ស្នេហាគ្រាន់តែជាកាតព្វកិច្ចមួយតែប៉ុណ្ណោះ

មួយជីវិតរបស់មនុស្សម្នាក់ៗមិនដឹងថាមានរយៈពេលយូរប៉ុនណាទេ។

គ្រាន់តែដឹងថាមនុស្សម្នាក់ៗកើតមកភ្លាមគឺមានកាតព្វកិច្ចរួចទៅហើយ។

កាតព្វកិច្ចតួរនាទីនៅក្នុងគ្រួសារ ជាកូន ជាប្អូន ជាក្មួយ ជាចៅ។ ទាំងនេះហើយជានាមហៅរបស់អ្នកដែលជំពាក់គុណ។ ហើយតួនាទីរបស់អ្នកត្រូវសងគុណដល់មនុស្សដែលហៅអ្នកដោយនាមទាំងនោះ។

កាតព្វកិច្ចជីវភាពដែលមនុស្សគ្រប់រូបតែងខ្វាយខ្វល់ទោះជាអ្នកនោះកំពុងតែមានជីវភាពល្អរួចហើយក៏ដោយ។

ដើម្បីតែក្តីស្រមៃ និងភាពថ្កុំថ្កើន ធ្វើអោយអ្នកភ្លេចក្រុមគ្រួសារ ឬស្ទើរតែភ្លេចខ្លួនឯង។ ព្រោះតែដូច្នេះហើយទើបមានមនុស្សធ្វើការដល់គ្មានពេលវេលាគ្រប់គ្រានឲ្យគ្រួសារ ឬធ្វើការដល់ធ្លាក់ខ្លួនឈឺ។

កាតព្វកិច្ចបេះដូងគឺជាអ្វីដែលមនុស្សភាគច្រើនចាប់អារម្មណ៍បំផុត។ ស្នេហាបើនិយាយឲ្យខ្លីគឺផ្អែមណាស់ តែបើគិតឲ្យវែងគឺល្វីងជូរចត់ ហើយក៏ពិសពុលណាស់ដែរ។

បើអ្នកបំពេញកាតព្វកិច្ចបេះដូងមិនបានល្អ អ្នកនឹងទទួលបានថ្នាំពុលកម្រិតខ្លាំងបំផុតភ្លាម។

ព្រោះតែភាពលិចលង់ក្នុងស្នេហាខ្លាំងពេក នៅពេលដែលបាត់បង់វា អាចធ្វើឲ្យអ្នកបាក់ទឹកចិត្តភ្លេចការបំពេញកាតព្វកិច្ចផ្សេងៗទៀត។

សូមចាំថាស្នេហាគ្រាន់តែជាកាតព្វកិច្ចមួយតែប៉ុណ្ណោះ ស្នេហាមិនមែនជាជីវិតឡើយ ស្នេហាបាត់បង់ហើយតែដង្ហើមអ្នកនៅតែមាន។ ការងាររបស់អ្នកធ្វើមិនទាន់ចប់ទេ អ្នកមិនទាន់ដើរទៅដល់ជីវភាពក្នុងក្តីស្រមៃរបស់អ្នកនៅឡើយទេ។ ហើយក៏នៅមានមនុស្សជាច្រើនដែលជាម្ចាស់បំណុលគុណរបស់អ្នក សងគុណពួកគាត់ឲ្យហើយសិន ហើយអ្នកទៅណាក៏ទៅច៎ុះ។

រម្ងាប់អារម្មណ៍ហើយទទួលយកអ្វីដែលកំពុងជួប

សារពាង្គកាយរបស់មនុស្សត្រូវការ ជីវជាតិគ្រប់សព្វដើម្បីទ្រទ្រង់ បើខ្វះជាតិណាមួយ អ្នកនឹងឈឺមិនខាន។

មិនចេះញ៉ាំបន្លែ មិនបាច់ញ៉ាំបន្លែក៏បានតែត្រូវញ៉ាំថ្នាំវីតាមីនជាតិបន្លែ។ ព្រោះតែរាងកាយត្រូវការបន្លែនិងសាច់ មិនចេះញ៉ាំសាច់ក៏ត្រូវញ៉ាំសុត មិនចង់ញ៉ាំសុតក៏ត្រូវញ៉ាំទឹកដោះគោ

ហើយជម្រើសចុងក្រោយគឺនៅតែជាថ្នាំវីតាមីន។

ទាំងនេះជាជីវជាតិរបស់រាងកាយ ចុះអ្វីទៅជាជីវជាតិរបស់ជីវិត?

ជួបរឿងសប្បាយអ្នកក៏សើច បានរស់នៅស្រណុកស្រួលអ្នកក៏មានក្តីសុខ វាប្រៀបដូចជារាងកាយដែលកំពុងញ៉ាំអាហារឆ្ងាញ់។

តែនៅពេលដែលជួបរឿងពិបាកកាយ វេទនាផ្លូវចិត្ត អារម្មណ៍ អ្នកអាចស្រមៃដល់ក្មេងតូចដែលត្រូវបង្ខំឲ្យញ៉ាំ បន្លែ ឬច្រលំខាំម្ទេស គឺមិនខុសគ្នាទេ។ បើមិនខ្សឹកខ្សួល ក៏ស្រែកយំមួយទំហឹងដែរ ក្មេងគួរឲ្យស្រលាញ់ខ្លះចេះនៅរអ៊ូទៀតផង។

គិតមកដល់ខ្លួនឯងវិញ សេចក្តីសុខ វាជាវីតាមីនតែមួយផ្នែកទេ បើចង់ឲ្យជីវិតទៅមុខបានទាល់តែព្រមទទួលគ្រប់ជីវជាតិ សុខនិងទុក្ខ លំបាកស្រណុក សើចផង យំផង ទើបជីវិតមានន័យ។

មិនថា ឧបសគ្គឬជោគជ័យ គ្រប់យ៉ាងសុទ្ធតែមានលើកទីមួយ ទើបតែជួប វានឹងពិបាកគ្រប់គ្រងអារម្មណ៍បន្តិច តែបើមានលើកទីពីរ នឹងមានការត្រៀមទុកហើយ។ កុំរំជួលចិត្តខ្លាំងពេក រម្ងាប់អារម្មណ៍ហើយទទួលយកអ្វីដែលកំពុងជួប រឹងមាំដើម្បីឆ្លងកាត់វាទៅរករសជាតិថ្មី។

ខ្ញុំភ្ញាក់ខ្លួនដូចគេទះ3ដៃ

អនុស្សាវរីយ៍៣៤ឆ្នាំ

“ចង់សូនជីវិតមួយដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល អ្នកគប្បីរៀនបំភ្លេចរឿងដែលមិនសប្បាយចិត្ត ហើយរក្សាការចងចាំល្អៗ។ ” អានដល់ចំណុចនេះខ្ញុំភ្ញាក់ខ្លួនដូចគេទះ3ដៃ។ ខ្ញុំ តែងតែស្ញប់ស្ញែងជីវិតគេដែលរីករាយ និងជោគជ័យ  ហើយតែងសោកសៅពេលអានសៀវភៅបងៗសរសេរពីជីវិតគាត់។ ជីវិតពួកគាត់ ហាក់បីដូចជាពិបាក  ក្រោយមកក៏ជោគជ័យ ខ្ញុំក៏លួចយំសម្រក់ទឹកភ្នែកជាច្រើន មិនមែនយំច្រណែនទេ ប៉ុន្តែ យំអាណិតខ្លួនឯងដែលជួប

រឿងយ៉ាប់ៗមិនចេះចប់មិនចេះហើយច្រើនជាងអ្វីដែលពួកគាត់បានជួប ទាំងដែលខ្លួនឯងអាយុទើបត្រឹមប៉ុណ្ណឹងសោះ។ អរគុណច្រើន ដល់បងស្រីស្អាត អ្នកនិពន្ធ រតនា  ដែលតាក់តែងកំណត់ហេតុនេះឡើង ធ្វើ ឲ្យ ខ្ញុំ ខំគិតស្រមៃដល់រឿង

រ៉ាវល្អៗ  កាលពីខ្ញុំនៅតូច។ គិតចុះឡើងទើបនឹកឃើញថាខ្ញុំក៏មានរឿងល្អខ្លះដែរ  ត្បិតដល់ធំពេញវ័យជួបទុក្ខសោកច្រើន ក៏អាចឃើញចំណុចល្អគួរចងចាំ  និងមនុស្សល្អៗគួររក្សាក៏ច្រើនគួសម។ ខ្ញុំ សរសេរ ច្រើននេះមិនប្រាថ្នាឲ្យនរណាអានទេ  គ្រាន់តែ ចង់ទុកជាការចងចាំ និងរំលឹករៀងរាល់ឆ្នាំតាមរយៈហ្វេសបុកនេះប៉ុណ្ណោះ។ ខាងក្រោម នេះជាឃ្លាដែលខ្ញុំចូលចិត្តអានច្រើនដង÷

រឿងល្អៗដែលធ្វើឲ្យអ្នកសើចអាចមានមិនច្រើនដូចរឿងដែលធ្វើឲ្យអ្នកយំនោះទេ។ កម្រទើបមានតម្លៃ!

