ប៉ុណ្ណឹងបាន!

ពាក្យក៏ ប៉ុណ្ណឹងបាន នេះវាមាននៅក្នុងខួរក្បាលមនុស្សពីរនាក់! ទី១ មនុស្សខ្ជិល ទី២ មនុស្សចេះស្កប់ស្កល់។ តែកុំច្រលំថាមនុស្សពីរជំពូកនេះមានលក្ខណៈដូចគ្នាឱ្យសោះ!

មនុស្សខ្ជិល និយាយពាក្យនេះហើយគាត់មិនដែលគិតថាចង់ធ្វើអីទៀតទេ សប្បាយអរនូវអ្វីដែលកំពុងមាន ហើយក៏បណ្តោយឱ្យវាស្ថិតថេរ ឬរលាយទៅតាមកាលវេលា។

តែមនុស្សចេះស្កប់ស្កល់វិញ គាត់គ្រាន់តែមិនលោភលន់ទាមទារអ្វីដែលលើសពីការទទួលបានប៉ុណ្ណោះ។ គាត់សង្រួមចិត្តទទួលយកលទ្ធផលទាំងឡាយ មនុស្សស្កប់ស្កល់មិនទំនេរដៃទេ គាត់នៅតែបន្តរវល់ ដើម្បីបំពេញអ្វីដែលខ្វះខាត និងរក្សារអ្វីដែលកំពុងមាន។

ប៉ុណ្ណឹងក៏បាន! ជាពាក្យមួយឃ្លាដែលធ្វើឱ្យមនុស្សរៀនចេះស្កប់ស្កល់ហើយព្រមរីករាយនូវអ្វីដែលកំពុងមាន។

ប៉ុណ្ណឹងក៏បាន! ជាពាក្យដែលប្រាប់ចិត្តឱ្យព្រម មិនមែនខ្ចិល!

#អត្ថបទអ្នកនិពន្ធរតនា

នឹកស្នេហ៍អតីត

រាត្រីស្ងាត់សូន្យគ្មានចន្រ្ទា ផ្កាយរះជុំគ្នាជះពន្លឺ
ឈរមាត់បង្អួតគួចចិត្តឈឺ ចិត្តនៅដឹងឮរឿងចាស់ៗ។
អនុស្សាវរីយ៍ស្នេហាខ្ញុំ នៅដក់អារម្មណ៍ឈឺខ្លះៗ
ទោះស្នេហ៍នោះចប់យូរយារណាស់ ចិត្តមិនទាន់ផ្លាស់នៅស្រលាញ់។

ម្តងៗលួចបន្ទោសខ្លួនឯង មិនគួរចំបែងឆាប់ចុះចាញ់
ព្រមចោលស្នេហាដែលពេញក្នាញ់ ឱ្យចិត្តត្របាញ់ដោយទុក្ខសោក។
គ្រប់យ៉ាងចប់ហើយនៅតែស្តាយ ស្នេហាយើងក្លាយជាសំណោក
ព្រោះតែទេវតាមិនយល់យោគ ទឹកភ្នែកហូរជោគជន់នេត្រា។

មេឃខ្មៅពេញដាបបាត់ដួងផ្តាយ ដូចពេលអូនឆ្ងាយប្រុសរៀមរ៉ា
មានត្រឹមបេះដូងគ្មានស្នេហា ស្រលាញ់អ្នកណាក៏មិនបាន។
ព្យាយាមរឹងមាំដោយគ្មានថ្លៃ ទទួលស្នេហ៍ថ្មីរស់ឱ្យក្សាន្ត
មិនយូរប៉ុន្មានក៏គ្រាំគ្រា អារម្មណ៍យំទាររកបវរ។

ជឿដែរថាបែកមិនអាចជួប មិនអាចបង្រួបស្នេហ៍បន្ត
បើទោះបេះដូងនៅស្មោះស ចិត្តល្អក់កករអស់ទៅហើយ។
ទោះគ្រាមុនយើងធ្លាប់នែបនិត្យ ប៉ុន្តែការពិតមិនអាចឡើយ
សល់ឈ្មោះអតីតឈឺឥតស្បើយ គ្មានផ្លូវបកក្រោយស្នេហ៍ដូចមុន។

ចិត្តនៅមិនទាន់ស្តាប់បញ្ជា សុំនឹកពុំងារាល់យប់យន់
មិនអន្ទងបងឱ្យចិត្តទន់ ដឹងអូនអស់មន្តទាក់ចិត្តថ្លៃ។
នឹកបងម្នាក់ឯងទេកល្យាណ មុនកាត់ចិត្តបានណាចរណៃ
ពេលអស់ស្នេហ៍បងពីហឫទ័យ មិននឹកនាថ្លៃទៀតឡើយណា។

