អូនចង់រៀបការ

ក្រោយយល់ចិត្តគ្នាបានបួនប្រាំខែ គូស្នេហ៍មួយចំនួនចូលចិត្តបបួលគ្នានិយាយពីជីវិតក្រោយអាពាហ៍ពិពាហ៍។ ការបង្កើតប្រធានបទបែបនេះ ធ្វើឲ្យស្នេហារបស់គាត់កាន់តែផ្អែមល្ហែម ចំពោះមនុស្សស្រីធ្វើឲ្យនាងកាន់តែមានអារម្មណ៍កក់ក្តៅនិងបង្កើនភាពជឿជាកទៅលើដៃគូ។

🌟ខណៈនោះនាងមិនបានដឹងទេថា បុរសម្នាក់នោះនិយាយគ្រាន់តែចង់ឲ្យនាងសប្បាយចិត្ត រឺជាការតាំងចិត្តពិតៗ រឺក៏គ្រាន់តែបោកបញ្ឆោតចិត្តនាង ដើម្បីរក្សាទំនាក់ទំនងស្នេហាបណ្តោះអាសន្នរបស់គេតែប៉ុណ្ណោះ។

អានមកដល់ត្រឹមនេះ កុំទាន់វិនិច្ឆ័យថាបុរសម្នាក់នោះនិយាយដើម្បីអ្វី ងាកមកចាប់អារម្មណ៍ខ្លួនឯងបន្តិចសិន។

ក្រោយការបង្កើតសន្ទនាក្នុងប្រធានបទបែបនេះមិនបានប៉ុន្មាន ទំនាក់ទំនងអ្នកទាំងពីរដើរបានមួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ រឺក៏ច្រើនជាងនេះ…

គូស្នេហ៍ខ្លះក៏រង្គោះរង្គើរ ខ្លះក៏បែកបាក់ ហេតុផលព្រោះបុរសម្នាក់នោះនៅតែគ្មានលទ្ធភាព រឺសមត្ថភាពនាំនាងដើរទៅវិថីអាពាហ៍ពិពាហ៍បាន។

កំពុងតែអន់ចិត្ត ខឹង ដៀល បុរសម្នាក់នោះណាស់មែនទេ?

ព្រោះតែអូនចង់រៀបការ ហើយបងឲ្យអូនមិនបាន!

អូនបានដឹងដែរឬទេថាមុននឹងក្រោយរៀបការអូនគួរធ្វើអ្វីខ្លះ?

នាទីជាភរិយា ក្រៅពីគ្រប់គ្រងផ្ទះសម្បែងអូនក៏ត្រូវមាននាទីបង្តើតបុត្រ។

ស្តាប់ទៅដូចជាផ្អែមល្ហែមណាស់ នៅពេលដែលមិនទាន់គិតដល់ជីវភាពគ្រួសារទៅថ្ងៃមុខ។

បើអូនចង់រៀបការ តើអូនមានត្រៀមអ្វីខ្លះដើម្បីនាទីជាភរិយា?

តើអូនចេះបង្កើតចំណូលថិតថេរហើយរឺនៅ?

អូនមានប្រាក់សន្សំដែររឺទេ? អូនមានអ្វីជាទ្រព្យក្រោយមង្គលការដែរឬទេ?

ទោះអូនមិនចង់ជួយចំណាយប្រាក់ក្នុងការរៀបការ យ៉ាងហោចអូនត្រូវមានប្រាក់សន្សំខ្លះជួយស្វាមីចំណាយពេលអូនសម្រាលបុត្រ រឺនៅពេលដែលបុត្រឈឺ។

ព្រោះអូនកំពុងតែចង់រៀបការជាមួយមនុស្សធម្មតា មិនមែនជាអ្នកមានមកពីណា រឺទេវតាជប់ទ្រព្យឡើយ។

បើទោះជានាងមានទ្រព្យទាំងនោះហើយ ហើយប្រសិនបើបុរសម្នាក់នោះអាចផ្តល់អាពាហ៍ពិពាហ៍មួយឲ្យនាងបាន នាងធ្លាប់គិតទេ តើនាងមានអ្វីខ្លះអះអាងថានាងអាចធ្វើជាភរិយាបាន?

ភរិយា មិនអាចចេះតែង៉ក់ងដោយគ្មានមូលហេតុ

ភរិយា មិនអាចតែងតែទារញ៉ាំរបស់ថ្លៃៗ រឺខុសម៉ោងខុសពេលនោះទេ

ភរិយា មិនអាចលួងលោមស្វាមីដោយការនាំគាត់ទៅមើលកុន រឺដើរកំសាន្តរហូតនោះទេ

ភរិយា មាននាទីរក្សានិងបង្កើនទ្រព្យជូនគ្រួសារ

ភរិយា មាននាទីស្រលាញ់មើលថែគ្រួសាររបស់ស្វាមី

ភរិយាត្រូវតែបំពេញនាទី ជាម្តាយរបស់កូន ជាកូន ជាបង ជាប្អូន ជាក្មួយ ជាមីង នៅក្នុងគ្រួសាររបស់ស្វាមីនាង។

ធ្លាប់គិតឬទេថានាងនឹងបំពេញការងារនោះបែបណា?

ទោះនាងនឹងមិនរស់នៅនៅក្នុងគ្រួសារសាច់ថ្លៃ នាងក៏មិនអាចរំលងនាទីទាំងឡាយខាងលើនេះដែរ។

ប្រសិនបើនាងជឿជាក់ថានាងអាចធ្វើរឿងទាំងអស់នោះបានហើយ ត្រឡប់ទៅរកបន្ទាត់មានសញ្ញាផ្តាយ🌟វិញ។

នាងមិនចាំបាច់ខ្វល់ថាបុរសម្នាក់នោះគ្រាន់តែនិយាយឲ្យនាងសប្បាយចិត្តរឺបោកប្រាស់មនោសញ្ចេតនារបស់នាងឡើយ។

បើគេមិនច្បាស់លាស់ជាមួយនាង នាងក៏បានច្បាស់លាស់នឹងការរៀបចំជីវិតខ្លួនឯងហើយ មនុស្សពូកែដូចនាងនឹងមិនខ្វះបុរសល្អចង់រៀបការជាមួយនាងឡើយ។

សំខាន់តើនាងព្រមផ្តល់សំណាងនោះឲ្យទៅបុរសម្នាក់ណា?

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>