យល់សប្តិនាគរឹត

នាគខៀវរួមរឹត រឺតកាយស្ទើស្វិត ដោយកម្លាំងឆ្នើម
នាគរុំជុំប្រាណ តាំងពីចាប់ផ្តើម ស្ទើរអស់ដង្ហើម
មិនព្រមបន្ធូរ។

ខំរើបម្រាស់ តស៊ូមិនឈ្នះ នាគព័ន្ធរមូល
មិនហ៊ានសំងំ ខ្លាចនាគឃុំយូរ បែកញើសឡើងជូរ
ខំស៊ូនាគរុំ។

នាគខៀវអំណាច នេត្រាសែនកាច មិនព្រមលែងមុំ
នៅព័ទ្ធរមូល រួមរឺតកាយជុំ នាងភ័យដល់យំ
ភ្ញាក់ពីនិន្រ្ទា។

#កំណាព្យអ្នកនិពន្ធរតនា
១៩ កញ្ញា ២០១៩

ស្តាយដែលយឺតពេល

កាលថ្ងៃប្រលង រវល់សៅម៉ង មិនបានរាក់ទាក់

ត្រឹមលួចសម្លឹង សម្រស់វង់ភ័ក្រ       អារម្មណ៍ញ័រញាក់

ខ្វល់ស្រាយលំហាត់។

លេខតុឆ្លាស់គ្នា គ្រូរៀបពុំងារ អង្គុយក្បែរបាត់

ឃើញពៅឈ្ងោកៗ សរសេរស្ងាត់ៗ គុណគូរប្រយ័ត្ន

ស្រាយវិញ្ញាសារ។

រួមតុ២ថ្ងៃ ត្រឹមលួចមើលថ្លៃ មិនហ៊ានចរចា

ខំគ្រោងជាស្រេច សម្រេចស្តីហា ថ្ងៃបង្ហើយការ

សុំad facebook.។

ចៃដន្យអស្ចារ្យ ព្រោះវិញ្ញាសារ ឱ្យខ្ញុំជ្រោកមុខ

ស្របពេលស្រីមុំ សរសេរសម្រុក សូត្ររូបមន្តទុក

ដូចជួយខ្ញុំត្រាយ។

ប្រៀបដូចគេម៉ូ តឿនចិត្តបញ្ចូល នឹកឃើញក្បួនស្រាយ

ញាប់ដៃគិតគុណ រួចរាល់សំរាយ សម្លឹងរកកាយ

បាត់ពៅនួនល័ក្ខ។

ចប់អស់ប្រលង ខ្ញុំនៅសៅម៉ង ព្រោះនឹកវង់ភ័ក្រ

សម្លឹង​Facebook មិនបានadអ្នក សង្ឃឹមជួបជាក់

ថ្ងៃចេញលទ្ធផល។

ថ្ងៃដែលទន្ទឹង ប្រកាសដំណឹង ប្រលងមកដល់

បានឃើញស្ងួនភ្ញា លោតហ៊ោរច្របល់ ព្រោះកែវនិមល

ប្រលងជាប់ហើយ។

ឯខ្ញុំនៅស្មឹង មិនទាន់បានដឹង ជាប់ឬធ្លាក់ឡើយ

រកឃើញឈ្មោះជាប់ ខ្ញុំអរបានស្បើយ តែយឺតទៀតអើយ!

នាងចេញទៅបាត់។

យឺតលើកទីពីរ អារម្មណ៍វក់វី លួចឈឺស្ងាត់ៗ

ខំលួចលង់ចិត្ត លាក់ជាសម្ងាត់ ចុងក្រោយត្រូវកាត់

ចិត្តឬយ៉ាងណា?

