ខ្ញុំឈរសម្លឹងមើលព្រះអាទិត្យកំពុងខំរះ
ខ្ញុំឈោងដៃចាប់ពន្លឺដែលជះមកនោះ ក្តាប់ដាក់ទ្រូងខាងឆ្វេងហើយញញឹម។
អ្នកមិនយល់គេថាខ្ញុំឆ្កួត ហិហិ..
មានតែខ្ញុំទេដែលដឹងថាខ្លួនឯងមិនឆ្គួតហើយគួរឲ្យស្រលាញ់ទៀតផង។
ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ព្រះអាទិត្យប្រើពេលមិនតិចម៉ោង
ដើម្បីឲ្យពន្លឺមានកម្តៅ។
ព្រះអាទិត្យស៊ូណាស់ ទោះកម្តៅនេះមិននៅស្ថិតថេរ
ក៏នៅតែខំធ្វើបែបនេះរាល់ថ្ងៃ។
ជីវិតក៏ដូចគ្នា លំបាកផង ស្រណុកផង ទុក្ខផង សុខផង
ផ្លាស់ប្តូរគ្នាដូចវដ្តនៃព្រះអាទិត្យ។
ព្រះអាទិត្យគង់រក្សាកម្តៅខ្លួនឯងមិនបានយូរ
ចុះមនុស្សធម្មតាដូចខ្ញុំ
អាចស៊ូបានប៉ុនណាដើម្បីឲ្យសុខនោះនៅនឹងខ្ញុំរហូត?
ដឹងថាធ្វើមិនបាន មានតែលែងបើវាចង់ទៅ
ហើយខំលំបាកម្តងទៀតដើម្បីយកវាមកវិញ។
ព្រោះតែខ្ញុំយកព្រះអាទិត្យជាគំរូ
ទើបគ្រាន់តែសុំពន្លឺនៃក្តីសង្ឃឹមខ្លះៗមកដាក់ក្នុងទ្រូង បានកម្តៅចិត្តដែលគ្រាំឈឺឲ្យបានស្រាកស្រាន្តបន្តិច។
ព្រោះតែខ្ញុំមិនចង់លំបាកនរណា
ទើបបានត្រឹមតែយកព្រះអាទិត្យមករួមទុក្ខជាមួយ។
ខ្លួនឯងរៀន លួងលោមខ្លួនឯង រៀនដោះស្រាយបញ្ហាដោយខ្លួនឯង។
ធ្វើបានទេ?