លាដៃលែងចិត្តឲ្យរឿងអាក្រក់ៗវាទៅតាមសម្រួលទទួលយកតែរឿងល្អៗមកធ្វើជាការចងចាំក្នុងជីវិត។

រឿងមិនល្អ មិនសប្បាយចិត្តរំឮកធ្វើអី?

Reviews សៀវភៅ “អនុស្សាវរីយ៍ ៣៤ ឆ្នាំ”
ស្នាដៃនិពន្ធ អ្នកនិពន្ធរតនា

ពេលខ្លះក៏ឆ្ងល់បងស្រី រតនា ដែរ។ ហេតុអីសៀវភៅរបស់បងនីមួយៗធ្វើឱ្យប្អូនស្រីម្នាក់នេះជ្រួលជ្រើមខ្លាំងម្លេះ ហើយក៏លង់ស្រឡាញ់ដកចិត្តមិនរួចទៀត នេះជាស្នាដៃនិពន្ធទី២ របស់បងដែលធ្វើឱ្យចិត្តរបស់ខ្ញុំរង្គោះរង្គើនៅមិនសុខ នៅពេលឃើញគេបានកាន់សៀវភៅរាងតូចច្រឡឹងពណ៌សមួយនេះ ( ដំបូងច្របូកច្របល់ចង់ស្លរឈាម )។

តូចតែខ្លឹម អរគុណបងស្រីសម្រាប់កំណត់ហេតុមួយដ៏ស្រស់ស្អាតបែបនេះ កំណត់ត្រាជីវិតមួយដែលតាក់តែងឡើងមកពីការចងចាំល្អៗ របស់ក្មេងស្រីម្នាក់តាំងតែពីតូចរហូតដល់ធំ។

អរគុណដែលនាំអារម្មណ៍ប្អូនស្រីម្នាក់នេះឱ្យធ្លាក់ចូលទៅកាន់អតីតកាលមួយជាមួយបងដោយតាមរយៈសៀវភៅដ៏តូចច្រឡឹងមួយនេះ ចាប់អានញញឹមតាំងពីសន្លឹកទំព័រដំបូង កំណត់ហេតុមួយដែលមានតែរឿងសប្បាយ រីករាយ មានអនុស្សារីយ៍ និងមានតែជាការចងចាំល្អៗសម្រាប់ជីវិតមនុស្សស្រីម្នាក់។

អានហើយពេលខ្លះក៏នឹកច្រណែននឹងបងស្រីដែរ ជាពិសេសទំព័រទី២៨ បងមិនត្រឹមតែធ្វើឱ្យខ្ញុំច្រណែនទេ ថែមទាំងទៅអន្ទងទឹកភ្នែករបស់ខ្ញុំឱ្យស្រក់ចុះមកទៀត បងសំណាងណាស់ដែលមានបងស្រីដែលគួរឱ្យស្រឡាញ់បែបនោះ។

ពាក្យមួយឃ្លាដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍គឺ “អ្វីដែលយើងគួរធ្វើ គឺរក្សាការចងចាំល្អៗ” នឹងមានចំណុចមួយទៀតគឺ “អនុស្សាវរីយ៍! គឺជាការចងចាំមួយ ការចងចាំ! វាគួរតែជារឿងល្អៗ គួរតែជារឿងដែលធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។ រឿងមិនល្អ មិនសប្បាយចិត្តរំឮកធ្វើអី?” ។ មែនថាទៅជីវិតរបស់មនុស្សយើងម្នាក់ៗមានគ្រប់បែបផែន មានគ្រប់រសជាតិ ហើយក៏មានទាំងរឿងអាក្រក់ៗនិងរឿងល្អៗចូលមកក្នុងជីវិតរបស់យើងផងដែរ។

ប៉ុន្ដែសម្រេចលើយើងទេតើ ថាចង់រក្សារឿងអាក្រក់ ឬក៏ចង់រក្សាទុករឿងល្អៗ។ ខ្ញុំចាំបានថាកាលពីខ្ញុំរៀនថ្នាក់ទី៨ គឺខ្ញុំចាប់ផ្ដើមរៀនចេះសរសេរកំណត់ហេតុ ប្រចាំថ្ងៃរបស់ខ្ញុំ និងសរសេររហូតមកដល់បច្ចុប្បន្ននេះ កំណត់ហេតុមួយដែលខ្ញុំបានដាក់ងារវាថា កំណត់ហេតុជីវិត និងមួយទៀត កម្រងអនុស្សាវរីយ៍។

ក្នុងសៀវភៅកំណត់ហេតុជីវិតរបស់ខ្ញុំ មានវត្តមានឈ្មោះមិត្តភក្ដិរបស់ខ្ញុំ និងទឹកដៃសរសេរអក្សររបស់ពួកគេក៏បានចារទុកក្នុងសៀវភៅកំណត់ហេតុជីវិតរបស់ខ្ញុំផងដែរ។

លើសពីនេះឈ្មោះនិងប្រវិត្តរូបសង្ខេបរបស់ខ្ញុំក៏មាននៅលើកំណត់ហេតុរបស់មិត្តខ្ញុំម្នាក់ដែរ អរគុណ!កាលនោះដែលគេបានអនុញ្ញាតឱ្យខ្ញុំបានសរសេរនៅលើកំណត់ហេតុមួយនោះ ។

ពេលនេះខ្ញុំក៏កាន់តែរំភើបពេលដែលខ្ញុំបានអានដល់ទំព័រទី៦៩ នៃសៀវភៅ “អនុស្សារីយ៍ ៣៤ ឆ្នាំ” របស់បងស្រីអ្នកនិពន្ធរតនា រំភើបខ្លាំង ខ្លាំងរហូតខំប្រឹងអានទាំងអួលដើមក ហើយក៏មិននឹកស្មានដល់សៀវភៅដ៏តូចច្រឡឹងមួយនេះមានវត្តមាន ពណ៌ខ្មៅ ដែលជានាមមួយដែលខ្ញុំស្រឡាញ់និងប្រើជំនួសឈ្មោះរបស់ខ្ញុំ។

ខ្ញុំមិននឹកស្មានដល់ថា ខ្ញុំនឹងមានវត្តមាននៅលើកូនសៀវភៅពណ៌សមួយនេះទេ នេះជាលើកទី២ហើយដែលខ្ញុំមានឈ្មោះនៅក្នុងកំណត់ហេតុម្ដងទៀត។ ប៉ុន្ដែជាលើកទី១ ដែលមានផ្ទាំងគំនូររបស់ខ្ញុំនៅលើកំណត់ហេតុរបស់អ្នកនិពន្ធ ( និយាយតាមត្រង់ចុះបេះដូងលោតបុករណ្ដំគ្នាខ្លាំងណាស់ចា៎ ហើយក៏បេះដូងហោះហើរតាំងពីសៀវភៅមួយនេះមិនទាន់លេចចេញជារូបរាងផងដែរ )។

