មុនសម្រេចចិត្តធ្វើអីមួយត្រូវគិតឱ្យម៉ត់ចត់ណា៎

បេះដូងប្រៀបដូចកូនក្មេងអាយុរ៣ឆ្នាំ ពេលខ្លះទាមទារចង់បានអ្វីដែលមិនសមហេតុផល។

ពេលខ្លះឬយំងងូចក្នុងចិត្តសុំការអនុញ្ញាតធ្វើរឿងដែលខួរក្បាលដាក់បំរាម។

ខួរក្បាលប្រៀបដូចមនុស្សចាស់ដែលគិតយ៉ាងដិតដល់ ខួរក្បាលតែងមានអំណាចក្នុងការសម្រេចចិត្តលើរឿងរ៉ាវជីវិតរបស់បុគ្គលរៀងខ្លួន។

តែពេលខ្លះខួរក្បាលសុខចិត្តធ្វើខុសព្រោះតែតាមទំនើងបេះដូងពេក កាលៈទេសៈនោះប្រៀបដូចមនុស្សចាស់ដែលបណ្តោយខុសតាមក្មេងអាយុរ៣ឆ្នាំ។

ពេលនោះលទ្ធផលគឺដឹងមុនហើយ រឿងបន្ទាប់គឺហាមបន្ទោសអ្នកណាទាំងអស់ ព្រោះអ្នកជាបណ្តោយខ្លួនឯងឱ្យខុសខ្លួនឯង។ ការដែលតាមមនោសញ្ចេតនាខ្វះការពិចារណាពេក លទ្ធផលនឹងបានការឈឺចាប់ច្រើនជាងសុភមង្គល។

ជីវិតមនុស្សនេះណា៎ រស់ត្រូវមានមនោសញ្ចេតនា តែក៏មិនអាចបោះបង់ខួរក្បាលបានដែរ។ ខួរក្បាលតឹងរឹងពិតមែន តែក៏មិនងាយនាំអ្នកឱ្យមានវិប្បដិសារីដែរ តែបើមានតែខួរក្បាលគ្មានមនោសញ្ចេតនាជីវិតនឹងសោះកក្រោះគ្មានសុភមង្គលដូចគ្នា។

ដូច្នេះទាំងពីរនេះមិនអាចមានមួយអត់មួយបានទេ តែគប្បីប្រើឱ្យបានសមស្របដើម្បីជីវិតមានសុភមង្គលពេញលេញ។

ទុកឱ្យខួរក្បាលឈ្លោះជាមួយបេះដូងខ្លះទៅ ចាត់ទុកថាជាការញាំស្វាយអំបិលម្ទេស មុនសម្រេចចិត្តធ្វើអីមួយត្រូវគិតឱ្យម៉ត់ចត់ណា៎

ថ្ងៃស្អែកអាចនឹងមិនដូចការទោះទាយ

នៅពេលដែលបេះដូងនេះកំពុងត្រូវការគេយ៉ាងខ្លាំង

អារម្មណ៍នឹងមិនរីករាយ ស្មារតីនឹងមិនអង់អាចទៅធ្វើអ្វីផ្សេងបាននោះទេក្រៅពីទៅឆ្លងឆ្លើយ ឬទៅជួបមុខគេនោះឡើយ។

នៅពេលដែលបេះដូងត្រូវការ គ្មាននរណាពិសេសជាងម្នាក់នោះទៀតទេ។ ស្រលាញ់មនុស្សម្នាក់ត្រូវធ្វើតាមបេះដូងមែនទេ?

មែន!

តែ! រស់នៅជាមួយមនុស្សម្នាក់ក៏ត្រូវសួរនាំខួរក្បាលដែរ ព្រោះជីវិតទៅមុខមនុស្សពីរនាក់រស់នៅជាមួយគ្នាមិនមែនដើម្បីតែការកៀកកិតឱបថើបនោះទេ

ក្រៅពីភាពស្និទ្ធស្នាល ក៏ត្រូវការការសាងជីវភាពល្អមួយ។

តម្រូវការនៃជីវភាពនិងមួយៗ និងតម្រូវការឱ្យមនុស្សប្រើរបៀបរសនៅខុសៗពីគ្នា និងដោយហេតុចរិតនិស្ស័យពីធម្មជាតិផងដែរ។

ព្រោះតែចរិតនិស្ស័យទាំងនេះហើយដែលតម្រូវឱ្យមនុស្សពីរនាក់រស់នៅជាមួយគ្នា ប្រើទាំងបេះដូងផង និងខួលក្បាលផង។

មនុស្សពីរនាក់ស្រលាញ់គ្នា គប្បីថ្លឹងក្តីស្រលាញ់ និងភាពចុះសម្រុងឱ្យស្មើនិងស្ថេរភាពសិន។

ដ្បិតណាស់ថ្ងៃស្អែកអាចនឹងមិនដូចការទោះទាយ និយាយគ្នាសិន មុនចាប់ផ្តើមស្រលាញ់គ្នា

ថ្ងៃនេះនឹកគេប៉ុនណា ចង់ជួបគេប៉ុនណា ចូរហាមចិត្តសិន! ថ្លឹងភាពចុះសម្រុងឱ្យស្មើសិនចាំទៅរកគេណា៎!

កុំបង្កើតឱកាសឲ្យបេះដូងម្នាក់ណាឈឺចាប់អី

មនុស្សមិនមែនជាតុក្កតា

មិនស្រលាញ់កុំចង់បាន!!

ព្រោះតែគាត់មានចំនុចជាច្រើនដែលអ្នកចង់បាន គាត់ជាមនុស្សដែលអ្នកប្រាថ្នា។

បានជួបមនុស្សក្នុងសុបិន អ្នកណាមិន crush? Crush ហើយត្រូវយកឲ្យបានមែនទេ?

រូបរាង មុខមាត់ សមត្ថភាព និងជំនាញផ្សេងៗ កាន់តែរៀបរាប់ពីមនុស្សម្នាក់នោះ អ្នកកាន់តែពេញចិត្ត។

ដេកដើរ ឈរអង្គុយ ធ្វើយ៉ាងណាឲ្យបានម្នាក់នោះជាកម្មសិទ្ធិ?

ព្រោះតែអ្នកពូកែ ព្រោះតែអ្នកមានសមត្ថភាព ម្នាក់នោះទៅណាមិនឆ្ងាយពីកណ្ដាប់ដៃរបស់អ្នកឡើយ។

អ្នកអាចក្លាយជាម្ចាស់បេះដូងរបស់គាត់ហើយ..

