៣៦៥ថ្ងៃកន្លងមកនេះ ពេលវេលាខ្លះគួរឱ្យខ្លាចណាស់
ម្តងៗខ្ញុំស្មានតែខ្លួនឯងឆ្លងមិនផុតផង។ ខ្ញុំនៅចាំការឈឺចាប់ទាំងនោះ
នៅចាំភាពអស់សង្ឃឹម ហើយក៏ចាំច្បាស់នូវអារម្មណ៍ធ្លាប់យំយែកទួញសោកទាំងនោះ…
វាពិបាកណាស់! ពិបាកដល់គិតថាខ្លួនមិនអាចមកដល់ថ្ងៃនេះបាន។
សករាជថ្មី ខ្ញុំប្រាប់ខ្លួនឯងថា៖ ធ្វើបានហើយណា៎! រឿងពិបាកៗកន្លងមកមានច្រើនណាស់! ហើយខ្ញុំនេះឆ្លងផុតបានទាំងអស់។
ខ្ញុំអង្គុយញញឹមម្នាក់ឯង ហើយសួរខ្លួនឯងទៀតថា៖ ចុះពេលនេះត្រៀមខ្លួនហើយឬនៅ?
រឿងរ៉ាវថ្មីៗនឹងកើតឡើងជាបន្តបន្ទាប់ ខ្ញុំអាចរឹងមាំប្រយុទ្ធបានទៀតទេ?
ពិតជាបាន! ខ្ញុំជឿជាក់! ខ្ញុំរឹងមាំ! ទោះពេលខ្លះខ្ញុំយំ តែខ្ញុំមិនចុះចាញ់!
ព្រោះខ្ញុំដឹងថាភាពរឹងមាំ
ការខំប្រឹងពុះពាររបស់ខ្ញុំតែងផ្តល់លទ្ធផលគាប់ចិត្តដូចរាល់ដង។
៣៦៥ថ្ងៃកន្លងមកជាសាក្សី ទឹកភ្នែកដែលហូរកន្លងមកផ្តល់នូវស្នាមញញឹមរាប់មិនអស់
ផ្តល់ក្តីសង្ឃឹមនិងការរំពឹងដើរទៅមុខនៅលើផ្លូវជីវិតដែលខ្ញុំចង់បាន។
៣៦៥ថ្ងៃទៅមុខ ខ្ញុំត្រៀមខ្លួនរួចហើយ! ខ្ញុំនឹងរឹងមាំដើរឆ្លងបញ្ហាទាំងឡាយដែលនឹងជួប។
ផ្លូវជីវិតមនុស្សម្នាក់ៗ មិនអាចរលូនរហូតឡើយ ផ្លូវជីវិតរបស់អ្នកអាចនឹងមានការផ្លាស់ប្ដូរទៅតាមការចង់បានរបស់អ្នកដទៃ ក៏ព្រោះតែអ្នកទន់ខ្សោយប៉ុណ្ណោះ។
ផ្លូវជីវិតរបស់ខ្ញុំ បានបត់បែនទៅតាមនិស្ស័យ មនោសញ្ចេតនា និងការតាំងចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ អត់មាននរណាអាចប្តូផ្លូវដែលខ្ញុំកំពុងដើរក្រៅពីការសម្រេចចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំតែងយកឈ្នះហេតុផលរបស់អ្នកដទៃដើម្បីការពារផ្លូវដែលខ្ញុំចង់បន្តដំណើរទៅមុខ។ ខ្ញុំធ្វើបានរាល់ដង ហើយខ្ញុំជឿជាក់ថាខ្ញុំធ្វើបានព្រោះភាពរឹងមាំ ❤️
ជឿទៅ! បើអ្នករឹងមាំ អត់មានអ្នកណាអាចធ្វើការសម្រេចចិត្តលើផ្លូវជីវិតរបស់អ្នកបានទេ!
រឹងមាំណា៎ អ្នកអានជាទីស្រលាញ់! កុំបោះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីនរណាឱ្យសោះ!
បងរតនាជូនពរអ្នកអានទាំងអស់ អាចរឹងមាំដើរទៅរកក្តីស្រមៃបានដោយខ្លួនឯង
អត្ថបទអ្នកនិពន្ធរតនា