យប់កាន់តែជ្រៅមេឃប្រែភ្លឺ ចិត្តប្រែស្បើយឈឺពីទុក្ខា
ឈរគន់ដួងផ្កាយអមច័ន្ទថ្លា លាក់ទុក្ខស្នេហាមួយអន្លឺ។
សម្រស់រាត្រីមិនណាយមើល តែភ្នែកបែកសឺទន់ត្របក
យប់ស្អាតយ៉ាងណាក៏ត្រូវដក នាំកាយសម្បកចូលនិន្ទ្រា។

អធ្រាត្រឆ្លងថ្ងៃហើយពុំងា សូមនឹកស្ងួនភ្ងាត្រឹមម៉ោងហ្នឹង
បើសិនយប់ស្អែកចិត្តនៅរឹង សូមនឹកព្រលឹងដូចធម្មតា។
បើភ្ញាក់ពីគេងអស់ស្នេហា ពាក្យដែលសន្យានឹងធ្វើហើយ
មិននឹករូបបងទៀតសោះឡើយ ម្ល៉េះអូននឹងស្បើយអស់ទុក្ខា។

កំណាព្យអ្នកនិពន្ធរតនា
អាធ្រាត ១៩ កញ្ញា ២០១៩

ស្នេហ៍ឆ្លងទ្វីប

រសៀលនឹកបង            ចង់ជួបនួនល្អង            សាសងវាចារ

ទោះដឹងពេលនេះ         ប្រុសម្ចាស់ស្នេហា        និន្រ្ទាហើយណា

ពុំគួររំខាន។

ស្នេហ៍ឆ្លងវេហា៍            កម្ពុជាកាណាដា           ឆ្ងាយណាស់កល្យាណ

មិនដឹងធ្វើម្តេច              អាចជួបភុំផាន             ឱ្យដូចចង់បាន

ណាប្រុសជីវ៉ា។

រស់ទ្វីបផ្សេងគ្នា            ចិត្តសែនវេទនា           មិនអាចស្និទ្ធស្នាល

ចង់ឱ្យបងថ្នម                លួងលោមកាយា         ​ពេលចេញទៅណា

មានបងកំដរ។

មើលទៅស្នេហ៍គេ        ល្អូកល្អើនម្ល៉េះទេ           គេសុខណាស់ហ្ន៎

គេបានកៀកកិត           ស្និទ្ធស្នេហ៍បវរ              គេផ្អែមដូចស្ករ

ឱ្យអូនច្រណែន។         

បងអើយឆាប់ភ្ញាក់        ឱ្យយើងពីរនាក់           ឆាប់បានសារសង

បើអូនcallទៅ                ឆាប់លើកណា៎បង       នឹកពេកកន្លង

ចង់ផ្តងសម្តី។

មេឃតែមួយទេ            តែខុសម៉ោងពេល       ថ្ងៃរះខាងបង

ថ្ងៃលិចខាងអូន            មើលថ្ងៃពីរម្តង              កុំភ្លេចបើកផង

Video Call. ។

ជាអ្នកធ្វើការ                 កិច្ចច្រើនពេកណា        ដើម្បីបំពេញ

ជជែកមិនយូរ               ត្រូវបិទcallវិញ              ចិត្តសែនទោម្នេញ

ព្រោះមិនចង់ឃ្លាត។

បងឱ្យអូនទ្រាំ               តាំងចិត្តឱ្យមាំ              បងមិនវេរវៀច

រាល់ថ្ងៃបងខំ                 ធ្វើការឃ្មីឃ្មៀត            សន្សំលុយទៀត

មកលេងកម្ពុជា។

បងឱ្យអូនចាំ                មិនដល់មួយឆ្នាំ           នឹងបានជួបគ្នា

មកស្អំបេះដូង               ដែលធ្លាប់រងារ             ឱ្យចិត្តអូនជា

ស្បើយពីការនឹក។

បងលួងអូនសើច          ពេលឮសំណើច           សម្លេងកក្អឹក

បងថាហ្នឹងហើយ          ដែលបងរឭក              បងចង់ឮញឹក

សម្លេងសើចអូន។

បងថាក្នុងលោក           របស់គគោក                 មិនស្មើស្រីស្ងួន

បងផ្តាំរាល់ថ្ងៃ               ឱ្យអូនថែខ្លួន               រង់ចាំនឹមនួន

ចូលស្តីរៀបការ។

កំណាព្យអ្នកនិពន្ធរតនា

១៩ កញ្ញា ២០១៩

អំណោយកន្លាស់អាវ

កន្លាស់អាវថ្មីអំណោយភ្ជុំ អក្ខរា សណ្ដំ ផ្ញើឱ្យបង
អង្កាំត្បូងសលាយស្វាយផង ស្អាតណាស់នួនល្អងគួរប្រាថ្នា។

កន្លាស់រូបផ្កាជូនបងស្រី ដូចដឹងពីអ្វីបងស្នេហា
អាចខ្ទាស់ពានាទៅវត្តវ៉ា អរគុណហើយណាដែលយល់ចិត្ត។

#កំណាព្យអ្នកនិពន្ធរតនា
១៨ កញ្ញា ២០១៩

រៀនក្រងផ្កាម្លិះ

នាងអើយជាស្រីកុំរំលង ទំនេររៀនក្រងភួងបុប្ផា
បើចេះមិនដែលខាតទៅណា ក្រងថ្វាយទេវតាបានមគ្គផល។

