លោកប៉ា

ពេលខ្លះដែលខ្ញុំពិបាក គាត់មិនជួយខ្ញុំទេ ធ្វើឲ្យអន់ចិត្តណាស់ តែគាត់ណែនាំឲ្យខ្ញុំស៊ូ ខ្ញុំខំឆ្លងកាត់វាឲ្យបានទាំងទឹកភ្នែក បន្ទាប់មកទើបខ្ញុំដឹងថាគាត់បានបង្រៀនឲ្យខ្ញុំរឹងមាំ។

ពេលដែលមនុស្សគ្រប់គ្នាសសើរភាពស្រណុកស្រួលដែលខ្ញុំកំពុងមាន គឺគាត់តែម្នាក់ដែលពោលថាខ្ញុំពិបាក… មានតែគាត់ទើបដឹងថាបេះដូងខ្ញុំទន់ខ្សោយឬរឹងមាំប៉ុនណា។

គាត់តែងខ្វល់ខ្វាយ ពីសុខទុក្ខរបស់ខ្ញុំ ទោះពេលខ្លះគាត់មិននិយាយអី តែគាត់តែងលួចមើលទឹកមុខរបស់ខ្ញុំ គាត់ត្រៀមខ្លួនជានិច្ចក្នុងការលះបង់ដើម្បីខ្ញុំ។

ខ្ញុំលង់ចិត្តព្រោះការស្រលាញ់យ៉ាងជ្រាលជ្រៅរបស់គាត់។

ខ្ញុំកក់ក្តៅនៅក្នុងក្តីស្រលាញ់របស់គាត់ ខ្ញុំច្បាស់ថាមិនមានបុរសណាស្រលាញ់ខ្ញុំដូចគាត់ឡើយ។

លោកប៉ារបស់កូន ជាវីរៈបុរស ជាអ្នកផ្តល់បេះដូងរឹងមាំដល់កូនស្រី។

បេះដូងដែលរឹងមាំ អត់ធ្មត់ ខន្តី ច្បាស់លាស់ ប្រាកដប្រជា គឺប៉ាបង្រៀនកូន។

កូនប៉ាមកដល់ថ្ងៃនេះបាន គឺព្រោះប៉ា

វីរៈបុរសរបស់កូន

ប្រសើរ

ស្រលាញ់ខ្លួនឯងពេក មានជំនឿចិត្តលើខ្លួនឯងពេក មោទនៈលើខ្លួនឯងពេក ក៏ស្រាប់តែច្រលំថាមានតែខ្លួនឯង ឬខ្លួនឯងគួរតែលើសគេ។

បែបនេះភាពល្អទាំងឡាយដែលមានគឺអស់តម្លៃមួយរំពេច។

មនុស្សល្អមិនលោភលន់ មនុស្សល្អមិនអំនួត មនុស្សល្អមិនមើលងាយអ្នកដទៃ។

មនុស្សមានជំនឿចិត្តមិនចាំបាច់ខ្វល់ខ្វាយធ្វើការប្រៀធៀប នឹងនរណាច្រើនទេ។ មនុស្សពូកែគាត់នឹងខ្វល់តែពីការអភិវឌ្ឍរបស់ខ្លួនគាត់។

តែមនុស្សទន់ខ្សោយ មនុស្សលោភលន់ តែងមានការបារម្ភ ខ្លាចច្រើន។ ខ្លាចអ្វីដែលកំពុងមានមិនស្ថិតស្ថេរយូរ ខ្លាចអ្វីដែលប្រសើរមិនប្រសើរលើសគេ។

បែបនេះហត់ណាស់់! ទោះអ្នកពូនខ្លួនឯងឲ្យខ្ពស់ដូចភ្នំក៏អ្នកនៅតែមិនព្រមឈប់បារម្ភ។ នៅពេលដែលដឹងថាភ្នំខ្ពស់គង់ទាបជាងស្មៅ តើអ្នកចង់ឡើងទៅណាទៀត?

