គាត់ត្រូវតែខ្វល់ពីអ្នកឲ្យបានច្រើន
គាត់ត្រូវតែផ្តល់ឲ្យអ្នកឲ្យបានច្រើន
គាត់ត្រូវតែតាមចិត្តអ្នកឲ្យបានច្រើន
អ្នកជានរណាបានជាអ្នកទាមទារច្រើនម្ល៉េះពីគាត់?
អ្នកអាងថាអ្នកជាមនុស្សដែលគាត់ស្រលាញ់ខ្លាំង
អ្នកត្រូវតែឲ្យគាត់ផ្តល់នូវអ្វីដែលអ្នកចង់បាន។
អ្នកថាប៉ះពាល់អារម្មណ៍ខ្លាំងណាស់បើគាត់ទាំងពីរមិនចុះសម្រុងគ្នា
អ្នកតាំងខ្លួនជាអ្នកកាត់សេចក្តីឲ្យមានអ្នកខុសនិងត្រូវរវាងពួកគាត់ទាំងពីរ
អ្នកហាមឃាត់មិនឲ្យគាត់ប្រើបេះដូងលើសពីការទទួលខុសត្រូវ
អ្នកជានរណា?
អ្នកត្រឹមតែជាកូនបំណុលពួកគាត់តែប៉ុណ្ណោះ
ត្រឹមតែជាសម្ពាធរបស់់ពួកគាត់តែប៉ុណ្ណោះ
បើជួយអ្វីគាត់មិនបានទេ ក៏គួររៀនយល់ចិត្តគាត់ឲ្យបានច្រើន
បើគាត់មិនចុះសម្រុងគ្នា កុំបង្ខំឲ្យគាត់ទ្រាំមើលមុខគ្នាដើម្បីតែអ្នក
បើគាត់កំពុងនៅម្នាក់ឯង កុំហាមគាត់មិនឲ្យបើកបេះដូងទទួលអ្នកថ្មី
ឪពុកម្តាយមានតួនាទីបីបាច់ថែរក្សាបុត្រគឺពិតមែន តែគាត់ក៏ជាមនុស្សដែលចង់រស់នៅជាមួយបេះដូងនៃស្នេហារវាងប្រុសនិងស្រីដែរ។
ចូរធ្វើជាកូនដែលព្រមយល់ពីហេតុផល កុំធ្វើជាកូនដែលអាត្មានិយម
ការស្រលាញ់និងការយោគយល់ នឹងធ្វើឲ្យអ្នកនិងមនុស្សដែលអ្នកស្រលាញ់មានសុភមង្គល
រឿងពិតដែលមិនគួរនិយាយលេង
អ្នកអាចធ្វើជំរឿនបាន
តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តឲ្យគេយករឿងអាស្រូវរបស់ខ្លួនមកលេងសើច?
ចាប់ផ្តើមសួរពីចិត្តខ្លួនឯងសិនមុនទៅសួរអ្នកដទៃផ្សេងទៀត។
បើអ្នកជាមនុស្សដែលធ្លាប់លែងលះ
តើអ្នកស្តាប់ទៅកំបែ្លងទេបើសិនគេនិយាយថាដូច្នេះហើយបានជាលែងគ្នា?
មិនត្រឹមតែមិនកំប្លែងទេ តែកាន់តែក្តៅត្រចៀកដែលឮពាក្យពោះម៉ាយ
ឬមេម៉ាយ តើមានមនុស្សប៉ុន្មាននាក់ដែលចង់បានឈ្មោះនេះ? ឈ្មោះដែលតំណាងពីប្រវត្តិបែកបាក់
គ្មានមនុស្សចង់បានទេ
ក៏ព្រោះតែជាជម្រើសមួយដើម្បីសុខទើបមនុស្សត្រូវប្តូរមកទទួលពាក្យនេះ។
ក្រ! ល្ងង់! ធាត់! ស្គម! ខ្មៅ! ទាប! ខ្នងកោង…
បរាជ័យក្នុងការសិក្សារ រឺការងារ ? សង្សារទាត់ចោល?
មានអីចង់បន្ថែមទៀតទេ?
ជីវិតក្នុងផែនដីនេះ
តើមាននរណាចង់កើតមកជាមួយរាងកាយមិនជាទីចាប់អារម្មណ៍? តើមាននរណាមិនចង់សមបំណងក្នុងផ្លូវជីវិត?
មិនមាននោះទេ!
ទោះជាមិនមានអ្នកចង់បាន ក៏នៅតែមានមនុស្សទទួលបានទាំងអស់នោះ
ហើយត្រូវព្រមរស់នៅជាមួយគុណវិបត្តិទាំងនោះ!
