​បេសកកម្មជីវិត

មនុស្សម្នាក់ៗចំណាយពេល២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា តែបានផលមិនដូចគ្នានោះទេ។

២៤ម៉ោងរបស់មនុស្សដែលអាចគ្រប់គ្រងអារម្មណ៍បានល្អ គាត់នឹងទទួលបានរឿងល្អ និងអារម្មណ៍ល្អច្រើនជាងមនុស្សដែលព្រមឱ្យអារម្មណ៍គ្រប់គ្រងគាត់។

២៤ម៉ោងរបស់មនុស្សដែលចូលចិត្តរវល់ គាត់នឹងទទួលបានប្រយោជន៍ពីការរវល់នោះច្រើនជាងមនុស្សដែលយកពេលទៅអង្គុយលេង ឬដេកខ្ចិល។

២៤ម៉ោងរបស់មនុស្សដែលចូលចិត្តសាងល្អ គាត់នឹងទទួលកុសល និងការចូលចិត្តពីមនុស្សជុំវិញខ្លួនច្រើនជាងមនុស្សដែលចូលចិត្តឈ្នានីស ធ្វើទុក្ខឱ្យអ្នកដទៃ។

អាយុជីវិតមនុស្សម្នាក់ៗមានវែងមានខ្លី តែមួយថ្ងៃរបស់អ្នកគ្រប់គ្នាទទួលបាន២៤ម៉ោងដូចគ្នាទាំងអស់។ បើអ្នកប្រើ២៤ម៉ោងដែលមាននោះមិនប្រក្រតី មិនថាអ្នកអាយុវែងឬខ្លី អ្នកគ្មានថ្ងៃរស់បានសុខច្រើនជាងទុក្ខទេ។ ចង់មានឆាកជីវិតល្អ កុំបាច់ចាំពេលវេលា ព្រោះគ្មាននរណាអាចកំណត់ជីវិតខ្លួនឯងបានទេ តែមនុស្សគ្រប់គ្នាអាចកំណត់បេសកម្មជីវិតរបស់ខ្លួនឯងបាន។ ចង់រស់ជាមនុស្សល្អឬអាក្រក់ ជាមនុស្សមានប្រយោជន៍ឬអត់ អ្នកសម្រេចទៅ!

#អត្ថបទអ្នកនិពន្ធរតនា

ក្តីស្រលាញ់ពិត

ខ្ញុំទើបតែយល់ពីក្តីស្រលាញ់ពិតតើបែបណា!

ក្តីស្រលាញ់មិនបានធ្វើឱ្យមនុស្សអាត្មានិយមទេ ក្តីស្នេហាដែលមានចំពោះនរណាម្នាក់បានប្រាប់ចិត្តខ្ញុំឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងធ្វើរឿងផ្សេងៗដើម្បីគេ។

ក្តីស្រលាញ់បានប្រាប់ខ្ញុំថាមិនឱ្យនិយាយការពិតដែលធ្វើឱ្យមនុស្សដែលខ្ញុំស្រលាញ់ពិបាកចិត្តដោយក្តីបារម្ភចំពោះខ្ញុំឡើយ។

ពេលខ្លះក្តីស្រលាញ់ពិតបង្ខំឱ្យចេះលាក់បាំង មិនចាំបាច់ត្រូវតែប្រាប់គ្រប់យ៉ាងដល់មនុស្សដែលខ្ញុំស្រលាញ់ទេ បើគេដឹងហើយមិនសប្បាយចិត្ត បើគេដឹងហើយកើតក្តីបារម្ភ ខ្ញុំប្រាប់ធ្វើអី?

ទោះរឿងខ្លះជាបញ្ហា បើទោះបញ្ហានោះមនុស្សដែលខ្ញុំស្រលាញ់អាចដោះស្រាយបាន អាចជួយបាន តែខ្ញុំបែលាក់បាំងហើយខំប្រឈមតែឯង ហេតុអ្វី?

ព្រោះក្តីស្រលាញ់ពិតរបស់ខ្ញប្រាប់ឱ្យខ្ញុំបារម្ភពីគេ ប្រាប់ឱ្យខ្ញុំថ្នមចិត្តថ្នមអារម្មណ៍របស់គេនោះ។

ក្តីស្រលាញ់ពិត គឺគួរឱ្យស្ងប់ស្ងែងណាស់ វាអាចបង្រៀនឱ្យខ្ញុំក្លាយជាមនុស្សដែលចេះលះបង់ និងចេះស្មោះត្រង់ បើទោះវាអាចឱ្យខ្ញុំចេះធ្វើរឿងទាំងនេះសម្រាប់តែមនុស្សពីរបីនាក់ តែយ៉ាងហោច ក្តីស្រលាញ់ពិតនេះវាអាចប្រាប់ខ្ញុំថាខ្ញុំក៏មានចំណែកល្អក្នុងខ្លួនដែរ ហើយប្រសិនបើខ្ញុំចង់បានចំណែកល្អនោះនៅក្នុងខ្លួនកាន់តែច្រើន ខ្ញុំគ្រាន់តែផ្តល់ក្តីស្រលាញ់ពិតចំពោះមនុស្សច្រើនជាងនេះទៅគឺបាន។

ក្តីស្រលាញ់ពិតអាចកើតឡើងចំពោះក្តីស្នេហាចំពោះក្រុមគ្រួសារ មិត្តភ័ក្ក មិនចាំបាច់តែស្នេហាប្រុសស្រីនោះទេ។ មានក្តីស្រលាញ់ល្អៗគួរចែកឱ្យមនុស្សឱ្យបានច្រើន មានក្តីស្រលាញ់ពិតកាន់តែច្រើនខ្ញុំនឹងក្លាយជាមនុស្សអាចធ្វើល្អបានច្រើនដែរ។

#អត្ថបទអ្នកនិពន្ធរតនា

មនុស្សរំខាន

ហេតុអីខឹងគេសុខចិត្តបង្អត់ខ្លួនឯងមិនញ៉ាំបាយ? មានមនុស្សមិនតិចនាក់ទេដែលចូលចិត្តធ្វើបាបខ្លួនឯងនៅពេលដែលខឹងមនុស្សដែលខ្លួនឯងស្រលាញ់ ឬខឹងនរណាម្នាក់។

មិនយល់ទេថាប្រយោជន៍អ្វីដែលត្រូអ្វីអ៊ីចឹង? ធ្វើបាបខ្លួនឯងដើម្បីដាក់សម្ពាធឱ្យគេ។ ព្រោះគេជាមនុស្សដែលមានការទទួលខុសត្រូវ គេក៏សុខចិត្តធ្វើចាញ់ មកលួង មកសុំទោសដើម្បីមិនឱ្យអ្នកធ្វើបាបខ្លួន ដែលតាមការពិតទៅ រូបកាយនោះមិនមែនជារបស់គេសោះ។ បើទោះអ្នកឃ្លាន​ ឬឈឺគេក៏មិនអាចចូលរួមទុក្ខមួយនោះជាមួយអ្នកបាន។

ចង់ឱ្យគេបន្ទោសខ្លួនឯងរាល់ពេលដែលអ្នកខឹង នៅមានតម្លៃចេះតែធ្វើទៅ តែពេលមួយដល់ក៏នរណាក៏ចេះធុញដែរ។ មនុស្សដែលចូលចិត្តដាក់សម្ពាធឱ្យអ្នកដទៃ មិនខុសអ្វីពីមនុស្សរំខាន មនុស្សដែលផ្តល់ក្តីស្រលាញ់ព្រោះភាពអាត្មានិយមនោះទេ។

ឈប់ទៅ! បើធ្លាប់ធ្វើបែបនេះដាក់មនុស្សដែលស្រលាញ់អ្នក។ ឈប់ទៅ! បើចង់ឱ្យគេនៅស្រលាញ់បានយូរ! ហើយក៏គួរឈប់ទៅបើចង់ឱ្យខ្លួនឯងបានសុខពិតប្រាកដនោះ ព្រោះថាទង្វើបំផ្លាញខ្លួនឯងបែបនេះមិនមែនជាទង្វើដែលមនុស្សឆ្លាតគេធ្វើទេ ធ្វើបាបខ្លួនឯង ដាក់សម្ពាធឱ្យមនុស្សដែលគេស្រលាញ់អ្នក មិនយូរមិនឆាប់គេនឹងចេញទៅចំពេលដែលអ្នកភ្លេចពីរបៀបស្រលាញ់ខ្លួនឯង។

រស់នៅកុំរំពឹកលើនរណាពេក ខ្លួនឯងចេះមើលថែខ្លួន មនុស្សពីរនាក់មិនចុះសម្រុងគ្នាជារឿងផ្សេងអត់មានពាក់ព័ន្ធអីនឹងរឿងបាយ ទឹក​ គេងទេ ឈប់បានឈប់ទៅព្រោះទង្វើរនេះរំខានចិត្តគេឯងណាស់!

#អត្ថបទអ្នកនិពន្ធរតនា

មនោសញ្ចេតនាមិនសម្រាប់បោះទុន

មិនថាអ្វីមួយនោះជាស្នេហា ការងារ ឬវត្ថុជាទីស្រលាញ់ បើយើងលើកវាឱ្យសំខាន់ជាងក្តីសុខរបស់យើងនោះយើងនឹងជួបទុក្ខមិនចេះតិចដងដោយសារតែវា។ ពេលខ្លះរបស់អ្វីមួយនោះវាមិនបានធ្វើអីទេ តែចិត្តយើងខ្លួនឯងទេដែលប្រកាន់ទាមទារចង់បានឱ្យវាទៅជាយ៉ាងនេះ ឬយ៉ាងនោះ។ នៅពេលដែលវាមិនបានដូចចិត្ត យើងក៏ខកចិត្ត ខកបំណងសោកសង្រេងមិនសប្បាយចិត្ត កាត់បន្ថយសេចក្តីសុខខ្លួនឯង។ និយាយស្រួល តែធ្វើវាមិនស្រួល! ចុះធ្វើយ៉ាងម៉េចមិនឱ្យចិត្តប្រកាន់ហួងហែងរបស់អ្វីមួយនោះបាន? មិនពិបាកទេ លុបពាក្យពេកចេញពីការស្រលាញ់ ហួងហែងមួយនោះ ជំនួសឱ្យពាក្យ អ៊ីចឹងក៏បាន! ឬអត់បញ្ហា!ប៉ុណ្ណឹងទៅ យើងមិនចាំបាច់ហត់ចិត្តទៅខ្វល់ខ្វាយនឹងរបស់អស់ទាំងនោះទៀតទេ។ អ្នកណាធ្វើអី ធ្វើទៅ គេឱ្យបានប៉ុនណាយកប៉ុណ្ណឹងទៅ ទទួលបានក៏ចេះតែទទួល ទទួលមិនបានក៏ដើរចេញ។ ពេលខ្លះមិនថាកាលៈទេសៈ ស្នេហា ការងារ ឬមិត្តភាព ឬវត្ថុជាទីស្រលាញ់អ្វីទេ ស្រលាញ់ត្រឹមតែអាចឱ្យបានតែម្ខាងទៅបានហើយ កុំខំស្រលាញ់ដល់ថ្នាក់បោះទុនរង់ចាំផលចំណេញដូចអ្នករកស៊ីអី ព្រោះថាអារម្មណ៍ មនោសញ្ចេតនាគេសម្រាប់ផ្តល់ឱ្យ គេមិនសម្រាប់បោះទុនទេ។

#អត្ថបទអ្នកនិពន្ធរតនា

នេះជាការបកស្រាយពីគំនិតរបស់អ្នកនិពន្ធនៃការរចនាគម្របសៀវភៅ ប្រលោមលោកវិថីជីវិត

#ហេតុអ្វីដាក់ពណ៌ផ្ទៃមេឃ?
ព្រោះនេះជាពណ៌តំណាងឱ្យផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដែលបានពន្លិចបេះដូងរបស់វីរិយ៉ាយ៉ាងជ្រៅ…

#ហេតុអ្វីរូបស្បែកជើង#ហេតុអ្វីស្បែកមនុស្សស្រី#ហេតុអ្វីស្បែកជើងតែម្ខាង#ហេតុអ្វីស្បែកជើងកែងចោទ?
វិថីជីវិត! បានរៀបរាប់ពីដំណើរជីវិតរបស់តួរអង្គស្រីនៅក្នុងរឿង គឺស្រីតូចវីរិយ៉ា!
ស្បែកជើងនារី! គឺតំណាងឱ្យការដើររបស់នាង ស្បែកជើងតែម្ខាងព្រោះនាងបានតាំងចិត្តដើរតែម្នាក់ឯងដើម្បីទៅរកគោលដៅមួយរបស់នាង
ស្បែកជើងកែង! ព្រោះតែបំណងប្រាថ្នារបស់នាងមិនត្រឹមតែត្រូវការដើរឱ្យបានឆ្ងាយ តែត្រូវដើរឱ្យបានខ្ពស់ហើយឆ្ងាយ

#ហេតុអ្វីគ្របខាងក្រោយមានរូបដៃមួយគូជាមួយចិញ្ចៀនផ្កា?
ព្រោះតែមហិច្ឆតាមិនមែនសុភមង្គល!

