រីករាយថ្ងៃកំណើតប្អូនប្រុស ស្រាប់តែបងស្រីផ្ញើអត្ថបទមួយឱ្យអាន ក្រោមរូបភាព “សុំវាចាអ្នកអាន” ។ ខ្ញុំនេះ វារវល់ពេកដល់ថ្នាក់មិនបានដឹងថា អត្ថបទប៉ុន្មានទំព័រនោះ វាមានអត្ថន័យធំធេងប៉ុនណា។ សុំទោសដែលខ្ញុំហូរទឹកភ្នែកទាំងញញឹម ខណៈកំពុងអានអត្ថបទមួយនេះ។ វារំភើប! ហើយក៏ ក្ដុកក្ដួល…!!
ឆាកនិទានដែលថ្លែងសេចក្ដីពីអនុស្សាវរីយ៍ល្អៗ របស់អ្នកនិពន្ធម្នាក់ ក្រោមចំណងជើងថា “អនុស្សាវរីយ៍៣៤ឆ្នាំ”។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងលួចអានកំណត់ហេតុរបស់មិត្តភកិ្តខ្ញុំ។ តើក្នុងឆាកជីវិតរបស់គេ ធ្លាប់ជួបប្រទះនូវរឿងរ៉ាវល្អៗ និងអាក្រក់អ្វីខ្លះ? មានចំណុចដូច ឬស្រដៀងនឹងរឿងខ្ញុំដែរទេ?
ខ្ញុំចាប់ផ្ដើមលេចចេញនូវស្នាមញញឹមដោយស្វ័យប្រវត្តិ ខណៈខ្ញុំអានបាន៣ទំព័រដំបូង។ នេះសបញ្ជាក់ឱ្យឃើញថា អ្វីដែលខ្ញុំធ្លាប់ស្រមៃ បានក្លាយជាការពិតហើយ។ និទានកថាដ៏ជក់ចិត្តមួយនេះ បានរុញច្រានឱ្យខ្ញុំ ធ្លាក់ចូលទៅក្នុងមន្តនិទានរូបារម្មណ៍របស់អ្នកនិពន្ធ បន្តិចម្ដងៗ រហូតទាល់តែខ្ញុំលែងចាប់អារម្មណ៍ជាមួយបរិស្ថានជុំវិញខ្លួនឯង ថាអ្នកណាកំពុងសម្លឹងមកខ្ញុំដែលញញឹមម្នាក់ឯងបែបនេះខ្លះ។ ខ្ញុំធ្លាក់ចូលទៅក្នុងដែនអតីតកាលរបស់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ តាមមើលដំណើរជីវិតដ៏រីករាយ និងពោរពេញដោយភាពផ្សងព្រេងរបស់នាង រហូតខ្ញុំត្រូវមកភ្ញាក់ខ្លួនវិញត្រង់ឃ្លាដែលនិយាយថា…“អ្វីដែលគួរធ្វើ គឺរក្សាការចងចាំល្អៗ” ។
បេះដូងខ្ញុំលោតបោកនឹងទ្រូងក្ដុងក្ដាំង អារម្មណ៍រំភើបមួយនោះស្រាប់តែរត់មកត្របាញ់ចូលខួរក្បាល ខណៈខ្ញុំប្រទះឃើញឈ្មោះរបស់ខ្ញុំ នៅលើកំណត់ហេតុរបស់អ្នកផ្សេង។ នេះហើយ ជាអារម្មណ៍ដែលខ្ញុំរំពឹងថា នឹងទទួលនៅថ្ងៃណាមួយ។ ពេលនេះខ្ញុំរកឃើញហើយ! ខ្ញុំទទួលបានហើយ! គឺទទួលបានពីបងស្រីម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ឈ្មោះរបស់គាត់ តាមកូនសៀវភៅពណ៌ផ្ទៃមេឃមួយក្បាលនោះ តែខ្ញុំនិងគាត់ ហាក់បានផ្ដល់ការគោរព និងស្រឡាញ់រាប់អានរវាងគ្នា ដោយគ្មានក្ដីសៅហ្មងបន្តិចណាសោះ។
អរគុណអ្នកនិពន្ធ រតនា ដែលបាននាំអារម្មណ៍ខ្ញុំឱ្យលង់ធ្លាក់ ទៅក្នុងដែនដីអតីតកាល កាលពីជាង៣០ឆ្នាំមុន ហើយធ្វើដំណើរផ្សងព្រេង ជាមួយឆាកជីវិតដ៏ស្រស់បំព្រង និងការចងចាំល្អៗរបស់បងស្រី។ ខ្ញុំពិតជារំភើបចំពោះកូនសៀវភៅមួយនេះណាស់។ លើសពីកំណត់ហេតុ និងការចងចាំ វាបានឆ្លុះបញ្ចាំងពីអត្ថន័យ នៃគ្រួសារដ៏កក់ក្ដៅមួយ និងការកំណត់បែបផែនជីវិតរបស់ក្មេងស្រីម្នាក់នោះ។ កូនសៀវភៅនេះ ក៏នឹងក្លាយជាការចងចាំដ៏ល្អរបស់ខ្ញុំនៅពេលនេះហើយ។
អរគុណសម្រាប់ការផ្ដល់ ឱកាស បានអានសៀវភៅមួយនេះមុនគេ។
ដោយអ្នកនិពន្ធ ធឿនវុទ្ធី

គ្រាន់តែអានវាចាបង វុទ្ធី ក៏រំភើបដែរ❤