ចំណាប់អារម្មណ៍លើប្រលោមលោក “វិថីជីវិត”
មិនទាន់ជាប្រលោមលោកល្អផ្តាច់ក្នុងចំណោមរឿងនានាដែលខ្ញុំបានអាននោះទេ។ ប៉ុន្តែ វាជាប្រលោមលោកដំបូងបំផុតដែលធ្វើឱ្យខ្ញុំសួរខ្លួនឯងទៅលើគ្រប់ស្ថានការណ៍ដែលវិរីយ៉ាបានជួប ថាបើរឿងរបស់នាងកើតលើខ្ញុំ តើខ្ញុំនឹងធ្វើយ៉ាងណា។ និយាយយ៉ាងខ្លីវាជាសាច់រឿងដែលធ្វើឱ្យខួរក្បាលខ្ញុំដើររហូត ។ ជាពិសេស ក្រោយពេលដែលអានចប់ ខ្ញុំក៏នៅតែបន្តសួរខ្លួនឯងទៀតថា តើអ្វីទៅជាមហិច្ឆតាដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំហាក់មានការមិនពេញចិត្តខ្លះ នឹងតួអង្គស្រីវីរិយ៉ា ព្រោះនាងហាក់ដូចជាអាត្មានិយមបន្តិច ដើម្បីទៅកាន់គោលដៅជីវិតរបស់ខ្លួន។ តែខ្ញុំភ្លេចគិតថាមនុស្សគ្រប់រូបសុទ្ធតែអាត្មានិយម (រួមទាំងខ្ញុំ) គ្រាន់តែថាតិច ឬច្រើន បង្ហាញ ឬលាក់លៀម។ ខ្ញុំបានរកឃើញនូវសម្តីរបស់តួអង្គ និងការរៀបរាប់របស់អ្នកនិពន្ធ ដែលវាបានជួយទៅដល់ការសម្រេចក្តីស្រមៃរបស់ខ្ញុំ។
ចំណុចមួយទៀត ដែលខ្ញុំទទួលបានពីរឿងនេះ គឺក្នុងនាមជាមិត្ត ជាគូស្នេហ៍
ឬជាគ្រួសារ តើយើងគួរធ្វើយ៉ាងណា ដើម្បីគាំទ្រមនុស្សដែលយើងស្រឡាញ់ ឱ្យដើរទៅដល់របស់ខ្លួន។
ខ្ញុំសូមនិយាយពីតួអង្គទាំង ៤ ក្នុងរឿងនេះ៖
១. រីណា៖ ខ្ញុំសរសើរចិត្តរីណាណាស់។ នាងជាមិត្តដ៏ល្អ។ នាងមិនស្រឡាញ់សមុទ្រខ្លាំងដូចវីរីយ៉ា តែចិត្តនាងចំពោះមិត្តនារីខ្លួន គឺមិនតូចជាងសមុទ្រនោះទេ។ នាងមានក្តីសុបិនបង្កើតគ្រួសារមួយដ៏កក់ក្តៅ ហើយមិនមានមហិច្ឆិតាធំដូចវិរីយ៉ាទេ ប៉ុន្តែនាងមិនដែលពោលថានាងអន់ចិត្តនឹងជីវិតរបស់ខ្លួន
ឬច្រណែននឹងមិត្តនារីឡើយ ឬក៏មានដែរ តែខ្ញុំអានរំលង។ ជីវិតនាងមិនលេចធ្លោ
មិនល្បីល្បាញ តែពិតជាជីវិតដ៏ធម្មតាមួយដែលពោរពេញដោយសុភមង្គល ដែលមនុស្សចង់ជោគជ័យមួយចំនួនមើលរំលង។
២.វិមន្ត៖ ខ្ញុំចូលចិត្តអាប៉ិហ្នឹង ៦០ % ។ មនុស្សប្រុសអីមិនច្បាស់ពីអារម្មណ៍ខ្លួនឯង។ ផ្តល់ក្តីសង្ឃឹមដល់អ្នកនេះបន្តិច ដល់អ្នកនោះបន្តិច។ ខ្ញុំគិតថាបើសិនជាវីរិយ៉ា មិនប្រាប់ចម្លើយច្បាស់លាស់ដល់គេ ច្បាស់ជាគេនៅតែជាអំពិលអំពែករហូតហ្នឹង។ ភ្លឺបន្តិច ងងឹតបន្តិច ជាមួយនឹងរីណា។ មនុស្សប្រុសប្រភេទវិមន្ត មិនខ្វះទេក្នុងជិវិតរស់នៅពិតប្រាកដ។ ទោះយ៉ាងណា ខ្ញុំក៏ពេញចិត្តដែលចុងក្រោយគេរកបេះដូងពិតប្រាកដរបស់ខ្លួនឃើញ។ វិមន្តអាចជាមនុស្សមិនល្អ(សម្រាប់ខ្ញុំ ) ក្នុងរឿងស្នេហា តែចំពោះការងារ និងមិត្តភាព ខ្ញុំគិតថា គេមិនខ្វះខាតត្រង់ចំណុចណានោះទេ។ មនុស្សមិនល្អគ្រប់ដប់ទេ!