តើអ្នកមានអានអក្សរដែលអ្នកនិពន្ធដាក់នៅលើគ្របទាំងមុខនិងក្រោយដែរឬទេ? អានហើយគិតបន្តិចប្រហែលជាអាចយល់ខ្លះៗ តែបើចង់ឱ្យយល់កាន់តែច្បាស់ ត្រូវអានសៀវភៅនេះឱ្យចប់មួយក្បាលសិនណា៎ ❤️📚

អានឱ្យចប់សិន! ទើបដឹងថាឆាកជីវិតមួយនេះរីករាយឬឯកាប៉ុនណា !
អានឱ្យចប់សិន! ទើបដឹងថាឆាកជីវិតដែលជោគជ័យរបស់នារីម្នាក់នេះត្រូវការអ្វីខ្លះ? ត្រូវដើរបែបណាខ្លះ?

#ប្រលោមលោកវិថីជីវិត
#ស្នាដៃអ្នកនិពន្ធរតនា

កុំខ្វល់នឹងពាក្យ “ប៉ុន្តែ” របស់អ្នកដទៃ

អ្វីៗដែលខ្ញុំកំពុងតែមាន ជាអ្វីដែលមនុស្សមួយចំនួនមិនធ្លាប់មាន ឬកម្រមាន។ មានមនុស្សជាច្រើនកំពុងចង់បានជីវិតដូចខ្ញុំនាពេលនេះ។ គេខំគិតធ្វើយ៉ាងណាឱ្យបានមកឈរនៅកន្លែងដែលខ្ញុំកំពុងឈរ។

ក្នុងពេលតែមួយ ក៏មានមនុស្សខ្លះៗដាក់ពាក្យ “ប៉ុន្តែ” នៅក្នុងស្ថានភាពជីវភាពជីវិតរបស់ខ្ញុំ។

គួរទេ? បើខ្ញុំខ្វល់នឹងពាក្យ “ប៉ុន្តែ” របស់ពួកគេទាំងនោះ 
ខ្ញុំក៏ចង់ខ្វល់ដែរ តែខ្ញុំ ក៏មានពាក្យ “ប៉ុន្តែ” របស់ខ្ញុំ ជាហេតុផលមិនឱ្យទៅខ្វល់ ឈឺក្បាលនឹងពាក្យ “ប៉ុន្តែ” ដែលគេដាក់ឱ្យជីវិតខ្ញុំ។

គេថា ខ្ញុំពូកែណាស់ ខ្ញុំមានគ្រប់យ៉ាង “ប៉ុន្តែ”ខ្ញុំនៅតែមិនទាន់ធ្វើជាថៅកែ។
ជីវភាពជីវិតមួយដែលមនុស្សច្រើននាក់ប្រាថ្នាចង់បានពេលនេះជារបស់ខ្ញុំ។ 
ថៅកែ? “ប៉ុន្តែ” ខ្ញុំអត់ចង់ធ្វើថៅកែ ឬ អត់ទាន់ដើរទៅដល់កន្លែងមួយនោះ ឬ……។

“ប៉ុន្តែ” បែបណាអត់សំខាន់ ពាក្យ “ប៉ុន្ត” ដែលសំខាន់សម្រាប់ខ្ញុំ គឺកម្លាំងចិត្ត ភាពស្កប់ស្កល់ និងការគិតវិជ្ជមាន។

ខ្ញុំអត់បានធ្វើថៅកែនាពេលនេះ “ប៉ុន្តែ” ខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំមាន ខ្ញុំពេញចិត្តអ្វីដែលខ្ញុំកំពុងធ្វើ។

ពាក្យ “ប៉ុន្តែ” របស់គេមិនរសើបត្រចៀកខ្ញុំទេ។ ពាក្យ “ប៉ុន្តែ” ដែលធ្វើឱ្យខ្ញុំខូចចិត្ត ឯកា ឬបន្ទោសបង្អាប់ខ្លួនឯង ខ្ញុំសូមមិនធ្វើឮ 😊

#អត្ថបទអ្នកនិពន្ធរតនា

ល្អកាយ ឬល្អចិត្ត?

 ខ្ញុំស្អប់រាល់ពេលដែលខ្លួនឯងភ្ញាក់ពីគេង ហេតុអ្វីបង្ខំឲ្យខ្ញុំភ្ញាក់ពីគេង ឲ្យខ្ញុំឃើញរូបកាយដែលមិនគួរឲ្យពេញចិត្តបែបនេះ? ខ្ញុំស្អប់កញ្ចក់ដែលមិនអាចឲ្យខ្ញុំបានឃើញរូបមួយដែលខ្ញុំចង់បាន ខ្ញុំមិនចូលចិត្តមនុស្សនៅក្នុងកញ្ចក់នោះទេ រូបសម្ផស្សដែលធ្វើឲ្យអាប់ឱនបែបនេះមិនគួរមាននៅក្នុងផែនដីនេះទេ។ សម្បកកាយដែលស្អាតល្អមានច្រើនណាស់ តើហេតុអ្វីក៏មិនមែនជារបស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅក្នុងសម្បកកាយដែលមិនគ្រប់លក្ខណៈ មិនស្រស់ស្អាតបែបនេះទៅវិញ? ព្រហ្មលិខិតមិនយុត្តិធម៌!
ពីដើមមកខ្ញុំតែងខំសាងល្អច្រើនណាស់ ខ្ញុំមិនដែលបានសាងអាក្រក់ទៅលើនរណាទេ ចុះហេតុអ្វីគ្មានអភិនិហាអ្វីឲ្យខ្ញុំបានស្អាតដូចជាចិត្តរបស់ខ្ញុំផង? ខ្ញុំចង់ឲ្យមានក្រសែភ្នែកសម្លឹងមកខ្ញុំដោយពាក្យសរសើរដូចដែរ ពួកគេពិតជាមិនយល់ចិត្តខ្ញុំទេ មិនដែលខ្វល់ថាខ្ញុំមានអារម្មណ៍យ៉ាងណា ចិត្តគេមិនល្អសោះ គេតែងតែប្រមាថដល់រូបភាពខាងក្រៅរបស់ខ្ញុំ។
គេមិនល្អសោះ! តែគេស្អាតណាស់!
ចុះខ្ញុំ? ខ្ញុំមិនស្អាតទេ! តែចិត្តខ្ញុំល្អណាស់!
ព្រហ្មលិខិតមិនយុត្តិធម៌!
ខ្ញុំសាកអានអក្សរខ្មៅ៣ជួរនេះ ៣ដងទៀតដដែរៗ ភ្នែករបស់ខ្ញុំចាប់ផ្តើមមានពន្លឺ មុននេះបើខ្ញុំមានទឹកភ្នែកហូរ នេះគឺជាពេលជូតទឹកភ្នែកនោះឲ្យស្ងួត ហើយបើសិនជាខ្ញុំមានទឹកភ្នែកហូរនាពេលនេះ ស្នាមញញឹមរបស់ខ្ញុំក៏មានស្របគ្នាដែរ។ព្រហ្មលិខិតមិនយុត្តិធម៌! 
ខ្ញុំអរគុណដែលអ្នកមិនយុត្តិធម៌បែបនេះ អរគុណដែលលម្អៀងមកខាងខ្ញុំ។ បើសិនជាអ្នកឲ្យខ្ញុំកើតជាមកដើម្បីធ្វើជាមនុស្សប្រភេទស្អាតរូបមិនស្អាតចិត្តបែបនោះ ខ្ញុំសុខចិត្តមិនកើតមកល្អជាង។ ខ្ញុំអរគុណព្រហ្មលិខិតដែលផ្តល់អភិនីហាដល់ជីវិតខ្ញុំ ទោះខ្ញុំមិនអាចកើតមកក្នុងសម្បកកាយស្រស់ឆើតឆាយដូចគេ តែអ្នកបានផ្តល់ទឹកចិត្តដែលថ្លៃថ្លាជាពេជ្រនេះដល់ខ្ញុំ។ ឱ!អ្នកណាអើយ បើអ្នកយករូបជាសំខាន់ នោះអ្នកនឹងមិនសុខបានយូរឡើយ ព្រោះកាយដែលអ្នកកំពុងតែឈ្លក់នេះនឹងរត់ចោលអ្នកទៅតាមពេលវេលានិងហេតុការណ៍ណាមួយ។ តែចិត្តល្អ​នេះ វានឹងមិនដែលទៅណាចោលខ្ញុំ បើទោះថ្ងៃមួយខ្ញុំលែងនៅលើផែនដីនេះ ចិត្តល្អរបស់ខ្ញុំនឹងនៅតែរស់នៅទីនេះដើម្បីរំឮកពីវត្តមានរបស់ខ្ញុំ។ ខ្ញុំលែងចាប់អារម្មណ៍ហើយថាពេលខ្ញុំទៅក្រៅ ខ្ញុំមិនអាចទទួលបានក្រសែភ្នែកកោតសរសើរពីរូបសម្រស់ ខ្ញុំនឹងខំរក្សាតែចិត្តល្អរបស់ខ្ញុំឱ្យគង់ ភ្នែកទាំងឡាយដែលមិនធ្លាប់ចាប់អារម្មណ៍ខ្ញុំតាំងពីដំបូង និងចងចាំខ្ញុំនាពេលដែលខ្ញុំលែងនៅ។ ឈប់កើតទុក្ខទៅណា៎! រូបមិនល្អមិនអីទេ ចិត្តមិនល្អទើបជាក្តីបារម្ភ!

#អត្ថបទអ្នកនិពន្ធរតនា

បើមិនចង់បានទំនាក់ទំនងក្លែងក្លាយ ក្តីស្រលាញ់ក្លែងក្លាយ ឈប់ធ្វើជា

មាននរណាខ្លះដែលមិនចង់បានក្តីស្រលាញ់ស្មោះត្រង់នោះ? គ្មានទេ!

មិនមានមនុស្សចង់បានក្តីស្រលាញ់ដែលមិនស្មោះត្រង់សោះ តែមនុស្សចូលចិត្តឱ្យក្តីស្រលាញ់ក្លែងក្លាយមួយនោះទៅអ្នកដទៃទៅវិញ។ ព្រោះអ្វី?

ហេតុផលទី១ គឺព្រោះតែការចង់បាន។ ហេតុផលទី២ គឺព្រោះតែភាពអាត្មានិយម។

ចង់បាននោះគឺអ្វី?

ចង់បានក្តីស្រលាញ់មួយ ចង់បានភាពស្និទ្ធស្នាលមួយ មនុស្សចូលចិត្តកុហក លាក់លៀមនិស្ស័យមិនល្អរបស់ខ្លួននៅពេលចាប់ផ្តើមទំនាក់ទំនងនិមួយៗ។ ការគោរពគ្នា ខ្វល់ខ្វាយគ្នា រអាលចិត្តគ្នា និងលះបង់ចំពោះគ្នាដែលមានតែមួយរយៈពេលខ្លី មិនខុសអីពីការកុហក ឬហៅបានថាលាក់លៀមចរិតពិត។

រឿងល្អៗដែលបានខំធ្វើត្រឹមមួយរយៈខ្លីដើម្បីឱ្យបានទំនាក់ទំនងមួយនោះ វានឹងរលាយទៅតាមពេលវេលា។ វានៅមិនយូរឡើយ ព្រោះមនុស្សមិនអាចបង្ខំខ្លួនឯងឱ្យធ្វើរឿងដែលខ្លួនមិនចូលចិត្តបានយូរនោះទេ។

ទំនាក់ទំនងដែលខំសម្តែងភាពល្អទៅប្តូរវានឹងរង្គើរនាពេលដែលភាពអាត្មានិយមរបស់មនុស្សក្រោកឡើង។

តើមាននរណាតែងតែគិតដល់អ្នកដទៃមុនខ្លួនឯងរហូតនោះ? មនុស្សថាមិនខ្វល់ពីខ្លួនឯង តែនៅតែខំដកដង្ហើមឱ្យខ្លួនឯងបានរស់គ្រប់វិនាទី។

បើការដែលចង់បានទំនាក់ទំនងមួយត្រូវបង្ខំខ្លួនឯងឱ្យស្ថិតនៅក្នុងការដាស់តឿនចិត្តរហូតមក ការប្រើពិធិការរហូត ឬការលះបង់ភាពជាខ្លួនឯងរហូត តើមាននរណាអាចទ្រាំបាន?