អ្នកយកគាត់បានហើយ..

ហើយអ្នកក៏រកមិនឃើញក្តីស្រលាញ់ដើម្បីដើរលើផ្លូវជាមួយគាត់..

អ្នកទើបតែយល់ថាស្នេហាមិនមែនជាការចង់បាន មិនមែនជាមុំត្រូវគ្នា តែជាអារម្មណ៍ស្រលាញ់ ការលះបង់ទៅវិញទេ។

ពេលនេះអ្នកចង់ដោះដៃតើមែនទេ? តើធ្វើយ៉ាងណាបើបេះដូងគេកំពុងស្រលាញ់អ្នកខ្លាំង?

ឆាប់ប្រាប់ការពិត វានឹងមិនឈឺចិត្តជាងពេលនេះតើមែនទេ?

វាចេះតែបានហើយព្រោះអារម្មណ៍ឈឺមិនមែនជារបស់អ្នក!

ចុះបើអារម្មណ៍ឈឺកើតលើអ្នកវិញ?

សុខៗមនុស្សដែលអ្នកស្ញប់ស្ងែង ប្រាប់ថាអ្នកមិនមែនជាមនុស្សក្នុងសុបិនគេទេ មិនមែនមនុស្សដែលបេះដូងគេត្រូវការទេ គេសុំឲ្យអ្នកបញ្ចប់ទំនាក់ទំនងមួយនេះ។

ពេលនោះមកដល់ បើទោះជាអ្នកមិនព្រមចប់ ក៏អ្នកមិនអាចចងបេះដូងគេបានដែរ។

ចុងក្រោយនៅតែបែកគ្នា ចុងក្រោយនៅតែមានមនុស្សឈឺចាប់។

នរណាឈឺចាប់ក៏សំខាន់ដែរ កាន់តែសោកស្តាយដែលខំសាងទំនាក់ទំនងដោយគ្មានមនោសញ្ចេតនា។

ឈប់ណា៎! ឈប់បង្តើតចិត្ត crush ដោយអារម្មណ៍រវើរវាយ

ឈប់ចង់បានទាំងគ្មានការស្រលាញ់! កុំបង្កើតឱកាសឲ្យបេះដូងម្នាក់ណាឈឺចាប់អី។

អារម្មណ៍ដែលឈឺព្រោះស្នេហា គ្មាននរណាចង់យល់ឡើយ

វាឈឺណាស់! មិនស្រលាញ់កុំចង់បាន!

អំពើល្អ

ការផ្តល់អារម្មណ៍ល្អដល់នរណាម្នាក់គឺជាអំណោយដ៏ប្រពៃ

ចង់ផ្តល់អារម្មណ៍ល្អដល់អ្នកដទៃជារឿងដែលមិនលំបាកទេ

មនុស្សដែលកំពុងស្រេកទឹក គាត់នឹងសប្បាយចិត្តខ្លាំងពេលទទួលបានទឹកមួយកែវពីអ្នក

មនុស្សដែលកំពុងអផ្សុក គាត់នឹងរីករាយបើមានអ្នកកំដរ

អំណោយងាយៗដែលសម្តែងបញ្ជាក់ពីការយល់ចិត្ត ការយកចិត្តទុកដាក់ វាជាអំណោយផ្អែមល្ហែមណាស់។

ការផ្តល់អារម្មណ៍ល្អៗមិនចាំបាច់ត្រូវតែចំណាយលុយកាក់នោះទេ

ហើយការផ្តល់អារម្មណ៍ល្អៗនេះ ទោះពេលវេលាអាចធ្វើឲ្យគេភ្លេចអ្នក តែគេនឹងមិនភ្លេចទិដ្ឋភាពដែលអ្នកបានឲ្យនោះទេ។

អំពើល្អរបស់អ្នកនឹងត្រូវបានគេរំឭកដល់នៅពេលវេលាណាមួយ។

អំពើល្អរបស់អ្នកនឹងក្លាយជាការចងចាំ ជាអនុស្សាវរីយ៍ល្អរបស់គេ។ មិនខាតអីទេ បើគ្រាន់តែធ្វើរឿងល្អបន្តិចបន្តួចដើម្បីឲ្យផែនដីនេះកាន់តែស្រស់ស្អាត ព្រោះស្នាមញញឹមរបស់មនុស្សស្អាតដូចជាផ្កា បើអ្នកមិនបានឃើញផ្ការីក គ្រាន់តែបានឃើញស្នាមញញឹមមនុស្សដែលអ្នកបានជួប ផែនដីរបស់អ្នកនឹងបានស្រស់ស្អាតដូចគ្នា។

កែវដែលបែកហើយ

ពាក្យសម្ដីគ្រោតគ្រាត ការសម្លុតតម្លើងអំណាច នៅពេលដែលអ្នកកំពុងតែចង់ឈ្នះជម្លោះជាមួយមនុស្សដែលអ្នកស្រលាញ់ ឬស្រលាញ់អ្នក។

បន្ថែមពាក្យរិះគន់ ប្រមាថ ដើម្បីបញ្ឈឺម្នាក់នោះឲ្យចាស់ដៃ ឲ្យគេចាញ់ ឲ្យគេស្គាល់ថាអ្នកជានរណា។

អ្នកខ្លាំងហើយ! អ្នកឈ្នះហើយ!

បបូរមាត់ ខ្សែរភ្នែក ដែលធ្លាប់តែនិយាយល្អ និយាយផ្អែម សម្លឹងដោយក្តីស្រលាញ់ ក្តីរាប់អាន ក៏ក្លាយជាហឹង្សាតាមរយៈផ្លូវអារម្មណ៍

ពេលនេះអារម្មណ៍អ្នកដែលរងគ្រោះ ដូចជាកែវដែលបែកទៅហើយ…

កន្លងមួយរយៈ អ្នកក៏បាត់ខឹងវិញ…

អ្វីដែលអ្នកនៅសល់គ្រាន់តែជាអំបែងកែវ ការដឹងខុស ពាក្យសុំទោស វាមិនអាចក្លាយជាស្កត់ រឺជ័រកាវដែលអាចបិតកែវឲ្យដូចដើមវិញបានទេ។

ព្រោះមនុស្សម្នាក់នោះបានស្គាល់ហើយថាអ្នកជានរណា ហើយអារម្មណ៍ល្អៗដែលគេធ្លាប់មានឲ្យអ្នកពីមុន ក៏ត្រូវគេប្រមូលយកទៅវិញទាំងអស់ មុនខឹង មុននឹងចង់ឈ្នះ គិតដល់លទ្ធផលក្រោយខឹង និងឈ្នះផង