៣.បញ្ញាវន្ត៖ ខ្ញុំពេញចិត្តចរិតរបស់គេ ដែលមិនចេះបង្ខំ យល់ចិត្តអ្នកដទៃ និងជាពិសេសគឺជាប្រភេទមនុស្សប្រុសដែលចេះគាំទ្រ ជំរុញ និងលើកទឹកចិត្តនារីដែលខ្លួនស្រឡាញ់ឱ្យដើរទៅដល់គោលដៅ។ មនុស្សប្រុសបែបនេះ មិនងាយមានទេ ព្រោះមនុស្សប្រុសខ្លះរវល់តែមហិច្ឆតារបស់ខ្លួន ហើយគ្មានសូម្បីតែពេលវេលាជាមួយមនុស្សដែលខ្លួនស្រឡាញ់
កុំថាឡើយដកពេលរបស់ខ្លួន ទៅជួយនាងនោះ។ គេថាក្នុងសង្គមខ្មែរ
ស្រីៗតែរៀនខ្ពស់ពេក ការងារធំពេក ឬបំណងធំពេក ច្រើនតែត្រូវប្រុសៗមើលរំលង
ឬមិនហ៊ានស្រឡាញ់។ ចុះម៉េច ក៏បញ្ញាវន្តដែលជាបុរសមានគ្រប់យ៉ាងទាំងអស់ បែរជានៅរក្សាក្តីស្រឡាញ់យ៉ាងសម្ងាត់លើវីរីយ៉ា? អូខេ ឈប់និយាយហើយ! បញ្ញាវន្តល្អ តែសម្រាប់វីរីយ៉ាទេ! ហិហិ តែចង់ប្រាប់ថា he is my crush goal! ហិហិ
៤.វីរិយ៉ា៖ មើលទៅនាងគឺជាមនុស្សអាត្មានិយម តែនាងមិនខុសនោះទេ ព្រោះនាងមិនបានយកភាពអាត្មានិយមនេះមកបំផ្លាញសង្គមឡើយ។ នាងបែបនេះ ព្រោះតែនាងគឺនាង។ នាងមានក្តីសុបិនដ៏ធំធេង។ នាងមិនខុស។ នាងមិនបានធ្វើឱ្យអ្នកណាឈឺចាប់ទេ ក្នុងវិថីជីវិតរបស់នាង។ តែមកពីមនុស្សដែលចង់ដើរលើវិថីនេះជាមួយនាង ចេះតែចង់ទាញនាងចូលទៅក្នុងវិថីផ្សេងដែលខុសពីគោលដៅរបស់នាង។ បើស្រឡាញ់នាង សម្របតាមនាងទៅ ហេតុអ្វីក៏ត្រូវឱ្យនាងសម្របតាមអ្នកដែលស្រឡាញ់នាង? យើងស្រឡាញ់គេ យើងចង់បានគេក្នុងជីវិត ដូច្នេះគឺយើងទេជាអ្នកត្រូវចេះទទួលស្គាល់ការពិតរបស់គេ ចរិតរបស់គេ និងសម្របខ្លួននឹងគេ។ ខ្ញុំគិតថាប្រហែលជាមានអ្នកអានខ្លះ អាចមិនសូវចូលចិត្តនឹងភាពគ្មានមនោសញ្ចេតនារបស់វីរីយ៉ា តែយើងប្រហែលជាភ្លេចហើយថា ពេលខ្លះយើងអាចប្រព្រឹត្តទង្វើដូចនាងដោយមិនដឹងខ្លួនផងក៏ថាបាន។
បើយើងមិនអាចជួបមនុស្សដែលយល់ពីយើងគ្រប់យ៉ាង យើងត្រូវតែយល់ពីអ្នកដទៃវិញ ព្រោះប្រកាន់ច្រើន ទុក្ខច្រើនតែខ្លួនឯង។ នេះជាអ្វីដែលខ្ញុំទទួលបានក្រោយអានរឿងនេះ។
សម្រាប់ខ្ញុំ សាច់រឿងនេះហាក់នៅស្មើៗ ប៉ុន្តែទោះអានវាចប់ហើយ តែការគិតរបស់ខ្ញុំចំពោះការសម្រេចចិត្តរបស់តួសំខាន់ៗនៅក្នុងរឿងនេះ ផ្សារភ្ជាប់មកជីវិតពិតរបស់ខ្ញុំ
នៅមិនទាន់បញ្ចប់នៅឡើយទេ។ តើអ្វីទៅដែលខ្ញុំកំពុងគិត? សុភមង្គល និងមហិច្ឆតា!
ចង់ដឹងថា សុភមង្គល ឬមហិច្ឆតា ទើបជារឿងដែលគួរប្រកាន់យក
សូមអានរឿងនេះដោយខ្លួនឯងទៅ!