កម្រងម្លិះលាស្អាតពេកពិត ពត់អំណត់ចិត្តទើបរៀនយល់
ទម្រាំក្រងស្អាតណានិមល អាចមុតច្រើនម្ជុលនៅម្រាមដៃ។

ពិបាកបន្តិចតែធ្វើបាន រៀនទៅកល្យាណវិជ្ជាស្រី
ទោះកិច្ចដទៃនាងពូកែ មិនគួរមានស្នេហ៍គេចតម្រា។

ភួងមាល័យផ្កាស្រីចាក់ក្រង ស្អាតណាស់នួនល្អងគួរប្រាថ្នា
ម្លិះលាក្រអូបពេញចិន្តា រំយោលដោយផ្កាពណ៌ស្វាយស្រាល។

ស្នាដៃក្រងផ្កានិងថតដោយប្អូនស្រីដួងខែ

#កំណាព្យអ្នកនិពន្ធរតនា

១៧ កញ្ញា ២០១៩

អនុស្សាវរីយ៍នៅអនុស្សាវរីយ៍

រឿងខ្លះវាតូចតាច សម្រាប់អ្នកដែលមិនបានឱ្យតម្លៃ តែវាមានន័យសម្រាប់អ្នកដែលយល់ពីតម្លៃ។

ខ្ញុំដើរមកដល់ចំនុចមួយនៃរស់ជាតិជីវិតដែលខ្ញុំចង់បាន ខ្ញុំអាចមានឱកាសរីករាយនឹងអ្វីមួយដែលមិត្តភ័ក្កតែងបង្អាប់ថាខ្ញុំប្លែកៗ។

ខ្ញុំធ្លាប់លួចសួរខ្លួនឯងថាខ្ញុំប្លែកមែនឬអត់? ម្តងម្កាលខ្ញុំប៊ិសនឹងជឿគេថាខ្ញុំមានជំងឺមែនហើយអីតើ តែនៅពេលដែលខ្យល់វាសនាផាត់ខ្ញុំមកជួបមនុស្សដែលមានចិត្តគំនិតដូចខ្ញុំទើបខ្ញុំលែងបារម្ភ ហើយរីករាយនឹងអ្វីជាខ្លួនខ្ញុំបែបនេះ។

ខ្ញុំមិនប្លែកទេ កន្លងមកខ្ញុំគ្រាន់តែបានរស់នៅក្នុងសង្គមមួយដែលប្លែកពីអារម្មណ៍ខ្ញុំតែប៉ុណ្ណោះ។ ពេលនេះត្រូវអរគុណខ្យល់វាសនាដែលនាំខ្ញុំឱ្យមកនៅក្នុងពិភពមួយដែលផ្តល់សុខចិត្តឱ្យខ្ញុំដូចបច្ចុប្បន្ន។

កន្លងមកខ្ញុំចូលចិត្តទៅកន្លែងណាដែលអាចផ្តល់ភាពស្ងប់ចិត្ត មានភេសជ្ជៈ ក្តៅឬត្រជាក់មួយកែវកំដរ មានរុក្ខជាតិតូចធំបក់ទៅមកតាមខ្យល់ឱ្យខ្ញុំមើល ខ្ញុំចង់ចំណាយពេលតែបែបនេះ ទោះត្រូវអង្គុយម្នាក់ឯងរាប់ម៉ោងក៏បាន មានពេលខ្លះខ្ញុំស្តាយពេលដែលបានជួបបរិយាកាសពេញចិត្តតែត្រូវចំណាយពេលជជែកជាមួយក្រុមមនុស្សដែលមិនមានចិត្តដូចខ្ញុំ។

តែថ្ងៃមួយនោះ នៅពេលដែលខ្ញុំតម្រង់យាន្តទៅរកបរិយាកាសដែលខ្ញុំចូលចិត្ត មិននឹកស្មានថាខ្យល់វាសនាឱ្យខ្ញុំចែដន្យបានជួបមនុស្សដែលមានចិត្តដូចខ្ញុំ។ មនុស្សដែលមានផ្ទៃមុខញញឹមរួសរាយខាងក្រៅ តែអារម្មណ៍ស្ងប់ស្ងាត់ខាងក្នុង មួយក្រុមតូចរួមជជែកគ្នារាប់ម៉ោងមិនចង់បែកគ្នា។ អារម្មណ៍មួយនោះ ខ្ញុំកម្រជួបណាស់ ពេលជួបហើយក៏បានរីករាយចិត្តពីរបីថ្ងៃមិនបាត់ ដូច្នេះហើយត្រូវកត់ត្រាទុកជាការចងចាំមួយនៅក្នុងទំព័រនេះ ទុកអានថ្ងៃក្រោយដើម្បីឱ្យខ្ញុំបានញញឹមម្តងទៀត។