វាអាចជាការឈឺចាប់មួយ នៅពេលដែលមនុស្សបានអ្វីផ្ទុយពីគាត់ចង់បាន។
បើនាងជានារីដែលស្រលាញ់រូប ហើយបានកើតមកជាមួយរាងកាយខ្មៅមិនស្អាត
តើនាងនឹងមានអារម្មណ៍បែបណា?
បើគាត់ជាមនុស្សដែលមានការរៀបចំជីវិតយ៉ាងម៉ត់ចត់
តែទីបញ្ចប់ក៏ត្រូវសង្សារទាត់ចោល.. តើគាត់នឹងមានអារម្មណ៍បែបណា?
ប្រើពាក្យ “បើ” នេះចំពោះខ្លួនឯង ហើយគិតថាអ្វីៗទាំងនោះធ្លាក់មកលើខ្លួនអ្នក
តើអ្នកនឹងមានអារម្មណ៍បែបណា?
វានឹងមិនកំប្លែងទៀតទេដែលត្រូវយករឿងអាស្រូវរបស់នរណាម្នាក់មកនិយាយឲ្យបានសើចនោះ។
អ្នកនិយាយអាចសើចក្នុងរយៈពេលដែលខ្លី តែអ្នកដែលត្រូវគេបញ្ឈឺ
គាត់នឹងឈឺក្នុងរយៈពេលវែង ឬអាចដល់មួយជីវិត។
ការបង្កើតសំណើចដោយជះក្តីអាម៉ាស់ដល់អ្នកដទៃ
វាជាទារុណកម្មផ្លូវចិត្តដែលឃោរឃៅមួយ
បើទោះជាអ្នកមិនមានបំណងអាក្រក់
តែការលេងសើចរបស់អ្នកអាចធ្វើឲ្យអ្នកដទៃទទួលការបាក់ទឹកចិត្តបាន។
ពាក្យសម្រាប់លេងសើចមានច្រើនណាស់
ចូលប្រើតែពាក្យណាដែលមិនធ្វើឲ្យអ្នកដទៃឈឺចាប់ផងចុះ។
ឪពុកម្តាយដែលពូកែ
បុរសវ័យជិត ៥០ឆ្នាំ
អង្គុយទល់មុខក្មេងស្រីជំទង់វ័យប្រហែល ១៥ឆ្នាំ នៅក្នុងហាងកាហ្វេមួយ។
ទាំងពីរនាក់ក្នុងសម្លៀកបំពាក់ ហំហួន កាយវិការថ្លៃថ្នូរ។
ជាបិតាដែលគួរឱ្យគោរព
កំពុងប្រើពាក្យទូន្មានទៅកូនស្រីដែលកំពុងស្ថិតក្នុងវ័យភ្លើតភ្លើន
ធ្វើឱ្យនាងស្រក់ទឹកភ្នែកផង សើចផង ពេលខ្លះក៏ប្តូរកាយវិការស្រគត់ស្រគំ ពេលខ្លះក៏ញិញ៉ក់គួរឱ្យស្រលាញ់។
គាត់ប្រើពេលតែ ៣០នាទីទូន្មានបុត្រី
ឱ្យនាងយល់ហើយមិនឱ្យនាងទទួលអារម្មណ៍អាប់អួរសម្រាប់ថ្ងៃថ្មីរបស់នាងឡើយ។
ខ្ញុំលួចអានដោយស្ងប់ស្ងាត់ហើយវិភាគ:
មានបុត្រពេលមានជីវភាពល្អសមរម្យ
មានបុត្រពេលមានអាយុចាស់ទុំបន្តិច
គឺល្អណាស់!