អនុស្សាវរីយ៍ថ្ងៃកំណើត

ខ្ញុំនៅចាំបានកាលនៅវ័យ១៤ ១៥ ឆ្នាំខ្ញុំនៅមិនទាន់ចាំថ្ងៃកំណើតរបស់ខ្លួនឯងនោះទេ ឱ្យតែដល់ថ្ងៃកំណើតខ្ញុំចេះតែភ្លេច ហើយក៏គ្មានមិត្តភ័ក្កណាចាំថ្ងៃកំណើតរបស់ខ្ញុំដែរ។ ខ្ញុំមិនធ្លាប់សូម្បីតែទទួលបានពាក្យជូនពរ ក្នុងថ្ងៃកំណើត។ វ័យ១៦ ១៧ឆ្នាំ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ស្វែងរកអារម្មណ៍ពិសេសក្នុងថ្ងៃកំណើត ខ្ញុំតែងព្យាយាមចាំ និងទន្ទឹងថ្ងៃកំណើតរបស់ខ្លួនឯង។ កាលនោះខ្ញុំមិនចាប់អារម្មណ៍ថាមានអ្នកណាខ្លះ នឹងចងចាំថ្ងៃកំណើត ឬផ្ញើសារជូនពរអ្វីទេ ខ្ញុំសូមត្រឹមតែបាននិយាយពាក្យ Happy Birthday To Me រៀងរាល់ព្រឹកថ្ងៃកំណើត។

នៅពេលដែលខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ថ្ងៃកំណើតរបស់ខ្លួនឯង មិត្តភ័ក្ករបស់ខ្ញុំក៏ចេះចាប់អារម្មណ៍ពីវាដូចគ្នា ខ្ញុំទទួលបានសារជូនពរ និងការទូរស័ព្ទជូនពរពីមិត្តខ្លះៗ។ របស់ដែលយើងមិនរំពឹង វាធ្វើឱ្យខ្ញុំមានក្តីសុខនឹងការទទួលយកណាស់ វាមិនធំដុំសោះបើគ្រាន់តែពាក្យជូនពរពីរបីម៉ាត់ តែវាបានបង្ហាញថាខ្ញុំសំខាន់នៅក្នុងចិត្តរបស់ពួកគេ។ សម័យកាលគ្មានប្រព័ន្ធបច្ចេកវិទ្យាដាស់តឿន តើមានមនុស្សប៉ុន្មាននាក់អាចចាំថ្ងៃកំណើតរបស់អ្នក អាចទូរស័ព្ទ ឬផ្ញើសារជូនពរបាននោះ? មិនសូវមានទេ! មានត្រឹមពីរបីនាក់ ខ្ញុំក៏ចាត់ថាខ្លួនឯងសំណាងណាស់។

អាយុ២១ឆ្នាំ ខ្ញុំចាប់ផ្តើមស្រលាញ់ថ្ងៃកំណើតកាត់ថែខ្លាំង ខ្ញុំចង់ជួបជុំសប្បាយរាល់ថ្ងៃមួយនោះ។ ប្រាក់ខែបន្តិចបន្តួច ខ្ញុំត្រូវរំលែកមកធ្វើកម្មវិធីតូចមួយសម្រាប់ខ្លួនឯង ខ្ញុំតែងអញ្ជើញមិត្តភ័ក្តរបស់ខ្ញុំគ្រប់ក្រុមមកជួបជុំគ្នា ញ៉ាំអីជុំគ្នា។ ចិត្តខ្ញុំកាលនោះ ខ្ញុំមិនចាប់អារម្មណ៍សោះ ថាគេមកជាមួយអំណោយឬអត់ ការចំណាយពិធីតូចមួយនោះត្រូវឱ្យខ្ញុំញ៉ាំសៀងយូរប៉ុណ្ណា ហិហិ.. តែមិត្តភ័ក្កមានទឹកចិត្តមិនដូចគ្នានោះទេ មិត្តច្រើន បែបផែននៃក្តីស្រលាញ់ក៏ច្រើន។ មិត្តភ័ក្កខ្លះមកជាមួយនឹងអំណោយធំៗ និងខ្លះមកជាមួយអំណោយតិចតួច ខ្លះក៏មិនមានអីក្រៅពីពាក្យជូនពរ។ ថ្ងៃកំណើតគម្រប់អាយុ២៤ ឆ្នាំទើបខ្ញុំមានឱកាសទទួលបានការរៀបចំពិធីដោយសមរម្យ ដែលមានទាំងនំខួបកំណើតផង។ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ថា អារម្មណ៍ដែលគេរៀបចំគ្រប់យ៉ាងឱ្យបែបនោះគឺវាកក់ក្តៅណាស់ ខ្ញុំឈ្លក់វង្វេងអារម្មណ៍ដែលទទួលបានក្តីស្រលាញ់ ហើយចេះតែលោភលន់ចង់បានវារាល់ឆ្នាំ។

ម្តងម្កាលខ្ញុំក៏គិតទៅដល់ភាពខ្ជះខ្ជាយ ម្តងម្កាលខ្ញុំគិតទៅដល់ភាពរំខាន។ ខ្ញុំមិនអស្ចារ្យទេ! ហេតុអីថ្ងៃកំណើតរាល់ឆ្នាំត្រូវរំខានមនុស្ស មិនចេះតិចនាក់មកជួបជុំគ្នា ដើម្បីខ្លួនឯងបានក្លាយជាតួឯក? ខ្ញុំមិនអស្ចារ្យទេ! ហេតុអ្វីត្រូវចំណាយលុយច្រើនម្ល៉េះមកចំណាយលើកម្មវិធីមួយនេះ? ថ្ងៃកំណើត២៦ឆ្នាំជាលើកចុងក្រោយដែលខ្ញុំបង្កើតបរិយាកាសជួបជុំមិត្តភ័ក្កគ្រប់ក្រុម គ្រប់បក្សដែលខ្ញុំមាន។

ខ្ញុំគិតថាថ្ងៃកំណើតជាថ្ងៃសំខាន់ ជាថ្ងៃពិសេស ខ្ញុំក៏មិនចង់ចំណាយពេលវេលាជាមួយមនុស្សដែលស្រលាញ់ខ្ញុំសើរៗដែរ។ ខ្ញុំលែងធ្វើកម្មវិធីអ្វីទាំងអស់ ខ្ញុំទៅជារង់ចាំទទួលការស្រលាញ់ទៅវិញ ខ្ញុំចង់ដឹងថា បើគ្មានការស៊ីចុកហ្រ្វីៗ តើមានមនុស្សប៉ុន្មាននាក់នឹងនឹកដល់ខ្ញុំក្នុងថ្ងៃមួយនេះ? តើខ្ញុំនឹងទទួលបានសារជូនពរ និងអំណោយពីមនុស្សប៉ុន្មាននាក់?