ត្រូវអរគុណបងអ្នកនិពន្ធ សុខចាន់ផល ដែលបង្កើតទីតាំងអនុស្សាវរីយ៍នេះសម្រាប់អ្នកនិពន្ធគ្រប់រូបទៅជួបជុំ បង្កើតអនុស្សាវរីយ៍បន្តបន្ទាប់ទៀត។

ត្រូវអរគុណខ្យល់វាសនាដែលឱ្យខ្ញុំបានជួបប្អូនៗនៅក្នុងរូបមួយសន្លឹកនេះ ដែលរួមជជែកកំសាន្តផ្តល់អារម្មណ៍ល្អៗ រហូតដល់ឱ្យខ្ញុំត្រូវតែសរសេរការចងចាំនេះឡើងមក។

អនុស្សាវរីយ៍នៅអនុស្សាវរីយ៍

រូបថតថ្ងៃទី ១៤ កញ្ញាឆ្នាំ២០១៩

សរសេរនៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០១៩

សម្ផស្សនារី

ពេលវេលាអាចធ្វើឲ្យអ្នកភ្លេចរឿងមិនសប្បាយចិត្តកន្លងមែន
តែពេលវេលាក៏អាចធ្វើឲ្យសម្រស់របស់អ្នកកន្លងទៅដូចគ្នា
ចិត្តអាចរក្សាបានត្រឹមតែអនុស្សាវរីយ៍ តែមិនអាចរក្សាសម្ផស្សបានទេ

តើអ្នកស្តាយទេ? ប្រសិនបើសម្ផស្សអ្នកត្រូវបាត់ទៅទាំងដែលអ្នកមិនទាន់ឈប់ចង់ស្អាត?
អ្នកដឹងទេ? សម្ផស្សនាំមកនូវសំណាង ក៏ជាអារម្មណ៍ល្អនៃទំនាក់ទំនងដំបូងដែរ។
កុំបណ្តោយឲ្យវាទៅតាមពេលវេលាអី មនុស្សស្រីឯណាមិនចង់ស្អាត? តែបើអ្នកមិនថែរក្សា ភាពស្អាតវានឹងចាកចេញពីអ្នកទាំងដែលអាយុអ្នកមិនទាន់ចាស់។
ថែសម្ផស្សឲ្យបានល្អណា៎ ❤️

កុំផ្តើមការស្រលាញ់បើគ្មានស្នេហា.

សេចក្តីស្រលាញ់ មិនមែនបញ្ជាក់ដោយពាក្យសម្តី ឬការឱបថើបនោះទេ តែវាបញ្ជាក់ដោយទង្វើនៃការយកចិត្តទុកដាក់។ បើអ្នកអាចធ្វើទង្វើបែបនោះរាល់ពេល រាល់ថ្ងៃ ចំពោះនរណាម្នាក់ក៏ព្រោះតែអ្នកស្រលាញ់គាត់ខ្លាំងណាស់។ តែប្រសិនបើទង្វើនៃការយកចិត្តទុកដាក់នោះអាចធ្វើបានត្រឹមតែយូរៗម្តង ការស្រលាញ់នោះត្រឹមតែល្មមៗប៉ុណ្ណោះឯង។
អារម្មណ៍នៃការស្រលាញ់នរណាម្នាក់ នឹងធ្វើឲ្យអ្នកតែងតែចង់មានវត្តមានគ្រប់កាលៈទេសៈដែលមនុស្សម្នាក់នោះជួប អ្នកតែងតែចង់ឲ្យខ្លួនឯងក្លាយជាមនុស្សទីមួយដែលគាត់នឹកដល់ គ្រប់ពេលដែលគាត់ត្រូវការឲ្យនរណាម្នាក់ដឹងពីរឿងអ្វីមួយរបស់គាត់។

ការស្រលាញ់មនុស្សម្នាក់ នឹងមិនឲ្យអ្នកមានអារម្មណ៍ថាអ្នកកំពុងរវល់ ឬធ្វើមិនបានសម្រាប់មនុស្សម្នាក់នោះឡើយ។ ទោះជាត្រូវប្រើការលះបង់ច្រើនប៉ុនណា ឬពិបាកប៉ុនណា អ្នកនឹងមិនរួញរាក្នុងការធ្វើដើម្បីមនុស្សម្នាក់នោះដែរ បើទោះជាអ្វីដែលអ្នកខំធ្វើមិនបានបំពេញគ្រប់តម្រូវការដែលគាត់ត្រូវការ យ៉ាងហោចក៏អ្នកបានធ្វើអស់ពីលទ្ធភាពរបស់អ្នកដែរ។

