ជីវិតមិនចាំបាច់អស្ចារ្យពេកទេ
ត្រឹមតែសាមញ្ញៗគ្រប់គ្រាន់ហើយ។
ដឹងទេ? ជីវិតដែលសាមញ្ញគឺជាជីវិតដែលប្រសើបំផុត
បើប្រៀបធៀបទៅហ្នឹងជីវិតផ្សេងៗទៀត។
មិនចាំបាច់ដាក់បំណងប្រាថ្នាខ្ពស់ពេកទេ
មិនចាំបាច់រស់ក្នុងជីវភាពហឺហាហួសពេកដែរ
មិនចាំបាច់ត្រូវតែមានគ្រប់បែបយ៉ាងដូចដែរគេមាន ឬលើសគេឡើយ។
ជីវិតដែលមានក្តីសុខបំផុត
គឺជាជីវិតដែលរស់នៅដោយពេញប្រៀបគ្រប់បែបយ៉ាង។
បែបណាទៅដែលពេញប្រៀបគ្រប់បែបយ៉ាងនោះ?
គឺជាសេចក្តីស្កប់ស្កល់ និងការត្រៀមទុកនោះហើយ។
ស្កប់ស្កល់ អ្នកប្រហែលយល់ហើយ គឺការពេញចិត្តនូវអ្វីដែលខ្លួនមាន។
តែ តើសេចក្តីត្រៀមទុកនោះគឺបែបណាទៅ?
ស្កប់ស្កល់នឹងម៉ូតូចាស់មិនមានន័យថា នឹងមិនផ្លាស់ប្តូរថ្មីនោះទេ ដូច្នេះអ្នកត្រូវរៀបចំគ្រប់គ្រងជីវភាពឲ្យបានល្អ
ចៀសវាងកុំឲ្យជីវិតមានបញ្ហានឹងផ្នែកសេដ្ឋកិច្ចខ្លាំងពេក។
ការភ្លើតភ្លើននឹងសម្ភារៈនិយម អាហារថ្លៃ ឬចំណាយលើការកំសាន្តច្រើនជាងចំណូល
វាមិនធ្វើឲ្យជីវភាពរបស់អ្នកមានស្ថេរភាពនោះទេ វាអាចល្អមើលសម្រាប់ភ្នែកអ្នកដទៃ
តែវាជាក្តីឈឺចាប់និងភាពអៀនខ្មាសនៅក្នុងចិត្តរបស់អ្នកខ្លួនឯងទៅវិញទេ។
ការស្កប់ស្កល់នឹងសេចក្តីស្រលាញ់ដែលគេបានឲ្យ មិនមែនមានន័យថា
ត្រូវតែព្រមទទួលយកគ្រប់បែបផែនដែលគេបានឲ្យនោះទេ។
ស្រលាញ់នរណាក៏ដោយ ប្រើបេះដូងហើយកុំភ្លេចប្រើខួរក្បាលផង។
បើការស្រលាញ់នោះធ្វើឲ្យអ្នកសៅហ្មងច្រើនពេក
ចូរប្រើចិត្តដែលត្រៀមហើយនោះមកដោះស្រាយបញ្ហា
ពេលខ្លះអាចនឹងត្រូវដោះលែងគេឬខ្លួនឯងឲ្យបានឆាប់
ដើម្បីឆាប់មានឱកាសអាចទទួលឬផ្តល់ការស្រលាញ់ថ្មីទៀត។
ការស្កប់ស្កល់នឹងរូបសម្រស់ក៏មិនមានន័យថាអ្នកត្រូវបណ្តោយឲ្យគ្រប់បែបយ៉ាងកន្លងទៅតាមពេលវេលាដែរ។
បើស្រលាញ់ខ្លាំង ត្រូវថែឲ្យខ្លាំងដែរ
តែយ៉ាងណាក៏ត្រូវតែត្រៀមចិត្តទុកមុនដែរ ព្រោះថាធម្មជាតិគឺយុត្តិធម៌ណាស់
ស្អាតនៅតែស្អាត តែចាស់ក៏ត្រូវតែចាស់ដែរ 😁
ជីវិតរស់នៅបែបសាមញ្ញ សេចក្តីសុខដោយគុណភាព
ចង់បានជីវិតបែបនេះទេ?
បើសិនចង់បាន ត្រូវស៊ូសម្លាប់ចិត្តស្រាលរបស់ខ្លួនឯងរាល់ថ្ងៃ។
កុំហោះហើរតាមសង្គម កុំលិចលង់តាមមនោសញ្ចេតនា
កុំប្រាថ្នាអ្វីដែលផុតពីដៃខ្លាំងពេក
ឡើងមួយកាំហើយចាំហ៊ានប្រាថ្នាមួយកាំទៀត តែចាំណា៎! កុំលោភលន់
