សេចក្តីសុខ
កើតមកពីសេចក្តីសុខចិត្ដតែម្យ៉ាង។
ធ្វើយ៉ាងណាទើបចិត្តសុខ? ធ្វើយ៉ាងណាក៏បានឲ្យតែតម្រូវតាមចិត្តចង់បាន
ចិត្តនោះនឹងសុខហើយ តែសុខបែបណាទើបសុខបានយូរ នោះទើបជាអ្វីដែលអ្នកត្រូវខ្វល់។
ចុះធ្វើយ៉ាងណាទើបសុខបានយូរ?
សេចក្តីសុខតែមួយគត់ដែលអាចនៅជាមួយអ្នកបានយូរបំផុត
នោះគឺសុខដោយសប្បុរស។
មហិមាណាស់់មែនទេ? អ្នកណាធ្វើបាន?
ចា៎! ដឹងហើយថាគ្មានអ្នកណាធ្វើបាន១០០%ទេ
តែមាននរណាបង្ខំឲ្យអ្នកធ្វើឲ្យបាន១០០%? ហើយក៏គ្មាននរណាបង្ខំឲ្យអ្នកធ្វើក្នុងកម្រិតប៉ុន្មានភាគរយដែរ!
អ្នកចង់បានសេចក្តីសុខបែបនោះឲ្យគង់វង្សប៉ុន្មានភាគរយ
គឺជាការសម្រេចរបស់អ្នកខ្លួនឯងទេ!
អារម្មណ៍នៃការឲ្យដោយក្តីមេត្តា ដោយចិត្តស្មោះ
អារម្មណ៍មួយនោះប្រសើរបំផុត។ នឹកដល់ពេលណា វាក្លាយជាសេចក្តីសុខបំផុត
ទោះជាកន្លងហួសយូរក៏ដោយ នោះហើយហៅថាសេចក្តីសុខដោយសប្បុរស។
សុខមួយទៀតដែលតែងតែធ្វើឲ្យមនុស្សឈឺចាប់ ឬមានវិបត្តិ
វិប្បដិសារីនាថ្ងៃក្រោយ នោះគឺសុខដោយអាត្មានិយម!
សេចក្តីសុខដែលបានមកពីសេចក្តីទុក្ខ ការខកចិត្ត ខកបំណងពីអ្នកដទៃ
ឬមនុស្សជាទីស្រលាញ់ វានឹងក្លាយជាថ្នាំពុល ជាសេចក្តីទុក្ខនាពេលក្រោយ។
ដោយនិស្ស័យល្អខ្លះៗនៅក្នុងខ្លួន ថ្ងៃមួយអ្នករឭកថាសុខដែលបានកន្លងមក
ជាសុខដែលមិនត្រូវនឹងគុណធម៌
សុខនោះនឹងផ្តល់អារម្មណ៍វិប្បដិសារីដល់អ្នកនៅថ្ងៃនោះឯង។
ដោយកំហឹងពីមនុស្សដែលអ្នកផ្តល់ទុក្ខឲ្យ
សុខនោះនឹងក្លាយជាភ្លើងក្នុងចិត្តពួកគាត់ ភ្លើងចិត្តវាក្តៅជាងភ្លើងធម្មតា
ភ្លើងចិត្តបើឆេះកាលណាវាមិនងាយរលត់ទេ
ហើយវានឹងតាមដុតរាល់ពេលដែលអ្នកបានសុខ។
តែពេលខ្លះភ្លើងនោះដុតអ្នកមិនដល់ទេ ព្រោះតែអ្នកហោះបានខ្ពស់ពេក
តែត្រូវចាំថា កម្មពៀរពិតជាមាន ❤️
រស់នៅឲ្យប្រយ័ត្ននឹងទង្វើ! កុំធ្វើអ្វីដែលជាទុក្ខឲ្យអ្នកដទៃ!
ផែនដីនេះមិនបានបង្កើតអ្នកឲ្យមកធ្វើជាដង្កូវក្នុងចិត្តនរណាទេ
គ្រាន់តែចង់ឲ្យអ្នកធ្វើជាផ្កាដែលមានពណ៌ស្រស់ និងក្លិនក្រអូបតែប៉ុណ្ណោះ