កំណាព្យអ្នកនិពន្ធរតនា

២០ កញ្ញា ២០១៩

ថ្លែងស្នេហ៍អ្នកគ្រូបង្រៀន និងលោកទាហាន

ជាគ្រូបង្រៀន ឱ្យស្ម័គ្រទាហាន ក្រែងមិនសមចា៎
ដ្បិតតាំងពីតូច ម៉ាក់តែងប្រាប់ថា ទាហាននេះណា
គ្មានទេស្នេហ៍ស្មោះ។

ជាគ្រូបង្រៀន លទ្ធភាពខ្ញុំគ្មាន ធ្វើកាចបានសោះ
មិនដឹងធ្វើម្តេច ឱ្យគេខ្លាចនោះ បើគេហ៊ានលុះ
ទាញចិត្តប្តីរេ។

ជាគ្រូបង្រៀន ប្តីធ្វើទាហាន មិនចង់បានទេ
អ្នកអើយកុំប៉ង យកខ្ញុំមាសមេ ខ្លាចតែមានពេល
ទឹកភ្នែករហាម។

ឱ!លោកទាហាន ស្ម័គ្រគ្រូបង្រៀន មិនព្រមឈប់តាម
បើលោកនៅខំ ជំនះបម្រាម មិនស្តាប់ខ្ញុំហាម
ស្មោះបានប៉ុនណា?

ឱ!បងទាហាន ស្នេហ៍គ្រូបង្រៀន ត្រូវហ៊ានសន្យា
កុំធ្វើទាហាន ដូចពាក្យម៉ាក់ថា ត្រូវស្មោះស្នេហា
ទើបខ្ញុំព្រមស្ម័គ្រ។

#កំណាព្យអ្នកនិពន្ធរតនា
១៩ កញ្ញា ២០១៩

សាររំខាន

សារលោតក្រឡែតលើអេក្រង់ នេត្រាខំផ្ជង់អានសំណេរ
អក្សរមួយជួរផ្ញើពីគេ រៀបរាប់សរសេរថានឹកណាស់។

កំពុងធ្វើអីញ៉ាំបាយនៅ? សួរច្រើនពេកទៅចង់ឆ្ងល់ខ្លះ
ចង់ស្តីតែខ្លាចគេថាឆ្នាស់ តែធុញសួរផ្តាស់ឥតដឹងពេល។

រាល់ថ្ងៃដូចមិនចេះធ្វើអី តាមរំខានស្រីឥតទំនេរ
មួយថ្ងៃបីពេលផ្ញើតែសារ ចង់តែស្តីថាបណ្តេញទៅ។

សារលោតក្រឡែតលើអេក្រង់ ចិត្តមិនដែលចង់តបទេពៅ
ធុញពេកចង់Blockចោលឥឡូវ តែបើធ្វើទៅក្រែងមិនសម។

#កំណាព្យអ្នកនិពន្ធរតនា
១៦ កញ្ញា ២០១៩

មេឃភ្លៀងនឹកគេ

មេឃភ្លៀងយប់នេះហាក់នឹកគេ ស្រណោះម្ល៉េះទេធ្លាប់ឆ្លងឆ្លើយ
ខានជួបគ្នាយូរៗណាស់ហើយ មិនដឹងទេអើយគេសុខអត់?

អ្នកនៅខាងនេះមិនទាន់ភ្លេច នៅចាំជានិច្ចគ្រាកម្សត់
ឱបយំរៀបរាប់ដល់ភ្លេចហត់ ព្រមស៊ូរអំណត់ឱ្យស្នេហ៍រស់។

ជ្រុលដាក់ចិត្តហើយមិនចង់បែក បើទោះថ្ងៃស្អែកឈឺឥតលោះ
មិនចង់ឱ្យស្នេហ៍សល់តែឈ្មោះ តែត្រូវរបួសព្រោះខកចិត្ត។

គេចេះក្បត់ផិតមានស្នេហ៍ថ្មី គេលែងប្រណីលែងអាណិត
គេវក់ល្បែងស្នេហ៍លែងចេះគិត បោះចោលដួងចិត្តដែលស្មោះស។

ភ្ញាក់ខ្លួនម្តងៗតាមសុំទោស សុំលាងកំហុសដោយអង្វរ
អង្រួនបេះដូងសុំបន្ត បន្ទាប់មកក៏ស្មោះលែងសម។

