ក្តីសុខដែលគេចបំណុលគេ គឺជាសុខដោយវិប្បដិសារី!

លុយវាអាចប្តូរក្តីស្រលាញ់ជាមួយមនុស្សមិនសូវថ្លៃថ្នូរបាន តែវាមិនអានប្តូរក្តីស្រលាញ់ ឬភាពថ្លៃថ្នូររបស់មនុស្សដែលមានទឹកចិត្តបានទេ។ ដាច់ចិត្តណាស់បើអ្នកឱបក្រសោបបំណុលទាំងនោះ ហើយព្រមដោះដៃបោះបង់ចោលមិត្តភាព គ្រួសារ ក្តីស្រលាញ់ ការរាប់អានទាំងឡាយ។ អ្នកចំណេញហើយដែលមិនចាំបាច់ត្រូវសងបំណុលទាំងឡាយទៅគេ អ្នកឆ្លាតហើយដែលទៅបោកលុយគេបានយកមកប្រើប្រាស់តាមចិត្ត។

តែអ្នកកុំភ្លេច! អ្នកបាត់ហើយ! អ្នកបាត់មនុស្សដែលស្រលាញ់អ្នកហើយ បាត់មនុស្សដែលហ៊ុចដៃឱ្យអ្នកពេលដែលអ្នកមានទុក្ខហើយ! មនុស្សដែលព្រមឱ្យលុយអ្នកខ្ចី ឬព្រមឱ្យអ្នកជំពាក់លុយ គាត់មិនល្ងង់ទេ គាត់គ្រាន់តែចិត្តល្អ! គាត់ចិត្តមិនដាច់ទេបើឃើញអ្នកពិបាក គាត់ពិបាកអារម្មណ៍ពេលឃើញមនុស្សគាត់ស្រលាញ់ រាប់អានត្រូវជួបទុក្ខភ័យ! ហើយលទ្ធផលដែលស្រលាញ់ចំមនុស្សដូចអ្នកបានត្រឹមតែស្តាយ! ស្តាយលុយដែលបាត់ទៅ ស្តាយក្តីស្រលាញ់ដែលបាត់ទៅ ស្តាយមិត្តភាពដែលរលាយទៅ..

លុយដែលឱ្យទៅ មិនថាចំនួនតិចឬច្រើន មិនថាព្រោះគាត់ជាមនុស្សធូរធារឬត្រឹមមធ្យម ចំនួនទាំងនោះគឺតែងបានទៅដៃអ្នកជាមួយទឹកចិត្តដ៏ស្មោះត្រង់ ដ៏បវរ។ សម្រាប់អ្នកដែលមានចិត្តមិនស្មោះសរ មិនយល់តម្លៃក្តីស្រលាញ់ មិនយល់ពីការបាត់បង់ដ៏មានតម្លៃនេះទេ ដឹងត្រឹមថាគាត់បានសុខហើយ សុខដោយព្រមបោះបង់ចោលមនុស្សដែលមានទឹកចិត្តចំពោះអ្នក អាណិតអាសូរស្រលាញ់អ្នក។ សុខដោយរមិលគុណ សុខបែបនេះអ្នកគេងមិនលក់ទេ!

សុខបែបនេះនៅមានមនុស្សចង់បាន ឬទ្រាំទទួលយកបាន។ ព្រោះសុខបែបនេះមានតែមនុស្សអាត្មានិយម មនុស្សមិនសូវមានភាពថ្លៃថ្នូរក្នុងខ្លួនទើបគេចូលចិត្ត។

តែសុខបែបនេះនឹងធ្វើឱ្យអ្នកទូលវិប្បិសារីទៅថ្ងៃក្រោយ! ទាន់អាយុនៅមាន ទាន់ដង្ហើមនៅដក គួរសាងខ្លួនឱ្យល្អ ហើយរកវិធីត្រឡប់ទៅរកក្តីស្រលាញ់ដែលមាននោះវិញទៅ!

លុយ! មិនគួរមានអំណាចទៅលើកិត្តិយសនរណាម្នាក់ដ៏ម្ល៉ឺងទេ! កុំឱ្យភាពអាត្មានិយម កុំឱ្យភាពលោភលន់បំផ្លាញសុភមង្គលអ្នកបាន។ លុយពិបាករក! តែមិនពិបាករកជាងមនុស្សដែលហ៊ុចដៃឱ្យអ្នកចាប់តោងពេលដែលអ្នកធ្លាក់ចុះនោះទេ!

អត្ថបទអ្នកនិពន្ធរតនា

One Comment

  1. ហេតុអីទៅណ៎៎ ពេលដែលញុមបានអាន ពីអត្ថបទមួយទៅអត្ថបទមួយ កាន់តែធ្វើអោយញុមជក់ចិត្តខ្លាំង ហើយអោយញុមទទួលបានគំនិតថ្មីៗរហូត ពេលនេះមានអារម្មណ៍ថាបើសិនជាបាន ជួបជាមួយអ្នកនិពន្ធ ផ្ទាល់ហើយក៏និយាយសំណេះសំណាលជាមួយគាត់ មិនដឹងថាល្អប៉ុណ្ណាទេ ប្រាកដជាបានចំណេះដឹងពីគាត់ច្រើនជាងនេះមិនខានឡើយ ❤

Comments are closed.