នៅពេលដែលជីវភាពមិនលំបាក ការផ្តល់ឱ្យបុត្រកាន់តែបានច្រើន
ទាំងការអប់រំ សម្ភារៈលើកទឹកចិត្ត ការមើលថែ…
គ្រួសារដែលមានជីវភាពប្រសើ បុត្រនឹងមិនមានសំពាធ
ឬទទួលការបាក់ទឹកចិត្ត ដោយសារបញ្ហាជីវភាពរបស់ឪពុកម្តាយឡើយ។
ឪពុកម្តាយក្នុងវ័យចាស់ទុំមានលទ្ធភាពអប់រំបុត្របានប្រសើ
រ។
ដោយយោងទៅលើ អាយុ បទពិសោធន៍ សង្គម និងភាពជិតស្និទ្ធរបស់ឪពុកម្តាយ
ពួកគាត់អាចស្វែងយល់និងឃុំគ្រងភាពលូតលាស់ផ្លូវគំនិតរបស់បុត្របានច្រើន
អាចទាយដឹងថាបុត្រពួកគាត់កំពុងធ្វើអី និងចង់ធ្វើអ្វី។
ដូច្នេះឪពុកម្តាយអាចត្រៀម និងមានយុទ្ធសាស្ត្រទប់ស្កាត់
និងបណ្តុះបណ្តាល។
ហើយគ្រប់សកម្មភាពតែងតែមានការបញ្ជាក់ចំពោះហេតុ និងផល
ដែលធ្វើឲ្យបុត្ររបស់ពួកគាត់កាន់តែជឿជាក់ទៅលើគាត់។
ឪពុកម្តាយដែលពូកែ តែងតែអាចផ្តល់អារម្មណ៍ជា Hero សម្រាប់បុត្ររបស់ពួកគាត់បាន។
យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេស
មាននំខេកថ្ងៃកំណើតគឺល្អណាស់
មានកាន់តែច្រើនអារម្មណ៍កាន់តែល្អ
ថែមសារជូនពរ អំណោយមួយគំនរ
អ្នកទទួលទាំងអំណរ អ្នកពោលអរគុណជាមួយពាក្យស្រលាញ់។
បានទេ? បើស្រលាញ់ខ្ញុំបែបនេះរហូតទៅ
កុំស្រលាញ់ត្រឹមតែពេលដែលខ្ញុំឱ្យ ព្រោះថាឆ្នាំក្រោយៗមិនដឹងថាខ្ញុំ អាចជូនអំណោយទៅអ្នកបានទៀតឬអត់។
បើថ្ងៃកំណើតឆ្នាំនេះហួសហើយ ឆ្នាំក្រោយនឹងមានទៀត
បើខ្ញុំអាចឆ្លៀត ខ្ញុំក៏មិនចង់ឱ្យមានឆ្នាំណាចន្លោះដែរ។
បើសិនជាអាច ខ្ញុំចង់ធ្វើថ្ងៃកំណើតឱ្យអ្នករាល់ថ្ងៃ
ចង់ឱ្យអ្នកដឹងថាខ្ញុំស្រលាញ់អ្នករាល់ថ្ងៃ
ហើយក៏ចង់ឱ្យអ្នកស្រលាញ់ និងសើចដាក់ខ្ញុំរាល់ថ្ងៃដូចជាថ្ងៃនេះ។
បានទេ? បើសូមឱ្យគិតថារាល់ថ្ងៃសុទ្ធតែជាថ្ងៃពិសេស
បានទេ? បើសូមឱ្យអ្នកទទួលអំណោយត្រឹមតែជាចិត្តស្រលាញ់?
បើសិនជាព្រម យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេសទៀតទេ។
បើសិនជាព្រម យើងនឹងមិនងាយបែកបាក់មិត្តភាព ឬស្នេហារបស់យើងឡើយ។
អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់
មានមនុស្សប្រុសមិនច្រើននាក់ទេដែលព្រមអានអត្ថបទនេះដល់ចប់
អ្នកប្រហែលធ្លាប់ខូចចិត្តខ្លាំងពីមុនមក
ឬអាចមកពីនេះជានិស្ស័យពីកំណើតរបស់អ្នក
អ្នកមិនជឿជាក់លើសេចក្តីស្នេហា អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់។ ស្រីពេញនគរអ្នកចង់លលេងជាមួយមនុស្សស្រីប៉ុន្មាននាក់ក៏មិនអីដែរ។
ពេលតែមួយ អ្នកមានទំនាក់ទំនងពិសេសជាមួយមនុស្សស្រីលើសពីម្នាក់ ឬអ្នកចូលចិត្តសាងទំនាក់ទំនងជិតស្និទ្ធរយៈពេលខ្លីប្តូរមនុស្សស្រីម្នាក់ហើយម្នាក់ទៀត
មនុស្សស្រីសម័យនេះរឹងមាំតែសំបកក្រៅ
ងាយស្រលាញ់ ងាយជឿជាក់ ងាយផ្តល់ឱ្យ
ពេលនាងឱ្យអ្នកក៏យក ពេលនាងហៅរកអ្នកក៏គេច
ធ្វើម៉េចបើស្រីស្អាត ស្រីល្អមានច្រើនម្លឹងៗ ស្រលាញ់លេងក៏ចង់បានមនុស្សស្រីល្អ ស្រលាញ់យកក៏ចង់បានមនុស្សស្រីល្អ។ ទម្រាំតែដល់ពេលដែលចិត្តចេះស្រលាញ់យក មិនដឹងស្រីល្អប៉ុន្មាននាក់ដែលត្រូវស្រោបឈ្មោះជាស្រីមិនត្រឹមត្រូវ?