គេក្បត់គេស្មោះគេថ្នមថែ ពង្វក់ឥតល្ហែបេះដូងខ្ញុំ
ទាំងស្អប់ស្រលាញ់នៅរួមផ្គុំ ឲ្យខ្ញុំសើចយំព្រោះស្នេហា។

បែកគ្នាយូរហើយនៅតែនឹក ថ្ងៃខ្លះរឭកឥតឧបមា
បើទោះគេបានក្បត់សាវា ក៏ចិត្តស្នេហាស្ម័គ្រមិនសូន្យ។

មេឃភ្លៀងយប់នេះឲ្យចិត្តហ៊ាន តែងកាព្យបំពានហែកបេះដូង
កណ្តាលអាធ្រាត្រងងឹតសូន្យ បង្ហោះកាព្យឃ្លោងរឭកស្នេហ៍។

#កំណាព្យអ្នកនិពន្ធរតនា

១២អាធ្រាត ១៤កញ្ញា២០១៩

ឆុតប្រពៃណី

មួយឆ្នាំស្លៀកបានតែពីរដង មិនគួររំលងឆុតប្រពៃ
កុំស្តាយអាវខើចសំពត់ខ្លី មិនខ្វះពេលស្រីតាមសម័យ។

បុណ្យចូលឆ្នាំខ្មែរនិងភ្ជុំបិណ្ឌ មួយឆ្នាំមានមិនប៉ុន្មានថ្ងៃ
កុំចោលបុរាណណាចរណៃ អាវប៉ាក់ហូលថ្លៃស្លៀកលើកយស។
#កំណាព្យអ្នកនិពន្ធរតនា

២៩ កញ្ញា ២០១៨

ធ្វើបុណ្យផ្សងគូ

ទៅវត្តធ្វើបុណ្យខំបន់ផ្សង បើមានគូគ្រងគូជីវិត
សូមឱ្យបានជួបតែស្នេហ៍ពិត អាចនៅរួមស្និទ្ធដល់ចាស់កាល។
ទៅវត្តធ្វើបុណ្យរាប់បាយបាត លាងចិត្តឱ្យស្អាតហើយប្រាថ្នា
ជាតិនេះបើមានគេស្នេហា ឱ្យបានដូចប៉ាស្នេហ៍ម៉ាក់ផង។

រាល់ថ្ងៃធ្វើបុណ្យសាងកុសល សង្ឃឹមបានផលស្រស់បំព្រង
រស់ក្នុងគ្រួសារមិនដែលល្អង បើមានស្នេហ៍ស្នងសូមកុំស្មុគ។
រាល់ថ្ងៃជីវៈភាពសែនសុខា ប្រសិនស្នេហាមកនាំទុក្ខ
កុំឡើយឱ្យខ្ញុំបានជួបមុខ សុំត្រឹមតែសុខបែបម្នាក់ឯង។

#កំណាព្យអ្នកនិពន្ធរតនា កំពុងហៅហ្វេនដុតហើយ 😅
#រូបថតម៉ាក់ប៉ា បិណ្ឌ១វត្តស្វាយមាស
១៤កញ្ញា២០១៩

កុំចេះតែគិតថាគេស្រលាញ់យើង!

កុំចេះតែគិតថាគេស្រលាញ់យើង!

លង់នឹងខ្លួនឯងពេក ទើបចេះតែគិតថាគេស្រលាញ់អ្នក
ដឹងទេ ភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ ទាំងអស់នោះមិនមែនធ្វើឡើងព្រោះតែចិត្តស្រលាញ់ក្នុងន័យស្នេហាតែម្យ៉ាងនោះទេ។

មនុស្សដែលមានចិត្តទូលាយ រមែងចូលចិត្តរាប់អានដើម្បីបង្កើនទំនាក់ទំនង គាត់មិនប្រកាន់ឋានៈយសសក្តិអ្វីឡើយ គាត់អាចរួសរាយបែបនេះដាក់មនុស្សគ្រប់គ្នា គ្រាន់តែអ្នកមិនដឹង!