ភាពអាត្មានិយមនឹងដាស់មនុស្សឱ្យភ្ញាក់ ហើយលះបង់ទំនាក់ទំនងមួយនោះដើម្បីមករស់ជាខ្លួនឯងវិញ។

ក្រោយពេលដែលទំនាក់ទំនងមួយបានបាត់បង់ មនុស្សតែងនិយាយថា គេបានទទួលក្តីស្រលាញ់ក្លែងក្លាយ។

គេមិនគិតទេថាក្តីស្រលាញ់ក្លែងក្លាយនោះ គេក៏មានចំនែកបង្កើតវាដែរ។

ធ្វើឱ្យខ្លួនឯងក្លាយជាខ្លួនឯងដែលក្លែងក្លាយដើម្បីទំនាក់ទំនងក្លែងក្លាយមួយតាំងពីពេលចាប់ផ្តើម សួរថានរណាចាប់ផ្តើម?

ដូច្នេះ បើមិនចង់បានទំនាក់ទំនងក្លែងក្លាយ ក្តីស្រលាញ់ក្លែងក្លាយ ឈប់ធ្វើជាខ្លួនឯងក្លែងក្លាយទៅ! បើគេចង់រាប់អានយើង បើគេស្រលាញ់អ្នក គេនឹងទទួលយកបានភាពអ្នកជាអ្នក ហើយក្តីស្រលាញ់ ឬទំនាក់ទំនងមួយនោះនឹងមិនក្លែងក្លាយឡើយ ហើយក៏មិនរលាយទៅតាមពេលវេលា ឬភាពអាត្មានិយមឡើយ។

កុំដើម្បីតែទំនាក់ទំនងមួយ ត្រូវរៀបចំឬកពារ ឬបង្កើតខ្លួនឯងក្លែងក្លាយដើម្បីទៅចាប់យកវា។

បើមិនចង់បាត់បង់មនុស្សដែលអ្នកស្រលាញ់ ទៅរកគេក្នុងភាពអ្នកជាអ្នក! ទោះគេមិនទទួលយកអ្នកបានឬមិនបាន យ៉ាងហោចអ្នកនឹងគេគឺមិនមានទំនាក់ទំនងក្លែងក្លាយ មិនខាតពេល ទោះខកចិត្តក៏មិនឈឺចាប់។

ចាំណា៎! អ្វីដែលក្លែងក្លាយវានឹងមិនស្ថិតថេរឡើយ មួយរយៈកន្លងវាអាចរលាយទៅវិញតាមភាពអាត្មានិយមរបស់មនុស្សនេះឯង។

#អត្ថបទអ្នកនិពន្ធរតនា

ប្រលោមលោក លួចស្រលាញ់

#លួចស្រលាញ់ 

ខ្ញុំឈ្មោះដូរិន ឆ្នាំនេះខ្ញុំមានអាយុ15ឆ្នាំហើយ។ ខ្ញុំជាសិស្សថ្នាក់ទី10នៃវិទ្យាល័យទួលទំពូង។ ថ្ងៃនេះជាថ្ងៃចូលបវេស្សមកាលឆ្នាំថ្មី សិស្សានុសិស្សទាំងអស់គ្នាម្នាក់ៗសុទ្ធតែមានសម្លៀកបំពាក់ និងសម្ភារៈសិក្សាថ្មីៗយកមកបង្អួតគ្នា។ ខ្ញុំឃើញគេគ្រប់គ្នាដូចជារីករាយនឹងថ្ងៃចូលរៀនដំបូងណាស់ តែខ្ញុំគ្មានអារម្មណ៍អីពិសេសសោះ សិស្សមួយបន្ទប់ខ្ញុំដូចគ្មានស្គាល់អ្នកណាម្នាក់សោះ។

ស្នូរជួងបន្លឺ មានន័យថាដល់ម៉ោងចូលរៀន។ សិស្សគ្រប់គ្នាចាប់តុអង្គុយជុំជាមួយមិត្តភ័ក្តរៀងៗខ្លួន ឯខ្ញុំវិញមិនខ្វល់ទេថាអង្គុយក្បែរអ្នកណា សំខាន់ខ្ញុំមិនអង្គុយមុខគេទេ ព្រោះដូចជាអៀនពេក តែខ្ញុំក៏មិនអង្គុយក្រោយពេកដែរ ព្រោះខ្ញុំខ្លាចមើលមិនឃើញអក្សរលើក្តារខៀន ខ្ញុំអង្គុយតុទី4នេះឯង។ ថ្ងៃនេះម៉ោងលោកគ្រូខ្មែរមុនគេ ខ្ញុំមិនដឹងថាប៉ះគ្រូណាទេ បើគ្រូកាចតែពូកែពន្យល់មិនអីទេ គ្រូខ្លះកាចហើយមិនចេះពន្យល់ទៀតមុខតែរៀនមិនចេះទេ។ អីយ៉ាលោកគ្រូមកហើយអ៊ុតបន្តិចសិនគាត់កាចឬអត់?

លោកគ្រូដើរដល់តុគាត់ដាក់កាបូបចុះ ហើយគាត់ដើរមកឈរនៅមុខតុទីមួយដើម្បីណែនាំខ្លួនគាត់៖
សួរស្តីប្អូនៗ! មានអារម្មណ៍យ៉ាងណាដែរថ្ងៃចូលរៀនទីមួយ? ប្រហែលសប្បាយចិត្តហើយបានជួបមិត្តភ័ក្តវិញនិងមានរបស់ថ្មីៗយកមកបង្អួតគ្នាផង ប្អូនៗត្រូវដឹងថារបស់ដែលប្អូនសម្ងែងបង្អួតគ្នានេះ សុទ្ធតែឪពុកម្តាយយកញើសឈាមទៅប្តូរ ដើម្បីលើកទឹកចិត្តឱ្យប្អូនខំរៀន មិនមែនឱ្យភ្លើតភ្លើននោះទេ។ (លោកគ្រូខ្មែរ)

លោកគ្រូនេះថ្ងៃទីមួយសោះនិយាយប៉ុន្នឹងហើយ ខ្ញុំស្មានតែគាត់មកឈរណែនាំខ្លួន ដឹងអីគាត់មកឈរទេសនាទៅវិញ។ សិស្សគ្រប់គ្នាចាប់ផ្តើមធ្វើមុខធុញ ខ្ញុំក៏មិនខុសពីពួកគេដែរ ហ៊ើយ! ត្រូវប្រើពេលមួយឆ្នាំអង្គុយស្តាប់គាត់រៀបរាប់ហើយ មិនដឹងថានឹងរស់យ៉ាងម៉េចទេខ្ញុំ?
លោកគ្រូខ្មែរនៅតែបន្តទេសនាមិនខ្ចីខ្វល់ពីមុខធុញរបស់ពួកខ្ញុំឡើយ។ ស្រាប់តែលោកគ្រូវិន័យមកដល់ សិស្សទាំងអស់គ្នាចាប់ផ្តើមរួញខ្លួនបន្តិចពិសេសពួកអ្នកចូលចិត្តមូលដៃអាវ ថ្ងៃនេះខ្ញុំស្អាតមួយកំប្លេ អត់ខ្លាចលោកគ្រូវិន័យទេ។ អីយ៉ា! គាត់នាំអ្នកណាមកហ្នឹង?

-ជំរាបសួរលោកគ្រូ ខ្ញុំសូមផ្ញើរសិស្សថ្មីម្នាក់ផង ទើបតែប្តូរពីសាលាផ្សេងមក (លោកគ្រូវិន័យ)
-បាទ! ជម្រាបសួរលោកគ្រូ។ មិនអីទេ! ទុកឱ្យនាងនៅនឹងខ្ញុំចុះ (លោកគ្រូខ្មែរ )

លោកគ្រូវិន័យទៅបាត់ នៅសល់ស្រីតូចម្នាក់ឈរក្បែរលោកគ្រូខ្មែរធ្វើមុខស្លេកៗ មើល

មកសិស្សក្នុងថ្នាក់។ អស់តុមុខអង្គុយហើយនាងតូចអើយ! ប្រធានថ្នាក់ខ្ញុំដើរទៅទទួលនាងឱ្យចូលអង្គុយនៅតុទី៦ជំហៀងខាងស្រីៗ។ ហាសហា៎! តូចជាងគេផងទៅអង្គុយនៅក្រោយគេទៀត ខ្សែរលោកគ្រូវិន័យផង។
វត្តមានរបស់សិស្សថ្មីម្នាក់នេះធ្វើឱ្យសិស្សទាំងអស់គ្នាចាប់អារម្មណ៍ខ្លាំង ព្រោះនាងមានរបៀបតុបតែងខ្លួនបែបប្លែកៗពីគេឯងយ៉ាងម៉េចមិនដឹងទែ តែនាងក៏មិនបានធ្វើខ្លួនខុសវិន័យសាលាដែរ។ 
យី! មើលទៅនាងតូចនេះញញឹមស្រស់មែន ទើបតែចូលថ្ងៃទីមួយសោះពព្រាយដាក់គេគ្រប់គ្នាតែម្តង។ ជិតផុតម៉ោងរៀនប្រធានថ្នាក់ស្រង់អវត្តមាន គាត់ហៅឈ្មោះអ្នកគ្រប់គ្នាដើម្បីចំណាំមុខផង។ អីយ៉ា! នាងតូចនោះឈ្មោះពិរោះគ្រាន់ នាងឈ្មោះឡាលីន ប្រែពីភាសាបារាំងមកថាព្រះច័ន្ទ។ 

ធ្មេចៗចូលរៀនបានមួយអាទិត្យហើយ ខ្ញុំដូចជាចាប់អារម្មណ៍មើលនាងតូចនោះជាងមើលមេរៀនទៅទៀត។ កាលចូលរៀនថ្ងៃទីមួយឃើញធ្វើមុខស្លេកៗសោះ ឥឡូវខ្ញុំឃើញនាងទៅណាមកណាតែងមានគ្នីគ្នារហូត ដូចជាគ្រាន់បើជាងខ្ញុំឆ្ងាយណាស់។ អីយ៉ាៗ! ហ៊ានដូរតុចិត្តឯងទៀត ថ្ងៃនេះម៉ោងគ្រូភូមិវិទ្យាផង គ្រូកាចផងនាងតូចនេះហ៊ានមែន តែឱ្យនាងទៅអង្គុយនៅតុមុខអីចឹងក៏សមដែរ បើនាងខ្លួនតូចតែមួយ។
ជួងចូលរៀនបន្លឺឡើង សិស្សគ្រប់គ្នារត់ចូលតុអង្គុយរៀងខ្លួន មួនសន្ទុះលោកគ្រូភូមិវិទ្យាចូលមក។ សិស្សទាំងអស់គ្នាក្រោកឈរទទួលលោកគ្រូ មើលចុះ! តុទី២ខាងស្រីៗមានអ្នកអង្គុយដល់ទៅ៥នាក់ លោកគ្រូឈរមើលមុខនាង ហើយគ្មានឱ្យអ្នកណាអង្គុយសោះដោយសារតែនាងតូចហ្នឹងហើយ!