ខែឆ្នាំកន្លងទៅ នឹកឃើញរឿងអាស្រូវដែលធ្លាប់សាង សម្រាប់អ្នកគ្រាន់តែជាកំហុសមួយ តែសម្រាប់នាងដែលធ្លាប់ជាស្រីល្អ វានឹងនៅតែជាវិប្បដិសារីដល់ថ្ងៃនាងត្រូវលាពីពិភពលោកនេះ។
ក្តីស្រលាញ់ស្មោះស្ម័គ្រទើបធ្វើឱ្យនាងក្លាយជាស្រីមិនត្រឹមត្រូវ ជាស្រីមិនត្រឹមត្រូវបាន ព្រោះនាងមិនមែនជាប្អូនស្រី មិនមែនជាកូនស្រី មិនមែនជាសាច់ញាតិជាទីស្រលាញ់របស់អ្នក។ ជាស្រីមិនត្រឹមត្រូវបាន ក៏ព្រោះតែមានភ្លើងចិត្តអន្តរាយពីអ្នកនេះហើយ។
មនុស្សស្រីល្អៗដែលអ្នកជាន់ឈ្លី នាងក៏ជាព្រះនាងនៅក្រោមតំបូលណាមួយដែរ
អ្នកអាចមិនស្រលាញ់ មិនខ្វល់ខ្វាយពីនាង តែនៅមានមនុស្សក្រោមដំបូលជាមួយនាងខ្វល់ខ្វាយពីនាងណាស់។
បើសិនជាថ្ងៃមួយអ្នកមានឱកាសបានធ្វើជាឪពុករបស់កូនស្រី ជាបងរបស់ប្អូនស្រី
សូមឱ្យស្រមៃថា អ្នកអាចយកបេះដូងដែលស្រពោនរបស់នាងទៅដាក់ក្នុងទ្រូងកូនឬប្អូនស្រីរបស់អ្នកមួយភ្លែត
អ្នកនឹងបានឃើញភាពឈឺចាប់របស់មនុស្សនៅក្បែរនាង កុំចាំបាច់ស្រមៃដល់ការឈឺចាប់របស់នាង ព្រោះអ្នកនឹងមិនអាចជ្រួតជ្រាបនោះទេ តែបើយល់ខ្លះដែរសូមឱ្យបញ្ឈប់សកម្មភាពលេងសើចនឹងស្នេហាត្រឹមនាទីនេះ ហើយព្រមស្មោះនឹងមនុស្សស្រីដែលអ្នកកំពុងតែមានសម្ព័ន្ធជាមួយនេះ តែប៉ុណ្ណឹងចុះ!
សេចក្តីស្រលាញ់ និងគោរព
ចង់រក្សាតម្លៃខ្លួនឯងគប្បីអោយឧស្សាហ៍ប្រើពាក្យ អរគុណ និង សុំទោស។
ការអរគុណធ្វើអោយមនុស្សដែលបានធ្វើគុណលើអ្នកមានសេចក្តីពេញចិត្តក្នុងការធ្វើគុណនោះ។ មិនថាជាគុណតូចតាច ឬធំដុំ បំណាច់នឹងព្រមទទួលគុណនោះហើយ ក៏គួរអ្នកចេះប្រើពាក្យអរគុណដើម្បីសម្តែងពីការដឹងគុណ ឬរីករាយទទួលគុណនោះដែរ។
បើទោះជាអ្នកមិនទទួលគុណនោះ អ្នកក៏បានទទួលទឹកចិត្តពីមនុស្សដែលចង់ធ្វើគុណមកលើអ្នក ដូច្នេះមិនក៏ធ្ងន់អ្វីនឹងនិយាយពាក្យអរគុណដើម្បីជាការបង្ហាញពីសុជីវធម៌ដែរ។
ពាក្យសុំទោស អ្នកខ្លះក៏ចាត់ទុកថាការនិយាយវាចេញមកធ្វើបាក់មុខ អស់តម្លៃ។ តែផ្ទុយទៅវិញតម្លៃរបស់អ្នកនឹងមិនបាត់បង់ទេ បើអ្នកប្រើពាក្យសុំទោសដោយសេចក្តីដឹងកំហុស។
ផ្ទុយទៅវិញបើអ្នកដឹងខុសហើយមិនទទួលខុស មិនសុំទោស ឬមិនទទួលដឹងថាខ្លួនបានធ្វើខុស នោះតម្លៃរបស់អ្នកនឹងធ្លាក់ចុះទៅតាមទង្វើរបស់អ្នកដូចគ្នា។
ពេលខ្លះ អ្នកមិនបានខុសនឹងកំហុសមួយនោះទេ តែអ្នកអាចប្រើពាក្យសុំទោស ក្នុងហេតុផលមួយ គឺដើម្បីធ្វើអោយមនុស្សដែលអ្នកស្រលាញ់បានសប្បាយចិត្ត។
ឧស្សាហ៍និយាយពាក្យសុំទោសធ្វើអោយមនុស្សនៅក្បែរទទួលអារម្មណ៍ថាគាត់ទទួលបានការស្រលាញ់ និងគោរពអំពីអ្នក។