មនុស្សដែលមានទឹកចិត្តល្អ គាត់តែងខ្វល់ខ្វាយ ចាំជួយដល់អ្នកដែលទន់ខ្សោយឬកំពុងត្រូវការជំនួយ។ ព្រោះតែគាត់ជាមនុស្សល្អទើបគាត់មិនដែលបង្ហាញថាគាត់មានវត្តមានចំពោះមនុស្សប៉ុន្មាននាក់ដែលមានវិបតិ្ត ក្នុងនោះរួមទាំងអ្នកផងដែរ នេះហើយដែលធ្វើឲ្យអ្នកវង្វេងថាគាត់ធ្វើសម្រាប់តែអ្នក។

ចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់អ្នកជាច្រើន ព្រោះតែគាត់ជាមនុស្សដែលគិតវិជ្ជមានច្រើន គាត់ងាយស្រួលក្នុងការជឿជាក់លើមនុស្ស ឬគាត់ជាមនុស្សមានសំណាងព្រោះគាត់ជួបតែមនុស្សដែលអាចទុកចិត្តបាន។
ដូច្នេះគាត់អាចពិភាក្សារឿងក្នុងចិត្តរបស់គាត់ជាមួយមនុស្សពីរបីនាក់។
ព្រោះអ្នកមិនដឹងថាគាត់បាននិយាយជាមួយអ្នកណាខ្លះ អ្នកក៏យល់ច្រលំថា មានតែអ្នកម្នាក់ឯងដែលអាចដឹងរឿងជាច្រើនរបស់គាត់ គាត់ប្រាប់អ្នកព្រោះតែគាត់ជឿជាក់
ព្រោះតែគាត់ស្រលាញ់អ្នក។

គាត់ប្រហែលជាស្រលាញ់ ចូលចិត្តអ្នកពិតមែន ទើបគាត់តែងតែធ្វើទង្វើទាំងនេះចំពោះអ្នក។
តែត្រូវចងចាំថា ការស្រលាញ់មិនមែនសម្រាប់ប្រើចំពោះតែសេចក្តីស្នេហានោះទេ។ ការស្រលាញ់មានច្រើនរូបរាងណាស់ នៅពេលដែលមនុស្សពីរនាក់មិនបាននិយាយគ្នាឲ្យបានច្បាស់លាស់ នឹងតែងតែមានមនុស្សខកបំណង។

ប្រសិនបើអ្នកខ្លាចជួបនូវការខកបំណង ចូរកុំលង់នឹងខ្លួនឯងពេក។ ចូរកុំបណ្តោយចិត្តឲ្យលិចលង់ក្នុងមនោសញ្ចេតនា
ត្រូវចាំថា ពាក្យស្រលាញ់ដែលគេខ្ជាក់មក អាចមិនមែនជាការស្រលាញ់ពិតផង។ ចុះទម្រាំកាយវិការដែលគ្មានពាក្យសម្តីអះអាង គួរសង្ឃឹមទេថាវាជាស្នេហា?

ស្នេហា គួរមានការបញ្ជាក់ទាំងពាក្យសម្តីផង និងទង្វើផង បើអ្នកបានទទួលបានតែមួយផ្នែក ចូរកុំកំសាកក្នុងការហ៊ានសួរ ត្រូវក្លាហានដើម្បីរំដោះខ្លួនឯងចេញពីពិភពវង្វេងនេះ។