ខ្ញុំដឹងថាកំណត់ហេតុដ៏តូចមួយនេះ អ្នកនិពន្ធមិនត្រឹមតែបង្កើតឡើងដើម្បីតែចងក្រងការចង់ចាំល្អៗរបស់គាត់នោះទេ។ អ្នកអានហើយអ្នកឃើញទេ សន្លឹកទំនេរចន្លោះទុកនោះ អេ៎! គឺទុកឱ្យអ្នកដែលបានអានរួចហើយចូលរួមសរសេរកំណត់ហេតុជាមួយគាត់និងណា អនុស្សារីយ៍ទាំងឡាយដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក សរសេរចូលទៅណា៎។

បងស្រី រតនា ជាអ្នកនិពន្ធម្នាក់ដែលបាននិពន្ធខ្សែរឿងជាច្រើន រឿងមួយដែលបានផុសចេញរូបរាងរួចមកហើយគឺ សៀវភៅពណ៌ផ្ទៃមេឃដែលមានរូបស្បែកជើងកែងចោតមួយ សៀវភៅមួយនោះគឺ “វិថីជីវិត” រួមទាំងជាអ្នកនិពន្ធអំពីខ្សែជីវិតរបស់គាត់ផងដែរ តួយ៉ាងដូចនៅក្នុងសៀវភៅ “អនុស្សាវរីយ៍ ៣៤ ឆ្នាំ” នេះ។ ហើយខ្ញុំ and you ក៏ជាអ្នកនិពន្ធផងដែរគឺជាអ្នកនិពន្ធពីជីវិតរបស់យើងរៀងៗខ្លួនហ្នឹងណា ។

ខ្ញុំនឹងស្រង់យកពីសៀវភៅកំណត់ហេតុដែលជាការចងចាំល្អៗរបស់ខ្ញុំមកចារទុកនៅក្នុងសៀវភៅដ៏តូចច្រឡឹងមួយនេះរួមជាមួយបងស្រី អ្នកនិពន្ធរតនា ផងដែរ។ you ចាំកាលទៀតចាប់ប៉ាកការបស់ you ហើយសរសេរទៅ ( យ៉ាងហោចណាស់ក៏យើងបាននិពន្ធរួមជាមួបងរតនាដែរណ៎ )។

Note: សៀវភៅពណ៌សដ៏តូចច្រឡឹងមួយនេះខ្ញុំទទួលបានមកជាអំណោយ ខ្ញុំនឹងមើលថែឱ្យបានល្អ ពេលដែលអានចប់ពេលណានឹងចែករំលែកទៅកាន់អ្នកឯទៀត ប៉ុន្ដែការចែករំលែករបស់ខ្ញុំសម្រាប់តែអ្នកដែល ចេះមើលថែ ស្គាល់និងឱ្យតម្លៃពីសៀវភៅមួយនេះតែប៉ុណ្ណោះ។

មិនសូវចេះ Reviews ទេណាបង

ដោយក្ដីគោរពស្រឡាឡាញ់ពីប្អូនស្រី: ពណ៌ខ្មៅ
រូបភាព: សៀវភៅ “អនុស្សាវរីយ៍ ៣៤ ឆ្នាំ”
និពន្ធដោយ: អ្នកនិពន្ធ រតនា

ខ្ញុំគ្រាន់តែជាក្មេងស្រីសាមញ្ញម្នាក់

ខ្ញុំគ្រាន់តែជាក្មេងស្រីសាមញ្ញម្នាក់ដែលរស់នៅក្នុងគ្រួសារកសិករ នៅក្នុងខេត្តកំពត គ្រួសាររបស់ខ្ញុំមិនមែនជាអ្នកធូរធានោះទេ ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំតែងតែជម្រុញ និង លើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងរៀនសូត្រ អ្វីដែលម៉ែតែងតែប្រាប់ខ្ញុំនិងបងប្រុសរបស់ខ្ញុំគឺ ” ម៉ែនិងពុកគ្មានអ្វីចែកឲ្យកូនទេ មានតែវិជ្ជានេះឯង វិជ្ជាជួយឲ្យកូនអាចរស់ស្រួលបើកូនមានវាជាប់ខ្លួន “!
ខ្ញុំមានបងប្រុសម្នាក់ ដែលស្រលាញ់ប្អូនស្រីឆ្នាស់ម្នាក់នេះណាស់ ខ្ញុំតែងតែរករឿងឈ្លោះនិងគាត់រហូតជាប្រចាំ  តែគាត់មិនហ៊ាននិងខ្ញុំទេព្រោះថា ខ្ញុំពេលនោះជាកូនពៅ ( តែពេលនេះមិនពៅទេចា៎) ។

កាលខ្ញុំមានអាយុ ១៣ឆ្នាំ នេះជាលើកទីមួយដែលម៉ែពុករបស់ខ្ញុំឲ្យខ្ញុំរៀនដើរដោយគ្មានគាត់ ។ កាលឆ្នាំនោះខ្ញុំបានទៅរៀនរាំរបាំបុរាណ និង ប្រពៃណី នៅក្នុងខេត្តបាត់ដំបង រយះពេល២សប្តាហ៏ ជាមួយ មិត្តភក្តិរបស់ខ្ញុំ ស្រីនិច្ច រតនា រស្មី និងអ្នកគ្រូ សុភី ។
ពេលដែលនៅទីនោះខ្ញុំយល់ថាខ្ញុំក្លាហានណាស់ ពីក្មេងស្រីទម្រើស ( កូនពៅ) មិនដែលចេញឆ្ងាយពីគ្រួសារ តែខ្ញុំអាចធ្វើបាន។ នៅបាត់ដំបងអ្វីដែលឲ្យខ្ញុំចាំមិនភ្លេចគឺ រាល់ពេលញុំាបាយ ខ្ញុំមិនដែលបានញុំាឆ្អែត ឬទាន់គេឡើយ ព្រោះថាបាយនៅទីនោះមានសុទ្ធតែផ្កាស្មៅខ្មៅៗក្នុងបាយ មួយពេលណាក៏អង្គុយរើសផ្កាស្មៅចេញដែរ តែមានអ្នកគ្រូដួសម្ហូបដាក់ក្នុងចានឲ្យ មិនចឹងទេប្រាកដជាអស់ហើយ។

ក្រោយពីខ្ញុំបានត្រឡប់មកពីបាត់ដំបងវិញ ខ្ញុំបានក្លាយជាអ្នកណែនាំក្មេងៗអំពីរបាំបុរាណរយះពេល ៩ឆ្នាំ ។
====================
នៅពេលដែលខ្ញុំរៀនថ្នាក់ទី៨ ខ្ញុំបានស្គាល់មិត្តម្នាក់ឈ្មោះ ស្រីនាដែលគាត់បានប្តូរមកពីខេត្តបាត់ដំបង មករៀននៅវិទ្យាល័យ ហ៊ុនសែនអងចក ទោះបីខ្ញុំទើបស្គាល់គាត់តែយើងស្និតស្នាលគ្នាខ្លាំងណាស់ ហើយមិនដែលនិងឈ្លោះគ្នាទៀតផង 

រហូតដល់ឆ្នាំ ២០១៤ ឆ្នាំដែលខ្ញុំត្រូវប្រលងបាក់ឌុប ពេលនោះខ្ញុំចាំបានថា ម៉ាក់របស់ខ្ញុំបានជូនខ្ញុំទៅប្រលង នៅពេលដែលខ្ញុំចេញពីប្រលងភ្នែករបស់ខ្ញុំរំពៃរកមើលតែម៉ាក់ម្នាក់គត់ ម៉ាក់តែងតែលើកទឹកចិត្តនិងជម្រុញខ្ញុំឲ្យទៅមុខជានិច្ច  ។

អ្វីដែលឲ្យខ្ញុំរីករាយបំផុតក្នុងឆ្នាំនោះគឺ ខ្ញុំបានប្រលងជាប់បាក់ឌុប ហើយបានមករៀននៅសាកលវិឡាល័យក្នុងរាជធានីភ្នំពេញ ។

