អាយុប៉ុណ្ណេះហើយខ្ញុំត្រូវត្រឡប់មករៀនសារជាថ្មី
រៀននិយាយ រៀនគិត!
ពាក្យសម្តីមុតណាស់ មុតជាងកាំបិត។ និយាយមិនបានគិតខ្ញុំអាចចាក់មនុស្សឱ្យស្លាប់ដោយអចេតនា
ឬបើខ្ញុំមានចេតនា ខ្ញុំអាចធ្វើឱ្យគេឈឺ គេខឹង គេស្អប់។ បេះដូងរបស់ខ្ញុំបរិសុទ្ធណាស់
ទោះខ្ញុំជាមនុស្សក្បាលរឹងចង់ឈ្នះ បេះដូងខ្ញុំប្រាប់ថាទោះខ្ញុំមិនចូលចិត្តគេ ឬខឹងគេ
ខ្ញុំមិនរំពឹងការស្អប់ ការធ្វើបាបពីអ្នកណាដែរ។ ដូច្នេះ ខ្ញុំត្រូវរៀននិយាយអ្វីដែលមិនប៉ះពាល់ដល់គេ
ដើម្បីជាសុខរបស់ខ្ញុំខ្លួនឯង។
រីឯកាគិតរវើរវាយ ការគិតដែលលធ្វើឱ្យចិត្តខ្ញុំឈឺ
ឱ្យខ្លួនឯងហត់ក្នុងការរស់នៅបន្ត ខ្ញុំដឹងថាវាមិនល្អសម្រាប់ជីវិតខ្ញុំទេ។
ធំហើយទើបដឹងថាក្នុងចិត្តខ្ញុំនេះមានគំនិតអវិជ្ជមានច្រើនណាស់។ ឃើញគេល្អលើសខ្ញុំ
ទោះមិនធ្វើអីគេក៏ខ្ញុំមានកូនចិត្តច្រណែន
ហើយពេលខ្លះទៅជាអាក្រក់លួចអរតិចៗបើគេបានធ្លាក់ចុះ។ ខ្ញុំអើយ អាក្រក់អីយ៉ាងនេះ?
ពេលខ្លះគិតមិនដែលឱ្យខ្លួនឯងត្រូវ ទោះពីមុនមកខំធ្វើរឿងល្អអ្វីខ្លះ
ខំសាងជោគជ័យអ្វីខ្លះក៏មិនដែលលើកទឹកចិត្តសរសើរខ្លួនឯងដែរ អត់ចេះធ្វើអីក្រៅពីយកខ្លួនឯងទៅប្រៀបនឹងមនុស្សដែលប្រសើជាងហើយតូចចិត្តអស់សង្ឃឹម
រស់យូរទៅកាន់តែរកសុភមង្គលលែងឃើញ។
ដឹងហើយថាការគិតអវិជ្ជមាន អត់មានផលអីក្រៅពីនាំភ្លើងឱ្យចិត្ត។
ពេលនេះដឹងហើយ បើចង់រស់សុខខ្ញុំត្រូវហាត់ពត់ចិត្តឱ្យគិតបែបវិជ្ជមាន
ចេះរៀនស្កប់ស្កល់ ចេះគិតតែអ្វីដែលល្អៗ។
គិតល្អនិយាយល្អ ខ្ញុំនឹងមិនក្រក្តីស្រលាញ់
គិតល្អនិយាយល្អ ខ្ញុំនឹងមិនក្រសុភមង្គល។
