នេះហើយជាជីវិត

ទឹកភ្នែកពីរតំណក់ហូរកាត់ថ្ពាល់ ពេលដែលខ្ញុំព្រមទទួលស្គាល់អារម្មណ៍ស្ងប់ស្ងៀមខាងក្នុងរបស់ខ្លួនឯង។
ខ្ញុំចង់រកមិត្តណាម្នាក់មកសួរពីអារម្មណ៍ខាងក្នុងរបស់គាត់
ចង់សួរទៅនរណាម្នាក់ដែលព្រមបើកចិត្តស្តាប់ និងនិយាយពីអារម្មណ៍ពិតជាមួយខ្ញុំ។
ពេលនោះខ្ញុំក៏នឹកឃើញមនុស្សម្នាក់
ក្នុងចិត្តរបស់ខ្ញុំ ស្រមៃថាគាត់កំពុងនៅទល់មុខ ខ្ញុំសួរគាត់ថា
តើគាត់សង្កត់អារម្មណ៍ដែលពិបាកចិត្តខ្លាំងដោយវិធីណា? តើរឿងដែលគាត់ថាពិបាកចិត្តនោះវាធំធេងប៉ុនណាទៅ?
ខ្ញុំចង់យកបញ្ហារបស់គាត់មកប្រៀបធៀបនឹងបញ្ហារបស់ខ្ញុំ
ខ្ញុំចង់ដឹងថាតើព្រហ្មលិខិតលម្អៀងទៅខាងណាជាង?
ច្រើនថ្ងៃមកហើយដែលខ្ញុំមិនទាន់បានសម្រាកសោះ រឿងហេតុផ្ទួនៗរត់មករកខ្ញុំ ក្តីស្រមៃ ទំនួលខុសត្រូវ បញ្ហា មិត្តភាព គ្រួសារនិងស្នេហា…
ហេតុអ្វីក៏គ្រប់បែបយ៉ាងត្រូវតែរត់មកបន្តកន្ទុយគ្នា វាយដំផ្លូវចិត្តដ៏គួរឲ្យអាណិតអាសូររបស់ខ្ញុំយ៉ាងនេះ?
ខ្ញុំទទួលអារម្មណ៍ថា មិត្តរបស់ខ្ញុំកំពុងសម្លឹងមកខ្ញុំដោយកែវភ្នែកដែលយល់ចិត្តខ្ញុំបំផុត។
ទឹកភ្នែកពីរតំណក់ស្រក់ចុះមកម្តងទៀត
ខ្ញុំជូតចេញពីផ្ទៃមុខថ្នមៗ ដាស់ខ្លួនឯងឲ្យភ្ញាក់ពីក្តីស្រមៃ។
មនុស្សដែលខ្ញុំចង់ជួប ក៏ជួបរួចហើយ
ពាក្យដែលខ្ញុំចង់និយាយ ក៏និយាយរួចហើយ
ដោយការពិតមិនចាំបាច់រំខាននរណាឡើយ
មនុស្សដែលស្រលាញ់ខ្ញុំមិនចាំបាច់បារម្ភពីខ្ញុំនោះទេ។
ខ្ញុំបន្ធូរអារម្មណ៍ខ្លួនឯងរួចហើយ ដោយវិធីនេះ។

ជូតទឹកភ្នែកស្ងួតហើយ ខ្ញុំនៅតែជាខ្ញុំដែលរឹងមាំដដែល។
បញ្ហាទាំងប៉ុន្មានដែលហ៊ានរត់មករកខ្ញុំ ខ្ញុំក៏ហ៊ានប្រឈមដូចគ្នា។
ខ្ញុំជឿ! មួយជីវិតមនុស្សម្នាក់ៗ មានរឿងច្រើនណាស់ត្រូវធ្វើ រឿងខ្លះលំបាកបន្តិច តែមិនមែនជាបញ្ហាទេ
អស់ពីរឿងមួយ យើងនឹងជួបរឿងមួយទៀត
នេះហើយជាជីវិត បើដង្ហើមនៅតែមាន យើងនៅតែមានឱកាសបានជួបរឿងជាច្រើនទៀត។
សម្រួលអារម្មណ៍! កុំដាក់សម្ពាធលើខ្លួនឯងពេក
សម្លឹងទៅពិភពលោកដោយភាពវិជ្ជមាន
បើដង្ហើមនៅតែមាន ខ្ញុំនឹងនៅតែរស់រឹងមាំបែបនេះរហូត..