ឆ្នាំទីមួយនោះ ខ្ញុំទទួលបានសារជូនពរដដែល តែអំណោយតិចជាងរាល់ដង តែខ្ញុំទទួលបានពាក្យតូចចិត្ត និងឌឺដងច្រើនទៅវិញ។ មិត្តរបស់ខ្ញុំដែលរង់ចាំឱ្យខ្ញុំហៅគេញ៉ាំជួបជុំ អន់ចិត្តដែលគេគ្មានវត្តមានរបស់គេក្នុងកម្មវិធីតូចមួយរបស់ខ្ញុំ តែកម្មវិធីមួយនោះមិនមែនជាការរៀបចំរបស់ខ្ញុំ តែមនុស្សមួយក្រុមផ្សេងដែលស្រលាញ់ខ្ញុំទៅវិញ។

ពីរបីឆ្នាំបន្ទាប់ ខ្ញុំចាប់ផ្តើមធុញទ្រាន់នឹងទទួលការរៀបចំថ្ងៃកំណើត ខ្ញុំមិនអាចស្វែងរកអារម្មណ៍ពិសេសសម្រាប់ថ្ងៃពិសេសមួយនោះបាន ខ្ញុំគិតថាកន្លងមកខ្ញុំរំលងមនុស្សដែលស្រលាញ់ខ្ញុំពិតប្រាកដ។ ខ្ញុំត្រឡបមកចាប់អារម្មណ៍ម៉ាក់ ប៉ា និងគ្រួសាររបស់ខ្ញុំវិញ។ គ្រួសារយើងមិនចាប់អារម្មណ៍ថ្ងៃកំណើតអីទេ ដូច្នេះពីដើមឡើយពួកគាត់មិនខ្វល់ខ្វាយរៀបចំពិធី ឬអន់ចិត្តដែលខ្ញុំទៅជប់លាងខាងក្រៅ តែឆ្នាំមួយនោះទើបខ្ញុំចាប់អារម្មណ៍ថាគ្រួសារសំខាន់។ ថ្ងៃកំណើតមិនគួរជាថ្ងៃបារម្ភ ខ្ញុំមិនគួរដើរលេងដល់យប់ជ្រៅ ខ្ញុំគួរមានកម្មវិធីជាមួយមនុស្សដែលខំហត់ ខំពិបាកដើម្បីបង្កើតខ្ញុំឱ្យមានរូបរាងក្នុងថ្ងៃនេះ។

ថ្ងៃកំណើតរាល់ឆ្នាំ ខ្ញុំត្រូវបានគេទម្រើសឱ្យមានភាពលោភលន់ ខ្ញុំតែងរាប់ថាតើខ្ញុំបានទទួលនំខេកប៉ុន្មាន ពីហាងណាខ្លះ រូបរាងស្អាតដូចម្តេចខ្លះ អំណោយអ្វីខ្លះ និងការរៀបចំឱ្យមានបែបផែនយ៉ាងណាខ្លះ។

ថ្ងៃមួយនោះ ខ្ញុំស្រាប់តែចាប់អារម្មណ៍ថាការរាប់នំខេករបស់ខ្ញុំនេះគឺវាហួសហេតុណាស់សម្រាប់អ្នកដែលមិនធ្លាប់ទទួលនំខេកសោះ។ ខ្ញុំជឿថាមានមនុស្សខ្លះ មិនធ្លាប់ទទួលបាននំខេកថ្ងៃកំណើតសោះក្នុងជីវិត អ្នកខ្លះទៀតមិនសូម្បីតែបានប្រារព្ធថ្ងៃកំណើត។

គម្រប់អាយុ៣១ឆ្នាំ​ខ្ញុំលែងចាប់អារម្មណ៍រាប់នំខេក និងទទួលអំណោយហូរហៀរនោះទៀតហើយ ខ្ញុំចង់ផ្តល់ឱ្យវិញម្តង។ ជាលើកទីមួយដែលខ្ញុំផ្តល់អនុស្សាវរីយ៍ដ៏មានន័យបំផុតមួយដល់ខ្លួនឯង ជាការចងចាំប្រចាំជីវិត។ ថ្ងៃកំណើតមួយនោះ បានប្រារព្ធជាមួយក្មេងៗកំព្រា និងក្រីក្រនៅក្នុងសមាគមន៍មួយ។ ពួកយើងបានភ្លុំទៀនខួបកំណើតជាមួយគ្នា ពួកគេប្រាប់ថានេះជាលើកទី១ដែលគេបានទទួលការធ្វើជប់លៀងថ្ងៃកំណើត និងបានទទួលការដូរថ្ងៃកំណើត វាក៏ជាលើកទី១ដែលរបស់ខ្ញុំ ដែលខ្ញុំទទួលបានស្នាមញញឹមដែលមិនបង្កប់ភាពស្រពោនក្នុងថ្ងៃកំណើត។ ត្រឹមថ្ងៃនោះ ខ្ញុំប្រាប់ខ្លួនឯងថា ភាពរីករាយបំផុតមិនមែនព្រោះតែទទួលបានទេ គឺព្រោះតែការបានឱ្យ!