ឡាលីន! ម៉េចឯងអង្គុយខុសតុអញ្ង្ចឹង? (លោកគ្រូ)

ចាស៎លោកគ្រូ! នាងខ្ញុំចង់អង្គុយតុមុខវិញ ព្រោះនៅក្រោយបាំងខ្នងគេមើលក្តារខៀនមិនឃើញទេ (ឡាលីន)

ចុះអង្គុយ៥នាក់អីចឹងសរសេរមេរៀនមិនទើសដៃគ្នាទេ? (លោកគ្រូ)

សិស្សស្រីៗតុទី២ឆ្លើយស្រុះគ្នា៖ អត់អីទេ លោកគ្រូ។

លោកគ្រូសើចហើយក៏ឱ្យសិស្សទាំងអស់អង្គុយ។ យី! នាងតូចនេះឡូយគ្រាន់ មួយអាទិត្យសោះមានបក្ស មានពួកកាងគ្នាមិនធម្មតា។ ខ្ញុំជាសិស្សចាស់៤ឆ្នាំទាំងឆ្នាំនេះហើយមិនទាន់រកបានពួកម៉ាកឯណាមួយគ្រាប់ផង នាងតូចនេះដើរត្រូវជាមួយគេគ្រប់គ្នា។ តាមពិតទៅឡាលីនមិនជាស្អាតអីលើសគេឯណាទេ តែនៅក្នុងថ្នាក់រៀននាងដូចជាផ្កាមួយទង ជាទីចាប់អារម្មណ៍សិស្សប្រុសៗក្នុងថ្នាក់ តែខ្ញុំមិនឃើញនាងមិនស្និទ្ធស្នាលជាមួយមិត្តភ័ក្តប្រុសណាម្នាក់ឡើយ ក្រៅពីប្រធានថ្នាក់របស់ពួកយើង ព្រោះប្រធានថ្នាក់គាត់ចុះសម្រុងជាមួយសិស្សគ្រប់គ្នាមិនថាសិស្សខូចឬសិស្សមករៀន សិស្សស្រីឬសិស្សប្រុស។

ធ្មេចបើកៗ យើងរៀនបានកន្លះឆ្នាំទៅហើយថ្ងៃនេះប្រលងប្រចាំខែមុខវិទ្យារូបផង ខ្ញុំគ្មានចេះអីទេ មករៀនយឺតទៀត។ កំពុងតែរត់ឡើងកាំជណ្តើរឃើញប្រធានថ្នាក់ដើរមួយក្រុមចុះក្រោម៖

ខ្ញុំ: ហ្អាក! ប្រធានគ្រូអត់ប្រលងទេ?
ប្រធាន: ថ្ងៃនេះគ្រូរវល់គាត់ចាំប្រលងថ្ងៃផ្សេង

ធូរចិត្តបន្តិចលែងរត់ ខ្ញុំដើរតាមធម្មតាទៅជិតដល់មាត់បង្អួតបន្ទប់រៀនឮសម្លេងឡាលីនស្រែកខ្លាំងគ្មានខ្លាចចិត្តថ្នាក់គេរៀនក្បែរនេះសោះ ទំនងដូចជាខឹងខ្លាំងខ្ញុំឈរលួចមើលពីក្រៅ ឃើញនាងឈរស្តីឱ្យសិស្សប្រុសៗបួនប្រាំនាក់ ហើយចង្អុរមុខសិស្សប្រុសម្នាក់ដោយទឹកមុខមាំ

ឡាលីន: ឯង!ថ្ងៃក្រោយកុំព្រហើនហ៊ានដើរជាន់តុយើងទៀត! ប្រាប់មិត្តគ្រប់គ្នាកុំហ៊ានជាមួយយើង យើងគ្មានថ្ងៃចាញ់អ្នកណាទេ! ហើយនេះជាការប្រមាន
(និយាយចប់នាងគប់សៀវភៅមួយក្បាលចេញតាមមាត់បង្អួតម្ខាងទៀត។ )
សិស្សប្រុសនោះ: អានេះសៀវភៅអញ!!
មិត្តភ័ក្តគេ: ចុះហ្អែងមិនទៅរើស!!

ថាហើយពីរនាក់នោះរត់ទៅរើសសៀវភៅនៅសល់បីនាក់ទៀតអង្គុយលើតុមើលមុខកាចរបស់ឡាលីន តែម្នាក់នោះសែនឌឺគឺគេប្រើភ្នែកមិនញញើតមុខខឹងរបស់ឡាលីនសោះថែមទាំងសើចឌឺដាក់ឡាលីនទៀត។ តាមពិតម្នាក់មុខឌឺនោះគឺកូនអ្នកមានជាងគេក្នុងបន្ទប់រៀននេះ ហើយបួននាក់ទៀតនោះជាបរិវារគេ។ នេះជាលើកទីមួយហើយដែរខ្ញុំឃើញឡាលីនកាចបែបនេះ។ ពីដើមមកខ្ញុំស្មានតែឡាលីនគ្រាន់តែជាក្មេងស្រីរស់រាយសម្បូរមិត្តភ័ក្ត តាមពិតនាងកាចដល់ថ្នាក់នេះសោះ។
ភាពកាចមិនខ្លាចគេរបស់នាងថ្ងៃនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍ចង់ដឹងពីនាងបន្ថែមទៀត តែមិនដឹងទៅសួរអ្នកណាទេ មិនស្រួលគេថាខ្ញុំស្រលាញ់ឡាលីន នាងចិញ្ច្រាំខ្ញុំហើយណាមួយខ្ញុំគ្មានមិត្តភ័ក្តណាមួយសោះ សូម្បីតែឈ្មោះអ្នករៀនជាមួយស្គាល់មិនលើសប្រាំអ្នកផង សួរអ្នកណាអញ្ចេះ? អ៎!ប្រធានថ្នាក់។ គិតមួយអាទិត្យទំរាំតែដាច់ចិត្តទៅសួរប្រធានថ្នាក់ ចាំម៉ោងចេញលេងរកលេះប៉ាវទឹកអំពៅគាត់សិន។

ខ្ញុំ: ប្រធាន! តោះទៅញាំទឹកអំពៅជាមួយខ្ញុំ
ប្រធានបើកភ្នែកធំៗចម្លែក : យីដូរិនចង់ប៉ាវទឹកអំពៅខ្ញុំ? ចង់សុំច្បាប់រឺចង់សុំអវត្តមានម៉ោងក្រោយ?
ខ្ញុំ: អត់ទេមានរឿងចង់សួរ ម៉ោះៗ!
ប្រធានរៀងប្លែកបន្តិចពីព្រោះខ្ញុំមិនមែនជាមនុស្សមានទំនាក់ទំនងជាមួយអ្នកណា តែងតែម្នាក់ឯងម៉ង់ៗ។ ដល់កន្លែងញាំទឹកអំពៅប្រធានហៅទឹកអំពៅពីរកែវ ហើយនិយាយមកខ្ញុំ។

ប្រធាន : ម៉ោះ! សួរអីសួរម៉ោ គេប៉ាវប៉ុន្នេះហើយសួរអីក៏ឆ្លើយដែរ
ខ្ញុំ: ប្រធាន! ថ្ងៃមុនខ្ញុំឃើញឡាលីនកាចណាស់ ហ៊ានយកសៀវភៅគេគប់ចោល
ប្រធាន: គប់សៀវភៅអ្នកណា?
ខ្ញុំ: ក្រុមកូនអ្នកមានបួនប្រាំអ្នកហ្នឹង
ប្រធាន: បើពួកហ្នឹងមិនធ្វើអីគេ ក៏ឡាលីនមិនកាចដាក់ដែរ (ប្រធានឆ្លើយឡើងហី)
ខ្ញុំ: ឮថាមកពីពួកហ្នឹងជាន់តុនាង 
ប្រធាន: ពួកហ្នឹងឈ្លោះគ្នាដូចឆ្មានិងកណ្តុរ ចង់ដឹងសាច់រឿងច្បាស់ ត្រូវមករៀនមុនម៉ោងបន្តិច និងចេញទៅផ្ទះយឺតបន្តិច

អាចុងក្រោយនេះប្រធានដូចចង់ថាឱ្យខ្ញុំម៉េចទេ តាមពិតទៅខ្ញុំមិនមករៀនយឺតអីទេគ្រាន់តែមកទៀងម៉ោង ហើយបើទៅផ្ទះវិញឮតែជួងខ្ញុំរត់ដល់មុខសាលាមុនគេ។ តែដល់ប្រធានថ្នាក់និយាយអីចឹងហើយសមនិងចង់ដឹងរឿងគេផងខ្ញុំគួរតែសាក។
ថ្ងៃនេះខំមកដល់មុនគេខ្ញុំអង្គុយនៅតុខ្ញុំបន្តិច ឃើញក្រុមពួកកូនអ្នកមាននោះមកដល់ដែរគេបោះសៀវភៅដាក់លើតុរៀងខ្លួន។ ម្នាក់ដែលជាមេក្រុមនោះបញ្ជារឱ្យបរិវាឡើងជាន់ជ្រុំតុឡាលីន។ ខ្ញុំម្នាក់ឯងមិនហ៊ានលូកដៃរឿងគេទេខ្លាចគេវៃ ព្រោះពួកហ្នឹងកាចៗហើយជាសិស្សសំណព្វគ្រូទៀតធ្វើអីមិនឈ្នះគេទេ។ ជាន់ជ្រំអស់ចិត្តគេនាំគ្នាអង្គុយលើតុនាងទៀត ទ្រាំមើលមិនបានខ្ញុំក៏ក្រោកចេញទៅក្រៅ ឃើញឡាលីនកំពុងដើរមកតំណើរអែនអនដូចកន្នរី ញញឹមញញែមដាក់ធម្មជាតិតែនាងមិនដែរមើលមុខខ្ញុំទេ មិនចំឡែកទេព្រោះខ្ញុំមិនមែនជាអ្នកល្បីក្នុងសាលាផង។ ចាំមើលសាច់រឿងបន្តខ្ញុំឈរនៅបង្អួចម្ខាងចាំមើលដូចការមុន ឡាលីនដើរជិតដល់ទ្វារបន្ទប់រៀន ពួកក្មេងខូចប្រាំនាក់នោះផ្អើររត់ចេញពីតុនាងមានម្នាក់ជ្រុះស្បែកជើងម្ខាងនៅតុនាងទៀត ឡាលីនស្ទុះទៅរើសស្បែកជើងនោះឱ្យបានមុនហើយនាងស្រែកយ៉ាងខ្លាំង

“ពួកអត់ខួរគ្រប់គ្នាឯងនេះ ជេរផងស្តីផងតែមិនបើកខួរចាំទេ ចូលចិត្តឱ្យយើងជេរណាស់អី?” ថាប៉ុន្នឹងហើយមុខញញឹមញញែមពីមុននេះបន្តិចគ្មានសល់សូម្បីស្រមោល ប្តូរចេញមុខមាំភ្នែកសម្លក់ប្រុសអាក្រក់ទាំង5គ្មានព្រិចភ្នែករួចនាងគប់ស្បែកជើងម្ខាងរបស់បរិវាគេឈាងក្បាលមេបក្សគេតែម្តង សំដៅទៅបង្អួចម្ខាងទៀត។ 
“ហ៊ើយអញ! ទៀតហើយ!” បរិវាកូនអ្នកមានម្នាក់រត់ទៅរើសស្បែកជើង កំពូលកូនអ្នកមានធ្លាប់តែញញឹមឌឺឡាលីនប្រែទឹកមុខចងចញ្ចើមដាក់នាង ឡាលីនមើលទៅមិនញញើតគេសោះខ្លួនតូចតែមួយឈរសម្លក់ទាល់តែប្រុសទាំងនោះងាកមុខចេញ។ ខ្ញុំខ្លាចភាពកាចរបស់ឡាលីនដល់ហើយ តែក៏អាណិតនាងណាស់ដែរ ដែលត្រូវក្រុមប្រុសៗកូនអ្នកមានព្រួតធ្វើបាបបែបនេះ។