ភាពជោគជ័យដោយសុភមង្គល គឺការសម្រេចបំណងប្រាថ្នាខ្លួនឯង មិនមែនការប្រណាំងប្រជែងទេ។ ការប្រជែងវានឹងធ្វើឲ្យអ្នកហត់មួយជីវិតបើអ្នកមិនឈប់បន្តនូវចិត្តចង្អៀត។ អ្នកចង់ប្រសើរគឺល្អណាស់ តែគប្បីប្រសើរក្នុងករណីមិនធ្វើបាបខ្លួនឯង ពិសេសកុំប្រសើរដោយបាត់បង់ក្តីស្រលាញ់ និងក្តីគោរព បែបនោះគឺគួរឲ្យអាណិតវិញទេ

ជីវិតនឹងកាន់តែស្រស់ស្រាយ

ថ្ងៃនេះអារម្មណ៍ដូចជាអួរអាប់ខ្លាំងណាស់
សុខៗធុញទ្រាន់នឹងអ្វីដែលធ្វើជាប្រចាំ
ខ្ញុំស្រាប់តែគិតថាជីវិតមិនដឹងមានន័យអី បើរាល់ថ្ងៃធ្វើតែរឿងដដែល យូរទៅកាន់តែសោះកក្រោះទៅ។
ខ្ញុំងើយក្បាលសួរនាំទៅមេឃបន្តិច នរណាផ្តល់ជីវិតសោះកក្រោះបែបនេះឲ្យខ្ញុំ?
ខ្ញុំដើរមកឆ្លុះកញ្ចក់វិញហើយ ចង្អុលមុខខ្លួនឯង គ្មាននរណាក្រៅពីម្នាក់ហ្នឹងទេ
ខ្ញុំសើចបន្តិច ហើយសួរខ្លួនឯង កើតអីហ្នឹង?
អាចធ្វើរឿងដដែលៗរាល់ថ្ងៃគឺមានន័យថាជីវិតកំពុងមានស្ថេរភាព ប៉ុណ្ណឹងហើយចង់បានអីទៀត?
បើចង់សប្បាយជាងហ្នឹងបន្តិចទៀត ក៏គួរកាត់បន្ថយភាពលោភលន់ ហើយបន្ថែមភាពវិជ្ជមាន ខ្លះទៅជីវិតនឹងកាន់តែស្រស់ស្រាយហើយ។
ចង់តែដាក់ខ្លួនឯងមួយក្រញ៉ទេ ព្រលឹមឡើងមកចង់ Drama កាត់ព្រឹកអីឯណា៎
តោះ! ទៅធ្វើការវិញ

ជីវិតពេញលេញ

រៀនចេញពីសាលាតែមួយ ជំនាន់តែមួយ
គេមានតំណែងល្អនៅកន្លែងធ្វើការ គេក្លាយជាសហក្រិន
គេមានផ្ទះធំនៅ គេមានឡានទំនើបជិះ
គេមានគ្រួសារ គេបានដើរលេងគ្រប់ទីកន្លែង..

ឯខ្ញុំវិញ……
គិតហើយខ្មាសគេ គិតហើយតូចចិត្ត…

គិតធ្វើអីបើអត់សប្បាយចិត្ត?
បើគិតថាទាំងអស់ដែលគេមាននោះជាអ្វីដែលខ្ញុំនេះខ្វះមិនបាន ម្ល៉េះពេលនេះខ្ញុំរស់មិនបានទេ
បើគិតថាទាល់តែមានគ្រប់បែបយ៉ាងដូចគេមានទើបខ្ញុំមានកក្តីសុខ ខ្ញុំនឹងមិនធ្លាប់សើចទេ