រសជាតិពិសេសរបស់ខ្ញុំ

រសជាតិពិសេសរបស់ខ្ញុំគឺនៅពេលម៉ូតូខូច
ម្យ៉ាងដែរ! ជិះទៅមករាល់ថ្ងៃមិនដែលខូច មកខូចអីចំថ្ងៃហ្នឹង? ចុះខូចថ្ងៃណាទើបគួរ? ហិហិ…
មកពីគ្នាមិនដែលខូច ឲ្យគ្នាខូចមួយថ្ងៃទៅ! បណ្តើរម៉ូតូជារសជាតិមួយដែលមិនងាយជួបទេ 😁
ម៉ូតូខូចពេលនៅម្នាក់ឯង ជាបញ្ហាមួយ
ម៉ូតូខូចពេលកាបូបអត់មានលុយ កាន់តែជាបញ្ហាទៀតហើយ 🤣
សំខាន់ព្រលឹមម៉ោង៦ អត់លុយឲ្យគេ គេជេស្លាប់ហើយ 🤣🤣
តើខ្ញុំគួរធ្វើយ៉ាងណា?
ខឹង! មួម៉ៅ! ឆ្លេឆ្លា? រត់រកគេជួយ?

អត់ទេ!
ខ្ញុំរីករាយនិងខ្យល់ត្រជាក់ដែលធ្លាក់ចុះមក
ខ្ញុំបណ្តើរម៉ូតូទៅរកជាង ក្នុងចិត្តបានសួរម៉ូតូខ្ញុំថា
“ឈឺហើយមែនទេ? កូនសម្លាញ់ ❤️”
ពេលនេះអត់មានលុយក្នុងកាបូបទេ តើខ្ញុំគួរធ្វើយ៉ាងម៉េច?
តើនរណាអាចយកលុយមកឲ្យខ្ញុំបាន? តើខ្ញុំគួររំខាននរណាទេ?
ខ្ញុំគ្រាន់តែអត់មានលុយនៅក្នុងកាបូប តែខ្ញុំមានវានៅក្នុងគណនីផ្សេងៗដែលតើ។
សម័យបច្ចេកវិទ្យា មិនចាំបាច់ឲ្យខ្ញុំត្រូវតែរំខានមនុស្សដែលស្រលាញ់ខ្ញុំនោះទេ។
គ្រាន់តែទៅដកលុយពីគណនីនោះមក ក៏អាចដោះស្រាយបញ្ហារួចទៅហើយ។

អ្នកមិនអាចចេះតែរត់គេចពីបញ្ហា ឬរត់ចោលបរិយាកាសសាំញ៉ាំណាមួយ ដោយទម្លាក់ឲ្យនរណាម្នាក់មកទទួលរងជំនួសឡើយ។
គួរតែរៀនជួយខ្លួនឯង សាកល្បងធ្វើខ្លួនឯងសិនមុននឹងសម្រេចចិត្តផ្តល់ឱកាសឲ្យនរណាម្នាក់សម្តែងទឹកចិត្ត។
អ្វីដែលគួរធ្វើបន្ទាប់គឺ ធ្វើចិត្តឲ្យត្រជាក់ រកវិធីសម្របជាមួយបញ្ហា។
ចាត់ទុកថាប្តូរបរិយាកាសមួយថ្ងៃទៅចុះ
ម៉ោងដែលធ្លាប់តែអង្គុយក្នុងហាងញ៉ាំកាហ្វេ ដើម្បីសរសេរអត្ថបទ ប្រែជាម៉ោងអង្គុយក្នុងផ្ទះជាងម៉ូតូ សរសេរអត្ថបទទៅវិញ😁។
ខ្ញុំត្រូវអរគុណម៉ូតូខូច ដែលផ្តល់រសជាតិថ្មីឲ្យអត្ថបទខ្ញុំ និងបទពិសោធន៍ថ្មីមួយឲ្យខ្ញុំ។ ពិសេសគឺប្តូររសជាតិកាហ្វេឲ្យខ្ញុំបានមួយថ្ងៃដែរ។

ឃើញទេ? នេះហើយជាវិធីរស់នៅជាមួយបញ្ហា
កុំហត់នឿយ កុំដាក់សម្ពាធឲ្យខ្លួនឯងពេក
ត្រូវខំរស់ឲ្យសប្បាយជាមួយបញ្ហាដើម្បីបញ្ឈឺអ្នកដែលដាក់បញ្ហានេះមកលើអ្នក ❤️

គេសួរខ្ញុំថាពេលណាបានរៀបការ?