អនុស្សាវរីយ៍ជាច្រើនបានកើតឡើងក្នុងថ្ងៃកំណើត រឿងសប្បាយចិត្ត និងមិនសប្បាយចិត្តជាច្រើនបានកើតឡើងដូចគ្នា។ មនុស្សយើងសប្បាយចិត្តតែពេលណាសមបំណងទេ បើមិនសមបំណងក៏រកស្នាមញញឹមបរិសុទ្ធមិនឃើញ។ អាយុកានត់តែច្រើន ខ្ញុំកាន់តែធុញថប់ក្នុងការប្រារព្ធពិធីថ្ងៃកំណើត។ ពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងមិនដឹងជាចាំថ្ងៃនេះធ្វើអីទេ! វាជាថ្ងៃរំឭកថាខ្ញុំបានចាស់មួយឆ្នាំទៀតហើយ ជាថ្ងៃដែលខ្ញុំត្រូវរាយការរបាយការណ៍ជីវិតឱ្យខ្លួនឯង បន្ទោសខ្លួនឯង និងដាក់សម្ពាធឱ្យខ្លួនឯងជាបន្តបន្ទាប់។ មួយឆ្នាំហើយ មួយឆ្នាំទៀត របស់ដែលចង់បាន បើបានហើយគ្រាន់តែអរគុណខ្លួនឯងដែលធ្វើបាន បើមិនទាន់បានគឺត្រូវធ្វើជាថ្នាក់លើបន្ទោស ដាក់កំហុស និងតឿនខ្លួនឯងឱ្យរត់ទៅរកវាឱ្យបានមក។ ថ្ងៃកំណើតយូរៗទៅ កាន់តែលែងមានន័យទៅ បើទោះខ្ញុំនៅតែខំរកនឹកធ្វើរឿងល្អៗឱ្យបានជាការចងចាំល្អប្រចាំឆ្នាំ តែខ្ញុំនៅតែធុញទ្រាន់ពេលដល់ថ្ងៃនេះម្តងៗ។

ថ្ងៃកំណើតឆ្នាំនេះវ័យ៣៤ឆ្នាំ ខ្ញុំគ្មានសូម្បីតែអារម្មណ៍និយាយពាក្យ Happy Birthday To Me ឱ្យខ្លួនឯង។ គ្មានសូម្បីតែអារម្មណ៍ទៅទិញកាដូជូនខ្លួនឯង។ ខ្ញុំសួរឆ្លើយខ្លួនឯងជាច្រើនថ្ងៃ តើខ្ញុំស្រលាញ់អី? ខ្ញុំចង់បានអី? ចម្លើយគឺភាពស្ងៀមស្ងាត់!

មកដល់ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀនពេលនិយាយថាវាជាថ្ងៃកំណើតទៅវិញ! ខ្ញុំស្រាប់តែចង់រត់គេចពីមនុស្សទាំងឡាយ មិនចង់បានអ្វី មិនចង់ទាមទារអ្វី! ថ្ងៃកំណើត! សូមត្រឹមតែជាថ្ងៃធម្មតា សាមញ្ញដូចរាល់ថ្ងៃទៅបានហើយ! ថ្ងៃកំណើតមិនមានអ្វីអស្ចារ្យនោះទេ!

ខ្ញុំមិនស្អប់ មិនស្រលាញ់អ្នកណា ព្រោះតែសកម្មភាពរបស់គេក្នុងថ្ងៃកំណើតរបស់ខ្ញុំនោះទេ តែខ្ញុំនឹងចងចាំមនុស្សដែលស្វាគមន៍វត្តមានរបស់ខ្ញុំក្នុងផែនដីនេះ។ ក្តីស្រលាញ់ ដោយទឹកចិត្ត និងទឹកមាត់គឺខ្ញុំអាចទទួលដឹងតាមអារម្មណ៍បាន មានឬគ្មានអំណោយ មានឬគ្មានការជូនពរកុំបារម្ភអី! បេះដូងរបស់ខ្ញុំវាបានប្រាប់ខ្ញុំហើយថាទង្វើរបែបណាជាក្តីស្រលាញ់ និងកិច្ចបង្គ្រប់។

ថ្ងៃកំណើតគម្រប់វ័យ៣៤ឆ្នាំ ខ្ញុំសូមអរគុណដល់មិត្ត និងមនុស្សដែលធ្លាប់ និងកំពុងស្រលាញ់ទាំងអស់ ដែលផ្តល់ការចងចាំ និងអនុស្សាវរីយ៍កន្លងមក។ វត្តមានរបស់អ្នក ជាអនុស្សាវីយ៍ក្នុងជីវិតខ្ញុំ។ អរគុណដែលតែងតែផ្តល់ការចងចាំក្នុងថ្ងៃកំណើត!

មនុស្សដែលអ្នកស្រលាញ់ក៏មិនមែនមានបេះដូងជាធុងសំរាមទេ

កុំព្យាយាមទាក់ទាញការចាប់អារម្មណ៍អ្នកដទៃលើសពីសភាពធម្មតារបស់អ្នក ព្រោះលទ្ធផលវានឹងផ្ទុយពីអ្វីដែលអ្នកចង់បាន។

ដឹងទេ? អ្វីដែលអ្នកខំសម្តែង គឺជាអ្វីដែលមិនមែនជាអ្នកនោះទេ។ ហើយអ្វីដែលមិនមែនជាអ្នកនៅពេលដែលអ្នកកាន់តែខំសម្តែង វានឹងកាន់តែមើលទៅឆ្គង។

សភាពដែលមិនពិតមិនមែនជាមន្តស្នេហ៍ទេ តែវាជាកាយវិការកំប្លែង ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនសើចចំអកឱ្យអ្នកទៅវិញទេ។

ធ្លាប់ទេ? ពេលដែលចង់ឱ្យខ្លួនឯងលេចធ្លោកណ្តាលចំនោម ស្រាប់តែខំនិយាយឮៗ ឬខំសើចខ្លាំងៗ ខំធ្វើជាសប្បាយចិត្តជ្រុល រួសរាយហួស ឬក៏ដើរតួរផ្សេងៗ ដែលមើលទៅវាមិនមែនជាខ្លួនអ្នកសោះ។ ឬពេលខ្លះទៀត ពេលបានទៅកម្មវិធីមួយ ព្រោះតែចង់ឱ្យបានលេចធ្លោក៏ខំតាក់តែងកាយដែលហួសពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង។ ខំយ៉ាងនេះ តែលទ្ធផលបានមកវិញជាក្រសែភ្នែកចម្លែក ក្រសែភ្នែកមាក់ងាយ ចំអក ដែលធ្វើឱ្យអ្នកទទួលអារម្មណ៍ខ្មាស់អៀន ឬអាមាសទៅវិញ។

ខំសម្តែងយ៉ាងនេះ គ្រាន់តែចង់បានការចាប់អារម្មណ៍ ឬការស្រលាញ់តែប៉ុណ្ណោះ តែមានដឹងខ្លួនទេ? បើចាប់ផ្តើមដោយកាយវិការមិនពិតទៅហើយ ទៅចង់បានការស្រលាញ់ឬការចាប់អារម្មណ៍ពិតយ៉ាងម៉េចទៅ?