តែពេលនេះខ្ញុំអត់មានអី្វទាំងអស់ដូចដែលគេមានទេ ខ្ញុំនៅតែរស់បានហើយរស់សប្បាយ។
អ៊ីចឹងអ្នកណាមានអីមានទៅ ខ្ញុំមិនគួរខ្វល់ក្នុងការធ្វើការប្រៀបធៀប ដោយតម្កើងគេឲ្យខ្ពស់ជាងខ្លួនឯង ធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តទេ។ អ្នកដែលមានគ្រប់បែបយ៉ាងនោះ មិនដឹងថាគេមានសុខស្មើខ្ញុំឬអត់ផង 😊

ហើយម្យ៉ាងទៀតរបៀបរស់នៅរបស់មនុស្សមិនចាំបាច់តែត្រូវតែក្លាយជាថៅកែ មានផ្ទះវីឡាននៅ មានឡានទំនើបជិះ ឬមានគ្រួសារ ទើបហៅថាជីវិតពេញលេញអីនោះទេ។

ជីវិតដែលពេញលេញ គឺជីវិតដែលចេះបង្កើតសេចក្តីស្ងប់សុខឱ្យខ្លួនឯងដោយមិនបៀនបៀនអ្នកដទៃ រឹងមាំប្រឈមបញ្ហាតូចធំ ស្លាប់ទៅវិញដោយបន្សល់អនុស្សាវរីយ៍ល្អៗនៅលើផែនដី នេះហើយដែលខ្ញុំហៅថាជីវិតពេញលេញ ពេញរសជាតិ រសមានន័យ

បើចង់ឱ្យចិត្តរីករាយ

នៅពេលដែលអ្នកដាក់បន្លា ស្រះរបងមិនឱ្យគេទៅក្បែរ
អ្នកកុំតូចចិត្តអីថាគ្មាននរណាខ្វល់ពីអ្នក ហើយក៏មិនចាំបាច់អង្គុយចាំរាប់មនុស្សដែលខំព្រមមុតបន្លាដើម្បីទៅរកអ្នកដែរ។ ព្រោះថាគេនឹងព្រមមុតបន្លាម្តងទៀតដើម្បីចាកចេញពីអ្នក នៅពេលដែលគេដឹងថាបន្លាទាំងនោះដាំដោយដៃអ្នក។

អត់មាននរណាសប្បាយចិត្តចង់រក្សាសម្ព័ន្ធភាពជាមួយមនុស្សដែលចូលចិត្តផ្តល់ការលំបាកឱ្យគេទេ។
កុំអាងតែគេស្រលាញ់ ខ្លួនធ្វើអ្វីក៏ត្រូវ
កុំអាងតែគេស្រលាញ់ ចាំឱ្យគេយល់ពីយើងគ្រប់រឿង។
ព្រះនាង ព្រះអង្គម្ចាស់ កូនទោល កូនពៅ មនុស្សសំណព្វ ទុកនិស្ស័យហ្នឹងធ្វើដាក់តែខ្លួនឯង ហើយទ្រាំនឹងខ្លួនឯងឱ្យបានទៅ ព្រោះមនុស្សក្បែរៗគេមិនទ្រាំនឹងអ្នកបានរហូតទេ។

កុំថាជាគូស្នេហ៍ មិត្តល្អ សូម្បីមនុស្សក្នុងគ្រួសារអ្នក គង់ទុកអ្នកឱ្យនៅជាមួយចរិតនេះម្នាក់ឯងម្តងម្កាលដែរ។
កាត់បន្ថយខ្លះទៅ! កុំចេះតែច្រលំថាខ្លួនឯងពិសេសពេក
យល់ពីអារម្មណ៍អ្នកដទៃផង ហើយរៀនប្រាប់ខ្លួនឯងផង
យើងហ្នឹងអត់មានគុណសម្បត្តិអីឱ្យគេត្រូវតាមទ្រ តាមខ្វល់រហូតទេ។

ចឹងហើយឈប់ស្រះបន្លា សង់របង ហើយសំងំរង់ចាំមនុស្សទៅរកអ្នកទៅ។ បើកចិត្ត បើកបេះដូង សាងទំនាក់ទំនង សាងក្តីស្រលាញ់ឱ្យបានច្រើន បើចង់ឱ្យចិត្តរីករាយណា៎