ជាចុងក្រោយ ទោះរឿងនេះនិយាយពីមហិច្ឆតារបស់នាងតូចវីរីយ៉ា តែខ្ញុំជឿជាក់ថារឿងនេះបានឆ្លុះបញ្ចាំងពីជីវិតស្រដៀងគ្នានេះច្រើនទៀត និងអាចចូលរួមជាគំនិតសម្រាប់យើងក្នុងវិថីជិវិតផ្ទាល់ខ្លួនបាន។ ខ្ញុំឃើញប្រធានបទសំខាន់ៗ ដែលគួរតែលើកយកមកពិភាក្សាពីក្នុងរឿងនេះ ដែលវាអាចជាគំនិតដ៏ល្អសម្រាប់យុវវ័យ។ ខ្ញុំមិននិយាយថាគ្រប់គ្នាត្រូវតែអានរឿងនេះនោះទេ ព្រោះចំណូលចិត្តនៃអ្នកអានម្នាក់ៗគឺខុសគ្នា។ តែខ្ញុំសប្បាយចិត្តដែលខ្ញុំមិនបានរំលងអានរឿងមួយនេះបាន។
ខ្ញុំមិនដឹងថារឿង “វិថីជីវិត” ធ្វើឱ្យជីវិតរបស់អ្នកនិពន្ធរតនាជោគជ័យក្នុងអាជីពនិពន្ធបានប៉ុណ្ណាទេ។ ប៉ុន្តែ ក្នុងបេះដូងអ្នកអានដូចខ្ញុំហើយ ទោះខ្ញុំអានរឿងនេះចប់មែន តែការគំនិតដែលខ្ញុំទទួលបានពីសាច់រឿងមួយនេះ នៅតែបន្តឆ្លើយឆ្លងគ្នារវាងបេះដូង និងខួរក្បាលរបស់ខ្ញុំ រហូតដល់ពេលនេះ។
#វិថីជីវិត
#ប្រលោមលោកខ្មែរ
បើប្រឡងធ្លាក់បាក់ឌុបតើវាយ៉ាងណា?
ប្រឡងធ្លាក់បាក់ឌុបមិនមែនពិភពលោករលាយទេ!
បើត្រូវបន្ទោសក៏ត្រូវទទួលយក បើត្រូវប្រមាថក៏ត្រូវតែចងចាំ។
មនុស្សបរាជ័យមានមនុស្សមិនច្រើនទេដែលនៅក្បែរ
តែអ្នកណាក្បែរឬមិនក្បែរ យល់ចិត្តឬអត់ ជារឿងរបស់គេទេ។
សំខាន់យើងនៅខាងខ្លួនឯងឬអត់? ជឿជាក់ខ្លួនឯងឬអត់?
បើយំរួចហើយត្រូវជូតទឹកភ្នែក ប្រាប់មិត្តដែលប្រឡងជាប់ហើយមកឌៀមដាមទាំងឡាយ!
“ខ្ញុំតឱ្យឯងមួយឆ្នាំ! ប្រឡងជាប់មុនខ្ញុំ រកអនាគតល្អឱ្យបានមុនខ្ញុំ ប្រយ័ត្នសើចខ្ញុំថ្ងៃនេះ ៥ឆ្នាំក្រោយច្រណែនភាពជោគជ័យរបស់ខ្ញុំវិញ!
គ្មាននរណាជោគជ័យរហូតទេ!
ប្រឡងធ្លាក់ឆ្នាំនេះ ឆ្នាំក្រោយខ្ញុំនឹងឱ្យបាន! “
ចាត់ទុកថាក៏ល្អ ដែលស្គាល់បរាជ័យត្រឹមពេលនេះ ព្រោះអ្នកដែលមិនទាន់ស្គាល់នឹងកាន់តែងប់ងល់នឹងសំណាងល្អ ហើយមិនទាន់ចេះប្រយ័ត្ននឹងការដើរលើផ្លូវជីវិតនោះទេ។
ចូលព្រមទទួលយកលទ្ធផលរបស់អ្នកដោយសេចក្តីក្លាហាន ហើយស្ថាបនាផ្លូវដើរសារជាថ្មី។
មួយជីវិតមនុស្សកើតមកមិនមែនគ្រាន់តែដើម្បីប្រឡងឱ្យជាប់បាក់ឌុបទេ
ត្រូវរស់ឱ្យបានល្អ ហើយរកផ្លូវទៅរកក្តីស្រមៃឱ្យបានឆាប់
ការប្រឡងជាប់បាក់ឌុបគ្រាន់តែជាច្រកមួយដែលនាំអ្នកទៅរកក្តីស្រមៃតែប៉ុណ្ណោះ
មនុស្សជាច្រើនអាចប្រឡងជាប់ អ្នកអាចក៏ធ្វើបានដូចគ្នា ហើយឱកាសក៏មានរាល់ឆ្នាំ។
កុំខ្វល់គេសើច ត្រូវសំងំព្យាយាមរកផ្លូវទៅរកក្តីស្រមៃរបស់អ្នកឱ្យបាន។
ប្រឡងជាប់បាក់ឌុបឆ្នាំណាមិនសំខាន់ សំខាន់អ្នកណាទៅដល់ក្តីស្រមៃមុន?
