M.A.X Media

វគ្គដំបូងអ្នកនិពន្ធបានបង្កប់អត្ថន័យមួយដែលស្មានមិនដល់គឺ

ខ្សែជីវិតរបស់ វីរិយ៉ា ត្រូវបានបញ្ចប់ក្នុងរយះពេល៥ម៉ោង២០នាទី។ ខ្ញុំជឿថាអ្នកដែលបានអានប្រលោមលោកវិថីជីវិត របស់អ្នកនិពន្ធរតនាប្រាកដជាដូចខ្ញុំ ។

វគ្គដំបូងអ្នកនិពន្ធបានបង្កប់អត្ថន័យមួយដែលស្មានមិនដល់គឺសមុទ្រ ដែលជាទូដែកសម្រាប់ទុកបេះដូងរបស់វីរិយ៉ា។វីរិយ៉ាជាមនុស្សពូកែហើយជាមនុស្សដែលមានមហិច្ឆិតាធំទៀតផង។ អ្នកនិពន្ធតែងនិយាយពីភាពក្រម៊ិចក្រមើមគួឱ្យក្នាញ់របស់វីរិយ៉ា (ខ្ញុំមិនចាប់អារម្មណ៍ព្រោះគិតថាវីរិយ៉ាជាក្មេង…) អានជារឿយៗរហូតដល់ចំណុចមួយអ្នកនិពន្ធបានបញ្ចាក់ថាវីរិយ៉ាមានវ័យ២៥ឆ្នាំ… (ខ្ញុំស្រាប់តែភ្ញាក់មួយរំពេច ហើយក៏លួចប្រៀបធៀបខ្លួនឯងនិងវីរិយ៉ាបើប្រៀបនឹងវីរិយ៉ាខ្ញុំសល់ពេលដល់ទៅ ៤ឆ្នាំជាងទៀតឯណោះ ខ្ញុំមិនគួរចុះចាញ់បំណងប្រាថ្នារបស់ខ្លួនទេ បើខ្ញុំខំប្រឹងជាងនេះ ខ្ញុំអាចនឹងមានលទ្ធផលល្អជាងវីរិយ៉ាទៀតក៏ថាបាន…….ខ្សែជីវិតខ្ញុំក៏មិនខុសពីវីរិយ៉ាប៉ុន្មានដែរ តែអ្វីដែលខុស

នោះគឺខ្ញុំគ្មានបញ្ញវន្តចាំផ្ដល់កម្លាំងចិត្តដូចវីរិយ៉ាទេ៕

ដោយប្អូនស្រី ជី​ង​ ហ័ងជាបុគ្គលិកបម្រើការនៅ ក្រុមហ៊ុន ថេឡឹន ប៊ីហ្សនេស ផាតនើរ ឯ.ក

ដឹងហើយថាគ្មាននរណាល្អឥតខ្ចោះទេ តែមនុស្សតែងចង់ឲ្យខ្លួនឯងល្អឲ្យបានច្រើន។

ខ្លាចខ្វះខាតពេក ធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ដល់ថ្នាក់បាត់បង់សូម្បីតែខ្លួនឯង។

ឧទាហរណ៍ទៅលើសម្ផស្សនារី នាងល្អទាំងអស់តែទាស់ត្រង់ច្រមុះមិនសូវខ្ពស់។
នាងមិនចង់បានពាក្យសរសើរបែបនេះទេ នាងខំកែខៃឲ្យបានច្រមុះស្អាត។
បន្ទាប់មកនាងក៏ទទួលបានទៀត នាងល្អទាំងអស់តែទាស់ច្រមុះកែ។

ចប់ហើយពេលនេះ បែបណាក៏នៅតែមានពាក្យទាស់។
មនុស្សម្នាក់មិនដឹងប្តូរចិត្ត ប៉ុន្មានដងផង។
ចុះទម្រាំមនុស្សពេញទាំងផែនដី មិនដឹងសរុបប៉ុន្មានចិត្ត?

បើនាងគ្រាន់តែស្តាប់ហើយឲ្យវាហួសទៅ ប្រហែលវានឹងមិនពិបាកខ្លួនជាងនេះ។

អ្នកដទៃមានសិទ្ធិនិយាយ រិះគន់ វាយតម្លៃ ទៅតាមនិស្ស័យ ចរឹតរបស់គេ ទៅតាមការស្រលាញ់ ការស្អប់របស់គេចំពោះនាង។

បើនាងមិនហត់ទេ នាងបត់បែនតាមគេរហូតចុះ
បើនាងហត់ដែរ ចូរធ្វើតែអ្វីដែរនាងគិតថាត្រូវចុះ

ត្រូវចាំហើយយល់ ថាមនុស្សគ្មាននរណាល្អឥតខ្ចោះទេ
ត្រូវព្រមទទួលយកភាពខ្វះខាតរបស់ខ្លួន
ត្រូវរៀនរស់រីករាយនឹងអ្វីដែលខ្លួនមាន

អត្ថបទនេះមិនបង្អាក់ឲ្យមានការអភិវឌ្ឍន៍ទេ

ចង់កែប្រែអ្វីដែលមិនល្អនោះគឺជាការប្រសើរ តែបើកែដើម្បីតែពាក្យសរសើរ សូមនាងគិតជាថ្មី។
តើនាងរស់ដើម្បីនរណា ឬដើម្បីអ្វី?

#អត្ថបទអ្នកនិពន្ធរតនា

សុំឱ្យការផុសបន្តជាការ Share ដើម្បីគាំទ្រការលុបបំបាត់លើទង្វើរនៃការកេងប្រវ័ញ្ចស្នាដៃដើម ក្នុងការរកប្រយោជន៍ផ្សេងៗរបស់ Page ឬ Website មួយចំនួន។
នាងខ្ញុំសូមអរគុណមិត្តអ្នកអានទាំងអស់សម្រាប់ការយោគយល់។