មិនទាន់អស់ចិត្តទេខ្ញុំនៅចង់ដឹងរឿងនាងទៀតល្ងាចចេញទៅផ្ទះខ្ញុំមិនប្រញាប់ទៀតទេ ខ្ញុំដើរតាមក្រោយឡាលីនពីចម្ងាយទៅយកម៉ូតូ ឃើញនាងដើរជាក្រុមជាមួយមិត្តភ័ក្តលេងសើចយ៉ាងសប្បាយសុខៗ ពួកកូនអ្នកមាននោះរត់ទៅស្រែកព្រញាក់នាងយ៉ាងខ្លាំង ធ្វើឱ្យនាងស្រែកជេរពួកនោះគ្មានសំចៃមាត់។ តាមពិតនាងតូចនេះមួយកំប្លេតែម្តងហើយ ទាំងក្និកក្នក់ ទាំងរស់រាយ ទាំងកាច ទាំងឆ្នាស់។ ហាហា ឱ!អ្នកណាទៅហ៊ានស្រលាញ់នាង? ខ្ញុំនេះមិនទៅភ្លើដាក់ចិត្តឱ្យនាងជេរទេ តែខ្ញុំគ្រាន់តែចូលចិត្តលួចមើលដូចមើលរឿងភាគវែងអីចឹងដែរ នាងនិងក្រុមកូនអ្នកមាននោះឃើញតែឈ្លោះគ្នារាល់ថ្ងៃ។
ថ្ងៃនេះខ្ញុំមករៀនមុនគេ ដូចប៉ុន្មានខែចុងក្រោយនេះអីចឹង អូ!នាងតូចឆ្នាស់នោះមកដល់មុនពួកខូចនោះអីចឹងថ្ងៃនេះគ្មានរឿងមើលទេ ហ្អេ!ហ្អេ! ធ្វើអីអញ្ចេះ?
ដាក់កាបូបសៀវភៅក្នុងថតតុនាងរត់មកតុខាងសិស្សប្រុសៗ សំដៅមកតុកំពូលកូនអ្នកមានឡើងជាន់ទន្រ្ទាំតុគេយ៉ាងសប្បាយ។ ឱ!នាងតូចអើយតុគេប្រឡាក់មិនអីទេចុះបើនាងភ្លាត់ជើងធ្លាក់ពីលើតុ ខ្ញុំជួយមិនទាន់ទេណា។ នាងលោតទន្ទ្រាំមួយឆ្អែតប្រហែលជានឹកឃើញថាមានខ្ញុំនៅក្នុងថ្នាក់ដែរហើយ នាងឈរសម្លឹងខ្ញុំពីលើតុ ខ្ញុំនឹកឃើញភ្នែកកាចដែរនាងធ្លាប់សម្លក់គេខ្ញុំមិនហ៊ានមើលមុខនាងទេ បេះដូងលោតស្ទើតែចេញពីទ្រូងប្រហែលខ្លាចនាងណាស់ហើយ ខ្ញុំឱនមុខចុះមិនហ៊ានមើលមុខនាងទៀតទេ។ នាងក៏មិនខ្វល់ពីខ្ញុំដែរ នាងដើរទៅតុនាងវិញបើកសៀវភៅអានធ្វើមិនដឹង។ អីយ៉ូយ! កំពូលកូនអ្នកមានមកដល់ហើយ ឡាលីនត្រូវគេវៃអត់ទេហ្នឹងបើនាងទៅជាន់តុគេអីចឹង? ចុះបើគេវៃនាងខ្ញុំហ៊ានជួយអត់ហ្ន៎? 
កំពូលកូនអ្នកមានដើរមកដល់តុគេឃើញសុទ្ធតែស្នាមស្បែកជើងឡាលីនគេបោះ
សៀវភៅចូលថតតុឈរមើលមុខឡាលីន ឯនាងតូចនោះវិញគ្មានចាញ់គេសោះ ធ្វើមុខឌឺដាក់គេវិញទៀតមិនដឹងថាខ្ញុំបុកពោះជំនួសនាងទេ ហ្អេមើលកូនអ្នកមាននោះបែជាប្តូរមុខទៅជាញញឹមឌឺដាក់នាងវិញ គេមិនចង់វៃរឺស្តីឱ្យនាងទេ? អឺ! ទៅជាដកក្រដាសជូតតុអង្គុយដូចគ្មានរឿងអីទៅវិញ ឯនាងតូចឡាលីននោះវិញញញឹមខ្ចឹបដូចជាបានចិត្តដល់ហើយ។ ខ្ញុំដូចជាមិនយល់ពួលគេពីរនាក់នេះចង់ធ្វើអីទេ។
ខ្វល់តែពីរឿងនាងតូចឡាលីននោះលទ្ធផលរៀនចុងឆ្នាំសិក្សារសេរូហើយខ្ញុំបានតែមួយជាប់។ មើលស្រីឆ្នាស់ឡាលីនប្រហែលបាននិទ្ទេសល្អហើយញញឹមស្រស់ដល់ហើយ ឯកំពូលកូនអ្នកមានម្នាក់នោះវិញឮថាបានលេខមួយផង មើលទៅគេដូចជាសប្បាយចិត្តណាស់ដល់ថ្នាក់ឈរបន្តែតអារម្មណ៍ផង។ 
មួយឆ្នាំទៅយ៉ាងលឿន ទទួលបានលទ្ធផលហើយម្នាក់ៗបបួលគ្នាធ្វើកម្មវិធីជប់លៀងដើម្បីលាគ្នាផងដែរ ព្រោះថាពេលចូលរៀនវិញមានមួយចំនួនដូរវេនរៀន និងខ្លះឮថាប្តូរសាលាផង។ ខ្ញុំឃើញកំពូលកូនអ្នកមានថ្ងៃនេះមិនរករឿងឡាលីនទេ គេអង្គុយលួចមើលកាយវិការឡាលីនយ៉ាងស្ងៀមស្ងាត់ ឯនាងតូចឆ្នាស់នោះវិញឃើញលេងជាមួយមិត្តភ័ក្តឡើងវ៉ល់ គ្មានខ្វល់ថាមានអ្នកណាខ្លះមើលនាងសោះ។
ពិធីជប់លាងបញ្ចប់ សិស្សទាំងអស់គ្នាបំបែកគ្នាទៅផ្ទះរៀងខ្លួន ខ្ញុំដើរយឺតៗតាមក្រោយឡាលីនចុងក្រោយដែរ នាងកំពុងដើរបន្តើរប្រឡែងជាមួយមិត្តនាងបន្តើរ ស្រាប់តែកំពូលកូនអ្នកមាននោះរត់ទៅកៀកពីក្រោយនាងហើយព្រញាក់ ឱ្យនាងភ័យស្រែកជេរមួយទំហឹងចិត្តខឹង កូនអ្នកមាននោះរត់ហួសនាងហើយងាកមកសើចដាក់នាង បែរជាមិនខឹងនាងជេរ។ 
នាងតូចឆ្នាស់ឡាលីនម្នាក់នេះដូចជារឿងភាគមួយរឿងដែរខ្ញុំមើលមិនចេះធុញ។ វិស្សមកាល3ខែនៅផ្ទះ ខ្ញុំនឹកដល់តែនាងចង់ឃើញភាពឆ្នាស់និងស្នាមញញឹមរបស់នាង។ ម្តងៗខ្ញុំនឹកដល់ពេលនាងសម្លឹងខ្ញុំ ធ្វើឱ្យបេះដូងខ្ញុំលោតមិនឈប់។ គិតៗទៅមួយឆ្នាំដែលរៀនជាមួយឡាលីនខ្ញុំតាមមើលនាងដូចរឿងភាគតែនាងវិញមើលខ្ញុំតែម្តងគត់។ នាងប្រហែលមិនទាំងចាប់ថាមានខ្ញុំក្នុងថ្នាក់រៀនជាមួយនាងផង។ 
ពេលនឹកដក់ឡាលីនវិស្សមកាល3ខែដូចជាយូរដល់ហើយ តែបើគិតដល់ថ្ងៃចូលរៀនខ្ញុំនៅមិនទាន់បាត់ខ្ចិលទេ។

ហ៊ើយ! សម្រាកខួរមិនទាន់បានប៉ុន្មានផងដល់ថ្ងៃចូលរៀនវិញហើយ។ បើកបវេស្សនកាលឆ្នាំនេះក៏មិនខុសពីឆ្នាំមុន ម្នាក់យកតែរបស់ថ្មីមកអួតគ្នាខ្ញុំវិញដូចជាគ្មានន័យសោះប្រើរបស់ថ្មីក៏មិនដឹងអួតអ្នកណា បើមិនដែរមានអ្នកណាចាប់អារម្មណ៍ខ្ញុំផង។ អីយ៉ា! នាងតូចឡាលីនបែកប៉ុន្មានខែសប្បុរជ្រះជាងមុន ប្រហែលបន្ទុំសាច់ណាស់ហើយ។ ហេហេ គេមិនទៅអង្គុយតុទី6សិនហើយចាំដូរមកតុទី2វិញដូចឆ្នាំមុនទេហ្ន៎ តែនាងដូរមកអង្គុយដើមតុ។ ខ្ញុំឆ្នាំនេះក៏ចង់ដូរតុដែរ សូមអង្គុយតុទីបីម្តងក្បែរអ្នកដើមតុចុះស្រួលលួចមើលឡាលីនកុំឱ្យគេដឹង។ មិនដឹងយ៉ាងម៉េចទេខ្ញុំ បានឃើញនាងហើយចេះតែចង់មើលនាងមិនចង់ងាកទៅណា។
ឆ្នាំនេះកំពូលកូនអ្នកមានម្នាក់នោះប្តូរសាលាហើយ ក្រុមគេក៏បែកវ៉ូងគ្នាអស់ មានអ្នកខ្លះប្តូរថ្នាក់ទៀតប្រហែលឡាលីននាងបានសុខហើយ។ ខ្ញុំមិនដែលឃើញមុខខឹង មុខកាចរបស់នាងទៀតទេ ឃើញតែមុខប្រឹមប្រិយ៍និងភាពរស់រាយរបស់នាង។ តាមពិតឡាលីនស្អាតណាស់ ស្អាតជាងពន្លឺព្រះច័ន្ទទៅទៀត។ ខ្ញុំចូលចិត្តលួចមើលមុខនាងដល់ភ្លឹក ពេលខ្លះមើលទៅនាងដូចជាដឹងខ្លួនតែនាងធ្វើមិនដឹង នាងប្តូរជាអៀនៗ ធ្វើឱ្យខ្ញុំកាន់តែចាប់ចិត្តលើនាង ខ្ញុំដូចជាលែងខ្លាចឡាលីនដូចកាលមុ នទៀត។ ទោះជានាងមើលមុខខ្ញុំក៏ខ្ញុំនៅតែបន្តមើលមុខមាង ទុកឱ្យនាងអៀនខ្ញុំហើយងាកមុខចេញ ខ្ញុំកាន់តែចង់មើលមុខអៀនរបស់នាង។

ទើបតែចូលរៀនបានពីរបីខែ ខ្ញុំកំពុងមានក្តីសុខក្នុងការមើលមុខឡាលីន ស្រាប់តែកំពូលកូនអ្នកមាននោះមក គេទៅហើយឆ្លៀតមកតាមញោះឡាលីនលេងម្តងម្កាលទៀត។ ពេលដែលខ្លួនឯងចាប់ផ្តើមលួចស្រលាញ់ឡាលីនទើបខ្ញុំដឹងថា កំពូលកូនអ្នកមាននោះឆ្នាំមុនធ្វើឈ្លោះជាមួយនាងរាល់ថ្ងៃតាមពិតលួចស្រលាញ់នាងដែរសោះ។ ខ្ញុំចាប់ផ្តើមបារម្មណ៍ ចុះកាលនុងតិចឡាលីនទន់ចិត្តលួចស្រលាញ់គេដែរទៅ? គេមានហើយរៀនពូកែទៀត ថាមិនទៀងដែរឡាលីនយ៉ាងហោចក៏ចាប់អារម្មណ៍គេតិចតួច។ ចុះខ្ញុំ? ទោះជាមិនក្រក៏មិនមានឡូយឆាយអីដូចម្នាក់នោះ ហើយរៀនវិញមិនបាច់ប្រៀបដល់កំពូលកូនអ្នកមានហ្នឹងទេ តែឡាលីនខ្ញុំរៀនមិនឈ្នះនាងផង។

បើគ្មានអីសោះអីចឹងធ្វើម៉េចទាញចិត្តឡាលីនបាន? មិនបានទេខ្ញុំត្រូវតែខំរៀន បើមិនអីចឹងឡាលីនមិនចាប់អារម្មណ៍ខ្ញុំទេ។
ពីថ្ងៃនោះមកខ្ញុំក៏ខំរៀន ធ្វើយ៉ាងណាឱ្យឈ្នះឡាលីន។ មិត្តភ័ក្តក្នុងថ្នាក់ចាប់ផ្តើមមើលឃើញខ្ញុំក្នុងភ្នែក ម្នាក់ៗចូលចិត្តមកនិយាយជាមួយខ្ញុំនិងសួរមេរៀនខ្ញុំ។ គ្រូក៏ស្រលាញ់ខ្ញុំទៀត ពីមុនខ្ញុំស្មានថាទាល់តែជាកូនអ្នកមានទើបគ្រូស្រលាញ់ ហើយទាល់តែចេះនិយាយច្រើនទើបមានមិត្តភ័ក្ត តាមពិតគ្រាន់តែរៀនពូកែហើយកុំប្រកាន់ខ្លួននោះយើងមិនខ្វះអ្នកចង់ស្គាល់ទេ។ តែហេតុអីមើលទៅឡាលីនដូចជាមិនចាប់អារម្មណ៍ខ្ញុំអីចឹង? នាងបែរជាធ្វើកាចដាក់ខ្ញុំ ហើយនិយាយបញ្ឆិតបញ្ឆៀងបញ្ឈឺខ្ញុំទៅវិញ។ ពេលខ្លះនាងដឹងថាខ្ញុំលួចមើលនាង នាងបែរមកសម្លឹងខ្ញុំដោយក្រសែរភ្នែកមុត នាងមិនអៀនមិនទន់ភ្លន់បណ្តោយឱ្យខ្ញុំមើលតាមចិត្តដូចមុនទៀតទេ។ ពេលម៉ោងណាគ្រូអត់រៀនឃើញនាងអង្គុយជុំៗនិយាយលេងនិងក្រុមមិត្តភ័ក្តរបស់នាង ខ្ញុំខំទៅអង្គុយធ្វើជាអានសៀវភៅនៅក្បែរតែត្រូវនាងបញ្ឈឺស្ទើលែងចង់រស់

ឡាលីន: នែ! ឯងដឹងអត់ ម្នាក់ហ្នឹងរៀនភាសាអង់គ្លេសជាមួយគ្នាពេលល្ងាច។ គេស្រលាញ់គ្នា ហើយគ្នាក៏ចូលចិត្តគេវិញដែរ
មិត្តនាង: ចឹងឯងជួបគ្នារាល់ថ្ងៃ? ចុះពេលណាគេសុំឯងធ្វើសង្សារ?