អត្ថបទអ្នកនិពន្ធរតនា
ក្ដីស្រមៃ គោលដៅ ក្ដីប្រាថ្នា និងភាពជោគជ័យ ជាមហិច្ឆតារបស់អ្នករាល់គ្នា
វីរិយ៉ាអើយ! ឮថាមានចំណូលចិត្តដូចអ្នកនិពន្ធ ៨០% មែនអត់? មិនឆ្លើយក៏មិនអីដែរចឹង😂
ក្ដីស្រមៃ គោលដៅ ក្ដីប្រាថ្នា និងភាពជោគជ័យ ជាមហិច្ឆតារបស់អ្នករាល់គ្នាព្រមទាំងខ្ញុំផង ដែលហ៊ានលះបង់ និងពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចវា តែវីរិយ៉ាបែរជាបង្រៀនខ្ញុំថា ព្យាយាមចុះ ខំប្រឹងចុះ តែកុំបោះបង់ចោលសុភមង្គលខ្លួនឯង ព្រោះយើងអាចនឹងមិនដឹងថាស្អែក សុភមង្គលមួយនោះនឹងនៅស្ងៀមអោយយើងឃើញទៀតឬអត់? ស្រឡាញ់ក្ដីស្រមៃ ក៏ត្រូវស្រឡាញ់ខ្លួនឯង មិនត្រូវដាក់សម្ពាធ និងធ្វើបាបខ្លួនឯងពេកឡើយ។ ត្រូវជោគជ័យដោយមានសុភមង្គល នោះទើបយើងជោគជ័យក្នុងជីវិតពិតប្រាកដ។
អូនស្រឡាញ់ពាក្យពេចន៍ដែលតួអង្គនិយាយ ជួយអ្នកអានអោយរកឃើញខ្លួនឯងបានច្បាស់ជាងមុន។ ជាពិសេសស្រឡាញ់អ្នកនិពន្ធ ព្រោះបានយកវិថីជីវិតរបស់មនុស្សស្រីជោគជ័យម្នាក់ មកអោយអ្នកអានយកជាបទពិសោធន៏ជីវិត especially a kid like me😂❤️
ស្រ្ដីស្អីមានមហិច្ឆតាយ៉ាងនេះ តើបុរសណាហ៊ានឈោងចាប់នាងទៅវីរីយ៉ា ឬបេះដូងនាងផ្ងើទៅសមុទ្រអស់ទៅហើយ..?
ចង់ធ្វើដំណើរទៅមុខបានឆ្ងាយក៏ត្រូវរើសស្បែកជើងមួយគូពាក់ដែរ ទើបអាចដើរបានឆ្ងាយហើយមួយគូនោះក៏គួរតែសមនឹងទំហំជើងរបស់យើងដូចគ្នាទើបពាក់ទៅវាមិនឈឺ ម៉ូតខ្លះយើងពេញចិត្តតែមិនប្រាកដថាសមនឹងយើង..
ស្រ្ដីស្អីមានមហិច្ឆតាយ៉ាងនេះ តើបុរសណាហ៊ានឈោងចាប់នាងទៅវីរីយ៉ា ឬបេះដូងនាងផ្ងើទៅសមុទ្រអស់ទៅហើយ..?
ព្រោះតែនាងទើបធ្វើឲ្យសុភាពបុរសវិមន្ដយើងក្លាយជាប្រុសកំសាក ស្ទាក់ស្ទើ អត្មានិយម រារែកអស់ចឹង…
តែគួរអរគុណនាងចោះពោះភាពមាន:នេះទើបធ្វើឲ្យសុភាពបុរសយើងយល់ពីជំរៅចិត្តខ្លួនឯង ថាតើនារីប្រភេទណាទើបសមនឹងគាត់ ហើយកាន់តែធ្វើឲ្យមិត្តភាពរបស់ពួកគេទាំងបីកាន់តែល្អប្រសើរនោះគឺរីណា
មើលទៅនាងតូចចិត្តធំរបស់យើងវិញមានអ្វីគ្រប់យ៉ាងតាមក្ដីសុបិនហើយ ចុះពេលនេះហេតុអីនាងឯងកាទៅវិញណ៎
ឬមួយនាងភ្លេចកំលោះសង្ហារបញ្ញាវ័ន្ដយើង ដែលជួយជ្រោមជ្រែងនាង ចាំជួយជុំរុញនាងដល់ជោគជ័យ ថែមទាំងស្ម័គ្រចិត្តកំដរនាងរង់ចាំនាងតើនាងបើកចិត្តទទួលយកដែលទេ.?
ដឹងទេថាបេះដូងកំលោះយើងក្រៀមអស់ហើយ ស្រពោនណាស់រង់ចាំម្ចាស់ចិត្តដាក់ជីស្រោចទឹកអោយ……
#កាន់តែខ្ពស់កាន់តែរងាណានាង
#វិថីជីវិត អ្នកនិពន្ធ រតនា
មិនថាអត្ថន័យ អត្ថរូប និអត្ថរសនៃរឿងទាំងមូលគឺធ្វើឱ្យអ្នកអានដូចជាខ្ញុំមិនអាចបំភ្លេចបាន
វណ្ណកម្មថ្មីស្នាដៃបងស្រី អ្នកនិពន្ធ រតនាញាក់សាច់តែម្តង! 😘❤️️
ផុសក្នុងPageមិនអស់ចិត្តផុសក្នុងគណនីផ្ទាល់ខ្លួនទៀតមើល…
មិនថាអត្ថន័យ អត្ថរូប និអត្ថរសនៃរឿងទាំងមូលគឺធ្វើឱ្យអ្នកអានដូចជាខ្ញុំមិនអាចបំភ្លេចបាន។ ប្រធានរឿងទាំងមូលនិយាយអំពីវីថីជីវិតនារីដ៏អស្ចារ្យម្នាក់មានឈ្មោះថា”វីរិយ៉ា”។ ព្រះជាម្ចាស់អើយនាងមាណវីម្នាក់នោះក្តីស្រមៃគឺកប់ពពកតែម្តង។ ទោះបីជាត្រូវធ្វើការលំបាក បាត់បង់អ្វីៗជាច្រើននៅជុំវិញខ្លួន ដូចជាស្នេហាជាដើមតែនាងក្រមុំមិនបោះបង់ក្តីស្រមៃនាងឡើយ។អានយូរៗទៅ ពេលខ្លះស្រាប់តែលេចគំនិតគិតថាខ្លួនកំពុងដើរផ្លូវរួមជាមួយវីរិយ៉ាទេដឹង? តែខ្ញុំមិនមែនមានមហិច្ឆតាខ្លាំងដូចនាងនោះទេ😛😂។ បើនិយាយពីអត្ថរូបអ្នកនិពន្ធប្រើពាក្យពិរោះៗ មានន័យ ហើយសុីអារម្មណ៍ទៀត។ ជាពិសសអ្នកនិពន្ធខាបយកព្រលឹងខ្ញុំអស់រលីង អង្គុយអានធ្មឹងដូចរូបចម្លាក់អុីចឹង ទោះបីជាសកម្មភាពតិចតួចដូចជាផឹកកាហ្វេអីក៏ដោយ មានអារម្មណ៍ថាចង់ផឹកចង់ភ្លក្សដែរ ជាពិសេសរសរបស់កាហ្វេខ្មៅដែលអ្នកនិពន្ធពណ៌នានោះតែម្តង។ …
មានច្រើនទៀត! បើចង់ដឹងទិញអានទៅ…ហើយឧត្តមគតិរឿងវិញម៉ាកប់តែម្តងគឺថាពីមួយទំព័រទៅមួយទំព័រមិនខ្វះ តែអ្វីដែលខ្ញុំចាំហើយចូលចិត្តខ្លាំងនោះគឺ៖”អ្នកនិព្ធហាក់ដាស់តឿនឱ្យស្វែងរកសុភមង្គលយ៉ាងពិតប្រាកដមួយ ហើយចេះ…”
ទិញអានហើយមិនខកបំណងទេ!