គេសួរខ្ញុំថាពេលណាបានរៀបការ?
គេប្រាប់ខ្ញុំថាកុំរើសពេកល្មមៗយកទៅ
គេបង្អាប់ខ្ញុំថាប្រយ័ត្នចាស់ទៀតគ្មានអ្នកយក
គេបន្លាចខ្ញុំថាប្រយ័ត្នចាស់ទៅត្រូវនៅម្នាក់ឯង

ពាក្យជាច្រើនងំៗក្នុងត្រចៀកមនុស្សខ្លួនមួយដូចខ្ញុំ មានទាំងសំណួរ មានទាំងការបន្លាច បង្អាប់ រិះគន់។
ពេលខ្លះគេប្រាប់ថាអាណិតខ្ញុំ ខ្ញុំសើចហួសចិត្តក្នុងពោះរួចក៏ចង់ប្រាប់គេវិញដែរថាខ្ញុំក៏អាណិតគេដូចគ្នា។
ធុញទ្រាន់ណាស់ដែរ ហត់ណាស់ដែរ ដែលត្រូវរស់ក្នុងគំនាបសង្គមបុរាណនិយម មនុស្សស្រីគួររៀបការកាន់តែឆាប់កាន់តែល្អ មនុស្សស្រីមិនគួររៀបការម្តងហើយម្តងទៀត។

មនុស្សស្រីអើយ! តើមានប៉ុន្មាននាក់ដែលពេញចិត្តនឹងការដើរតាមគន្លងចាស់បែបនេះ? ហេតុអីអ្នកគិតថាកើតមកជាស្រីគឺបែបនេះហើយ?
ហេតុអីអ្នកមិនគិតថាស្រីក៏ជាមនុស្សដែរ? ហេតុអីចាំបាច់បែងចែកប្រុសនិងស្រី?
ហេតុអីអ្នកមិនមើលឃើញមនុស្សស្រីក្នុងប្រទេសដ៏ទៃដែលគេមានសំណាងជាង?

បើគិតបែបហ្នឹងហេតុអីមិនទៅរស់នៅស្រុកគេទៅ?
ខ្ញុំមិនទៅ! ខ្ញុំស្រលាញ់ប្រទេសខ្ញុំ ហើយខ្ញុំចង់ឲ្យមនុស្សស្រីក្នុងប្រទេសខ្ញុំក៏មានសំណាងដូចមនុស្សស្រីប្រទេសដទៃដែរ។
ហេតុអីក៏មនុស្សស្រីធំឡើងត្រូវតែរៀបការ? ហេតុអីក៏មនុស្សស្រីត្រូវតែលះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីស្វាមី ឬគ្រួសារ?
មនុស្សស្រីមិនអាចទទួលយុត្តិធម៍បានទេ?

ខ្ញុំមិនមែនកំពុងធ្វើការប្រឆាំងនឹងការរៀបការនោះទេ។ តែខ្ញុំមានការយល់ឃើញមួយផ្សេងពីគេ តែខ្ញុំជឿថាមនុស្សស្រីមួយចំនូននឹងគាំទ្រការយល់ឃើញរបស់ខ្ញុំ។
ខ្ញុំឆ្លើយមិនបានថាពេលណាទើបខ្ញុំរៀបការ ព្រោះខ្ញុំមិនដឹងថាតើខ្ញុំនឹងជួបមនុស្សអាចឲ្យរៀបការជាមួយបានឬអត់ទេ។
ខ្ញុំមិនរើសរកបុរសដែលល្អឥតខ្ចោះដើម្បីមករៀបការជាមួយនោះទេ ខ្ញុំគ្រាន់តែត្រូវការបុរសម្នាក់អាចរួមផ្លូវដើរជាមួយខ្ញុំបាន ទាំងផ្លូវ Highway ផ្លូវបេតុង និងផ្លូវដែលពោលពេញទៅដោយបន្លានិងដែកគោ។ ព្រោះខ្ញុំជឿថាជីវិតក្រោយអាពាហ៍ពិពាហ៍និងមិនងាយស្រួលដូចជីវិតខ្លួនមួយទេ។
ខ្ញុំស្មើចិត្តនឹងការបង្អាប់ថា ប្រយ័ត្នចាស់ទៀតគ្មានអ្នកយក។ បើដឹងថាបុរសនោះស្រលាញ់ព្រោះតែរូបខាងក្រៅ តើគួរតែស៊ូការទាំងក្មេងជាមួយគាត់ទេ? ចុះអនាគតទៅយើងមិនចាស់ទេអី បើខំការទាំងក្មេងបែបនេះ? ហើយបើការហើយក៏នៅតែចាស់ មានគិតខ្លះទេថាគាត់គង់តែទៅរកស្រីក្មេងៗទៀតដដែល?
យ៉ាងណាបុរសដែលមិនរើសរូបសម្ផស្សគង់តែមាន ហើយបើគង់តែមាន ហើយបើខ្ញុំមានសំណាងជូបនោះ ទោះជួបពេលណាក៏មិនយឺតពេលដែរ។