តែប្រសិនបើអ្នកមិនទាន់បានធ្វើទង្វើទាំងអស់នោះ ចំពោះនរណាម្នាក់ទេ កុំទាន់ប្រញាប់ពោលពាក្យស្រលាញ់លឿនពេក។
សិក្សាពីចិត្តរបស់អ្នកសិន ថាអ្នកបានធ្វើអ្វីខ្លះដើម្បីការស្រលាញ់របស់អ្នកហើយឬនៅ?
បើមិនទាន់មានអ្វីដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ទេ សូមកុំទាន់ពោលពាក្យស្រលាញ់ឲ្យសោះ។
ព្រោះថាកន្លងទៅមួយរយៈ អារម្មណ៍មួយនោះនឹងរលាយទៅ
ការស្រលាញ់ដែលមិនមែនជាស្នេហា នឹងមិនស្ថិតស្ថេរនោះទេ។

ស្នេហានឹងមិនធ្វើឲ្យអ្នកក្លាយជាមនុស្សអាត្មានិយមឡើយ តែធ្វើឲ្យអ្នកកាន់តែចង់ផ្តល់ឲ្យគ្រប់យ៉ាងទៅមនុស្សដែលអ្នកមានស្នេហាជាមួយ។

តែការស្រលាញ់ធម្មតាៗ នឹងប្រាប់ឲ្យអ្នកផ្តល់ឲ្យទៅមនុស្សម្នាក់នោះដោយការចង់បានមកវិញ ហើយបើថ្ងៃមួយអ្នកមិនទទួលបានអ្វីដែលអ្នកចង់បាន ការស្រលាញ់នឹងរលាយអស់ នោះហើយដែលមិនហៅថាស្នេហា…

កុំផ្តើមការស្រលាញ់បើគ្មានស្នេហា.

នាងមិនស្អាតព្រោះនាងជាប្រពន្ធ!

នាងមិនស្អាតព្រោះនាងជាប្រពន្ធ!
នាងល្ងង់ព្រោះនាងជាប្រពន្ធ!
ពេលដែលនាងលែងជាប្រពន្ធ
នាងនឹងស្អាត នាងនឹងឆ្លាត នាងនឹងពូកែ …!

អតីតស្វាមីនឹងអាចជាបុរសបរាជ័យ!
មុនពេលលែងដៃនារីម្នាក់ឱ្យចាកចេញពីផ្លូវជីវិតអ្នក
គិតមើលសិន! រកមូលហេតុដែលធ្វើឱ្យនាងផ្លាស់ប្តូរសិន!

ភាពជាភរិយានេះណា៎ វាពិបាកណាស់ដែលឱ្យមនុស្សស្រីមានភាពស្រស់ស្អាត ឡូយឆាយដូចកាលដែលនាងមិនទាន់រៀបការ ព្រោះពេលវេលាតុបតែងមុខរបស់នាងក្លាយជាពេលវេលាអ៊ុតសម្លៀកបំពាក់ឱ្យអ្នកទៅហើយ
ពេលវេលាចូលសាឡនរបស់នាងក្លាយជាពេលបោសជូត ដាំស្លឱ្យអ្នកទៅហើយ

នាងជាប្រពន្ធបានផ្លាស់ប្ដូរតាំងពីមិនទាន់ក្លាយទៅជាម្តាយ នាងស៊ូលះបង់ភាពស្រស់ស្អាត ឡូយឆាយ នាងអាចលះបង់មិនត្រឹមតែសម្រស់ សូម្បីការងារ និងក្តីស្រមៃក៏នាងលែងស្តាយដើម្បីតែងារជាភរិយា។
តែបើថ្ងៃមួយស្វាមីស្រលាញ់សង្សារជាងភរិយា…
ប្តីយកគេចុះ!

ពេលដែលនាងលែងដៃអ្នកហើយ ពេលដែលនាងមិនមានឈ្មោះជាភរិយាទៀត នាងនឹងអាចត្រឡប់ទៅរកភាពស្រស់ស្អាត ឡូយឆាយដូចពេលដែលគ្មានអ្នកនោះ គឺអ្នកបរាជ័យហើយ!
ជាស្វាមី មិនអាចផ្តល់ជីវភាពមួយឱ្យភរិយាដូចដែលនាងមិនទាន់រៀបការមិនអីទេ! តែគួរប៉ះប៉ូវដោយការបន្ថែមក្តីស្រលាញ់ និងភាពស្មោះត្រង់ ដើម្បីប្តូរនឹងការលះបង់របស់នាងវិញផង។
បន្ទុកគ្រួសារ ធ្ងន់ទម្ងន់ស្មើគ្នា ស្វាមីភរិយាគួរចេះយោគយល់
ពេលខ្លះការខ្លាចចិត្តគ្នាច្រើន មិនមែនមិនស្និទ្ធស្នាល តែជាការគោរព និងជាការរក្សាចំណងចិត្តឱ្យរឹងមាំទៅវិញទេ។
បុរសបរាជ័យក្នុងអត្ថបទនេះ នាងសូមហៅចំពោះតែបុរសដែលមិនស្មោះត្រង់ បោះបង់ភរិយាព្រោះតែនាងអស់សម្រស់ និងមិនឱ្យតម្លៃ ព្រោះតែនាងមិនអាចរកចំណូលតែប៉ុណ្ណោះ។