#វិថីជីវិត❤️️
មហិច្ឆិតាកាន់តែធំ មនោសញ្ចេតនាកាន់តែតូច
សៀវភៅ “វិថីជីវិត” ជាប្រលោមលោកបែបយុវវ័យ បង្កប់នូវ មនោសញ្ចេតនា ផ្អែមល្ហែម ជូរចត់ ស្ទើរគ្រប់រស់ជាតិ។ មួយអន្លើរដោយនូវគំនិតអប់រំល្អៗជាច្រើន ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ បានឆ្លុះបញ្ចាំងនូវមហិច្ឆតាដ៏ធំរបស់ នារីម្នាក់ដែលមានក្តីសុបិនចង់ក្លាយជា “អ្នកជំនួញស្ត្រីដ៏ជោគជ័យនៅ ថ្ងៃអនាគត” ហើយទីបំផុតនាងក៏បានសម្រេចក្តីសុបិន របស់នាង។
តែស្របពេលជាមួយគ្នានេះដែរ តាមផ្លូវឆ្ពោះទៅកាន់គោលដៅដ៏ជោគជ័យនោះ នាងស្ទើរបាត់បង់ មនុស្សជាទីស្រលាញ់ជុំវិញខ្លួន ដោយលះបង់មិត្តភាព មនោសញ្ចេតនាស្នេហា ដោយសារតែមហិច្ឆិតាដ៏ធំមួយនោះ ហើយចុងបញ្ចប់នៃភាពជោគជ័យទើបនាងភ្ញាក់ខ្លួនថា “មហិច្ឆិតា មិនមែនជាសុភមង្គលទេ”
មហិច្ឆិតាកាន់តែធំ មនោសញ្ចេតនាកាន់តែតូច។
៙#ខ្ញុំមិនអាចរៀបរាប់អស់ទេ នេះគ្រាន់តែជាអ្វីដែលខ្ញុំបានដកស្រង់សង្ខេបមួយផ្នែកតូចប៉ុននោះ។
៙@ចំពោះអ្នកដែលមានបញ្ញាយល់ដឹងច្រើន សំបូរគំនិតក្នុងការវិភាគ ត្រិះរិះនោះ ក៏គង់បានជា គតិមួយដ៏ល្អ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបាន៕
#មតិរបស់អ្នកអាន ខុសឆ្គងសូមអធ្យាស្រ័យ🙏
# អ្នកនិពន្ធ រតនា
#វាចាអ្នកអាន ភិក្ខុពនេចរ
#ប្រលោមលោកវិថីជីវិត
ថ្ងៃនេះសុំញាំកាហ្វេទឹកដោះគោ
កាលខ្ញុំមិនទាន់បានអាន សៀវភៅវិថីជីវិត ជាស្នាដៃរបស់ បងស្រី អ្នកនិពន្ធរតនា ខ្ញុំអត់ដែលដឹងថាកាហ្វេដែរខ្ញុំញាំរាល់ថ្ងៃមានរសជាតិយ៉ាងម៉េចទេ?គឺខ្ញុំញាំ គ្រាន់តែញាំ ញាំដើម្បីបំពេញតម្រូវការចំណូលចិត្ដតែប៉ុណ្ណោះ។ ខ្ញុំអត់ដឹងថាវាល្វីងឬក៏ផ្អែមអ្វីទេ? ដឹងតែញាំៗហើយ ក៏ហើយ អត់ដែលខ្វល់ អត់ដែលព្រមបើកចិត្ដឬបើកបេះដូងដើម្បីស្រងរសវាឲ្យឈ្ងុយឆ្ងាញ់វាម្ដងណាសោះ គ្រាន់តែដឹងថាស្រ្ដេសខ្លាំងគឺខ្ញុំចង់ញាំកាហ្វេ ញាំហើយក៏មិនដឹងថាយ៉ាងម៉េចមិនដឹងថាញំហើយវាកាត់ស្រ្ដេសហ្នឹងបានឬអត់ទៀត ដឹងតែញាំតែមួយមុខគត់….ប៉ុន្ដែអ្វីៗក៏បានផ្លាស់ប្ដូរក្រោយពីខ្ញុំបានអាន ប្រលោមលោកមួយនេះខ្ញុំស្រាប់តែចាប់អារម្មណ៍និងទទួលដឹងនូវអ្វីដែលខ្ញុំមិនទាន់ដឹងពីមុន នោះគឺរសជាតិកាហ្វេ។ កាហ្វេដែលខ្ញុំទុកវាត្រឹមជាកាហ្វេ។ ហេតុអីថ្ងៃនេះវាប្រែជាឆ្ងាញ់?ហេតុអ្វីពីមុនខ្ញុំមានអារម្មណ៍ដូចថ្ងៃនេះ? ឆ្ងល់ដល់ហើយ សៀវភៅអីទេលោកអើយ អានហើយធ្វើអោយខ្ញុំបើកចិត្ដ បើកបេះដូងបែបនេះ អេបងស្រីអ្នកនិពន្ធ អត់មានដាក់មន្ដសណ្ដំឲ្យទឹកខ្មៅទន់ចិត្ដ ទន់បេះដូងអីណាហី? សៀវភៅមួយក្បាលនេះ ដូចជាចូលទៅជ្រៅក្នុងបេះដូងខ្ញុំដល់ហើយ💕អានហើយគឺថា…💕អ្នកនិពន្ធមិនអាណិតទឹកខ្មៅសោះ ឆក់យកបេះដូងទឹកខ្មៅចេញពីទ្រូងខាងឆ្វេងទៅបាត់ហើយ😌☺️