ដោយក្តីបារម្ភ

ប្រៀបធៀប

កុំចេះតែច្រលំថាមានតែខ្លួនដែលអស្ចារ្យ កុំចេះតែគិតថាមានតែឯង សម្លឹងៗមើលគេខ្លះទៅក៏មិនខាតពេកដែរ។

ការលើកសរសើរ ឱ្យតម្លៃដល់មនុស្សដទៃដែលប្រសើរជាងយើង គឺជាប្រយោជន៍មួយដែលជួយឱ្យយើងបានរីកចម្រើន។

ផ្ទុយទៅវិញ ការដែលមិនព្រមបើកចិត្តទទួលស្គាល់ការពិតថាលើលោកនេះពិតជាមានមនុស្សពូកែជាងខ្លួនមែន ដូចជាឃុំខ្លួនឱ្យរស់នៅក្នុងភាពងងឹត គ្មានថ្ងៃអភិវឌ្ឍន៍ គ្មានថ្ងៃរីកចម្រើន។

ពេលខ្លះឱ្យខ្លួនឯងឈឺបន្តិចចុះ ព្រោះបើមិនធ្លាប់យំសោះក៏មិនដឹងថាពេលបានសើចមានក្តីសុខប៉ុនណាដែរ។
ជីវិតពេលខ្លះត្រូវដាក់នៅក្នុងការប្រៀបធៀបដើម្បីឱ្យបានដើរទៅមុខលឿនបន្តិច តែបើទោះជាត្រូវបើកភ្នែក បើកចិត្តសម្លឹងអ្នកដទៃដើម្បីប្រៀបធៀបនឹងខ្លួនក៏ដោយ សុំឱ្យប្រើការគិតវិជ្ជមាន ការគិតដោយគ្មានចិត្តឈ្នានីស ការបណ្តុះភាពរីកចម្រើនដោយមិនជាន់ពន្លិចអ្នកដទៃ ព្រោះថាការអភិវឌ្ឍដោយមិនលាយចិត្តបាប នឹងរក្សាចិត្តអ្នកឱ្យមានក្តីសុខជាមួយភាពជោគជ័យនោះផងដែល។

ពេញចិត្តនឹងអ្វីដែលកំពុងតែមាន

ពេលនេះ ម៉ោងនេះ ខ្ញុំមិនមានអ្វីដែលអ្នកមានទេ
តែពេលនេះ ម៉ោងនេះ ខ្ញុំកំពុងក្តោបក្តាប់អ្វីដែលខ្ញុំមិនធ្លាប់មានពីមុន!
ខ្ញុំមិនប្រាថ្នាភាពហ៉ឺហាឡើយ ចង់បានត្រឹមតែភាពសមរម្យ។

ពេលវេលាដែលខ្ញុំប្រើកន្លងមក គឺបានអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរជាងអតីតកាលរបស់ខ្ញុំ ហើយខ្ញុំបានខំអស់លទ្ធភាពហើយដើម្បីទទួលបានភាពសមរម្យមួយនេះ។

ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែមាននេះហើយ ខ្ញុំស្កប់ស្កល់ហើយ..
ហើយអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ គឺថែសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះសុខភាពជាទ្រព្យដ៏មានតំលៃបំផុតរបស់យើង!
សុខភាពល្អទើបអាចឱ្យខ្ញុំសុខបានយូរ ហើយមានឱកាសបានឃើញស្នាមញញឹម និងបានញញឹមដាក់មនុស្សទាំងឡាយដែលស្រលាញ់ខ្ញុំ។