តែយ៉ាងណាមិនគួរធ្វើអោយមានកំហុសច្រើន ឬកំហុសដដែលហើយអាងលើពាក្យសុំទោសនោះទេ។
ពាក្យ អរគុណ និងពាក្យ សុំទោស សម្រាប់ខ្ញុំគឺជាសុជីវធម៌ដ៏ប្រពៃ ក៏ជាទង្វើសម្តែងនូវសេចក្តីស្រលាញ់ និងគោរព ហើយក៏បង្ហាញពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ខ្ញុំតែងព្យាយាមដាស់តឿនខ្លួនឯងអោយប្រើពាក្យនេះអោយបានញឹកញាប់ មិនថាអ្នកនោះមានអាយុ ឬឋានៈតូចទាបជាងខ្ញុំក៏ដោយ។
កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក
កាន់តែស្រលាញ់កាន់តែខ្វល់ខ្វាយ កាន់តែស្រលាញ់កាន់តែចង់ស្និទ្ធ។
ហើយវាបែរជាគួរឱ្យខ្លាចបំផុតនៅពេលដែលការស្រលាញ់របស់អ្នកសម្តែងនូវទង្វើបែបនេះហួសហេតុពេក ចំពោះនរណាម្នាក់។
មិនមែនឱ្យតែស្រលាញ់នរណាម្នាក់ខ្លាំង ជឿជាក់ថាខ្លួនមានបំណងល្អគ្រប់រឿងទៅលើគេហើយ ខ្លួននឹងមានសិទ្ធគ្រប់បែបយ៉ាងដើម្បីធ្វើការសម្រេចចិត្តទៅលើផ្លូវជីវិតរបស់គេនោះទេ។
ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ ស្មោះត្រង់ហើយគឺមានសិទ្ធដឹងគ្រប់រឿងរ៉ាវដែលទាក់ទងនឹងជីវិតរបស់គេដូចគ្នា។
ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ គ្រប់ទីកន្លែងដែលមានគេត្រូវតែមានយើងរហូតនោះទេ។
អ្នកដែលយើងស្រលាញ់គឺជាមនុស្ស មិនមែនជាខ្សែដៃ រឺនាឡិកាដៃ ដែលយើងស្រលាញ់នោះទេ។ គេមានមនុស្សផ្សេងទៀតដែលស្រលាញ់គេដូចគ្នា ហើយគេក៏មានចិត្តសម្រាប់ស្រលាញ់មនុស្សផ្សេងទៀតដូចគ្នាដែរ។
កុំឱ្យច្រលំថា ព្រោះអ្នកស្រលាញ់គេខ្លាំង គេត្រូវតែសងការស្រលាញ់ឱ្យអ្នកវិញតែម្នាក់នោះ គឺមិនអាចទេ។
អ្នកអាចព្រមស្រលាញ់គេតែម្នាក់ ហើយមិនចាប់អារម្មណ៍ស្រលាញ់រាប់អាននរណាផ្សេង នោះជាជម្រើសរបស់អ្នក។
ប៉ុន្តែ ម្នាក់ដែលអ្នកស្រលាញ់នោះក៏មានជម្រើសរបស់គេដែរ គេប្រហែលដូចមនុស្សទូទៅដែលចូលចិត្តទទួលការស្រលាញ់ច្រើន ដូច្នេះគេក៏ត្រូវចាយការស្រលាញ់ទៅមនុស្សប្លែកមុខជាច្រើនដែលអ្នកមិនស្គាល់។
អ្នកអាចស្រលាញ់នរណាក៏បាន ស្រលាញ់ប៉ុនណាក៏បាន តែអ្នកមិនអាចប្រើសិទ្ធអ្វីទៅលើជីវិតរបស់នរណាម្នាក់បានឡើយ។
ត្រូវតែទន្ទេញក្នុងចិត្តថា “មិត្តមិនមែនម៉ែ! កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក!”
មនុស្សមានការគិតនិងការចូលចិត្តខុសៗគ្នា
អ្នកណាថាអីថាទៅ
អាយុរជាងសាមហើយនៅគ្មានអ្នកយកទៀត? ចាស់ហើយអត់ខ្វល់ពីអនាគតសោះ? ខ្មែរទេធ្វើខ្លួនដូចនៅស្រុកគេ?