នាងខ្ញុំសូមការអនុគ្រោះពីបុរសល្អទាំងឡាយផង គោរពស្ញប់ស្ញែងណាស់ចំពោះបុរសមានភក្តីភាព និងផ្តល់តម្លៃដល់កិច្ចផ្ទះរបស់ភរិយា❤️
ជូនពរគូស្វាមីភរិយាទាំងអស់ស្រលាញ់គ្នាកាន់តែច្រើន
ជាពិសេសអ្នកកំពុងអន់ចិត្ត មានទំនាស់ ឆាប់ត្រូវគ្នាវិញទៅណា៎ ❤️

ដោយក្តីស្រលាញ់អំពីខ្ញុំ❤️

ពេលខ្លះអស់សង្ឃឹម

ពេលខ្លះអស់សង្ឃឹម មិនដឹងថាត្រូវរស់បែបនេះដល់ពេលណាទៀតទេ។

អារម្មណ៍ពេលខ្លះពិតជាទន់ជ្រាយណាស់។
ខ្ញុំឯកា! ខ្ញុំហេហាល! ខ្ញុំស្រាប់តែបន់ឲ្យមានមនុស្សម្នាក់ដែលចាំតែនៅទីនេះដើម្បីខ្ញុំ ជួយខ្ញុំគ្រប់បញ្ហា ស្តាប់គ្រប់អារម្មណ៍របស់ខ្ញុំ។

បើមានម្នាក់នោះមែនតើល្អណាស់មែនទេ?
ប្រហែលជាល្អហើយ! ចុះប្រសិនបើមិនមាន?

មិនមានក៏ហីទៅ! ខ្ញុំក៏នៅតែអាចរស់បាន
ខ្ញុំទន់ជ្រាយតែមួយភ្លែតទេ មនុស្សឯណាមិនចេះហត់?
ហត់ហើយគ្រាន់តែសម្រាកបន្តិច បើឯកា ក៏ទៅធ្វើអីដែលចិត្តចង់ធ្វើទៅ មិនពិបាកសោះគ្រាន់តែធ្វើឲ្យខ្លួនឯងសប្បាយចិត្ត គ្រាន់តែផ្តល់ស្នាមញញឹមមួយនៅលើមុខនេះ។

បើគ្មាននរណាស្រលាញ់ខ្ញុំ ខ្ញុំស្រលាញ់ខ្លួនឯងក៏បាន!

ខ្ញុំជឿថាមានតែសេចក្តីស្រលាញ់ចំពោះខ្លួនឯងទេ ទើបជាកម្លាំងចិត្តពិសេសឲ្យខ្លួនឯងខំដើរទៅមុខបាន ហើយក៏មានតែភាពជឿជាក់លើខ្លួនឯងដែរ ដែលធ្វើឲ្យខ្លួនឯងរឹងមាំ។

តាមពិតទៅខ្ញុំរឹងមាំណាស់ មិនដឹងថាហេតុអីសុខៗអស់សង្ឃឹម? តាមពិតខ្ញុំគួរតែសប្បាយ ព្រោះគិតៗទៅខ្ញុំបានធ្វើរឿងសមបំណងជាច្រើន គ្រាន់តែពេលខ្លះខ្ញុំភ្លេចរាប់ចូលការចងចាំតែប៉ុណ្ណឹង។
ឱ! នរណាខ្លះអាចធ្វើបានដូចជាខ្ញុំ?

ខ្ញុំ ពេលនេះមិនមែនតំណាងឲ្យអ្នកនិពន្ធរតនាទេ គឺជាអ្នកកំពុងអានទៅវិញទេ។
កុំអស់សង្ឃឹមណា៎ អ្នកពូកែណាស់! រឹងមាំបន្តទៀតណា៎ ❤️

អ្នកមើល និងអ្នកធ្វើ

អ្នកមើលនិងអ្នកធ្វើសុទ្ធតែអ្នកចេះដូចគ្នា ខុសគ្នាតែមួយទេ គឺអ្នកមើលមិនដែលខុស ហើយអ្នកធ្វើចាំតែខុសប៉ុណ្ណោះ។

មនុស្សមិនតិចនាក់ដែលចូលចិត្តឈរមើលសកម្មភាពអ្វីមួយហើយវិភាគរិះគន់ បង្អាប់ បង្អាក់សកម្មភាពមួយនោះដោយចេតនា និងអចេតនា។

កុំទៅគិតដល់ណាឆ្ងាយ! ត្រឹមតែការឈរមើលគេកាប់ដីធម្មតា គង់អីនឹងមានគំនិតបន្ទោសបង្អាប់ពីចម្ងាយ ឬទៅជិត ដោយចង្អុរបង្ហាញឱ្យគេទៅកាប់ពីជ្រុងនេះ ឬនោះមុន ឬកាន់ចបបែបនេះ ឬបែបណាមួយ ឬគំនិតប្លែកៗផ្សេងៗទៀត។

ភាសាសាមញ្ញដែលអ្នកកាប់ដីធម្មតាគួរឆ្លើយទៅអ្នកមើលទាំងនោះ ខ្ញុំល្ងង់មិនដឹង! ឬអ្នកសាកកាប់ឱ្យខ្ញុំមើលបានទេ?

