ខ្ញុំមិនឲ្យស្នេហារបស់ខ្ញុំរំខានគេទេ

គេមិនធ្លាប់ស្រលាញ់យើងទេ
លួចមើលគេរាល់ថ្ងៃ តាមនិយាយជាមួយគេរាល់ដង ចិត្តប៉ងត្រឹមតែបានឃើញគេញញឹមដាក់ក៏មានក្តីសុខ។
អារម្មណ៍មួយដែលកំពុងលួចស្រលាញ់មនុស្សម្នាក់យ៉ាងងប់ងល់ ខ្ញុំមើលឃើញគេដូចដួងផ្កាយ ខ្ញុំមើលគេមិនដែលណាយចិត្ត ទោះគេមិនសូវមើលខ្ញុំវិញក៏ដោយ។
រាល់ថ្ងៃមិនដឹងថារស់ដើម្បីអ្វី! ជីវិតទាំងមូលស្ទើរតែចង់លះបង់ឲ្យមនុស្សម្នាក់ដែលមិនធ្លាប់ទុកខ្ញុំក្នុងភ្នែកសោះ។
ពិតមែន! ស្នេហាជាការលះបង់ ជាការយល់ចិត្ត និងចង់ធ្វើគ្រប់យ៉ាងឲ្យមនុស្សដែលយើងស្រលាញ់
តែនេះខ្ញុំកំពុងមានស្នេហាតែម្ខាង!
គ្រប់យ៉ាងដែលខ្ញុំធ្វើ ដូចស្ករមួយចឹបបង់ចូលទៅក្នុងសមុទ្រ
តើថ្ងៃណាទៅសមុទ្រនឹងផ្អែម?
បេះដូងរបស់ខ្ញុំ ក្តីស្រលាញ់របស់ខ្ញុំ
ទោះមានអត្ថន័យប៉ុនណា ក៏នៅតែមិនមែនជាអ្វីដែលគេត្រូវការ។
ស្នេហាតែម្ខាង តើមានអ្វីគួរឲ្យលះបង់ទៀតទេ?
បើខ្ញុំខំលះបង់បន្តទៀត ស៊ូទៀតដើម្បីយកបេះដូងគេ
ខ្ញុំនឹងមិនស្រលាញ់គេនោះទេ ខ្ញុំគ្រាន់តែចង់ឈ្នះ ចង់បានគេតែប៉ុណ្ណោះ។
បើស្នេហ៍តែម្ខាងជាស្នេហ៍បរិសុទ្ធ ខ្ញុំនឹងគ្រាន់តែធ្វើនូវអ្វីដែលគួរធ្វើ រួចហើយខ្ញុំនឹងដកខ្លួនចេញដើម្បីជាការផ្តល់ឲ្យចុងក្រោយដល់មនុស្សដែលខ្ញុំស្រលាញ់។

ខ្ញុំមិនឲ្យស្នេហារបស់ខ្ញុំរំខានគេទេ
ខ្ញុំនឹងយកវាមកវិញរក្សាទុកឲ្យបានល្អ ទុកឲ្យតែមនុស្សដែលយល់ពីអត្ថន័យស្នេហារបស់ខ្ញុំតែប៉ុណ្ណោះ។