គិតវិជ្ជមានរស់បានសុខជាងណា៎

កុំរំជើបរំជួល

កុំរំជើបរំជួលជាមួយអ្វីដែលកំពុងតែមាន ព្រោះថាវាដូចជាភ្លៀង បើទោះជាធ្លាក់ជោកជាំប៉ុនណា ភ្លៀងគង់តែរាំង។
គ្រប់សភាពក្នុងផែនដីនេះមិនថាជាភាពវិជ្ជមាន ឬអវិជ្ជមានទេ ជឿទៅ! វាមិនស្ថិតនៅជារៀងរហូតទេ។

កុំតក់ស្លុត ក៏កុំរំភើបហួសហេតុពេក។ គ្រាន់តែទទួលដឹងទៅថាពេលនេះវាកំពុងកើតហើយ ហើយចាំមើលបន្តថាវានឹងទៅជាយ៉ាងណា និឹងមានអ្វីកើតឡើងបន្ទាប់ពីហេតុមួយនេះ?

កុំលង់ដល់កើតអំនួតពេកអី បើពេលនេះអ្នកកំពុងគ្របដណ្តប់ដោយសេចក្តីចម្រើន
ក៏កុំលង់ដល់អស់កម្លាំងរស់ បើពេលនេះជីវិតអ្នកកំពុងតែធ្លាក់ចុះជាទម្ងន់។

បន្តិចទៀតវានឹងផ្លាស់ប្តូរហើយ នៅពេលដែលវាចង់ទៅ មិនថាសេចក្តីល្អ ឬអាក្រក់ក៏ដោយ.. លែងវាទៅ!
បន្តិចទៀត វានឹងមកវិញហើយ មកតាមរូបរាងបែបណាយើងមិនដឹងទេ គ្រាន់តែដឹងថាមានតែពីររសទេ គឺល្អ និងអាក្រក់។

ប្រាប់ខ្លួនឯងឱ្យសាំនឹងវា ហើយទប់ចិត្តកុំរំជើបរំជួល។ ធម្មតាៗបានហើយ! បន្តិចទៀតវាទៅវិញហើយ

ទំនុកចិត្ត

ទំនុកចិត្តគឺជាតម្លៃរបស់មនុស្ស ដឹងទេបើមាននរណាម្នាក់អាចនិយាយរឿងជាច្រើនប្រាប់ទៅអ្នក ព្រោះតែគាត់ទុកចិត្តអ្នកខ្លាំង ព្រោះតែគាត់ឱ្យតម្លៃអ្នកខ្ពស់។

បើថ្ងៃមួយអ្នកចែករំលែករឿងនោះទៅមនុស្សទីបី ទោះគាត់មិនដឹង តម្លៃរបស់អ្នកក៏នឹងទាបចុះ។
រឿងខ្លះមិនមែនជារឿងអាថ៌កំបាំងអ្វីឡើយ តែវាក៏មិនមែនជាការងារអ្វីដែលអ្នកត្រូវយកទៅចែកចាយ។ រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ រឿងក្នុងចិត្តរបស់គេ តើវាសមអីឱ្យអ្នកយកទៅដើរនិយាយពីមាត់មួយទៅមាត់មួយ តៗគ្នា?

កិរិយាល្អ គឺជាកិរិយាដែលមិនបរិហាអ្នកណាឡើយ
កិរិយាល្អ គឺជាកិរិយាដែលមិនក្បត់មនុស្សដែលគេខំជឿ
កិរិយាល្អ នឹងផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នក
កិរិយាល្អ នឹងនាំឱ្យអ្នកជួបតែមនុស្សល្អដូចគ្នា។

ជឿទៅ! មិនមែនរឿងយើង កុំនិយាយអី!
គេមិនពឹងឱ្យប្រកាសយើងខំធ្វើអី? បើគេពឹងមែន តើយើងមានមាត់ជាមេក្រូឬ?
ជឿទៅណា៎! និយាយដើមគេ វាមិនថ្លៃថ្នូទេ!

ឯកា

នៅម្នាក់ឯងធ្លាប់ឯកាទេ?