ចម្លើយពីរនេះ ទីមួយចង់ប្រាប់ថា ល្ងង់មិនដឹងនោះមិនមែនមិនដឹងពីរបៀបកាប់ដីទេ តែល្ងង់មិនដឹងត្រូវទៅពន្យល់អ្នកល្ងង់ធ្វើចេះដោយវិធីណា ព្រោះបើអ្នកមិនបានធ្វើវា អ្នកមិនដឹងទេថាហេតុផលអ្វីខ្លះត្រូវឱ្យខ្ញុំទៅកាប់ដីដោយវិធីដែលមិនត្រូវចិត្តអ្នក។

អ្នកសាកកាប់ឱ្យខ្ញុំមើលបានទេ? អ្នកកាប់ដីមុខតែចង់ដឹងណាស់ថាអ្នកមើលម្នាក់នោះជំនាញប៉ុនណាបានជាវោហាស៍អស្ចារ្យដល់ម្លឹង? បើពូកែដូចវោហាស៍នោះសមនឹងថាលើកធ្វើជាគ្រូ តែបើពូកែត្រឹមតែវោហាស៍នោះសមនឹងថាខ្ចិលខ្វល់នាំខាតពេល។

ខុសឬត្រូវ តែងមានហេតុផលរបស់វា បើអ្នកមើលគិតថាខ្លួនពូកែចូរកុំប្រើទ្រឹស្តីនាំឱ្យប៉ះអារម្មណ៍អ្នកធ្វើ ពូកែធ្វើទៅ! ចូលរួមធ្វើ រួមខុស រួមត្រូវជាមួយគ្នាទើបហៅថាជួយចូកជួយចេវ កុំធ្វើជាអ្នកមើលមិនដែលខុសអី! កុំបានត្រឹមតែពូកែមើល ពូកែដឹង! កុំបានត្រឹមតែវិភាគហៃអើ ផ្តាំផ្ញើរអស់ហ្នឹង។ មិនគួរគោរពទេ! ចង់បានសមទ្ធិផលល្អពិត ត្រូវចូលរួមធ្វើទាំងអស់គ្នា!

តែបើគិតថាខ្លួនមិនពូកែទេ សមអីហៃអើចេះដឹងវោហាស៍ឱ្យរំខានចិត្តអ្នកធ្វើ? អ្នកធ្វើក៏ដូចគ្នា បើដាក់ចិត្តធ្វើហើយមានតែព្រមខុស មានកំហុសខ្លះគ្រាន់ជាងមិនបានធ្វើ កុំទៅអន់ចិត្តនឹងពាក្យមនុស្សដែលយល់បានត្រឹមតែបបូរមាត់នោះអី។

ក្រោមក្របពណ៌ផ្ទៃមេឃដ៏ស្រស់ស្អាត យើងនឹងបានឃើញការបើកទំព័រនៃសាច់រឿង លាតត្រដាងពី

ពេលដែលឮថា វិថីជីវិត ដែលបោះពុម្ពលើកទីពីរ នឹងចេញពីរោងពុម្ពឆាប់ៗនោះ ពិតជាគួរឲ្យរំភើបជំនួសអ្នកដែលមិនទាន់បានស្គាល់នាងតូច វីរីយ៉ា ខ្លាំងណាស់។ អ្នកនឹងស្មានមិនត្រូវឡើយថា នារីខ្លួនតូចតែមួយ តើមានមហិច្ចតាធំប៉ុណ្ណា? តើនាងម្នាក់នោះ នឹងឈានទៅដល់ការសម្រេចក្ដីប្រាថ្នារបស់ខ្លួន ដោយវិធីណា?

ក្រោមក្របពណ៌ផ្ទៃមេឃដ៏ស្រស់ស្អាត យើងនឹងបានឃើញការបើកទំព័រនៃសាច់រឿង លាតត្រដាងពីវត្ថុបំណងរបស់អ្នកនិពន្ធ តាមរយៈសម្រង់សម្ដីរបស់តួអង្គថា “គោលដៅរបស់ខ្ញុំ មិនត្រឹមតែជាមនុស្សស្រីដែលពូកែធ្វើការប៉ុណ្ណោះទេ ខ្ញុំត្រូវតែមានក្រុមហ៊ុនមួយជារបស់ខ្លួនឯង”។ សាច់រឿង បានចាប់ផ្ដើមចេញពីក្មេងស្រីបុគ្គលិកបម្រើការងារមួយ តែមានមហិច្ចតាខ្ពស់ ចង់មានក្រុមហ៊ុនផ្ទាល់ខ្លួន ដោយមិនព្រមចាប់អារម្មណ៍ពីរឿងផ្សេងឡើយ។

