ដង្ហើម

ដឹងទេ? ដង្ហើមដែលដករាល់ថ្ងៃមិនមែនដើម្បីតែរស់នៅទេ។
ដកដង្ហើមរាល់ថ្ងៃគឺដើម្បីរឿងសំខាន់បី។

ជីវិតគឺជាការទទួលខុសត្រូវដង្ហើមដែលខំដកចេញចូលគ្រប់វិនាទី គឺដើម្បីទទួលខុសត្រូវចំពោះរាងកាយមួយដែលកំដរអ្នកតាំងពីចាប់កំណើត រហូតដល់ថ្ងៃដែលពេលវេលាយកអ្នកចេញពីផែនដី។
ព្រោះតែការទទួលខុសត្រូវមួយនេះ ទើបអ្នកខំធ្វើរឿងជាច្រើន យំសើច សប្បាយកើតទុក្ខ សាងក្តីស្រមៃ និងសាងសុភមង្គលឲ្យរាងកាយមួយនេះរហូតមក។
ព្រោះតែការរស់នៅត្រូវការការប្រាស្រ័យ ទើបមនុស្សតែងសាងគុណឲ្យគ្នាទៅមកជាបន្ត។ ចាប់កំណើតភ្លាមអ្នកបានជំពាក់គុណមាតាបិតារបស់អ្នកហើយ ទម្រាំជីវិតដើរដល់វិថីមួយដែលអ្នកចង់មកដល់ មិនដឹងអ្នកបានទទួលគុណពីមនុស្សប៉ុន្មាននាក់។ ព្រោះតែមនុស្សតែងតែមានភាពល្អនៅខាងក្នុង អ្នកក៏តែងធ្វើការចែករំលែកដល់មនុស្សឯទៀតបន្ទាប់ពីភាពរឹងមាំរបស់អ្នកក្នុងលក្ខណៈណាមួយ។
ព្រោះតែមនុស្សរស់នៅជាមួយក្តីស្រលាញ់ ការចងចាំ ទើបមនុស្សតែងតែចង់សាងអនុស្សាវរីយ៍ល្អនៅលើផែនដី ដើម្បីឲ្យមនុស្សដែលរស់នៅបន្ត បានចងចាំអ្នកមុនពេលដែលអ្នកត្រូវចាកចេញពីផែនដី។
ទំនួលខុសត្រូវ គុណធម៌ អនុស្សាវរីយ៍ ជាហេតុផលដែលអ្នកត្រូវដកដង្ហើមរាល់ថ្ងៃនេះ។
ដកដង្ហើមរាល់ថ្ងៃកុំភ្លេចសួរខ្លួនឯងផង ថ្ងៃនេះបានធ្វើអីខ្លះហើយ?