ទ្រាំស្តាប់មិនបានខ្ញុំដើរចេញកុំឱ្យក្អួតឈាមឱ្យនាងឃើញ។ ចេញផុតមិនទាន់សម្លេងសើចកក្អឹក ខ្ញុំដឹងថាគេសើចខ្ញុំ។ ប្រហែលជាគេដឹងខ្ញុំលួចស្រលាញ់គេហើយស្អប់ខ្ញុំទេដឹងបានជាតែងតែបញ្ឈឺខ្ញុំ។ យ៉ាងណាខ្ញុំមិនជឿដែរថាឡាលីនយកសង្សារ ព្រោះរៀនជាមួយគ្នាពីរឆ្នាំហើយមិនដែរឃើញនាងស្និទ្ធស្នាលជាមួយបុរសណាលើពីមិត្តផង។ ទោះជាកំពូលកូនអ្នកម្នាក់នោះដែលពួកគេឈ្លោះគ្នារាល់ថ្ងៃ ពេលគេមកលេងនាងម្តងៗក៏នាងមិនដែលចាប់អារម្មណ៍អី ខ្ញុំគិតថាខ្ញុំនៅតែមានសង្ឃឹម ខំតែរៀនឱ្យបានលេចធ្លោជាងគេគង់តែថ្ងៃមួយឡាលីននិយាយជាមួយខ្ញុំដូចគេគ្រប់គ្នាហើយ។

ថ្នាក់ទី11នេះខ្ញុំធ្វើរឿងពិសេសបានមួយគឺប្តុរខ្លួនឯងជាសិស្សរៀនពូកែរ ហើយមានមិត្តរាប់អានច្រើនទៀត គុណសម្បិត្តនេះមកពីឡាលីនទេ គិតទៅអំណាចស្នេហាអស្ចារ្យយ៉ាងនេះ។
ធ្មេចៗមួយឆ្នាំកន្លងផុតទៀត ខ្ញុំបែកពីឡាលីនបីខែទៀតហើយ នឹកនាងខ្លាំងណាស់ ពេលខ្លះនឹកខ្លាំងមិនដឹងធ្វើយ៉ាងម៉េចស្ទើតែយំ តែត្រូវយកការនឹកនេះធ្វើជាកំលាំងចិត្តខំរៀនឱ្យឡាលីនចាប់អារម្មណ៍។ ណាមួយក៏ដើម្បីខ្លួនឯងប្រលងបាក់ឌុបជាប់ផង។

បវេស្សនកាថ្នាក់ទី12 និងក៏ជាបវេស្សនកាឆ្នាំសិក្សាចុងក្រោយរបស់ពួកយើងដែរ ឡាលីននៅអង្គុយតុទីពីររបស់នាងដដែរ មានមិត្តភ័ក្តប្រាំពីរនាក់ដែរជិតស្និតនឹងនាង ល្បីស្រីៗតុទីមួយនិងទីពីរនេះជាបក្សស្រីស្អាតនិងរៀនពូកែ ក្នុងនោះមានឡាលីនរស់រាយជាងគេ ហើយក៏ហ៊ានតមាត់និងលោកគ្រូអ្នកគ្រូជាងគេដែរ។
ឆ្នាំនេះខ្ញុំសូមអង្គុយតុមុខគេហើយ ទោះពិបាកមើលមុខឡាលីនតែខ្ញុំត្រូវតែកាត់ចិត្ត ព្រោះឆ្នាំប្រលងផងខ្ញុំត្រូវតែខំឱ្យមុតមាំ មិនអីចឹងប្រលងធ្លាក់ខ្មាស់ឡាលីនស្លាប់មិនខាន។
ឆ្នាំនេះខ្ញុំមានអាពីរនាក់នោះចេះតែតាមរាប់អានខ្ញុំរហូត វាថាខ្ញុំរៀនពូកែស្រួលលួចមើលពេលប្រលង អាមួយមុខមាត់សង្ហាហើយរួសរាយហួសឈ្មោះប្រាថ្នា ហើយអាមួយទៀតស្រអែមអង្គរតែជាកូនអ្នកមានខ្លាំងវាឈ្មោះសម្បត្តិ។ ពីរនាក់នេះវារាប់អានខ្ញុំខ្លាំងណាស់តែងហៅខ្ញុំទៅញាំអីជាមួយពេលចេញលេងហើយមិនដែលឱ្យខ្ញុំចេញលុយទេ បុណ្យគុណពួកវាដែរជួយឱ្យខ្ញុំមានឱកាសឆ្លងឆ្លើយជាមួយឡាលីនម្តងម្កាល ពេលពួកវានិយាយលេងជាមួយនាង។
ឡាលីនឆ្នាំនេះកាន់តែស្អាត នាងស្អាតហើយកាន់តែឆ្នាស់ទៀតផង។ ប្រុសៗជាច្រើនតាមស្រលាញ់នាង ទាំងសិស្សថ្នាក់គេទាំងសិស្សថ្នាក់ខ្ញុំក្នុងនោះក៏មានខ្ញុំម្នាក់ដែរ ដែលគេតែងបង្អាប់លើកដាក់ឱ្យឡាលីន ពិសេសខ្ញុំមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីប្រធានថ្នាក់។ តែឡាលីនដូចជាព្រះច័ន្ទក្នុងវ៉ូងផ្កាយ នាងមិនដែលចាប់អារម្មណ៍អ្នកណាសោះ ហើយនៅបន្តការរាប់អានជាមួយអ្នកដែរលួចស្រលាញ់នាងទាំងអស់យ៉ាងធម្មតា ខ្ញុំឮនាងប្រាប់មិត្តនាងថាធ្វើបែបនេះអត់មានប្លែកទេ គេស្រលាញ់នាងមិនមែនស្អប់នាងទេ គ្មានហេតុផលឱ្យនាងស្អប់គេឡើយ ឡាលីនមានគំនិតទាន់សម័យមែន បើស្រីៗឯទៀតនោះដឹងថាអ្នកណាស្រលាញ់គេលែងនិយាយរកហើយ និយាយអីចឹងឆ្នាំនេះឡាលីនមិនដែរនិយាយអីបញ្ឈឺខ្ញុំដូចឆ្នាំមុនទៀតទេ។ 
និយាយពីអាពីរនាក់ពួកម៉ាកខ្ញុំនោះមួយអាទិត្យនេះមិនឃើញមកសាលាសោះ ថ្ងៃអាទិត្យនេះខ្ញុំណាត់ពួកវាមកជុំគ្នាសួរឱ្យច្បាស់ថាវាទៅណាមិនមករៀន។

ខ្ញុំ: អាពីរនាក់ហ្អែងទៅណាមិនមករៀនមួយអាទិត្យហើយ
ប្រាថ្នា: អញមកម្តងម្កាលដែរតើហ្អា
សម្បត្តិ: អាហ្នឹងវាទៅមើលមុខឡាលីន វាមិនទៅរៀនទេ
ខ្ញុំភ្ញាក់ព្រឺត: អុញ! ហ្អែងស្រលាញ់ឡាលីន?
ប្រាថ្នា: អញពីរនាក់នេះលូកថ្លើមហ្អែងហើយ ពួកអញគ្មានអារម្មណ៍ចូលរៀនទេអាសម្បត្តិចេះតែនាំអញដើរឱ្យឈប់គិត
សម្បត្តិ: អាប្រាថ្នាវាស្រលាញ់ឡាលីនជាងអញទៀតបាត់មុខមិនបានទេ។
ប្រាថ្នា: តែយ៉ាងណាហ្អែងក៏ស្រលាញ់នាងដែរ សុទ្ធតែខុសនឹងអាដូរិនហើយ។

កុំឱ្យពួកវាឈ្លោះគ្នានិងលួងពួកវាឱ្យរៀនផងខ្ញុំមានតែកាត់ចិត្ត ណាមួយខ្ញុំមានពួកម៉ាកតែពីរនាក់ហ្នឹងទេតាំងពីរៀនមក។ ខ្ញុំ: នែ! ពួកហ្អែងកុំចោទគ្នាអី ឡាលីនមានមនុស្សច្រើនណាស់ស្រលាញ់នាង អាប៉ុន្មាននាក់ថ្នាក់ជាប់នោះតាមនាងដល់ៗផ្ទះ ហើយអាមួយថ្នាក់ក្រោមជាប់ដីនុងអាងផ្ទះក្បែរនាង បន្តិចមកខ្ចីនេះបន្តិចមកខ្ចីនោះ មានអាមួយថ្នាក់ចុងទៀត ឱ្យតែម៉ោងចេញលេងឃើញយួររបស់ញាំឱ្យនាងហើយ។
ថែមឯងពីរនាក់ទៀតក៏គ្មានបញ្ហាដែរ បើពីរនាក់ឯងងយកបេះដូងនាងបានយើងមិនសូវឈឺចាប់ដូចអ្នកផ្សេង។
តាំងពីថ្ងៃនោះមកពួកយើងបីនាក់ប្រជែងគ្នាតាមសមត្ថភាពរៀងខ្លួន មិនឱ្យប៉ះពាល់មិត្តភាពពួកយើងទេ។ ពួកវាតុចេញពីខ្ញុំអស់ អាប្រាថ្នាទៅអង្គុយតុទីពីរខាងប្រុសដើម្បីយកវេនបោសជាមួយនាង អាសម្បត្តិទៅអង្គុយតុទីបីស្រួលលួចមើលនាងក្មុងម៉ោងរៀន។
អាសម្បត្តិប្រើសមត្ថភាពជាកូនអ្នកមានចូលទៅរាប់អានស្និទ្ធស្នាលជាមួយមិត្តភ័ក្តនាង និងបានជិតស្និតនាងផង វាតែងទិញរបស់ញាំឱ្យមិត្តភ័ក្តនាងនិងនាង ពេលខ្លះឃើញវាមានទាំងបុងចាក់សាំងម៉ូតូឱ្យពួកនាងផង អានេះលេងធំមែន។
បើនិយាយពីអាប្រាថ្នាវិញវាចូលចិត្តនាំឡាលីនឱ្យឈ្លោះរាល់វេនបោសថ្ងៃអង្គារ៍ព្រោះវាមកមិនដែរទាន់ នាងខឹងពេលខ្លះគប់អំបោសឱ្យវាបោសបន្ត។ តែវាមានចំនុចពិសេសឱ្យឡាលីនបាត់ខឹងនិងនិយាយលេងដាក់វាវិញពីព្រោះវាចេះដោនឡូតចំម្រៀងបទថ្មីៗ មកបង្អួតឱ្យនាងខ្ចី។ អានេះឆ្គួតមែន! ឆ្នាំប្រឡងផងវាចេះមកពង្វក់នាងទៅកើត។ ខ្ញុំច្រណែនអាប្រាថ្នាវារពិលរប៉ូច ដែលដូចជាខូចចំណេញ ខ្ញុំឃើញវាឈរមុខថ្នាក់ចាំផ្លូវឡាលីនមករៀនដូចក្មេងចាំម៉ែមកពីផ្សារ គ្រាន់ឃើញឡាលីនមកភ្លាមវារត់ទៅប៉ះចុងដៃនាងបន្តិចហើយថា “នឹកណាស់នេះ ម៉េចយូរម៉ែសថ្ងៃហ្នឹង?” 

ប្រលោមលោក Barista កាហ្វេផ្អែម

  •  កាហ្វេល្វីងណាស់! ខ្ញុំមិនញ៉ាំទេ!
  • លីតានិយាយសម្លេងធ្ងន់ស្ទើរផ្អើរភ្ញៀវដទៃនៅក្នុងហាង នាងរុញពែងកាហ្វេចេញ សម្លក់គូស្នេហ៍ដោយភ្នែកមុតមាំ។
  •  មិនញ៉ាំមិនអីទេ! ចាំបាច់ខឹងអីយ៉ាងនេះ?
  • អូនខឹងព្រោះតែបងចូលចិត្តបង្ខំអូនឱ្យញ៉ាំកាហ្វេ! អូនមិនចូលចិត្តកាហ្វេទេ! បងមិនចាំឬបងចង់ឈ្នះ? ស្នេហាហេតុអីចាំបាច់បញ្ជារគ្នា?
  •  បងធ្វើតាមអូនគ្រប់យ៉ាង តែអូនមិនដែលធ្វើតាមបងសូម្បីតែម្តង! នេះហៅថានរណាបញ្ជារនរណាទៅ? បងមិនចង់ឈ្នះអូនទេ! បងចង់ឱ្យអូនប្តូរមកញ៉ាំកាហ្វេដូចពីមុនវិញ ប៉ុណ្ណឹងមិនបាន? ហេតុអ្វីឱ្យបងមិនបាន? ហេតុមិនញ៉ាំកាហ្វេ? ហេតុអ្វីស្អប់កាហ្វេ? ព្រោះតែអូននៅនឹកសង្សារចាស់របស់អូនមែនទេ?