ឯកាមិនធ្លាប់ទេ តែបើអផ្សុកប្រហែលជាធ្លាប់។

ភាពឯកាមិនកើតឡើងចំពោះតែមនុស្សដែលនៅម្នាក់ឯងទេ វាកើតឡើងបានបើទោះជាអ្នកកំពុងនៅក្នុងចំនោមមនុស្សយ៉ាងច្រើន ឬកំពុងតែគេងឱបមនុស្សជាទីស្រលាញ់ក៏ដោយ។

ភាពឯកាវាមិនរើសអើងស្ថានភាពជីវិតរបស់អ្នកណាឡើយ វាទៅរកប្រភពអារម្មណ៍ទន់ខ្សោយគ្នាវាតែប៉ុណ្ណោះ។
បើអ្នកណាចូលចិត្តសន្សំសំបុកអារម្មណ៍ទន់ខ្សោយ រវើររវាយ អ្នកហ្នឹងហើយជាមិត្តជិតស្និទ្ធរបស់ភាពឯកា។

ចាំណា៎!
បើចិត្តអ្នកទន់ខ្សោយ ភាពឯកានឹងមកលេងអ្នកហើយ
ភាពឯកានេះណា វាស្មោះត្រង់នឹងមិត្តភក្តិវាណាស់!

ឈប់សួរថាមនុស្សនៅម្នាក់ឯងឯការឬអត់! ការនៅម្នាក់ឯងមិនពាក់ព័ន្ធនឹងភាពឯកាទេ! បើមិនជឿទេសួរអ្នកដែលកំពុងអន់ចិត្ត រកាំរកូសជាមួយគូស្នេហ៍ ឬមិត្តល្អៗទៅ ថាឯកាទេ?

គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត

ថ្ងៃនេះខ្ញុំស្រាប់តែមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់
ខ្ញុំស្រាប់តែមានអារម្មណ៍ថាការខំប្រឹងប្រែងកន្លងមកដូចជាមិនទៅមុខសោះ
ខ្ញុំល្វើយណាស់! ខ្ញុំចង់គេងណាស់… ចង់គេងរហូត….

គេនិងខ្ញុំមិនដូចគ្នា ខ្ញុំឃើញគេមិនសូវខំ តែគេមើលទៅហំជាងខ្ញុំ។ ខ្ញុំខំរកពេលសម្រាកមិនបាន តែមិនអាចបានសូម្បីតែពាក់កណ្តាលគេ។
ឱ!ជីវិត! អ្នកណាកំណត់?

បើជឿលើវាសនា ខ្ញុំមិនបាច់ខំ គ្រាន់តែចាំសំណាង។ ចុះ តើខ្ញុំមានសំណាងទេ?
តែបើជឿលើខ្លួនឯង ខ្ញុំខំយូរហើយ ហេតុអីមិនបានដូចដែលចង់បាន?

ការដើរទៅរកគោលដៅមួយដែលអ្នកចង់ទៅ មិនមែនឱ្យតែខំក៏បានដូចចិត្តនោះទេ បើអ្នកមិនប្រើភាពឆ្លាតផងនោះ។ ហើយបើអ្នកមានសំណាង អ្នកនឹងមិនចាំបាច់ខំដល់ហត់ខ្លាំងឡើយ។
មនុស្សឆ្លាត នឹងមិនសំងំតែធ្វើអ្វីដដែលៗនោះទេ តែគេតែងសិក្សាស្វែងយល់ពីអ្វីដែលថ្មីៗ ហើយរកវិធីបង្កើតសំណាងឱ្យខ្លួនឯង។
សំណាងដែលបានពីភាពឆ្លាតផង ពីកុសលផង បូកផ្សំការខំប្រឹងប្រែងផង មិនយូរប៉ុន្មានអ្នកនឹងមកដល់ទីមួយដែលអ្នកប៉ងប្រាថ្នា។

