រីករាយនិងអ្វីដែលយើងមាន

សុខៗអ្នកមិនចូលចិត្តគេតាំងពីមិនទាន់ជួប
មិនចូលចិត្តគេតាំងពីទើបតែឃើញ
ហេតុអ្វីបានជាមានអារម្មណ៍បែបនេះ?
ស្មោះត្រង់នឹងខ្លួនឯងបន្តិចអ្នកនឹងឃើញហេតុផលមួយនោះ
មនុស្សមិនទាន់មានទំនាក់ទំនងជាមួយគ្នាផង ហេតុអីបណ្តោយចិត្តឲ្យស្អប់ឬស្រលាញ់គេបាន?
ដឹងទេ? អារម្មណ៍ស្រលាញ់ឬស្អប់វាកើតមកពីការពេញចិត្ត ឬមិនពេញចិត្តតែប៉ុណ្ណោះ។
ប្រសិនបើអ្នកជាមនុស្សដែលមានការគិតវិជ្ជមានច្រើន អ្នកនឹងមិនងាយគិតមិនល្អលើនរណាម្នាក់ងាយៗទេ។
តែប្រសិនបើអ្នកមានចិត្តចង្អៀតបន្តិច អ្នកនឹងឧស្សាហ៍មានអារម្មណ៍បែបនេះដាក់មនុស្សជាទូទៅ។
ការដែលពេញចិត្តឬមិនពេញចិត្តនេះ វាកើតឡើងបន្ទាប់ពីអ្នកឃើញចំនុចលើសណាមួយពីមនុស្សម្នាក់នោះ។
ចំនុចលើសនោះអាចជា កាយវិការ ការរៀបចំខ្លួន ភាពល្បី ឬអ្វីផ្សេងៗទៀត។
និស្ស័យអាក្រក់មួយរបស់មនុស្ស តែងតែយកអ្នកដទៃមកប្រៀបធៀបនឹងខ្លួនឯង ឬមនុស្សដែលខ្លួនឯងស្រលាញ់ ហើយធ្វើការអារកាត់ត្រឹមតែមួយវិនាទីប៉ុណ្ណោះថា គួរស្អប់ឬស្រលាញ់មនុស្សម្នាក់នោះ។
ម្ចាស់ខ្លួនគេមិនបានដឹងអីទេ ប៉ុន្តែអ្នកខ្លួនឯងដែលធ្វើការល្ងង់នេះតែម្នាក់ឯង។
ព្រោះតែអ្នកមានចិត្តចង្អៀត អ្នកដឹងថាខ្លួនឯង ឬមនុស្សដែលអ្នកស្រលាញ់ មិនមានអ្វីដូចដែលមនុស្សម្នាក់នោះមាន ឬមិនអាចធ្វើអ្វីដូចដែលគេធ្វើបាន។ អ្នកមិនសប្បាយចិត្ត ហើយលួចមិនចូលចិត្តគេតែម្នាក់ឯង។ ដឹងទេ? នេះហើយហៅថាការច្រណែន !
មួយទៀត ប្រសិនបើអ្នកជាមនុស្សដែលងប់ងល់នឹងភាពល្អ អ្នកស្រលាញ់ស្ញប់់ស្ងែងគ្រប់មនុស្សដែលមានភាពលើសនៃសេចក្តីល្អទាំងឡាយ អ្នកព្យាយាមឲ្យបានស្និទ្ធស្នាលនិងហួងហែងមនុស្សទាំងនោះយកតែម្នាក់ឯង ពេលខ្លះអ្នកលួចប្រចណ្ឌ តូចចិត្ត ទាំងដែលម្ចាស់ខ្លួនគេមិនទាំងធ្លាប់និយាយជាមួយអ្នកផង។ ដឹងទេ? បែបនេះធ្វើបាបចិត្តខ្លួនឯង មិនតិចទេ។
ចំណែកមួយបែបទៀតវិញ
មិនថាម្នាក់នោះមានចំនុចលើសនៅក្នុងសេចក្តីល្អឬអាក្រក់ឡើយ ទោះជាគេមានភាពប្រសើរជាងអ្នកក៏ដោយ អ្នកមិនបានខ្វល់ខ្វាយទេ គ្រាន់តែបានទទួលដឹង ឬកត់ទុកថាគេមានចំនុចមួយនោះតែប៉ុណ្ណឹង។
ដឹងទេ? បែបនេះទើបផ្តល់សេរីភាពឲ្យអារម្មណ៍។
រាល់ថ្ងៃអ្នកហត់ណាស់ហើយ កុំយកពេលទៅគិតឬថ្លឹងថ្លែងពីអ្នកដទៃច្រើនពេក បើបានរយារសម្ពាធផ្សេងៗហើយ ទុកពេលឲ្យអារម្មណ៍បានសម្រាកផង។ កុំដាក់សម្ពាធឲ្យខ្លួនឯងពេក
កុំបារម្ភ ខ្លាចតែមានមនុស្សប្រសើរជាងអ្នក ព្រហ្មលិខិតយុត្តិធម៌ណាស់ បើគេមានចំនុចលើសអ្នក អ្នកក៏ប្រាកដជាមានចំនុចផ្សេងទៀតលើសគេវិញមិនខាន។
រីករាយនិងអ្វីដែលយើងមាន ទើបជីវិតមានសុភមង្គល