ក្រោយពីខ្ញុំបានមករស់នៅក្រុងភ្នំពេញ ខ្ញុំបានរស់នៅក្នុងមណ្ឌលកាតូលិក មួយនៅបឹងត្របែក ។ នៅក្នុងមណ្ឌលរាល់ការចំណាយថ្លៃសាលា ស្នាក់នៅ ញុំា គេចេញជំនួសទាំងអស់ ប៉ុន្តែសិស្សទាំងអស់ត្រូវឆ្លងកាត់ការតេស្ត និងសម្ភាសន៍ផ្ទាល់មាត់។ ពីក្មេងស្រីដែលមិនចេះធ្វើអ្វីសោះ ប្រែមកជាមនុស្សដែលមានវិន័យ ការងាផ្ទះ កីឡា តុបតែង សប្បុរសធម៌ ជួយគ្នា ចែករំលែកគ្នា មិនថាចំណេះដឹង បទពិសោធន៍ ម្ហូបអាហារ បង្រៀនក្មេងនៅតំបន់លូទឹកស្អុយ …. សុទ្ធតែជាអ្វីដែលខ្ញុំទទួលបានពីនោះ ។

មកដឹងពីជីវិតក្នុងសាកលវិទ្យាល័យ ខ្ញុំរៀននៅ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ ផ្នែកធនាគារ និង ហិរញ្ញវត្ថុ។ ចូលក្នុងថ្នាក់ មិត្តដែលខ្ញុំស្គាល់មុនគេគឺ ស្រីពុជ ហើយក៏ក្លាយជាមិត្តស្និតស្នាលណាស់ ។ នៅសាកលវិទ្យាល័យជាលើកទីមួយក្នុងជីវិត្តដែលមានអ្នកស៊ុប្រាយធ្វើខួបកំណើតឲ្យ ៣ឆ្នាំជាប់។
នៅឆ្នាំ២០១៨ ខ្ញុំបានប្រលងបញ្ចប់ឆ្នាំទី៤បានដោយជោគជ័យដែលនេះជាជោគជ័យទី២ដែលខ្ញុំទទួលបាន ។

ខ្ញុំបានចូលធ្វើនៅ UCMAS ជាគណនេយ្យករនៅទីនោះ ខ្ញុំសប្បាយចិត្តរាល់ថ្ងៃព្រោះបុគ្គលិកទាំងអស់សាម្គីរគ្នា ស្រលាញ់គ្នា ចែករំលែកគ្នាគ្រប់យ៉ាង ពិសេសគីស្នាមញញឹម #ILoveTeamWork

ទាំងអស់នេះវាជាការចងចាំដែលខ្ញុំមានកន្លងមក ដែលមិនមានច្រើនគ្នាដែលដឹង ក្រៅពីខ្ញុំ
ចុងក្រោយនាងខ្ញុំ កញ្ញាវ៉ែនតា សូមអរគុណដល់បងស្រី អ្នកនិពន្ធ រតនា ដែលបានតាក់តែងវិថីជីវិតខ្លួនឯងនៅក្នុង អនុស្សាវរីយ៍៣៤ឆ្នាំ ដើម្បីចែករំលែកអ្នកអ្នកអានគ្រប់គ្នា រួមទាំងខ្ញុំផង ឲ្យមានអារម្មណ៏ហោះហើរត្រឡប់ទៅយករូបភាពពីអាឌិតដែលល្អៗ និងបានសរសេរឡើងមកទុកជាអនុស្សាវរីយ៍ក្នុងនាមជាអ្នកអាន និងក្នុងនាមអ្នកមនុស្សដែលបានឆ្លងកាត់គ្រប់រឿងរ៉ាវទាំងទឹកភ្នែកឈឺចាប់ និងទឹកភ្នែករំភើប ។

#កញ្ញាវ៉ែនតា_2K19
#បំភ្លេចរឿងដែលធ្លាប់យំហើយនឹកដល់រឿងដែលធ្លាប់សើច
#អនុស្សាវរីយ៍២៤ឆ្នាំ

តើអ្នកណាទៅដែលមិនមានអតីតកាលនោះ?

#សៀវភៅតូចល្មមជាមួយចំណងជើងពណ៌មាសអមដោយការចនាក្របមុខយ៉ាងស្អាត ចំណងជើង«អនុស្សាវរីយ៍34ឆ្នាំ» រចនាក្របខាងក្រោយគួរអោយគន់ជាមួយនឹងការរំលេចទៅដោយពាក្យមួយឃ្លាដែលសរសេរថា «ឆាកជីវិតមនុស្សម្នាក់ៗមិនដឹងថាវែងឬខ្លីប៉ុនណាទេ តែអ្វីដែលគួរធ្វើគឺ ការរក្សាការចងចាំល្អៗ»។ #មួយឃ្លានេះវាកក់ក្តៅបំផុតសម្រាប់មនុស្សយើង។ 

អានហើយត្រជាក់ចិត្តណាស់ហើយអ្វីដែលពិសេសមួយទៀតនោះគឺ អ្នកក៏ចង់បង្កើតស្នាដៃនេះមួយដែរ។

សង្ឃឹមថ្ងៃមួយអនុស្សាវរីយ៍28ឆ្នាំនឹងចេញឆាប់ៗនេះដែរហើយហាសហា៎មិនហ៊ានអួតទេតែសុំលាក់ទុកបញ្ចេញថ្ងៃពិសេសសម្រាប់ខ្លួនឯង។ 

#អានចប់ហើយអរគុណរឿងល្អៗទាំងឡាយដែលតែងចូលមកក្នុងឆាកជីវិតខ្ញុំ។ 

#អរគុណដូចគ្នារឿងមិនល្អទាំងឡាយដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំដូចគ្នា អរគុណកន្លងមកដែលអ្នកបានជួយអោយខ្ញុំរឹងមាំ។ 
#សុំទោសអតីតកាលដែលមិនល្អអើយខ្ញុំត្រូវលាដៃដោះលែងអ្នកអោយចាកចេញទៅឆ្ងាយពីខ្ញុំហើយ។ 

តើអ្នកណាទៅដែលមិនមានអតីតកាលនោះ?

ប្រសិនបើខ្ញុំសួរអ្នក! អ្នកនឹងឆ្លើយថាមាន ។ បើខ្ញុំអោយអ្នករំឮកច្បាស់ណាស់ អ្នកនឹងរៀបរាប់វាចេញមក ហើយភាគច្រើនអ្នកនឹងនិយាយប្រាប់ខ្ញុំតែរឿងកម្សត់ៗជាច្រើនដែលអ្នកបានឆ្លងកាត់កន្លងមក ។ ពេលនោះច្បាស់ណាស់ថាទឹកមុខរបស់អ្នកនឹងមិនញញឹមឡើយ ។  កូនសៀវភៅដ៏តូចច្រលឹងមួយនេះប្រកដណាស់ថានឹងមិនចង់អោយអ្នកវិលត្រលប់ទៅរកអតីតកាលដែលមិនមានការចងចាំល្អៗនោះទេ។
#ផ្នត់គំនិតបងស្រីអ្នកនិពន្ធ រតនាថ្វីត្បិតតែចង់ទាញយើងអោយនឹកឃើញពីទិដ្ឋភាពអតីតកាលក៏ពិតមែនតែអ្វីដែលគាត់បានសរសេរវាបានផ្តល់នូវមេរៀនជីវិតមួយសម្រាប់យើងនោះគឺ #អ្នកគួរតែចេះរីករាយនឹងទទួលយកទុកនៅអតីតកាលដែលជាការចងចាំល្អៗអោយបានច្រើន ត្រូវហ៊ានលាដៃលែងចិត្តអោយរឿងអាក្រក់ៗវាទៅតាមសម្រួល ទទួលយកតែរឿងល្អៗមកធ្វើជាការចងចាំក្នុងជីវិត។ 
 ឆាកជីវិតមនុស្សម្នាក់ៗមិនដឹងថាវែងឬខ្លីប៉ុនណានោះទេ តែអ្វីដែលអ្នកគួរធ្វើគឺការរក្សាការចងចាំល្អៗ។

ចង់សូនជីវិតមួយដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គលអ្នកគប្បីរៀនបំភ្លេចរឿងដែលមិនសប្បាយចិត្ត ហើយរក្សាការចងចាំល្អៗ។