មិនចាំបាច់ធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សក្លែងក្លាយនោះទេ មិនចាំបាច់ខំសម្តែងតួរឱ្យនរណាមកចូលចិត្ត ឬចាប់អារម្មណ៍អ្នកឡើយ។ បើម្នាក់នោះ មិនចូលចិត្តនិស្ស័យធម្មជាតិរបស់អ្នកហើយ ទោះអ្នកខំសម្តែងក៏បានចិត្តគេក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បើថ្ងៃមួយការពិតត្រូវបានលាតត្រដាង អ្នកគង់នឹងបាត់បង់គេដូចគ្នា។

ម្យ៉ាងវិញទៀត ការរាប់អាន ក្តីស្រលាញ់ពិតប្រាកដ បើកើតមានក្នុងចិត្តនរណាហើយ គេនឹងមិនប្រកាន់អ្នកច្រើននោះទេ គេនឹងព្យាយាមទទួលយកអ្វីដែលជាចំនុចមិនល្អរបស់អ្នក តែយ៉ាងណា មនុស្សដែលអ្នកស្រលាញ់ក៏មិនមែនមានបេះដូងជាធុងសំរាមទេ ទង្វើរដែលមិនល្អគួរព្យាយាមលុបបំបាត់ទៅ មនុស្សស្រលាញ់រាប់អានគ្នា គួរតែផ្តល់តែអ្វីដែលល្អៗឱ្យគ្នាទើបជាការប្រសើរ។ ឈប់សម្តែងទៅណា៎ ទើបអាចរកបានមិត្តភាព ឬស្នេហាពិតប្រាកដបាន។

ត្រូវព្យាបាលបេះដូងដែលរលាកដោយខ្លួនឯង

ទឹកមុខសោកសៅគួរឲ្យចង់នៅក្បែរ

ទឹកភ្នែករងថ្លាគួរឲ្យចង់ជូតឲ្យ

ភាសាបេះដូងបញ្ជាក់ពីភាពទន់ខ្សោយ គួរឲ្យចង់ឱបក្រសោបដើម្បីឲ្យអ្នកបានធូរស្បើយ។

មនុស្សជាទីស្រលាញ់របស់ខ្ញុំកំពុងរង់ចាំការលួងលោមពីខ្ញុំ!

បេះដូងមួយនេះឈឺណាស់ ដែលឃើញអ្នកកំពុងតែទទួលរងដូច្នោះ តែអ្វីដែលខ្ញុំជួយបាន គ្រាន់តែប្រាប់ជាមុនថាភ្លើងវាក្តៅណាស់! នៅពេលដែលអ្នកបណ្តោយឲ្យរលាកហើយ ខ្ញុំមិនអាចចូលរួមឈឺជាមួយអ្នកបានទេ។

ការជួយរបស់ខ្ញុំពេលនេះ គឺបានត្រឹមតែឈរមើលនៅម្ខាង

ជីវិតគឺបែបនេះហើយ បើខ្ញុំតែងតែបង្ហាញខ្លួនរាល់ពេលដែលអ្នកមានបញ្ហា អ្នកនឹងមិនរឹងមាំឡើយ។

ខ្ញុំមិនបានទុកអ្នកចោលទេ ខ្ញុំគ្រាន់តែចង់ឲ្យអ្នករៀនរស់ជាមួយបញ្ហា ចេះដោះស្រាយវាដោយខ្លួនឯង។

ខ្ញុំគ្រាន់តែចង់ឲ្យអ្នករឹងមាំតែប៉ុណ្ណោះ!

ទោះខ្ញុំព្រមសន្យាថាអាចជួយអ្នកបានគ្រប់ពេល តែខ្ញុំមិនអាចសន្យាថាជីវិតរបស់ខ្ញុំនឹងអមតៈនៅទីនេះរហូតទេ។

ខ្ញុំអាចធ្វើវាបាននៅពេលដែលជីវិតខ្ញុំនៅមានតែប៉ុណ្ណោះ

ខ្ញុំអាចធ្វើវាបានតែក្នុងខណៈដែលបញ្ហាតូចជាងលទ្ធភាពរបស់ខ្ញុំតែប៉ុណ្ណោះ។

យល់ពីអារម្មណ៍មនុស្សដែលស្រលាញ់អ្នកផង នៅពេលដែលអ្នករអ៊ូថាគ្មានមនុស្សនៅក្បែរពេលមានបញ្ហា

រំឭកវិញផងថាមានមនុស្សប៉ុន្មាននាក់ដាស់តឿនអ្នក មុនពេលអ្នកធ្លាក់ចូលទៅក្នុងបញ្ហា?

រលាកភ្លើងហើយ កុំបន្ទោសនរណាក្រៅពីខ្លួនឯងអី

បើចិត្តអ្នកមិនព្រមលូកចូលភ្លើងដោយខ្លួនឯង បេះដូងរបស់អ្នកក៏មិនរលាកដែរ។

ពេលនេះដឹងថាខ្លួនឯងមិនល្អ ក៏មិនត្រូវស្អប់ខ្លួនឯងដែរ

គួរតែអាណិតដែលខ្លួនធ្លាប់ល្ងង់ លើកនេះយល់ហើយថាភ្លើងវាក្តៅ ថ្ងៃក្រោយត្រូវប្រយ័ត្ន។

ពីថ្ងៃនេះទៅ ត្រូវព្យាបាលបេះដូងដែលរលាកដោយខ្លួនឯង

លួងខ្លួនឯងឲ្យដើរទៅមុខជាមួយបេះដូងស្លាកស្នាម។

ពីថ្ងៃនេះទៅ មិនត្រូវរំលងពាក្យដាស់តឿនឡើយ! គោរពមនុស្សដែលចង់ឲ្យអ្នកល្អ ស្រលាញ់មើលថែខ្លួនឯងឲ្យបានល្អ

បើអ្នកស្រលាញ់គាត់

អន់ចិត្តណាស់នៅពេលដែលមនុស្សដែលអ្នកស្រលាញ់មិនអាចចំណាយពេលជាមួយអ្នកបាន

មិនអាចឲ្យនូវអ្វីដែលអ្នកត្រូវការ មិនអាចធ្វើតាមការសន្យា..

បេះដូងកំពុងឈឺ អារម្មណ៍សោកសៅ ទឹកភ្នែកហូរប្រដេញ

មានពាក្យជាច្រើនចង់រៀបរាប់…

ចង់បង្ហាញចេញមកឲ្យអស់ ឲ្យម្នាក់នោះបានយល់ពីអារម្មណ៍របស់អ្នកពេលនេះ។

ពេលនេះអ្នកមិនសប្បាយចិត្តទេ គឺព្រោះតែគេ!