ចាក់ចំចំនុចរសើបលីតាគោះតុក្រោកឈរ សម្លក់វិចិត្រស្ទើរតែហ៊ុយផ្សែងតាមភ្នែក នាងដើរចេញពីតុ តែវិចិត្រក្រោកឈរពាំងផ្លូវមិនឱ្យនាងទៅ លីតារុញវិចិត្រចេញមួយទំហឹងហើយរត់ចេញពីហាងកាហ្វេលែងងាកក្រោយ។ សម្លេងចាប់ហ្វ្រាំងឡានងឺត! ឮលាន់ពេញទាំងផ្លូវ លីតាងាកក្រោយបានត្រឹមតែឃើញវិចិត្រដេកដួលក្នុងថ្លុកឈាមនៅពីមុខឡាន។ ទឹកភ្នែកហូររហាម រត់បកក្រោយទៅត្រកងវិចិត្រនិយាយទាំងអួលដើមករ៖

  •  អូនសុំទោស!
  •  សន្យានឹងបង! ថ្ងៃក្រោយខឹងយ៉ាងណា អូនឈប់រត់គេច! និយាយគ្នាឱ្យចប់សិន ចាំអូនដើរចេញ។ (វិចិត្រខំនិយាយទាំងពិបាកក្នុងខ្លួន)
  •  អូនដឹងហើយ! អូនឈប់ធ្វើហើយ! បងកុំកើតអីណា៎! បងទ្រាំសិនទៅ ឡានពេទ្យមកដល់ឥឡូវហើយ
  • សន្យាមួយទៀត! ពេលបងមិននៅកុំនឹកបងយូរពេក ឆាប់បើកបេះដូងទទួលអ្នកថ្មីឮទេ?
  •  ឈប់និយាយផ្តេសផ្តាស់ទៅ! បងមិនអាចទៅណាបានទាំងអស់! អូនមិនឱ្យបងទៅណាទេ!
  •  សន្យាទីបី! បំភ្លេចបងឱ្យបានសិនសឹមចាប់ផ្តើមស្នេហាថ្មី ណា៎!
  •  បង…! បងឈប់និយាយទៅ បងមិនអាចទៅណាបានទេ! អូនស្រលាញ់បង អូនត្រូវការបង អូនមិនត្រូវការអ្នកណាទាំងអស់ មិនថាអ្នកចាស់ឬអ្នកថ្មី! បងតស៊ូឡើង ឡានពេទ្យមកដល់ឥឡូវហើយ បង…! អូនសុំទោស!
  •  បងមិនឱ្យអូនខុសទេ បងសុំទោសដែលចេះតែបង្ខំអូនពេក បងគួរតែផ្តល់ពេលវេលាឱ្យអូន តែបងចិត្តចង្អៀតពេក ទ្រាំចាំអូនបំភ្លេចគេមិនបាន ពេលនេះបងអស់ឱកាសហើយ បងមិនបង្ខំអូនញ៉ាំកាហ្វេទៀតទេ។ សូមអូនធ្វើតាមសន្យាទាំង៣នោះផង បើអូនឱ្យតម្លៃការស្រលាញ់របស់បង បង.. បង..លា..អូនហើយ..
  •  បង! បងវិចិត្រ បង!
  • លីតាស្រែកយំនៅលើដងផ្លូវលែងខ្វល់ពីមនុស្សជុំវិញខ្លួន ឡានពេទ្យមកដល់បានត្រឹមដឹកសពសង្សារសំណព្វរបស់នាងចេញទៅ ..
  •  ហេតុអ្វីទ្រាំចាំឡានពេទ្យប៉ុណ្ណឹងមិនបាន? ដាច់ចិត្តម្ល៉េះទៅចោលអូន? អូនសុំទោស! អូនឈប់ឆេវឆាវហើយ! អូនឈប់រត់គេចហើយ… បងភ្ញាក់ឡើង..
  • លីតាកាន់អង្អែលដៃរបស់វិចិត្រ យំរៀបរាប់ពោលពាក្យដដែរៗក្នុងឡានពេទ្យសង្គ្រោះបន្ទាន់ដែលកំពុងដឹងសពសង្សាររបស់នាងទៅផ្ទះវិញ។

………………………

មរណៈភាពរបស់វិចិត្របានផ្លាស់ប្តូរលីតាឱ្យក្លាយជាមនុស្សផ្សេងម្នាក់ទៀត បើទោះជាគេស្លាប់ទៅបីឆ្នាំហើយក៏ដោយ លីតាមិនធ្លាប់ឈប់ស្រលាញ់គេឡើយ នាងនៅតែនឹកគេរាល់ថ្ងៃ នាងស្តាយក្រោយដែលកាលនោះតែងតែមានទម្លាប់ខឹងហើយរត់គេច នាងមានវិប្បដិសារីដែលទម្លាប់ក្មេងខ្ចីមួយនោះធ្វើឱ្យបាត់បង់មនុស្សដែលស្រលាញ់នាងដូចជាវិចិត្រ។ ពេលនេះវិចិត្រលែងនៅទើបនាងចេះអត់ធ្មត់នឹងកំហឹងខ្លួនឯង ព្រមដោះស្រាយជម្លោះមុនពេលដើរចេញ។ នាងចេះគិតហើយ តែមនុស្សដែលនាងស្រលាញ់មិននៅទៀតទេ..

  • បងវិចិត្រ! កាហ្វេល្វីងណាស់! ហេតុអីក៏ចេះតែបង្ខំឱ្យអូនញ៉ាំរាល់ថ្ងៃ? អូនសុខចិត្តញ៉ាំកាហ្វេល្វីងរាល់ថ្ងៃ អូនសុខចិត្តធ្វើតាមការបង្ខំរបស់បងហើយ! បងមកវិញមក! មកក្នុងយលសប្តិតែម្តងក៏បានដែរ!

ទឹកភ្នែករហាម ហូរស្រក់ចូលក្នុងពែងកាហ្វេខ្មៅរបស់លីតា នាងហូតក្រដាសជូតមាត់ពីក្នុងកែវលើតុកាហ្វេមកផ្តិតទឹកភ្នែកឱ្យស្ងួតពីថ្ពាល់ លើកកាហ្វេខ្មៅអត់ស្កររបស់នាងផឹកបង្ហើយអស់ពីពែង អង្គុយសម្លឹងទៅថ្នល់នឹកដល់ទិដ្ឋភាពដែលវិចិត្រដេកដួលនៅទីនោះកាលពីបីឆ្នាំមុន។

ទឹកភ្នែករមៀលមកជាថ្មី មានដៃមួយហ៊ុចកន្សែងមកឱ្យនាង។ លីតាងាកមើលម្ចាស់កន្សែងជាមួយទឹកភ្នែកដាបពេញថ្ពាល់ បញ្ចេញពន្លឺភ្នែកជះ លុបទឹកភ្នែកដែលបានហូរ មុខមាំមិនញញឹម កៀសដៃដែលហ៊ុចកន្សែងនោះចេញ នាងហូតក្រដាសជូតមាត់មកផ្តិតទឹកភ្នែកពីថ្តាល់ខ្លួនឯងសារជាថ្មី។

Barista ទម្លាក់ខ្លួនអង្គុយចុះតល់មុខលីតា នាយចាប់ផ្តើមប្រយោគ៖

  • ញ៉ាំកាហ្វេបីឆ្នាំហើយ! ហេតុអីមិនស្គាល់រសជាតិកាហ្វេ? កាហ្វេមិនមែនមានរសជាតិល្វីងតែមួយមុខទេ! កាហ្វេគឺជាផ្លែឈើប្រភេទChherry សាច់របស់វាមានរសជាតិផ្អែមទេ វាល្វីងដោយសារតែយើងយកវាមកលីង បើយើងលីងកាន់តែខ្លាំងគ្រាប់កាហ្វេក៏កាន់តែល្វីង បើយើងលីង ស្រាលបន្តិច វានឹងមានភាពផ្អែមបន្តិច ល្វីងបន្តិច។ កាហ្វេខ្មៅដែលលីតាបានញ៉ាំរាល់ដង ខ្ញុំបានឆុងជាមួយ Syphon ។ ការឆុងកាហ្វេជាមួយ Syphon ត្រូវការទឹកដែលមានកំដៅថេរដល់១០០អង្សា នេះខ្ញុំឆុងកាហ្វេជូនលីតាញ៉ាំរាល់ថ្ងៃទៅតាមស្តង់ដារ Special Tea Coffe Association មួយភាគកាហ្វេខ្ញុំប្រើទឹក១៨ រសជាតិកាហ្វេដែលលីតាញ៉ាំ មិនខុសពីរសជាតិតែប៉ុន្មានទេ គ្រាប់កាហ្វេគ្រឿមមិនបានច្រោះជាតិកាហ្វេឱ្យលើសរសជាតិល្វីងនោះទេ
  • នែ៎! លោកម៉ាល័យ! ខ្ញុំមកផឹកកាហ្វេ មិនមែនមករៀនឆុងកាហ្វេទេ! ខ្ញុំចូលចិត្តកាហ្វេ! តែខ្ញុំមិនចូលចិត្ត Barista ទេ! ខ្ញុំផឹកកាហ្វេដើម្បីសង្សារចាស់របស់ខ្ញុំតែប៉ុណ្ណោះ! មិនមែនដើម្បីមកជួបមុខលោកទេ!
  • ហើយខ្ញុំក៏ដឹងថា លីតាស្អប់Barista ព្រោះ..!
  •  ព្រោះតែស្អីក៏ស្រេចតែខ្ញុំ! លោកកុំមកចេះដឹងរឿងខ្ញុំច្រើនពេក!
  •  ខ្ញុំមិនចង់ចេះដឹងរឿងរបស់លីតាទេ! តែខ្ញុំគ្រានតែការពារកិត្តិយសជាBarista របស់ខ្ញុំតែប៉ុណ្ណោះ!
  •  Barista មួយណាក៏ដូចគ្នា! កាហ្វេផ្អែមនោះវាគ្មានទេ! (លីតាក្រោកឈរសម្លក់មុខម៉ាល័យ) ខ្ញុំប្រកែកជាមួយលោកឯងមិនចេះចប់ទេ! ព្រោះលោកឯងនេះមិនចេះព្រមចាញ់! លោកឯងជាអ្នកណាបានជាហ៊ានរំខានពេលវេលារបស់ភ្ញៀវរាល់ថ្ងៃបែបនេះ? លោកឯងមិនចេះមានថ្ងៃសម្រាក់សោះឬបានជាខ្ញុំតែងតែឃើញមុខលោកឯងបែបនេះ? លោកឯងល្មមលាឈប់ពីហាងនេះហើយបើជាបុគ្គលិក! ហើយជាម្ចាស់ហាងវិញនោះលោកឯងបិទទ្វារទៅបើលោករកស៊ីតែរំខានភ្ញៀវបែបនេះ!
  • ខ្ញុំមិនទៅណាទេ! ខ្ញុំនឹងនៅធ្វើBarista នៅទីនេះរហូត! មិនចង់ឃើញខ្ញុំ លីតាមិនបាច់មកទេ!
  • ខ្ញុំនឹងឈប់មកនៅថ្ងៃមួយដែលខ្ញុំភ្លេចសង្សារចាស់ខ្ញុំបាន! ខ្ញុំមិនដែលចង់មកដើម្បីតែឃើញមុខលោកឯងទេ! Barista មួយណាក៏ដូចគ្នា! កាហ្វេផ្អែមនោះវាគ្មានទេ!