ឬបើមិនជួបទេចាស់ទៅត្រូវនៅម្នាក់ឯង? ការបន្លាចដែលមិនគួរឲ្យព្រឺសម្បុរសោះ។
នៅម្នាក់ឯងមួយជីវិតវាពិតជាគួរអោយខ្លាចណាស់ តែនៅម្នាក់ឯងមួយជីវិតរឺអត់នោះ ខ្ញុំជឿថាមិនមែនមកពីមានមង្គលការឬអត់នោះទេ។ វាសនាបានចារមកហើយថាជីវិតចុងក្រោយរបស់អ្នកនឹងក្លាយជាបែបណា។
គ្មានអ្នកណាទាយដឹងមុនថាជីវិតគូអាចរស់ជុំគ្នាបានយូរប៉ុនណានោះទេ គ្មានអ្នកណាទៅដឹងមុនថាបុត្ររបស់អ្នកនឹងកំដរអ្នកដល់ថ្ងៃចុងក្រោយរបស់អ្នកបានឬអត់នោះទេ។
ពេលខ្លះមនុស្សដែលស្រលាញ់នឹងកំដរអ្នក នៅជីវិតចុងក្រោយអាចមិនមែនជាសមាជិកគ្រួសាររបស់អ្នកទេ។

មនុស្សមានខ្សែរជីវិតរៀងៗខ្លួន
បើអ្នកកំពុងតែសុខនិងជីវិតគូរបស់អ្នកហើយក៏ខំថែបន្តទៀតទៅក្រែងវាមិនបានសុខដល់ស្អែក
ហើយបើកំពុងតែរកាំរកុះក៏ខំកែរកុនអោយល្អទៅក្រែងបានសុខដូចពីមុនមកវិញ។
មនុស្សនៅម្នាក់ឯងមិនមែនមិនត្រូវការគូ តែគ្រាន់តែមិនទាន់ដល់ពេល ឬមិនមានពេលនោះ…។
យ៉ាងណា មានគូរឺអត់គូ មនុស្សគ្រប់គ្នាសុទ្ធតែសង្ឃឹមបានសុខ។ សុខរបស់អ្នកមានគូប្រហែលបានមកពីដៃគូរបស់គាត់ តែសុខរបស់អ្នកគ្មានគូបានមកតែពីសមិទ្ធិផលរបស់គាត់ខ្លួនឯង។
សេចក្តីសុខងាយនិយាយ ងាយមើលឃើញ តែពិបាករក្សាណាស់ដែរ ត្រូវការឲ្យខំរៀងខ្លួនដើម្បីរក្សាសេចក្តីសុខនោះឲ្យនៅជាមួយខ្លួនបានយូរ។

ដូច្នេះគួរតែខំរក្សាសេចក្តីសុខរៀងៗខ្លួនទៅ អ្នកដទៃគេចេះគិតគូរពីអនាគត និងជីវិតរបស់គេហើយ។