ដោយក្តីស្រលាញ់រាប់អានពីខ្ញុំ  ខ្ញុំសុំភ្ជាប់អត្ថបទខ្ញុំនៅទីនេះមួយដើម្បីកំដរស្នាដៃបងស្រីផងណា៎។
….. វាជាសំណេរនិយាយពីភរិយារបស់ខ្ញុំ ។
គាត់ជាព្រះនាងតូចវីរីយ៉ារបស់ខ្ញុំ ។
………
ជីវិតគឺជាការតស៊ូ ។ ការអត់ធន់ និងការខិតខំព្យាយាមក្នុងជីវិតវានឹងធ្វើអោយយើងអាចចាកចេញពីទុក្ខលំបាកបាន ហើយក៏អាចអោយយើងស្វែងរកនូវសេចក្តីសុខឃើញមិនខាន។
ទម្រាំនឹងមានថ្ងៃនេះខ្ញុំបានឆ្លងកាត់រាប់ការលំបាក ។ ☺️ជីវិតជាកូនស្រីរស់នៅក្នុងត្រកូលគ្រួសារក្រីក្រម្តាយឪពុកមានជំងឺរស់នៅក្នុងខ្ទមកំសត់ធ្វើស្រែចម្ការ ធ្វើត្នោត ពិតជាមិនសង្ឃឹមថាអាចរស់នៅសមរម្យនឹងបានទទួលការរាប់អានពីមនុស្សរស់នៅជុំវិញជាច្រើនបែបនេះនោះទេ ។
អរគុណទេវតាដែលជួយឲ្យការលំបាកខ្លាចជាការខិតខំប្រឹងតស៊ូ☺️ ។ ខ្ញុំចាំបានពេលខ្ញុំចូលរៀននៅថ្នាក់បឋម ខ្ញុំរៀនបានល្អដោយអាចជាប់ចំណាត់ថ្នាក់លេខ1លេខ2ជារៀងរាល់ឆ្នាំ។ តែការរៀនសូត្ររបស់ខ្ញុំមានការលំបាកបន្តិចម្តងៗនៅពេលចូលរៀនអនុវិទ្យាល័យ នឹងលំបាកបំផុតដែលស្ទើរតែបោះបង់ចោលទៅហើយនោះ គឺរៀនថ្នាក់វិទ្យាល័យ។ខ្ញុំត្រូវធ្វើដំណើរ17km ទៅមកមួយថ្ងៃរហូតដល់34km ។ ម៉ែធ្លាក់ខ្លួនឈឺបងៗត្រូវបង្ខំចិត្តចាកចេញពីគ្រួសារទៅរកលុយនៅភ្នំពេញ ។ រីឯបន្ទុកការងារក្នុងគ្រួសារត្រូវបានធ្លាក់មកលើខ្ញុំរ៉ាប់រង ។
សាលាឆ្ងាយត្រូវងើបតាំងពីម៉ោងបួនកន្លះព្រឹកដើម្បីធ្វើការងារបន្តិចបន្តួចញាំបាយកករួចទើបអាចទៅរៀនបាន (17kmមិនមែនជិតឯណា) ។ ចេញពីសាលាវិញត្រូវធាក់កង់កាត់ក្តៅស្ទើរតែខ្យល់ដួលតាមផ្លូវម្តងៗព្រោះយើងជាក្មេងស្រី ។ មកដល់ផ្ទះហើយត្រូវដុតភ្លើងស្ករបណ្តើរញាំបាយបណ្តើរពេលខ្លះលាយទឹកភ្នែកក៏មាន។
នៅពេលរៀនរសៀលម្តងវិញ ទៅសាលាកាត់ក្តៅតែបានត្រលប់មកវិញល្ងាចត្រជាក់តែយប់រហូត ។ នៅពេលទៅរៀនតាមផ្លូវពួកយើងត្រូវទទួលរងនូវទុក្ខលំបាកជាច្រើនណាស់ ។ណាមួយបើកង់ខូចគ្មានលុយធ្វើទេ ។ ភ្លៀងក្តៅធ្វើឲ្យឈឺ សម្ពាធផ្លូវចិត្តស្ទើរតែលះបង់ចោលទៅហើយ ជីវភាពគ្រួសារក៏កាន់លំបាកគ្មានអារហារញាំឆ្ញាញ់ៗដូចគេ។ #រំឮកឃើញកាលនោះលំបាកបន្តិចមែនតែវាជាការចងចាំដ៏ល្អមួយមិនអាចបំភ្លេចបាន ទាំងមិត្តភាពនៅតែជាការចងចាំល្អបំផុត។