លីតាគោះតុសម្លក់កម្លោះBarista មុនដើរចេញពីហាងកាហ្វេ។

“ហ៊ើយ! អាចំកួតកក្កដាអើយ! បើឯងមិនចេះស្មោះទេ ឯងធ្វើ Barista ធ្វើអី? ខូចឈ្មោះដោយទាំងយើងទៀត!” ម៉ាល័យរអ៊ូគោះតុ ខឹងកក្កដាមិត្តរបស់គេដែលជាសង្សារទី១របស់លីតា ក្រោយដែលនាងចេញទៅបាត់។ អ្នកកម្លោះសារពែងកាហ្វេដែលជាប់ស្នាមក្រែមបបូមាត់ម្ចាស់បេះដូងយកទៅលាងនិងទុកដាក់នៅកន្លែងមួយមិនឱ្យច្រលំគេ។

ហាងកាហ្វេរបស់ម៉ាល័យគឺកន្លែងជាចុងក្រោយដែលលីតានិងវិចិត្របានជួបគ្នា នៅលើថ្នល់មុខទ្វារហាងនោះហើយ ដែលជាកន្លែងដែលវិចិត្រផុតដង្ហើមនៅលើដៃលីតា។ ចាប់ពីថ្ងៃនោះមកបេះដូងរបស់ម៉ាល័យបានធ្លាក់ទៅក្នុងអន្លង់សមុទ្រទឹកភ្នែករបស់នាងរហូតមកដល់សព្វថ្ងៃនេះ។ នាយឈឺណាស់រាល់ពេលដែលឃើញលីតាយំនឹកវិចិត្រម្តងៗ នាយចង់ធ្វើជាថ្នាំស្អំបេះដូងរបស់នាងណាស់ តែអាម្សៀលកក្កដាដែលជាមិត្តរួមសាលាកាហ្វេនោះបានធ្វើឱ្យនាងស្អប់Barista ទូទាំងពិភពលោកទៅហើយ ព្រមទាំងមានៈជាមួយវិចិត្រដោយមិនព្រមញ៉ាំកាហ្វេ នេះបើសិនជាមិនដោយសារវិចិត្រស្លាប់ទៅ លីតាគ្មានថ្ងៃព្រមផឹកកាហ្វេទេ ម៉ាល័យក៏មិនដឹងថាមានឱកាសបានឃើញលីតារាល់ថ្ងៃដូចសព្វដងនេះឬអត់ដែរ។

យប់ម៉ោង១១ទៅហើយម៉ាល័យនៅមិនទាន់បានសម្រាកផង គេនៅស្វែងរករូបមន្តបន្ថែមរសផ្អែមនៅក្នុងកាហ្វេសម្រាប់លីតានាថ្ងៃស្អែក អ្នកកម្លោះBaristaដឹងណាស់ថាអតិថិជនម្នាក់នេះនាងមកញ៉ាំកាហ្វេមិនសូវរំលងថ្ងៃនោះទេ បើទោះជានាងនិងគេមិនត្រូវគ្នាយ៉ាងណាក៏ដោយ។ រួចរាល់ការហើយ កម្លោះBarista ម៉ាល័យទាញទូរស័ព្ទមកចុចមើលfacebookតាមទម្លាប់ នាយឃើញ Status មួយបង្ហោះឡើង “នឹកអនុស្សាវរីយ៍មួយនោះ” ជាមួយរូបថតArt latte បេះដូង និងឈ្មោះលីតា។

ក្តៅមុខភាយ ម៉ាល័យទ្រាំលែងបានចុចតេតាម messenger ទៅរកកក្តដាដែលជាម្ចាស់status ៖

  •  Hello ម៉ាល័យ! ឯងចេះនឹកយើងឬ?
  • អាមិត្តចង្រៃ! យើងមិននឹកឯងទេ តែយើងខឹងឯង! ឯងមានសិទ្ធអីមកនឹកលីតា?
  • យី! ឯងស្គាល់លីតា? នាងត្រូវជាអ្វីជាមួយ?
  • នាងត្រូវជាអ្វីជាមួយយើងមិនសំខាន់ទេ! តែយើងឆ្ងល់ឯង បើឯងបែកពីនាងហើយ ឯងនៅទុករូបថតនាងក្នុងFacebookឯងធ្វើអីទៀត? គ្រាន់តែមើល Facebookរបស់ឯង នរណាក៏ដឹងថានាងធ្លាប់ជាសង្សារចាស់ឯងដែរ! បើបែកគ្នាហើយ ហេតុអីឯងមិនរក្សាកិត្តិយសឱ្យនាងផងទៅ នៅទុករូបនាងធ្វើអី?
  •  ចុះឯងខឹងអីម្ល៉េះអាសម្លាញ់? យើងមានសង្សារច្រើនអ្នកណាក៏ដឹង តែឯងឃើញទេ យើងមិនដែលបង្ហោះរូបមនុស្សស្រីម្នាក់ណាក្រៅពីរូប និងឈ្មោះលីតាទេ! យើងស្រលាញ់លីតា គ្រាន់តែយើងស្តាយស្រីស្អាតៗឯទៀត! យើងមិនដែលចង់បែកជាមួយនាងទេ នាងជាអ្នករត់ចោលយើងដោយខ្លួនឯងទេ! យើងនៅតែស្រលាញ់នាង!
  •  បានហើយអាសម្លាញ់អាប់! ឯងកំពុងសម្លាប់បេះដូងរបស់យើងដោយសារតែអាចរិតព្រាននារីរបស់ឯងនេះហើយ! លីតាស្អប់Barista ទូទាំងពិភពលោកដោយសារតែឯងហ្នឹងហើយ! ជីវិតរបស់នាងពេលនេះជូរចត់បំផុត ព្រោះមនុស្សដែលនាងស្រលាញ់បន្ទាប់ពីឯងនាពេលនេះបានស្លាប់បីឆ្នាំហើយ! ការស្លាប់របស់គេក៏មានឯងជាដើមហេតុដែរ! នាងគួរតែរស់នៅដោយមានសុភមង្គលបំផុតបើឯងមិនធ្លាប់ក្បត់នាង! បីឆ្នាំមកហើយដែលយើងមិនធ្លាប់ឃើញលីតាញញឹម! បើឯងមានបេះដូងដែរ ល្មមឈប់ទាក់ទងស្រីៗមិនរើសមុខទៀតទៅ! មិនដឹងថាមានមនុស្សស្រីល្អៗប៉ុន្មាននាក់ដែលកំពុងរស់ដូចលីតាដោយសារតែឯងនេះទេ! ហើយក៏មិនដឹងថាមាន Barista ប៉ុន្មាននាក់ដែលត្រូវខូចចិត្តដោយសារឯងដូចជាយើងនេះដែរ!
  •  យើងសុំចិត្តឯងចុះ! រៀនស្មោះខ្លះទៅ វាមិនស្លាប់ទេ! (ស្ងាត់ឈឹងបាត់សម្លេងរបស់កក្កដា) Hello! ឯងទៅណាហើយ? យី! ម៉េចក៏ស្ងាត់ឈឹង? អានេះសង្ស័យតែដេកលក់បាត់ហើយ!

ម៉ាល័យស្មានតែកក្កដាមិត្តរបស់ខ្លួនដេកលក់បាត់ នាយបិទទូរស័ព្ទរៀបចំទៅបន្ទប់គេងរបស់គេដែរ។ តាមពិតពត៌មានដែលម៉ាល័យប្រាប់ដល់កក្កដាធ្វើឱ្យគេឈឺចាប់ចុកទ្រូងណាស់ បើទោះជាគេមិនចេះស្មោះតែគេក៏ចេះស្រលាញ់ នាយកក្កដាសែនអាណិតដល់លីតា នាយស្តាយកំហុសដែលបានធ្វើឱ្យលីតាខូចចិត្ត កាន់តែមានវិប្បដិសារីនៅពេលដែលនាយដឹងថាលីតារស់នៅក្នុងជីវាភាពជីវិតបែបនេះ។

  •  លីតា! បងសុំទោស! បើបងចេះស្មោះ អូនមិនកម្សត់ដល់ថ្នាក់នេះទេ! បងខុសហើយ….

កក្កដាពោលខ្សឹបៗម្នាក់ឯងបណ្តើរ មើលរូបថតលីតានៅលើ Facebook របស់នាងបណ្តើរ។ នាយបានឃើញរូប និងសារកម្សត់ៗដែលនាងបង្ហោះយ៉ាងច្រើន កាលពីវិចិត្រទើបតែស្លាប់ថ្មីៗ។ បន្ទាប់ពីសារទាំងនោះ លីតាមិនដែលបង្ហោះអ្វីក្រៅពីរូបកាហ្វេខ្មៅដែលនាងញ៉ាំ និងstatus “កាហ្វេល្វីង” ដដែលៗ គ្រាន់ខុសថ្ងៃគ្នាតែប៉ុណ្ណោះ។

(នៅមានភាគបន្ត)

លក្ខខ័ណ្ឌនៃ៧គីឡូដែលអ្នកអាចយួរឡើងយន្តហោះ

អ្នកតំណើរគ្រប់រូបអាចយកឥវ៉ានយួរដៃតាមខ្លួនឡើងយន្តហោះបានច្រើនបំផុតចំនូន៧គីឡូ។
កាបូបដែលត្រូវប្រើដាក់ឥវ៉ានទាំងនោះត្រូវមានទំហំមិនអោយធំជាងទំហំទាំងនេះ 56cm x 36cm x 23cm
អ្នកក៏អាចយួរបន្ថែមកាបូបយូរដៃផ្សេងមួយទៀត អាចជាកាបូបដាក់កុំព្យូទ័រចល័ត (laptop) រឺកាបូបស្ពាយធម្មតា។
ហើយរឿងសំខាន់មួយទៀតគឺអ្នកមិនអាចដាក់វត្ថុរាវលើសពី 100ml នោះទេ។ ដែលទាំងនោះមានដូច ជា ទឹកអប់ ឡេ សាប៊ូ ។ល។

កំហុស

កំហុស! ពេលដែលវាក្លាយជាបន្ទុករបស់អ្នកណាម្នាក់ហើយ វានឹងក្លាយជាបញ្ហារបស់អ្នកនោះ។
បញ្ហា! នៅពេលដែលវាមិនទាន់ធ្លាក់ទៅលើអ្នក អ្នកអាចស្មានយល់ពីអារម្មណ៍ តែអ្នកគ្មានថ្ងៃជ្រួតជ្រាបទេថាមនុស្សដែលកំពុងទទួលវាកំពុងវាមានអារម្មណ៍យ៉ាងណាឱ្យប្រាកដ?កំហុសរបស់អ្នកដទៃ វាលាតត្រដាងច្បាស់ណាស់ដូចថ្ងៃកំពុងរះជះលើប្រាណ សូម្បីស្រមោលក៏លាក់មិនបាន។ តែបើជាកំហុសរបស់ខ្លួនងវិញ វាដូចស្ករមួយស្លាបព្រាបង់ក្នុងមហាសមុទ្រ។ ច្បាស់ណាស់! មនុស្សគឺអាត្មានិយម! តែកុំឱ្យភាពអាត្មានិយមនេះវាមានហួសហេតុពេក។ ទោះពេលនេះកំហុសខ្លះ វាបានក្លាយជាបញ្ហារបស់នរណាម្នាក់ តែមិនច្បាស់ទេថាជាកំហុសជារបស់គេនោះមែនឬមិនមែន? ក្នុងនាមជាអ្នកដែលគ្រាន់តែឈរនៅម្ខាង មើលពីចំងាយ ឬជាអ្នកដែលឈរមើលស្រមោលក្នុងវាំងននមួយ តែប្រកាន់ជាអ្នកពូកែទៅវិភាគរឿងហេតុដែលគេបានធ្វើ ឬធ្វើជាតុលាការយុត្តិធម៌ទៅកាត់ទោស កាត់ក្តីទាំងដែលរឿងរ៉ាវខ្លះមិនបានពាក់ព័ន្ធនឹងខ្លួនឯងផង។ ផ្ទុយទៅវិញ បើកំហុសនោះធ្លាក់លើអ្នកខ្លួនឯង អ្នកនឹងមានហេតុផលគ្រប់យ៉ាងសម្រាប់សុំការយោគយល់ អនុគ្រោះមែនទេ? 
កុំធ្វើអីចឹងអី! រៀនហត់នឹងរឿងរ៉ាវក្នុងលោកនេះខ្លះទៅ រៀនដកខ្លួនពីអ្វីដែលមិនពាក់ព័ន្ធនឹងខ្លួនយើងខ្លះទៅ!
រឿងគេសោះ យកហត់ដាក់ខ្លួនធ្វើអី? ហត់ទៅបានអីមក? បានតែបាត់បង់ភាពរីករាយ ពេលខ្លះអាចបាត់បង់មិត្តភាព ឬផលចំណេញផ្សេងៗ។កាត់បន្ថយខ្លះទៅរឿងដែលមិនពាក់ព័ន្ធនឹងជីវិតរបស់អ្នក កុំឈឺឆ្អាលពេក! មិនច្បាស់កុំចេះតែវិភាគផ្តេសផ្តាស់! វិភាគលើសចំណេះដឹងខ្លួនឯងពេកនាំឱ្យខ្មាសគេវិញទេ។

#អត្ថបទអ្នកនិពន្ធរតនា