នរណាខ្លះចូលចិត្ដញាំកាហ្វេ? ហើយចូលចិត្ដរសយ៉ាងម៉េចដែរ?
ជម្រើសខ្ញុំគឺ៣០% តែវាមានរហូតដល់១២០%នៃរសជាតិស្ករ
#វាចាអ្នកអាន ប៉ាកាទឹកខ្មៅ
រូបថតដោយ ប៉ាកាទឹកខ្មៅ
ស្រឡាញ់ណាស់វីរិយ៉ា តាំងពីមិនទាន់បានអានជាសៀវភៅ
ស្រឡាញ់ណាស់វីរិយ៉ា តាំងពីមិនទាន់បានអានជាសៀវភៅ 😘ហើយក៏គិតសុំខ្លួនឯងនេះធ្វើជា វិមន្ដ ដើម្បីបាននាំវីរិយ៉ាទៅសមុទ្រ រត់លេងតាមឆ្នេរខ្សាច់ អុតទៀនបំភ្លឺលើពូកខ្សាច់ត្រជាត់ អធាត្រត្រជាក់ មើលទេពច្យុត ផ្សងយកក្ដីស្រម៉ៃរួមគ្នា 😍💐💌។
បន្ទាប់មកក៏បានអាន ក៏មានអារម្មណ៍អាក់អន់ចិត្ត ព្រោះវិមន្តត្រូវមិនអាច ដណ្ដើមបេះដូងវីរិយ៉ា ពីសមុទ្របាននោះទេ តែវិមន្ដក៏កាន់តែប្រសើរឡើងជាលំដាប់វិញព្រោះមាន ស្រីតូចម្នាក់ទៀតលួងកំដរ និងលួចប៉ងស្រឡាញ់គេជាយូរដែរ ។ វិមន្ដក៏ដាច់ចិត្តដកលែងដៃដែលចង់ក្រសោប បេះដូងវីរិយ៉ា មកទម្លាក់នេត្រា ដាក់ចិត្តផ្ដិចរូបារម្មណ៍លើ សម្រស់និងសន្ដានចិត្ត រីណា នារីក្បែរកាយកៀកមួយរូបមានសញ្ចេតនាផ្អែមល្ហែម ការងារសមសួនប្រពៃ ក៏ចាប់ដៃអាស្រ័យសាងមេត្រី ចំណងជាបុត្រម្នាក់ដឹកដៃ ចូលរួមពិធីមង្គលការ របស់វីរិយ៉ាផងដែរ ចំពោះមហិច្ឆតារបស់ស្រីតូចនោះត្រូវបានបញ្ចប់ ជាម្ចាស់ក្រុមហ៊ុន សិប្បកម្មសូត្រខ្មែរ ត្បាញហូលផាមួង នាំទៅបារាំង តាមអ្វីដែលនឹកគិតក្នុងចិត្តតាំងពីកុមារភាព ចម្លងតាមស្រ្ដីដ៏ជោគជ័យម្នាក់ដែរ ក៏តម្រូវក្លាយជាកូនប្រសារ ស្រ្ដីនោះថែមទៀត ។
ខ្ញុំបុរសភេទ ក៏មហិច្ឆតាខ្ពស់ដូចវិរីយ៉ាដែរបងស្រី មកដល់ពេលខ្ញុំ អានចប់វីរិយ៉ា ក៏ធ្វើឲ្យមហិច្ឆតាខ្ញុំកាន់តែរឹងមាំ និងមុតស្រួចថែមទៀត ។ សូមអរគុណបងស្រី ណាស់បង ខ្ញុំមិនអាចបំភ្លេច វីរីយ៉ាពីបេះដូងទេ 💓ហើយក៏មិននឹងត្រូវបោះបង់មហិច្ឆតាខ្លួនឯងដែរ ខ្ញុំនឹងតស៊ូរហូតសម្រេច ទោះបីបើគ្មាន ស្រ្ដីម្នាក់មានសណ្ដានចិត្តរង់ចាំ ដូចបញ្ញាវ័ន្ដក៏ដោយ ក៏ខ្ញុំត្រូវតែយកភាពជោគជ័យស្កប់ស្កល់ នៃមហិច្ឆតាមួយនេះ ។
វាយតួស្រីប៉័ងៗតែម្តង អ្នកណាថាវីរិយ៉ាសុទ្ធតែគួរឱ្យស្រលាញ់ក្នុងចិត្តអ្នកគ្រប់គ្នា
ចំណាប់អារម្មណ៍ប្រិយមត្តិអ្នកអាន៖