ជំហានឈានទៅរកគោលដៅក្លាយជាប្រធានក្រុមហ៊ុន របស់បុគ្គលិកស្រីនោះ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះឱកាសរបស់នាងតូចបានហុចឲ្យភ្លាមៗ តែត្រូវបានអ្នកនិពន្ធធ្វើការច្រានចោលសំណើរ ក្រោមហេតុផលថា “គួរតែចាំមួយឆ្នាំពីរទៀត តើល្អដែរទេ?” ។ យើងនឹងបានឃើញសារបង្កប់មួយ ដែលអ្នកនិពន្ធបានទម្លាក់ចូលទៅក្នុងសាច់រឿង ពោលគឺ “ចាប់ផ្ដើមថ្ងៃនេះ នឹងទទួលបានចំណេញមួយលានដុល្លា តែបើចាប់ផ្ដើមថ្ងៃស្អែក នឹងខាតអស់មួយលានដុល្លា។ សាកគិតថា បើយើងចាប់ផ្ដើមថ្ងៃនេះ នោះថ្ងៃស្អែកយើងពិតជាចំណេញបានពីរលានដុល្លា តើហេតុអ្វីត្រូវរង់ចាំ?”

ការរំពឹងដែលគិតថា រឿងនេះនឹងត្រូវចប់ ពេលដែលមហិច្ចតារបស់នាងតូច ទទួលបានជោគជ័យ។ តែខ្ញុំប្រហែលជាគិតខុសហើយ គឺខុសខ្លាំងទៀតផង ព្រោះខណៈពេលមួយដែលយើងកំពុងផ្ដោតសំខាន់លើការងារ យើងប្រាកដជាមិនបានគិតទេ ជីវិតរបស់យើង មិនមែនត្រូវការភាពជោគជ័យក្នុងការងារតែមួយមុខ។

បន្ទុកដ៏ធ្ងន់មួយ ដែលអ្នកនិពន្ធទម្លាក់ឲ្យតួអង្គសម្រេចចិត្តនោះគឺ តើភាពជោគជ័យដែលទទួលបានពីការងារ គឺជាសុភមង្គលពិតប្រាកដមែនឬទេ? ហេតុអ្វីបានជាពេលក្លាយជាប្រធានក្រុមហ៊ុនហើយ នាងបែរជាមិនអាចទទួលបានសុភមង្គលដូចអ្វីដែលនាងបានរំពឹងទុក?

អ្នកនិពន្ធមានរូបារម្មណ៍ខ្ពស់មែនទែន ទើបអាចទាញយករសជាតិកាហេ្វខ្មៅ និងកាហ្វេទឹកដោះគោទឹកកក មកធ្វើជាទំហៀបន័យឲ្យ ការងារ និងគូគាប់។ ញ៉ាំកាហ្វេខ្មៅរាល់ថ្ងៃ ហេតុអ្វីបានមិនសាកញ៉ាំកាហ្វេទឹកដោះគោទឹកកកម្ដង? ហេតុអ្វីបានជាជ្រើសយកកាហ្វេខ្មៅ ជាជម្រើសដំបូង? ហេតុអ្វីមិនជ្រើសយកកាហ្វេទឹកដោះគោទឹកកក?

សាមញ្ញៗ តែបង្កប់អត្ថន័យធំធេង សម្រាប់មនុស្សដែលមានមហិច្ចតាការងារខ្ពស់ ឲ្យសម្រេចចិត្តឡើងវិញថា តើភាពជោគជ័យក្នុងការងារ ពិតជាសុភមង្គលក្នុងជីវិតពិតមែនឬយ៉ាងណា? បើ១០ឆ្នាំទៀតជោគជ័យ ចាំ១០ឆ្នាំទៀតសឹមមានគូមិនបានទេមែនទេ? ខ្ញុំថាបានតើសម្រាប់មនុស្សប្រុស តែបើសម្រាប់មនុស្សស្រីវិញនោះ យើងប្រហែលជាត្រូវគិតឡើងវិញហើយ។

ខ្ញុំប្រកែកមិនបានឡើយថា វិថីជីវិត បានលាក់កំបាំងនូវ Quote ល្អៗច្រើនមែនទែន រហូតដល់ថ្នាក់ថា “រឿង វិថីជីវិត នេះមិនមែនគ្រាន់តែជាប្រលោមលោក”។ ត្រៀមហ្វឺត Highlight ឲ្យហើយណា ព្រោះលើសពីអ្វីដែលយើងរំពឹង យើងនឹងបានឃើញពីសារលើកទឹកចិត្តជាច្រើនឃ្លា ដែលអ្នកនិពន្ធបង្កប់នៅក្នុងខ្លឹមសារសាច់រឿង។

ខ្ញុំមិនកាន់ជើងអ្នកនិពន្ធទេ តែខ្ញុំសូម Recommend រឿងមួយនេះ ប្រសិនបើអ្នកនៅមិនទាន់រកឃើញថា សុភមង្គលក្នុងជីវិត គឺជាអ្វីឲ្យប្រាកដ។

#វិថីជីវិត
#អ្នកនិពន្ធរតនា
Review – ធឿន វុទ្ធី (អត្ថបទរក្សាសិទ្ធិ)