តែទោះជាយ៉ាងណាជីវិតគឺជាការតស៊ូ ។ ខ្ញុំបានលះបង់គ្រប់យ៉ាងរហូតធ្វើឲ្យក្តីស្រមៃក្លាយជាការពិត ។
ក្រោយប្រលងបាក់ឌុបជាប់ខ្ញុំបានប្រលងជាប់ជាគ្រូបង្រៀនអនុវិទ្យាល៏យ ។ កាលនោះមានបេក្ខជនច្រើនជាង1000នាក់ហើយរើសយកតែ25នាក់តែប៉ុណ្នោះ ។ តែទេវតាបានជួយអោយខ្ញុំជាកូនអ្នកក្ររស់នៅក្នុងជីវិតអវិជ្ជមានបានស្គាល់ការងារមួយដែលមនុស្សជាច្រើនបានអោយតម្លៃ។ រៀនចប់វគ្គ2ឆ្នាំខ្ញុំក៏បានចេញធ្វើជាគ្រូបង្រៀន ។ ខ្ញុំបានទៅបង្រៀននៅអនុវិទ្យាល័យស្វាយរមៀតស្រុកកញ្ច្រៀចដែលទីនោះវាកាន់តែឆ្ងាយពីផ្ទះម្តងទៀត ។ អ្វីៗដែលកើតមាននៅទីនោះគឺជាការចាប់ផ្តើមវិថីជីវិតថ្មីមួយទៀត។ លោកគ្រូអ្នកគ្រូ អ្នកស្រុក និងកូនសិស្សបានទទួលខ្ញុំយ៉ាងកក់ក្តៅ ។  ស្នាមញញឹមថ្មីមួយនេះជាការចងចាំល្អមួយទៀតក្នុងជីវិតរបស់ខ្ញុំ។ នៅឆ្នាំ2013 ខែឧសភា ថ្ងៃទី28 ខ្ញុំបានរៀបការ  នឹងបុរសម្នាក់ដែលគាត់មិនសូវស្អាតសម្រាប់អ្នកដទៃតែស្អាតសម្រាប់ខ្ញុំ តែគាត់ជាមនុស្សម្នាក់ដែលល្អ។ គាត់ក៏ជាអតីតមិត្តរបស់ខ្ញុំដែរតែទើបមានចិត្តលើគ្នានៅេពលរៀនថ្នាក់ទី12 ។និយាយត្រង់នេះខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំធ្លាក់ក្នុងឈុតឆាកស្នេហាក្នុងអំឡុងឆ្នាំប្រលងទៅវិញ ។ ពុំធ្លាប់យល់សោះកន្លងមកថាអ្វីទៅជាសេចក្តីស្នេហា? ធ្លាប់ឃើញមិត្តភក្តិ ឬមើលរឿង ស្តាប់ល្ខោនរឿងស្រាប់តែខ្លួនឯងផុងជាប់ខ្លួនទៅលើរឿងនេះទៅវិញ។ ……ម្យ៉ាងហាសហា៎លោកប្តីខ្ញុំកាលនៅរៀនគាត់crush នារីណាក៏ខ្ញុំដឹងដែរ។ …….
ប៉ុន្តែអ្នកដឹងទេថាខ្ញុំត្រូវជម្នះរាល់ការលំបាកជាច្រើន ។ ថ្វីត្បិតខ្ញុំមានស្នេហាក៏ពិតមែន តែវាមិនបានរំខានអារម្មណ៍របស់ពួកយើងនោះទេ ។ ម្នាក់ៗខំរៀនខំរកអណាគតរហូតដល់មានលំនឹងជីវិតទើបចាប់ដៃគ្នាបង្កើតគ្រួសារមួយ។ 
មួយឆ្នាំក្រោយមក ខ្ញុំក៏ផ្លាស់ប្តូរសាលា មកបង្រៀននៅ វិទ្យាល័យហ៊ុនសែនអង្គរសវិញម្តង ។ ហើយក៏ជាឆ្នាំដែលខ្ញុំទទួលបានចំណងដៃស្នេហាថ្មីមួយទៀតគឺកូនប្រុសណារ៉ុង ។ ថ្វីត្បិតមានការងារទាំងអស់គ្នាតែប្រាក់ចំណូលគ្រួសារខ្ញុំនៅ3ឆ្នាំដំបូងរស់នៅក្នុងជីវិតអវិជ្ជមាន គឺមិនមានសល់លុយកាក់អីច្រើនទេមានតែជំពាក់គេថែម ។ ព្រោះកូនតូចបៅទឹកដោះគោ នឹងឈឺរហូត ។ នៅចុងឆ្នាំ2015 ប្តីរបស់ខ្ញុំប្រលងជាប់គ្រូបង្រៀនកម្រិតឧត្តមហើយគាត់ត្រូវទៅរៀនមួយឆ្នាំទៀត ។ លុយកាក់ត្រូវចាត់ចែងយ៉ាងលំបាក ។
មួយឆ្នាំបន្ទាប់ទើបខ្ញុំមានជីវភាពល្អប្រសើរឡើងវិញក្រោយប្តីរបស់ខ្ញុំរៀនចប់និងត្រលប់មករស់នៅជុំគ្នាវិញ។នៅឆ្នាំ2017 ថ្ងៃទី1ខែសីហាខ្ញុំក៏ទទួលបានកូនស្រីម្នាក់ទៀតគេឈ្មោះវតីពេលនេះអាយុគាត់ជាង2ខួបហើយតែកូនៗខ្ញុំរពឹសណាស់។ នៅឆ្នាំ2018 ការចងចាំមួយថ្មីល្អមួយទៀតក៏ចូលមកក្នុងជីវិតខ្ញុំគឺខ្ញុំប្រលងជាប់វគ្គពន្លឿននឹងកំពុងត្រៀមខ្លួនជាគ្រូកម្រិតឧត្តមនៅឆ្នាំថ្មីនេះហើយ។
នៅពេលនេះជីវិតខ្ញុំកំពុងត្រៀមយករឿងល្អៗជាច្រើននៅបច្ចុប្បន្នដើម្បីអោយអតីតកាលរបស់ខ្ញុំថ្មីពោរពេញទៅដោយការចងចាំល្អៗ ។
មានគ្រួសារតូចមួយហើយកំពុងរស់នៅសាមញ្ញ តែក៏មានសុភមង្គលធំធេងណាស់ដែរហើយ។ ជីវិតគ្រួសារពេលខ្លះមិនមែនល្អគ្រប់មនុស្សរហូតទេ ។ វាអាស្រ័យនៅលើទង្វើរ ការយកចិត្តទុកដាក់ ផ្តល់ពេលវេលា ផ្តល់ក្តីស្រលាញ់ និងរៀនយល់ពីចិត្តគ្នាទៅវិញទៅមក ។
ជាចុងក្រោយខ្ញុំមានពាក្យមួយចង់និយាយគឺ ជាមនុស្សស្រីមុនជ្រើសរើសគ្រួសារអ្នកត្រូវមើលពីអត្តចរិត និងចំណេះដឹងរបស់មនុស្សជាមុនសិនមុនពេលគិតទៅលើសម្រស់។
អរគុណមនុស្សជាច្រើនដែលផ្តល់គុណធម៌ដល់ខ្ញុំនឹងបង្រៀនឲ្យខ្ញុំក្លាយជាមនុស្សល្អ។
អរគុណសម្រាប់ការអាន។ អត្ថបទ copy ពី«លាង សារ៉ង»។

ដោយក្តីស្រលាញ់ពីខ្ញុំ( Chanraksmey Thy) 

សេចក្តីសុខ

មិនមាននរណាម្នាក់មិនចង់បានសេចក្តីសុខនោះទេ ហើយមនុស្សម្នាក់ៗស្វែងរកសេចក្តីសុខតាមបែបផែនរៀងខ្លួន

សេចក្តីសុខដែលបានពីអ្នកដ៏ទៃវាបង្កើតតែក្តីសង្ឃឹម ធ្វើអោយយើងរស់ពឹងតែដង្ហើមគេ ងប់ងល់នឹងការផ្តល់អោយរបស់គេប្តូរជាមួយនឹងការស្រលាញ់គេកាន់តែខ្លាំង។ ថ្ងៃមួយដែលបាត់បង់សេចក្តីសុខមួយនោះ មើលមកខ្លួនឯងគ្រាន់តែជាសំបកកាយ….

ផ្ទុយទៅវិញ សេចក្តីសុខដែលបង្កើតឡើងដោយខ្លួនឯងវាជាភាពពិតប្រាកដ ធ្វើអោយយើងកាន់តែជឿេជាក់លើខ្លួនឯង រស់នៅដោយមោទនៈភាពនិងភាពរឹងមាំ ពិសេសកាន់តែធ្វើអោយយើងស្រលាញ់ខ្លួនឯងច្រើនឡើង។