-តួស្រីវិរីយ៉ាចរិតឲ្យគេទ្រ រំអួយ គិតតែពីខ្លួនឯង អាចថា អាត្មានិយម។ អ្នកនិពន្ធដូចជាលើកតួស្រីនឹងពេក ខ្ញុំមិនសូវចូលចិត្តនឹងអត្តចរិតគាត់ទេ ប៉ុន្តែស្រលាញ់ការតាំងចិត្ត បេ្តជ្ញាដើម្បីឆ្ពោះទៅរកគោលបំណងទាល់តែបានសម្រេច ទោះបីត្រូវលះបង់មត្តិភាព។
-តួអង្គប្រុសបញ្ញាវន្ត អត្តចរិតស្រដៀងនឹងក្រាស់ខ្ញុំដែល ទាំងសម្តីសំដៅ ខ្ញុំលង់តួប្រុសនឹងស្រឹបៗម៉ង ល្អគ្រប់យ៉ាងគ្មានទាស់។
-អត្ថបទ៖ មិនសូវលេងពាក្យ ក្លែមសម្តី
-សាច់រឿង៖ អានដំបូងធម្មតាៗ អត់ជក់ ប៉ុន្តែពេលដែលលេចមុខតួប្រុសមក គឺថា ខ្ញុំចាប់ផ្តើមរំភើបបន្តិចម្តងៗ មានការប្រៀបធៀបរសជាតិរបស់វិរីយ៉ាទៅនឹងរសជាតិកាហ្វេ។
+ឃ្លាដែលខ្ញុំចូលចិត្ត៖
-មហិច្ឆតាដូចជាមេរោគមួយដែលដុតបំផ្លាញមនោសញ្ចេតនា។ មហិច្ឆតាមនុស្សកាន់តែធំមនោសញ្ចេនាក៏កាន់តែតូច។
-ជោគជ័យមានពីរប្រភេទ ១ជោគជ័យដោយគ្មានសល់អ្វី ១ទៀតជោគជ័យដោយសុភមង្គល។
-សាងសុភមង្គលក្នុងរឿងសេ្នហាគឺត្រូវការមនុស្សម្នាក់ទៀតមកធ្វើជាមួយយើង តែបើគេមិនមានការតាំងចិត្តមុតមាំ យើងម្នាក់ឯងទោះខំយ៉ាងណាក៏មិនជោគជ័យដែរ បើអស់សង្ឃឹមហើយ វាធ្វើឲ្យមនុស្សហត់ណាស។
#វិថីជីវិត
១៦ មីនា ២០១៩
ប្រលោមលោកមួយដែលបានតាក់តែងពីជីវិតក្មេងស្រីវីរិយ៉ា ពិតជាអស្ចរ្យណាស់
កូនស្រីមិនថាកូនចេញពីប្រភពណាក៏ដោយ កូនស្រីត្រូវមានក្តីស្រមៃ ហើយដាក់កាំជណ្តើរឡើងទៅចាប់ក្តីស្រមៃមួយនោះឱ្យបាន។
នេះជាឃ្លាដែលល្អបំផុតសំរាប់ខ្ញុំក៏ដូចជាមិត្តអ្នកអានដទៃផ្សេងទៀតដែរ រាល់អត្ថន័យដែលមានក្នុងវីថីជីវិត គឺសុទ្ធសឹងតែល្អៗគួរអនុវត្តន៍តាម ហើយត្រិះរិះពិចារណានូវខ្លឹមសារនៃសាច់រឿងមួយ ដឺលជាស្លាកស្នាមបេះដូងរបស់កូនខ្មែរ។ ទោះបីកន្លែងខ្លះជើងដៃតែមិនស្រមៃឈប់អានឡើយ។
ប្រលោមលោកមួយដែលបានតាក់តែងពីជីវិតក្មេងស្រីវីរិយ៉ា ពិតជាអស្ចរ្យណាស់ មហិច្ឆតា គោលដៅ ក្តីស្រមៃ ភាពតស៊ូ ការប្តូររសជាតិនៃកាហ្វេ ការអប់រំ ការមានចិត្តមនុស្សធម៌សំរាប់សង្គម ក៏ដូចជាស្នេហា មិត្តភាពធ្វើឱ្យអ្នកអានចងចាំហើយចង់បានស្នាដៃកូនខ្មែរបន្តទៀត។
ការងារជាជីវិតខ្ញុំហើយ ហេតុអ្វីមិនបើកបេះដូងសោះចឹងក្មេងស្រីង៉ក់ងរ បញ្ញវ័ន្តស៊ូបំពេញតាមចិត្តហើយណា៎! រសជាតិកាហ្វេដែលមិនធ្លាប់បានភ្លក់ហើយក៏យល់ព្រមសាកល្បង តើមានអ្វីកើតឡើង? តោះអានសៀវភៅវីថីជីវិតទាំងអស់គ្នា។
សូមជូនពរដល់អ្នកនិពន្ធរតនា និងអ្នកមានស្នាដៃផ្សេងទៀតដែលបានចែកផ្សាយនូវសៀវភៅល្អៗហើយចងបានបន្តទៀតណាស់។ សុខភាពល្អបវររាល់ថ្ងៃខែឆ្នាំរហូត។
អរគុណច្រើន
ហេណា

អ្វីដែលខ្ញុំបានរៀនពីសៀវភៅមួយនេះគឺ
វិថីជីវិត
អ្នកណាអានប្រលោមលោកជារឿងឥតប្រយោជន៍?