ពេលខ្លះក្តៅស្លឹកត្រចៀកដែរ តែភាគច្រើនគឺកាត់ចិត្តអត់ខ្វល់ អ្នកណាថាអីថាទៅ សំខាន់ខ្ញុំសប្បាយចិត្ត។
ជីវភាពរាល់ថ្ងៃមិនអួតទេ គឺមានសេចក្តីសុខបំផុតក្នុងជីវិត។
បើចាស់ទៅគេសួរថា “មួយជីវិតនេះតើពេលវេលាមួយណាដែលមានអនុស្សាវរីយ៍ល្អបំផុតសម្រាប់អ្នក? “
ចម្លើយគឺ “គឺពេលនេះហើយ ជាអនុស្សាវរីយ៍និងពេលវេលាដ៏មានន័យបំផុតសម្រាប់ជីវិតខ្ញុំ”
ជីវិតដែលមានជីវភាពសមរម្យ មានសេរីភាព មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង មានលទ្ធភាពដើរហើរតាមការស្រមៃ ទៅកន្លែងដែលខ្លួនឯងចង់ទៅ ស្វែងរកពិភពថ្មី សាងក្តីស្រមៃថ្មីៗដើម្បីអនាគត អាចរឹងមាំនិងចេះត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបរិយាកាសថ្មីៗ ប្លែកៗ។
ជីវិតដែលឯករាជ្យ និងម្ចាស់ការលើខ្លួនឯងបែបនេះ មនុស្សក្នុងសង្គមយើងបច្ចុប្បន្ននេះប្រហែលជាមានអ្នកមិនធ្លាប់ស្គាល់សោះ ឬស្គាល់បានតិច ពិសេសគឺនារីៗតែម្តង។
តែប្រហែលជាមនុស្សមួយចំនួនគាត់មិនចូលចិត្តជីវិតបែបខ្ញុំនេះទេ តែមនុស្សមានការគិតនិងការចូលចិត្តខុសៗគ្នា។
យ៉ាងណាខ្ញុំនៅតែជឿថាមនុស្សរស់នៅសុទ្ធតែចង់បានសេចក្តីសុខ សុខបែបណាគឺជាចំណូលចិត្តរៀងៗខ្លួន ហើយបើការយល់ឃើញមិនដូចគ្នា ក៏មិនមានន័យថាម្នាក់ណាខុសដែរ មែនទេ? មែនហើយ!
ការសរសេរអត្ថបទខ្លីមួយនេះមិនដើម្បីប្រឆាំងការគិតរបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់រំឭកពីសេចក្តីសុខរបស់ខ្លួនឯងឱ្យខ្លួនឯងសប្បាយចិត្តតែប៉ុណ្ណឹង និងដើម្បីមនុស្សដែលមានការគិតដូចខ្ញុំ ឱ្យគាត់កាន់តែភាពជឿជាក់ និងមោទកភាពលើការសម្រេចចិត្តរបស់គាត់។
ជូនពរអ្នកទាំងអស់គ្នារស់មានសុភមង្គល ស្រលាញ់អ្នកអានរបស់ខ្ញុំ
បេះដូងនារី
កើតជាមនុស្សស្រី ទោះនាងមានសម្រស់ខាងក្រៅមិនឆើតឆាយ ក៏គង់មានអ្នកលួចស្រលាញ់យ៉ាងហោច ម្នាក់ទៅពីរនាក់ដែរ គ្រាន់តែពេលខ្លះនាងមិនបានដឹង ព្រោះវាអាស្រ័យលើនិស្ស័យរបស់បុរសដែលលួចស្រលាញ់នាងប៉ុណ្ណោះ។ តែគេមាននិស្ស័យបែបណាជារឿងរបស់គេ និស្ស័យរបស់នាងទើបជាបញ្ហារបស់នាង បេះដូងនារីមិនគួរឆាប់រំជើបរំជួលនឹងពាក្យថាស្រលាញ់ ឬទង្វើស្រលាញ់ដែលមិនច្បាស់លាស់នោះទេ។
បើការសម្តែងចិត្តស្រលាញ់ត្រឹមតែការព្រមតាមចិត្តនាង ព្រមចំណាយពេលវេលាច្រើនជាមួយនាង ឬប្រគល់ជូនកាដូអនុស្សាវរីយ៍រាប់មិនអស់ឱ្យទៅនាង ក៏នាងព្រមជឿ…
បើនាងមិនអាចរក្សាលំនឹងបេះដូងខ្លួនឯងបាន នាងកុំបន្ទោសបើគេកុហក នាងកុំខឹងបើគេបោក។
បើនាងចេះសង្កត់ចិត្ត ពិចារណាមុនប្រគល់បេះដូង មនុស្សដែលចង់លេងសើចនឹងបេះដូងរបស់នាងទាំងនោះ នឹងមិនងាយមានឱកាសប្រមាថបេះដូងនាងឡើយ។
ខ្ញុំ! នឹងលែងនៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតហើយ
ខ្ញុំចុះចាញ់ហើយ!
ព្រហ្មលិខិតមិនឱ្យខ្ញុំរស់បានសុខទេ ខ្ញុំស្រលាញ់នរណាក៏មិនបានជួបគ្នាដែរ។
ជីវិតមួយដែលមិនធ្លាប់ជោគជ័យសោះតើរស់ធ្វើអី?