អ្នកមិនសុខចិត្តទេ បើគេអាចធ្វើអ្វីផ្សេងទៀតបានដោយមិនបង្ហាញថាមានការសោកស្តាយដែលខុសឆ្គងអារម្មណ៍អ្នក។

អ្នកមិនសុខចិត្តទេ បើគេមិនទទួលអារម្មណ៍ស្រដៀងអ្នកខ្លះៗ។

អ្នកចង់ឲ្យគេចូលរួមអារម្មណ៍ឈឺចាប់ជាមួយអ្នកតើមែនទេ?

តើការស្រលាញ់របស់អ្នកមានតែការទាមទារទេមែនទេ?

គ្មាននរណាម្នាក់មិនចង់បំពេញចិត្តមនុស្សជាទីស្រលាញ់របស់ខ្លួននោះទេ តែមនុស្សគ្រប់រូបរមែងមានភារៈរាប់មិនអស់។

នៅពេលដែលមនុស្សស្មោះត្រង់ អាក់ខានសន្យា គាត់ក៏មិនសប្បាយចិត្តដែរ តែកាលៈទេសៈត្រូវបង្ខំឲ្យគាត់សង្កត់ចិត្ត លាក់អារម្មណ៍ខ្លះ ដើម្បីបានបំពេញភារៈដែលគាត់ត្រូវធ្វើឲ្យបានរួចរាល់។

មនុស្សពូកែតែងចេះបែងចែក ថ្លឹងថ្លែង ដើម្បីចាប់យកឱកាសដើរទៅរកគោលដៅសំខាន់មួយ។

យ៉ាងណាមិញ មនុស្សមានការទទួលខុសត្រូវ នឹងមិនចំណាយពេលទៅលើស្នេហាតែម្យ៉ាងទេ!

គឺស្នេហា និងអនាគត!

ក្នុងនាមអ្នកជាមនុស្សដែលអះអាងថាស្រលាញ់គាត់ បើមិនអាចជួយអ្វីគាត់បានទេ គ្រាន់តែកុំរាំងស្ទះដំណើរគាត់អី

បើអាចធ្វើបាន គួរតែបញ្ឈប់នូវការបង្ហាញអារម្មណ៍អន់ចិត្តមួយឆាវៗនេះចេញ ព្រោះវាធ្វើឲ្យគាត់កាន់តែមានអារម្មណ៍មិនល្អ ជាមូលហេតុឲ្យគាត់មិនអាចសម្រេចកិច្ចការរបស់គាត់បានរាល់ពេលដែលភារៈទាំងនោះក្លាយជាជម្រើសរវាងអ្នក។

ឈប់ទៅ! ក្នុងការយំយែក បង្ហាញអារម្មណ៍ទុក្ខសោក ក្នុងរឿងដែលមិនមែនជាបញ្ហា!

បើអ្នកគិតថាស្នេហាមួយនេះរបស់អ្នកសម្រាប់មួយជីវិត គួរតែព្យាយាមធ្វើអ្វីដែលមានប្រយោជន៍ក្នុងការកសាងគ្រឹះស្នេហារបស់អ្នកឲ្យរឹងមាំពេញមួយជីវិតផង។

ចង់ឲ្យខ្ញុំមានចំណែកតិចតួចនៅក្នុងភាពរីករាយរបស់អ្នក

អរុណសួស្តីថ្ងៃពុធ

ថ្ងៃនេះអារម្មណ៍ល្អណាស់ ព្រោះបានសម្រាកពីការងារ។

ថ្ងៃនេះចង់និយាយគ្នាលេងជាមួយអ្នកអានរបស់ខ្ញុំបន្តិចបានទេ?

តើមិត្តអ្នកអានរបស់ខ្ញុំចូលចិត្តអត្ថបទរសជាតិបែបណាដែរ?

ចំណាំឃើញពេលនិយាយពីស្នេហា share នោះ share តែក្នុង comments ស្នើសុំអត្ថបទលើកទឹកចិត្ត

តែក្នាញ់ពេក ចង់តែសរសេរអត្ថបទទឹកភ្នែកមួយឲ្យអានទេ ហិហិហិ…

សូមសួរមួយណា បើចូលចិត្តប្រលោមលោកហេតុអីពេលខ្ញុំបង្ហោះអត់សូវបាន share ច្រើន?

ហើយសុំសួរមួយទៀត រាល់ពេល share មានអានឬអត់?

ចង់ឲ្យអ្នកបានអាន ចង់ឲ្យអ្នកបានគិត ចង់ឲ្យអ្នកមានការសម្រេចចិត្តល្អ រស់ដោយសប្បាយចិត្ត

ចង់ឲ្យខ្ញុំមានចំណែកតិចតួចនៅក្នុងភាពរីករាយរបស់អ្នក

បើទោះជាយើងមិនបានស្គាល់គ្នា យ៉ាងហោចខ្ញុំចង់ឲ្យអ្នកចងចាំខ្ញុំ យកខ្ញុំធ្វើអនុស្សាវរីយ៍របស់អ្នក។ បានទេ?

ត្រឹមក្តីស្រលាញ់ដែលពិតប្រាកដរបស់អ្នក គឺខ្ញុំស្កប់ស្កល់ហើយ

មិនសម្តែងទឹកចិត្តនាថ្ងៃពិសេស មិនមែនមានន័យថាមិនស្រលាញ់

ពោលពាក្យស្រលាញ់រាល់ថ្ងៃ ក៏មិនមានន័យថាស្រលាញ់នោះដែរ

ទង្វើ អាចសម្តែងទឹកចិត្តបរិសុទ្ធ ក៏អាចសម្តែងទឹកចិត្តក្លែងក្លាយបានដែរ។

ចូរកុំឈ្លក់វង្វេងនឹងអំណោយ ឬមនុស្សដែលមានវត្តមានត្រឹមតែពេលដែលអ្នករីករាយ។

ចូរកុំលោភលន់នឹងការបាន ព្រោះវត្ថុទាំងនោះវានឹងក្លាយជាអនុស្សាវរីយ៍ជូរចត់ នៅពេលដែលអ្នកដឹងពីចិត្តពិតរបស់អ្នកឲ្យ។

ប្រសិនបើអ្នកប្រើចិត្តលោភក្នុងការរាប់អាន អ្នកនឹងបានតែការស្រលាញ់ក្លែងក្លាយប៉ុណ្ណោះ។