ហត់ខ្លាំងអាចសម្រាកបាន គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត!
ភ្ញាក់ពីភាពទន់ជ្រាយ ហើយពង្រឹងខ្លួនឯងសារជាថ្មី!
ក្តីស្រមៃរបស់អ្នកនៅមិនឆ្ងាយពីអ្នកទេ! ខំបន្តិចទៀតណា៎

មិនចាំបាច់តែហ៊ឺហាទេ

មានរូបថត pre-wedding ស្អាតៗគឺឡូយណាស់
មានផ្កាស្រស់តុបតែងពិធីក៏កាន់តែឡូយទៀត
អញ្ជើញភ្ញៀវគ្រឹកគ្រេងរឿងអីមិនអស្ចារ្យ?
មង្គលការរបស់ខ្ញុំ មួយជីវិតការម្តង ខ្ញុំចង់ឱ្យគ្រប់យ៉ាងអស្ចារ្យបំផុត អស្ចារ្យជាងគេ ឬអស្ចារ្យជាងអ្នកនេះ អ្នកនោះ…
អស្ចារ្យហើយបានអីមក?

ថ្ងៃរៀបការកូនជាថ្ងៃដែលឪពុកម្តាយសងខាងរវល់បំផុត
ហត់បំផុត ជាថ្ងៃដែលបងប្អូនជិតស្និទ្ធរត់ដាច់ជើងចោល
ដើម្បីតែភាពពិសេសដែលអ្នកទាំងពីរចង់បាន ឪពុកម្តាយត្រូវទូលបំណុល ឬខ្លួនឯងក៏ទូលបំណុល..

ដើម្បីតែភាពពិសេសដែលអ្នកចង់បាន ចង់ឲ្យុមានចំនួនភ្ញៀវចូលរួមច្រើនមនុស្សស្គាល់គ្នាល្មមៗក៏ត្រូវតែរំខាន
ខ្មាស់ទេបើគ្រាន់តែការចង់បានរបស់មនុស្សពីរនាក់ ត្រូវនាំពិបាកមនុស្សមិនតិចនាក់? ខ្លាចបាក់មុខទើបត្រូវធ្វើបែបមែនទេ? បើធ្វើបែបនេះហើយវាពិសេសដល់ជាប់ឈ្មោះបំបែកឯកត្តកម្មពិភពលោកទេ? បើជាប់ហើយមានប្រយោជន៍អីដល់ផែនដីដែលអ្នករស់នៅទេ?

មើលចុះមង្គលការប្រារព្ធរួចហើយ គគ្រឹកគគ្រេងប៉ុនណាក៏មិនបានប្រយោជន៍អីដល់ផែនដីដ៏ស្រស់បំព្រងមួយនេះ
នៅសល់តែមនុស្សឈឺដោយការហត់ អស់កម្លាំង
ការប្រកែកគ្នាព្រោះលទ្ធផលមិនដូចគិត នៅសល់តែបំណុលដែលត្រូវរ៉ាប់រង…

តើប្រើពេលយូរប៉ុនណាទើបដោះស្រាយបញ្ហាលោភមុនមង្គលការចប់?
មង្គលការដែលអស្ចារ្យមិនចាំបាច់តែហ៉ឺហាទេ គ្រាន់តែអាចជំនះចិត្តខ្លួនឯងឲ្យប្រព្រឹត្តទៅតាមលទ្ធភាពទឹកលុយ និងកម្លាំងពលកម្ម គឺវាអស្ចារ្យណាស់ហើយ

មង្គលការដែលគគ្រឹកគគ្រេង គួរតែគ្រឹកគ្រេងដោយក្តីស្រលាញ់និងអំណរ មិនគួរមានវត្តមានអ្នកចូលរួមដោយចិត្តទើសទាល់នោះទេ។
មនុស្សដែលស្រលាញ់មានប៉ុន្មាននាក់អញ្ជើញប៉ុណ្ណឹងទៅ ស្គាល់គ្នាល្មមៗអញ្ជើញធ្វើអី? រំលងខ្លះទៅចាត់ទុកថា កាត់បន្ថយការចំណាយទូទៅ