ប្រវត្តិពូកាហ្វេប្រៃ

ក្នុងជីវភាពជាកូនដែលមានឪពុកម្ដាយទំនុកបំរុងគ្រប់យ៉ាងតាំងពីតូច ខ្ញុំពិតជាមិននឿយហត់អ្វីនោះទេ។ មួយថ្ងៃៗឪពុកម្ដាយមិនឱ្យខ្ញុំធ្វើអ្វីនឿយហត់នោះទេ ខ្ញុំគិតតែពីរៀន គេង និងញ៉ាំ ឬអាចជួយកិច្ចការដាំស្លម៉ាក់ៗម្ដងម្កាលតែប៉ុណ្ណោះ។ មិត្តអ្នកអានអាចថាខ្ញុំជាកូនដែលឪពុកម្ដាយទំយើ តែខ្ញុំមានគោលការណ៍របស់ខ្ញុំច្បាស់ណាស់។ ខ្ញុំខិតខំរៀនសូត្រមិនឱ្យឪពុកម្ដាយខ្ញុំខកចិត្តឡើយ។ កាលខ្ញុំអាយុ១៨ឆ្នាំ ម៉ាក់សួរខ្ញុំ បំរុងទិញនាឡិកាអ៊ីណុកតម្លៃថ្លៃមួយមកឱ្យខ្ញុំ ប៉ុន្តែខ្ញុំបដិសេធមិនឱ្យម៉ាក់ទិញទេ ព្រោះវាមិនមែនជាចំណូលចិត្តរបស់ខ្ញុំនៅពេលនោះ ទោះបីថ្លៃប៉ុណ្ណាក៏វាគ្មានអីគួរឱ្យរសើបចិត្តខ្ញុំ ធ្វើឱ្យខ្ញុំចង់បានដែរ។ ប៉ុន្តែកុំសួរឥឡូវនេះ បើសិនជាសួរ ខ្ញុំនឹងឆ្លើយថាព្រមយកភ្លាមតែម្ដង ហិហិហិ ចាំកាលណាទៀត។ ណ្ហើយ! វាជារឿងតូចតាចទេ ភាពរំភើបរីករាយបំផុតនៅក្នុងជីវិតខ្ញុំ គឺចាប់ផ្ដើមឡើងនៅអាយុ១៩ឆ្នាំ ប៉ាខ្ញុំបានទិញឡានឱ្យខ្ញុំជិះ។ កាលនោះខ្ញុំមិនដែលនឹកស្រមៃ មិនដែលទទូចទាមទារប៉ាខ្ញុំសុំទិញឡានជិះទៅរៀនវិទ្យាល័យឡើយ។ ហេតុផលគ្រប់យ៉ាងគឺជាលទ្ធផលនៃការខិតខំប្រឹងរៀនរបស់ខ្ញុំដែលព្រមរាថយទាំងម៉ោងរដ្ឋនិងម៉ោងគួរពីព្រលឹមទល់ព្រលប់ ខ្ញុំស្ពាយកាតាបឡើងធ្ងន់ធ្លាក់ស្មារាល់ថ្ងៃ ដែលធ្វើឱ្យប៉ាម៉ាក់ទុកចិត្តនិងលើកទឹកចិត្តខ្ញុំជាប់ជានិច្ច។ ខ្ញុំរៀនគ្រប់មុខដល់ថ្នាក់មិត្តៗបង្អាប់ថាពូកែរៀនតែរៀនមិនពូកែ។ តែខ្ញុំមិនដែលខ្វល់ទេ ព្រោះខ្ញុំខំរៀនមិនមែនដើម្បីផ្គាប់ចិត្តនរណាឡើយ។ ចាក់ដោតទេ? ក្នុងវ័យ១៩ឆ្នាំដដែល ខ្ញុំបានក្លាយជាសិស្សម្នាក់ដែលល្បីឈ្មោះខាងតែងកំណាព្យ ក្រោមការបង្រៀននិងណែនាំពីលោកគ្រូ ឈា ឆាត។ វាជាឱកាសដំបូងដែលខ្ញុំអាចរកលុយបានមួយចំនួន ពីការតែងកំណាព្យឱ្យមិត្តរួមថ្នាក់របស់ខ្ញុំ។ មុននឹងឡើងមកភ្នំពេញខ្ញុំបានចងក្រងជាសៀវភៅកំណាព្យខ្លីមួយក្បាលទុកនៅបណ្ណាល័យវិទ្យាល័យហ៊ុនសែនស្នួល និងមួយក្បាលទៀតទើបនឹងផ្ញើម្ដាយមីងរបស់ខ្ញុំដាក់នៅវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីខ្ញុំអាយុ២០ឆ្នាំ។ នៅអាយុ១៩ឆ្នាំដដែល ខ្ញុំបានបង្កើតភាពក្លាហានឱ្យខ្លួនឯងដោយប្រឡងជាប់ជាសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ប្រចាំវិទ្យាល័យហ៊ុនសែនស្នួល។ ខ្ញុំបានចូលរួមប្រឡងប្រជែងជាសិស្សពូកែប្រចាំខេត្រក្រចេះ បើទោះបីមិនបានជាប់មែន តែខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះខ្ញុំហ៊ានទៅប្រឡងដល់ទីរួមខេត្តដោយបើកឡានទៅខ្លួនឯងយ៉ាងសង្ហា។ នៅចុងឆ្នាំទី២០នៃវដ្ដជីវិតរបស់ខ្ញុំ ខ្ញុំបានជាប់អាហារូបករណ៍បរិញ្ញាបត្រអក្សរសាស្ត្រខ្មែជំនាន់៣៤នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញនិងចំណាស់មួយនៅដែនកម្ពុជរដ្ឋ។ ខ្ញុំបានស្គាល់មិត្តម្នាក់ដំបូងគេ ឈ្មោះថា នាង ដា។ ដានិងខ្ញុំជិតស្និទ្ធនឹងគ្នាណាស់ ដោយដាជួយបង្រៀនមេរៀនគ្រប់មុខដល់ខ្ញុំ ហើយខ្ញុំជួយបង្រៀនភាសាអង់គ្លេសដល់ដាវិញ។ មិត្តអ្នកអានគិតថាមិនស្មើភាពគ្នាទេមែនទេ? ហាហា មិនស្មើភាពគ្នាទេ តែពួកយើងសាមគ្គីគ្នាបានល្អណាស់។ នៅក្នុងឆ្នាំជាមួយគ្នាខ្ញុំបានរៀនបរិញ្ញាបត្រនីតិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។ តែមិនមែនអាហារូបករណ៍ទេណា គឺបង់លុយពេញថ្លៃតែម្ដង។ អូ ប៊ិះភ្លេចប្រាប់ រៀនបរិញ្ញាបត្រពីរមិនគ្រប់គ្រាន់តាំងពីព្រលឹមទល់ព្រលប់យប់ម៉ោង៨ ខ្ញុំក៏ឆ្លៀតថ្ងៃសៅរ៍អាទិត្យលៃច្នៃរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរ។ នៅវ័យខ្ញុំប្រមាណជា២២ឆ្នាំដាបានចាកចេញពីខ្ញុំ។ កុំគិតអីផ្ដេសផ្ដាសណា គឺដាប្រឡងជាប់បានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងទេ។ ទោះជាកាយយើងឃ្លាតឆ្ងាយគ្នាយូរខែឆ្នាំ ក៏ពួកយើងតែងតែchatជាមួយគ្នាជាប្រចាំ។ នៅអាយុ២១ឆ្នាំដោយខ្ញុំបានសើរើសៀវភៅកំណាព្យចាស់និងតែងបន្ថែមចងក្រងជាសៀវភៅថ្មីក្រោមការបង្ហាត់បង្រៀននិងកែតម្រូវពីលោកគ្រូជ័យ ចាប។ ខ្ញុំក៏បានដាក់ឈ្មោះថាប៉ាកកានិស្សិត ដោយបានដាក់ជូនបណ្ណាល័យហ៊ុនសែនចំនួន២ច្បាប់។ នៅអាយុ២៣ឆ្នាំ ខ្ញុំបានចូលសម្ដែងរឿងភាគ បាន៤រឿងដែរគឺ រឿងឱ!កូនសម្លាញ់(ប៉ុស្តិ៍អាស៊ីអាគ្នេយ៍) រឿងឋានសួគ៌វណ្ណៈ(ប៉ុស្តិ៍លេខ៥) រឿងភក្ដីស្នេហ៍ទ្វេភព រឿងបំភ្លេចមិនបាន(ប៉ុស្តិ៍ភីអិនអិន)។ នៅចុងអាយុ២៥ខ្ញុំបានប្រឡងជាប់ជាសិស្សមន្ត្រីក្រមការជំនាន់ទី៨នៅសាលាភូមិន្ទរដ្ឋបាល។ នៅអាយុ២៦ខ្ញុំបានទទួលជ័យលាភីកំណាព្យជាប់ក្នុងកំណាព្យឆ្នើមទាំង១០ក្នុងការប្រកួតប្រជែងតែងនិពន្ធកំណាព្យខ្មែរក្រោមប្រធានបទ “គុណតម្លៃនៃបណ្ណាល័យ”។ រឿងដែលសប្បាយរីករាយមួយទៀតក្នុងវ័យ២៦គឺខ្ញុំបានភ្លក្សរសជាតិជិះយន្តហោះពីខេត្តសៀមមករាជធានីភ្នំពេញយ៉ាងរំភើបញាប់ញ័រ។ ហើយខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅក្នុងអាយុ២៦ឆ្នាំនេះដែរចុះ។

បេះដូងនារី

កើតជាមនុស្សស្រី ទោះនាងមានសម្រស់ខាងក្រៅមិនឆើតឆាយ ក៏គង់មានអ្នកលួចស្រលាញ់យ៉ាងហោច ម្នាក់ទៅពីរនាក់ដែរ គ្រាន់តែពេលខ្លះនាងមិនបានដឹង ព្រោះវាអាស្រ័យលើនិស្ស័យរបស់បុរសដែលលួចស្រលាញ់នាងប៉ុណ្ណោះ។ តែគេមាននិស្ស័យបែបណាជារឿងរបស់គេ និស្ស័យរបស់នាងទើបជាបញ្ហារបស់នាង បេះដូងនារីមិនគួរឆាប់រំជើបរំជួលនឹងពាក្យថាស្រលាញ់ ឬទង្វើស្រលាញ់ដែលមិនច្បាស់លាស់នោះទេ។

បើការសម្តែងចិត្តស្រលាញ់ត្រឹមតែការព្រមតាមចិត្តនាង ព្រមចំណាយពេលវេលាច្រើនជាមួយនាង ឬប្រគល់ជូនកាដូអនុស្សាវរីយ៍រាប់មិនអស់ឱ្យទៅនាង ក៏នាងព្រមជឿ…

បើនាងមិនអាចរក្សាលំនឹងបេះដូងខ្លួនឯងបាន នាងកុំបន្ទោសបើគេកុហក នាងកុំខឹងបើគេបោក។ បើនាងចេះសង្កត់ចិត្ត ពិចារណាមុនប្រគល់បេះដូង មនុស្សដែលចង់លេងសើចនឹងបេះដូងរបស់នាងទាំងនោះ នឹងមិនងាយមានឱកាសប្រមាថបេះដូងនាងឡើយ។

ផ្កាតំណាងចិត្តស្រលាញ់

អោយតែទទួលផ្កាព្រមធ្វើសង្សារ?

