សម្រស់សំខាន់ម្លឹងបានជាមនុស្សស្រីមិនតិចនាក់ស្រក់ទឹកភ្នែកព្រោះតែកង្វះនៃសម្រស់។
សុខៗខ្ញុំក្លាយជាមនុស្សដែលមិនទទួលបានការចាប់អារម្មណ៍
មិនមានការតាមសម្លឹង ឬសម្លឹងមើលមុខហើយក៏ងាកចេញយ៉ាងធម្មតា។
ផ្ទៃមុខធ្លាប់តែស្អាតរបស់ខ្ញុំមិនធ្លាប់ហៅអ្នកណាឱ្យលង់ឱ្យតាមគយគន់ឡើយ
ផ្ទៃមុខមិនស្អាតរបស់ខ្ញុំមិនបានបន្លាចអ្នកណាទេ
មិនបានសម្លុតគម្រាមយកជីវិតរបស់អ្នកណាដែរ
ហេតុអ្វីក្រសែភ្នែកសម្លឹងផ្លាស់ប្តូរលឿនយ៉ាងនេះ?
ដឹងទៅ! ថានេះវាជាធម្មជាតិ! មិនថាយើងឬគេ បើឃើញសម្រស់ទាក់ទាញនឹងតាមមើលដូចគ្នា
តែបើថ្ងៃមួយសម្រស់ខាងក្រៅរបស់យើងមិនមានអ្វីឱ្យគេតាមមើលទៀត
គួរពិចារណារកវិធីបង្ហាញសម្រស់ខាងក្នុងរបស់យើងវិញ។
ខ្ញុំមិនខ្វល់ទេដែលគេឈប់មើល ឈប់សរសើរផ្ទៃមុខរបស់ខ្ញុំ
ខ្ញុំនៅតែញញឹមឱ្យគេសសើរស្នាមញញឹមរបស់ខ្ញុំ ខ្ញុំញញឹមស្រស់ ខ្ញុំរួសរាយ
ខ្ញុំមានទំនុកចិត្ត វាជាអ្វីដែលមិនសាបសូន្យ។
គ្មានអ្នកណាស្អាតរហូតទេ តែមនុស្សល្អ មនុស្សពូកែ
នឹងនៅតែល្អនិងពូកែរហូត ឱ្យតែមានទឹកចិត្តរឹងមាំ។
កុំតូចចិត្ត! កុំចុះចាញ់! កុំខ្មាស់អៀន! មិនស្អាតដូចមុន
ឬមិនធ្លាប់ស្អាតក៏មិនអីដែរ ព្រោះបេះដូងយើងមិនឱ្យតម្លៃទៅលើសម្រស់នៃសម្បកកាយ
បេះដូងយើងឱ្យតម្លៃទៅលើសម្រស់ផ្លូវចិត្ត កិត្តិយស និងភាពស្រស់ស្អាតនៃអារម្មណ៍ មិនស្អាតក៏អាចញញឹមបាន
មិនស្អាតក៏មិនខ្លាចក្នុងការឱ្យអ្នកឃើញមុខរបស់ខ្ញុំដែរ។
មុខមិនស្អាតមិនអាចត្រូវតែសំងំខ្លួនក្នុងភពងងឹតឡើយ
មុខមិនស្អាតក៏អាចបង្ហាញខ្លួនគ្រប់ទីកន្លែង មុខមិនស្អាតក៏មានកិត្តយស មុខមិនស្អាតក៏អាចជោគជ័យ
មុខមិនស្អាតតែចិត្តខ្ញុំស្អាត។
ខ្ញុំមិនខ្វល់ទេថាចិត្តអ្នកគិតយ៉ាងណា
តែខ្ញុំច្បាស់ណាស់ថាខ្ញុំរស់នៅក្នុងភាពស្អាតរហូតមក។