អរគុណចំពោះការអាន
អរគុណចំពោះការពេញចិត្ត និងមិនពេញចិត្ត។

ជ័រលុបវេទមន្ត

បើក្នុងលោកនេះមានជ័រលុបវេទមន្តអាចលុបកំហុសរបស់យើងបាន ម្ល៉េះវេចនានុក្រមក៏អត់មានពាក្យថាវិប្បដិសារីដែរ។
ព្រោះតែច្បាស់ណាស់ថាគ្មានជ័រលុបវេទមន្តនោះទេ ដូច្នេះមុនធ្វើអីគិតសិន ពិចារណាសិន មិនសមធ្វើកុំធ្វើអី។

រឿងខ្លះវាសមនឹងធ្វើតែក្នុងហេតុផលតិចតួច តែបើគិតដល់ថ្ងៃមុខវាអាចនឹងក្លាយជាកំហុសធំមួយដែលមិនគួរណាអ្នកបានធ្វើរឿងនោះទេ ទាំងនោះមិនមានអីក្រៅពីរឿងសងសឹកនោះឡើយ។
ខឹងគេ! ស្អប់គេ! ចង់សងចិត្តអាក្រក់ដែលគេបានឱ្យនោះទៅគេវិញ។ ថ្ងៃនេះអ្នកបានធ្វើ អ្នកសប្បាយចិត្តព្រោះគេបានទទួលអ្វីដែលអ្នកចង់ឱ្យគេទទួលបាន។ តែថ្ងៃខែដើរទៅហួសបាត់ពេលសប្បាយមួយគ្រានេះ អ្នកក៏ស្រាប់តែគិតដល់ថារឿងនោះជាកំហុសសោះ តែអ្នកបានធ្វើរួចហើយវាក្លាយជាការចងចាំ វាក្លាយជាវិប្បដិសារី អាចកែប្រែអីបាន? មានតែខូចចិត្តនឹងកំហុសខ្លួនឯង។

គិតសិន! មុនធ្វើអ្វីមួយចំពោះអ្នកដទៃ រឿងខ្លះលើកលែងបានក៏លើកលែងទៅ លើកលែងមិនបានក៏គ្រាន់តែដើរចៀសហើយឈប់រាប់គ្នា កុំនៅក្នុងទីដែលជះភាពអាក្រក់ដល់ហត់ហើយក៏កើតវិប្បដិសារីតាមក្រោយ។

ឈ្នះចាញ់មិនបានធ្វើឱ្យចិត្តអ្នកសុខទេ ដើរចេញកាត់ចិត្តឈប់ខ្វល់ទើបចិត្តបានសុខជា។

#អត្ថបទអ្នកនិពន្ធរតនា

ព្រោះតែភាពសក្តិសម

ព្រោះតែភាពសក្តិសមតម្រូវឲ្យនាងពាក់ស្បែកជើងកែងជាប្រចាំ
ដើម្បីតែភាពសក្តិសមដឹងទេថាជើងនាងហត់នឿយប៉ុនណា?
ប៉ុន្មានដងដែលនាងតែងតែចង់ប្តូរមកពាក់ស្បែកជើងរត់?
គ្មាននរណាដឹង! ព្រោះនាងព្រមហត់ដើម្បីភាពសក្តិសម។
អ្នកដែលយល់ពីការពិតនឹងគិតថានាងល្ងង់
តែអ្នកដែលស្ថិតនៅក្នុងការពិតដូចនាងអាចនឹងព្រមធ្វើល្ងង់ជាងនាងទៀតផង។

ចូរកុំតាំងខ្លួនជាអ្នកជំនាញវិនិច្ឆ័យលើជម្រើសរបស់អ្នកដទៃ
បើទោះជាអ្នកធ្លាប់ជួបរឿងដូចគ្នា តែមិនប្រាកដថា កាលៈទេសៈ សម័យកាល មជ្ឈដ្ឋានដូចគ្នានោះទេ។