អ្នកដទៃគិតយ៉ាងម៉េចខ្ញុំមិនដឹង តែខ្ញុំដឹងការគិតរបស់ខ្លួនខ្ញុំ។

មនុស្សដែលឈរលើគោលការណ៍ឯករាជ្យនិងសេរីភាពដូចខ្ញុំនេះ ខ្ញុំមិនទោរទន់ទៅលើផ្នត់គំនិតបែបបុរាណនិយម។

ខ្ញុំអោយតម្លៃលើការរាប់អាន ការចងសម្ព័ន្ធភាព មិនថាម្នាក់នោះគិតអីលើខ្ញុំវាគ្រាន់តែជាគេ

ខ្ញុំខ្លួនឯងទេដែលត្រូវខ្វល់ថាខ្ញុំបានគិតអីលើគេ ខ្ញុំប្រកាន់លើកគោលការណ៍ខ្ញុំជាធំ។

រាល់ថ្ងៃទទួលការស្រលាញ់ផង ការស្អប់ផង

គេស្អប់ខ្ញុំ ខ្ញុំក៏ទទួលដឹងតែខ្ញុំស្អប់គេវិញឬអត់ជារឿងមួយផ្សេង

ក៏ដូចជាអ្នកស្រលាញ់ខ្ញុំក៏នៅតែជាគេ ហើយចង់ស្រលាញ់គេវិញឬអត់ក៏នៅតែជារឿងរបស់ខ្ញុំ។

ថ្ងៃពិសេសមកដល់ មនុស្សមួយចំនួនជ្រួលច្របល់ ទាំងខ្ញុំទាំងគេចេះតែចង់ទិញអំណោយជូនអ្នកដែលជាទីគោរពឬជាទីស្រលាញ់ ហើយក៏ត្រូវគិតដល់លទ្ធភាពមានត្រឹមកំរិតណាដែរ។

ខ្ញុំស្រលាញ់ផ្កាណាស់ មនុស្សស្គាល់ខ្ញុំចូលចិត្តជូនផ្កាឱ្យខ្ញុំជារឿយៗ។

គេថាផ្កាតំណាងចិត្តស្រលាញ់ ហើយខ្ញុំចូលចិត្តទទួលផ្កា។ អញ្ចឹងមានន័យថាខ្ញុំចូលចិត្តទទួលការស្រលាញ់ហើយ។

តើអ្នកណាចូលចិត្តអោយគេស្អប់ទៅ?

ការស្រលាញ់មានច្រើនអត្ថន័យ ទោះជាន័យនៃការស្រលាញ់ដែលគេអោយនោះជាន័យមួយណាក៏នៅតែជារឿងរបស់គេ រឿងរបស់ខ្ញុំនៅតែខ្ញុំជាធំ តើខ្ញុំស្រលាញ់គេនោះក្នុងន័យបែប។

ដូច្នេះការទទួលផ្កា សម្រាប់ខ្ញុំមិនមែនទទួលស្នេហាព្រមធ្វើសង្សាររបស់អ្នកជូននោះទេ ព្រោះការស្រលាញ់របស់ខ្ញុំមិនមែនមានអត្ថន័យតែមួយ។

អរគុណសម្រាប់ផ្កា

អរគុណសម្រាប់ការស្រលាញ់ ការស្រលាញ់រាប់អាន

សុភមង្គល

មនុស្សមួយចំនួនតែងគិតថាជីវិតគាត់រស់មិនដែលមានក្តីសុខសោះ ទាំងនេះមកពីគាត់មិនដែលអោយតម្លៃលើអ្វីដែលគាត់កំពុងតែមាន ឬព្រោះតែគាត់ចូលចិត្តយកខ្លួនគាត់ទៅប្រៀបធៀបនឹងអ្នកដទៃដែលប្រសើរជាងគាត់ ហើយតែងគិតលើខ្លួនគាត់ក្នុងផ្លូវអវិជ្ជមាន។
ការយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃវាជាការជាន់ឈ្លីសមិទ្ធផលរបស់ខ្លួនឯងយ៉ាងខ្លាំង ហើយធ្វើអោយខ្លួនឯងរស់នៅក្នុងចិត្តច្រណែន ឈ្នានីស ពង្វក់ខ្លួនឯងអោយកើតចិត្តបាប តើអ្នកដឹងទេ?
គប្បីរស់រីករាយនឹងអ្វីដែលខ្លួនមាន ហើយតាំងជំហរដើរទៅរកក្តីស្រមៃរបស់ខ្លួន ការបើកត្រចៀកស្តាប់ការពេបជ្រាយរបស់មនុស្សក្បែរៗគឺជាការឆោតល្ងង់ ព្រោះថាអ្នកមិនគួរជឿអ្នកទាំងនោះហើយមកស្អប់ខ្ពើមខ្លួនឯងនោះទេ
សាកគិតបន្តិចថាជីវិតអ្នករាល់ថ្ងៃនេះធ្លាប់សើច ធ្លាប់ក្អាកក្អាយឬអត់?
អ្នកណាមិនធ្លាប់? ទោះជាអ្នកសុំទានក៏ធ្លាប់ដែរ!
ដូច្នេះហើយ កុំខំដល់ដើរខុស ផ្លូវក្រែងលោវាមានទោសហួសដល់បាត់សេចក្តីសុខ។
ចូលចាំថាសុភមង្គលមិនមែននៅស្ថិតនៅលើសេចក្តីផុតគេនោះទេ តែវានៅលើសេចក្តីស្កប់ស្កល់តែប៉ុណ្ណោះ

ព្រមខុសទាំងមិនបានខុស

នៅពេលវិវាទមកដល់ មនុស្សមួយចំនួនខំរកហេតុផលបញ្ជាក់ពីទង្វើខុសនិងត្រូវ ក៏ដើម្បីតែសេចក្តីឈ្នះនិងចាញ់។

តែមនុស្សមួយចំនួនទៀតដណ្តើមយកខុស រឺបង្ខំចិត្តព្រមខុសដើម្បីបញ្ចប់វិវាទ។

តើអ្នកឈ្នះពិតជាអស្ចារ្យឬ? អ្នកចាញ់ពិតជាអាមាសណាស់ឬ?

សូមអានហេតុផលខាងក្រោមហើយពិចារណាថាតើអ្នកណាជាមនុស្សអស្ចារ្យ?

បើខ្ញុំមិនព្រមខុស មនុស្សក្រោមបង្គាប់ខ្ញុំនឹងមិនបានសុខទេ
បើខ្ញុំមិនព្រមខុស គាត់អាចខឹងដល់ស្លាប់បាន
បើខ្ញុំមិនព្រមខុស ស្នេហារបស់ខ្ញុំនឹងត្រូវបែកបាក់

បើខ្ញុំមិនព្រមខុស គ្រួសាររបស់ខ្ញុំនឹងជួបបញ្ហា
បើខ្ញុំមិនព្រមខុស អ្វីដែលបាត់បង់គឺប្រយោជន៍រួម ខ្ញុំខុសក៏បាន! បើមនុស្សជុំវិញខ្លួនខ្ញុំបានសុខ
ព្រមខុសម្តងទៅ! បើគេថាយើងអន់ក៏ព្រោះគេនោះអន់។
ការលះបង់របស់យើង គឺយើងធ្វើដោយសុទ្ធចិត្ត ទោះអ្នកណាគិតអី ល្អរឺអាក្រក់ វាជានិស្ស័យរបស់គេ។

ការពិតយ៉ាងណា យើងខ្លួនឯងបានដឹងហើយ
សំខាន់យើងបានដើរនៅលើផ្លូវមនុស្សល្អ ទៅតាមនិស្ស័យជាមនុស្សល្អរបស់យើង