ខ្ញុំមិនមែនសម្លកកូរ
ឬសម្លម្ជូរ ខ្ញុំមិនមែនបាយឬបង្អែម
ខ្ញុំមិនមែនឆ្នាំងចាស់ ក៏មិនជាធនាគារដាក់លុយនោះដែរ។
ខ្ញុំគឺជាមនុស្សមានសាច់ មានឈាម មានបេះដូង មានអារម្មណ៍
ខ្ញុំមានងារជាភរិយា ខ្ញុំមានកិត្តិយស
ព្រោះយើងបានរួមរស់ដោយពេញច្បាប់។
សូមកុំយកខ្ញុំទៅប្រៀបនឹងរសជាតិឬតំណាងផ្សេងៗ
សូមកុំតម្លើងអំនួតរបស់អ្នកដោយបន្ទាបកិត្តិយសខ្ញុំ
សូមកុំយកនាមរបស់ខ្ញុំទៅលេងសើច
ភរិយាគឺភរិយា ភរិយាមិនមែនជាអ្វីដែលអ្នកអាចយកទៅប្រៀបធៀបបានដោយពាក្យខ្លីៗ
ព្រោះភរិយាជានារីម្នាក់ដែលព្រមដើរលើផ្លូវជីវិតតែមួយជាមួយអ្នក
ភរិយាជាមនុស្សតែម្នាក់ដែលព្រមស្និទ្ធស្នាល ថែរក្សាអ្នកនិងគ្រួសារ
មិនថានៅក្នុងកាលៈទេសៈបែបណា។
ភរិយា… បានធ្វើការងាររាប់មិនអស់ចាប់តាំងពីនាងដើរចូលមកក្នុងជីវិតរបស់អ្នក។
បើអ្នកមានសំណាងបានភរិយាដែលអាចបំពេញងារទាំងនោះហើយ
សូមឲ្យអ្នកជាស្វាមីដែលបំពេញងារឲ្យបានដូចគ្នា។
ការសម្តែងភាពក្អេងក្អាងដោយបន្ទាបនរណាម្នាក់
មិនបង្ហាញពីភាពល្អប្រសើរលើផ្លូវជីវិតគូរបស់អ្នកឡើយ។
ក្រោយអាពាហ៍ពិពាហ៍ មនុស្សពីរនាក់ក៏បានបញ្ចូលបេះដូងគ្នាតែមួយ
ស្រលាញ់លើកតម្កើង ផ្តល់កិត្តិយសឲ្យគ្នា ការពារថែរក្សា លះបង់និងផ្គត់ផ្គង់ឲ្យគ្នា
យល់ចិត្តគ្នា។
ទាំងនោះហើយទើបជាសុភមង្គល
ទាំងនោះហើយទើបអាចទទួលបានការគោរព កោតសរសើរស្ញប់ស្ញែង
កិត្តិយសថ្លៃថ្លាបំផុតនៅក្នុងសង្គមសុទិដ្ឋិនិយម។
ជូនពរអ្នកដែលមានគូស្រលាញ់គ្នាដោយសុភមង្គល
