ដើម្បីក្តីសង្ឃឹមមួយ

ញញឹមរាល់ថ្ងៃ រឹងមាំរាល់ថ្ងៃ
គ្មានអ្នកណាដឹងទេថាក្នុងទ្រូងរបស់ម្នាក់ដែលញញឹមស្រស់នោះ មានដំបៅរលួយផ្សារប៉ុនណា។

តើមានប៉ុន្មានដងដែលខ្ញុំត្រូវពួនយំ រំសាយទុក្ខទាំងឡាយតែម្នាក់ឯង? មានប៉ុន្មានដងដែលមនុស្សរឹងមាំគួរឱ្យសរសើរម្នាក់នៅធ្លាប់ចង់រលាយខ្លួនពីផែនដីមួយនេះ?

អត់មានអ្នកណាដឹងទេ អត់មានអ្នកណាហុចដៃឱ្យខ្ញុំពេលដែលខ្ញុំហត់បំផុតនោះទេ។ ខ្ញុំយំម្នាក់ឯង រឹតទ្រូងខ្លួនឯង ចាប់ដៃខ្លួនឯងលួងខ្លួនឯង ឱ្យកម្លាំងចិត្តខ្លួនឯង ដើម្បីក្រោកឈរប្រឈមរឿងទាំងឡាយបន្តទៀត។

ផែនដីនេះបង្កើតជីវភាពជីវិតច្រើនរបៀបណាស់ហើយមើលទៅ! ប្រហែលរបៀបដែលខ្ញុំកំពុងរស់នៅនេះជាជីវភាពមួយដែលផែនដីកំណត់ហើយ។

ផែនដីបង្កើតខ្ញុំឱ្យរស់ដើម្បីប្រយុទ្ធគ្រប់រឿងរ៉ាវតែឯង មនុស្សធម្មតាឯណាធ្វើបាន? តែខ្ញុំចេះតែធ្វើបាន ខ្ញុំយំផង រត់ផង ខ្ញុំធ្វលបាន! ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឱ្យដឹងថាចុងក្រោយនៃការតស៊ូបែបនេះតើនឹងទៅជាយ៉ាងណា?

ផែនដីអើយ! ខ្ញុំជឿណាស់ថាអ្នកយុត្តិធម៌ ខ្ញុំចាំមើល! តើយុតិ្តធម៌របស់ខ្ញុំនឹងទទួលបាននាពេលណា?
ខ្ញុំមិនចុះចាញ់! ខ្ញុំនឹងរឹងមាំនៅទីនេះ រង់ចាំភាពយុត្តិធម៌មួយនោះ។ ខ្ញុំលំបាកមកយូរហើយ ខ្ញុំមិនជឿថាការតស៊ូនឹងអត់ប្រយោជន៍នោះទេ។ លំបាកមួយភ្លែតទៀត ក្តីសង្ឃឹមរបស់ខ្ញុំមុខតែមកដល់។

One Comment

  1. អរគុណ! បងដែលសរសេរសារអត្ថបទមួយនេះជំនួសឱ្យបេះដូងរបស់ខ្ញុំនិងមនុស្សគ្រប់គ្នា ❤❤❤❤❤

Comments are closed.