ខ្ញុំគ្មានការងារល្អនោះទេ ខ្ញុំមិនបានកើតនៅក្នុងត្រកូលដែលអស្ចារ្យ
ខ្ញុំមានស្នេហាក៏មិនដែលសមបំណង។
បើអភ័ព្វបែបនេះតើគួរតែរស់នៅទៀតទេ?
ខ្ញុំពិតជាចង់ស្លាប់ឱ្យផុតពីពិភពចង្រៃនេះណាស់…
តើគួរតែស្លាប់ដោយវិធីណា?
ស្លាប់ដោយវិធីណាទើបឈ្នះព្រហ្មលិខិត?
ស្លាប់ដោយវិធីណាទើបទទួលបានការស្រលាញ់ដែលចង់បាន?
ស្លាប់ដោយវិធីណាទើបសមបំណង?
បើការស្លាប់របស់ខ្ញុំអាចប្តូរយកអ្វីដែលខ្ញុំចង់បានមែន
តើល្អប៉ុណ្ណាទៅ?
ចុះបើខ្ញុំស្លាប់ទៅហើយ តើមានជីវិតឯណាមកទទួលភាពសមបំណង
និងការស្រលាញ់ទាំងនោះបានទៀត?
តើការស្លាប់ឯណាទៅអាចយកឈ្នះព្រហ្មលិខិតបាន?
ខ្ញុំនឹងកាន់តែឈឺចាប់បំផុត
នៅពេលដែលមនុស្សដែលខ្ញុំស្រលាញ់ត្រឡប់មកវិញទាំងដែលខ្ញុំមិនអាចបន្តរួមរស់ជាមួយនឹងគេបាន។
ខ្ញុំនឹងសោកស្តាយ បើក្រោយការស្លាប់ទើបអាចទទួលបានក្តីសមបំណងទាំងឡាយ។
ចង់ឈ្នះព្រហ្មលិខិត ខ្ញុំត្រូវតែរក្សាជីវិតនេះឱ្យបាន!
ព្រហ្មលិខិត! បើអ្នកកម្រិតឱ្យខ្ញុំត្រូវជួបរឿងទាំងអស់នេះ
ខ្ញុំនឹងតស៊ូឱ្យអ្នកមើល!
អ្នកអាចនាំរឿងទាំងនេះមកជួបខ្ញុំបាន
តែអ្នកមិនអាចធ្វើឱ្យខ្ញុំទន់ជ្រាយនឹងប្រឈមវាទេ!
អ្នកអាចចារឱ្យខ្ញុំចាប់កំណើតក្នុងគ្រួសារមិនអស្ចារ្យ
តែមិនអាចហាមឃាត់ខ្ញុំធ្វើជាមនុស្សអស្ចារ្យនោះទេ
ហើយភាពអស្ចារ្យរបស់ខ្ញុំគឺជាភាពរឹងមាំ
ដែលមិនចុះចាញ់ពេលជួបគ្រប់រឿងដែលអ្នកកំណត់ឱ្យ។
រឿងខកបំណងទាំងឡាយដែលអ្នកផ្តល់ឱ្យ ខ្ញុំនឹងប្រើវាជាយាន
នាំខ្ញុំស្វែងរកក្តីសមបំណងរបស់ខ្ញុំវិញឱ្យបាន។
វាសនារបស់ខ្ញុំ! ស្នេហារបស់ខ្ញុំ! សុភមង្គលរបស់ខ្ញុំ!
នឹងលែងនៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតហើយ។
ខ្ញុំមិនចង់ស្លាប់ទៀតឡើយ!
ព្រោះខ្ញុំត្រូវរក្សាជីវិតរស់ដើម្បីយកឈ្នះព្រហ្មលិខិតឱ្យបាន។
ផ្កាតំណាងចិត្តស្រលាញ់
អោយតែទទួលផ្កាព្រមធ្វើសង្សារ?