វីថីជីវិតគឺជាដំណើររឿងនៃជីវិតពោរពេញទៅដោយមហិច្ឆតារបស់នារីម្នាក់ដែលតែងតែពុះពារគ្រប់ការលំបាកក៏ព្រោះតែចង់ឱ្យក្តីប្រាថ្នារបស់ខ្លួនបានទៅដល់គោលដៅ ហ៊ានធ្វើការសម្រេចចិត្តក្នុងគ្រាលំបាក ហ៊ានលះបង់ពេលវេលា សេចក្តីសុខរយ:ពេលដើម្បីជាទុនសម្រាប់ឆ្លងទៅផ្លូវនៃវិថីជោគជ័យមួយ។
អ្វីដែលខ្ញុំបានរៀនពីសៀវភៅមួយនេះគឺ
1. មិនថាអ្នកជានរណា មកពីណា មនុស្សស្រីឬប្រុស ដរាបណាអ្នកមានគោលដៅនៃជីវិតច្បាស់លាស់ អ្នកអាចត្រួសត្រាយផ្លូវដើរទៅមុខបានដើម្បីចាប់យកក្តីស្រម៉ៃរបស់អ្នក។
2. មិនថាអ្នកក្លាហានឬជោគជ័យខ្លាំងប៉ុណ្ណា អ្នកនៅតែត្រូវការមនុស្សម្នាក់ដែលនៅពីក្រោយអ្នក ផ្តល់កម្លាំងចិត្តដល់អ្នក និងគាំទ្រអ្នក។ សូមថែរក្សាពួកគេ និង កោតសរសើរនូវសំណាងខ្លួនឯងដែលមានមនុស្សល្អនៅជិត និង ជាកម្លាំងចលករជម្រុញចិត្ត។
សូមស្វែងរកសៀវភៅមួយក្បាលនេះមកជាកម្មសិទ្ធិ និងស្វែងយល់បន្ថែមពីមេរៀនជីវិតរបស់នាងតូចវិរិយ៉ា និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់បុញ្ញវន្តចំពោះនាងតូចម្នាក់នេះ។
អ្វីទៅជាវិថីជីវិត? តើមនុស្សដែលរស់នៅលើភពផែនដីនេះមានចិត្តគំនិតនិងក្ដីស្រមៃដូចគ្នាទេ?
#វិថីជីវិត
អ្វីទៅជាវិថីជីវិត? តើមនុស្សដែលរស់នៅលើភពផែនដីនេះមានចិត្តគំនិតនិងក្ដីស្រមៃដូចគ្នាទេ?
ការបង្កើតក្ដីស្រមៃវាជារឿងងាយទេប៉ុន្តែអ្វីដែលពិបាកគឺការធ្វើតាមក្ដីស្រមៃអោយក្លាយទៅជាការពិត!!
វីរិយ៉ា! តួអង្គស្រីនៅក្នុងប្រលោមលោកវិថីជីវិតនាងពិតជាអស្ចារ្យសម្រាប់ខ្ញុំ…នាងមានមហិច្ឆតាខ្ពស់ក្នុងការធ្វើអោយក្ដីស្រមៃរបស់នាងក្លាយទៅជាការពិតទោះបីជាវាពិបាកនិងត្រូវប្រើពេលវេលាយូរយ៉ាងណាក៏ដោយតែនៅទីបំផុតនាងក៏អាចធ្វើបាន! ធ្វើបានដោយជោគជ័យនិងល្អបំផុត។
អ្នកបងវីរិយ៉ាហា៎! ខ្ញុំពិតជាចង់ស្គាល់អ្នកបង ចង់ក្លាយជាមនុស្សស្រីដែលរឹងមាំដូចជាអ្នកបងណាស់! បើសិនជាអ្នកបងជាមនុស្សពិតដែលនៅខាងក្រៅសាច់រឿងអ្នកបងពិតជាមនុស្សដែលគួរអោយស្ញប់ស្ញែងខ្លាំងណាស់!
វិថីជីវិតមួយក្បាលនេះគឺជាការតាក់តែងឡើងរបស់បងស្រី អ្នកនិពន្ធ រតនា។ ហេតុអីទៅបងស្រី? ហេតុអីក៏បងធ្វើអោយខ្ញុំលង់នឹង វីរិយ៉ា ដកចិត្តមិនរួចបែបនេះ? បងអត់នឹងធ្វើអោយខ្ញុំសរសើរមិនបានពិតមែន!!!
បងធ្វើអោយខ្ញុំលង់នឹង វីរិយ៉ាមិនអស់ចិត្ត នៅធ្វើអោយខ្ញុំលង់នឹងស្នាដៃនិពន្ធរបស់បងទៀត! បងស្រីឆាប់មកទទួលខុសត្រូវមក😂❤❤