ប្រសិនបើអ្នកប្រើបេះដូងក្នុងការរាប់អាន អ្នកក៏នឹងទទួលបានតែបេះដូងដូចគ្នា។

ចង់អានទឹកចិត្តនរណាម្នាក់ ចូរប្រើបេះដូងឲ្យច្រើនជាងភ្នែក។

មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ គាត់មិនបានស្រលាញ់អ្នកតែមួយថ្ងៃនោះទេ គាត់ប្រហែលមិនសូវចេះនិយាយថាស្រលាញ់អ្នកដូចគ្នា។

តែគាត់មិនដែលភ្លេចទេ ថាអ្នកចង់បានអី ចូលចិត្តអី ហើយគាត់ក៏មិនដែលខ្វល់ខ្វាយ រើសថ្ងៃក្នុងការជូនអំណោយទៅអ្នកដែរ អ្វីដែលពិសេសនោះគឺ គាត់មិនធ្លាប់ទុកអ្នកចោលពេលដឹងថាអ្នកមិនសប្បាយចិត្ត ឬជួបបញ្ហាឡើយ។

មួយឆ្នាំមាន៣៦៥ថ្ងៃ សម្រាប់ខ្ញុំថ្ងៃណាក៏ពិសេសដែរឲ្យតែជាថ្ងៃអាចទទួលបានក្តីស្រលាញ់ពិត។

អរគុណសម្រាប់ការជូនរបស់អ្នកទាំងអស់គ្នា

អរគុណសម្រាប់អំណោយពីមនុស្សដែលស្រលាញ់ខ្ញុំ

អរគុណសម្រាប់ការរៀបចំគ្រប់បែបយ៉ាងក្នុងថ្ងៃនេះ។ នៅតែអរគុណមនុស្សដែលស្រលាញ់ខ្ញុំពិត បើទោះជាមិនបានសម្តែងទឹកចិត្តពិសេសអ្វីក្នុងថ្ងៃនេះ ត្រឹមក្តីស្រលាញ់ដែលពិតប្រាកដរបស់អ្នក គឺខ្ញុំស្កប់ស្កល់ហើយ។

នេះហើយជាវិធីរស់នៅជាមួយបញ្ហា

រសជាតិពិសេសរបស់ខ្ញុំគឺនៅពេលម៉ូតូខូច

ម្យ៉ាងដែរ! ជិះទៅមករាល់ថ្ងៃមិនដែលខូច មកខូចអីចំថ្ងៃហ្នឹង? ចុះខូចថ្ងៃណាទើបគួរ? ហិហិ…

មកពីគ្នាមិនដែលខូច ឲ្យគ្នាខូចមួយថ្ងៃទៅ!

បណ្តើរម៉ូតូជារសជាតិមួយដែលមិនងាយជួបទេ

ម៉ូតូខូចពេលនៅម្នាក់ឯង ជាបញ្ហាមួយ

ម៉ូតូខូចពេលកាបូបអត់មានលុយ កាន់តែជាបញ្ហាទៀតហើយ

សំខាន់ព្រលឹមម៉ោង៦ អត់លុយឲ្យគេ គេជេស្លាប់ហើយ

តើខ្ញុំគួរធ្វើយ៉ាងណា?

ខឹង! មួម៉ៅ! ឆ្លេឆ្លា? រត់រកគេជួយ?

អត់ទេ!

ខ្ញុំរីករាយនិងខ្យល់ត្រជាក់ដែលធ្លាក់ចុះមក

ខ្ញុំបណ្តើរម៉ូតូទៅរកជាង ក្នុងចិត្តបានសួរម៉ូតូខ្ញុំថា

“ឈឺហើយមែនទេ? កូនសម្លាញ់ “

ពេលនេះអត់មានលុយក្នុងកាបូបទេ តើខ្ញុំគួរធ្វើយ៉ាងម៉េច?

តើនរណាអាចយកលុយមកឲ្យខ្ញុំបាន? តើខ្ញុំគួររំខាននរណាទេ?

ខ្ញុំគ្រាន់តែអត់មានលុយនៅក្នុងកាបូប តែខ្ញុំមានវានៅក្នុងគណនីផ្សេងៗដែលតើ។

សម័យបច្ចេកវិទ្យា មិនចាំបាច់ឲ្យខ្ញុំត្រូវតែរំខានមនុស្សដែលស្រលាញ់ខ្ញុំនោះទេ។

គ្រាន់តែទៅដកលុយពីគណនីនោះមក ក៏អាចដោះស្រាយបញ្ហារួចទៅហើយ។

អ្នកមិនអាចចេះតែរត់គេចពីបញ្ហា ឬរត់ចោលបរិយាកាសសាំញ៉ាំណាមួយ ដោយទម្លាក់ឲ្យនរណាម្នាក់មកទទួលរងជំនួសឡើយ។

គួរតែរៀនជួយខ្លួនឯង សាកល្បងធ្វើខ្លួនឯងសិនមុននឹងសម្រេចចិត្តផ្តល់ឱកាសឲ្យនរណាម្នាក់សម្តែងទឹកចិត្ត។

អ្វីដែលគួរធ្វើបន្ទាប់គឺ ធ្វើចិត្តឲ្យត្រជាក់ រកវិធីសម្របជាមួយបញ្ហា។

ចាត់ទុកថាប្តូរបរិយាកាសមួយថ្ងៃទៅចុះ

ម៉ោងដែលធ្លាប់តែអង្គុយក្នុងហាងញ៉ាំកាហ្វេ ដើម្បីសរសេរអត្ថបទ ប្រែជាម៉ោងអង្គុយក្នុងផ្ទះជាងម៉ូតូ សរសេរអត្ថបទទៅវិញ។

ខ្ញុំត្រូវអរគុណម៉ូតូខូច ដែលផ្តល់រសជាតិថ្មីឲ្យអត្ថបទខ្ញុំ និងបទពិសោធន៍ថ្មីមួយឲ្យខ្ញុំ។ ពិសេសគឺប្តូររសជាតិកាហ្វេឲ្យខ្ញុំបានមួយថ្ងៃដែរ។

ឃើញទេ? នេះហើយជាវិធីរស់នៅជាមួយបញ្ហា

កុំហត់នឿយ កុំដាក់សម្ពាធឲ្យខ្លួនឯងពេក ត្រូវខំរស់ឲ្យសប្បាយជាមួយបញ្ហាដើម្បីបញ្ឈឺអ្នកដែលដាក់បញ្ហានេះមកលើអ្នក