អ្នកដទៃគិតយ៉ាងម៉េចខ្ញុំមិនដឹង តែខ្ញុំដឹងការគិតរបស់ខ្លួនខ្ញុំ។
មនុស្សដែលឈរលើគោលការណ៍ឯករាជ្យនិងសេរីភាពដូចខ្ញុំនេះ ខ្ញុំមិនទោរទន់ទៅលើផ្នត់គំនិតបែបបុរាណនិយម។
ខ្ញុំអោយតម្លៃលើការរាប់អាន ការចងសម្ព័ន្ធភាព មិនថាម្នាក់នោះគិតអីលើខ្ញុំវាគ្រាន់តែជាគេ
ខ្ញុំខ្លួនឯងទេដែលត្រូវខ្វល់ថាខ្ញុំបានគិតអីលើគេ ខ្ញុំប្រកាន់លើកគោលការណ៍ខ្ញុំជាធំ។
រាល់ថ្ងៃទទួលការស្រលាញ់ផង ការស្អប់ផង
គេស្អប់ខ្ញុំ ខ្ញុំក៏ទទួលដឹងតែខ្ញុំស្អប់គេវិញឬអត់ជារឿងមួយផ្សេង
ក៏ដូចជាអ្នកស្រលាញ់ខ្ញុំក៏នៅតែជាគេ ហើយចង់ស្រលាញ់គេវិញឬអត់ក៏នៅតែជារឿងរបស់ខ្ញុំ។
ថ្ងៃពិសេសមកដល់ មនុស្សមួយចំនួនជ្រួលច្របល់ ទាំងខ្ញុំទាំងគេចេះតែចង់ទិញអំណោយជូនអ្នកដែលជាទីគោរពឬជាទីស្រលាញ់ ហើយក៏ត្រូវគិតដល់លទ្ធភាពមានត្រឹមកំរិតណាដែរ។
ខ្ញុំស្រលាញ់ផ្កាណាស់ មនុស្សស្គាល់ខ្ញុំចូលចិត្តជូនផ្កាឱ្យខ្ញុំជារឿយៗ។
គេថាផ្កាតំណាងចិត្តស្រលាញ់ ហើយខ្ញុំចូលចិត្តទទួលផ្កា។ អញ្ចឹងមានន័យថាខ្ញុំចូលចិត្តទទួលការស្រលាញ់ហើយ។
តើអ្នកណាចូលចិត្តអោយគេស្អប់ទៅ?
ការស្រលាញ់មានច្រើនអត្ថន័យ ទោះជាន័យនៃការស្រលាញ់ដែលគេអោយនោះជាន័យមួយណាក៏នៅតែជារឿងរបស់គេ រឿងរបស់ខ្ញុំនៅតែខ្ញុំជាធំ តើខ្ញុំស្រលាញ់គេនោះក្នុងន័យបែប។
ដូច្នេះការទទួលផ្កា សម្រាប់ខ្ញុំមិនមែនទទួលស្នេហាព្រមធ្វើសង្សាររបស់អ្នកជូននោះទេ ព្រោះការស្រលាញ់របស់ខ្ញុំមិនមែនមានអត្ថន័យតែមួយ។
អរគុណសម្រាប់ផ្កា
អរគុណសម្រាប់ការស្រលាញ់
ការស្រលាញ់រាប់អាន
សុភមង្គល
មនុស្សមួយចំនួនតែងគិតថាជីវិតគាត់រស់មិនដែលមានក្តីសុខសោះ
ទាំងនេះមកពីគាត់មិនដែលអោយតម្លៃលើអ្វីដែលគាត់កំពុងតែមាន ឬព្រោះតែគាត់ចូលចិត្តយកខ្លួនគាត់ទៅប្រៀបធៀបនឹងអ្នកដទៃដែលប្រសើរជាងគាត់
ហើយតែងគិតលើខ្លួនគាត់ក្នុងផ្លូវអវិជ្ជមាន។
ការយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃវាជាការជាន់ឈ្លីសមិទ្ធផលរបស់ខ្លួនឯងយ៉ាងខ្លាំង
ហើយធ្វើអោយខ្លួនឯងរស់នៅក្នុងចិត្តច្រណែន ឈ្នានីស ពង្វក់ខ្លួនឯងអោយកើតចិត្តបាប
តើអ្នកដឹងទេ?
គប្បីរស់រីករាយនឹងអ្វីដែលខ្លួនមាន
ហើយតាំងជំហរដើរទៅរកក្តីស្រមៃរបស់ខ្លួន
ការបើកត្រចៀកស្តាប់ការពេបជ្រាយរបស់មនុស្សក្បែរៗគឺជាការឆោតល្ងង់ ព្រោះថាអ្នកមិនគួរជឿអ្នកទាំងនោះហើយមកស្អប់ខ្ពើមខ្លួនឯងនោះទេ
សាកគិតបន្តិចថាជីវិតអ្នករាល់ថ្ងៃនេះធ្លាប់សើច ធ្លាប់ក្អាកក្អាយឬអត់?
អ្នកណាមិនធ្លាប់? ទោះជាអ្នកសុំទានក៏ធ្លាប់ដែរ!
ដូច្នេះហើយ កុំខំដល់ដើរខុស
ផ្លូវក្រែងលោវាមានទោសហួសដល់បាត់សេចក្តីសុខ។
ចូលចាំថាសុភមង្គលមិនមែននៅស្ថិតនៅលើសេចក្តីផុតគេនោះទេ
តែវានៅលើសេចក្តីស្កប់ស្កល់តែប៉ុណ្ណោះ